មេរៀនទី 24 ៖ ថ្ងៃទី 3
នីហ្វៃទី3 6–10
សេចក្តីផ្ដើម
ក្រោយពីការរំដោះដែលប្រកបដោយអព្ភូតហេតុរបស់ពួកគេ ចេញពីពួកចោរកាឌីអានតុន ពួកសាសន៍នីហ្វៃ និង ពួកសាសន៍លេមិន បានរីករាយនឹងសេចក្ដីសុខសាន្តអស់រយៈពេលបីឆ្នាំ ។ បន្ទាប់មក ភាពឆ្មើងឆ្មៃ ការបែងចែកវណ្ណៈ និង ការធ្វើទុក្ខបុកម្នេញ បានកើតឡើង ហើយបាននាំទៅកាន់ភាពទុច្ចរិតយ៉ាងធំ និង នៅទីបំផុតបានផ្ដួលរំលំរដ្ឋាភិបាលសាសន៍នីហ្វៃ ។ ទីសម្គាល់ទាំងឡាយអំពីការសុគតរបស់ព្រះយេស៊ូគ្រីស្ទនៅយេរ៉ូសាឡិម រួមមានទាំងការបំផ្លិចបំផ្លាញដ៏ធំ ដែលបានបំផ្លាញទីក្រុងសាសន៍នីហ្វៃជាច្រើន ដែលសម្លាប់ពួកបណ្ដាជនដែលទុច្ចរិត ។ ភាពងងឹតបានគ្របដណ្ដប់ដែនដីអស់បីថ្ងៃ ។ នៅក្នុងភាពងងឹតនោះ សំឡេងនៃព្រះអង្គសង្គ្រោះបានអញ្ជើញមនុស្សឲ្យវិលត្រឡប់មកទ្រង់វិញ ។ នៅពេលដែលភាពងងឹតបានរសាត់ទៅ នោះការទួញសោករបស់ប្រជាជានបានប្រែទៅជាសេចក្ដីអំណរ និង ការសរសើរតម្កើងដល់ព្រះយេស៊ូវគ្រីស្ទ ។
នីហ្វៃទី3 6–7
ពួកសាសន៍នីហ្វៃក្លាយជាមានអំនួត សាសនាចក្រត្រូវបែកខ្ញែក បក្សព័ន្ធសម្ងាត់បំផ្លាញរដ្ឋាភិបាល ហើយប្រជាជនបំបែកទៅជាពូជអំបូរនានា
សូមគិតពីពេលមួយ ពេលដែលអ្នកត្រូវតែធ្វើការសម្រេចចិត្តមួយ ថាតើអ្នកនឹងធ្វើតាមព្យាការី ឬ អត់ ។ ដូចមានកត់ត្រានៅក្នុង នីហ្វៃទី3 6–7 ពួកសាសន៍នីហ្វៃមួយចំនួនបានជួបនូវលទ្ធផលដ៏ខ្លោចផ្សាពីការបដិសេធពួកព្យាការី ខណៈដែលអ្នកផ្សេងទៀតបានទទួលបទពិសោធន៍នៃពរជ័យទាំងឡាយដែលបានមកពីការប្រែចិត្ត និង ស្ដាប់ដល់ពួកអ្នកបម្រើដ៏ជម្រើសរបស់ព្រះអម្ចាស់ ។
ពេលអ្នកអាននៅក្នុង នីហ្វៃទី3 5 ពួកសាសន៍នីហ្វៃបានប្រែចិត្ត ហើយបានបម្រើព្រះដោយឧស្សាហ៍ និង ត្រូវបានរំដោះដោយទេវភាពចេញពីពួកចោរកាឌីអានតុន ។ បន្ទាប់មក ពួកសាសន៍នីហ្វៃបានចម្រុងចម្រើនមួយរយៈខ្លី ។ ទោះជាយ៉ាងណា ភាពឆ្មើងឆ្មៃបានចូលមកក្នុងចិត្តរបស់មនុស្សជាច្រើនយ៉ាងឆាប់រហ័ស ដែលបណ្ដាលឲ្យមានការបែកខ្ញែកនៅក្នុងសាសនាចក្រ ។ ពួកព្យាការីត្រូវបានបញ្ជូនទៅប្រកាសទាស់នឹងភាពទុច្ចរិតរបស់ប្រជាជន