មេរៀនទី 24 ៖ ថ្ងៃទី 2
នីហ្វៃទី3 2–5
សេចក្តីផ្ដើម
ភ្លាមៗបន្ទាប់ពីប្រជាជនបានឃើញទីសម្គាល់ទាំងឡាយពីការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ ពួកគេបានចាប់ផ្ដើមភ្លេចពីសាក្សីទាំងឡាយដែលពួកគេបានទទួល ហើយពួកគេបានពង្រឹងចិត្តរបស់គេ ។ ពួកសាសន៍នីហ្វៃ និង ពួកសាសន៍លេមិនជាច្រើន បានបដិសេធទីសម្គាល់ និង ការអស្ចារ្យបន្ថែមទៀត ហើយបានរីកឡើងក្នុងសេចក្ដីទុច្ចរិត ។ ជាលទ្ធផល ពួកចោរកាឌីអានតុនបានកើនកម្លាំងឡើង ហើយបានគំរាមកំហែងថានឹងបំផ្លាញពួកសាសន៍នីហ្វៃ ។ ឡាកូនីអូសជាមេចៅក្រមសាសន៍នីហ្វៃ បានប្រមូលផ្តុំអស់ទាំងពួកសាសន៍នីហ្វៃ និង ពួកសាសន៍លេមិនដែលសុចរិត ហើយបានហៅដល់ប្រជាជនឲ្យប្រែចិត្ត និង រៀបចំសម្រាប់ការធ្វើចម្បាំង ។ ដោយសារតែសាមគ្គីភាព និង សេចក្ដីជំនឿរបស់ពួកគេទៅលើព្រះ នោះពួកគេបានទទួលជោគជ័យលើពួកមារសត្រូវរបស់គេ ។ ក្រោយពីការរំដោះរបស់ពួកគេ ពួកសាសន៍នីហ្វៃ និង ពួកសាសន៍លេមិនដែលសុចរិត បានទទួលស្គាល់ព្រះចេស្តារបស់ព្រះនៅក្នុងការការពារពួកគេ ។
នីហ្វៃទី3 2
ពួកសាសន៍នីហ្វៃ និង ពួកសាសន៍លេមិនដែលសុចរិត រួបរួមគ្នាដើម្បីការពារខ្លួនគេ ទាស់នឹងពួកចោរកាឌីអានតុន
សូមគិតពីបទពិសោធន៍ខាងវិញ្ញាណដ៏មានអត្ថន័យពីរបី ដែលអ្នកបានមានក្នុងជីវិតអ្នក ។ ( សូមចងចាំថា បទពិសោធន៍ខាងវិញ្ញាណនោះ មិនចាំបាច់តែជាអ្វីដែលអស្ចារ្យ ឬ មិនធម្មតា ដើម្បីក្លាយជាបទពិសោធន៍ដែលប្រកបដោយអត្ថន័យនោះទេ ) ។ តើអ្នកគិតថា ហេតុអ្វីវាអាចជាការសំខាន់ ដើម្បីចងចាំបទពិសោធន៍ខាងវិញ្ញាណទាំងនេះ ?
សូមអាន នីហ្វៃទី3 2:1–3 រកមើលអ្វីដែលបានកើតឡើងក្នុងចំណោមប្រជាជន ពេលដែលពួកគេបានចាប់ផ្ដើមភ្លេចទីសម្គាល់ទាំងឡាយដែលទាក់ទងនឹងការប្រសូត្ររបស់ព្រះអង្គសង្គ្រោះ ។ តើអ្នកអាចរៀនអ្វី ចេញពីដំណើររឿងនេះ ដែលស្ដីអំពីគ្រោះថ្នាក់នៃការភ្លេចបទពិសោធន៍ខាងវិញ្ញាណ ?
គោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងឡាយដែលយើងអាចរៀន ចេញពីអ្វីដែលបានកើតឡើងចំពោះពួកសាសន៍នីហ្វៃ គឺថា បើយើងភ្លេចបទពិសោធន៍ដ៏មានតម្លៃទាំងឡាយខាងវិញ្ញាណ នោះយើងកាន់តែរងគ្រោះពីការល្បួង និង ការបោកបញ្ឆោតរបស់សាតាំងហើយ ។ អ្នកអាចនឹងចង់សរសេរគោលការណ៍នេះ នៅក្នុងព្រះគម្ពីររបស់អ្នក នៅក្បែរ នីហ្វៃទី3 2:1–3 ។ ពេលអ្នកធ្វើដូច្នោះ សូមគិតអំពីមូលហេតុដែលការភ្លេចបទពិសោធន៍ខាងវិញ្ញាណ អាចធ្វើឲ្យយើងកាន់តែទទួលការរងគ្រោះពីសាតាំង ។
សូមសញ្ជឹងគិតពីអ្វីដែលអ្នកអាចធ្វើ ដើម្បីជួយអ្នកស្គាល់ និង ចងចាំពីបទពិសោធន៍ខាងវិញ្ញាណ ។ សូមរាយគំនិតពីរបី ដែលអ្នកគិតថា នឹងជួយបានច្រើនបំផុត ៖
ប្រធាន ហិនរី ប៊ី. អាវរិង នៃគណៈប្រធានទីមួយ បានរៀបរាប់ពីរបៀបដែលការកត់ត្រាទុកនូវបទពិសោធន៍ខាងវិញ្ញាណនៅក្នុងសៀវភៅកំណត់ហេតុបានជួយលោក ។ ពេលអ្នកអានអំពីបទពិសោធន៍របស់លោក សូមគូសបន្ទាត់ពីក្រោមពរជ័យទាំងឡាយ ដែលអាចបានមកពីការកត់ត្រាទុកនូវបទពិសោធន៍ខាងវិញ្ញាណ ។
« ខ្ញុំបានសរសេរពីរបីបន្ទាត់រាល់ថ្ងៃ អស់រាប់ឆ្នាំ ។ ខ្ញុំមិនដែលរំលងមួយថ្ងៃណាឡើយ មិនថាខ្ញុំនឿយហត់ប៉ុណ្ណា ឬ ថាខ្ញុំត្រូវចាប់ផ្ដើមថ្ងៃបន្ទាប់ ពីព្រលឹមខ្លាំងយ៉ាងណាក៏ដោយ ។ ពីមុនខ្ញុំសរសេរ ខ្ញុំសញ្ជឹងគិតពីសំណួរនេះសិន ៖ ‹ តើខ្ញុំបានឃើញព្រះហស្ដរបស់ព្រះ ឈោងមកជួយយើង ឬ កូនៗយើង ឬ គ្រួសារយើងនៅថ្ងៃនេះទេ ? › នៅពេលដែលខ្ញុំខំព្យាយាមធ្វើដូច្នេះ អ្វីមួយបានចាប់ផ្ដើមកើតឡើង ។ កាលដែលខ្ញុំគិតពីថ្ងៃនោះ ខ្ញុំនឹងឃើញនូវភស្ដុតាងពីអ្វីដែលព្រះបានធ្វើសម្រាប់មនុស្សម្នាក់ក្នុងចំណោមពួកយើង ដែលខ្ញុំពុំបានដឹងនៅក្នុងពេលដ៏រវល់នៅថ្ងៃនោះ ។ កាលដែលវាបានកើតឡើង ហើយវាកើតឡើងញឹកញាប់ ខ្ញុំបានដឹងថា ការព្យាយាមដើម្បីចងចាំ បានអនុញ្ញាតឲ្យព្រះបង្ហាញខ្ញុំពីអ្វីដែលទ្រង់បានធ្វើ ។
« លើសពីការដឹងគុណទៅទៀត បានចាប់ផ្ដើមលូតលាស់ឡើងនៅក្នុងដួងចិត្តខ្ញុំ ។ ទីបន្ទាល់លូតលាស់ឡើង ។ ខ្ញុំកាន់តែប្រាកដថា ព្រះវរបិតាសួគ៌របស់យើងទ្រង់ឮ និង ឆ្លើយតបការអធិស្ឋានទាំងឡាយ ។ ខ្ញុំមានអារម្មណ៍ដឹងគុណកាន់តែខ្លាំង ចំពោះការបន្ទន់ និង ការសម្រាំងដុសខាត់ ដែលបានមកពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ។ ហើយខ្ញុំកាន់តែមានទំនុកចិត្តថា ព្រះវិញ្ញាណបរិសុទ្ធអាចនាំគ្រប់អ្វីទាំងអស់មកកាន់ការចងចាំរបស់យើង—សូម្បីតែអ្វីៗដែលយើងមិនបានកត់សម្គាល់ ឬ យកចិត្តទុកដាក់ថាវាកើតឡើងពេលណាក៏ដោយ » ( “O Remember, Remember” Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2007 ទំព័រ 67 ) ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមពិពណ៌នាថាតើការចងចាំបទពិសោធន៍ខាងវិញ្ញាណ បានជួយអ្នកឲ្យនៅស្មោះត្រង់ ទោះជាសាតាំងព្យាយាមល្បួង ឬ បោកបញ្ឆោតអ្នកក៏ដោយនោះ ។ ( វាអាចរួមមាន ចងចាំបទពិសោធន៍ខាងវិញ្ញាណដោយការកត់ត្រាវានៅក្នុងសៀវភៅកំណត់ហេតុ ) ។
ដូចមានកត់ត្រានៅក្នុង នីហ្វៃទី3 2:4–19 ពួកសាសន៍នីហ្វៃជាច្រើនបន្តនៅក្នុងភាពទុច្ចរិត និង ក្រុមចោរកាឌីអានតុនមានចំនួន និង មានកម្លាំងកើនឡើង ។ ពួកគេកាន់តែឃោរឃៅ ដែលនាំឲ្យពួកសាសន៍លេមិនដែលបានប្រែចិត្តជឿចូលរួមកម្លាំងជាមួយនឹងពួកសាសន៍នីហ្វៃ ដើម្បីប្រយុទ្ធតទល់នឹងពួកគេវិញ ។ ថ្វីបើពួកគេបានទទួលជោគជ័យខ្លះៗ ក្នុងការបណ្ដេញពួកចោរកាឌីតានតុនចេញពីដែនដីរបស់គេក៏ពិតមែន ក៏ពួកសាសន៍នីហ្វៃ និង ពួកសាសន៍លេមិន នៅតែស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់អស់រយៈពេល 15 ឆ្នាំ បន្ទាប់ពីទីសម្គាល់ពីការប្រសូត្ររបស់ព្រះយេស៊ូវគ្រីស្ទបានកើតឡើង ។
នីហ្វៃទី3 3:1–10
អ្នកដឹកនាំនៃពួកចោរកាឌីអានតុនទាមទារឲ្យពួកសាសន៍នីហ្វៃ និង ពួកសាសន៍លេមិនចុះចាញ់
នៅក្នុង នីហ្វៃទី3 3:1–10 យើងឃើញពីគំរូមួយអំពីរបៀបដែលពេលខ្លះអារក្សធ្វើកិច្ចការវាតាមរយៈអ្នកផ្សេងទៀត ដើម្បីព្យាយាមធ្វើឲ្យសេចក្ដីជំនឿរបស់យើងទន់ខ្សោយ និង ដឹកនាំយើងឲ្យវង្វេង ។ គីឌឌីអានហៃ ជាអ្នកដឹកនាំរបស់ពួកចោរកាឌីអានតុន បានសរសេរសំបុត្រមួយទៅឡាកូនីអូស ជាមេចៅក្រម និង ជាអភិបាលនៃប្រជាជននីហ្វៃ និង លេមិនរួមគ្នា ដើម្បីបញ្ចុះបញ្ចូលលោកឲ្យព្រមចុះចាញ់ដល់ពួកចោរកាឌីអានតុន ។ សូមអាន នីហ្វៃទី3 3:2–10 រកមើលពាក្យ ឬ ឃ្លាទាំងឡាយដែលបង្ហាញពីកលល្បិចទាំងឡាយដែលគីឌឌីអានហៃបានប្រើប្រាស់ ដើម្បីព្យាយាមធ្វើឲ្យសេចក្ដីជំនឿរបស់ឡាកូនីអូសចុះទន់ខ្សោយ និង ដឹកនាំលោកឲ្យវង្វេង ។ អ្នកអាចនឹងចង់គូសចំណាំពាក្យ ឬ ឃ្លាទាំងនេះ ពេលអ្នករកវាឃើញ ។
