មេរៀនទី 6 ៖ ថ្ងៃទី 4
នីហ្វៃទី 2 9–10
សេចក្ដីផ្ដើម
នៅក្នុងមេរៀនមុន អ្នកបានសិក្សាពីទីបន្ទាល់របស់យ៉ាកុប អំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទនឹងធ្វើសម្រាប់យើងតាមរយៈដង្វាយធួនរបស់ទ្រង់ ។នៅក្នុងមេរៀននេះ អ្នកនឹងបញ្ចប់ការសិក្សារបស់អ្នកក្នុង នីហ្វៃទី 2 9 និង ទេសនកថារបស់យ៉ាកុបនៅថ្ងៃដំបូង ហើយនិងរៀនពីអ្វីដែលយើងត្រូវធ្វើ ដើម្បីទទួលបានពរជ័យពីដង្វាយធួន ។យ៉ាកុបបានព្រមានជំទាស់នឹងការធ្វើការសម្រេចចិត្ត ដែលនាំទៅរកការបែកចេញពីវត្តមាននៃព្រះ ហើយលោកបានអញ្ជើញយើងទាំងអស់គ្នាឲ្យមករកព្រះគ្រីស្ទ ហើយទទួលសេចក្តីសង្គ្រោះ ។អ្នកនឹងអាន នីហ្វៃទី 2 10 ផងដែរ ហើយសិក្សាពីអ្វីដែលយ៉ាកុបបានប្រាប់ដល់ប្រជាជននៅថ្ងៃបន្ទាប់ទៀត ។យ៉ាកុបបានបង្រៀនជាថ្មីម្តងទៀតថា បើទោះជាពួកសាសន៍អ៊ីស្រាអែលនឹងត្រូវខ្ចាត់ព្រាត់ដោយព្រោះតែអំពើបាបក៏ដោយ ក៏ព្រះអម្ចាស់នឹងនៅតែចងចាំសេចក្តីសញ្ញារបស់ទ្រង់ជាមួយពួកគេដែរ ហើយទ្រង់នឹងប្រមូលពួកគេនៅពេលពួកគេបានប្រែចិត្ត ហើយត្រឡប់ទៅរកទ្រង់វិញ ។យ៉ាកុបបានមានប្រសាសន៍ថា « គ្មានសាសន៍ណាទៀតនៅលើផែនដី ដែលនឹងឆ្កាងព្រះរបស់គេឡើយ » ( នីហ្វៃទី 2 10:3 ) ។យ៉ាកុបបានព្យាករថា ប្រទេសអាមេរិកនឹងក្លាយជាដែនដីនៃសេរីភាព ដែលត្រូវបានរឹងប៉ឹងលើសជាតិទាំងអស់ ហើយនឹងគ្មានស្តេចនៅដែនដីនោះទេ ។យ៉ាកុបបានធ្វើទីបន្ទាល់ថា មនុស្សម្នាក់ត្រូវតែចុះចូលនឹងព្រះហឫទ័យរបស់ព្រះ ហើយចងចាំថា មានតែតាមព្រះគុណនៃព្រះប៉ុណ្ណោះដែលពួកគេនឹងត្រូវបានសង្គ្រោះ ។
នីហ្វៃទី 2 9:28–54
យ៉ាកុបបានព្រមានពីសកម្មភាព និង អាកប្បកិរិយាដែលបំបែកយើងចេញពីព្រះ និង អញ្ជើញយើងទាំងអស់គ្នាឲ្យមករកព្រះគ្រីស្ទ
ដោយសារតែការធ្លាក់ និង ដោយសារតែអំពើបាបផ្ទាល់ខ្លួនយើង នោះយើងរាល់គ្នាត្រូវការព្រះអង្គសង្គ្រោះ ។យ៉ាកុបបានធ្វើទីបន្ទាល់ថា តាមរយៈដង្វាយធួន នោះយើងត្រូវបានរួចផុតពីលទ្ធផលទាំងឡាយនៃការធ្លាក់ និង អាចឈ្នះលើអំពើបាបរបស់យើង ហើយទទួលបានជីវិតដ៏អស់កល្បជានិច្ច ។យ៉ាកុបបានប្រើប្រាស់រូបភាពជាទ្វារ និង ផ្លូវមួយដើម្បីចង្អុលបង្ហាញនូវការណ៍នេះ ។សូមអាន នីហ្វៃទី 2 9:41 ហើយរកមើលរបៀបដែលយ៉ាកុបបានពិពណ៌នាអំពីផ្លូវមួយដែលយើងត្រូវតែដើរ ដើម្បីទទួលបានជីវិតដ៏អស់កល្បជានិច្ច ។សូមសញ្ជឹងគិតពីសំណួរដូចតទៅនេះ ៖ តើអ្នកគិតថា « ចូរមករកព្រះអម្ចាស់ » មានន័យបែបណា ?( សូមពិចារណាថា បើសិនជាអ្នកនៅតាមផ្លូវដែលនឹងនាំអ្នកឲ្យកាន់តែជិតព្រះអង្គសង្គ្រោះ ) ។តើវាមានន័យយ៉ាងណាចំពោះអ្នកដែលថា « ផ្លូវ [ ទៅកាន់ព្រះអង្គសង្គ្រោះ ] គឺចង្អៀត ប៉ុន្តែសន្ធឹងត្រង់ ? »
