មេរៀនទី 24 ៖ ថ្ងៃទី 1
នីហ្វៃទី3 1
សេចក្តីផ្ដើម
មុនពេលចាកចេញពីដែនដី ព្យាការីនីហ្វៃ ( កូនប្រុសរបស់ហេលេមិន ) បានប្រគល់បញ្ជីទាំងឡាយទៅនីហ្វៃ ជាកូនប្រុសច្បងរបស់លោក ។ ពួកអ្នកមិនជឿបានគ្រោងសម្លាប់ពួកអ្នកស្មោះត្រង់ ប្រសិនបើការព្យាករណ៍ទាំងឡាយទាក់ទងនឹងការប្រសូត្ររបស់ព្រះយេស៊ូវគ្រីស្ទ មិនត្រូវបានបំពេញនៅថ្ងៃជាក់លាក់មួយទេនោះ ។ ពេលនីហ្វៃបានអង្វរដល់ព្រះអម្ចាស់ជំនួសពួកអ្នកជឿ នោះសំឡេងនៃព្រះអម្ចាស់បានបន្លឺដល់លោក និង ប្រកាសថា ទីសម្គាល់ពីការប្រសូត្ររបស់ទ្រង់នឹងត្រូវបានផ្ដល់ឲ្យនៅយប់នោះឯង ។ ក្នុងការបំពេញនូវការព្យាករណ៍របស់សាំយូអែលជាសាសន៍លេមិន នៅពេលព្រះអាទិត្យលិច គ្មានភាពងងឹតទេ ហើយមានផ្កាយថ្មីមួយរះឡើង ។ ថ្វីបើមានការព្យាយាមជាបន្តបន្ទាប់របស់សាតាំង ដើម្បីបំផ្លាញសេចក្ដីជំនឿរបស់ប្រជាជនក៏ដោយ ក៏គង់តែ « ប្រជាជនភាគច្រើនបានជឿ ហើយបានប្រែចិត្តជឿដល់ព្រះអម្ចាស់ដែរ » ( នីហ្វៃទី3 1:22 ) ។
នីហ្វៃទី3 1:1–26
ការព្យាករអំពីការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទត្រូវបានបំពេញ ហើយពួកសាសន៍នីហ្វៃជាច្រើនបានប្រែចិត្តជឿ
សូមគិតពីមនុស្សមួយចំនួននៅក្នុងព្រះគម្ពីរ ឬ ក្នុងប្រវត្តិសាសនាចក្រ ដែលបានបូជាជីវិតដើម្បីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ តើអ្នកគិតថា ហេតុអ្វីបានជាពួកគេមានឆន្ទៈធ្វើការបូជានោះ ?
ដូចមានកត់ត្រានៅក្នុង នីហ្វៃទី3 1 ពួកសាសន៍នីហ្វៃស្មោះត្រង់មួយក្រុម ត្រូវតែសម្រេចចិត្ត ថាបើពួកគេនឹងមានឆន្ទៈដើម្បីលះបង់ជីវិតខ្លួន ដើម្បីនៅពិតត្រង់ចំពោះការជឿរបស់ខ្លួនដែរឬទេ ។ ជំពូកនេះចាប់ផ្ដើមដោយការពន្យល់ថា នីហ្វៃបានប្រគល់បញ្ជីពិសិដ្ឋទាំងឡាយទៅកូនប្រុសលោក ដែលមានឈ្មោះថានីហ្វៃផងដែរ ហើយបន្ទាប់មកបានចាកចេញពីដែនដីទៅ ( សូមមើល នីហ្វៃទី3 1:1–3 ) ។ បន្ទាប់មក វាទាក់ទងនឹងការសាកល្បងសេចក្ដីជំនឿដែលពួកសាសន៍នីហ្វៃជាច្រើនបានមានបទពិសោធន៍ ។
សូមអាន នីហ្វៃទី3 1:4–9 ហើយរកមើលពីស្ថានភាពដ៏លំបាកដែលពួកសាសន៍នីហ្វៃដ៏ស្មោះត្រង់បានប្រឈមមុខ ។ តើអ្នកនឹងមានអារម្មណ៍បែបណា ប្រសិនបើអ្នកជានីហ្វៃ ហើយពេលវេលាបានមកដល់ ពេលដែលពួកអ្នកជឿជិតនឹងត្រូវបំផ្លាញនោះ ? សូមសញ្ជឹងគិតមួយស្របក់ ពីមូលហេតុដែលប្រជាជនអាចលំបាកនឹងនៅបន្តស្មោះត្រង់ នៅក្នុងស្ថានភាពបែបនេះ ។
