មេរៀនទី 17 ៖ ថ្ងៃទី 1
អាលម៉ា 17–18
សេចក្តីផ្ដើម
អាលម៉ា 17–18 រួមមានអ្វីដែលមរមនបានសរសេរអំពីបេសកកម្មនៃពួកបុត្រានៃម៉ូសាយ ទៅកាន់ដែនដីសាសន៍លេមិន ។ ដំណើររឿងទាំងនេះ ផ្ដល់នូវគំរូមួយពីរបៀបដែលអ្នកផ្សព្វផ្សាយសាសនាសព្វថ្ងៃនេះ គួររៀបចំ និង បម្រើ ។ ពួកបុត្រារបស់ម៉ូសាយ បានស្វែងរកការដឹកនាំរបស់ព្រះអម្ចាស់ ពេលពួកគេបានរៀបចំដើម្បីផ្សព្វផ្សាយដំណឹងល្អដល់ពួកលេមិន ។ ពេលពួកគេបំបែកផ្លូវគ្នា ព្រះអម្ចាស់បានលួងលោមពួកគេ ហើយបានសន្យាថា ពួកគេនឹងនាំព្រលឹងទាំងឡាយមកកាន់ទ្រង់ ។ អាំម៉ូនបានទៅកាន់ដែនដីអ៊ីសម៉ាអែល ហើយបានចាប់ផ្ដើមបង្រៀន ដោយការបម្រើដល់ស្ដេចសាសន៍លេមិនមួយអង្គ មានព្រះនាមថា ឡាម៉ូណៃ ។ ស្ដេចឡាម៉ូណៃ បានមានភាពអស្ចារ្យចំពោះអំណាចរបស់អាំម៉ូន ពេលលោកបានការពារដល់ហ្វូងចៀមរបស់ស្ដេច ។ ការបម្រើនេះ បានបន្ទន់ព្រះទ័យរបស់ស្ដេច និង ចិត្តប្រជាជនទ្រង់ ឲ្យស្ដាប់ការបង្រៀនរបស់អាំម៉ូន អំពីព្រះ និង ផែនការនៃសេចក្ដីសង្គ្រោះ ។ ស្ដេចឡាម៉ូណៃ បានជឿលើអ្វីដែលអាំម៉ូនបានបង្រៀន បានទទួលស្គាល់ថាទ្រង់ត្រូវការព្រះអង្គសង្គ្រោះមួយអង្គ បានអំពាវនាវដល់ព្រះអម្ចាស់ដើម្បីបានសេចក្ដីមេត្តាករុណា និង ត្រូវបានគ្របដណ្ដប់ដោយព្រះវិញ្ញាណ ។
អាលម៉ា 17:1–18
ពួកបុត្រានៃម៉ូសាយរៀបចំដើម្បីផ្សព្វផ្សាយដំណឹងល្អទៅកាន់ពួកសាសន៍លេមិន
សូមគិតអំពីរយៈពេល ដែលពួកអែលឌើរ និង ស៊ីស្ទើរបម្រើបេសកកម្មរបស់ពួកគេនៅសព្វថ្ងៃនេះ ។ សូមអាន អាលម៉ា 17:4 ហើយគូសបន្ទាត់ពីក្រោមចំនួនឆ្នាំ ដែលពួកបុត្រានៃម៉ូសាយបានបង្រៀនដំណឹងល្អនៅក្នុងចំណោមពួកសាសន៍លេមិន ។
ពេលអាលម៉ាកំពុងធ្វើដំណើរទៅកាន់ដែនដីម៉ាន់តៃ នោះលោកបានជួបនឹងពួកបុត្រានៃម៉ូសាយ ពេលដែលពួកគេកំពុងត្រឡប់ទៅផ្ទះវិញ ពីបេសកកម្មដ៏យូរអង្វែងរបស់ពួកគេ ហើយពួកគេទាំងអស់គ្នាពោរពេញដោយក្ដីអំណរ ។ សូមអាន អាលម៉ា 17:2–4 ហើយគូសចំណាំពាក្យ និង ឃ្លាទាំងឡាយ ដែលពិពណ៌នាពីពួកបុត្រានៃម៉ូសាយជាអ្នកផ្សព្វផ្សាយសាសនាបែបណា ។
-
សូមមើល អាលម៉ា 17:2–4 ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមធ្វើដូចខាងក្រោមនេះ ៖
-
សូមរាយនូវអ្វីដែលពួកបុត្រានៃម៉ូសាយបានធ្វើក្នុងការរៀបចំ ដើម្បីក្លាយជាអ្នកផ្សព្វផ្សាយដ៏មានប្រសិទ្ធិភាព ហើយសូមពិពណ៌នាអំពីលទ្ធផលនៃការរៀបចំរបស់ពួកគេ ។
