មេរៀនទី 14 ៖ ថ្ងៃទី 4
អាលម៉ា 1–4
សេចក្តីផ្ដើម
មិនយូរប៉ុន្មានបន្ទាប់ពីអាលម៉ាបានក្លាយជាមេចៅក្រម នោះមានបុរសម្នាក់ឈ្មោះនីហូរ បានចាប់ផ្ដើមបង្រៀនគោលលិទ្ធិក្លែងក្លាយ ហើយបាននាំឲ្យមាននូវឧបាយកលផ្នែកសង្ឃនៅក្នុងចំណោមពួកសាសន៍នីហ្វៃ ។ បុរសនោះបានសម្លាប់បុរសសុចរិតម្នាក់ ហើយត្រូវបានប្រហារជីវិតដោយសារអំពើឃាតកម្មរបស់គាត់ ។ ប៉ុន្មានឆ្នាំក្រោយមក អាំលីសៃបានព្យាយាមធ្វើជាស្ដេចគ្រប់គ្រងលើសាសន៍នីហ្វៃ តែពុំបានជោគជ័យឡើយ ។ ពេលប្រជាជនបោះឆ្នោតបដិសេធគាត់ពីការធ្វើជាស្ដេច គាត់បានប្រមូលផ្ដុំពួកអ្នកគាំទ្រគាត់—ដែលហៅថា ពួកសាសន៍អាំលីសៃ—ដើម្បីទៅធ្វើសង្គ្រាមទាស់នឹងពួកសាសន៍នីហ្វៃ ។ សាសន៍នីហ្វៃបានទទួលជ័យជំនះ ប៉ុន្តែប្រជាជនរាប់ពាន់ម៉ឺននាក់បានស្លាប់ ។ ដោយមានអារម្មណ៍បន្ទាបខ្លួនដោយសារសង្គ្រាម នោះពួកសាសន៍នីហ្វៃជាច្រើន បានចងចាំនូវកាតព្វកិច្ចរបស់ពួកគេ ហើយប្រជាជនរាប់ពាន់នាក់បានចូលរួមក្នុងសាសនាចក្រ ។ ទោះជាយ៉ាងណា ក្នុងមួយឆ្នាំប៉ុណ្ណោះ សមាជិកជាច្រើននៃសាសនាចក្របានប្រែជាមានអំណួត ហើយបានបៀតបៀនដល់អ្នកដទៃទៀត ។ អាលម៉ាបានសម្រេចចិត្តលះបង់តួនាទីរបស់លោកជាមេចៅក្រម ហើយផ្ដោតទៅលើការថ្លែងទីបន្ទាល់អំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
អាលម៉ា 1
សមាជិកសាសនាចក្រចម្រើនឡើង ថ្វីបើមានការរីករាលដាលនូវឧបាយកលផ្នែកសង្ឃ និង ការបៀតបៀនក៏ដោយ
ជួនកាល មនុស្សព្យាយាមរកប្រជាប្រិយភាព ។ សូមយកពេលមួយស្របក់គិតអំពីគ្រោះថ្នាក់ដែលអាចកើតឡើង ក្នុងការមានបំណងបែបនេះ ។ តើមានអ្វីកើតឡើង ប្រសិនបើអ្នកខ្វល់ខ្វាយអំពីអ្វីដែលមិត្តអ្នកគិតអំពីអ្នក ជាងអ្វីដែលព្រះគិតអំពីអ្នកនោះ ?
