មេរៀនទី 13 ៖ ថ្ងៃទី 3
ម៉ូសាយ 21–24
សេចក្តីផ្ដើម
ប្រជាជនរបស់ លិមហៃ បានធ្លាក់ចូលក្នុងសេវកភាពនៃពួកសាសន៍លេមិន ដោយសារតែអំពើទុច្ចរិតរបស់ពួកគេ ( សូមមើលម៉ូសាយ 20:21 ) ពួកគេបន្ទាបខ្លួន ហើយបែរទៅរកព្រះ ដោយសារតែសេវកភាពរបស់ពួកគេ ។ប្រជាជនរបស់ អាលម៉ា ត្រូវបាននាំទៅរកសេវកភាព ជាការសាកល្បងនៃសេចក្តីជំនឿរបស់ពួកគេ ( សូមមើលម៉ូសាយ 23:21 ) ។ក្រុមទាំងពីរបានអធិស្ឋានអស់ពីកម្លាំងដើម្បីឲ្យបានរួចពីសេវកភាព ។ខណៈពេលក្រុមទាំងពីរត្រូវបានរំដោះ និង នៅទីបំផុត បានមកដល់សារ៉ាហិមឡា នោះព្រះអម្ចាស់បានជួយក្រុមនីមួយៗ តាមមធ្យោបាយផ្សេងៗគ្នា ។តាមរយៈការសិក្សាអំពីការសាកល្បង និង ការរំដោះនៃក្រុមរបស់លិមហៃ នោះអ្នកអាចឃើញថា ព្រះអម្ចាស់នឹងឆ្លើយតបការអធិស្ឋានទាំងឡាយរបស់យើង តាមរបៀប និង តាមពេលវេលារបស់ទ្រង់ នៅពេលយើងបន្ទាបខ្លួន ។តាមរយៈការសិក្សាពីការសាកល្បង និង ការរំដោះនៃក្រុមរបស់អាលម៉ា នោះអ្នកអាចរៀនអំពីរបៀបដើម្បីពឹងផ្អែកលើព្រះអម្ចាស់ដើម្បីទទួលបានកម្លាំង នៅកណ្ដាលការពុះពារ និង ឧបសគ្គផ្ទាល់ខ្លួន ។
ម៉ូសាយ 21–24
ពួកសាសន៍នីហ្វៃក្នុងដែនដីលីហៃ-នីហ្វៃ បានជួបបទពិសោធន៍ពីការបំពេញនៃការព្យាករណ៍ទាំងឡាយរបស់អ័ប៊ីណាដៃ ។
សូមស្រម៉ៃថា អ្នកបានរស់នៅក្នុងដែនដីលីហៃ-នីហ្វៃក្នុងរជ្ជកាលរបស់ស្តេចណូអេ ហើយបានបដិសេធការបង្រៀនទាំងឡាយរបស់អ័ប៊ីណាដៃ ។ឥឡូវនេះ អ្នក និង ប្រជាជនរបស់អ្នក រស់នៅក្រោមសេវកភាពនៃពួកសាសន៍លេមិន ដូចដែលអ័ប៊ីណាដៃបានព្យាករ ។ តើអ្នកគិតថា អ្នកនឹងធ្វើអ្វី ?
