មេរៀនទី 13 ៖ ថ្ងៃទី 4
ម៉ូសាយ 25
សេចក្តីផ្ដើម
ដូចមានកត់ត្រាក្នុងម៉ូសាយ 25ប្រជាជនរបស់លិមហៃ និង អ្នកដើរតាម អាលម៉ា បានធ្វើដំណើរទៅកាន់សារ៉ាហិមឡាដើម្បីរួបរួមគ្នាដោយសុវត្ថិភាព ក្រោមការគ្រប់គ្រងរបស់ស្តេចម៉ូសាយ ។នៅពេលក្រុមពួកសាសន៍នីហ្វៃទាំងនេះ បានជួបជុំគ្នា នោះពួកគេបានទទួលស្គាល់សេចក្ដីល្អរបស់ព្រះ និង ព្រះចេស្តារបស់ទ្រង់ក្នុងការរំដោះពួកគេ ។ពួកគេបានបង្កើតសាសនាចក្ររួមគ្នាផងដែរ ។នៅពេលអ្នកសិក្សាមេរៀននេះ អ្នកអាចទទួលប្រយោជន៍ពីការគិតអំពីរបៀបដែលអ្នកបានឃើញសេចក្ដីល្អរបស់ព្រះក្នុងជីវិតរបស់អ្នក និង ពរជ័យទាំងឡាយ មកពីការធ្វើជាសមាជិកនៃសាសនាចក្រដ៏ពិតនៃព្រះយេស៊ូវគ្រីស្ទ ។
ម៉ូសាយ 25:1–13
អ្នកទាំងឡាយដែលបានជួបជុំគ្នានៅសារ៉ាហិមឡា រួបរួមគ្នា ហើយត្រូវបានស្គាល់ថាជាពួកសាសន៍នីហ្វៃ
សូមអានរឿងខាងក្រោមនេះ អំពីយុវនារីម្នាក់ដែលត្រូវបានការពារដោយការស្តាប់តាមព្រះវិញ្ញាណ ខណៈកំពុងឡើងភ្នំជាមួយក្រុមយុវនារីរបស់នាង ៖
« នៅតាមផ្លូវត្រឡប់មកវិញ ខ្ញុំបានដើរជាមួយក្រុមដែលមានយុវនារីប្រាំនាក់ និង អ្នកដឹកនាំរបស់យើង ដើរយឺតៗ ។ពួកគេរវល់តែថតរូប ដូច្នេះខ្ញុំបានសម្រេចចិត្តទៅមុន ។ខណៈដែលខ្ញុំដើរចុះតាមជំរាលភ្នំ ខ្ញុំបានឮសំឡេងសត្វគោ [ ដែលសំឡេងនោះហាក់ដូចជាវាកំពុងតែជិតងាប់ហើយ ] ។មានសំឡេងព្រមានដ៏ម៉ឺងម៉ាត់មួយ តែតូចរហៀង បានប្រាប់ថា ‹ ចូរត្រឡប់ក្រោយវិញ › ។ខ្ញុំស្ទើរតែមិនយកចិត្តទុកដាក់នឹងសំឡេងនោះ ប៉ុន្តែសំឡេងនោះបានលេចឡើងម្តងទៀត ។នៅលើកនេះ ខ្ញុំបានស្តាប់តាម ហើយបានត្រឡប់ទៅកាន់ក្រុមវិញ ។នៅពេលយើងចាប់ផ្តើមដើរចុះក្រោម យើងបានឃើញក្របីខ្មៅដ៏ធំពីរក្បាលដើរយ៉ាងលឿន និងយ៉ាងកម្រោលមកលើភ្នំ ។ក្របីធំជាងគេ បានចាប់ផ្ដើមទន្រ្ទាន់ជើងលើដី ពេលវាសម្លឹងមកកាន់យើង ។… យើងភ័យខ្លាចក្នុងចិត្តជាខ្លាំង ប៉ុន្តែអ្នកដឹកនាំបព្វជិតភាពរបស់យើង បានបង្អាក់វា ហើយយើងអាចឡើងលើរបងទៅទីសុវត្ថិភាពបាន ។
« នៅពេលយើងបានចូលជំរុំម្ដងទៀត ខ្ញុំបានដឹងថា ប្រសិនបើខ្ញុំមិនបានស្ដាប់តាមការព្រមានពីព្រះវិញ្ញាណទេ នោះខ្ញុំអាចត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរ ឬ អាចដល់ស្លាប់ផង ។ខ្ញុំដឹងថា ព្រះវរបិតាសួគ៌យកចិត្តទុកដាក់លើខ្ញុំ ហើយបានការពារខ្ញុំឲ្យមានសុវត្ថិភាព ។ខ្ញុំពិតជាមានអំណរគុណខ្លាំងណាស់ដល់ព្រះអម្ចាស់សម្រាប់ការព្រមាននោះ ។បទពិសោធន៍នេះ បានពង្រឹងទីបន្ទាល់របស់ខ្ញុំ ហើយបានឲ្យខ្ញុំស្រឡាញ់ព្រះអម្ចាស់កាន់តែខ្លាំងឡើង » ( Marissa W., “Turn Back,” New Era,ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 47 ) ។
តើការស្តាប់ និង ការឮពីបទពិសោធន៍របស់មនុស្សដទៃ ដែលបង្ហាញសេចក្តីល្អ និង អំណាចនៃព្រះក្នុងជីវិតរបស់ពួកគេ ជួយពង្រឹងអ្នកដោយរបៀបណា ?