សូមអាន នីហ្វៃទី3 1:10–12 ហើយរកមើលអ្វីដែលនីហ្វៃបានធ្វើ នៅក្នុងគ្រាស្លាប់រស់នេះ ។ សូមអានការឆ្លើយតបរបស់ព្រះអម្ចាស់ចំពោះនីហ្វៃ នៅក្នុង នីហ្វៃទី3 1:13–14 ។ អ្នកអាចនឹងចង់គូសចំណាំសេចក្ដីថ្លែងនៅក្នុង នីហ្វៃទី3 1:13 ដែលចង្អុលបង្ហាញពីគោលការណ៍នេះ ៖ ព្រះអម្ចាស់នឹងបំពេញគ្រប់ព្រះបន្ទូលទាំងអស់ដែលទ្រង់បានបណ្ដាលឲ្យនិយាយដោយពួកព្យាការីរបស់ទ្រង់ ។
-
សូមព្យាយាមស្រមៃថា វាយ៉ាងណាសម្រាប់នីហ្វៃ បន្ទាប់ពីទីសម្គាល់ពីការប្រសូត្ររបស់ព្រះអង្គសង្គ្រោះត្រូវបានប្រទានមកនោះ ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ថាតើអ្នកគិតថា អ្នកនឹងឆ្លើយតបយ៉ាងណា ប្រសិនបើអ្នកបាននៅទីនោះ នៅពេលនោះ ។ តើអ្នកគិតថា អ្នកនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើអ្នកជានីហ្វៃ ហើយទីសម្គាល់ទើបតែបានកើតឡើង ?
សូមអាន នីហ្វៃទី3 1:4, 14–15, 19–21 ហើយរកមើលឃ្លាបន្ថែមទៀត ដែលសង្កត់ធ្ងន់លើភាពខ្ជាប់ខ្ជួនរបស់ព្រះអម្ចាស់ក្នុងការបំពេញពាក្យសម្ដីទាំងឡាយរបស់ពួកព្យាការីរបស់ទ្រង់ ។ អ្នកអាចនឹងចង់គូសចំណាំឃ្លាទាំងនេះ នៅក្នុងព្រះគម្ពីររបស់អ្នក ។ ពេលអ្នកអាន នីហ្វៃទី3 1:14 វាអាចជាប្រយោជន៍ក្នុងការយល់ថា តួអង្គដែលបានមានបន្ទូល បំពេញតួអង្គពីរ ហើយកំពុងមានបន្ទូលចេញពីទស្សនវិស័យទាំងពីរ ៖ ជាព្រះយេហូវ៉ា ( ដែលជាព្រះវរបិតា ដោយសារការប្រគល់សិទ្ធិអំណាចដ៏ទេវភាព ) និង ជាព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដែលទ្រង់នឹងយាងមកក្នុងជីវិតរមែងស្លាប់នាពេលខាងមុខមិនយូរប៉ុន្មានទៀតនោះ ។
ដើម្បីឃើញថាតើការព្យាករណ៍ទាំងឡាយអំពីការប្រសូត្ររបស់ព្រះអង្គសង្គ្រោះត្រូវបានបំពេញដោយរបៀបណា នោះសូមសរសេរការព្យាករណ៍ដែលបានផ្ដល់ដោយសាំយូអែលជាសាសន៍លេមិន នៅគូឡោនខាងឆ្វេងនៃតារាងខាងក្រោមនេះ ។ បន្ទាប់មក សរសេរខចេញពី នីហ្វៃទី3 1 និង ការពិពណ៌នាសង្ខេបមួយពីការបំពេញនៃការព្យាករណ៍នោះ នៅគូឡោនខាងស្ដាំ ។
ការព្យាករណ៍របស់សាំយូអែលជាសាសន៍លេមិន |
ការបំពេញ |
---|---|
ការព្យាករណ៍ទី 1 ( ហេលេមិន 14:3–4 ) ៖ | |
