មេរៀនទី 2 ៖ ថ្ងៃទី 3
នីហ្វៃទី1 3–4
សេចក្តីផ្តើម
ព្រះអម្ចាស់បានបញ្ជាលោកលីហៃឲ្យបញ្ជូនកូនប្រុសៗ របស់គាត់ឲ្យត្រឡប់ទៅក្រុងយេរូសាឡិមដើម្បីទៅយកផ្ទាំងលង្ហិនពីឡាបាន់ ។ ខណៈដែលលេមិន និង លេមយួលមិនបានយល់អំពីរបៀបដែលពួកគេនឹងបំពេញតាមការបញ្ជានេះ នោះនីហ្វៃមានសេចក្តីជំនឿថា ព្រះអម្ចាស់នឹងរៀបចំផ្លូវមួយដើម្បីឲ្យសម្រេចនូវអ្វីៗដែលទ្រង់បានស្នើឲ្យធ្វើ ។ បើទោះជាមានការលំបាកម្តងហើយម្តងទៀត ក៏នីហ្វៃនៅតែតស៊ូដោយស្មោះត្រង់ក្នុងការធ្វើនូវអ្វីៗដែលព្រះអម្ចាស់បានស្នើឲ្យធ្វើ ។ ជាលទ្ធផល លោកត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ និង យកបានផ្ទាំងប្រវត្តិទាំងឡាយដោយជោគជ័យ ។ បទពិសោធន៍របស់នីហ្វៃបង្ហាញថា ការគោរពប្រតិប្រត្តិខ្ជាប់ខ្ជួនបានធ្វើឲ្យមានភាពសក្តិសមទទួលជំនួយរបស់ព្រះអម្ចាស់នៅក្នុងស្ថានភាពពិបាកទាំងឡាយ ។
នីហ្វៃទី1 3:1–9,19–20
កូនប្រុសទាំងឡាយរបស់លីហៃបានត្រឡប់ទៅក្រុងយេរូសាឡិមវិញ
តើអ្នកធ្លាប់បានប្រឈមមុខនឹងស្ថានភាពពិបាក ហើយបានឆ្ងល់ថា តើត្រូវដោះស្រាយវាដោយរបៀបណាដែរឬទេ ? មេរៀននៅថ្ងៃនេះអាចជួយអ្នកឲ្យពង្រឹងសេចក្តីជំនឿរបស់អ្នក និង ការតាំងចិត្តដើម្បីគោរពតាមនៅពេលអ្នកប្រឈមមុខនឹងស្ថានភាពពិបាកទាំងឡាយ ។ សូមចាប់ផ្តើមអាននីហ្វៃទី1 3:1–6 ហើយគូសចំណាំខគម្ពីររបស់អ្នកអំពីការបញ្ជាដែលព្រះអម្ចាស់បានប្រទានឲ្យលោកលីហៃសម្រាប់ឲ្យកូនប្រុសទាំងឡាយរបស់លោកបំពេញ ។ សូមកត់សម្គាល់នូវភាពខុសគ្នាអំពីរបៀបដែលលេមិន និង លេមយួលបានប្រព្រឹត្តិតបតនឹងការបញ្ជារបស់ព្រះអម្ចាស់ដែលផ្ទុយគ្នាទៅនឹងការប្រព្រឹត្តិរបស់នីហ្វៃ ។
ដើម្បីយល់ដឹងពីការលំបាកចំពោះអ្វីៗដែលព្រះអម្ចាស់បានបញ្ជា នោះវាមានប្រយោជន៍ដើម្បីដឹងថា ចម្ងាយពីក្រុងយេរូសាឡិមទៅកាន់សមុទ្រក្រហម( ឈូងសមុទ្រអាខ្វាប៉ា ) គឺមានចម្ងាយ 180ម៉ាយ( ចម្ងាយប្រវែង 290គ.ម.)ដែលជាតំបន់ក្តៅខ្លាំង ជាប្រទេសសំបូរទៅដោយចោរប្លន់ ។ លីហៃ និង គ្រួសាររបស់លោកបានធ្វើដំណើរអស់រយៈពេលបីថ្ងៃដើម្បីឆ្លងកាត់តំបន់នេះ ( សូមមើលនីហ្វៃទី1 2:5–6) ហើយនៅពេលនេះព្រះអម្ចាស់បានមានបន្ទូលថា កូនទាំងឡាយរបស់លោកត្រូវតែត្រឡប់ទៅក្រុងយេរូសាឡិមវិញ ។ សូមអាននីហ្វៃទី1 3:7–8ហើយសូមស្វែងរកមូលហេតុដែលនីហ្វៃបានធ្វើតាមឆន្ទៈរបស់គាត់ដើម្បីគោរពតាមការបញ្ជារបស់ព្រះអម្ចាស់ ។