នៅពេលប្រជាជនរបស់លិមហៃ និង ប្រជាជនរបស់អាលម៉ា បានរួបរួមគ្នាជាមួយប្រជាជនក្នុងសារ៉ាហិមឡា នោះស្តេចម៉ូសាយបានបញ្ជាឲ្យគេអានបញ្ជីទាំងឡាយរបស់ពួកគេទៅដល់ប្រជារាស្ត្រទាំងអស់ ( សូមមើលម៉ូសាយ 25:1–6 ) ។សូមពិនិត្យមើលក្នុងម៉ូសាយ 25:7អំពីរបៀបដែលប្រជាជនរបស់ស្តេចម៉ូសាយ បានឆ្លើយតប នៅពេលពួកគេបានស្តាប់ដំណើររឿងស្តីពីទំនាក់ទំនងរបស់ព្រះជាមួយនឹងប្រជាជនទាំងនេះ ។
-
សម្រាប់ខនីមួយៗនៃខគម្ពីរទាំងបួននេះក្នុងម៉ូសាយ 25:8–11សូមកត់ត្រាក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកនូវការឆ្លើយតបរបស់ប្រជាជន នៅពេលពួកគេបានឮដំណើររឿងនៃបងប្អូនរបស់ពួកគេ ។ឧទាហរណ៍ក្នុងម៉ូសាយ 25:8នៅពេលពួកគេបានឃើញ អ្នកដែលត្រូវបានដោះឲ្យរួចផុតចេញពីសេវកភាពនៃពួកសាសន៍លេមិន នោះប្រជាជន « មានសេចក្តីសោមនស្សជាអតិបរមា » ។
សូមពិចារណាក្នុងការសរសេរនូវគោលការណ៍ខាងក្រោមនេះ នៅគែមទំព័រព្រះគម្ពីររបស់អ្នក ក្បែរនឹងម៉ូសាយ 25:8–11 ៖ តាមរយៈការសិក្សាបញ្ជីទាំងឡាយស្តីពីទំនាក់ទំនងរបស់ព្រះជាមួយនឹងអ្នកដទៃ នោះយើងអាចមានអារម្មណ៍នៃសេចក្តីអំណរ និង ការដឹងគុណសម្រាប់សេចក្តីល្អនៃព្រះ ។
សូមគិតពីប្រភពធនធានណាដែលអាចមាន ដែលអ្នកអាចរៀនពីអ្នកដទៃ ដែលធ្លាប់ស្គាល់សេចក្តីល្អនៃព្រះ ។ប្រភពធនធានទាំងនេះអាចរួមមានទាំង ព្រះគម្ពីរ ប្រវត្តិសាសនាចក្រ ទស្សនាវដ្តីសាសនាចក្រ សុន្ទរកថានៃសន្និសីទទូទៅ កំណត់ត្រាពង្សប្រវត្តិរបស់អ្នក ការប្រជុំទីបន្ទាល់ និង ថ្នាក់សាសាថ្ងៃអាទិត្យ និង ថ្នាក់បព្វជិតភាព ឬ ថា្នក់យុវនារី ។សូមគិតពីគ្រាមួយ នៅពេលអ្នកបានរៀនពីសេចក្តីល្អនៃព្រះចេញមកពីប្រភពធនធានទាំងនេះ ។បន្ទាប់មក សូមពិចារណាពីចម្លើយទាំងឡាយរបស់អ្នកចំពោះសំណួរខាងក្រោមនេះ ៖
-
តើខ្ញុំធ្លាប់មានបទពិសោធន៍មួយដែលថា ការសិក្សាអំពីសេចក្តីល្អរបស់ព្រះជាមួយអ្នកដទៃ បានជួយខ្ញុំឲ្យមានអារម្មណ៍នៃសេចក្តីអំណរ ឬ អំណរគុណឬទេ ?
