មេរៀនទី 23 ៖ ថ្ងៃទី 1
ហេលេមិន 10
សេចក្តីផ្ដើម
បន្ទាប់ពីរឿងក្ដីពីការធ្វើឃាតមេចៅក្រមត្រូវបានបញ្ចប់ហើយ ( សូមមើល ហេលេមិន 7–9 ) នីហ្វៃបានចាប់ផ្ដើមវិលត្រឡប់ទៅផ្ទះរបស់លោកវិញ ។ លោកបានសញ្ជឹងគិតពីអ្វីដែលព្រះអម្ចាស់បានបង្ហាញដល់លោក ហើយក៏ព្រួយបារម្ភពីភាពទុច្ចរិតរបស់ប្រជាជនផងដែរ ។ នៅក្នុងគ្រានៃការបាក់ទឹកចិត្តរបស់នីហ្វៃ ព្រះអម្ចាស់បានមានព្រះបន្ទូលទៅលោក ហើយបានប្រទានពរដល់លោកជាមួយនឹងអំណាចនៃការផ្សារភ្ជាប់ជារៀងរហូត ។ ព្រះអម្ចាស់បានបញ្ជានីហ្វៃឲ្យបន្តផ្សព្វផ្សាយការប្រែចិត្តដល់ប្រជាជន ដែលជាការបញ្ជាមួយដែលនីហ្វៃបានគោរពតាមភ្លាមៗ ។
ហេលេមិន 10:1–11
នីហ្វៃទទួលអំណាចនៃការផ្សារភ្ជាប់
សូមគិតពីពេលមួយ ដែលអ្នកបានព្យាយាមអស់ពីសមត្ថភាពអ្នក ដើម្បីធ្វើអ្វីដែលត្រឹមត្រូវ ប៉ុន្តែប្រតិកម្មដែលអ្នកបានទទួលមកពីអ្នកផ្សេងទៀត ឬ លទ្ធផលដែលអ្នកទទួល គឺខុសពីអ្វីដែលអ្នករំពឹងទុក ។ នៅក្នុង ហេលេមិន 10 អ្នកនឹងអានអំពីរបៀបដែលព្រះអម្ចាស់បានប្រទានពរដល់នីហ្វៃ ពេលលោកបន្តស្មោះត្រង់នៅក្នុងកាលៈទេសៈដ៏លំបាកទាំងឡាយ ។
បន្ទាប់ពីបានជ្រះស្រឡះពីឃាតកម្មរបស់មេចៅក្រមហើយ នីហ្វៃបានឃើញថា ប្រជាជនពុំបានឆ្លើយតបមកវិញនៅក្នុងសេចក្ដីជំនឿ ហើយប្រែចិត្តបន្ទាប់ពីពួកគេបានឃើញនូវហេតុការដ៏អស្ចារ្យដែលមានក្នុង ហេលេមិន 9 នោះទេ ។ នីហ្វៃបានចាប់ផ្ដើមត្រឡប់ទៅផ្ទះវិញទាំងមានអារម្មណ៍បាក់ទឹកចិត្ត ។ សូមអាន ហេលេមិន 10:1–3 ហើយរកមើលអ្វីដែលនីហ្វៃបានសញ្ជឹងគិត ពេលលោកបានដើរទៅផ្ទះវិញ ។ អ្នកអាចនឹងចង់គូសចំណាំពាក្យសញ្ជឹងគិត រាល់ដងដែលឃើញវានៅក្នុងខទាំងនេះ ។ សញ្ជឹងគិតមានន័យថា ភាវនា ហើយគិតយ៉ាងជ្រៅ ជាញឹកញាប់ទៅលើបទគម្ពីរ ឬ ការណ៍ផ្សេងៗទៀតរបស់ព្រះ ។ ពេលរួមបញ្ចូលជាមួយនឹងការអធិស្ឋាន ការសញ្ជឹងគិតពីការណ៍ទាំងឡាយនៃព្រះ អាចនាំមកនូវវិវរណៈ ហើយបង្កើននូវការយល់ដឹង ។
សូមគិតពីសំណួរខាងក្រោមនេះ ៖
-
តើនីហ្វៃសញ្ជឹងគិតពីអ្វី ?
-
ហេតុអ្វីលោកមានអារម្មណ៍ « ទន់ខ្សោយ » ឬ ព្រួយ ?
-
តើអ្វីបានកើតឡើង ពេលលោកកំពុងសញ្ជឹងគិតនោះ ?