ដូចដែលបានកត់ត្រានៅក្នុង អាលម៉ា 1 មានបុរសម្នាក់ឈ្មោះនីហូរ បានក្លាយជាមានប្រជាប្រិយភាពជាខ្លាំង ក្នុងចំណោមប្រជាជនមួយចំនួន ។ សូមអាន អាលម៉ា 1:2–6 ហើយរកមើលពីអ្វីដែលនីហូរបានបង្រៀន និង ថាតើប្រជាជនតបវិញយ៉ាងណាចំពោះការបង្រៀននោះ ។
ពិនិត្យមើលនៅបន្ទាត់ដំបូងៗនៃ អាលម៉ា 1:12 រកមើលពាក្យដែលអាលម៉ាបានប្រើ ដើម្បីពិពណ៌នាពីអ្វីដែលនីហូរបានណែនាំដល់សាសន៍នីហ្វៃ ។ បន្ទាប់មក សូមមើលទៅលេខយោង 12ក ។ សូមអាន នីហ្វៃទី2 26:29 ជាខយោងទីមួយដែលរាយនៅក្នុងលេខយោង ហើយសូមរកមើលពីអ្វីដែលពួកអ្នកប្រព្រឹត្តឧបាយកលផ្នែកសង្ឃទាំងនោះធ្វើ និង អ្វីដែលពួកគេមិនធ្វើ ។
ឧបាយកលផ្នែកសង្ឃគឺនៅពេលដែលប្រជាជនផ្សព្វផ្សាយ « លទ្ធិក្លែងក្លាយ … ដើម្បីចង់បានទ្រព្យសម្បត្តិ និង យសសក្ដិ » និង « តាំងខ្លួនឡើងជាពន្លឺដល់មនុស្សលោក » ( អាលម៉ា 1:16; នីហ្វៃទី2 26:29 ) ។ ពួកគេមិនចង់ស្ថាបនានគររបស់ព្រះដោយការផ្សព្វផ្សាយនោះទេ ។ តែពួកគេចង់ទទួលបានផលចំណេញ ( ដូចជាទ្រព្យសម្បត្តិ ផលប្រយោជន៍ខាងសង្គម ឬ អំណាចលើអ្នកដទៃទៀត ) និង ការសរសើរពីមនុស្សផ្សេងទៀត ។ ពួកគេចង់ផ្ដោតការចាប់អារម្មណ៍លើខ្លួនពួកគេផ្ទាល់ មិនមែនលើព្រះ និង ដំណឹងល្អរបស់ទ្រង់នោះទេ ។ ឧបាយកលផ្នែកសង្ឃ គឺជាអំពើបាបដ៏ធ្ងន់ធ្ងរមួយនៅក្នុងព្រះនេត្រព្រះ ដូចដែលអាលម៉ាបានបញ្ជាក់យ៉ាងច្បាស់ ពេលដែលលោកបានប្រាប់នីហូរថា « បើយកឧបាយកលផ្នែកសង្ឃមកប្រើនៅក្នុងចំណោមពួកប្រជាជននេះ ការណ៍នោះនឹងបញ្ជាក់នូវការបំផ្លិចបំផ្លាញរបស់គេទាំងស្រុងហើយ » ( អាលម៉ា 1:12 ) ។
កាលដែលនីហូរបានព្យាយាមដើម្បី « ដឹកនាំមនុស្សនៃសាសនាចក្រឲ្យវង្វេងផ្លូវ » នោះមានបុរសសុចរិតម្នាក់ឈ្មោះគេឌាន « បានតទល់នឹងគាត់ ដោយព្រមានដាស់តឿនគាត់ដោយព្រះបន្ទូលទាំងឡាយនៃព្រះ » ( អាលម៉ា 1:7 ) ។ ជាការតបវិញ នីហូរបានដកដាវគាត់ ហើយបានសម្លាប់គេឌាន ។ នីហូរបានទទួលការកាត់ក្ដីចំពោះបទឧក្រិដ្ឋរបស់គាត់ ហើយត្រូវបានគេប្រហារជីវិត ។ សូមអាន អាលម៉ា 1:16 ដើម្បីរកមើល ថាតើការស្លាប់របស់នីហូរបានបញ្ចប់ឧបាយកលផ្នែកសង្ឃក្នុងចំណោមពួកសាសន៍នីហ្វៃ ឬ យ៉ាងណា ។
សូមអាន អាលម៉ា 1:26–27 ហើយរកមើលពីរបៀបទាំងឡាយដែលពួកសង្ឃសាសន៍នីហ្វៃរបស់ព្រះបានធ្វើផ្សេងពីនីហូរ និង អ្នកដទៃទៀតដែលអនុវត្តនូវឧបាយកលផ្នែកសង្ឃ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពីរបៀបដែលពួកសង្ឃនីហ្វៃបានធ្វើ ។ តើទង្វើរបស់ពួកសង្ឃនីហ្វៃ ខុសគ្នាពីទង្វើរបស់ពួកអ្នកដែលអនុវត្តឧបាយកលផ្នែកសង្ឃយ៉ាងណា ?
