មេរៀនទី 24 ៖ ថ្ងៃទី 4
នីហ្វៃទី3 11:1–17
សេចក្តីផ្ដើម
មួយរយៈក្រោយពីការបំផ្លិចបំផ្លាញដ៏ធំ និង ភាពងងឹតអស់រយៈពេលបីថ្ងៃ មានបុរស ស្ត្រី និង កុមារ ប្រហែល 2,500 នាក់ បានប្រមូលផ្ដុំគ្នាជុំវិញព្រះវិហារបរិសុទ្ធនៅដែនដីបរិបូរណ៍ ( សូមមើល នីហ្វៃទី3 17:25 ) ។ ពួកគេបានឮសំឡេងមួយ ដែលពួកគេពុំបានយល់ពីដំបូង ។ ពេលពួកគេព្យាយាមស្ដាប់ ពួកគេបានយល់ថា វាជាសំឡេងព្រះវរបិតាសួគ៌ណែនាំឲ្យស្គាល់ព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។ ព្រះអង្គសង្គ្រោះនៃពិភពលោកបានបង្ហាញអង្គទ្រង់ ។ ព្រះយេស៊ូវគ្រីស្ទបានអញ្ជើញប្រជាជនម្ដងម្នាក់ៗឲ្យឃើញដោយផ្ទាល់ខ្លួនថា ទ្រង់ត្រូវបានគេធ្វើគត់ សម្រាប់អំពើបាបនៃពិភពលោក ដោយឲ្យពួកគេប៉ះស្នាមរបួសនៅចំហៀងទ្រង់ និង ស្នាមដែកគោលនៅព្រះហស្ដ និង ព្រះបាទទ្រង់ ។
នីហ្វៃទី3 11:1–7
ប្រជាជនឮសំឡេងរបស់ព្រះវរបិតា ប្រកាសពីការយាងមករបស់ព្រះរាជបុត្រារបស់ទ្រង់
សូមទៅខាងក្រៅដោយមានខ្មៅដៃមួយ និង សៀវភៅណែនាំការសិក្សានេះ ហើយស្ដាប់ឲ្យបាន 60 វិនាទី ។ សូមសរសេរនូវសំឡេងទាំងឡាយឲ្យបានច្រើនតាមដែលអាចធ្វើបាន នៅក្នុងចន្លោះដែលផ្ដល់ឲ្យនេះ ៖
ឥឡូវនេះ សូមដាក់ផ្កាយមួយឲ្យសំឡេងនីមួយៗ ដែលអ្នកគិតថាពិបាកនឹងកំណត់ថាជាអ្វី ឬ ដែលអ្នកទំនងជាពុំអាចកត់សម្គាល់បានបើមិនព្យាយាមស្ដាប់ទេនោះ ។ បន្ទាប់មក ត្រឡប់ចូលក្នុងវិញ ។
ភ្លាមៗ បន្ទាប់ពីការបំផ្លិចបំផ្លាញដ៏ធំ និង ភាពងងឹត ដែលជាទីសម្គាល់ពីការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ នោះប្រជាជនបានប្រមូលផ្ដុំគ្នានៅព្រះវិហារបរិសុទ្ធនៅដែនដីបរិបូរណ៍ ។ ខណៈដែលពួកគេកំពុងពិភាក្សាគ្នាពីអ្វីដែលបានកើតឡើង នោះមានបទពិសោធន៍ដ៏អស្ចារ្យមួយបានកើតឡើង ដែលពួកគេពុំអាចយល់បានពីដំបូង ។ សូមអាន នីហ្វៃទី3 11:1–3 ហើយរកមើលអ្វីដែលប្រជាជនមានការពិបាកនឹងយល់ ។ អ្នកអាចនឹងចង់គូសចំណាំ ពីរបៀបដែលសំឡេងរបស់ព្រះអម្ចាស់ត្រូវបានពិពណ៌នា និង ឥទ្ធិពលដែលសំឡេងនោះបានមានទៅលើពួកអ្នកដែលបានឮវា ។