គោលការណ៍មួយដែលមានក្នុង ហេលេមិន 10:1–3 គឺ ៖ ការសញ្ជឹងគិតពីការណ៍ទាំងឡាយនៃព្រះអម្ចាស់ រៀបចំយើងឲ្យទទួលវិវរណៈ ។ គំរូផ្សេងៗទៀតនៅក្នុងព្រះគម្ពីរ ក៏បង្ហាញពីគោលការណ៍នេះផងដែរ ៖ នីហ្វៃបានសញ្ជឹងគិតលើការណ៍ទាំងឡាយដែលលីហៃ ជាឪពុករបស់លោកបានបង្រៀន ហើយបានរៀនពីសេចក្ដីពិតពេញលេញរបស់ការណ៍ទាំងនោះ ( សូមមើល នីហ្វៃទី1 10:17; 11:1 ) យុវជន យ៉ូសែប ស្ម៊ីធ « ពិចារណាគិត … ម្ដងហើយម្ដងទៀត » ទៅលើ យ៉ាកុប 1:5 ហើយបានទទួលការបើកសម្ដែងពីសេចក្ដីពិតដល់លោក ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:11–19 ) ហើយប្រធាន យ៉ូសែប អេហ្វ. ស៊្មីធ បានសញ្ជឹងគិត និង ពិចារណាលើបទគម្ពីរទាំងឡាយដែលទាក់ទងនឹងការប្រោសលោះមនុស្សស្លាប់ ហើយបានទទួលការបើកសម្ដែងពីសេចក្ដីពិតដល់លោក ( សូមមើល គ. និង ស. 138:1–6, 11 ) ។
ទោះយ៉ាងណា វិវរណៈភាគច្រើនបំផុតដែលមនុស្សទទួលបាន នៅពេលសញ្ជឹងគិតពីការណ៍ទាំងឡាយនៃព្រះអម្ចាស់ ពុំបានមកតាមរយៈការឮសំឡេង ឃើញការនិមិត្ត ឬ តាមរបៀបដ៏អស្ចារ្យផ្សេងៗទៀតនោះទេ ។ អែលឌើរ ដាវីឌ អេ. បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ថា ៖
« វិវរណៈទាំងឡាយត្រូវបានបញ្ជូនមកដោយរបៀបផ្សេងៗ ជាឧទាហរណ៍ រួមមាន ការសុបិន្ដ ការនិមិត្ត ការសន្ទនាជាមួយទូតពីសួគ៌ា និង ការបំផុសគំនិត ។ វិវរណៈមួយចំនួនត្រូវបានទទួលភ្លាមៗ និង ខ្លាំងក្លា ខ្លះទៀតត្រូវបានស្គាល់បន្តិចម្ដងៗ និង ល្អិតល្អន់ ។ …
« … ថ្មីៗបំផុតនេះ វិវរណៈបានមកជាផ្នែកតូចៗជាច្រើនដង ហើយត្រូវបានប្រទានឲ្យទៅតាមបំណងប្រាថ្នា ភាពសក្ដិសម និង ការរៀបចំរបស់យើង ។ ទំនាក់ទំនងបែបនោះ ដែលមកពីព្រះវរបិតាសួគ៌ ‹ ចុះមកលើ [ ព្រលឹងរបស់យើង ] ដូចជាទឹកសន្សើមចុះពីលើមេឃ › ( គ. និង ស. 121:45 ) ។ គំរូនៃវិវរណៈបែបនេះ ទំនងជាការធម្មតាជាជាងការកម្រ ហើយជាក់ស្ដែងនៅក្នុងបទពិសោធន៍ទាំងឡាយរបស់នីហ្វៃ ពេលដែលលោកបានព្យាយាមវិធីផ្សេងៗមួយចំនួន មុនពេលទទួលបានជោគជ័យក្នុងការយកបាននូវផ្ទាំងលង្ហិនពីឡាបាន់ ( សូមមើល នីហ្វៃទី1 3–4 ) ។ …
« … សេចក្ដីពិតដែលជាមូលដ្ឋានគ្រឹះនៃដំណឹងល្អដែលបានស្ដារឡើងវិញ មិនត្រូវបានបញ្ជូនមក ព្យាការី យ៉ូសែប ស៊្មីធ ម្ដងទាំងអស់នៅក្នុងព្រៃពិសិដ្ឋនោះទេ ។ រតនៈសម្បត្តិដ៏មិនអាចកាត់ថ្លៃបានទាំងនេះ ត្រូវបានបើកសម្ដែងពេលដែលកាលៈទេសៈទាំងឡាយផ្ដល់ឲ្យ និង ក្នុងពេលវេលាត្រឹមត្រូវ ។
