មេរៀនទី 2 ៖ ថ្ងៃទី2
នីហ្វៃទី1 2
សេចក្តីផ្តើម
មនុស្សឆ្លើយតបចំពោះវិវរណៈដែលមកពីព្រះតាមរបៀបផ្សេងៗគ្នា ។ ព្រះអម្ចាស់បានបញ្ជាលោកលីហៃនៅក្នុងសុបិន្តមួយឲ្យដឹកនាំគ្រួសាររបស់លោកចូលទីរហោស្ថាន ។ លេមិន និង លេមយួល រអូរទាំទាស់នឹងការបញ្ជារបស់ព្រះខណៈដែលនីហ្វៃស្វែងរកសាក្សីបញ្ជាក់មួយ ។ ការប្រៀបធៀបអំពីការឆ្លើយតបខុសៗគ្នា របស់ពួកគេ នឹងជួយអ្នកឲ្យសម្រេចចិត្តពីរបៀបដើម្បីប្រើសិទ្ធិសេរីភាពរបស់អ្នក នៅពេលឆ្លើយតបចំពោះការដឹកនាំរបស់ព្រះអម្ចាស់ ។
នីហ្វៃទី1 2:1–7
ព្រះបញ្ជាលោកលីហៃឲ្យចេញដំណើរចូលទីរហោស្ថាន
សូមស្រមៃគិតថា អ្នកគឺជាលោកលីហៃ ហើយព្រះអម្ចាស់ស្នើអ្នក និង គ្រួសាររបស់អ្នកឲ្យទុកចោលនូវផ្ទះ និង ទ្រព្យសម្បត្តិទាំងអស់របស់អ្នក ។ អ្នកនឹងត្រូវដើរជាច្រើនថ្ងៃ ហើយគ្រាន់តែយករបស់ខ្លះៗដើម្បីផ្គត់ផ្គង់សេចក្តីត្រូវការគ្រួសារអ្នកតែប៉ុណ្ណោះ ។ សូមគិតអំពីរបៀបដែលអ្នកនឹងឆ្លើយតបចំពោះសំណើបែបនេះ ។
សូមអាននីហ្វៃទី1 2:1–6 ហើយសូមរកមើលកាលៈទេសៈទាំងឡាយណាដែលនាំឲ្យលោកលីហៃ និង គ្រួសាររបស់លោកចេញដំណើរចូលទីរហោស្ថាន ។
តើហេតុអ្វីបានជាប្រជាជន « ព្យាយាមរកផ្តាច់ជីវិត [ របស់លោកលីហ្វៃ ] ? » ( សូមមើល នីហ្វៃទី1 2:1) ។
តើព្រះអម្ចាស់បានបញ្ជាឲ្យលោកលីហៃធ្វើអ្វី ? ( សូមមើល នីហ្វៃទី1 2:2) ។
លោកលីហៃគឺជាគំរូមួយនៃគោលការណ៍ដំណឹងល្អដែលថា នៅពេលយើងមានភាពស្មោះត្រង់ និង ការគោរពប្រតិបត្តិ នោះព្រះអម្ចាស់នឹងជួយយើងនៅពេលមានទុក្ខលំបាក ។
-
នៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរនេះអំពីនីហ្វៃ 1 2:4 ៖ តើអ្នកបានរៀនអ្វីពីជម្រើសទាំងឡាយរបស់លោកលីហៃចំពោះអ្វីដែលត្រូវយកទៅជាមួយ និង អ្វីដែលត្រូវទុកចោល ?
ដើម្បីជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីភូមិសាស្ត្រនៃការធ្វើដំណើររបស់គ្រួសារលោកលីហៃ សូមពិនិត្យមើលផែនទីនៅចុងបញ្ចប់មេរៀន ។
សូមអាននីហ្វៃទី 1 2:7ហើយកត់ត្រានូវអ្វីដែលលោកលីហៃបានធ្វើបន្ទាប់ពីការចាកចេញទៅជាមួយនឹងគ្រួសាររបស់លោកដើម្បីធ្វើដំណើរចូលទីរហោស្ថាន ។ តើអ្នកនឹងប្រើប្រាស់ពាក្យអ្វី ដើម្បីពិពណ៌នាពីបុគ្គលិកលក្ខណៈសំខាន់ដែលលោកលីហៃបានបង្ហាញ ?