សូមយកពេលមួយស្របក់ដើម្បីគិត ថាតើលក្ខណៈរបស់សំឡេងដែលប្រជាជនបានឮនោះ ដូចគ្នាទៅនឹងការបំផុសដែលយើងទទួលពីព្រះវិញ្ញាណបរិសុទ្ធយ៉ាងដូចម្ដេចដែរ ។ តើសេចក្ដីពិតអ្វីដែលអ្នកអាចរៀនចេញពី នីហ្វៃទី3 11:1–3 អំពីរបៀបដែលព្រះអម្ចាស់ និង ព្រះវិញ្ញាណបរិសុទ្ធ ជាញឹកញាប់មានបន្ទូលមកកាន់យើង ? គោលលទ្ធិមួយដែលយើងអាចឃើញ ដែលមានបង្ហាញនៅក្នុងខទាំងនេះគឺ ៖ ជាញឹកញាប់ វិញ្ញាណបរិសុទ្ធមានបន្ទូលមកកាន់យើងដោយសំឡេងតូចរហៀង ដែលយើងទទួលអារម្មណ៍នៅក្នុងដួងចិត្តយើង ។
ប្រធាន ប៊យដ៏ ឃេ. ផាកកឺ ប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីរបៀបដែលសំឡេងនៃព្រះអម្ចាស់ ធ្វើការនៅក្នុងគំនិត និង ដួងចិត្តយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ៖
« ប្រហែលអ្វីមួយដែលអស្ចារ្យបំផុត ដែលខ្ញុំបានរៀនចេញពីការអានព្រះគម្ពីរមរមន គឺថាសំឡេងរបស់ព្រះវិញ្ញាណមកជាអារម្មណ៍ ជាជាងសំឡេងមួយ ។ អ្នកនឹងរៀន ដូចជាខ្ញុំបានរៀនដែរ ដើម្បី ‹ ស្ដាប់ › សំឡេងនោះ នោះគឺជាអារម្មណ៍ ជាជាងការឮ ។ …
« អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ … នឹងដឹកនំា ហើយការពារអ្នក និង សូម្បីតែកែតម្រូវទង្វើទំាងឡាយរបស់អ្នកផង ។ វាជាសំឡេងខាងវិញ្ញាណមួយ ដែលចូលមកក្នុងសតិ ជាគំនិត ឬ ជាអារម្មណ៍មួយ ដែលដាក់ចូលក្នុងដួងចិត្តអ្នក » ( “Counsel to Youth” Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 17–18 ) ។
-
សូមគិតអំពីពេលមួយ ដែលអ្នកបានទទួលអារម្មណ៍ពីសំឡេងរបស់ព្រះអម្ចាស់ ឬ ការបំផុសរបស់ព្រះវិញ្ញាណ ដែលចូលមកក្នុងគំនិត ឬ ដួងចិត្តអ្នក ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីបទពិសោធន៍របស់អ្នក និង ថាតើវាមានអារម្មណ៍យ៉ាងណា ។
ពួកសាសន៍នីហ្វៃបានឮសំឡេងពីរដង ហើយពុំបានយល់សំឡេងនោះទេ ។ សូមអាន នីហ្វៃទី3 11:4–7 ហើយរកមើលអ្វីដែលពួកសាសន៍នីហ្វៃបានធ្វើខុសពីមុន នៅលើកទីបី ដើម្បីយល់ពីសំឡេងនោះ ។ តើអ្នកគិតថា ដែលប្រជាជនបានបើក « ត្រចៀកស្ដាប់ » ដល់សំឡេងនោះ មានន័យយ៉ាងណា ? ( នីហ្វៃទី3 11:5 ) ។