ខណៈដែលឧបាយកលផ្នែកសង្ឃរីករាលដាលពាសពេញដែនដី នោះមានប្រជាជនជាច្រើនបានចាប់ផ្ដើមបៀតបៀនដល់សមាជិកដ៏ស្មោះត្រង់នៃសាសនាចក្រ ។ ដើម្បីរៀបចំក្នុងការសិក្សាអ្វីដែលនៅសល់ក្នុង អាលម៉ា 1 សូមពិចារណាថាតើអ្នកបានឃើញមនុស្សផ្សេងទៀត លលេង ចំអក ឬ បៀតបៀនដល់ពួកអ្នកដែលរក្សាបទបញ្ញត្តិទាំងឡាយរបស់ព្រះដោយរបៀបណា ។
សូមអាន អាលម៉ា 1:19–20 ហើយរកមើលពីមូលហេតុដែលប្រជាជនមួយចំនួនបានបៀតបៀនដល់សមាជិកនៃសាសនាចក្រ ។ អាលម៉ា 1:21–31 កត់ត្រានូវរបៀបដែលសមាជិកសាសនាចក្រតបតវិញចំពោះការបៀតបៀន ។ សូមអានវគ្គបទគម្ពីរខាងក្រោមនេះ ហើយបំពេញតារាង ។
តើសមាជិកមួយចំនួនបានមានប្រតិកម្មតបយ៉ាងណាដែរ ចំពោះការបៀតបៀន ? |
តើសមាជិកសាសនាចក្រផ្សេងទៀត បានរស់នៅដោយរបៀបណា ថ្វីបើមានការបៀតបៀនក៏ដោយនោះ ? |
តើអ្វីជាលទ្ធផលនៃទង្វើរបស់ពួកគេ ? |
តើពួកគេបានទទួលពរជ័យអ្វីខ្លះ ? |
សូមសរសរគោលការណ៍មួយដែលអ្នកបានរៀនពីការសិក្សាតារាងនេះ ៖
គោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងឡាយដែលអ្នកអាចរកឃើញគឺ ៖ ពេលយើងរស់នៅតាមដំណឹងល្អ នោះយើងអាចមានភាពសុខសាន្តនៅក្នុងជីវិតយើង សូម្បីបើយើងត្រូវបានបៀតបៀនក្ដី ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមពន្យល់ថាតើការយល់អំពីគោលការណ៍ដំណឹងល្អខាងលើ អាចជួយអ្នកយ៉ាងណាដែរ ពេលប្រឈមនឹងការបៀតបៀន ឬ សម្ពាធដែលមិនឲ្យអ្នកគោរពតាមបទបញ្ញត្តិទាំងឡាយនោះ ។ បន្ទាប់មក សូមឆ្លើយសំណួរមួយក្នុងចំណោមសំណួរទាំងឡាយខាងក្រោមនេះ ៖
-
តើពេលណាដែលអ្នកបានរក្សាបទបញ្ញត្តិទាំងឡាយ ទោះបើមានការបៀតបៀន ឬ សម្ពាធមិនឲ្យគោរព ហើយតើពរជ័យអ្វីខ្លះដែលអ្នកបានទទួល ?
-
តើអ្នកនឹងមានប្រតិកម្មតបចំពោះបច្ចាមិត្ររបស់អ្នកយ៉ាងណាដែរ ?
