មេរៀនទី 16 ៖ ថ្ងៃទី 3
អាលម៉ា 13
សេចក្តីផ្ដើម
អាលម៉ាបានបង្រៀនប្រជាជនដែលបះបោរនៅអាំម៉ូណៃហា អំពីពួកសង្ឃជាន់ខ្ពស់នៃបព្វជិតភាពមិលគីស្សាដែក ដែលត្រូវបានតែងតាំងឲ្យជួយប្រជាជនប្រែចិត្ត និង ចូលក្នុងទីសម្រាករបស់ព្រះអម្ចាស់ ។ លោកបានផ្ដល់គំរូពីមិលគីស្សាដែក ដែលបានជួយប្រជាជនលោកឲ្យប្រែចិត្ត និង រស់នៅក្នុងសេចក្ដីសុខសាន្ត ។ អាលម៉ាបានព្យាយាមបង្រៀនប្រជាជនអាំម៉ូណៃហា ឲ្យមានសេចក្ដីជំនឿ និង សេចក្ដីសង្ឃឹម ហើយលើកទឹកចិត្តពួកគេឲ្យផ្លាស់ប្ដូរ ដើម្បីពួកគេអាចរៀបចំនឹងចូលក្នុងទីសម្រាកនៃព្រះអម្ចាស់ ។
អាលម៉ា 13:1–12
អាលម៉ាបង្រៀនប្រជាជនអាំម៉ូណៃហាអំពីការហៅបម្រើរបស់ពួកសង្ឃជាន់ខ្ពស់
-
សូមអានការដកស្រង់ខាងក្រោមនេះ ហើយបន្ទាប់មក សូមឆ្លើយសំណួរទាំងនោះ ៖
« ក្នុងពិភពវិញ្ញាណមុនផែនដី ព្រះបានចាត់វិញ្ញាណជាក់លាក់ទាំងឡាយ ឲ្យបំពេញបេសកកម្មជាក់លាក់នានា អំឡុងជីវិតរមែងស្លាប់របស់ពួកគេ ។ ការណ៍នេះត្រូវបានហៅថា ការតែងតាំងជាមុន ។
« ការតែងតាំងជាមុន ពុំបានធានាថា បុគ្គលទាំងឡាយនឹងទទួលការហៅបម្រើ ឬ ការទទួលខុសត្រូវជាក់លាក់នោះទេ ។ ឱកាសបែបនោះចូលមកក្នុងជីវិត ជាលទ្ធផលមួយនៃការអនុវត្តយ៉ាងសុចរិតនូវសិទ្ធិជ្រើសរើស គឺដូចជាការតែងតាំងជាមុនបានមក ជាលទ្ធផលមួយនៃភាពសុចរិតដែលនៅក្នុងជីវិតមុនផែនដីដែរ » ( ពិតចំពោះសេចក្ដីជំនឿ ៖ ឯកសារយោងនៃដំណឹងល្អ [ ឆ្នាំ 2004 ] ទំព័រ 69 ) ។
-
តើអ្វីជាទំនាក់ទំនងរវាងការជ្រើសរើសដែលបានធ្វើឡើងក្នុងជីវិតមុនផែនដី និង ការតែងតាំងជាមុន ?
-
តើការជ្រើសរើសដែលធ្វើឡើងក្នុងជីវិតរមែងស្លាប់ ជះឥទ្ធិពលដល់ការតែងតាំងជាមុនយ៉ាងណាដែរ ?