ប្រធាន ប៊យដ៏ ឃេ. ផាកកឺ បានផ្ដល់ដំបូន្មានខាងក្រោមនេះ អំពីអ្វីដែលយើងត្រូវធ្វើ ដើម្បីស្ដាប់ និង យល់សំឡេងរបស់ព្រះអម្ចាស់ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ សូមគូសបន្ទាត់ពីក្រោមពាក្យ ឬ ឃ្លាទាំងឡាយ ដែលជួយអ្នកឲ្យដឹងពីអ្វីដែលត្រូវធ្វើ ឬ អ្វីដែលត្រូវចៀសវាង ដើម្បីបានឮសំឡេងរបស់ព្រះអម្ចាស់តាមរយៈព្រះវិញ្ញាណ ឲ្យបានកាន់តែច្បាស់ ។
« ព្រះវិញ្ញាណពុំទាញការយកចិត្តទុកដាក់របស់យើង ដោយការស្រែកនោះទេ ។ ទ្រង់មិនដែលអង្រួនយើងដោយដៃធ្ងន់ៗនោះទេ ។ ព្រះវិញ្ញាណខ្សឹប ។ ការពិត ទ្រង់បបោសអង្អែលដោយថ្មមៗ ដែលបើយើងខ្វល់អំពល់ នោះយើងពុំអាចទទួលអារម្មណ៍ពីទ្រង់សោះឡើយ ។
« ជួនកាល ព្រះវិញ្ញាណនឹងប៉ះពាល់គ្រាន់តែខ្លាំងល្មម ឬ ជាញឹកញាប់គ្រាន់តែគ្រប់គ្រាន់ ដើម្បីឲ្យយើងផ្ដោតយកចិត្តទុកដាក់ ប៉ុន្តែតាមបទពិសោធន៍របស់ខ្ញុំ ភាគច្រើនបំផុត ប្រសិនបើយើងពុំស្ដាប់នូវអារម្មណ៍ដ៏ទន់ភ្លន់ ប្រសិនបើយើងពុំស្ដាប់ដោយអារម្មណ៍ទាំងនោះទេ នោះព្រះវិញ្ញាណនឹងចាកចេញ ហើយចាំរហូតទាល់តែយើងមករក ហើយស្ដាប់ ដោយតាមរបៀបយើង និង ដោយសម្ដែងនូវមនោសញ្ចេតនារបស់យើង » ( “How Does the Spirit Speak to Us?” New Era ខែ កុម្ភៈ ឆ្នាំ 2010 ទំព័រ 3 ) ។
អ្នកអាចនឹងចង់សរសេរគោលការណ៍តទៅនេះនៅក្នុងព្រះគម្ពីររបស់អ្នកនៅក្បែរ នីហ្វៃទី3 11:5–6 និង នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ ពេលយើងរៀនពីរបៀបស្ដាប់ដល់សំឡេងរបស់ព្រះអម្ចាស់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ នោះយើងនឹងអាចយល់ពីការទាក់ទងដែលទ្រង់ប្រទានដល់យើង ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្វីជួយអ្នកឲ្យរៀបចំគំនិត និង ដួងចិត្តអ្នកឲ្យស្ដាប់ និង យល់សំឡេងរបស់ព្រះអម្ចាស់ ?
-
តើពេលណាដែលអ្នកបានយល់ពីការទាក់ទងពីព្រះអម្ចាស់ ដែលជាការទាក់ទងដែលអ្នកអាចនឹងខកខាន បើអ្នកមិនបានព្យាយាមស្ដាប់ទេនោះ ?
-
តើពេលណា ដែលអ្នកបានទទួលការបំផុសពីព្រះវិញ្ញាណបរិសុទ្ធច្រើនជាងម្ដង មុនពេលដែលអ្នកបានយល់ និង ធ្វើតាម ?