-
អាលម៉ា 2
ពួកសាសន៍អាំលីសៃ និង ពួកសាសន៍លេមិនចូលរួមគ្នាធ្វើចម្បាំងទាស់នឹងពួកសាសន៍នីហ្វៃ
អាលម៉ា 2 ប្រាប់អំពីការសាកល្បងថែមទៀតចំពោះពួកសាសន៍នីហ្វៃ ។ សូមអានក្បាលជំពូក ដើម្បីរកមើលពីរបៀបដែលបុរសម្នាក់ឈ្មោះអាំលីសៃ និង អ្នកតាមគាត់ប្រឆាំងនឹងពួកសាសន៍នីហ្វៃ ។ អាំលីសៃចង់ក្លាយជាស្ដេចគ្រប់គ្រងលើពួកសាសន៍នីហ្វៃ ប៉ុន្តែត្រូវពួកសាសន៍នីហ្វៃបោះឆ្នោត ហើយជ្រើសរើសបដិសេធគាត់ និង បន្តជាមួយនឹងប្រព័ន្ធចៅក្រមរបស់ពួកគេ ។ ពួកអ្នកតាមអាំលីសៃបានប្រមូលផ្ដុំគ្នា ហើយបានតាំងគាត់ឡើងជាស្ដេចរបស់ពួកគេ ។ អាំលីសៃបានបញ្ជាឲ្យអ្នកតាមគាត់ទៅធ្វើសង្គ្រាមជាមួយពួកសាសន៍នីហ្វៃ ហើយមិនយូរប៉ុន្មានបន្ទាប់ពីនោះ ពួកសាសន៍លេមិនបានចូលរួមនឹងពួកសាសន៍អាំលីសៃក្នុងការធ្វើចម្បាំងនឹងពួកសាសន៍នីហ្វៃដែរ ។
ដោយសារតែពួកសាសន៍នីហ្វៃស្មោះត្រង់ចំពោះព្រះអម្ចាស់ នោះព្រះអម្ចាស់បានជួយពួកគេក្នុងចម្បាំងរបស់ពួកគេជាមួយនឹងពួកសាសន៍អាំលីលៃ និង ពួកសាសន៍លេមិន ។ សូមអាន អាលម៉ា 2:18, 28–31, 36 ហើយគូសចំណាំពាក្យ ចម្រើនកម្លាំង និង ទទួលកម្លាំង រាល់ពេលអ្នកឃើញវា ។ រកមើលពីរបៀបដែលព្រះអម្ចាស់បានចម្រើនកម្លាំងដល់ពួកសាសន៍នីហ្វៃ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរអំពីគ្រាមួយ ដែលអ្នកបានមានអារម្មណ៍ថា ព្រះអម្ចាស់បានចម្រើនកម្លាំងអ្នក កាលដែលអ្នកបានព្យាយាមធ្វើអ្វីដែលត្រឹមត្រូវ ។
អាលម៉ា 3
ពួកសាសន៍អាំលីសៃបានបំបែកខ្លួនពួកគេចេញពីព្រះ
សូមគិតអំពីសារលិខិតទាំងឡាយ ដែលមនុស្សមួយចំនួនអាចព្យាយាមប្រាប់អំពីខ្លួនគេ តាមរយៈជម្រើសរបស់ពួកគេ ក្នុងការស្លៀកពាក់ ម៉ូតសក់ ក្រវិល និង គ្រឿងអលង្ការផ្សេងៗទៀត ស្នាមសាក់ និង ការចាក់ទំលុះរាងកាយជាដើម ។
សូមអាន អាលម៉ា 3:4 ហើយរកមើលពីរបៀបដែលពួកសាសន៍អាំលីសៃបានផ្លាស់ប្ដូររូបរាងខាងក្រៅរបស់ពួកគេ ។
តើពួកសាសន៍អាំលីសៃ « ញែកចេញពី » សាសន៍ណា ?