« ប្រធាន យ៉ូសែប អេហ្វ. ស៊្មីធ បានពន្យល់ពីរបៀបដែលគំរូនៃវិវរណៈនេះ បានកើតឡើងនៅក្នុងជីវិតលោក ៖ ‹ កាលនៅពីក្មេង … ជាញឹកញាប់ ខ្ញុំនឹង … សុំដល់ព្រះអម្ចាស់ ឲ្យបង្ហាញដល់ខ្ញុំនូវការណ៍ដ៏អស្ចារ្យមួយចំនួន ដើម្បីខ្ញុំអាចទទួលបាននូវទីបន្ទាល់មួយ ។ ប៉ុន្តែព្រះអម្ចាស់បានដកហូតការណ៍អស្ចារ្យទាំងនោះពីខ្ញុំ ហើយបានបង្ហាញខ្ញុំនូវសេចក្ដីពិតមួយបន្ទាត់ម្ដងៗ … រហូតដល់ទ្រង់បានធ្វើឲ្យខ្ញុំដឹងសេចក្ដីពិត ចាប់តាំងពីម្កុដនៃក្បាលខ្ញុំ រហូតដល់បាតជើងខ្ញុំ ហើយរហូតដល់សេចក្ដីសង្ស័យ និង ការភ័យខ្លាចត្រូវបានជម្រះចេញពីខ្ញុំទាំងស្រុង ។ … › ( នៅក្នុង Conference Report ខែ មេសា ឆ្នាំ 1900 ទំព័រ 40–41 ) ។
« ក្នុងនាមជាសមាជិកនៃសាសនាចក្រ យើងមានទំនោរយ៉ាងខ្លាំងក្នុងការសង្កត់ធ្ងន់លើការបើកសម្ដែងខាងវិញ្ញាណដ៏អស្ចារ្យ និង រំជើបរំជួល ដែលយើងអាចនឹងភ្លាត់ភ្លេចក្នុងការដឹងគុណ និង សូម្បីតែអាចនឹងមើលរំលងនូវគំរូដែលជាទម្លាប់ ដែលព្រះវិញ្ញាណបរិសុទ្ធសម្រេចនូវកិច្ចការរបស់ទ្រង់ » ( “The Spirit of Revelation” Ensign ឬ លីអាហូណា ខែ ឧសភាព ឆ្នាំ 2011 ទំព័រ 88 ) ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីពេលមួយដែលអ្នកមានអារម្មណ៍ថា អ្នកបានទទួលវិវរណៈផ្ទាល់ខ្លួន ។ តើកាលៈទេសៈអ្វីខ្លះ ដែលបាននាំមកនូវវិវរណៈនោះ ? តើការសញ្ជឹងគិតបានជួយអ្នកទទួលវិវរណៈដូចម្ដេចដែរ ? ( សូមចងចាំថា វិវរណៈអាចមកតាមរបៀបជាច្រើន ។ វាអាចនឹងរួមបញ្ចូលគ្រានៃការបំភ្លឺ និង ការយល់ដឹងដែលកើតឡើងភ្លាមៗ ឬ បន្តិចម្ដងៗ ឬ អារម្មណ៍នៃសេចក្ដីសុខសាន្ត និង ការធានាអះអាង ) ។
សូមញែកពេលដើម្បីសញ្ជឹងគិតជាទៀងទាត់នៅក្នុងជីវិតអ្នក ដូចជាអំឡុងការប្រជុំនៅព្រះវិហារ មុនពេល និង ក្រោយពេលការអធិស្ឋាន និង ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន បន្ទាប់ពីមើល ឬ ស្ដាប់សន្និសីទ្ធទូទៅ ខណៈពេលតមអាហារ ឬ ខណៈកំពុងគោរពដល់ថ្ងៃបរិសុទ្ធ ។
សូមស្រមៃថា អ្នកមានអ្វីមួយដែលមានតម្លៃក្រៃលែងចំពោះអ្នក ហើយអ្នកត្រូវទុកវានៅនឹងនរណាម្នាក់ផ្សេងទៀតឲ្យគេថែរក្សា ។ តើនរណាដែលអ្នកនឹងទុកចិត្តឲ្យថែរក្សាវា ? ហេតុអ្វីអ្នកជ្រើសរើសបុគ្គលនោះ ? តើមនុស្សម្នាក់នោះបានធ្វើអ្វីដើម្បីឲ្យអ្នកទុកចិត្ត ?