-
សូមជ្រើសរើសអ្វីមួយដែលអ្នកផ្សព្វផ្សាយទាំងនេះបានធ្វើ ដែលអ្នកចង់ធ្វើឲ្យបានកាន់តែប្រសើរនៅក្នុងជីវិតរបស់អ្នក ឬ ចារិតលក្ខណៈមួយដែលអ្នកចង់អភិវឌ្ឍឲ្យបានកាន់តែពេញលេញ ។ សូមសរសេរមួយកថាខណ្ឌ អំពីអ្វីដែលអ្នកអាចធ្វើការណ៍នេះ ។
-
សូមពិចារណា ថាតើញឹកញាប់ប៉ុណ្ណាដែលអ្នកអធិស្ឋាន និង ស្រាវជ្រាវព្រះគម្ពីរដោយផ្ទាល់ខ្លួន និង ក្នុងក្រុមគ្រួសារ ហើយសូមគិតពីឱកាសទាំងឡាយដែលអ្នកមានដើម្បីតមអាហារ ។ តើនៅក្នុងរបៀបណាខ្លះ ដែលការអនុវត្តទាំងនេះជួយអ្នកឲ្យក្លាយជា « មាំមួននៅក្នុងការស្គាល់ពីសេចក្ដីពិត » ( អាលម៉ា 17:2 ) ?
ចេញពីគំរូនៃពួកបុត្រានៃម៉ូសាយ យើងរៀនពីគោលលិទ្ធិនេះ ៖ ដោយការព្យាយាមពិចារណាមើលបទគម្ពីរ អធិស្ឋាន និង តមអាហារ នោះយើងអាចទទួលព្រះវិញ្ញាណបរិសុទ្ធ និង បង្រៀនដោយព្រះចេស្ដា ។ ដោយការទទួលបានព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចរៀបចំបានកាន់តែល្អថែមទៀត ដើម្បីចែកចាយដំណឹងល្អជាមួយអ្នកដទៃទៀត ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះមកពី អែលឌើរ ដេវីឌ អេ. បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលលោកបានបង្រៀនដល់ពួកមនុស្សវ័យក្មេង ពីរបៀបដែលពួកគេអាចរៀបចំធ្វើជាអ្នកផ្សព្វផ្សាយសាសនា ។ សូមរកមើលរបៀបជាក់លាក់ទាំងឡាយ ដែលអ្នកអាចរៀបចំខ្លួនអ្នក ដើម្បីចែកចាយដំណឹងល្អ ដូចជាពួកបុត្រានៃម៉ូសាយបានធ្វើ ។
« អ្នកអាចពង្រីកបំណងប្រាថ្នារបស់អ្នកដើម្បីបម្រើដល់ព្រះ ( សូមមើល គ. និង ស. 4:3 ) ហើយអ្នកអាចចាប់ផ្ដើមគិតដូចជាអ្នកផ្សព្វផ្សាយសាសនាគិត អានអ្វីដែលអ្នកផ្សព្វផ្សាយសាសនាអាន អធិស្ឋានដូចជាអ្នកផ្សព្វផ្សាយសាសនាអធិស្ឋាន និង មានអារម្មណ៍ដូចជាអ្នកផ្សព្វផ្សាយសាសនាមាន ។ អ្នកអាចចៀសវាងពីឥទ្ធិពលខាងលោកិយ ដែលបណ្ដាលឲ្យព្រះវិញ្ញាណចាកចេញ ហើយអ្នកអាចលូតលាស់ដោយទំនុកចិត្ត ការស្គាល់ និង ឆ្លើយតបចំពោះការបំផុសខាងព្រះវិញ្ញាណ ។ មួយបន្ទាត់ម្ដងៗ និង មួយសិក្ខាបទម្ដងៗ បន្តិចឯនេះ បន្តិចឯនោះ នោះយូរៗទៅអ្នកអាចក្លាយជាអ្នកផ្សព្វផ្សាយសាសនា ដែលអ្នកសង្ឃឹមចង់ប្រែក្លាយ និង ជាអ្នកផ្សព្វផ្សាយសាសនាដែលព្រះអង្គសង្គ្រោះរំពឹងចង់បាន ។ …