តើពួកគេចង់ដូចសាសន៍ណាជាង ?
ការផ្លាស់ប្ដូររូបរាងខាងក្រៅរបស់ពួកសាសន៍អាំលីសៃ គឺជាការបង្ហាញមួយពីការបះបោររបស់ពួកគេ ។ ដូចដែលបានកត់ត្រានៅក្នុង អាលម៉ា 3 មរមនបានរំឭកយើងអំពីបណ្ដាសា និង គំនូសដែលបានមានចំពោះពួកសាសន៍លេមិន ជាច្រើនរយឆ្នាំមុនមក ដោយសារតែការបះបោររបស់ពួកគេទាស់នឹងព្រះ ( សូមមើល អាលម៉ា 3:6–10; សូមមើលផងដែរ នីហ្វៃទី2 5:20–24 ) ។ ពួកសាសន៍អាំលីសៃបានគូសពណ៌នៅលើថ្ងាសពួកគេដោយស្ម័គ្រចិត្ត ប៉ុន្តែគំនូសទាំងនេះគឺមានគោលបំណងដូចគ្នាទៅនឹងគំនូសដែលព្រះអម្ចាស់បានដាក់លើពួកសាសន៍លេមិនដែរ ។
សូមគូសចំណាំឃ្លានៅក្នុង អាលម៉ា 3:18 ដែលពិពណ៌នាអំពីអាកប្បកិរិយារបស់ពួកសាសន៍អាំលីសៃចំពោះព្រះ ។ គូសចំណាំនៅក្នុង អាលម៉ា 3:19 ផងដែរនូវអ្វីដែលពួកសាសន៍អាំលីសៃបាននាំឲ្យកើតឡើងមកលើពួកគេ ដោយសារតែការបះបោររបស់ពួកគេ ។
តើអ្នកបានរៀនអ្វីពី អាលម៉ា 3:18–19 អំពីពួកអ្នកដែលត្រូវបណ្ដាសារបស់ព្រះអម្ចាស់ ? ( ពួកអ្នកដែលបានបះបោរចេញមុខមកទាស់នឹងព្រះ នាំមកនូវបណ្ដាសាដល់ខ្លួនពួកគេផ្ទាល់ ) ។ វាសំខាន់ក្នុងការយល់ថា បណ្ដាសាគឺជាស្ថានភាពនៃការដែលត្រូវបាន « កាត់ចេញពីវត្តមាននៃព្រះអម្ចាស់ » ( នីហ្វៃទី2 5:20 ) ។ តាមរយៈទង្វើរបស់ពួកគេ នោះពួកសាសន៍អាំលីសៃបានបំបែកខ្លួនពួកគេចេញពីព្រះ ។
ចេញពីគំរូរបស់ពួកសាសន៍អាំលីសៃ យើងរៀនថា វាជាជម្រើសរបស់យើងក្នុងការបំបែកខ្លួនយើងចេញពីព្រះ ។ ពួកអ្នកដែល « បះបោរចេញមុខទាស់នឹងព្រះ » ( អាលម៉ា 3:18 ) គឺបានកាត់ខ្លួនគេផ្ទាល់ចេញពីព្រះ ឬ និយាយម្យ៉ាងទៀតថា នាំមកនូវបណ្ដាសាមកលើខ្លួនគេផ្ទាល់ ។
-
សូមឆ្លើយសំណួរតទៅនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ ផ្ទុយពីពួកសាសន៍អាំលីសៃ តើអ្វីដែលអ្នកអាចធ្វើនៅក្នុងជីវិតអ្នកឥឡូវនេះ ដើម្បីប្រាកដថា អ្នកពិតជាមិនបានកាត់ខ្លួនឯងចេញពីព្រះ ?
អាលម៉ា 3:20–25 ប្រាប់ពីរបៀបដែលពួកសាសន៍នីហ្វៃ បានយកឈ្នះលើពួកសាសន៍លេមិននៅក្នុងសង្គ្រាមមួយផ្សេងទៀត ប៉ុន្តែមនុស្សជាច្រើនពីសាសន៍ទាំងពីរត្រូវបានសម្លាប់ ។ សូមអាន អាលម៉ា 3:26–27 រកមើលមេរៀនចម្បងដែលមរមនចង់ឲ្យយើងរៀនចេញពីដំណើររឿងរបស់ពួកសាសន៍អាំលីសៃ និង សង្គ្រាមទាំងឡាយរវាងពួកសាសន៍នីហ្វៃ និង ពួកសាសន៍លេមិន ។
សូមបំពេញគោលការណ៍តទៅនេះ ទៅតាមអ្វីដែលអ្នកអាននៅក្នុង អាលម៉ា 3:26–27 ៖ យើងទទួលបានសុភមង្គល ឬ ទុក្ខវេទនា អាស្រ័យទៅលើ
សូមគិតមួយស្របក់ អំពីនរណាម្នាក់ដែលអ្នកជ្រើសរើសធ្វើតាមនៅក្នុងជីវិតអ្នក ។ សូមសញ្ជឹងគិតពីសំណួរទាំងឡាយតទៅនេះ ៖ តើរង្វាន់ ឬ ថ្លៃឈ្នួលរបៀបណា ដែលសាតាំងផ្ដល់ដល់ពួកអ្នកដែលដើរតាមវា ? ( ជាទូទៅ រង្វាន់ទាំងនោះទាក់ទាញចិត្តណាស់ពីដំបូង ប៉ុន្តែនៅទីបំផុត វានឹងនាំទៅកាន់អពមង្គល និង ការញៀន ) ។ ផ្ទុយទៅវិញ តើថ្លៃឈ្នួលអ្វី ដែលអ្នកបានទទួលពីព្រះអម្ចាស់ ក្នុងការជ្រើសរើសដើរតាមទ្រង់ ?
-
សូមសរសរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីពេលមួយ ដែលការធ្វើតាមព្រះអម្ចាស់បាននាំសុភមង្គលដល់អ្នក ។
អាលម៉ា 4
បន្ទាប់ពីការរីកលូតលាស់របស់សាសនាចក្រមួយរយៈមក សមាជិកសាសនាចក្របានក្លាយជាមានអំណួត ហើយអាលម៉ាបានលាចាកពីតំណែងមេចៅក្រមរបស់លោក ដើម្បីហៅឲ្យពួកគេប្រែចិត្ត
ក្រោយពីការធ្វើសង្គ្រាមជាមួយពួកសាសន៍លេមិន និង ពួកសាសន៍អាំលីសៃមក ពួកសាសន៍នីហ្វៃបាន « ភ្ញាក់ឡើង ដោយនឹកឃើញដល់ភារកិច្ចរបស់ខ្លួន » ហើយពួកគេ « បានចាប់ផ្ដើមតាំងសាសនាចក្រឡើងយ៉ាងពេញលេញជាងមុន » ( អាលម៉ា 4:3–4 ) ។ ជាលទ្ធផល ប្រជាជនប្រហែល 3,500 នាក់ បានចូលរួមក្នុងសាសនាចក្រ ( សូមមើល អាលម៉ា 4:5 ) ។ ជាអកុសល នៅក្នុងរយៈមួយឆ្នាំយ៉ាងខ្លីប៉ុណ្ណោះ ប្រជាជនជាច្រើនក្នុងសាសនាចក្របានចាប់ផ្ដើមមានអំណួត ។ សូមអាន អាលម៉ា 4:8–12 ហើយរកមើលសកម្មភាពទុច្ចរិតទាំងឡាយ ដែលបានកើតឡើងដោយសារតែការឆ្មើងឆ្មៃក្នុងចំណោមសមាជិកក្នុងសាសនាចក្រ ។ គោលការណ៍មួយដែលយើងអាចរៀនចេញពីវគ្គបទគម្ពីរនេះគឺ ៖ ប្រសិនបើយើងធ្វើជាគំរូមិនសុចរិត