ការព្យាករណ៍ទី 2 ( ហេលេមិន 14:5 ) ៖ | |
ការព្យាករណ៍ទី 3 ( ហេលេមិន 14:6 ) ៖ | |
ការព្យាករណ៍ទី 4 ( ហេលេមិន 14:7 ) ៖ |
ពេលអ្នកអាន នីហ្វៃទី3 1:16–18 សូមកត់ចំណាំថាតើពួកទុច្ចរិតបានឆ្លើយតបយ៉ាងណា ពេលដែលទីសម្គាល់បានកើតឡើងនោះ ។ អ្នកអាចនឹងចង់គូសចំណាំប្រតិកម្មមួយចំនួនរបស់ពួកគេ ។ យើងរៀននៅក្នុង នីហ្វៃទី3 1:18 ថា ប្រជាជនខ្លះ « បានចាប់ផ្ដើមភិតភ័យ ពីព្រោះមកពីអំពីទុច្ចរិតរបស់គេ និង ការឥតជំនឿរបស់គេ » ។ សូមសញ្ជឹងគិតពីសំណួរតទៅនេះ ៖ តើអំពើបាប និង ការឥតជំនឿនាំទៅកាន់ការភិតភ័យដូចម្ដេចដែរ ?
សូមអាន នីហ្វៃទី3 1:22–23 ហើយរកមើលអ្វីដែលអារក្សព្យាយាមធ្វើ បន្ទាប់ពីទីសម្គាល់ពីការប្រសូត្ររបស់ព្រះអម្ចាស់បានកើតឡើងរួចមក ។ សូមបំពេញសេចក្ដីថ្លែងតទៅនេះ ដើម្បីបង្ហាញពីគោលការណ៍ដែលអ្នករកឃើញនៅក្នុង ខ 22 ៖ ពេលយើងប្រឈមនឹងការកុហករបស់សាតាំង យើងអាចជ្រើសរើសដើម្បី ។
ប៊ីស្សព រីឆាឌ ស៊ី. អែជ្ជលី ដែលបានបម្រើនៅក្នុងគណៈប៊ីស្សពជាអធិបតី បានផ្ដល់នូវដំបូន្មានទាក់ទងនឹងរបៀបដែលយើងអាចឆ្លើយតប អំឡុងពេលនៃការសាកល្បងសេចក្ដីជំនឿរបស់យើងផ្ទាល់ ។ សូមគូសចំណាំពាក្យសម្ដី ឬ ឃ្លាទាំងឡាយរបស់លោក ដែលលើកទឹកចិត្តអ្នក ឲ្យជ្រើសរើសដើម្បីជឿ ថ្វីបើសាតាំងព្យាយាមធ្វើឲ្យអ្នកមានការសង្ស័យក៏ដោយនោះ ៖
« ដោយសារតែការទាស់ទែង និង ការលំបាកទាំងឡាយដែលយើងប្រឈមនៅក្នុងពិភពលោកសព្វថ្ងៃនេះ នោះខ្ញុំចង់ផ្ដល់យោបល់ពីជម្រើសមួយ—ជាជម្រើសមួយនៃសេចក្ដីសុខសាន្ត និង ការការពារ និង ជាជម្រើសមួយដែលត្រឹមត្រូវសម្រាប់មនុស្សទាំងអស់គ្នា ។ ជម្រើសនោះគឺសេចក្ដីជំនឿ ។ សូមដឹងថា សេចក្ដីជំនឿពុំមែនជាអំណោយទានដោយសេរី ដែលបានមកដោយគ្មានការគិត បំណងប្រាថ្នា ឬ ការប្រឹងប្រែងនោះទេ ។ … ព្រះអង្គសង្គ្រោះបានមានបន្ទូលថា ‹ ចូរមកឯខ្ញុំ › ( ម៉ាថាយ 11:28 ) និង ‹ ចូរគោះ នោះតែងនឹង [ ប្រទាន ] ឲ្យអ្នក › ( ម៉ាថាយ 7:7 ) ។ ទាំងនេះគឺជាកិរិយាសព្ទដែលធ្វើសកម្មភាព—មក គោះ ។ វាជាជម្រើសទាំងឡាយ ។ ដូច្នេះ ខ្ញុំនិយាយថា ចូរជ្រើសរើសសេចក្ដីជំនឿ ។ សូមជ្រើសរើសសេចក្ដីជំនឿជាជាងការសង្ស័យ ជ្រើសរើសសេចក្ដីជំនឿជាជាងការភ័យខ្លាច ជ្រើសរើសសេចក្ដីជំនឿជាជាងការមិនដឹង និង មិនឃើញ ហើយជ្រើសរើសសេចក្ដីជំនឿជាជាងទុទិដ្ឋិនយម ។ …