នីហ្វៃទី1 2:8–14
លេមិន និង លេមយួល រអ៊ូរទាំទាស់ជាមួយនឹងឪពុករបស់ពួកគេ
កូនប្រុសទាំងបួននាក់របស់លោកលីហៃបានធ្វើដំណើរទៅជាមួយគ្នា ប៉ុន្តែពួកគេបានប្រព្រឹត្តឥរិយាបទខុសៗគ្នាចំពោះព្រះបញ្ញតិទាំងឡាយរបស់ព្រះ ។
សូមសិក្សានីហ្វៃទី1 2:8–10 ហើយសូមគូសរង្វង់ជុំវិញពាក្យ ទន្លេនិងច្រកភ្នំ ។
-
នៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរគំនិតទាំងឡាយរបស់អ្នកពីសំណួរខាងក្រោមនេះ ៖ តើអ្នកគិតថា លោកលីហៃបានព្យាយាមបង្រៀនអ្វីដល់លេមិន និង លេមយួល ដោយបានប្រៀបធៀបពួកគេទៅនឹងទន្លេ និង ច្រកភ្នំ ?
សូមអាននីហ្វៃទី 1 2:11–14 ហើយស្វែងរកមូលហេតុទាំងឡាយដែលលេមិន និង លេមយួល បានរអ៊ូរទាំទាស់នឹងឪពុករបស់ខ្លួន ។ (កំណត់សំគាល់ ពាក្យថា ភាពរឹងទទឹង មានន័យថា ចិត្តរឹងរូស និង ឆ្មើងឆ្មៃ )។
មូលហេតុមួយដែលសាតាំងជំរុញឲ្យមានការរអ៊ូររទាំ គឺដើម្បីរារាំងមនុស្សពីការធ្វើតាមពួកព្យាការីដែលនៅរស់ ជាអ្នកដឹកនាំដ៏បំផុសគំនិត និង ជាឪពុកម្តាយ ។ អែលឌើរ អេច. រូស វ៉កមែន នៃពួកចិតសិបនាក់បានមានប្រសាសន៍អំពីពាក្យ ការរអ៊ូររទាំ ។ លោកបានមានប្រសាសន៍ថា « ការរអ៊ូររទាំមានបីដំណាក់កាល ដំណាក់កាលនិមួយៗនាំទៅរកដំណាក់កាលបន្ទាប់ដែលជាផ្លូវចុះទៅរកការមិនគោរពប្រតិបត្តិ » ។
ដំណាក់កាលទីមួយ ពេលដែលមនុស្សរអ៊ូររទាំ នោះពួកគេប្រើប្រាស់ការវិនិច្ឆ័យផ្ទាល់ខ្លួនគេ ហើយចាប់ផ្តើមសួរសំណួរអំពីការបង្រៀនទាំងឡាយនៃពួកព្យាការីដែលនៅរស់ ។ « ពួកគេ [ ចោទសួរ ] ពីគំនិតខ្លួនឯងជាមុន ហើយបន្ទាប់មក ពួកគេ [ បណ្តុះ ] សំណួរទាំងឡាយនៅក្នុងចិត្តអ្នកដទៃ » ។
ដំណាក់កាលទីពីរ អ្នកទាំងឡាណាដែលរអ៊ូររទាំ ចាប់ផ្តើម « ដោះសារ និង មានលេសផ្ទាល់ខ្លួនចំពោះទង្វើរដែលពួកគេត្រូវ [ បាន ] ណែនាំឲ្យធ្វើ ។ …ដូច្នេះ ពួកគេ [ យក ] លេសមួយពីការមិនប្រព្រឹត្តតាម ។
« ដំណាក់កាលទីបី ដែលជៀសពុំរួចបានមកតាមក្រោយគឺ ៖ ភាពខ្ជិលច្រអូសក្នុងការធ្វើតាមព្រះបញ្ញត្តិរបស់លោកចៅហ្វាយ [ សូមមើល គ. និង ស.58:29 ] ។ …