ប៉ុន្តែពួកចៅក្រមបានចាប់ពួកលោក ហើយបានសម្លាប់ពួកលោកដោយសម្ងាត់ ( សូមមើល នីហ្វៃទី3 6:4–23 ) ។ នៅក្នុងប្រហែលជាប្រាំមួយឆ្នាំ ប្រជាជនបានព្រមប្រគល់ « ខ្លួននៅក្រោមអំណាចរបស់អារក្សសាតាំង » ( នីហ្វៃទី3 7:5 ) ហើយបានក្លាយជាទុច្ចរិតយ៉ាងខ្លាំង ដែលពួកគេបានទាស់នឹងសេចក្ដីសុចរិតទាំងអស់ ។ ពួកបក្សព័ន្ធសម្ងាត់បានបំផ្លាញរដ្ឋាភិបាលនៃដែនដី ហើយបានធ្វើឲ្យប្រជាជនបែងចែកជាពូជអំបូរទាំងឡាយ ។
ថ្វីបើប្រជាជនមានភាពទុច្ចរិតក៏ដោយ ក៏នីហ្វៃបានបន្តធ្វើទីបន្ទាល់ទាស់នឹងអំពីបាបរបស់ពួកគេ ហើយហៅពួកគេឲ្យប្រែចិត្ត ( សូមមើល នីហ្វៃទី3 7:15–20 ) ។ សូមអាន នីហ្វៃទី3 7:21–22 ហើយគូសចំណាំឧទាហរណ៍មួយចំនួនពីរបៀបដែលប្រជាជនត្រូវបានប្រទានពរដោយព្រោះការធ្វើតាមនីហ្វៃ ។ ចេញពីខទាំងនេះ យើងរៀនថា បើយើងនឹងប្រែចិត្ត ហើយធ្វើតាមពួកអ្នកបម្រើរបស់ព្រះអម្ចាស់ នោះយើងនឹងរីករាយជាមួយនឹងឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតយើង ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីពេលមួយដែលអ្នកបានជ្រើសរើសធ្វើតាមដំបូន្មានរបស់ព្យាការី ឬ អ្នកដឹកនាំបព្វជិតភាពផ្សេងៗទៀត ។ តើអ្នកបានទទួលពរដោយព្រោះការធ្វើដូច្នោះយ៉ាងដូចម្ដេចដែរ ?
នីហ្វៃទី3 8:1–18
ការបំផ្លិចបំផ្លាញដ៏ធំ បំពេញនូវទីសម្គាល់អំពីការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ
សូមស្រមៃពីថ្ងៃដែលការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទមកដល់ ។ តើអ្នកគិតថា អ្នកអាចនឹងមានអារម្មណ៍បែបណានៅពេលថ្ងៃនោះមកដល់ ? នៅក្នុងរបៀបស្រដៀងគ្នានេះ ពួកសាសន៍នីហ្វៃបានរង់ចាំយ៉ាងយូរដល់ការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ ។ សាំយូអែលជាសាសន៍លេមិន បានព្យាករពីទីសម្គាល់ទាំងឡាយដែលនឹងកើតឡើងនៅពេលនៃការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ហេលេមិន 14:20–27 ) ។ សូមអាន នីហ្វៃទី3 8:3–4 ហើយកត់ចំណាំពីភាពខុសគ្នាទាំងឡាយ នៅក្នុងរបៀបដែលពួកសាសន៍នីហ្វៃបានមានអារម្មណ៍ពីទីសម្គាល់ទាំងឡាយ ។
