មេរៀនទី 3 ៖ ថ្ងៃទី 3
នីហ្វៃទី1 10–11
សេចក្តីផ្តើម
ការបង្រៀនរបស់លីហៃអំពីដើមឈើជីវិត និង ការព្យាកររបស់លោកអំពីពួកសាសន៍យូដា បានជំរុញឲ្យបំណងប្រាថ្នារបស់នីហ្វៃចង់ឃើញ ចង់ឮ និង ចង់ដឹងដោយខ្លួនឯងផ្ទាល់អំពីរឿងទាំងឡាយដែលឪពុកលោកបានឃើញ ។ ខណៈដែលនីហ្វៃកំពុងតែពិចារណាអំពីរឿងទាំងឡាយដែលឪពុកលោកបានរៀបរាប់ប្រាប់ នោះលោកត្រូវបាន « នាំទៅដោយព្រះវិញ្ញាណនៃព្រះអម្ចាស់ » ( នីហ្វៃទី1 11:1 ) ហើយបានឃើញដើមឈើជីវិតដោយខ្លួនលោកផ្ទាល់ ។ នៅក្នុងការនិមិត្តនោះ លោកក៏បានឃើញជីវិតរស់នៅ ការងារបម្រើ និង ការសុគតរបស់ព្រះអង្គសង្គ្រោះផងដែរ—ដែលនីហ្វៃធ្វើទីបន្ទាល់អំពីសេចក្តីស្រលាញ់របស់ព្រះអង្គសង្គ្រោះមានសម្រាប់យើង ។ នៅពេលអ្នកសិក្សាមេរៀននេះ សូមពិចារណាពីអ្វីដែលអ្នកបានរៀនពីគំរូរបស់នីហ្វៃអំពីការស្វែងរកវិវរណៈផ្ទាល់ខ្លួន ។ ព្រមទាំងនឹកគិតអំពីជីវិតរស់នៅ បេសកកម្មរបស់ព្រះអង្គសង្គ្រោះ និង សេចក្តីស្រលាញ់ដ៏ច្រើនមហិមារបស់ទ្រង់ដែលមានដល់យើងទាំងអស់គ្នា ។
នីហ្វៃទី1 10:1–16
លីហៃព្យាករ
បន្ទាប់ពីការរៀបរាប់ពីការនិមិត្តរបស់លោកអំពីដើមឈើជីវិត នោះលោកលីហៃបានព្យាករអំពីហេតុការណ៍ទាំងឡាយនៅអនាគត ។ ការព្យាករណ៍របស់លោកត្រូវបានកត់ត្រាទុកនៅក្នុង នីហ្វៃទី1 10:1–16 ។ សូមអាននីហ្វៃទី1 10:4–6 ហើយសូមគូសចំណាំចម្លើយទាំងឡាយពីសំណួរទាំងនេះនៅក្នុងព្រះគម្ពីររបស់អ្នក ៖
-
តើលីហៃបានព្យាករថា ព្រះមែស៊ី—ជាព្រះអង្គសង្គ្រោះ—នឹងយាងមកនៅពេលណា ?
-
តើលីហៃបាននិយាយថាអ្វីនឹងកើតឡើងចំពោះអ្នកទាំងឡាយណាដែលមិន « ពឹងផ្អែកលើព្រះដ៏ប្រោសលោះ ? »
នីហ្វៃទី1 10:17–11:6
នីហ្វៃព្យាយាមដើម្បីឃើញ ឮ និង ដឹងពីសេចក្តីពិតដូចនឹងឪពុករបស់លោកដែរ
សូមពិចារណាអំពីស្ថានភាពខាងក្រោមនេះ ហើយសូមគិតអំពីរបៀបដែលមនុស្សមានស្ថានភាពដូចគ្នា អាចមានបទពិសោធន៍ខុសៗគ្នា ដូចតទៅនេះ ៖ មានយុវវ័យបីនាក់បានចូលរួមការប្រជុំសាសនាចក្រដូចគ្នា ។ យុវវ័យម្នាក់ក្នុងចំណោមពួកគេបានគិតថា ការប្រជុំនេះគឺគួរឲ្យធុញទ្រាន់ ហើយខ្ជះខ្ជាយពេលវេលា ។ យុវវ័យម្នាក់ទៀតបានគិតថា ការប្រជុំនេះគឺល្អប្រសើរ ប៉ុន្តែមិនបានរៀនអ្វីពីការប្រជុំនេះទេ ។ យុវវ័យទីបីបានទទួលអាម្មណ៍បំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ហើយបានទទួលបានការបំផុសគំនិត និង ការដឹកនាំផ្ទាល់ខ្លួនលើសពីអ្វីដែលត្រូវបានបង្រៀននៅក្នុងការប្រជុំទៅទៀត ។