« ការប្រកាសដំណឹងល្អ … គឺមិនមែនគ្រាន់តែជាសកម្មភាពមួយ ដែលយើងចូលរួមក្នុងរយៈពេលកំណត់មួយ ឬ ជាការចាត់តាំងមួយ ដែលយើងត្រូវតែបំពេញក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនោះទេ ។ តែកិច្ចការអ្នកផ្សព្វផ្សាយសាសនា គឺជាការបង្ហាញមួយពីអត្តសញ្ញាណ និង កេរដំណែលខាងវិញ្ញាណរបស់យើង » ( “Becoming a Missionary” Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2005 ទំព័រ 46–47 ) ។
សូមអាន អាលម៉ា 17:9 ហើយគូសបន្ទាត់ពីក្រោមអ្វីដែលពួកបុត្រានៃម៉ូសាយបានអធិស្ឋានសុំ ពេលពួកគេបានរៀបចំដើម្បីបម្រើ ។ សូមអាន អាលម៉ា 17:11 ហើយសញ្ជឹងគិតពីអ្វីដែលព្រះអម្ចាស់បានប្រាប់ដល់ពួកគេ ពីរបៀបដើម្បីធ្វើជាឧបករណ៍នៅក្នុងព្រះហស្ដទ្រង់ ។ ខទាំងនេះបង្រៀនពីគោលការណ៍នេះ ៖ ដោយការធ្វើជាគំរូល្អ ជាពិសេសពេលរងទុក្ខវេទនា នោះព្រះអម្ចាស់អាចធ្វើឲ្យយើងក្លាយជាឧបករណ៍ក្នុងព្រះហស្ដទ្រង់ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពីស្ថានភាពមួយ ដែលអ្នកមានអារម្មណ៍ថា អ្នកអាចធ្វើជាគំរូល្អ ។ សូមគិតអំពីកន្លែងនៅសាលារៀន ស្ថានភាពទាំងឡាយនៅផ្ទះជាមួយក្រុមគ្រួសារអ្នក ឬ ជាមួយសាច់ញាតិ និង នៅក្នុងសង្គម ដែលទាក់ទងដោយផ្ទាល់ ឬ នៅតាមអ៊ិនធើរណិត ។ សូមពិពណ៌នាពីរបៀបដែលអ្នកនឹងបង្ហាញគំរូល្អមួយ នៅក្នុងស្ថានភាពនោះ ។
នៅក្នុងស្ថានភាពខ្លះ វាពិបាកនឹងធ្វើជាគំរូល្អ ជាងស្ថានភាពផ្សេងទៀត ។ សូមក្រឡេកមើលពីរបៀបដែលពួកសាសន៍លេមិនត្រូវបានពិពណ៌នានៅក្នុង អាលម៉ា 17:12–16 ហើយសូមគិតអំពីមូលហេតុដែលពួកបុត្រានៃម៉ូសាយ អាចនឹងមានការលំបាកក្នុងការបង្រៀនក្នុងស្ថានភាពនេះ ។
តើអ្នកគិតថា ហេតុអ្វីពួកបុត្រានៃម៉ូសាយមានឆន្ទៈនឹងរងទុក្ខវេទនា ដើម្បីជួយដល់ប្រជាជនមួយដែលស្អប់ពួកសាសន៍នីហ្វៃទៅវិញ ? ដើម្បីជួយអ្នកយល់ពីអ្វីដែលពួកបុត្រានៃម៉ូសាយសង្ឃឹមនឹងសម្រេចបាន សូមបំពេញចន្លោះ ជាមួយនឹងពាក្យមួយចេញពី អាលម៉ា 17:16 ៖ ពួកបុត្រានៃម៉ូសាយចង់ឲ្យពួកសាសន៍លេមិនត្រូវបាននាំមកកាន់ ពីព្រោះពួកគេចង់ឲ្យពួកសាសន៍លេមិនស្គាល់ពីផែនការនៃសេចក្ដីប្រោសលោះ ។