សូមអាន ហេលេមិន 10:4–5 ហើយរកមើលពីមូលហេតុដែលព្រះអម្ចាស់ទុកព្រះទ័យលើនីហ្វៃ ។ គ្មាននឿយហត់ មានន័យថា « មិនដែលធុញទ្រាន់ឡើយ » ។ សូមសញ្ជឹងគិតពីគំរូទាំងឡាយរបស់មនុស្សដែលអ្នកស្គាល់ ដែលហាក់ដូចជាបម្រើព្រះអម្ចាស់ ដោយគ្មាននឿយហត់ មិនថានៅក្នុងកាលៈទេសៈបែបណានោះទេ ។
ការឆ្លើយតបរបស់ព្រះអម្ចាស់ចំពោះនីហ្វៃ នៅក្នុង ហេលេមិន 10:4 បង្រៀនគោលការណ៍នេះ ៖ ព្រះអម្ចាស់ទ្រង់ផ្ទុកផ្ដាក់លើយើងនូវពរជ័យ និង ការទទួលខុសត្រូវទាំងឡាយ ពេលដែលយើងដាក់ព្រះបំណងរបស់ទ្រង់មុនបំណងប្រាថ្នារបស់យើង ។
-
សូមឆ្លើយតបចំពោះសំណួរនៅខាងក្រោមមួយ ឬ ច្រើនជាងនោះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើនៅក្នុងរបៀបណាខ្លះ ដែលអ្នកបានស្គាល់ពីអ្វីដែលជាព្រះរាជបំណងរបស់ព្រះអម្ចាស់ទាក់ទងនឹងជីវិតអ្នក ?
-
តើអ្នកបានធ្វើអ្វីនៅក្នុងជីវិតអ្នកថ្មីៗនេះ ដើម្បីបង្ហាញដល់ព្រះអម្ចាស់ថា ព្រះបំណងរបស់ទ្រង់គឺសំខាន់ជាងបំណងរបស់អ្នកផ្ទាល់ ហើយថាវាជាអ្វីដែលអ្នកចង់ធ្វើតាមគ្រប់ពេលទាំងអស់នោះ ?
-
តើអ្វីជាចំណុចមួយក្នុងជីវិតអ្នក ដែលអ្នកអាចខិតខំ ហើយធ្វើតាមព្រះបំណងរបស់ព្រះអម្ចាស់ឲ្យបានកាន់តែប្រសើរ ជាជាងធ្វើតាមបំណងរបស់អ្នកផ្ទាល់នោះ ?
-
សូមអាន ហេលេមិន 10:5–7 ហើយរកមើលពរជ័យ និង ការសន្យាទាំងឡាយ ដែលព្រះអម្ចាស់បានប្រទានដល់នីហ្វៃ សម្រាប់ភាពគួរឲ្យទុកចិត្តនោះ ។ សូមសរសេរពរជ័យ និង ការសន្យាទាំងឡាយនៅបន្ទាប់ពីខដែលសមស្រប ៖
ខ 5 ៖
ខ 6 ៖
ខ 7 ៖
ពរជ័យដែលមាននៅក្នុង ហេលេមិន 10:7 គឺជាគោលលទ្ធិសំខាន់នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ៖ អំណាចនៃការផ្សារភ្ជាប់ ចងភ្ជាប់ និង ស្រាយនៅលើផែនដី និង នៅស្ថានសួគ៌ ។ តើអ្នកមានស្គាល់មនុស្សផ្សេងទៀតនៅក្នុងព្រះគម្ពីរ ដែលត្រូវបានប្រទានឲ្យនូវអំណាចនៃការភ្ជាប់ដែរឬទេ ? អ្នកអាចនឹងចង់ធ្វើការយោង ហេលេមិន 10:7 ជាមួយនឹងបទគម្ពីរតទៅនេះ ៖ ពង្សាវតារក្សត្រ ទី1 17 ( អេលីយ៉ា ) ម៉ាថាយ 16:15–19 ( ពេត្រុស ) គោលលទ្ធិ និង សេចក្ដីសញ្ញា 132:46 ( យ៉ូសែប ស៊្មីធ ) ។
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា 128:9 ហើយរកមើលពីអ្វីដែល ព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀនអំពីអំណាចនៃការផ្សារភ្ជាប់ ។
កូនសោនៃអំណាចនៃការភ្ជាប់ដដែលនេះ ត្រូវបានកាន់ដោយប្រធានសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ដូចជាព្រះអម្ចាស់អាចទុកព្រះទ័យលើនីហ្វៃដែរ ព្រះអម្ចាស់ក៏ជ្រាបផងដែរថា ប្រធាននៃសាសនាចក្រនឹងមិនប្រើអំណាចនេះនៅក្នុងរបៀបណាក៏ដោយដែលផ្ទុយពីព្រះបំណងរបស់ទ្រង់នោះទេ ។ សិទ្ធិអំណាចនៃការភ្ជាប់នេះ ត្រូវបានផ្ទេរទៅអ្នកកាន់បព្វជិតភាពដែលសក្ដិសមផ្សេងៗទៀតនៅជុំវិញពិភពលោក ដែលធ្វើឲ្យពិធីបរិសុទ្ធទាំងឡាយនៃបព្វជិតភាពបានចងភ្ជាប់នៅលើផែនដី និង នៅស្ថានសួគ៌ ។
សូមគិតពីសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ដែលថ្លែងដោយ អែលឌើរ អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ទាក់ទងនឹងសារសំខាន់នៃអំណាចនៃការភ្ជាប់នេះ ៖
« អ្វីៗទាំងអស់ដែលពុំបានភ្ជាប់ដោយអំណាចនេះ មានទីបញ្ចប់មួយ ពេលដែលមនុស្សស្លាប់ទៅ ។ លើកលែងតែបុណ្យជ្រមុជទឹកមួយមាននូវការភ្ជាប់ដ៏ឋិតឋេរនេះ បើមិនដូច្នោះទេ វានឹងមិនអនុញ្ញាតឲ្យមនុស្សម្នាក់ចូលទៅក្នុងនគរសេឡេស្ទាលបាននោះទេ ហើយលើកលែងតែសេចក្ដីសញ្ញានៃអាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ចមួយត្រូវបានផ្សារភ្ជាប់ដោយអំណាចនេះ បើមិនដូច្នោះទេ វានឹងមិនទទួលយកអ្នកដែលចូលរួមទាំងនោះទៅកាន់ការលើកតម្កើងនៅក្នុងស្ថានសួគ៌ដ៏ខ្ពស់បំផុតនៅក្នុងនគរសេឡេស្ទាលនោះទេ ។
« គ្រប់ការណ៍ទាំងអស់ទទួលបាននូវកម្លាំង និង សុពលភាពដ៏ស្ថិតស្ថេរមួយ ដោយសារតែអំណាចនៃការភ្ជាប់នេះឯង » ( Mormon Doctrine 2nd ed. [1966] ទំព័រ 683 ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
យោងតាម អែលឌើរ ម៉ាក់ខន់ឃី តើអ្វីកើតឡើង ប្រសិនបើពិធីបរិសុទ្ធមួយមិនត្រូវបានភ្ជាប់ដោយសិទ្ធិអំណាចដ៏ត្រឹមត្រូវទេនោះ ?
-
តើអំណាចនៃការភ្ជាប់បានប៉ះពាល់ដល់ជីវិតអ្នកយ៉ាងណាដែរ ហើយតើអ្នកចង់ឲ្យវាផ្ដល់ពរជ័យយ៉ាងណា ដល់ជីវិតអ្នកនៅក្នុងពេលអនាគត ?
-
សូមអានការបញ្ជាក់អះអាងតទៅនេះដោយ អែលឌើរ រ័សុល អិម. ណិលសុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលបានអះអាងថា អំណាចនៃការភ្ជាប់របស់ព្រះត្រូវបានស្ដារឡើងវិញ ៖ « ព្រះវិហារបរិសុទ្ធ ពិធីបរិសុទ្ធ សេចក្ដីសញ្ញា អំណោយទានពិសិដ្ឋ និង ការផ្សារភ្ជាប់ទាំងឡាយ ត្រូវបានស្ដារឡើងវិញ ជាក់ច្បាស់ដូចដែលបានព្យាករមក ។ ពិធីបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធផ្តល់ឲ្យសម្រាប់ការផ្សះផ្សាជាមួយព្រះអម្ចាស់ និង ផ្សារភ្ជាប់ក្រុមគ្រួសារឲ្យរស់នៅជាមួយគ្នាជារៀងរហូត ។ ការគោរពប្រតិបត្តិដល់សេចក្ដីសញ្ញាដ៏ពិសិដ្ឋទាំងនេះ ដែលបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ ធ្វើឲ្យយើងមានភាពសក្ដិសមសម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច—ដែលជាអំណោយដ៏មហិមាបំផុតពីព្រះដល់មនុស្ស » ( “Prepare for the Blessings of the Temple” Ensign ខែ តុលា ឆ្នាំ 2010 ទំព័រ 42 ) ។
យោងតាម អែលឌើរ ណិលសុន តើអ្វីដែលធ្វើឲ្យយើងមានភាពសក្ដិសមនឹងទទួលបាននូវពរជ័យដែលបានសន្យាទាំងឡាយនៃអំណាចនៃការភ្ជាប់ ?