សូមអាន នីហ្វៃទី3 8:5–7 ហើយរកមើលអ្វីដែលបានកើតឡើងនៅក្នុងឆ្នាំទី 34 ចាប់តាំងពីថ្ងៃនៃទីសម្គាល់ពីការប្រសូត្ររបស់ព្រះអង្គសង្គ្រោះ ។ សូមមើល នីហ្វៃទី3 8:8–18 ត្រួសៗ រកមើលអ្វីដែលបានកើតឡើងចំពោះបណ្ដាជននៃទីក្រុងទាំងឡាយដែលត្រូវបានរងគ្រោះដោយព្យុះ រួមទាំងការរញ្ជួយដី ។ សូមអាន នីហ្វៃទី3 10:11–12 ហើយគូសចំណាំថានរណាដែលអាចរស់រានមានជីវិតពីការបំផ្លិចបំផ្លាញនេះ ។ សូម្បីតែពួកអ្នករស់រានមានជីវិតគឺជា « ផ្នែកមនុស្សដែលសុចរិតច្រើន » នៃពួកសាសន៍នីហ្វៃក្ដី ក៏ពួកគេនៅតែត្រូវប្រែចិត្ត ហើយមករកព្រះយេស៊ូវគ្រីស្ទដែរ ។
-
សូមប្រើមួយទំព័រនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ដើម្បីបង្កើតជាអត្ថបទកាសែតមួយ ដែលរាយការណ៍ពីព្រឹត្តិការណ៍ទាំងឡាយនៅក្នុង នីហ្វៃទី3 8:5–18 ។ សូមបញ្ចូលនូវចំណងជើងធំ គូរវាសរូបភាពមួយ ហើយបន្ទាប់មកសរសេររបាយការណ៍ពីការបំផ្លិចបំផ្លាញ ។
នីហ្វៃទី3 8:19–25
ភាពងងឹតគ្របដណ្ដប់ដែនដីអស់បីថ្ងៃ
សូមគិតពីពេលមួយដែលអ្នកនៅក្នុងកន្លែងមួយដែលងងឹតទាំងស្រុង ដូចជាក្នុងរូងមួយ ឬ បន្ទប់មួយដែលគ្មានបង្អួច ពេលដែលនរណាម្នាក់បិទភ្លើង ( ឬ សូមស្រមៃថាវានឹងទៅជាយ៉ាងណា ) ។ តើវាមានអារម្មណ៍យ៉ាងណាដែលនៅក្នុងទីងងឹត ហើយមិនអាចឃើញអ្វីសោះ ? សូមអាន នីហ្វៃទី3 8:19–23 ហើយរកមើលអ្វីបានកើតឡើង បន្ទាប់ពីខ្យល់ព្យុះ និង ការបំផ្លិចបំផ្លាញបានឈប់ទៅ ។ ( អ្នកអាចនឹងចង់គូសចំណាំពាក្យ ឬ ឃ្លាទាំងឡាយណា ដែលចង្អុលបង្ហាញថាតើភាពងងឹតនោះខ្លាំងប៉ុណ្ណា ) ។
សូមអាន នីហ្វៃទី3 8:24–25 រកមើលអ្វីដែលពួកសាសន៍នីហ្វៃបាននិយាយ ថាបានការពារប្រជាជនគេជាច្រើនពីសេចក្ដីស្លាប់ និង ការបំផ្លិចបំផ្លាញនោះ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើលទ្ធផលនៃអំពើបាប ដូចគ្នាទៅនឹងការនៅក្នុងភាពងងឹតយ៉ាងដូចម្ដេចដែរ ?
-
តើការប្រែចិត្តដូចគ្នាទៅនឹងការអនុញ្ញាតឲ្យពន្លឺចូលទៅក្នុងបន្ទប់ងងឹតយ៉ាងដូចម្ដេចដែរ ?