ខទាំងនេះបង្រៀនថា ជាញឹកញាប់ សាតាំង និង អ្នកដើរតាមវាប្រើប្រាស់ការបញ្ជោរ ការសន្យាក្លែងក្លាយ និង ការគំរាមកំហែង ដើម្បីដឹកនាំមនុស្សឲ្យវង្វេង ។ វាសំខាន់ក្នុងការដឹងថា កលល្បិចរបស់សាតាំង ជាញឹកញាប់គឺជាកលល្បិចដ៏ប៉ិនប្រសប់ ហើយវាអាចប្រើប្រាស់មិត្តភក្ដិរបស់យើង និង មនុស្សដែលយើងចូលចិត្ត ជាជាងប្រើប្រាស់មារសត្រូវដ៏ជាក់ស្ដែងឲ្យមកល្បួងយើង ។ តែយ៉ាងណាក៏ដោយ មាននូវភាពស្រដៀងគ្នារវាងការជំរុញរបស់គីឌឌីអានហៃ និង កលយុទ្ធ និង របៀបដែលសាតាំងប្រើប្រាស់នៅសព្វថ្ងៃនេះ ដើម្បីដឹកនាំមនុស្សឲ្យវង្វេង ។
-
សូមរើសកលល្បិចមួយចេញពីកលល្បិចទាំងឡាយរបស់គីឌឌីអានហៃ ហើយពន្យល់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពីរបៀបដែលអារក្សអាចនឹងប្រើប្រាស់កលយុទ្ធស្រដៀងគ្នានេះ ទៅលើពួកយុវវ័យសព្វថ្ងៃនេះ ។ សូមសរសេរផងដែរ ពីរបៀបដែលអ្នកអាចទប់ទល់នឹងកលយុទ្ធនេះ ។
នីហ្វៃទី3 3:11–4:33
ប្រជាជនរបស់ឡាកូនីអូស រៀបចំដើម្បីការពារខ្លួនគេ ហើយពួកគេយកឈ្នះលើពួកចោរកាឌីអានតុន
ឡាកូនីអូសបានមានសេចក្ដីអស្ចារ្យដោយសារសំបុត្ររបស់គីឌឌីអានហៃ ហើយបានប្ដេជ្ញាចិត្តរៀបចំប្រជាជនរបស់លោកសម្រាប់ការវាយប្រហារដែលនឹងកើតឡើង ។ សូមអានវគ្គបទគម្ពីរទាំងឡាយខាងក្រោមនេះ ហើយរកមើលយ៉ាងហោចណាស់បួនវិធី ដែលឡាកូនីអូសបានរៀបចំប្រជាជនរបស់លោកខាងវិញ្ញាណ និង ខាងសាច់ឈាម ( ខាងរូបកាយ ) ដើម្បីទប់ទល់នឹងការវាយប្រហារពីពួកចោរកាឌីអានតុន ។ ( តម្រុយ ៖ ពេលដែលអ្នកសិក្សាខទាំងនេះ សូមប្រាកដថា ញែកឲ្យឃើញពីភាពខុសគ្នា រវាងគីឌឌីអានហៃ ជាអ្នកដឹកនាំពួកចោរកាឌីអានតុន និង គីឌគីឌដូណៃ ជាព្យាការីដ៏អស្ចារ្យ និង ជាមេទ័ពឯកក្នុងចំណោមពួកសាសន៍នីហ្វៃ ) ។
-
នៅលើទំព័រទទេមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមគូរបន្ទាត់មួយចំកណ្ដាលទំព័រ ។ សូមសរសេរឃ្លាថា ការរៀបចំរបស់ឡាកូនីអូស នៅខាងលើម្ខាង និង ឃ្លាថា ភាពស្រដៀងគ្នានៅសម័យទំនើប នៅខាងលើម្ខាងទៀត ។ នៅខាងក្រោមចំណងជើង « ការរៀបចំរបស់ឡាកូនីអូស » សូមសរសេរ ឬ គូរវិធីបួនយ៉ាង ដែលអ្នកបានរកឃើញថា ឡាកូនីអូស និង ពួកសាសន៍នីហ្វៃបានរៀបចំដើម្បីទប់ទល់នឹងការវាយប្រហារ ។ នៅខាងក្រោមចំណងជើង « ភាពស្រដៀងគ្នានៅសម័យទំនើប » សូមសរសេរ ឬ គូរនូវឧទាហរណ៍មួយចំនួននៃភាពស្រដៀងគ្នានៅសម័យទំនើប ដែលស្រដៀងគ្នាទៅនឹងអ្វីដែលឡាកូនីអូសបានធ្វើ ដើម្បីរៀបចំប្រជាជន ។ ភាពស្រដៀងគ្នាទាំងនេះ គប្បីពណ៌នាពីការរៀបចំខាងវិញ្ញាណ និង ខាងសាច់ឈាម ដែលយើងត្រូវបានទូន្មានឲ្យធ្វើនៅថ្ងៃចុងក្រោយនេះ ។
-
ដើម្បីជួយអ្នកគិតពីរបៀបដែលអ្នកអាចអនុវត្តនូវអ្វីដែលអ្នកបានរៀន សូមឆ្លើយសំណួរពីរ ឬ ច្រើនជាងនោះ ចេញពីសំណួរខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកអាចធ្វើឲ្យផ្ទះរបស់អ្នកបានរឹងមាំ ដើម្បីតទល់នឹងការវាយប្រហាររបស់មារសត្រូវបានយ៉ាងដូចម្ដេច ?
-
តើការប្រមូលផ្ដុំគ្នាជាក្រុមគ្រួសារ សាខា ឬ វួដ ផ្ដល់ការការពារដល់យើងយ៉ាងណា ?
-
ហេតុអ្វីការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ជាវិធីមួយដ៏សំខាន់ម្ល៉េះ ដើម្បីពង្រឹងខ្លួនអ្នក ?
-
តើពេលណា ដែលការអធិស្ឋានបានជួយអ្នកទទួលបានកម្លាំងខាងវិញ្ញាណ ដើម្បីតទល់នឹងមារសត្រូវ ឬ គ្រោះថ្នាក់ ?
-
តើការប្រែចិត្តអាចជាទម្រង់មួយនៃការរៀបចំសម្រាប់ពេលអនាគតដោយរបៀបណា ?
-
តើអ្នកគិតថា ហេតុអ្វីការជ្រើសរើសធ្វើតាមអ្នកទាំងឡាយដែលមានវិញ្ញាណនៃការព្យាករណ៍ និង វិវរណៈ គឺជាការសំខាន់ជាពិសេសនៅសព្វថ្ងៃនេះ ?
-
ដើម្បីឃើញពីអ្វីដែលបានកើតឡើង ពេលដែលពួកចោរកាឌីអានតុនបានវាយប្រហារឡាកូនីអូស និង ប្រជាជនរបស់លោក សូមអាន នីហ្វៃទី3 4:7–12 ។ ចេញពីដំណើររឿងនេះ យើងរៀនថា ពេលយើងរៀបចំខ្លួនយើងខាងវិញ្ញាណ និង ខាងសាច់ឈាម នោះយើងអាចយកឈ្នះឧបសគ្គទាំងឡាយតាមរយៈកម្លាំងពីព្រះអម្ចាស់ ។
ឡាកូនីអូស និង ប្រជាជនរបស់លោកអាចយកឈ្នះលើពួកចោរកាឌីអានតុន ហើយបំផ្លាញពួកអ្នកដឹកនាំនៃក្រុមចោរ ។ ពួកគេបានជោគជ័យដោយសារការជ្រើសរើសរបស់ពួកអ្នកដឹកនាំរបស់គេ ( សូមអាន នីហ្វៃទី3 3:19; 4:17) ការគោរពប្រតិបត្តិរបស់គេ ( សូមមើល នីហ្វៃទី3 3:21; 4:18 ) និង ការពឹងផ្អែកលើព្រះរបស់គេ ( សូមមើល នីហ្វៃទី3 4:30–31 ) ។ សូមអាន នីហ្វៃទី3 4:30–33 ហើយរកមើលពីរបៀបដែលប្រជាជនបានឆ្លើយតប បន្ទាប់ពីជ័យជំនះរបស់ពួកគេទៅលើពួកចោរកាឌីអានតុន ។ តើប្រជាជនបានដឹងថា អ្វីជាបុព្វហេតុទាំងឡាយសម្រាប់ការរំដោះរួចរបស់ពួកគេចេញពីពួកចោរកាឌីអានតុន ? គោលការណ៍មួយដែលខទាំងនេះបង្ហាញគឺ ៖ ការដឹងពីសេចក្ដីល្អ និង សេចក្ដីមេត្តាករុណារបស់ព្រះ នៅក្នុងការរំដោះយើងចេញពីការលំបាកទាំងឡាយ ជួយយើងឲ្យនៅតែបន្ទាបខ្លួន ។