នៅពេលអ្នកសិក្សាបទពិសោធន៍របស់នីហ្វៃនៅក្នុង នីហ្វៃទី1 10:17–11:6 សូមអង្កេតមើលនូវអ្វីដែលនីហ្វៃបានធ្វើ ដែលបណ្តាលឲ្យគាត់ទទួលវិវរណៈបន្ថែមលើសពីអ្វីដែលឪពុករបស់គាត់បានបង្រៀន ។
សូមអាន នីហ្វៃទី1 10:17 ហើយសូមគូសបន្ទាត់ពីក្រោមអ្វីដែលនីហ្វៃបានមានអារម្មណ៍ក្រោយពីការឮអំពីការនិមិត្តរបស់លោកលីហៃ ។
សូមអាន នីហ្វៃទី1 10:19 ហើយសូមស្វែងរកឃ្លាមួយដែលបង្រៀនអំពីរបៀបដែលអាថ៌កំបាំងនៃព្រះត្រូវបានបើកសម្តែងដល់យើង ។
យោងទៅតាមនីហ្វៃទី1 10:19 អ្នកទាំងឡាយណាដែលស្វែងរកដោយឧស្សាហ៍ព្យាយាម នឹងទទួលបាននូវអាថ៌កំបាំងទាំងឡាយនៃព្រះ ។ សូមសរសេរពីអ្វីដែលអ្នកគិតថា វាមានន័យថាស្វែងរកដោយឧស្សាហ៍ព្យាយាម ។
នីហ្វៃបានបង្ហាញនូវគំរូដ៏ឥតខ្ចោះមួយអំពីការស្វែងរកវិវរណៈដោយឧស្សាហ៍ព្យាយាម ។ សូមអាន នីហ្វៃទី1 10:17–19 និង 11:1–6 សូមជ្រើសរើសប្រធានបទចំនួនពីរក្នុងចំណោមប្រធានបទទាំងបីនេះដែលមាននៅក្នុងតារាងខាងក្រោម—បំណងប្រាថ្នា ជំនឿ និង ការពិចារណា ហើយសរសេរចម្លើយទាំងឡាយរបស់អ្នកឲ្យត្រូវនឹងសំណួរទាំងឡាយនៅក្នុងតារាងនេះ ។
បំណងប្រាថ្នា |
តើនីហ្វៃបានបំណងប្រាថ្នាចង់ដឹងអ្វី ? តើអ្នកគិតថា បំណងប្រាថ្នារបស់យើងមានឥទ្ធិពលលើសមត្ថភាពរបស់យើងដើម្បីទទួលបានវិវរណៈតាមរបៀបណា ? តើអ្នកមានបំណងប្រាថ្នាចង់ដឹងអ្វីពីព្រះអម្ចាស់ ? |
ជំនឿ |
តើមានរឿងអ្វីខ្លះដែលនីហ្វៃបានជឿថា ត្រូវបាននាំទៅកាន់វិវរណៈ ? តើអ្នកគិតថា ជំនឿទាំងនេះអាចមានឥទ្ធិពលលើសមត្ថភាពរបស់យើងដើម្បីទទួលវិវរណៈនៅសព្វថ្ងៃនេះតាមរបៀបណា ? តើអ្នកជឿលើអ្វីដែលព្រះអម្ចាស់បានបើកសម្តែងដល់អ្នកដែរឬទេ ? |
ការពិចារណា ( ការគិតយ៉ាងជ្រៅជ្រះអំពីអ្វីមួយ ដោយបើកចំហរគំនិត និង ចិត្តរបស់អ្នកសម្រាប់ព្រះវិញ្ញាណបរិសុទ្ធ ) |
តើមានអ្វីបានកើតឡើងនៅពេលដែលនីហ្វៃបានអង្គុយពិចារណា ? ( សូមមើល នីហ្វៃទី 1 11:1 ) ។ តើអ្នកគិតថា ការពិចារណាអាចនាំទៅកាន់វិវរណៈតាមរបៀបណា ? តើអ្នកអាចធ្វើអ្វីខ្លះដើម្បីពិចារណាបន្ថែមទៀតអំពីដំណឹងល្អនៅក្នុងជីវិតរបស់អ្នក ? |
សូមសង្ខេបគោលការណ៍នៃដំណឹងល្អមួយ ដែលអ្នកបានរៀនពីបទពិសោធន៍របស់នីហ្វៃដោយបំពេញប្រយោគខាងក្រោមនេះ ៖ ព្រះបើកសម្តែងសេចក្តីពិតដល់អស់អ្នកណាដែល .