-
នីហ្វៃទី3 9:1–14
នៅក្នុងភាពងងឹត សំឡេងរបស់ព្រះយេស៊ូវគ្រីស្ទអញ្ជើញពួកអ្នកទាំងឡាយដែលនៅរស់រានមានជីវិតពីការបំផ្លិចបំផ្លាញ ឲ្យប្រែចិត្ត ហើយមករកទ្រង់
អំឡុងពេលបីថ្ងៃនៃភាពងងឹត សំឡេងរបស់ព្រះអង្គសង្គ្រោះបានមានបន្ទូលទៅកាន់ពួកអ្នកនៅរស់ ។ សូមអាន នីហ្វៃទី3 9:1–2, 7 ហើយរកមើល ថាតើព្រះអង្គសង្គ្រោះបានមានបន្ទូលថា មូលហេតុអ្វីដែលការបំផ្លិចបំផ្លាញនេះបានកើតឡើងក្នុងចំណោមប្រជាជន ។ បន្ទាប់មក សូមអាន នីហ្វៃទី3 9:13–14 ហើយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានមានបន្ទូល ដើម្បីលួងលោមប្រជាជននៅក្នុងការរងទុក្ខរបស់គេ ។ អ្នកអាចនឹងចង់គូសចំណាំផ្នែកនានានៅក្នុងខទាំងឡាយនេះ ដែលមានអត្ថន័យចំពោះអ្នក ។
អែលឌើរ ស៊ី. ស្កត ហ្គ្រូ នៃពួកចិតសិបនាក់ បានថ្លែងទីបន្ទាល់ថា ព្រះអង្គសង្គ្រោះអញ្ជើញយើងទាំងអស់គ្នាឲ្យមករកទ្រង់ ហើយបានប្រោសឲ្យជា ៖
« ព្រះយេស៊ូវគ្រីស្ទគឺជាអង្គព្យាបាលដ៏មហិមានៃព្រលឹងយើង ។ លើកលែងតែអំពើបាបទាំងឡាយនៃការវិនាសហិនហោច នោះគ្មានអំពើបាប ឬ ការរំលងណា ការឈឺចាប់ ឬ ទុក្ខព្រួយណា ដែលនៅហួសពីអំណាចនៃការប្រោសឲ្យជារបស់ដង្វាយធួនរបស់ទ្រង់នោះទេ ។
« ពេលយើងធ្វើអំពើបាប នោះសាតាំងប្រាប់យើងថាយើងចាញ់ហើយ ។ ផ្ទុយទៅវិញ ព្រះអង្គប្រោសលោះរបស់យើងប្រទាននូវការប្រោសលោះដល់មនុស្សទាំងអស់—មិនថាយើងបានធ្វើកំហុសអ្វីនោះទេ—សូម្បីតែដល់អ្នក និង ដល់ខ្ញុំ » ( “The Miracle of the Atonement” Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2011 ទំព័រ 109 ) ។
ការអញ្ជើញរបស់ព្រះអង្គសង្គ្រោះនៅក្នុង នីហ្វៃទី3 9:13 ឲ្យមករកទ្រង់ ហើយទទួលនូវអំណាចនៃការព្យាបាលរបស់ទ្រង់ គឺអនុវត្តបានចំពោះយើងគ្រប់គ្នា ។ ដើម្បីឲ្យព្រះអង្គសង្គ្រោះព្យាបាលយើង នោះយើងត្រូវតែទទួលការអញ្ជើញរបស់ទ្រង់ ហើយមករកទ្រង់ ប្រែចិត្តពីអំពើបាបរបស់យើង និង ប្រែចិត្តជឿ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរអំពីចំណុចមួយនៃជីវិតរបស់អ្នក ដែលអាចទទួលផលពីអំណាចនៃការប្រោសឲ្យជារបស់ព្រះអង្គសង្គ្រោះ ។ តើអ្នកត្រូវធ្វើអ្វី ដើម្បីអញ្ជើញទ្រង់ឲ្យព្យាបាលដល់អ្នក ?