« ខ្ញុំសុំអ្នកឲ្យផ្តោតយកចិត្តទុកដាក់លើបទបញ្ញត្តិពីពួកព្យាការីដែលរស់នៅ ដែលខ្វល់ខ្វាយចំពោះអ្នកខ្លាំងបំផុត ។ តើអ្នកមានឆ្ងល់ទេថា តើបទបញ្ញត្តិនេះសមស្របឲ្យអ្នកអនុវត្តតាមដែរឬទេ ? តើអ្នករកឃើញហេតុផលដោះសារដែលធ្វើឲ្យអ្នកមិនអាចធ្វើតាមបទបញ្ញត្តិហើយឬនៅ ? តើអ្នកមានអារម្មណ៍មិនស្រណុក ឬ ខឹងនឹងអ្នកទាំងឡាយណាដែលរំឮកដល់អ្នកពីបទបញ្ញត្តិដែរទេ ? តើអ្នកជាមនុស្សខ្ជិលច្រអូសក្នុងការកាន់តាមបទបញ្ញត្តិដែរឬទេ ? ចូរប្រុងប្រយ័ត្នពីការបោកបញ្ឆោតរបស់ខ្មាំងសត្រូវ ។ ចូរប្រុងប្រយ័ត្នចំពោះការរអ៊ូររទាំ » ( « ចូរប្រុងប្រយ័ត្នចំពោះការរអ៊ូររទាំ » Ensign ខែ វិច្ឆិកា ឆ្នាំ 2001 ទំព័រ 85–86 ) ។
-
សូមឆ្លើយសំណួរនេះនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកអាចធ្វើអ្វីខ្លះ បើអ្នកយល់ឃើញថា អ្នកកំពុងរអ៊ូររទាំ ( កំពុងត្អូញត្អែ ) អំពីបទបញ្ញត្តិមួយ ឬ បទដ្ឋានសាសនាចក្រនោះ ?
នីហ្វៃទី1 2:16–19
នីហ្វៃស្វែងរកការយល់ដឹងពីព្រះអម្ចាស់
សូមអាននីហ្វែទី1 2:16, 19 ហើយគូសចំណាំនូវអ្វីដែលនីហ្វៃបានមានបំណង និង អ្វីដែលលោកបានធ្វើ ដែលនាំឲ្យលោកទទួលស្គាល់ព្រះបញ្ញត្តិទាំងឡាយរបស់ព្រះអម្ចាស់ដែលប្រទានឲ្យតាមរយៈឪពុករបស់លោក ។ បើទោះជានីហ្វៃពុំបានរអ៊ូររទាំក៏ដោយ សូមពិចារណាពីអ្វីដែលលោកបានសរសេរនៅក្នុងនីហ្វៃទី1 2:16 អំពី ព្រះអម្ចាស់ដែលបានបន្ទន់ចិត្តរបស់លោក ហើយបានស្នើលោកជាប្រយោលឲ្យចាកចេញពីក្រុងយេរូសាឡិម ហើយនោះគឺជារឿងពិបាកធ្វើសម្រាប់លោកផងដែរ ។
-
នៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក សូមចែកចាយនូវគំរូរបស់អ្នកមួយដែលដូចគ្នានឹងគំរូនីហ្វៃ គឺអំពីគ្រាមួយដែលអ្នកបានអំពាវនាវរកព្រះវរបិតាសួគ៌ ហើយបានទទួលបទពិសោធន៏នៃការបន្ទន់ចិត្តតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ឬ នៅគ្រាមួយដែលអ្នកបានទទួលនូវទីបន្ទាល់ចំពោះរឿងអ្វីមួយដែលព្រះអម្ចាស់បានមានបន្ទូលដល់អ្នក ។
បទពិសោធន៍របស់នីហ្វៃបង្រៀនដល់យើងនូវគោលការណ៍ដំណឹងល្អដូចខាងក្រោមនេះ ៖ នៅពេលយើងអំពាវនាវរកព្រះ នោះទ្រង់អាចបន្ទន់ចិត្តយើងឲ្យជឿដល់ព្រះបន្ទូលទាំងឡាយរបស់ទ្រង់ ។