ហេលេមិន 10:12–19
នីហ្វៃគោរពប្រតិបត្តិដល់ការបញ្ជារបស់ព្រះអម្ចាស់ដែលឲ្យប្រកាសពីការប្រែចិត្តទៅដល់ប្រជាជន
តើអ្នកធ្លាប់ត្រូវបានស្នើឲ្យធ្វើអ្វីមួយ ដោយឪពុក/ម្ដាយ ថៅកែ ឬ អ្នកដឹកនាំម្នាក់ ហើយបានពន្យាពេលក្នុងការធ្វើវា ឬ ភ្លាត់ភ្លាំងមិនបានធ្វើអ្វីដែលអ្នកត្រូវបានស្នើសុំឲ្យធ្វើដែរឬទេ ? សូមពិចារណា ថាតើអ្នកបង្ហាញពីសារអ្វី ពេលដែលអ្នកពន្យាពេលក្នុងការធ្វើនូវអ្វីដែលអ្នកត្រូវបានស្នើសុំឲ្យធ្វើនោះ ។
សូមអាន ហេលេមិន 10:11–12 ហើយរកមើលពីរបៀបដែលនីហ្វៃបានឆ្លើយតបចំពោះការបញ្ជារបស់ព្រះអម្ចាស់សម្រាប់លោក ដែលឲ្យលោកប្រកាសពីការប្រែចិត្តដល់ប្រជាជននោះ ។ តើយើងបង្ហាញអ្វីដល់ព្រះអម្ចាស់ ពេលដែលយើងឆ្លើយតបភ្លាមៗ និង យ៉ាងលឿនដល់ដំបូន្មាន និង បទបញ្ញត្តិរបស់ទ្រង់ ?
-
សូមអាន ហេលេមិន 10:13–18 ។ បន្ទាប់មក នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពីរបីប្រយោគអំពីអ្វីដែលអ្នករៀនចេញពីគំរូរបស់នីហ្វៃ អំពីការឆ្លើយតបចំពោះបទបញ្ញត្តិរបស់ព្រះអម្ចាស់ ។ សូមសរសេររបៀបមួយ ដែលអ្នកអាចអនុវត្តការណ៍នេះនៅក្នុងជីវិតអ្នក ។
ភាពស្មោះត្រង់របស់នីហ្វៃ បានបង្ហាញថា ព្រះអម្ចាស់អាចទុកព្រះទ័យលើលោកបាន ហើយលោកត្រូវបានប្រទានពរនូវអំណាច និង ការការពារដ៏អស្ចារ្យ ។
រំឭកឡើងវិញពីចំណេះចំណានខគម្ពីរ
សម្រាប់ការរំឭកឡើងវិញពីចំណេះចំណានខគម្ពីរ សូមអាន នីហ្វៃទី1 3:7 នីហ្វៃទី2 2:27 នីហ្វៃទី2 31:19–20 និង ម៉ូសាយ 2:17 ។ សូមពិចារណាពីរបៀបដែលចំណេះចំណានខគម្ពីរទាំងនេះ អនុវត្តចំពោះនីហ្វៃ និង ការបម្រើរបស់លោកនៅក្នុង ហេលេមិន 10 ។
សូមព្យាយាមស្វែងរករបៀបទាំងឡាយ ដើម្បីដាក់ព្រះបំណងរបស់ព្រះអម្ចាស់ ពីមុនបំណងប្រាថ្នារបស់អ្នកផ្ទាល់ ហើយគោរពប្រតិបត្តិយ៉ាងលឿន ។ ពេលអ្នកបម្រើព្រះអម្ចាស់ដោយស្មោះត្រង់ ដូចនីហ្វៃបានធ្វើ នោះទ្រង់នឹងទុកព្រះទ័យ ហើយប្រទានពរដល់អ្នក ។
-
សូមសរសេរកំណត់ចំណាំដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា ហេលេមិន 10 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