នីហ្វៃទី3 9:15–22
សំឡេងនៃព្រះអង្គសង្គ្រោះប្រកាសថា តាមរយៈការបូជារបស់ទ្រង់ នោះក្រិត្យវិន័យលោកម៉ូសេត្រូវបានបំពេញ
ជាផ្នែកនៃក្រិត្យវិន័យលោកម៉ូសេ ដែលពួកសាសន៍នីហ្វៃបានរស់នៅតាមរហូតដល់ត្រឹមនេះ គឺព្រះអម្ចាស់បានបញ្ជារាស្ត្ររបស់ទ្រង់ឲ្យថ្វាយជាដង្វាយដុត ជាគំរូ ហើយជាស្រមោលអំពីការបូជាចុងក្រោយបំផុត ដែលទ្រង់នឹងធ្វើនៅទីបំផុត តាមរយៈដង្វាយធួនរបស់ទ្រង់ ។ សូមប្រើប្រាស់បន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុង នីហ្វៃទី3 9:17 ដើម្បីបំពេញប្រយោគតទៅនេះ ៖ « ដោយសារយើង ទើបមានសេចក្ដីប្រោសលោះកើតឡើង ហើយនៅក្នុងយើង » ។
ព្រះអង្គសង្គ្រោះបានប្រកាសថា គ្រប់ពិធី ក្រិត្យវិន័យ ពិធីសាសនា និង និមិត្តរូបទាំងអស់នៃក្រិត្យវិន័យលោកម៉ូសេ ដែលត្រូវបានប្រទាន ដើម្បីតម្រង់ប្រជាជនឲ្យទៅរកទ្រង់ នោះត្រូវបានបំពេញហើយ កាលដែលទ្រង់បានបំពេញការបូជាដ៏ធួនរបស់ទ្រង់ ។ សូមអាន នីហ្វៃទី3 9:19 ហើយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានប្រកាសថា ពួកសាសន៍នីហ្វៃមិនបាច់ថ្វាយទៀតនោះ ។ បន្ទាប់មក សូមពិនិត្យមើល នីហ្វៃទី3 9:20 ហើយគូសចំណាំអ្វីដែលពួកគេត្រូវថ្វាយ ទុកជាការបូជាមួយជំនួសវិញនោះ ។
តើអ្នកគិតថា ថ្វាយនូវការបូជាមួយនៃ « ចិត្តសង្រេង និង វិញ្ញាណទន់ទាប » មានន័យយ៉ាងណា ? វិញ្ញាណទន់ទាប គឺជាវិញ្ញាណដែលរាបទាប ងាយប្រដៅ និង ប្រែចិត្ត ។ ដើម្បីឲ្យការយល់ដឹងរបស់អ្នកកាន់តែជ្រាលជ្រៅ អំពីអត្ថន័យនៃការមានចិត្តសង្រេង និង វិញ្ញាណទន់ទាប សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ឌី. ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយគូសចំណាំពាក្យទាំងឡាយដែលលោកបានប្រើដើម្បីផ្ដល់និយមន័យដល់ពាក្យ « ចិត្តសង្រេង » និង « វិញ្ញាណទន់ទាប » ៖
« នៅក្នុងសម័យបុរាណ ពេលដែលប្រជាជនចង់ថ្វាយបង្គំព្រះអម្ចាស់ និង ស្វែងរកពរជ័យរបស់ទ្រង់ នោះជាញឹកញាប់ពួកគេបាននាំមកនូវអំណោយមួយ ។ … កាលដែលអ្នកស្វែងរកពរជ័យទាំងឡាយនៃការប្រែចិត្តជឿ នោះអ្នកអាចថ្វាយដល់ព្រះអម្ចាស់នូវអំណោយនៃចិត្តសង្រេង ឬ ប្រែចិត្ត និង វិញ្ញាណទន់ទាប ឬ គោរពប្រតិបត្តិរបស់អ្នក ។ ភាពពិត វាគឺជាអំណោយនៃខ្លួនអ្នកផ្ទាល់—អ្វីអំពីខ្លួនអ្នក និង អ្វីដែលអ្នកនឹងប្រែក្លាយ ។
« តើមានអ្វីមួយនៅក្នុងអ្នក ឬ នៅក្នុងជីវិតអ្នក ដែលមិនបរិសុទ្ធ ឬ មិនសក្ដិសមទេ ? ពេលអ្នកលះបង់វាចោល នោះហើយជាអំណោយដល់ព្រះអង្គសង្គ្រោះ ។ តើមានទម្លាប់ល្អ ឬ គុណសម្បត្តិណាមួយដែលអ្នកខ្វះខាតនៅក្នុងជីវិតអ្នកទេ ? ពេលអ្នកទទួលយកវា ហើយធ្វើឲ្យវាជាផ្នែកនៃចរិតលក្ខណៈរបស់អ្នក នោះអ្នកកំពុងថ្វាយអំណោយមួយដល់ព្រះអម្ចាស់ហើយ » ( “When Thou Art Converted” Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2004 ទំព័រ 12 ) ។
សូមអាន នីហ្វៃទី3 9:21–22 ហើយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀនថា យើងត្រូវក្លាយដូចជា ដើម្បីមករកទ្រង់ ។
-
សូមគិតពីកូនក្មេងតូចៗមួយចំនួនដែលអ្នកស្គាល់ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមពិពណ៌នាពីចរិតលក្ខណៈទាំងឡាយ ដែលកូនក្មេងតូចៗមាន ដែលយើងត្រូវការ ដើម្បីមករកព្រះអង្គសង្គ្រោះ ។
សូមបំពេញគោលការណ៍តទៅនេះ ជាមួយនឹងពាក្យ ឬ ឃ្លាទាំងឡាយដែលសមស្រប ដែលអ្នកឃើញនៅក្នុង នីហ្វៃទី3 9:13–14, 20–22 ៖ បើយើងមករកព្រះយេស៊ូវគ្រីស្ទ ដោយចិត្តសង្រេង និង វិញ្ញាណទន់ទាប នោះទ្រង់នឹង ។ ( មានចម្លើយត្រឹមត្រូវជាច្រើន ) ។
-
ដើម្បីជួយអ្នកអនុវត្តសេចក្ដីពិតនេះ សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើអាកប្បកិរិយាអ្វីខ្លះ ដែលអាចរារាំងយើងពីការថ្វាយនូវចិត្តសង្រេង និង វិញ្ញាណទន់ទាបរបស់យើងដល់ព្រះអម្ចាស់ ?