-
បើសិនខ្ញុំបានសិក្សាជាទៀងទាត់នូវបទពិសោធន៍ទាំងឡាយនៃសេចក្តីល្អរបស់ព្រះក្នុងទំនាក់ទំនងរបស់ទ្រង់ជាមួយនឹងអ្នកដទៃ—មិនថាក្នុងព្រះគម្ពីរ ឬ ប្រភពដទៃទៀត តើអាចមានឥទ្ធិពលដ៏យូរអង្វែងអ្វីខ្លះ ?
នៅសប្តាហ៍ខាងមុខនេះ សូមពិចារណាធ្វើការសិក្សាស្រាវជ្រាវអំពីប្រភពធនធានមួយ ចេញពីប្រភពធនធានទាំងឡាយ ដែលអ្នកបានគិត ស្តីអំពីរឿងនៃសេចក្តីល្អមួយរបស់ព្រះ ដែលធ្វើឲ្យអ្នកពេញដោយការស្ងើច ការអស្ចារ្យ សេចក្តីអំណរ ឬ អំណរគុណ ។អ្នកអាចសរសេរអំពីអ្វីដែលអ្នកបានរៀន និង របៀបដែលវាមានឥទ្ធិពលមកលើអ្នក នៅក្នុងកំណត់ហេតុផ្ទាល់របស់អ្នក ។អ្នកក៏អាចប្រើរឿងនេះក្នុងរាត្រីជួបជុំក្រុមគ្រួសារ ដើម្បីបង្រៀនគ្រួសាររបស់អ្នក អំពីសេចក្តីល្អរបស់ព្រះ ឬ អ្នកអាចចែកចាយរឿងនេះជាមួយសិស្សថ្នាក់សិក្ខាលាលា ឬ ជាមួយមិត្តភក្ដិ ។
ម៉ូសាយ 25:14–24
អាលម៉ា បង្កើតសាសនាចក្រទាំងឡាយនៃព្រះនៅទូទាំងដែនដីនៃពួកសាសន៍នីហ្វៃ
បន្ទាប់ពីម៉ូសាយបានបញ្ចប់ការនិយាយ និង ការអានបញ្ជីទាំងឡាយទៅកាន់ប្រជាជន នោះអាលម៉ាបាននិយាយទៅកាន់ពួកគេ ។សូមអានម៉ូសាយ 25:14–16ហើយរកមើលអ្វីដែលអាលម៉ាបានបង្រៀន ។សូមសរសេរចម្លើយចំពោះសំណួរខាងក្រោមក្នុងសៀវភៅសិក្សានេះ ៖
-
តើអ្វីដែលអាលម៉ា បានបង្រៀន គឺជាសេចក្តីសង្ខេបដ៏ត្រឹមត្រូវមួយនៃបទពិសោធន៍របស់ប្រជាជនលិមហៃ ព្រមទាំងអ្នកដើរតាមអាលម៉ាយ៉ាងដូចម្ដេចខ្លះ ?
-
តើអ្នកគិតថា ហេតុអ្វីពាក្យសម្តីរបស់អាលម៉ា មានសារៈសំខាន់សម្រាប់ប្រជាជនស្ដាប់ឮ បន្ទាប់ពួកគេបានឮប្រវត្តិនៃប្រជាជនរបស់ស៊ីនិព្វរួចហើយនោះ ?