ដើម្បីជួយអ្នកឲ្យយល់ពីរបៀបធ្វើជាគំរូល្អដល់អ្នកដទៃទៀត សូមបំពេញកិច្ចការនេះ នៅក្នុងរយៈពេលពីរបីថ្ងៃ ៖ សូមសួរដល់សមាជិកគ្រួសារម្នាក់ ឬ មិត្តភក្ដិម្នាក់ឲ្យប្រាប់អ្នក ថាតើគំរូនៃលក្ខណៈដូចព្រះគ្រីស្ទរបស់មនុស្សម្នាក់ បានធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងណានៅក្នុងជីវិតគាត់ ។
អាលម៉ា 17:19–39
អាំម៉ូនក្លាយជាអ្នកបម្រើរបស់ស្ដេចឡាម៉ូណៃ ហើយបានរក្សាហ្វូងចៀមទ្រង់
ពេលអ្នកអាន អាលម៉ា 17:19–39 សូមរកមើលថាតើអាំម៉ូនបានបម្រើស្ដេចឡាម៉ូណៃ និង ពួកអ្នកបម្រើរបស់ស្ដេចដោយរបៀបណា ។ សូមគិតពីរបៀបដែលការបម្រើរបស់អាំម៉ូន បានជួយរៀបចំពួកសាសន៍លេមិនឲ្យទទួលដំណឹងល្អ ។ សូមដាក់ផែនការដើម្បីចែកចាយពីរឿងរបស់អាំម៉ូនរក្សាហ្វូងចៀមរបស់ស្ដេច ជាមួយសមាជិកគ្រួសារម្នាក់ ឬ មិត្តភក្ដិម្នាក់ ។ សូមសង្កត់ធ្ងន់ទៅលើសេចក្ដីពិតដូចតទៅនេះ ពេលអ្នកចែកចាយពីរឿងនោះ ៖ តាមរយៈការបម្រើ យើងអាចជួយរៀបចំអ្នកផ្សេងទៀតឲ្យទទួលដំណឹងល្អ ។ សូមពិភាក្សាជាមួយសមាជិកគ្រួសារ ឬ មិត្តភក្ដិនោះ ពីបុគ្គលម្នាក់ដែលអ្នកចង់ជួយឲ្យរឹងមាំខាងព្រលឹងវិញ្ញាណ ។ សូមគិតពីរបៀបដែលអ្នកអាចបម្រើដល់បុគ្គលនោះ ហើយធ្វើការសម្រេចចិត្តពីរបៀបដែលអ្នកអាចផ្ដល់ការបម្រើនោះ ។
អាលម៉ា 18
ភាពស្មោះត្រង់របស់អាំម៉ូន ធ្វើឲ្យស្ដេចឡាម៉ូណៃមានការស្ងើចសរសើរ ហើយអាំម៉ូនបង្រៀនដំណឹងល្អដល់ស្ដេច
ពួកអ្នកបម្រើរបស់ស្ដេចឡាម៉ូណៃបានទូលទ្រង់ ពីអ្វីដែលអាំម៉ូនបានធ្វើ នៅក្នុងការការពារដល់ហ្វូងចៀមរបស់ស្ដេច ។ សូមអាន អាលម៉ា 18:4–6 ហើយរកមើលពីប្រតិកម្មរបស់ស្ដេចចំពោះអ្វីដែលអាំម៉ូនបានធ្វើ ។
ពេលដែលស្ដេចបានសួរពួកអ្នកបម្រើរបស់ទ្រង់ថា អាំម៉ូននៅឯណា នោះពួកគេបានទូលទ្រង់ថា អាំម៉ូនកំពុងបំពេញនូវកិច្ចការអ្វីមួយពីមុនការសុំរបស់ស្ដេច គឺរៀបចំសេះឲ្យទ្រង់ ដើម្បីធ្វើដំណើរទៅកាន់ដែនដីនីហ្វៃ ជាកន្លែងដែលបិតារបស់ស្ដេចគង់នៅ ។ សូមអាន អាលម៉ា 18:12–15 ហើយរកមើលពីឥទ្ធិពលដែលការបម្រើរបស់អាំម៉ូន បានមានទៅលើស្ដេចឡាម៉ូណៃ ។
សូមអាន អាលម៉ា 18:16–21 ហើយរកមើលភស្ដុតាង ដែលព្រះអម្ចាស់ដឹកនាំអាំម៉ូន កាលដែលលោកបានបង្រៀនស្ដេចឡាម៉ូណៃ ។ នៅក្នុងចន្លោះដែលផ្ដល់ឲ្យ សូមសរសេរពីរបៀបដែលព្រះវិញ្ញាណនៃព្រះបានជួយអាំម៉ូនក្នុងស្ថានភាពនេះ ។