យ៉ាកុបក៏បានពិពណ៌នាផងដែរថា ព្រះអង្គសង្គ្រោះជា « អ្នកឆ្មាំទ្វារ » ។នេះជានិមិត្តរូបនៃតួនាទីរបស់ព្រះអង្គសង្គ្រោះ ថាជាអង្គជំនុំជម្រះរបស់យើង ។គឺទ្រង់នេះហើយដែលផ្តល់ពរជ័យនៃដង្វាយធួនរបស់ទ្រង់ដល់យើង ដោយផ្អែកទៅលើអាកប្បកិរិយា និង សកម្មភាពទាំងឡាយរបស់យើង ។យ៉ាកុបក៏បានបង្រៀនយើងបន្ថែមទៀត ជាពិសេសពីរបៀបដែលអាកប្បកិរិយា និង សកម្មភាពរបស់យើងប៉ះពាល់ដល់សមត្ថភាពរបស់យើងក្នុងការមករកព្រះអង្គសង្គ្រោះ ។
-
ដើម្បីជួយអ្នកស្គាល់អាកប្បកិរិយា គំនិត និង សកម្មភាពទាំងឡាយដែលអាចដឹកនាំយើងទៅរកព្រះអង្គសង្គ្រោះ សូមធ្វើតាមចំណុចខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមគូសបន្ទាត់ចំកណ្តាលទំព័រ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ហើយសរសេរ ការធ្វើឲ្យខ្លួនយើងឃ្លាតឆ្ងាយពីព្រះគ្រីស្ទនៅម្ខាង ហើយសរសេរ មករកព្រះគ្រីស្ទនៅម្ខាងទៀត ។
-
សូមអាន នីហ្វៃទី 2 9:27–39 ហើយរកមើលសកម្មភាព ឬ អាកប្បកិរិយាទាំងឡាយដែលយ៉ាកុបបានព្រមានថា អាចធ្វើឲ្យយើងឃ្លាតឆ្ងាយពីព្រះអង្គសង្គ្រោះ ។សូមធ្វើបញ្ជីមួយពីអ្វីដែលអ្នករកឃើញដែលមាននៅក្នុងជួរឈរ« ការធ្វើឲ្យខ្លួនយើងឃ្លាតឆ្ងាយពីព្រះគ្រីស្ទ » នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។អ្នកអាចនឹងចង់គូសចំណាំផងដែរ ពីអ្វីដែលអ្នករកឃើញនៅក្នុងព្រះគម្ពីររបស់អ្នក ។( សូមកត់ចំណាំថា នីហ្វៃទី 2 9:28–29 គឺជាវគ្គចំណេះចំណានខគម្ពីរមួយ ។អ្នកអាចនឹងចង់គូសចំណាំវានៅក្នុងរបៀបមួយដែលងាយសម្គាល់ ដើម្បីអ្នកអាចងាយរកវាឃើញនៅពេលខាងមុខ ) ។
-
សូមជ្រើសរើសមួយចេញពីសកម្មភាព ឬ អាកប្បកិរិយាទាំងឡាយដែលអ្នករកឃើញ ហើយឆ្លើយសំណួរដូចតទៅនេះ នៅក្នុងទំព័រផ្សេងពីគ្នានៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើសកម្មភាព ឬ អាកប្បកិរិយានេះអាចរារាំងយើងពីការមករកព្រះគ្រីស្ទ ហើយទទួលបានពរជ័យដ៏ពេញលេញពីដង្វាយធួនរបស់ទ្រង់យ៉ាងដូចម្តេចដែរ ?