នីហ្វៃទី3 5
សេចក្ដីសុខសាន្តបានមានឡើងវិញក្នុងចំណោមប្រជាជន មរមនពន្យល់ពីការសង្ខេបរបស់លោកអំពីបញ្ជីទាំងឡាយ
សូមគិតថាតើបទពិសោធន៍ខាងវិញ្ញាណផ្ទាល់ខ្លួនបានមានឥទ្ធិពលយ៉ាងណា ទៅលើសេចក្ដីជំនឿរបស់អ្នក បំណងប្រាថ្នារបស់អ្នក ឬ របៀបដែលអ្នកប្រព្រឹត្តបន្ទាប់ពីបទពិសោធន៍ខាងវិញ្ញាណនោះ ។ សូមអាន នីហ្វៃទី3 5:3–4 ហើយរកមើលអ្វីដែលពួកសាសន៍នីហ្វៃបានធ្វើ ដែលជាលទ្ធផលមកពីជំនួយ និង ពរជ័យទាំងឡាយដែលពួកគេបានទទួលពីព្រះអម្ចាស់ ។ សូមកត់ចំណាំថា របៀបមួយក្នុងចំណោមរបៀបទាំងឡាយ ដែលប្រជាជនបានឆ្លើយតប គឺផ្សព្វផ្សាយដំណឹងល្អទៅដល់អ្នកផ្សេងទៀត ។
នៅក្នុង នីហ្វៃទី3 5:14–26 មរមនបានពន្យល់ពីមូលហេតុដែលលោកបានធ្វើបញ្ជីសង្ខេបរបស់លោក ។ សូមអាន នីហ្វៃទី3 5:12–13 ហើយរកមើលអ្វីដែលមរមនបាននិយាយ អំពីការទទួលខុសត្រូវរបស់លោក ក្នុងការសរសេរការសង្ខេបនៃបញ្ជីនីហ្វៃ ។
ចេញពីខទាំងនេះ យើងរៀនថា ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ យើងមានការទទួលខុសត្រូវមួយក្នុងការបង្រៀនដល់អ្នកផ្សេងទៀតពីផ្លូវទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច ។ របៀបដ៏សំខាន់បំផុតមួយក្នុងចំណោមរបៀបដ៏សំខាន់បំផុតទាំងឡាយ ដែលយើងអាចបង្ហាញពីការដឹងគុណរបស់យើងចំពោះព្រះអម្ចាស់ សម្រាប់អ្វីដែលទ្រង់ធ្វើសម្រាប់យើង គឺដោយការជួយអ្នកផ្សេងទៀតមកកាន់ទ្រង់ និង ទទួលពរជ័យទាំងឡាយដែលទ្រង់មានសម្រាប់ពួកគេ ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពីរបៀបមួយចំនួនដែលអ្នកអាចបង្រៀនដល់អ្នកផ្សេងទៀតពីផ្លូវទៅកាន់ជីវិតអស់កល្ប ក្នុងនាមជាសិស្សម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ ។ សូមគិតផងដែរអំពីស្ថានភាពមួយចំនួន ពេលដែលអ្នកអាចបង្រៀនការណ៍នេះដល់អ្នកផ្សេងទៀត ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី3 2–5 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