-
សូមសរសេរចម្លើយចំពោះសំណួរមួយ ឬ ទាំងពីរនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើនៅពេលណាដែលអ្នកបានដឹងថា ព្រះបានឆ្លើយតបដល់ការអធិស្ឋានទាំងឡាយ ឬ បានទទួលអារម្មណ៍នៃការបំផុសគំនិតទាំងឡាយពីព្រះវិញ្ញាណខណៈដែលអ្នកព្យាយាមរកជំនួយ ឬ ការដឹកនាំពីព្រះអម្ចាស់ ?
-
តើមានវិធីអ្វីដែលអ្នកអាចស្វែងរកការបំផុសគំនិតបន្ថែមទៀតពីព្រះអម្ចាស់ដោយឧស្សាហ៍ព្យាយាម ?
-
នីហ្វៃទី1 11:7–36
នីហ្វៃបានធ្វើទីបន្ទាល់អំពីការយាងចុះមកនៃព្រះយេស៊ូវគ្រីស្ទ
នីហ្វៃបានបន្តពិចារណា និង ស្វែងរកការដឹកនាំដ៏ទេវភាពនៅអំឡុងពេលការនិមិត្តរបស់គាត់ ។ សូមអានសេចក្តីថ្លែងខាងក្រោមនេះរបស់ប្រធាន ប៊យដ៍ ឃេ. ផាកកឺ ជាប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីនាក់ ហើយសូមស្វែងរកអ្វីដែលលោកបានមានប្រសាសន៍ គឺជាការផ្តោតដ៏ចំបងអំពីការនិមិត្តរបស់នីហ្វៃ ៖
« ការព្យាករណ៍ទាំងឡាយអំពីព្រះមែស៊ី បើកបង្ហាញនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ។ ប៉ុន្តែព្រះគម្ពីរមរមនកត់ត្រានូវការនិមិត្តមួយស្តីអំពីហេតុការណ៍នោះដែលមិនដូចគ្នាទៅនឹងហេតុការណ៍នៅក្នុងព្រះគម្ពីរសញ្ញាចាស់នោះឡើយ ។
« ក្រោយពីប្រជាជនរបស់លីហៃ [ បានចាកចេញពីក្រុងយេរូសាឡិម ] នោះលីហៃបានមានការនិមិត្តមួយអំពីដើមឈើជីវិត ។ នីហ្វៃជាកូនប្រុសរបស់លោកបានអធិស្ឋានដើម្បីចង់ដឹងអំពីអត្ថន័យនៃការនិមិត្តនោះ ។ ជាការឆ្លើយតប លោកត្រូវបានប្រទានឲ្យនូវការនិមិត្តដ៏អស្ចារ្យមួយអំពីព្រះគ្រីស្ទ ។
« នៅក្នុងការនិមិត្តនោះ លោកបានឃើញ ៖«
-
នាងព្រហ្មចារីកំពុងតែបីព្រះឱរសក្នុងដៃរបស់នាង
-
មានមនុស្សម្នាក់ដែលគួរតែរៀបចំផ្លូវថ្វាយ—គឺលោកយ៉ូហាន-បាទីស្ទ
-
ការងារបម្រើរបស់ព្រះរាជបុត្រានៃព្រះ
-
មនុស្សដប់ពីរនាក់ទៀតដើរតាមព្រះមែស៊ី
-
ផ្ទៃមេឃបានបើកចំហរ ហើយពួកទេវតាធ្វើការងារបម្រើដល់ពួកគេ
-
មនុស្សទាំងហ្វូងត្រូវបានប្រសិទ្ធិពរ និង ប្រោសឲ្យជា
-
ការឆ្កាងនៃព្រះគ្រីស្ទ
-