នោះទង្វើរបស់យើងអាចរារាំងអ្នកដទៃទៀតពីការទទួលយកដំណឹងល្អ ។ ( សូមមើល អាលម៉ា 4:10 ) ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរគំរូមួយអំពីសកម្មភាព ឬ អាកប្បកិរិយាទុច្ចរិត ដែលធ្វើឡើងដោយពួកសាសន៍នីហ្វៃ នៅក្នុង អាលម៉ា 4:8–12 ។ សូមពន្យល់ពីមូលហេតុដែលវាសំខាន់ ក្នុងការចៀសវាងពីសកម្មភាព ឬ អាកប្បកិរិយាបែបនោះ ក្នុងនាមជាសមាជិកម្នាក់នៃសាសនាចក្រនៅសព្វថ្ងៃនេះ ។
ជាលទ្ធផលនៃអំពើទុច្ចរិតនៅក្នុងសាសនាចក្រ អាលម៉ាបានចាត់តាំងបុរសម្នាក់ផ្សេងទៀតឲ្យធ្វើជាមេចៅក្រមជំនួសលោក ដើម្បីលោកអាចឧទ្ទិសពេលវេលាទាំងអស់របស់លោកចំពោះការបម្រើរបស់លោក ក្នុងនាមជាសង្ឃជាន់ខ្ពស់ជាអធិបតីគ្រប់គ្រងលើសាសនាចក្រ ហើយជួយសមាជិកយកឈ្នះលើការឆ្មើងឆ្មៃ និង អំពើបាបរបស់ពួកគេ ដោយ « ការធ្វើទីបន្ទាល់ដ៏បរិសុទ្ធ » ( អាលម៉ា 4:19 ) ។ សូមអាន អាលម៉ា 4:19 ហើយគូសបន្ទាត់ពីក្រោមអ្វីដែលអាលម៉ាមានបំណងប្រាថ្នានឹងធ្វើ ដើម្បីជួយប្រជាជនរបស់លោក ។
អាលម៉ា 4:19 បង្ហាញពីគោលការណ៍ទាំងនេះ ៖ ការបំពេញនូវភារកិច្ចខាងវិញ្ញាណរបស់យើង អាចតម្រូវឲ្យមានការលះបង់ ។ អ្នកបម្រើរបស់ព្រះអម្ចាស់ថ្លែងទីបន្ទាល់ និង ហៅពួកអ្នកមានបាបឲ្យប្រែចិត្ត ។ ការថ្លែងទីបន្ទាល់ដ៏បរិសុទ្ធ ជួយអ្នកដទៃទៀតឲ្យកាន់តែខិតជិតព្រះ ។
តើអ្នកអាចនឹកស្រមៃពីនរណាម្នាក់ ដែលលះបង់តំណែងខាងនយោបាយជាអចិន្ត្រៃរបស់ខ្លួន ដូចជាការធ្វើជាប្រធានាធិបតីនៃប្រទេសមួយ ដើម្បីបម្រើបេសកកម្មមួយដែរឬទេ ? អាលម៉ាបានធ្វើដូច្នោះ !
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ថាតើអ្នកគិតថាឃ្លា « ការធ្វើទីបន្ទាល់ដ៏បរិសុទ្ធ » ( អាលម៉ា 4:19 ) ប្រាប់អំពីអ្វី ពីរបៀបដែលអាលម៉ានឹងបង្រៀន ។ សូមកត់ត្រាផងដែរ ថាតើអ្នកបានទទួលឥទ្ធិពលឲ្យផ្លាស់ប្ដូរ ឬ អភិវឌ្ឍខ្លួនយ៉ាងណា ដោយការឮនរណាម្នាក់ផ្សេងទៀតថ្លែងទីបន្ទាល់អំពីដំណឹងល្អនោះ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អាលម៉ា 1–4 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