-
ថ្វីបើអ្នកកាន់អំណាចបព្វជិតភាពត្រូវបានពិភាក្សានៅក្នុង អាលម៉ា 13 ក៏ដោយ ក៏ប្រធាន ស្ពែនស៊ើរ ដបុលយូ. ឃឹមបឹល បានរំឭកយើងថា ពួកបងប្អូនស្ត្រីក៏ត្រូវបានផ្ដល់ឲ្យនូវការហៅបម្រើដ៏ឧត្ដុង្គឧត្ដមផងដែរ នៅក្នុងជីវិតមុនផែនដី ៖ « ចូរចងចាំថា នៅក្នុងពិភពមុនយើងមកទីនេះ ស្ត្រីដ៏ស្មោះត្រង់ទាំងឡាយត្រូវបានផ្ដល់ឲ្យនូវកិច្ចការជាក់លាក់នានា ខណៈដែលបុរសដ៏សុចរិតត្រូវបានតែងតាំងជាមុនដល់កិច្ចការបព្វជិតភាពជាក់លាក់នានា » ( “The Role of Righteous Women” Ensign ខែ វិច្ឆិកា ឆ្នាំ 1979 ទំព័រ 102 ) ។
អែលឌើរ នែល អេ. ម៉ាក់ស្វែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ៖ « ស្ថានភាពមុនផែនដីពុំមែនជាគោលលិទ្ធិដែលផ្ដល់មូលហេតុឲ្យយើងសម្រាកនោះទេ ។ សម្រាប់យើងម្នាក់ៗ មាននូវជម្រើសដែលត្រូវជ្រើសរើស កិច្ចការដែលពិបាក និង មិនឈប់ឈរដែលត្រូវធ្វើ ការឡកឡឺយ និង ភាពមិនអនុគ្រោះទាំងឡាយដែលត្រូវទទួលបទពិសោធន៍ ពេលវេលាដែលត្រូវចំណាយ ទេពកោសល្យ និង អំណោយទានដែលត្រូវប្រើប្រាស់ឲ្យល្អ ។ ដោយគ្រាន់តែយើងត្រូវបានជ្រើសរើស ‹ នៅទីនោះ និង ពេលនោះ › មិនប្រាកដជាមានន័យថា យើងអាចខុសប្លែកពីគេ ‹ នៅទីនេះ និង ពេលនេះ › នោះទេ ។ ទោះជាមានការតែងតាំងជាមុនសម្រាប់បុរស ឬ ការជ្រើសរើសទុកជាមុនសម្រាប់ស្ត្រីក៏ដោយ ក៏ពួកអ្នកដែលត្រូវបានហៅ និង រៀបចំទាំងនោះត្រូវតែបង្ហាញផងដែរថា ‹ ជាជនជម្រើស និង ស្មោះត្រង់ › ។ ( សូមមើល វិវរ. 17:14; គ. និង ស. 121:34–36 ) » ។ ( “Premortality, a Glorious Reality” Ensign ខែ វិច្ឆិកា ឆ្នាំ 1985 ទំព័រ 17 ) ។
អាលម៉ាបានបង្រៀនបងប្អូនប្រុសនៅអាំម៉ូណៃហាថា បុរសជាច្រើនត្រូវបានតែងតាំងជាមុនក្នុងជីវិតមុនផែនដី ដើម្បីទទួលបព្វជិតភាព ។ សូមអាន អាលម៉ា 13:1, 8–9 ហើយរកមើលថាបព្វជិតភាពណាមួយដែលអាលម៉ាបានពិភាក្សា ។ វាអាចជាប្រយោជន៍ដែលដឹងថា នៅក្នុងជំពូកនេះ ឃ្លាថា « របៀបដ៏បរិសុទ្ធ » មានន័យថាបព្វជិតភាពមិលគីស្សាដែក ឬ « បព្វជិតភាពដ៏បរិសុទ្ធ តាមរបៀបនៃព្រះរាជបុត្រានៃព្រះ » ( គ. និង ស. 107:3 ) ។ សូមពិចារណាអំពីការគូសចំណាំឃ្លា « របៀបដ៏បរិសុទ្ធ » ពេលអ្នកសិក្សាផ្នែកដែលនៅសល់ក្នុងជំពូកនេះ ( សូមមើល អាលម៉ា 13:2, 6–7, 10–11, 16, 18 ) ។ អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងថា ៖ « ពួកសាសន៍នីហ្វៃ ដែលបានស្មោះត្រង់ និង ពិតត្រង់ក្នុងការរក្សាក្រិត្យវិន័យនៃម៉ូសេ បានមានបព្វជិតភាពមិលគីស្សាដែក ដែលមានន័យថា ពួកគេបានមាននូវភាពពេញលេញនៃដំណឹងល្អ » ( The Promised Messiah: The First Coming of Christ [1978] ទំព័រ 421 ) ។ នេះមានន័យថា ព្យាការីទាំងឡាយក្នុងព្រះគម្ពីរមរមនមានបព្វជិតភាពមិលគីស្សាដែក ហើយបានដឹងពីរបៀបដែលវាប្រតិបត្តិការ ។
សូមពិនិត្យមើល អាលម៉ា 13:2–6, 10 រកមើលចម្លើយចំពោះសំណួរខាងក្រោមនេះ ហើយសរសេរចម្លើយនៅក្នុងសៀវភៅណែនាំការសិក្សារបស់អ្នក ៖
-
តើលក្ខណៈអ្វីខ្លះ ដែលពួកអ្នកដែលត្រូវបានតែងតាំងដល់បព្វជិតភាពមិលគីស្សាដែកមាន ? ( សូមមើល អាលម៉ា 13:3–5, 10 ) ។
-
តើពួកអ្នកកាន់បព្វជិតភាពទាំងនេះត្រូវបានតែងតាំងឲ្យធ្វើអ្វីខ្លះ ? ( សូមមើល អាលម៉ា 13:6 ) ។
-
តើអ្នកបានឃើញថា ការណ៍នេះត្រូវបានធ្វើដោយអ្នកកាន់បព្វជិតភាពមិលគីស្សាដែក ដែលអ្នកស្គាល់ នៅក្នុងវួដ ឬ សាខារបស់អ្នកយ៉ាងណាដែរ ហើយតើវាបានផ្ដល់ពរជ័យដល់ជីវិតរបស់អ្នក និង ជីវិតអ្នកផ្សេងទៀតយ៉ាងណាដែរ ?
អាលម៉ា 13 រួមមានការពិភាក្សាដ៏ជ្រាលជ្រៅមួយ អំពីបព្វជិតភាពមិលគីស្សាដែក ។ វាបង្រៀនថា បុរសដែលទទួលបព្វជិតភាពនេះ គឺត្រូវបានតែងតាំងជាមុនដើម្បីទទួលវា ( សូមមើល ខ 3 ) ។ ពួកអ្នកដែលកាន់បព្វជិតភាពនេះ គឺត្រូវបង្រៀនបទបញ្ញត្តិរបស់ព្រះដល់អ្នកផ្សេងទៀត « ក៏ដើម្បីឲ្យពួកគេអាចចូលទៅក្នុងសេចក្ដីសម្រាករបស់ទ្រង់ផង » ( ខ 6 ) ។ បព្វជិតភាពគឺអស់កល្បជានិច្ច ( សូមមើល ខ 9 ) ហើយវាត្រូវបានប្រគល់ដល់បុរសទាំងឡាយ « ដោយសារតែសេចក្ដីជំនឿដ៏លើសលប់ និង ការប្រែចិត្តរបស់គេ និង អំពើសុចរិតរបស់គេចំពោះព្រះ » ( ខ 10 ) ។ អ្នកកាន់បព្វជិតភាពត្រូវបានញែកជាបរិសុទ្ធ ដោយព្រះវិញ្ញាណបរិសុទ្ធ ពេលពួកគេរៀនខ្ពើមឆ្អើម ( ស្អប់ ) អំពើបាប ហើយហេតុដូច្នោះ ត្រូវ « បានធ្វើឲ្យបរិសុទ្ធ ហើយចូលទៅក្នុងសេចក្ដីសម្រាកនៃព្រះអម្ចាស់ ជាព្រះរបស់ពួកគេ » ( ខ 12 ) ។
សូមអាន អាលម៉ា 13:11–12 ហើយរកមើលឥទ្ធិពលនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទដែលធ្វើឲ្យបរិសុទ្ធ ដែលអ្នកកាន់បព្វជិតភាពទាំងនោះបានទទួល ដោយសារសេចក្ដីជំនឿ ការប្រែចិត្ត និង សេចក្ដីសុចរិតរបស់ពួកគេ ។
-
សូមឆ្លើយសំណួរតទៅនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នករៀនអ្វីខ្លះ ពីគំរូនៃអ្នកកាន់បព្វជិតភាពមិលគីស្សាដែកទាំងនេះ អំពីអ្វីដែលអ្នកអាចធ្វើ ដើម្បីទទួលបាននូវឥទ្ធិពលនៃដង្វាយធួន ដែលធ្វើឲ្យបរិសុទ្ធ នៅក្នុងជីវិតរបស់អ្នក ?