-
នីហ្វៃទី3 11:8–17
ព្រះយេស៊ូវគ្រីស្ទបង្ហាញអង្គទ្រង់ ហើយអញ្ជើញប្រជាជនឲ្យមកប៉ះស្នាមរបួសរបស់ទ្រង់ម្ដងម្នាក់ៗ
សូមព្យាយាមនឹកស្រមៃក្នុងចិត្តពីព្រឹត្តិការណ៍ទាំងឡាយក្នុង នីហ្វៃទី3 11:8–10 ពេលអ្នកអានវា ។
-
កាលដែលអ្នកពិចារណាថាវាយ៉ាងណា បើបានឃើញដោយផ្ទាល់ពីការបង្ហាញអង្គទ្រង់របស់ព្រះយេស៊ូវគ្រីស្ទដ៏មានព្រះជន្មរស់ឡើងវិញនោះ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពីគំនិតអ្វី និង អារម្មណ៍យ៉ាងណាដែលអ្នកអាចនឹងទទួលបទពិសោធន៍ បើអ្នកបាននៅទីនោះ ។
អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍អំពីសារៈសំខាន់នៃការបង្ហាញអង្គទ្រង់របស់ព្រះអង្គសង្គ្រោះដល់ពួកសាសន៍នីហ្វៃថា ៖
« ការបង្ហាញអង្គទ្រង់នោះ និង ការប្រកាសនោះ បានបង្កើតជាចំណុចប្រសព្វគ្នា ជាពេលវេលាដ៏ឧត្ដុង្គឧត្ដមបំផុត នៅក្នុងប្រវត្តិសាស្ត្រព្រះគម្ពីរមរមនទាំងមូល ។ វាជាការបើកសម្ដែង និង ជាក្រិត្យក្រម ដែលបានផ្ដល់ជាព័ត៌មាន និង បានបំផុសដល់ព្យាការីសាសន៍នីហ្វៃគ្រប់រូប អស់រយៈពេលប្រាំមួយរយឆ្នាំមកហើយ ដោយមិននិយាយដល់ពួកអយ្យកោសាសន៍អ៊ីស្រាអែល និង សាសន៍យ៉ារេឌរបស់ពួកគេ តាំងពីរាប់ពាន់ឆ្នាំពីមុននោះផង ។
« គ្រប់គ្នាបាននិយាយពីទ្រង់ ច្រៀងពីទ្រង់ សុបិន្តពីទ្រង់ និង អធិស្ឋានសម្រាប់ការបង្ហាញអង្គទ្រង់—ប៉ុន្តែពេលនេះ ទ្រង់ពិតជានៅទីនេះពិតមែន ។ ជាថ្ងៃមួយអស្ចារ្យបំផុតជាងថ្ងៃនានាទាំងអស់ ! ព្រះដែលជាអង្គដែលបង្វែររាល់រាត្រីដ៏ងងឹតទៅជាពន្លឺនាពេលព្រឹក បានយាងមកហើយ » ( Christ and the New Covenant: The Messianic Message of the Book of Mormon [1997] ទំព័រ 250–51 ) ។
សូមចងចាំថា ពួកសាសន៍នីហ្វៃ និង ពួកសាសន៍លេមិនដែលនៅសេសសល់ ទើបតែបានជួបបទពិសោធន៍នៃការបំផ្លិចបំផ្លាញដ៏សាហាវ និង ភាពងងឹតទាំងស្រុងអស់បីថ្ងៃ ។ សូមអាន នីហ្វៃទី3 11:10–12 ហើយរកមើលអ្វីដែលព្រះយេស៊ូវគ្រីស្ទចង់ឲ្យប្រជាជនដឹងអំពីទ្រង់ និង អំពីអ្វីដែលទ្រង់បានធ្វើ អំឡុងពេលនៃការបម្រើក្នុងជីវិតរមែងស្លាប់របស់ទ្រង់ ។ តើសេចក្ដីថ្លែងរបស់ព្រះអង្គសង្គ្រោះណាមួយ ដែលអ្នកគិតថា ជាការលួងលោមបំផុតសម្រាប់អ្នក ប្រសិនបើអ្នកបាននៅទីនោះ ? សូមសញ្ជឹងគិតថា ហេតុអ្វីសេចក្ដីថ្លែងនោះមានន័យខ្លាំងម្ល៉េះចំពោះអ្នក ។ អ្នកអាចនឹងចង់គូសចំណាំឃ្លាទាំងឡាយនៅក្នុងព្រះគម្ពីររបស់អ្នក ដែលមានអត្ថន័យបំផុតចំពោះអ្នក ។