ពីមុនអានបន្ថែមទៀតក្នុងម៉ូសាយ 25សូមគិតអំពីគ្រាមួយ នៅពេលអ្នកបានចូលរួមក្នុងវួដ ឬ សាខានៃពួកបរិសុទ្ធថ្ងៃចុងក្រោយមួយ ផ្សេងពីវួដ ឬ សាខាផ្ទាល់របស់អ្នក ។សូមគិតអំពីភាពស្រដៀងគ្នាទាំងឡាយ ដែលអ្នកបានអង្កេតឃើញរវាងវួដ ឬ សាខារបស់អ្នកផ្ទាល់ និង វួដ ឬ សាខាដែលអ្នកបានទៅចូលរួមនោះ ។
សូមអានម៉ូសាយ 25:17–22ហើយរកមើលពីរបៀបដែលសាសនាចក្រ ត្រូវបានគ្រប់គ្រប់នៅក្នុងចំណោមពួកសាសន៍នីហ្វៃ ក្នុងសម័យរបស់អាលម៉ា ។សេចក្ដីយោងដល់ « សាសនាចក្រទាំងអស់ » ក្នុង ម៉ូសាយ 25:21គឺស្រដៀងទៅនឹងរបៀបដែលយើងសំដៅលើវួដ និង សាខាទាំងឡាយ ក្នុងសាសនាចក្រពេលបច្ចុប្បន្ននេះដែរ ។ដូចជាសម័យរបស់អាលម៉ាដែរ ព្រះហៅពួកអ្នកដឹកនាំ ឲ្យដឹកនាំសាសនាចក្ររបស់ទ្រង់នៅពេលបច្ចុប្បន្ននេះ ។
ក្នុងម៉ូសាយ 23:16អ្នកបានរៀនថា អាលម៉ា « ជាសង្ឃជាន់ខ្ពស់របស់ពួកគេ » ហើយ« ជាអ្នកបង្កើតសាសនាចក្ររបស់ពួកគេឡើង » ( ម៉ូសាយ 23:16 ) ។ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បានពន្យល់ថា ៖ « ក្រុមសំខាន់នៃពួកសាសន៍នីហ្វៃ ដែលនៅក្រោមស្តេចម៉ូសាយទីពីរ គឺបន្តស្ថិតនៅក្នុងស្ថានភាពដើមលើដែនដីសារ៉ាហិមឡា ។សេចក្តីយោងដែលថ្លែងថា អាលម៉ា គឺជាអ្នកបង្កើតសាសនាចក្ររបស់ពួកគេឡើង គឺសំដៅទៅលើតែជនភៀសខ្លួនដែលបានភៀសខ្លួនពីដែនដីនៃកេរ្តិ៍អាករដំបូងគេរបស់ពួកសាសាន៍នីហ្វៃតែប៉ុណ្ណោះ ។បន្ទាប់ពីពេលនោះ ពួកគេបានរកផ្លូវត្រឡប់ទៅកាន់ក្រុមសំខាន់នៃសាសនាចក្រវិញ ហើយអាលម៉ា ត្រូវបានញែកចេញជាសង្ឃជាន់ខ្ពស់ ឲ្យមើលលើសាសនាចក្រនៅទូទាំងដែនដី ដែលបានកាន់កាប់ដោយពួកសាសន៍នីហ្វៃ » ( Answers to Gospel Questions, comp. Joseph Fielding Smith Jr., 5 vols ។[1957–66], 3:39-40 )។
-
សូមសរសេរចម្លើយខ្លីៗចំពោះសំណួរនីមួយៗខាងក្រោមនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើសាសនាចក្រសាសន៍នីហ្វៃ ប្រហាក់ប្រហែលនឹងសាសនាចក្រនាពេលបច្ចុប្បន្នតាមលក្ខណៈណាខ្លះ ?
-
តើអ្នកគិតថា ហេតុអ្វីវាសំខាន់ដែលពួកអ្នកដឹកនាំទាំងនោះ គឺត្រូវបានហៅដោយអាលម៉ា ដែលជាអ្នកមានសិទ្ធអំណាចពីព្រះដូច្នេះ ?
-
តើហេតុអ្វីវាសំខាន់សម្រាប់ពួកអ្នកដឹកនាំ ដើម្បីបង្រៀនសេចក្តីពិតដូចគ្នានេះ ទៅកាន់សមាជិកសាសនាចក្រទាំងអស់នៅទូទាំងពិភពលោកដូច្នេះ ?
-
នៅពេលអ្នកអានម៉ូសាយ 25:23–24សូមរកមើលឃ្លាទាំងឡាយដែលពិពណ៌នាអំពីអ្នកទាំងឡាយដែលបានចូលរួមក្នុងសាសនាចក្រព្រះគ្រីស្ទ ដែលក៏ពិពណ៌នាអំពីសមាជិកនៃសាសនាចក្រនៃព្រះអម្ចាស់បច្ចុប្បន្ននេះផងដែរនោះ ។គោលការណ៍មួយដែលយើងរៀនមកពីខគម្ពីរទាំងនេះគឺថា ៖ នៅពេលយើងយកព្រះនាមនៃព្រះយេស៊ូវគ្រីស្ទមកដាក់លើខ្លួនយើង ហើយរស់នៅស្របតាម នោះព្រះអម្ចាស់នឹងចាក់ព្រះវិញ្ញាណរបស់ទ្រង់មកលើយើង ។
-
សូមសរសេរចម្លើយចំពោះសំណួរខាងក្រោមនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើឃ្លាទាំងឡាយក្នុងម៉ូសាយ 25:23–24ដែលពិពណ៌នាអំពីសមាជិកសាសនាចក្រសាសន៍នីហ្វៃ ក៏អនុវត្តចំពោះសមាជិកទាំងឡាយនៃសាសនាចក្រនៅពេលបច្ចុប្បន្ននេះយ៉ាងដូចម្តេច ?