« … ពេលដែល តក្កវិជ្ជា ហេតុផល ឬ ប្រាជ្ញាផ្ទាល់ខ្លួន ចូលទៅក្នុងការទាស់ទែងជាមួយនឹងការបង្រៀន និង គោលលទ្ធិដ៏ពិសិដ្ឋ ឬ សារដំណឹងដែលទាស់ទែងទាំងនោះវាយប្រហារដល់ការជឿរបស់អ្នក … ចូរកុំជ្រើសរើសបោះគ្រាប់ពូជ [ នៃសេចក្ដីជំនឿ ] ចេញពីដួងចិត្តរបស់អ្នក ដោយការឥតជំនឿឡើយ ។ សូមចងចាំថា យើងមិនបានទទួលសាក្សីឡើយ លុះដល់ពេលក្រោយពីការសាកល្បងនៃសេចក្ដីជំនឿរបស់យើងសិន ( សូមមើល អេធើរ 12:6 ) » ( “Faith—the Choice Is Yours” Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 31–33 ) ។
-
តើការកុហក និង ការបោកបំភាន់អ្វីខ្លះ ដែលអារក្សខំលើកតម្កើងនៅសព្វថ្ងៃនេះ ដើម្បីពង្រឹងចិត្តមនុស្សឲ្យទាស់នឹងសេចក្ដីពិត ? សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពីអ្វីដែលអ្នកអាចធ្វើ ដើម្បីរក្សាសេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ សូម្បីតែនៅពេលដែលអារក្សព្យាយាមធ្វើឲ្យអ្នកសង្ស័យចំពោះសេចក្ដីជំនឿរបស់អ្នកក៏ដោយនោះ ។
សូមអាន នីហ្វៃទី3 1:24–25 ហើយរកមើលឧបសគ្គបន្ថែមមួយទៀត ដែលពួកអ្នកជឿមួយចំនួនបានប្រឈម ។ សញ្ជឹងគិតពីអ្វីដែលអ្នកអាចរៀនចេញពីការឆ្លើយតបរបស់ប្រជាជនទាំងនេះ ពេលដែលពួកគេបានដឹងថាពួកគេខុស ។
នីហ្វៃទី3 1:27–30
ពួកសាសន៍នីហ្វៃដែលបែកចេញ និង ពួកយុវវ័យសាសន៍លេមិនមួយចំនួន ចូលរួមនឹងក្រុមចោរកាឌីអានតុន
ពីរបីឆ្នាំក្រោយពីទីសម្គាល់ពីការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទបានកើតឡើង មានពួកសាសន៍នីហ្វៃដែលបែកចេញបានចាប់ផ្ដើមមានឥទ្ធិពលទៅលើសមត្ថភាពរបស់ពួកអ្នកស្មោះត្រង់ ក្នុងការឈររឹងប៉ឹងនៅក្នុងដំណឹងល្អ ។ តើអ្នកអាចឈររឹងប៉ឹងនៅក្នុងដំណឹងល្អយ៉ាងដូចម្ដេច សូម្បីតែស្ថិតនៅកណ្តាលការវាយប្រហារទាស់នឹងសាសនាចក្រ នៅក្នុងជំនាន់របស់យើងក្ដី ? សូមអាន នីហ្វៃទី3 1:27–30 ហើយរកមើលថាតើ « ជំនាន់ដែលកំពុងធំឡើង » របស់ពួកសាសន៍លេមិន មានឥទ្ធិពលវិជ្ជមាន ឬ អវិជ្ជមានទៅលើសេចក្ដីជំនឿរបស់អ្នកផ្សេងទៀត ។