សូមអាន នីហ្វៃទី3 11:13–15 ហើយគូសចំណាំអ្វីដែលព្រះយេស៊ូវគ្រីស្ទបានអញ្ជើញប្រជាជនឲ្យធ្វើ ដើម្បីទទួលបាននូវការចេះដឹងផ្ទាល់ខ្លួន ដែលទ្រង់ចង់ឲ្យពួកគេមាន ទាក់ទងនឹងទ្រង់ ។ សូមគិតអំពីចម្លើយចំពោះសំណួរតទៅនេះ ៖ យោងតាម នីហ្វៃទី3 11:14 តើព្រះអង្គសង្គ្រោះចង់ឲ្យប្រជាជនដឹងពីអ្វី ចេញពីបទពិសោធន៍នេះ ? សូមពិចារណាថា មានប្រជាជនប្រហែល 2,500 នាក់ បានមានវត្តមាននៅពេលនោះ ( សូមមើល នីហ្វៃទី3 17:25 ) តើការណ៍នេះត្រូវចំណាយពេលយូរប៉ុណ្ណាទៅ ? តើការណ៍នេះបង្រៀនអ្វីដល់អ្នក អំពីព្រះអង្គសង្គ្រោះ ?
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើអ្នកគិតថា ហេតុអ្វីព្រះអម្ចាស់ចង់ឲ្យប្រជាជនបានឃើញ និង ប៉ះទ្រង់ « ម្ដងមា្នក់ៗ » ? ( នីហ្វៃទី3 11:15 ) ។
-
តើវានឹងមានឥទ្ធិពលចំពោះអ្នកយ៉ាងណា បើបានប៉ះស្នាមរបួសដែលព្រះអង្គសង្គ្រោះបានរងនៅពេលទ្រង់ធ្វើដង្វាយធួនសម្រាប់អំពើបាបរបស់អ្នកនោះ ?
-
សូមពិចារណាក្នុងការសរសេរសេចក្ដីពិតតទៅនេះនៅក្នុងព្រះគម្ពីររបស់អ្នកនៅក្បែរ នីហ្វៃទី3 11:11–15 ឬ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ ព្រះយេស៊ូវគ្រីស្ទអញ្ជើញខ្ញុំឲ្យទទួលនូវទីបន្ទាល់ផ្ទាល់ខ្លួនមួយថា ទ្រង់ជាព្រះអង្គសង្គ្រោះរបស់ខ្ញុំ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកមានអារម្មណ៍ថា ទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះអង្គសង្គ្រោះរឹងមាំប៉ុណ្ណា ? តើវាបានលូតលាស់ និង កាន់តែរឹងមាំយ៉ាងណា ក្នុងរយៈពេលកន្លងមកថ្មីៗនេះ ?
-
តើបទពិសោធន៍អ្វីខ្លះ ដែលបានដឹកនាំអ្នកឲ្យទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះអង្គសង្គ្រោះ ឬ តើអ្វីដែលអ្នកអាចធ្វើ ដើម្បីទទួលទីបន្ទាល់កាន់តែរឹងមាំ ?
-
តើអ្នកអាចដឹងបានដោយរបៀបណាថា ព្រះអង្គសង្គ្រោះស្គាល់អ្នកដោយផ្ទាល់ខ្លួនម្នាក់ៗនោះ ?