ពេលអ្នកអាន អាលម៉ា 18:22–32 សូមរកមើលសេចក្ដីពិតនៃដំណឹងល្អដ៏ជាក់លាក់ទាំងឡាយ ដែលអាំម៉ូនបានបង្រៀនដល់ស្ដេចឡាម៉ូណៃ ។ អ្នកអាចនឹងចង់គូសចំណាំសេចក្ដីពិតទាំងនោះ នៅក្នុងព្រះគម្ពីររបស់អ្នក ឬ សរសេរវានៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ ពេលអាំម៉ូនបានបង្រៀន លោកបានផ្អែកលើជំនឿដែលលោក និង ស្ដេចឡាម៉ូណៃមាន ។ ឡាម៉ូណៃជឿលើព្រះមួយអង្គ—ដែលទ្រង់ហៅថា ព្រះវិញ្ញាណដ៏មហិមា—ប៉ុន្តែ ទ្រង់ពុំបានយល់ពីលក្ខណៈដ៏ពិតនៃព្រះនោះទេ ។
សូមអាន អាលម៉ា 18:33–35 ហើយរកមើលពីរបៀបដែលអាំម៉ូនបានឆ្លើយ ពេលដែលស្ដេចបានសួរលោក បើសិនជាលោកត្រូវបានបញ្ជូនមកពីព្រះ ។
-
ចេញពីការសិក្សារបស់អ្នកពី អាលម៉ា 17–18 សូមសរសេរកថាខណ្ឌខ្លីមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ដែលសង្ខេបពីអ្វីដែលអាំម៉ូនអាចមានលទ្ធភាពធ្វើនៅក្នុងចំណោមពួកសាសន៍លេមិន ជាមួយនឹងជំនួយរបស់ព្រះ ។
អ្នកអាចនឹងចង់សរសេរគោលការណ៍តទៅនេះនៅក្នុងព្រះគម្ពីររបស់អ្នកនៅជិត អាលម៉ា 18:35 ៖ ពេលយើងបម្រើព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ នោះទ្រង់នឹងពង្រីកសមត្ថភាពរបស់យើងដើម្បីធ្វើកិច្ចការរបស់ទ្រង់ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយតបចំពោះសំណួរមួយ ឬ ទាំងពីរនៃសំណួរខាងក្រោមនេះ ៖
-
តើគោលការណ៍មុននេះ នឹងជួយអ្នកក្នុងការទទួលខុសត្រូវរបស់អ្នកក្នុងសាសនាចក្រ ក្នុងពេលបច្ចុប្បន្ន និង ក្នុងពេលអនាគតយ៉ាងណាដែរ ?
-
តើអ្នកអាចបម្រើព្រះអម្ចាស់ឲ្យកាន់តែស្មោះត្រង់ជាងមុនដោយរបៀបណា ដើម្បីទ្រង់អាចពង្រីកសមត្ថភាពរបស់អ្នកឲ្យធ្វើកិច្ចការរបស់ទ្រង់ ?
-
ដោយសារគំរូ និង ការបម្រើដ៏ស្មោះត្រង់របស់អាំម៉ូន នោះលោកអាចបង្រៀនដល់ស្ដេចឡាម៉ូណៃពីផែនការនៃសេចក្ដីប្រោសលោះរបស់ព្រះវរបិតាសួគ៌ ។ សូមចងចាំថា ស្ដេចឡាម៉ូណៃបានមានអារម្មណ៍ថាខុស ចំពោះឃាតកម្មដែលទ្រង់បានប្រព្រឹត្ត ( សូមមើល អាលម៉ា 18:4–6 ) ។ សូមអាន អាលម៉ា 18:36–43 ហើយរកមើលពីរបៀបដែលអាំម៉ូនបានបង្រៀនពីផែនការនៃសេចក្ដីប្រោសលោះដល់ស្ដេចឡាម៉ូណៃ និង របៀបដែលស្ដេចឡាម៉ូណៃបានឆ្លើយតបចំពោះការបង្រៀនទាំងនេះ ។
-
សូមឆ្លើយសំណួរតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកគិតថា ហេតុអ្វីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ សំខាន់ជាពិសេស ដើម្បីឲ្យស្ដេចឡាម៉ូណៃយល់ ?