-
ក្រៅពីការព្រមានអំពីសកម្មភាព និង អាកប្បកិរិយាទាំងឡាយដែលធ្វើឲ្យយើងឃ្លាតឆ្ងាយពីព្រះអម្ចាស់ យ៉ាកុបបានបង្រៀនអំពីសកម្មភាព និង អាកប្បកិរិយាទាំងឡាយដែលនឹងជួយយើងឲ្យមករកព្រះយេស៊ូវគ្រីស្ទផងដែរ ។សូមអាន នីហ្វៃទី 2 9:23, 42, 45–46, 49–52 ហើយរកមើលអ្វីដែលយ៉ាកុបបានបង្រៀន ដែលនឹងនាំយើងទៅរកព្រះអម្ចាស់ ។សូមរាយពីអ្វីដែលអ្នករកឃើញនៅក្នុងជួរឈរ « មករកព្រះគ្រីស្ទ » នៃតារាងរបស់អ្នក ។
-
ពេលសិក្សា នីហ្វៃទី 2 9:28–54 អ្នកបានរៀនពីគោលការណ៍នេះ ៖ តាមរយៈការជ្រើសរើសដើម្បីមករកព្រះអម្ចាស់ ហើយរស់នៅស្របតាមព្រះហឫទ័យរបស់ទ្រង់ នោះយើងអាចទទួលបានពរជ័យដ៏ពេញលេញពីដង្វាយធួន ។
-
ដើម្បីជួយអ្នកអនុវត្តអ្វីដែលអ្នកបានរៀន សូមសរសេរចម្លើយរបស់អ្នកចំពោះសំណួរទាំងឡាយ នៅក្នុងកិច្ចការមួយ ឬ ច្រើនជាងនោះ ដែលបានដាក់ឲ្យធ្វើខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ក្នុង នីហ្វៃទី 2 9:23 អ្នកបានអានថា ព្រះអម្ចាស់បានបញ្ជាដល់យើងឲ្យប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹក ។បើទោះជាអ្នកអាចទទួលបុណ្យជ្រមុជទឹកហើយក៏ដោយ តើការំឭកសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹក តាមរយៈពិធីសាក្រាម៉ង់ជួយអ្នកឲ្យមករកព្រះអម្ចាស់ ហើយទទួលពរជ័យពីដង្វាយធួនរបស់ទ្រង់យ៉ាងដូចម្តេច ?
-
តើអ្នកគិតថា វាមានន័យដូចម្តេច ក្នុងការមាន « សេចក្តីជំនឿដ៏ឥតខ្ចោះ ជឿដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល » ( នីហ្វៃទី 2 9:23 ) ?តើមានរបៀបណាខ្លះ ដែលអ្នកបង្ហាញសេចក្តីជំនឿលើព្រះអម្ចាស់ នៅពេលថ្មីៗនេះ ?
-
តើវាមានអត្ថន័យបែបណាចំពោះឃ្លា « ចូរបែរចេញពីអំពើបាបទាំងឡាយរបស់អ្នករាល់គា្នចុះ » ( នីហ្វៃទី 2 9:45 ) ?តើអ្វីអាចជួយអ្នកបែរចេញពីអំពើបាបរបស់អ្នក ?
-
តើមានឧទាហរណ៍អ្វីខ្លះ ពីការចំណាយលុយ « ដែលឥតប្រយោជន៍ » ឬ ក៏ធ្វើការ « សម្រាប់អ្វីដែលពុំអាចធ្វើឲ្យបានស្កប់ស្កល់ » ( នីហ្វៃទី 2 9:51 ) ?តើការចៀសវាងពីអំពើអាក្រក់ ឬ ការតាមរកអ្វីឥតប្រយោជន៍ អាចជួយអ្នកឲ្យមករកព្រះអម្ចាស់ដូចម្ដេចដែរ ?តើអ្នកអាចធ្វើឲ្យរបៀបដែលអ្នកចំណាយពេលក្នុងសកម្មភាពផ្សេងៗក្នុងសាលា ការសិក្សា សាសនាចក្រ ការសប្បាយ និង សកម្មភាពក្នុងសង្គមមានតុល្យភាពកាន់តែប្រសើរឡើងតាមរបៀបណា ?