-
សូមអាន នីហ្វៃទី3 11:16–17 ហើយរកមើលអ្វីដែលប្រជាជនបានធ្វើ បន្ទាប់ពីពួកគេបានមានបទពិសោធន៍ផ្ទាល់ខ្លួននេះ ជាមួយនឹងព្រះអង្គសង្គ្រោះ ។ វាអាចជាប្រយោជន៍ក្នុងការយល់ថា « ហូសាណា » គឺជាឧទានសព្ទនៃការសរសើរតម្កើងដល់ព្រះអម្ចាស់ ។
សូមមើលឲ្យបានដិតដល់ទៅលើ នីហ្វៃទី3 11:15 ហើយរកមើលអ្វីដែលប្រជាជនបានធ្វើ បន្ទាប់ពីពួកគេបានប៉ះស្នាមរបួសរបស់ព្រះអង្គសង្គ្រោះដោយផ្ទាល់រួចមក ។ ដោយសារអ្នកមិនបាននៅទីនោះ ដើម្បីប៉ះស្នាមរបួសរបស់ព្រះអង្គសង្គ្រោះដោយផ្ទាល់ ដូចជាប្រជាជនដែលនៅក្នុង នីហ្វៃទី3 តើអ្នកអាចដឹងបានដោយរបៀបណាថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ? ( សូមមើល យ៉ូហាន 20:30–31; មរ៉ូណៃ 10:3–7; គ. និង ស. 46:13–14 សម្រាប់ចម្លើយមួយចំនួនដែលអាចមាន ) ។
ដើម្បីប្រដូច នីហ្វៃទី3 11:15 ទៅនឹងខ្លួនអ្នក សូមបំពេញសេចក្ដីថ្លែងដូចតទៅនេះ ៖ ពេលខ្ញុំទទួលទីបន្ទាល់ផ្ទាល់ខ្លួនអំពីព្រះយេស៊ូវគ្រីស្ទ ខ្ញុំមានការទទួលខុសត្រូវដើម្បី ។
សូមគិតអំពីរបៀបទាំងឡាយ ដែលមនុស្សម្នាក់ដែលមានទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ អាច « ធ្វើបន្ទាល់ » ពីទ្រង់ ។
ប្រធាន ប៊យដ៏ ឃេ. ផាកកឺ បានបង្រៀនអំពីទីបន្ទាល់ទាំងឡាយដូចតទៅនេះថា ៖ « អ្នកមិនអាចបង្ខំការណ៍ទាំងឡាយខាងវិញ្ញាណបានទេ ។ ទីបន្ទាល់មួយពុំចាក់សំរុកទៅលើអ្នកនោះទេ វាលូតលាស់ ។ ហើយទីបន្ទាល់មួយគឺជាទីបន្ទាល់មួយ ហើយវាគប្បីត្រូវបានគេគោរព មិនថាវាតូច ឬ ធំនោះទេ ។ យើងកាន់តែលូតលាស់ខ្ពស់ទៅៗនៅក្នុងទីបន្ទាល់របស់យើង ដូចជាយើងលូតលាស់ខាងរូបកាយរបស់យើងដែរ ហើយពិបាកនឹងដឹងថាវាកំពុងតែកើតឡើង ដោយសារវាបានមកដោយការលូតលាស់ » ( “How Does the Spirit Speak to Us?” ទំព័រ 3 ) ។
-
សូមបញ្ចប់មេរៀននេះ ដោយសរសេរទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ អ្នកអាចនឹងចង់បញ្ចូលនូវអ្វីដែលអ្នកបានធ្វើ ដើម្បីទទួលបានទីបន្ទាល់របស់អ្នក ឬ អ្វីដែលអ្នកដាក់ផែនការនឹងធ្វើ ដើម្បីពង្រឹងវា ។ ប្រសិនបើត្រូវបានបំផុសដោយព្រះវិញ្ញាណ សូមអានវាដល់នរណាម្នាក់ផ្សេងទៀត ឬ អញ្ជើញនរណាម្នាក់ឲ្យអានវា ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី3 11:1–17 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