ប្រាជ្ញា និង សេចក្តីឆ្មើងឆ្មៃនៃមនុស្សលោកប្រឆាំងនឹងកិច្ចការរបស់ទ្រង់ ។ ( សូមមើលនីហ្វៃទី1 ។ 11:14–36 ) ។
« ការនិមិត្តនោះគឺជាសារលិខិតដ៏មានសារៈសំខាន់បំផុតចំពោះព្រះគម្ពីរមរមន » ( « The Things of My Soul » Ensignខែ ឧសភា ឆ្នាំ 1986 ទំព័រ 60–61 ) ។
ទេវតាមួយអង្គបានជួយនីហ្វៃឲ្យរកឃើញការបកស្រាយអំពីដើមឈើជិវិត ហើយសួរថា « តើអ្នកយល់ន័យពីដើមឈើដែលឪពុកអ្នកបានឃើញនោះទេ ? » ( នីហ្វៃទី 1 11:21 ) ។ សូមពិនិត្យមើលអត្ថន័យអំពីដើមឈើឡើងវិញដោយគូសបន្ទាត់ពីក្រោមឃ្លាទាំងឡាយដែលនីហ្វៃ និង ទេវតាបានប្រើដើម្បីពិពណ៌នាអំពីដើមឈើនោះនៅក្នុង នីហ្វៃទី 1 11:21–24 ។
សូមអាន នីហ្វៃទី1 11:16 ហើយសូមគូសបន្ទាត់ពីក្រោមសំណួរដំបូងគេដែលទេវតាបានសួរដល់នីហ្វៃ ។ អ្នកអាចចង់សរសេរនៅក្នុងព្រះគម្ពីររបស់អ្នកថា ពាក្យការយាងចុះមកមានន័យថា សុខចិត្តយាងចុះមកពីទីដ៏ខ្ពង់ខ្ពស់ដើម្បីជួយ ឬ ប្រទានពរដល់អ្នកដទៃ ។
នៅក្នុង នីហ្វៃទី 1 11:17 សូមស្វែងរកចម្លើយរបស់នីហ្វៃពីសំណួររបស់ទេវតា ។ តើនីហ្វៃបានដឹងពីអ្វី ? តើនីហ្វៃមិនបានដឹងអ្វី ? បន្ទាប់ពីការឆ្លើយតបរបស់នីហ្វៃ នោះទេវតាបានបង្ហាញដល់លោកថា ការយាងចុះមករបស់ព្រះយេស៊ូវគ្រីស្ទបង្ហាញអំពីសេចក្តីស្រលាញ់របស់ព្រះចំពោះយើង ។
បន្ទាប់ពីអ្នកបានរៀនពីអត្ថន័យនៃពាក្យការយាងចុះមកសូមអាននីហ្វៃទី 1 11:13–21 ហើយសូមអានការដកស្រង់ខាងក្រោមពីអែលឌើរ ជើរ៉ល អិន ឡាន ដែលបានបម្រើជាសមាជិកនៃពួកចិតសិបនាក់ ហើយគាត់បានពិចារណាអំពីរបៀបដែលការប្រសូតរបស់ព្រះអង្គសង្គ្រោះបង្ហាញនូវការយាងចុះមករបស់ទ្រង់ និង សេចក្តីស្រលាញ់របស់ទ្រង់ចំពោះយើង ៖ « នេះគឺជាព្រះយេស៊ូវគ្រីស្ទ—ជាសមាជិកមួយអង្គនៃក្រុមព្រះ ជាកូនច្បងរបស់ព្រះវរបិតា ជាព្រះដ៏បង្កបង្កើត ជាព្រះយេហូវ៉ានៃព្រះគម្ពីរសញ្ញាចាស់—ឥឡូវនេះចាកចេញពីស្ថានដ៏ទេវភាព និង បរិសុទ្ធ ដោយលះបង់នូវសិរីល្អ និង ឫទ្ធានុភាពទាំងអស់របស់ទ្រង់ ហើយយាងមកគង់នៅក្នុងរាងកាយជាព្រះឱរសដ៏តូចមួយ ព្រមទាំងគ្មានជំនួយអ្វីសោះ ក្រៅតែពីពឹងផ្អែកទាំងស្រុងទៅលើម្តាយ និង ឪពុករបស់ទ្រង់នៅលើផែនដីនេះតែប៉ុណ្ណោះ ។ ដោយហេតុនេះហើយ នោះទ្រង់មិនគួរយាងមកកាន់វិមានលោកិយដ៏ប្រណិត ហើយត្រូវរុំនឹងសំពត់ពណ៌ស្វាយ [ ជាទីសំគាល់នៃពូជស្តេច ] ព្រមទាំងសម្បូណ៌ទៅដោយគ្រឿងអលង្គការនោះទេ ប៉ុន្តែបែរជាយាងមកគង់នៅក្នុងក្រោលចៀមដ៏រាបទាបដែលវាគួរឲ្យចម្លែកចិត្តណាស់ ។ ដោយមានចម្ងល់បន្តិចថា ទេវតាគួរតែមានបន្ទូលទៅកាន់នីហ្វៃថា ‹ មើលចុះ ការយាងចុះមកនៃព្រះ ! ›» ( Jesus Christ, Key to the Plan of Salvation[ ឆ្នាំ 1991 ] ទំព័រ 16 ) ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកនូវអ្វីដែលចង្អុលប្រាប់ន័យដល់អ្នកថា ព្រះយេស៊ូវគ្រីស្ទ « នឹងយាងចុះមកពីបល្ល័ង្កឧត្តមរបស់ទ្រង់ » ( « ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យ » ទំនុកតម្កើង ទំព័រ 115 ) និង តួនាទីដ៏រុងរឿងរបស់ទ្រង់នៅជីវិតមុនកើតលើផែនដីនេះ ដើម្បីប្រសូតមកជាព្រះឱរសដ៏តូចមួយ ។
សូមអាននីហ្វៃទី 1 11:27ហើយសូមពិចារណាអំពីរបៀបដែលបុណ្យជ្រមុជទឹករបស់ព្រះអង្គសង្គ្រោះក៏បង្ហាញការយាងចុះមករបស់ទ្រង់ផងដែរ ។ បើទោះជាទ្រង់គ្មានអំពើបាបសោះ ក៏ទ្រង់នៅតែទទួលបុណ្យជ្រមុជទឹកដើម្បីបង្ហាញការគោរពប្រតិបត្តិចំពោះក្រិតវិន័យទាំងឡាយរបស់ព្រះ ។ វាក៏បង្ហាញអំពីសេចក្តីស្រលាញ់របស់ទ្រង់ចំពោះយើងដោយប្រទាននូវគំរូមួយដើម្បីឲ្យយើងធ្វើតាមផងដែរ ។
សូមអាននីហ្វៃទី1 11:28–31 ហើយសូមគិតអំពីរបៀបដែលជីវិតរបស់ព្រះយេស៊ូវគ្រីស្ទក្នុងការបម្រើដល់អ្នកដទៃបង្ហាញអំពីការយាងចុះមករបស់ទ្រង់ ។ សូមកត់សម្គាល់ថា តើនរណាដែលព្រះអង្គសង្គ្រោះបម្រើ និង ប្រោសឲ្យជានោះ ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក នូវអ្វីដែលអ្នកអាននៅក្នុងនីហ្វៃទី1 11:28–31បង្ហាញសេចក្តីស្រលាញ់របស់ព្រះអង្គសង្គ្រោះចំពោះរាស្ត្ររបស់ទ្រង់យ៉ាងដូចម្តេច ។ តើអ្នកមានអារម្មណ៍បែបណា ដែលការណ៍នេះទាក់ទងទៅនឹងសេចក្តីស្រលាញ់របស់ទ្រង់ចំពោះអ្នកនៅសព្វថ្ងៃនេះ ?