សូមអាន នីហ្វៃទី 1 2:17–18 ហើយសូមស្វែងរកបំណងប្រាថ្នា និងសកម្មភាពទាំងឡាយរបស់នីហ្វៃបន្ទាប់ពីព្រះអម្ចាស់បានបន្ទន់ចិត្តគាត់ ។ សូមគិតអំពីអ្វីដែលអ្នកអាចរៀនពីប្រតិកម្មផ្សេងៗទៀតរបស់នីហ្វៃ សាំ លេមិន និង លេមយួល ។ ខាងក្រោមនេះគឺជាសេចក្តីពិតមួយ ៖ នៅពេលយើងចែកចាយអ្វីមួយដែលយើងបានរៀនតាមរយៈព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកដទៃទៀតអាចជឿពាក្យសម្តីទាំងឡាយរបស់យើង ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នកអំពីគ្រាមួយដែលពាក្យសម្តីរបស់នរណាម្នាក់បានធ្វើឲ្យអ្នកជឿព្រះបន្ទូលរបស់ព្រះ ក៏ដូចជាសាំបានជឿដល់នីហ្វៃដែរ ។
សូមគិតអំពីនរណាម្នាក់ដែលអ្នកអាចចែកចាយរឿងអ្វីមួយដែលព្រះវិញ្ញាណបានជួយអ្នកឲ្យរៀន ហើយ ទទួលអារម្មណ៍ថាជាការពិត ។ វាអាចជាមិត្តភក្តិ សមាជិកគ្រួសាររបស់អ្នក អ្នកដឹកនាំសាសនាចក្រ ឬ គ្រូណាម្នាក់ ។ សូមឆ្លៀតឱកាសនៅសប្តាហ៍នេះដើម្បីនិយាយជាមួយមនុស្សម្នាក់នោះ ហើយចែកចាយនូវទីបន្ទាល់នោះ ។
នីហ្វៃទី1 2:20–24
ព្រះអម្ចាស់បានបញ្ជាក់នីហ្វៃថា គាត់នឹងរីកចម្រើនឡើងតាមរយៈការគោរពប្រតិបត្តិរបស់គាត់
សូមស្វែងរក ហើយគូសចំណាំនូវការសន្យាដែលមាននៅក្នុង នីហ្វៃទី 1 2:20–21 ។ ការសន្យានេះបាននិយាយចំនួន 34 ដងនៅក្នុងព្រះគម្ពីរមរមន ។ នៅពេលអ្នកសិក្សាព្រះគម្ពីរមរមន នោះអ្នកនឹងឃើញនូវរបៀបដែលព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅកាន់នីហ្វៃ ត្រូវបានបំពេញទាំងស្រុង ។ សូមបញ្ចប់មេរៀននៅថ្ងៃនេះដោយអាននៅក្នុង នីហ្វៃទី 1 2:22–24។
ព្រះប្រទានពរដល់អ្នកទាំងឡាយណាដែលគោរពប្រតិបត្តិតាម និង ស្មោះត្រង់ ។ សូមពិចារណានូវកម្រិតនៃការគោរពប្រតិបត្តិរបស់អ្នកក្នុងការ កាន់តាមព្រះបញ្ញាត្តិទាំងឡាយរបស់ព្រះ ។ តើមានរបៀបណាមួយដែលអ្នកអាន កាន់តែគោរពប្រតិបត្តិតាមថែមទៀតនោះ ? សូមធ្វើតាមការបំផុសគំនិតទាំង ឡាយដែលអ្នកទទួលបានពីព្រះវិញ្ញាណ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី1 2 និង បញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សម្រាប់សំណួរ គំនិត និងការយល់ដឹងបន្ថែមទៀត ខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