-
សូមសរសេរសេចក្ដីពិតតទៅនេះ នៅក្នុងព្រះគម្ពីររបស់អ្នកនៅក្បែរ អាលម៉ា 13:1–12 ឬ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ បុរសទាំងឡាយដែលជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយអនុវត្តសេចក្ដីជំនឿដ៏អស្ចារ្យ និង ជ្រើសរើសសេចក្ដីសុចរិត គឺត្រូវបានហៅឲ្យទទួលបព្វជិតភាព ដើម្បីនាំអ្នកផ្សេងទៀតមកកាន់ព្រះ ។ បន្ទាប់មក សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ថាតើការដឹងពីគោលការណ៍ដំណឹងល្អនេះ អាចជះឥទ្ធិពលដល់របៀបដែលអ្នកឆ្លើយតបចំពោះអ្នកដឹកនាំបព្វជិតភាពយ៉ាងណា អស់ពេញមួយជីវិតអ្នក ។
អាលម៉ា 13:13–20
អាលម៉ាបង្រៀនអំពីមិលគីស្សាដែក ជាសង្ឃជាន់ខ្ពស់ដ៏អស្ចារ្យម្នាក់ ដែលបានស្ថាបនាសេចក្ដីសុខសាន្តក្នុងចំណោមប្រជាជនរបស់លោក
សូមអាន អាលម៉ា 13:13–18 ហើយរកមើលពាក្យដែលអាលម៉ាបានប្រើ ក្នុងការពិពណ៌នាពីមិលគីស្សាដែក និង អ្វីដែលមិលគីស្សាដែកបានធ្វើសម្រាប់ប្រជាជនលោក ។ សូមគិតអំពីរបៀបដែលពាក្យទាំងនេះ ពិពណ៌នាពីជីវិតដូចជាព្រះគ្រីស្ទរបស់មិលគីស្សាដែក ។ អាលម៉ាបានបង្រៀនថា អ្នកកាន់បព្វជិតភាពមិលគីស្សាដែកគឺ « តាមរបៀបនៃព្រះរាជបុត្រា ដែលជាព្រះរាជបុត្រាបង្កើតតែមួយនៃព្រះវរបិតា » ( អាលម៉ា 13:9; សូមមើលផងដែរ គ. និង ស. 107:2–4 ) ដែលជាព្រះយេស៊ូវគ្រីស្ទ ហើយដែលពួកលោកចង្អុលបង្ហាញយើងទៅកាន់ទ្រង់ តាមរយៈគំរូ និង ការបង្រៀនរបស់ពួកលោក ។ អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី បានថ្លែងថា ៖ « គ្មានការសង្ស័យទេថា មានព្រឹត្តិការណ៍ជាច្រើននៅក្នុងជីវិតនៃព្យាការីជាច្រើន ដែលបានញែកពួកមនុស្សសុចរិតទាំងនោះចេញ ជាប្រភេទ និង ជាស្រមោលនៃព្រះមែស៊ីរបស់ពួកគេ ។ វាគឺជាការល្អ និង ត្រឹមត្រូវ ក្នុងការរកមើលពីភាពស្រដៀងគ្នានឹងព្រះគ្រីស្ទនៅគ្រប់ទីកន្លែង និង ដើម្បីប្រើប្រាស់ភាពស្រដៀងគ្នាទាំងនោះដដែលៗ នៅក្នុងការរក្សាទ្រង់ និង ក្រិត្យវិន័យរបស់ទ្រង់ឲ្យខ្ពស់បំផុតនៅក្នុងគំនិតរបស់យើង » ( The Promised Messiah ទំព័រ 453 ) ។
សូមអាន អាលម៉ា 13:19 ហើយរកមើលអ្វីដែលខនេះប្រាប់យើងអំពីមិលគីស្សាដែក ។ សូមមើលម្ដងទៀតទៅលើ អាលម៉ា 13:17 ដើម្បីឃើញ ថាតើអាលម៉ាបានពិពណ៌នាពីប្រជាជននៅស្រុកសាឡិមដោយរបៀបណា ពេលដែលមិលគីស្សាដែកបានក្លាយជាស្ដេចរបស់ពួកគេ ។ សូមកត់ចំណាំពីរបៀបដែលពាក្យទាំងនេះក៏អាចពិពណ៌នាពីប្រជាជននៅអាំម៉ូណៃហាផងដែរ ( សូមមើល អាលម៉ា 8:9; 9:28 ) ។ តើប្រជាជននៅសាឡិមបានធ្វើអ្វីខ្លះ ដែលជាលទ្ធផលនៃកិច្ចខិតខំរបស់មិលគីស្សាដែក ? ( សូមមើល អាលម៉ា 13:18 ) ។