ឥឡូវនេះ សូមគិតដល់ការសាកល្បង ឬ ទុក្ខវេទនាដែលអ្នកកំពុងជួបប្រទះពេលថ្មីៗនេះ ។សូមអានខខាងក្រោមក្នុងព្រះគម្ពីររបស់អ្នក ហើយគូសចំណាំអំពីអ្វីដែលខទាំងនោះបង្រៀនអំពីការស្វែងរក និង ការទទួលបានការរំដោះ ៖ ម៉ូសាយ 21:5, 14; 22:1–2; 23:23; និង 24:21 ។ដើម្បីបានរំដោះ ជាទូទៅ មានន័យថា ត្រូវបានគេដោះលែងឲ្យមានសេរីភាព ត្រូវបានគេជួយ ឬ ត្រូវបាននាំចេញពីអ្វីមួយ ។
នៅពេលអ្នកអានសេចក្តីថ្លែងការណ៍តទៅនេះដោយអែលឌើរ រីឆាដ ជីស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ សូមគូសបន្ទាត់នៅពីខាងក្រោមប្រភពពីរ ដែលលោកបានថ្លែងអំពីការសាកល្បង និង ទុក្ខវេទនា ដែលយើងជួបប្រទះក្នុងជីវិតរស់នៅរបស់យើង ៖ « គ្មាននរណាម្នាក់ចង់បានទុក្ខវេទនានោះឡើយ ។ការសាកល្បង ការខកចិត្ត ការមិនសប្បាយចិត្ត និង ការឈឺចិត្ត កើតមានមកលើយើង តាមរយៈប្រភពមូលដ្ឋានពីរផ្សេងពីគ្នា ។អ្នកទាំងឡាយណាដែលប្រព្រឹត្តរំលងច្បាប់ព្រះ នឹងមានឧបសគ្គទាំងនោះជានិច្ច ។មូលហេតុមួយទៀតអំពីទុក្ខវេទនា គឺដើម្បីសម្រេចគោលបំណងរបស់ព្រះអម្ចាស់ក្នុងជីវិតរបស់យើង ដើម្បីយើងអាចទទួលការបន្សុទ្ធមកពីការសាកល្បងនោះ ។វាជាការសំខាន់ខ្លាំងណាស់សម្រាប់យើងម្នាក់ៗដើម្បីស្គាល់ថា តើប្រភពមួយណា នៃប្រភពទាំងពីរនេះដែលនាំមកនូវការសាកល្បង និង ឧបសគ្គទាំងឡាយ ដ្បិតសកម្មភាពកែតម្រូវ គឺខុសពីគ្នាខ្លាំងណាស់ » ( “Trust in the Lord,” Ensignខែ វិច្ឆិកា ឆ្នាំ 1995 ទំព័រ 16 ) ។
ប្រជាជនរបស់លិមហៃ ត្រូវបានធ្លាក់ក្នុងសេវកភាព ដោយសារតែការមិនគោរពប្រតិបត្តិ ខណៈដែលប្រជាជនសុចរិតរបស់ អាលម៉ា ជួបទុក្ខវេទនាដែលនឹងបន្សុទ្ធពួកគេ ។ប្រជាជនរបស់ លិមហៃ បានបន្ទាបខ្លួន ហើយបាននាំទៅរកព្រះ ដោយសារតែសេវកភាពរបស់ពួកគេ ។ការសិក្សាដំណើររឿងនៃការរំដោះដ៏ទេវភាពទាំងពីរនេះ អាចជួយអ្នកបង្កើនសេចក្តីជំនឿរបស់អ្នកដើម្បីអំពាវនាវរកព្រះអម្ចាស់សុំការរំដោះចេញពីទុក្ខវេទនាអ្វីក៏ដោយដែលអ្នកកំពុងជួប ។
-
ក្នុងតារាងខាងក្រោមនេះ សំណួរដំបូងថា —តើពួកគេបានធ្លាក់ក្នុងសេវកភាពយ៉ាងដូចម្តេច ?—គឺត្រូវបានឆ្លើយសម្រាប់អ្នក ។ក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរទីពីរ ៖ តើពួកគេត្រូវបានរំដោះដោយរបៀបណា ?
ប្រជាជនរបស់លិមហៃ |
ប្រជាជនរបស់អាលម៉ា | |
---|---|---|
តើពួកគេបានធ្លាក់ក្នុងសេវកភាពយ៉ាងដូចម្តេច ? |
( ម៉ូសាយ 20:21–22; 21:1–4 ) ដោយសារប្រជាជនមិនប្រែចិត្ត នោះព្រះអម្ចាស់បានប្រទានអំណាចដល់ពួកសាសន៍លេមិន ដើម្បីនាំប្រជាជនឲ្យធ្លាក់ក្នុងសេវកភាព ។ |
( ម៉ូសាយ 23:1–4, 19–20, 25–38; 24:8–9 ) ប្រជាជនបានរក្សាសេចក្តីសញ្ញាទាំងឡាយរបស់ពួកគេ ប៉ុន្តែពួកគេបានក្បត់ ចាប់ខ្លួន ហើយត្រូវបានបៀតបៀនដោយប្រជាជនទុច្ចរិត ។ |
តើពួកគេត្រូវបានរំដោះយ៉ាងដូចម្តេច ? |
( ម៉ូសាយ 24:17–25 ) |
សូមសញ្ជឹងគិតអំពីចម្លើយទាំងឡាយ ចំពោះសំណួរខាងក្រោមនេះ អំពីប្រជាជនរបស់លិមហៃ ៖
-
យោងទៅតាមម៉ូសាយ 21:6តើមានភស្តុតាងអ្វីខ្លះ ដែលបង្ហាញថា ក្រុមរបស់លិមហៃមិនទាន់បានបន្ទាបខ្លួនពួកគេ ហើយបែរទៅរកព្រះអម្ចាស់ ?តើការណ៍នេះផ្ទុយគ្នាយ៉ាងដូចម្តេច ទៅនឹងរបៀបដែលប្រជាជនរបស់អាលម៉ាបានឆ្លើយតបទៅនឹងសេវកភាពរបស់ពួកគេ ?សូមគិតអំពីបទពិសោធន៍នៃក្រុមរបស់លិមហៃ តើអ្នកបានរៀនអ្វីដែលអាចជួយអ្នកឲ្យឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹងការសាកល្បងផ្ទាល់ខ្លួនអ្នក ?