-
តើមានរបៀបណាខ្លះដែលអ្នកអាច « ទទួលទាននូវអ្វីដែលមិនវិនាស » (នីហ្វៃទី 2 9:51 ) ?
-
យ៉ាកុបបានជំរុញប្រជាជនឲ្យ « ថ្លែងអំណរគុណ » ហើយ « សូមឲ្យចិត្តរបស់អ្នកបានសប្បាយរីករាយ » ( នីហ្វៃទី 2 9:52 ) ។ហេតុអ្វីអ្នកគិតថា វាសំខាន់ដើម្បីធ្វើតាមពាក្យទូន្មាននេះ នៅពេលអ្នកព្យាយាមមករកព្រះអង្គសង្គ្រោះ ?
-
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពីរបៀបដែលសកម្មភាព ឬ អាកប្បកិរិយាមួយ ឬ ច្រើន ដែលអ្នកបានសិក្សា បាននាំអ្នកឲ្យខិតកាន់តែជិតព្រះអង្គសង្គ្រោះ ។
ចំណេះចំណានខគម្ពីរ—នីហ្វៃទី 2 9:28–29
តើអ្នកនឹងធ្វើអ្វី ដើម្បីទាញយកចំណេះដឹងឲ្យបានច្រើនបំផុត ចេញពីឱកាសនៃការអប់រំថ្មីៗរបស់អ្នក ?តើអ្នកមានផែនការអ្វីនាពេលអនាគតសម្រាប់ការអប់រំរបស់អ្នក ?
សូមអានសេចក្ដីថ្លែងការណ៍ដូចតទៅនេះពីប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ហើយសូមគូសបន្ទាត់ពីក្រោមពរជ័យទាំងឡាយ ដែលអាចទទួលបានមកពីការរៀនសូត្រ ៖ « អ្នកប្រឈមនឹងឧបសគ្គធំៗជាច្រើននាពេលអនាគត ។អ្នកកំពុងដើរក្នុងពិភពលោកមួយដែលមានការប្រកួតប្រជែងដ៏កាចសាហាវ ។អ្នកត្រូវតែទទួលការអប់រំទាំងអស់ដែលអ្នកអាចធ្វើទៅបាន ។ព្រះអម្ចាស់បានណែនាំយើងអំពីសារសំខាន់នៃការអប់រំ ។វានឹងផ្តល់ជាគុណសម្បត្តិដល់អ្នក សម្រាប់ឱកាសកាន់តែល្អៗជាច្រើន ។វានឹងរៀបចំអ្នក ដើម្បីធ្វើអ្វីដែលមានប្រយោជន៍ក្នុងពិភពលោកដ៏ធំក្រៃលែងដែលប្រកបដោយឱកាសនៅនឹងមុខ ។បើសិនអ្នកអាចចូលរៀននៅមហាវិទ្យាល័យ ហើយនោះគឺជាបំណងប្រាថ្នារបស់អ្នក ចូរធ្វើវាទៅ ។បើសិនអ្នកគ្មានបំណងប្រាថ្នាដើម្បីរៀននៅមហាវិទ្យាល័យ អញ្ចឹង ចូររៀនវគ្គបំពាក់បំប៉នខ្លីៗ ឬ សាលាជំនួញ ដើម្បីកែខៃជំនាញ ហើយបង្កើនសមត្ថភាពរបស់អ្នក » ( “Converts and Young Men” Ensign ខែ ឧសភា ឆ្នាំ 1997 ទំព័រ 49–50 ) ។
សូមអាន នីហ្វៃទី 2 9:28 ហើយគូសចំណាំនូវអ្វីដែលយ៉ាកុបបានមានប្រសាសន៍ថា ជាគ្រោះថ្នាក់នៃការរៀនសូត្រជាមួយនឹងអាកប្បកិរិយាដែលខុស ។
-
សូមឆ្លើយសំណួរដូចខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថាសេចក្ដីថ្លែងដែលថា « កាលណាគេបានរៀនសូត្រ គេស្មានថាគេឆ្លាតវៃ » មានអត្ថន័យដូចម្តេច ?