សូមកត់ចំណាំពីអ្វីដែលមិលគីស្សាដែកបានអនុវត្ត បានទទួល និង បានផ្សព្វផ្សាយ នៅក្នុង អាលម៉ា 13:18 ។ សូមគិតអំពីអ្វីដែលអ្នករៀន ថាតើអ្នកដឹកនាំបព្វជិតភាពម្នាក់គួរជាមនុស្សរបៀបណា ចេញពីគំរូនៃមិលគីស្សាដែក ។
-
សូមឆ្លើយសំណួរតទៅនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើពេលណាដែលអ្នក ឬ នរណាម្នាក់ដែលអ្នកស្គាល់ បានទទួលបទពិសោធន៍នៃសេចក្ដីសុខសាន្ត បន្ទាប់ពីការធ្វើតាមដំបូន្មានរបស់អ្នកដឹកនាំបព្វជិតភាពដ៏សុចរិតម្នាក់ ?
អាលម៉ា 13:21–31
អាលម៉ាអញ្ជើញប្រជាជនឲ្យស្ដាប់ដល់សំឡេងព្រះអម្ចាស់ ហើយចូលក្នុងទីសម្រាករបស់ទ្រង់
សូមរកមើល ហើយគូសចំណាំឃ្លាដែលមានផ្ទួនៗ « សេចក្ដីសម្រាកនៃព្រះអម្ចាស់ » ( ឬ ឃ្លាស្រដៀងគ្នានោះ ) នៅក្នុង អាលម៉ា 13:12, 13, 16, និង 29 ។ អាលម៉ាបានបង្រៀនប្រជាជនអាំម៉ូណៃហាថា ព្រះអម្ចាស់បានហៅបុរសទាំងឡាយឲ្យកាន់បព្វជិតភាព ដើម្បីជួយប្រជាជនចូលក្នុងទីសម្រាកនៃព្រះអម្ចាស់ ។ លោកបានប្រើគំរូមិលគីស្សាដែក ដើម្បីបង្ហាញពួកគេថា មនុស្សដែលពេញដោយអំពើទុច្ចរិត អាចប្រែចិត្តបាន ហើយចូលទៅក្នុងសេចក្ដីសម្រាកនៃព្រះអម្ចាស់ ( សូមមើល អាលម៉ា 13:17–18; សូមមើលផងដែរ គ. និង ស. 84:24 ) ។
ប្រធាន យ៉ូសែប អេហ្វ. ស៊្មីធ បានមានប្រសាសន៍ថា ការចូលទៅក្នុងទីសម្រាករបស់ព្រះ « មានន័យថា ការចូលទៅក្នុងការចេះដឹង និង សេចក្ដីស្រឡាញ់នៃព្រះ ដោយមានសេចក្ដីជំនឿក្នុងគោលបំណង និង ផែនការរបស់ទ្រង់ រហូតដល់កម្រិតមួយដែល យើងដឹងថាយើងត្រឹមត្រូវ ហើយថា យើងមិនមែនកំពុងតែស្វែងរកអ្វីផ្សេងទៀតនោះទេ យើងមិនត្រូវបានរុកគួនដោយខ្យល់នៃសេចក្ដីបង្រៀនបោក ឬ ដោយសេចក្ដីឆបោករបស់ផងមនុស្ស ហើយដោយឧបាយកលដែលគេប្រើនាំឲ្យវង្វេងនោះឡើយ ។ យើងស្គាល់ពីគោលលទ្ធិ ដែលជារបស់ព្រះ » ( Teachings of Presidents of the Church: Joseph F. Smith [1998] ទំព័រ 56 ) ។
តើអ្នករំពឹងថា ការប្រព្រឹត្តរបស់មនុស្សម្នាក់ គួរតែមានដូចម្ដេច ប្រសិនបើគាត់បានចូលក្នុងសេចក្ដីសម្រាកនៃព្រះអម្ចាស់នៅក្នុងជីវិតនេះ ដូចជាប្រធាន យ៉ូសែប អេហ្វ. ស៊្មីធ បានពិពណ៌នាពីវានោះ ?
អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី បានបង្រៀនថា ៖ « ពួកបរិសុទ្ធដ៏ពិតប្រាកដ ចូលទៅក្នុងសេចក្ដីសម្រាកនៃព្រះអម្ចាស់ ខណៈដែលនៅក្នុងជីវិតនេះ ហើយដោយការនៅជាប់នឹងសេចក្ដីពិត នោះពួកគេបន្តនៅក្នុងស្ថានភាពដ៏មានពរជ័យនោះ រហូតដល់ពួកគេចូលក្នុងសេចក្ដីសម្រាកជាមួយព្រះអម្ចាស់នៅស្ថានសួគ៌ ។ … សេចក្ដីសម្រាកនៃព្រះអម្ចាស់ នៅក្នុងភាពអស់កល្បជានិច្ច គឺការដែលបានគ្រងជីវិតដ៏នៅអស់កល្បជានិច្ច ទទួលបាននូវភាពពេញលេញនៃសិរីរុងរឿងរបស់ព្រះអម្ចាស់ » ( Mormon Doctrine, កំណែទីពីរ [1966] ទំព័រ 633 ) ។
បន្ទាប់ពីអាលម៉ាបានព្រមានប្រជាជននៅអាំម៉ូណៃហា ឲ្យរៀបចំសម្រាប់ការយាងមករបស់ព្រះគ្រីស្ទហើយ ( សូមមើល អាលម៉ា 13:21–26 ) នោះលោកបានផ្ដល់នូវការណែនាំបន្ថែមទៀត ពីរបៀបដើម្បីចូលក្នុងសេចក្ដីសម្រាកនៃព្រះអម្ចាស់ ។ សូមអាន អាលម៉ា 13:27–29 ដើម្បីឃើញពីការណែនាំទាំងនោះថាជាអ្វីខ្លះ ។
ការបង្រៀនរបស់អាលម៉ា អាចត្រូវបានសង្ខេបដោយគោលការណ៍ដូចតទៅនេះ ៖ ពេលយើងឆ្លើយតបដោយបន្ទាបខ្លួន ចំពោះការអញ្ជើញឲ្យប្រែចិត្ត នោះនៅទីបំផុត ព្រះវិញ្ញាណនឹងដឹកនាំយើងចូលទៅកាន់សេចក្ដីសម្រាកនៃព្រះអម្ចាស់ ។
-
សូមរកមើលពរជ័យមួយក្នុងចំណោមពរជ័យទាំងឡាយដែលបានលើកឡើងក្នុង អាលម៉ា 13:27–29 ដែលអ្នកចង់ទទួលបាន ។ បន្ទាប់ពីអ្នករកឃើញពរជ័យនោះហើយ សូមរកមើលដំបូន្មានដែលអាលម៉ាបានផ្ដល់ ដែលនឹងជួយអ្នករៀបចំដើម្បីទទួលពរជ័យនោះ ។ បន្ទាប់មក សូមសរសេរគោលដៅមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ដែលទាក់ទងពីរបៀបដែលអ្នកនឹងអនុវត្តនូវដំបូន្មានរបស់អាលម៉ា ដើម្បីអ្នកអាចចូលទៅក្នុងសេចក្ដីសម្រាកនៃព្រះអម្ចាស់ នៅក្នុងជីវិតនេះ និង ជីវិតបន្ទាប់ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អាលម៉ា 13 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