-
តើអ្នកបានឃើញថា ព្រះអម្ចាស់បានប្រទានពរដល់អ្នកយ៉ាងណា ពេលដែលអ្នកមករកទ្រង់ ដោយការប្រែចិត្ត និង វិញ្ញាណគោរពប្រតិបត្តិ ?
-
តើអ្នកអាចថ្វាយចិត្តសង្រេង និង វិញ្ញាណទន់ទាបដល់ព្រះអម្ចាស់ ឲ្យបានកាន់តែប្រសើរដោយរបៀបណា ?
-
នីហ្វៃទី3 10
ព្រះអម្ចាស់សន្យាប្រមូលរាស្ត្រទ្រង់ ដូចជាមេមាន់ប្រមូលកូនវា
បន្ទាប់ពីបានឮសំឡេងរបស់ព្រះអង្គសង្គ្រោះហើយ ប្រជាជនមានចិត្តអស្ចារ្យជាខ្លាំង ដែលធ្វើឲ្យមានភាពស្ងៀមស្ងាត់នៅក្នុងដែនដីអស់ជាច្រើនម៉ោង ។ បន្ទាប់មក សំឡេងបានមានបន្ទូលម្ដងទៀតទៅដល់ប្រជាជន ( សូមមើល នីហ្វៃទី3 10:1–3 ) ។ សូមអាន នីហ្វៃទី3 10:4–6 ហើយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានមានបន្ទូលថា ទ្រង់បានព្យាយាមធ្វើ ដើម្បីការពារ និង បីបាច់ប្រជាជន ។ សូមគូសចំណាំការសន្យាដែលព្រះអង្គសង្គ្រោះបានសន្យានៅក្នុងខ 6 ទៅដល់ពួកអ្នកដែលប្រែចិត្ត ហើយមករកទ្រង់ជាមួយនឹងគោលបំណងដ៏ពេញលេញនៅក្នុងដួងចិត្ត ។
ព្រះអង្គសង្គ្រោះបានប្រើប្រាស់ពាក្យប្រៀបធៀបពីមេមាន់ប្រមូលកូនរបស់វានៅក្រោមស្លាបវា ដើម្បីការពារកូនៗវាពីគ្រោះថ្នាក់ ។ សូមគិតអំពីរបៀបទាំងឡាយ ដែលព្រះអង្គសង្គ្រោះធ្វើដូចគ្នាទៅនឹងមេមាន់ដែលព្យាយាមការពារកូនៗវាពីគ្រោះថ្នាក់ ។ ជាងនោះទៅទៀត យោងតាម នីហ្វៃទី3 10:4–6 ហេតុអ្វីវង្សអ៊ីស្រាអែលទាំងមូលមិនត្រូវបានប្រមូលផ្ដុំ ?
សូមអាន នីហ្វៃទី3 10:8–10 ហើយរកមើលអ្វីដែលបានកើតឡើង បន្ទាប់ពីប្រជាជនបានឮសំឡេងរបស់ព្រះអង្គសង្គ្រោះ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី3 6–10 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