សូមពិចារណា ថាតើការរៀនពីគោលលទ្ធិទាំងឡាយនៃការបង្កបង្កើត ការធ្លាក់ និង ដង្វាយធួន អាចជួយស្ដេចឡាម៉ូណៃឲ្យទទួលស្គាល់ថា ទ្រង់ត្រូវការព្រះអង្គសង្គ្រោះមួយអង្គ ដោយរបៀបណា ។ អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនពីសារៈសំខាន់នៃការបង្កបង្កើត ការធ្លាក់ និង ដង្វាយធួន ថា ៖
« ព្រឹត្តិការណ៍ដ៏ទេវភាពទាំងបីនេះ—ជាបង្គោលទាំងបីនៃភាពអស់កល្បជានិច្ច—គឺត្រូវបានវេញត្បាញបញ្ចូលគ្នាដោយមិនអាចបំបែកបាន ទៅជាកម្រាលប៉ាក់ដ៏មហិមាមួយ ដែលត្រូវបានស្គាល់ថាជា ផែនការដ៏អស់កល្បជានិច្ចនៃសេចក្ដីសង្គ្រោះ ។ យើងមើលទៅដង្វាយធួននៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ថាជាចំណុចកណ្ដាល និង ជាស្នូល និង ជាបេះដូងនៃសាសនាដែលបានបើកសម្ដែងនេះ ។ វានាំឲ្យមាននូវអមតភាព និង ជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស ។ សេចក្ដីសង្គ្រោះគឺនៅក្នុងព្រះគ្រីស្ទ ។
« ប៉ុន្តែ បើពុំមានការធ្លាក់ទេ នោះក៏ពុំមានដង្វាយធួនដែរ ។ ការធ្លាក់របស់លោកអ័ដាម បាននាំមកនូវសេចក្ដីស្លាប់ខាងសាច់ឈាម និង ខាងវិញ្ញាណដល់ពិភពលោក ហើយវាគឺចេញមកពីសេចក្ដីស្លាប់ទាំងនេះហើយ ដែលមនុស្ស និង គ្រប់ទម្រង់នៃជីវិត ត្រូវបានលោះ តាមរយៈដង្វាយធួន ដែលធ្វើឡើងបានដោយព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ លោកអ័ដាមបាននាំមកនូវភាពរមែងស្លាប់ ព្រះគ្រីស្ទបាននាំមកនូវអមតភាព ។ សេចក្ដីសង្គ្រោះបានមក ដោយសារតែការធ្លាក់ និង ដង្វាយធួន ។
« ប៉ុន្តែ បើសិនជាផែនដី និង មនុស្ស និង របស់ដែលមានជីវិតទាំងអស់ មិនត្រូវបានបង្កើតឡើងនៅក្នុងស្ថានភាពសាច់ឈាម និង បរមសុខទេ គឺនៅក្នុងស្ថានភាពនៃភាពអមតៈហើយ នោះនឹងពុំអាចមានការធ្លាក់នោះទេ ។ … ហេតុដូច្នោះហើយ សេចក្ដីសង្គ្រោះត្រូវបានធ្វើឲ្យមានឡើង នៅក្នុង និង តាមរយៈ និង ដោយសារការបង្កបង្កើតស្ថានសួគ៌ទាំងឡាយ និង ផែនដី និង អ្វីៗទាំងអស់ដែលនៅក្នុង និង នៅលើស្ថានសួគ៌ទាំងឡាយ និង ផែនដីនោះ ។ សេចក្ដីសង្គ្រោះបានមកដោយសារការបង្កបង្កើត ការធ្លាក់ និង ដង្វាយធួន ទាំងបីនេះគឺជាផ្នែកនីមួយៗនៃផែនការដ៏ទេវភាពមួយ » ( A New Witness for the Articles of Faith [1985] ទំព័រ 81–82 ) ។
ចេញពីបទពិសោធន៍របស់ឡាម៉ូណៃ យើងអាចរៀនពីសេចក្ដីពិតនេះ ៖ ពេលយើងយល់ថាយើងត្រូវការព្រះអង្គសង្គ្រោះ នោះយើងនឹងមានបំណងដើម្បីប្រែចិត្ត ។
បញ្ចប់មេរៀនថ្ងៃនេះ ដោយការពិចារណាពីអ្វី ដែលអ្នកអាចធ្វើដែលនឹងជួយអ្នកឲ្យចងចាំថាអ្នកត្រូវការព្រះអង្គសង្គ្រោះមួយអង្គ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អាលម៉ា 17–18 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