-
បើទោះជាប្រជាជនរបស់ លិមហៃ ពុំបានរំដោះភ្លាមៗចេញពីទុក្ខវេទនាក៏ដោយ តើព្រះអម្ចាស់បានប្រទានពរពួកគេយ៉ាងដូចម្តេច ?( អ្នកអាចចង់គូសចំណាំឃ្លា « ចម្រើនឡើងបន្តិចៗម្តង » នៅក្នុងម៉ូសាយ 21:16 ) ។តើអ្នកធ្លាប់មានអារម្មណ៍ថា ព្រះអម្ចាស់បានជួយអ្នកឆ្លងកាត់ការសាកល្បងបន្តិចម្តងៗដែរឬទេ ?
-
តើអ្នកគិតថា អាកប្បកិរិយានៃមនុស្សដែលពិពណ៌នាក្នុងម៉ូសាយ 21:30–33បានរួមចំណែកក្នុងការរំដោះចុងក្រោយរបស់ពួកគេយ៉ាងដូចម្តេច ?
-
សូមជ្រើសរើសសេចក្តីពិតមួយនៃសេចក្តីពិតតទៅនេះ ដែលបានដកចេញពីអ្វីដែលអ្នកបានសិក្សាអំពីការសាកល្បង និង ការរំដោះនៃប្រជាជនរបស់លិមហៃ ។នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរកថាខណ្ឌមួយដែលពន្យល់ពីរបៀបដែលអ្នកអាចអនុវត្តសេចក្តីពិតនោះក្នុងជីវិតរបស់អ្នក ។
-
នៅពេលយើងបន្ទាបខ្លួន អំពាវនាវរកព្រះ ហើយប្រែចិត្តពីអំពើបាបទាំងឡាយរបស់យើង នោះទ្រង់នឹងឮការអធិស្ឋានរបស់យើង ហើយសម្រាលបន្ទុកទាំងឡាយនៃអំពើបាបរបស់យើង តាមពេលវេលារបស់ទ្រង់ផ្ទាល់ ។
-
នៅពេលយើងចុះសេចក្តីសញ្ញាដើម្បីបម្រើព្រះ និង រក្សាបទបញ្ញត្តិរបស់ទ្រង់ ព្រះអម្ចាស់នឹងប្រទានផ្លូវមួយសម្រាប់ការរំដោះរបស់យើង ។
-
សូមគិតអំពីទុក្ខវេទនា និង ការរំដោះនៃក្រុមរបស់អាលម៉ា ពេលអ្នកអានសេចក្តីថ្លែងការណ៍ដែលថ្លែងដោយអែលឌើរ រីឆាដ ជី. ស្កត ៖ « នៅពេលយើងមើលទៅអ្វីៗហាក់បីដូចជាដំណើរការល្អហើយ ជាញឹកញាប់មានឧបសគ្គស្មុគស្មាញនានា កើតឡើងក្នុងពេលដំណាលគ្នានោះដែរ ។ខណៈដែលការសាកល្បងទាំងនោះ ពុំមែនជាលទ្ធផលនៃការមិនគោរពប្រតិបត្តិរបស់អ្នក នោះវាគឺជាភស្តុតាងដែល ព្រះអម្ចាស់ទ្រង់មានព្រះទ័យថា អ្នកបានរៀបចំខ្លួនដើម្បីរីកចម្រើនបន្ថែមទៀត ។ ( សូមមើលសុភាសិត 3:11–12 ) ។ដូច្នេះទ្រង់ប្រទានឲ្យអ្នកនូវបទពិសោធន៍ដែលជួយឲ្យមានការរីកចម្រើនចំពោះការយល់ដឹង និង សេចក្ដីមេត្តាដែលដុះខាត់អ្នកសម្រាប់ជាប្រយោជន៍ដ៏អស់កល្បជានិច្ចរបស់អ្នក ។ដើម្បីយកអ្នកពីកន្លែងដែលអ្នកស្ថិតនៅទៅកាន់កន្លែងដែលទ្រង់ចង់ឲ្យអ្នកប្រែក្លាយ តម្រូវឲ្យមានការកែតម្រង់ជាច្រើន ហើយដែលជាទូទៅ តម្រូវឲ្យមានការលំបាក និង ការឈឺចាប់ »( “Trust in the Lord,” ទំព័រ16–17 ) ។
