សេចក្តីណែនាំមកកាន់គម្ពីរ អេណុស
តើហេតុអ្វីសិក្សាគម្ពីរនេះ ?
គម្ពីរអេណុសចង្អុលបង្ហាញពីអំណាចនៃដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទក្នុងការលាងជម្រះមនុស្សពីអំពើបាប និង ធ្វើឲ្យពួកគេបានពេញលេញ ។អេណុសបានពុះពារនៅចំពោះព្រះក្នុងការអធិស្ឋានដ៏ខ្លាំងខ្លាពីមុនអំពើបាបរបស់លោកត្រូវបានអភ័យទោស ។បន្ទាប់មក លោកបានអធិស្ឋានសម្រាប់សុខុមាលភាពខាងវិញ្ញាណរបស់ពួកសាសន៍នីហ្វៃ និង ពួកសាសន៍លេមិន ។លោកបានចំណាយពេលនៃជីវិតដែលនៅសេសសល់របស់លោកដើម្បីធ្វើការសម្រាប់សេចក្តីសង្គ្រោះរបស់ពួកគេ ។នៅពេលអ្នកសិក្សាគម្ពីរអេណុស អ្នកអាចរកឃើញមេរៀនដ៏សំខាន់ៗអំពីការអធិស្ឋាន ការប្រែចិត្ត និង វិវរណៈ ។អ្នកក៏អាចរៀនផងដែរថា នៅពេលបុគ្គលម្នាក់ៗទទួលពរជ័យនៃដង្វាយធួន នោះពួកគេនឹងមានបំណងចង់ចែកចាយពរជ័យទាំងនោះជាមួយមនុស្សដទៃទៀត ។
តើនរណាបានសរសេរគម្ពីរនេះ ?
អេណុស ជាកូនប្រុសរបស់យ៉ាកុប និង ជាចៅប្រុសរបស់លោកលីហៃ និង នាងសារ៉ាយ ដែលបាននិពន្ធសៀវភៅនេះ ។អេណុសបានកត់ត្រាថា ឪពុករបស់លោកបានបង្រៀនលោក « តាមដំបូន្មាន និង សេចក្តីដាស់តឿនរបស់ព្រះអម្ចាស់ ( អេណុស 1:1 ) ។នៅជិតចុងបញ្ចប់នៃជីវិតរបស់លោក អេណុសបានសរសេរថា លោកបានថ្លែង « នូវពាក្យពេចន៍ស្របតាមសេចក្តីពិត ដែលមាននៅក្នុងព្រះគ្រីស្ទ » ( អេណុស 1:26 ) អស់ពេញមួយជីវិតរបស់លោក ។ពីមុនលោកស្លាប់ អេណុសបានប្រគល់ផ្ទាំងតូចរបស់នីហ្វៃទៅឲ្យយ៉ារ៉ុម ជាកូនប្រុសរបស់លោក ។អេណុសបានបញ្ចប់កំណត់ត្រារបស់លោកដោយអររីករាយក្នុងថ្ងៃដែលលោកនឹងបានឈរនៅចំពោះព្រះអង្គប្រោសលោះរបស់លោក ។លោកបានថ្លែងថា « ខណៈនោះខ្ញុំនឹងបានឃើញព្រះភក្ត្រទ្រង់ ដោយសេចក្តីសោមនស្ស ហើយព្រះអង្គនឹងមានបន្ទូលមកខ្ញុំថា ៖ ចូរមករកយើងចុះ អ្នកមានពរហើយ មានទីកន្លែងមួយដែលរៀបចំសម្រាប់អ្នកនៅក្នុងវិមានរបស់ព្រះវរបិតាយើង » ( អេណុស 1:27 ) ។
តើនៅពេលណា ហើយនៅកន្លែងណាដែលគម្ពីរនេះត្រូវបានសរសេរឡើង ?
អេណុសបានបិទកំណត់ត្រារបស់លោកដោយថ្លែងថា រយៈពេល 179 ឆ្នាំ បានកន្លងផុតទៅ ចាប់តាំងពីពេលលោកលីហៃបានចាកចេញពីក្រុងយេរ៉ូសាឡិមមក ( សូមមើល អេណុស 1:25 ) ។ការណ៍នោះដាក់កាលបរិច្ឆេទនៃការសរសេររបស់លោករវាងឆ្នាំប្រមាណ 544 មុន.គ.ស. ( នៅពេលលោកយ៉ាកុបបានបិទកំណត់ត្រារបស់លោក ) និង ឆ្នាំ 420 មុន.គ.ស. ។ អេណុសបានសរសេរកំណត់ត្រានេះខណៈពេលរស់នៅក្នុងដែនដីនីហ្វៃ ។