-
តើអ្វីទៅជាគ្រោះថ្នាក់នៃការគិតថា យើងឆ្លាតវៃជាងឪពុក ឬ ម្តាយ ប៊ីស្សព ឬ ប្រធានសាខា ព្យាការី ឬ ព្រះវរបិតាសួគ៌របស់យើង ?
-
សូមអាន នីហ្វៃទី 2 9:29 ហើយរកមើលអ្វីដែលអ្នកចាំបាច់ត្រូវចងចាំ ខណៈពេលដែលអ្នកស្វែងរកការអប់រំ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរដូចតទៅនេះ ៖ តើការសិក្សាព្រះគម្ពីរដោយឧស្សាហ៍ព្យាយាម ជួយអ្នកឲ្យរស់នៅស្របតាមគោលការណ៍នៅក្នុង នីហ្វៃទី 2 9 :2 យ៉ាងដូចម្តេច ?
នីហ្វៃទី 2 10
យ៉ាកុបលើកទឹកចិត្តប្រជាជនឲ្យអររីករាយ ហើយមករកព្រះអម្ចាស់
អំឡុងថ្ងៃទីពីរនៃការបង្រៀនរបស់លោក យ៉ាកុបបានធ្វើទីន្ទាល់ម្ដងទៀត ពីព្រះចេស្តានៃការរំដោះរបស់ព្រះអម្ចាស់ ចេញពីលទ្ធផលទាំងឡាយនៃអំពើបាប ។យ៉ាកុបបានបង្រៀនដល់ប្រជាជនរបស់លោកផងដែរ ពីរបៀបដែលពួកគេគួរតែឆ្លើយតបវិញចំពោះអំណោយទាននៃដង្វាយធួនដែលប្រកបដោយសេចក្តីមេត្តាករុណានោះ ។សូមអាន នីហ្វៃទី 2 10:20, 23–25 ហើយគូសចំណាំឃ្លាទាំងឡាយដែលបង្ហាញពីអ្វីដែលយ៉ាកុបបានបង្រៀនថា យើងគប្បីធ្វើក្នុងការតបស្នងចំពោះការលះបង់របស់ព្រះអង្គសង្គ្រោះចំពោះយើង ។
-
សូមឆ្លើយសំណួរមួយ ឬ ច្រើនជាងនោះ ចេញពីសំណួរដូចខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមពិចារណាពីអ្វីដែលអ្នកបានសិក្សាអំពីព្រះអង្គសង្គ្រោះ ហេតុអ្វីអ្នកចង់ « នឹកចាំដល់ទ្រង់ » ជានិច្ច ( នីហ្វៃទី 2 10:20 ) ?
-
ហេតុអ្វីអ្នកមានអារម្មរណ៍ថា ការបញ្ឈប់ ឬ ការប្រែចិត្តពីអ្វីដែលអ្នកកំពុងធ្វើខុស នឹងបង្ហាញអំណរគុណ និង សេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះអង្គសង្គ្រោះ ?
-
តើអ្នកបានរៀនអ្វីអំពីព្រះអង្គសង្រ្គោះ ដែលជួយអ្នកទទួលអារម្មណ៍នៃសេចក្តីសង្ឈឹមជាជាង « ការជ្រប់មុខ » ទាំងបាក់ទឹកចិត្ត ?
-
ឃ្លាដ៏សំខាន់មួយក្នុងជំពូកនេះគឺ « សម្រុះសម្រួលខ្លួនទៅតាមបំណងនៃព្រះ » ( នីហ្វៃទី 2 10:24 ) ។វាមានន័យថា យើងគួរតែបង្កើតទំនាក់ទំនងជិតស្និតឡើងវិញជាមួយព្រះអម្ចាស់ ក្នុងរបៀបដែលយើងគោរពប្រតិបត្តិ និង ស្របតាមបំណងនៃព្រះ ។សូមពិនិត្យមើលឡើងវិញលើបទគម្ពីរទាំងឡាយដែលអ្នកបានគូសចំណាំក្នុង នីហ្វៃទី 2 9–10 ។សូមស្វែងរកការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកកំណត់ពីអ្វីមួយដែលអ្នកអាចធ្វើ ដើម្បីសម្រុះសម្រួលខ្លួនអ្នកជាមួយនឹងបំណងនៃព្រះ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅក្រោមផ្នែកកិច្ចការសម្រាប់ថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី 2 9–10 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