-
តើការចងចាំថា អ្នកបានលើកដាក់លើខ្លួននូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាចធ្វើឲ្យមានភាពខុសគ្នាបែបណាលើការគិតរបស់អ្នក និង ការជ្រើសរើសប្រចាំថ្ងៃរបស់អ្នក ?
-
សូមកត់សម្គាល់ក្នុងម៉ូសាយ 25:24ថា ៖ « ព្រះអម្ចាស់បានស្រោចព្រះវិញ្ញាណមកលើ » ប្រជារាស្ត្ររបស់ទ្រង់ ។អែលឌើរ យ៉ូសែប ប៊ី.វ៉ឺតលីន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានគូសបញ្ជាក់ពីតម្លៃនៃអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធសម្រាប់សមាជិកសាសនាចក្រទាំងឡាយថា ៖
« អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ដែលជាសិទ្ធិដើម្បីទទួលព្រះវិញ្ញាណបរិសុទ្ធជាដៃគូដ៏ខ្ជាប់ខ្ជួន គឺទទួលបានតែក្នុងលក្ខខណ្ឌនៃសេចក្តីជំនឿទៅលើព្រះគ្រីស្ទ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹកដោយការជ្រមុជ និង ការដាក់ដៃលើក្បាល ដោយអ្នកបម្រើដែលបានទទួលការអនុញ្ញាត ដែលកាន់បព្វជិតភាពមិលគីស្សាដែកប៉ុណ្ណោះ ។វាគឺជាអំណោយទានដែលមានតម្លៃបំផុត ដែលផ្តល់ឲ្យសម្រាប់តែសមាជិកទាំងឡាយដែលសក្តិសមក្នុងសាសនាចក្រនៃព្រះអម្ចាស់តែប៉ុណ្ណោះ ។
« … វាគឺជាប្រភពនៃទីបន្ទាល់ និង អំណោយទានទាំងឡាយខាងវិញ្ញាណ ។ព្រះវិញ្ញាណបំភ្លឺគំនិត បំពេញក្នុងព្រលឹងរបស់យើងដោយសេចក្តីអំណរ បង្រៀនយើងគ្រប់ការណ៍ទាំងអស់ ហើយនាំឲ្យយើងចងចាំឡើងវិញនូវចំណេះដឹងដែលយើងបានភ្លេច ។ព្រះវិញ្ញាណបរិសុទ្ធក៏ ‹ នឹងបង្ហាញដល់ [ យើង ] នូវគ្រប់អ្វីទាំងអស់ដែលយើងត្រូវធ្វើ › [ នីហ្វៃទី2 32:5 ] » ( “The Unspeakable Gift,” Ensignឬលីអាហូណាខែ ឧសភា ឆ្នាំ 2003 ទំព័រ 26 ) ។
-
សូមឆ្លើយសំណួរទាំងឡាយខាងក្រោមនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើការចូលរួមរបស់អ្នកក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ជួយអ្នកឲ្យមានអារម្មណ៍មកពីព្រះវិញ្ញាណតាមរបៀបណាខ្លះ ?
-
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីបង្កើនភាពស្មោះត្រង់ និង សកម្មភាពសុចរិតរបស់អ្នក ដើម្បីអ្នកអាចមានអារម្មណ៍កាន់តែខិតទៅជិតព្រះវិញ្ញាណ ?
-
សូមស្វែងរកឱកាសមួយ ដើម្បីចែកចាយជាមួយនឹងអ្នកណាម្នាក់អំពីរបៀបដែលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធបានប្រទានពរដល់ជីវិតរបស់អ្នក ។ពរជ័យទាំងឡាយ ដែលអ្នកបានទទួលតាមរយៈព្រះវិញ្ញាណបរិសុទ្ធ អាចកើនឡើងនៅពេលអ្នកព្យាយាមមានភាពសក្តិសមនឹងភាពជាដៃគូរបស់ទ្រង់ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សាម៉ូសាយ 25 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