សូមគូសចំណាំពាក្យ និង ឃ្លាទាំងឡាយក្នុងម៉ូសាយ 23:21–22ដែលបង្ហាញថាព្រះអម្ចាស់នឹងសាកល្បងចំពោះសេចក្តីអត់ធ្មត់ និង សេចក្តីជំនឿរបស់យើង ដើម្បីជួយយើងបង្កើនសេចក្តីទុកចិត្តលើទ្រង់ ( សូមមើលគ.និង ស. 122:5–7ផងដែរ ) ។
សូមសរសេរចម្លើយខ្លីទាំងឡាយអំពីសំណួរខាងក្រោមនេះក្នុងសៀវភៅសិក្សានេះ ៖
-
តើអ្នកគិតថា អ្វីគឺជាការសាកល្បងដ៏ពិបាកបំផុតដើម្បីស៊ូទ្រាំ បើសិនអ្នកស្ថិតក្នុងចំណោមប្រជាជនរបស់អាលម៉ា អំឡុងព្រឹត្តិការណ៍ទាំងឡាយដែលបានកត់ត្រាក្នុងម៉ូសាយ 23–24 ?ហេតុអ្វី ?
-
តើអ្នកអាចរៀនអ្វីខ្លះ អំពីរបៀបដែលអាលម៉ា និង ប្រជាជនរបស់លោក បានឆ្លើយតបចំពោះការសាកល្បងទាំងឡាយរបស់ពួកគេ ?( សូមមើលម៉ូសាយ 24:1–12, 15–16 ) ។
-
បើទោះជាព្រះអម្ចាស់ មិនបានរំដោះប្រជាជនរបស់អាលម៉ាភ្លាមៗក៏ដោយ តើទ្រង់បានធ្វើអ្វីខ្លះ សម្រាប់ពួកគេជាដំបូង ?( សូមមើល ម៉ូសាយ 24:15 ) ។
គោលការណ៍មួយដែលយើងអាចរៀនពីបទពិសោធន៍នៃប្រជាជនរបស់អាលម៉ា គឺថា នៅពេលយើងចុះចូលនឹងព្រះហឫទ័យរបស់ព្រះអម្ចាស់ដោយអត់ធ្មត់ នោះទ្រង់នឹងពង្រឹងយើង ហើយរំដោះយើងចេញពីការសាកល្បងទាំងឡាយរបស់យើង តាមពេលវេលារបស់ទ្រង់ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមពន្យល់អំពីអ្វីដែលអ្នកគិតថា ជាអត្ថន័យនៃពាក្យចុះចូលនឹងព្រះហឫទ័យរបស់ព្រះអម្ចាស់ដោយអត់ធ្មត់នៅគ្រានៃការសាកល្បង និង អំពីរបៀបដែលការធ្វើដូច្នេះ អាចរៀបចំអ្នកឲ្យទទួលបានកម្លាំង និង ពរជ័យទាំងឡាយ ដែលទ្រង់នឹងប្រទានឲ្យ ដើម្បីជួយអ្នកឆ្លងកាត់ពេលលំបាកនោះ ។
នៅពេលចាប់ផ្តើមមេរៀននេះ អ្នកត្រូវបានស្នើសុំឲ្យគិតដល់ការសាកល្បង ឬ ទុក្ខវេទនាទាំងឡាយ ដែលអ្នកជួបនាពេលថ្មីៗនេះ ។នៅពេលអ្នកនឹកដល់រឿងទាំងនោះ សូមពិចារណាសរសេរចម្លើយទាំងឡាយ ចំពោះសំណួរខាងក្រោមនេះក្នុងសៀវភៅកំណត់ហេតុផ្ទាល់ខ្លួនរបស់អ្នក ឬ នៅលើក្រដាសមួយសន្លឹកដាច់ដោយឡែក ៖
-
តើខ្ញុំកំពុងជួបការសាកល្បងអ្វីខ្លះថ្មីៗនេះក្នុងជីវិតរបស់ខ្ញុំ ?
-
តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីរៀបចំខ្លួនទទួលព្រះចេស្តានៃការរំដោះរបស់ព្រះអម្ចាស់ក្នុងជីវិតរបស់ខ្ញុំ ?
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សាម៉ូសាយ 21–24 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