សូមអាន នីហ្វៃទី1 11:32–33 ហើយពិចារណាអំពីរបៀបដែលការឆ្កាងរបស់ព្រះយេស៊ូវគ្រីស្ទបង្ហាញអំពីការយាងចុះមករបស់ទ្រង់ ។ សូមអានសេចក្តីថ្លែងមួយរបស់អែលឌើរ អើល ស៊ី ធីងហ្គី ដែលបានបម្រើជាសមាជិកនៃគណៈប្រធាននៃពួកចិតសិបនាក់ ហើយសូមរកមើលនូវអ្វីៗដែលគាត់បានមានប្រសាសន៍អំពីរបៀបដែលដង្វាយធួនរបស់ព្រះអង្គសង្គ្រោះបង្ហាញនូវសេចក្តីស្រលាញ់របស់ទ្រង់ និង ប្រទានពរដល់អ្នក ៖
« ក្នុងនាមជាមនុស្សម្នាក់ដែលត្រូវបានជ្រើសរើសឲ្យបំពេញសេចក្តីតម្រូវការនៃដង្វាយធួន នោះព្រះយេស៊ូវគ្រីស្ទបានស្ម័គ្រចិត្តយាងចុះមក…ដើម្បីត្រូវទទួលរងការល្បួង ការសាកល្បង ការសើចចំអកដាក់ ការកាត់ទោស និង ការឆ្កាង បើទោះជាទ្រង់មានអំណាច និង សិទ្ធិអំណាចដើម្បីរារាំងឧបសគ្គទាំងអស់នោះក៏ដោយ ។
« ប្រធាន យ៉ូហាន ថេលើរ បានពិពណ៌នាអំពីការយាងចុះមករបស់ព្រះគ្រីស្ទជាពាក្យដ៏ផ្អែមល្ហែមទាំងនេះ ៖ ‹ វាគឺជាការចាំបាច់លើសពីនេះទៅទៀតថា ទ្រង់គួរតែយាងចុះក្រោមគ្រប់អ្វីៗទាំងអស់ ដើម្បីទ្រង់អាចលើកមនុស្សដទៃឡើងលើគ្រប់ការណ៍ទាំងអស់ …›[ The Mediation and Atonement ( ឆ្នាំ 1882 ) ទំព័រ 144 ] ។
« ការរងទុក្ខរបស់ព្រះគ្រីស្ទនៅក្នុងច្បារគែតសេម៉ានី គឺជាគំរូដ៏ឥតខ្ចោះនៃការតម្កើងគ្រប់លក្ខណៈដ៏ខ្ពស់បំផុតនៃព្រះគ្រីស្ទ ដែលជាសេចក្តីស្រលាញ់ដ៏ឥតខ្ចោះរបស់ទ្រង់ ។ នេះហើយដែលយើងមើលឃើញថា ទ្រង់ពិតជាបានស្រលាញ់យើងទាំងអស់គ្នា ។ …
« ដង្វាយធួនគឺជាព្រឹត្តិការណ៍មួយដែលធ្វើឲ្យយើងអាចផ្សះផ្សារជាមួយនឹងព្រះបាន ។ …រីឯគ្រួសារវិញ វាមានន័យថា រួបរួមជាមួយគ្នាទៅវិញទៅមក និង ជាមួយព្រះ ព្រមទាំងជាមួយព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។ វាមានន័យថា ភាពសោកសៅដោយសារការបែកគ្នានឹងក្លាយទៅជាមានសុភមង្គលដោយសារការរួបរួមគ្នាឡើងវិញ » ( « The Great Plan of Happiness » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2006 ទំព័រ 73–74 ) ។
ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទគឺជាផ្នែកដ៏ចាំបាច់បំផុតមួយនៃការយាងចុះមក និង ការបើកបង្ហាញដ៏អស្ចារ្យនៃសេចក្តីស្រលាញ់របស់ទ្រង់ចំពោះយើង ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកថា តើការដឹងអំពីការយាងចុះមករបស់ព្រះយេស៊ូវគ្រីស្ទមានឥទ្ធិពលលើអារម្មណ៍ និង សេចក្តីស្រលាញ់របស់អ្នកចំពោះទ្រង់យ៉ាងដូចម្តេច ។
សូមបញ្ចប់ការសិក្សានៅថ្ងៃនេះដោយការច្រៀង ការស្តាប់ ឬ ការអានពាក្យទាំងឡាយពីទំនុកតម្កើង « ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យ » ( ទំនុកតម្កើង ទំព័រ 115 ) ។ សូមកត់សម្គាល់ឃ្លាទាំងឡាយដែលធ្វើទីបន្ទាល់អំពីអ្វីដែលអ្នកបានសិក្សានៅថ្ងៃនេះ ។ សូមពិចារណាថា តើហេតុអ្វីពរជ័យនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទគឺជា « ការប្រាថ្នាដ៏លើសលុប » និង « សេចក្តីរីករាយបំផុត » ចំពោះអ្នក ( សូមមើល នីហ្វៃទី1 11:22–23 ) ។ ដូចជានីហ្វៃដែរ នៅពេលអ្នកស្វែងរកការយល់ដឹងតាមរយៈវិវរណៈដោយឧស្សាហ៍ព្យាយាម នោះអ្នកនឹងកាន់តែខិតទៅជិតព្រះអម្ចាស់ ហើយទទួលអារម្មណ៍ពីអំណាចនៃការបូជារបស់ទ្រង់នៅក្នុងជីវិត របស់អ្នក និង សេចក្តីអំណរដែលវានាំមក ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី 1 10–11 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សម្រាប់សំណួរ គំនិត និង ការយល់ដឹងបន្ថែមទៀត ខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