សូមកត់ចំណាំថា ពួកយុវវ័យសាសន៍នីហ្វៃជាច្រើន « បានក្លាយទៅជាមានគំនិតផ្ទាល់ខ្លួន » ( នីហ្វៃទី3 1:29 ) ហើយបានបែរចេញពីដំណឹងល្អ ។ បងស្រី ខេតលីន អេច. ហ៊ូចស៍ ដែលបានបម្រើនៅក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅ បានផ្ដល់យោបល់ពីអត្ថន័យនៃឃ្លា « បានក្លាយទៅជាមានគំនិតផ្ទាល់ខ្លួន » ថា ៖ « [ ការណ៍នេះ ] ប្រាប់ខ្ញុំថា ពួកគេបានមើលទៅខ្លួនគេមុន ហើយបណ្ដែតបណ្ដោយទៅតាមបំណងប្រាថ្នាទាំងឡាយ ដែលពួកព្យាការីបានព្រមានពួកគេថាឲ្យចៀសវាងនោះ ។ ពួកគេទោរទន់ទៅតាមការទាក់ទាញចិត្ត និង ការស្រើបស្រាលរបស់សាតាំង » ( “Grow Up unto the Lord” Ensign ខែ កុម្ភៈ ឆ្នាំ 2010 ទំព័រ 18 ) ។
អ្នកអាចនឹងចង់សរសេរគោលការណ៍តទៅនេះនៅក្នុងព្រះគម្ពីររបស់អ្នក នៅក្បែរ នីហ្វៃទី3 1:29–30 ឬ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ បើយើងប្រគល់ខ្លួនឲ្យចូលទៅក្នុងការល្បួង នោះគំរូរបស់យើងអាចមានឥទ្ធិពលអវិជ្ជមានទៅលើសេចក្ដីជំនឿ និង ភាពសុចរិតរបស់អ្នកផ្សេងទៀត ។
-
ដើម្បីជួយអ្នកយល់ ថាតើគោលការណ៍នេះទាក់ទងនឹងអ្នកដោយរបៀបណា សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើពេលណា ដែលអ្នកបានឃើញគំរូមួយពីគោលការណ៍ខាងលើនេះ ? តើអ្នកអាចរក្សាភាពស្មោះត្រង់បានដោយរបៀបណាដែរ បើសូម្បីតែពួកអ្នកទាំងឡាយដែលនៅជុំវិញអ្នក ជ្រើសរើសមិនស្មោះត្រង់នោះ ?
-
ខណៈដែលវាសំខាន់ក្នុងការដឹងថា គំរូរបស់យើងអាចមានឥទ្ធិពលអវិជ្ជមានចំពោះអ្នកផ្សេងទៀត នោះវាក៏សំខាន់ផងដែរក្នុងការចងចាំថា គំរូរបស់យើងអាចជួយពង្រឹងដល់មនុស្សម្នាក់ផ្សេងទៀតផងដែរ ។ តើពេលណា ដែលអ្នកបានឃើញ « ជំនាន់ដែលកំពុងធំឡើង » ឬ យុវវ័យក្នុងសាសនាចក្រសព្វថ្ងៃនេះ មានឥទ្ធិពលវិជ្ជមានទៅលើសេចក្ដីជំនឿរបស់អ្នកផ្សេងទៀត ?
-
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមធ្វើបញ្ជីមួយពីរបៀបទាំងឡាយ ដែលអ្នកអាចមានឥទ្ធិពលវិជ្ជមានមួយ ទៅលើសេចក្ដីជំនឿរបស់មនុស្សនៅក្នុងក្រុមគ្រួសាររបស់អ្នកផ្ទាល់ ក្នុងវួដ ឬ សាខា ឬ មិត្តភក្ដិរបស់អ្នក ។ សូមជ្រើសរើសគំនិតពីរចេញពីបញ្ជីរបស់អ្នក ហើយសរសេរដោយច្បាស់លាស់ពីអ្វីដែលអ្នកនឹងធ្វើ ដើម្បីសម្រេចបាននូវការណ៍នេះ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី3 1 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