នីហ្វៃបានធ្វើទីបន្ទាល់ចំពោះគោលការណ៍នោះថា បើសិនយើងធ្វើនូវអ្វីៗដែលព្រះអម្ចាស់បញ្ជា នោះទ្រង់នឹងរៀបចំផ្លូវមួយដើម្បីឲ្យយើងអាចសម្រេចតាមការណ៍ទាំងនោះ ។ នៅពេលអ្នកបន្តសិក្សា នីហ្វៃទី1 3 សូមគិតអំពីគំរូដ៏ក្លាហាន និង ការប្តេជ្ញាចិត្តរបស់នីហ្វៃដែលអាចបំផុសគំនិតអ្នកឲ្យកាន់តែគោរពប្រតិបត្តិតាម និង បង្ហាញសេចក្តីជំនឿកាន់តែមុតមាំទៅលើព្រះអម្ចាស់ ។ សូមយកចិត្តទុកដាក់ជាពិសេសចំពោះរបៀបដែលនីហ្វៃបានឆ្លើយតបចំពោះការលំបាកទាំងឡាយ ។បើទោះជានីហ្វៃប្រឈមមុខនឹងសេចក្តីវេទនានៅពេលដែលលោក និង បងប្រុសរបស់លោកបានព្យាយាមទៅយកផ្ទាំងលង្ហិនក៏ដោយ ក៏លោកបានជ្រើសរើសមិនរអ៊ូររទាំឡើយ ( សូមមើលនីហ្វៃទី 1 3:6 ) ។
ផ្ទាំងលង្ហិននេះមានសរសេរអំពី « បញ្ជីប្រវត្តិនៃពួកសាសន៍យូដា » ( នីហ្វៃទី1 3:3 ) ដែលនោះជាព្រះគម្ពីររបស់ពួកគេ ។ ព្រះគម្ពីរទាំងនេះមានការសរសេរ និង ពត៌មានមួយចំនួនដែលបានរកឃើញថ្មីៗនេះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រមទាំងនៅក្នុងការសរសេរដទៃៗទៀតរបស់ពួកព្យាការី ។ សូមអាននីហ្វៃទី1 3:19–20 ហើយសូមគូសបន្ទាត់ពីក្រោមអ្វីដែលផ្ទាំងលង្ហិនបានសរសេរដែលធ្វើឲ្យផ្ទាំងទាំងនោះមានសារៈសំខាន់ចំពោះគ្រួសារលោកលីហៃ និង ពូជពង្សទាំងឡាយ ។
ចំណេះចំណានខគម្ពីរ—នីហ្វៃទី1 3:7
សូមអាន នីហ្វៃ1 3:7 ឲ្យបានបីដង ( អ្នកអាចផ្លាស់ប្តូររបៀបដែលអ្នកអានវាបាន ៖ អានឮៗ ឬ អានខ្សឹបៗ ) ។ សូមបិទព្រះគម្ពីររបស់អ្នក ហើយព្យាយាមសរសេរចម្លើយចំពោះសំណួរទាំងឡាយខាងក្រោមដោយពុំមើលខគម្ពីរ ៖
-
តើនីហ្វៃកំពុងនិយាយទៅកាន់នរណា ?
-
តើនីហ្វៃបានតាំងចិត្តធ្វើអ្វី ?
-
តើនីហ្វៃបានដឹងថាព្រះនឹងធ្វើអ្វីខ្លះ ?
សូមបើកព្រះគម្ពីររបស់អ្នក ហើយពិនិត្យមើល នីហ្វៃទី1 3:7 ឡើងវិញ ហើយផ្ទៀងជាមួយនឹងចម្លើយរបស់អ្នក ។
ព្យាការី យ៉ូសែប ស្ម៊ីធ បានមានប្រសាសន៍ថា « ខ្ញុំបានធ្វើឲ្យខគម្ពីរនេះក្លាយជាច្បាប់របស់ខ្ញុំ ៖ នៅពេលព្រះអម្ចាស់បញ្ជា ចូរធ្វើវា » ( នៅក្នុង History of the Church 2:170 )។ សូមសរសេរសេចក្តីថ្លែងនេះនៅក្នុងព្រះគម្ពីររបស់អ្នកនៅក្បែរនឹង នីហ្វៃទី1 3:7 ។
នីហ្វៃទី1 3:10–31
ឡាបាន់បានលួចយកទ្រព្យសម្បត្តិរបស់លោកលីហៃ និង ព្យាយាមរកសម្លាប់នីហ្វៃ និង បងប្រុសទាំងឡាយរបស់លោក
ព្រះប្រទានពរដល់យើងតាមរបៀបផ្សេងពីគ្នា នៅពេលយើងគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។ បទពិសោធន៍របស់នីហ្វៃក្នុងការទទួលបានផ្ទាំងលង្ហិនមកវិញ បានជួយពង្រឹងទីបន្ទាល់របស់លោកដែលថា ព្រះពិតជារៀបចំផ្លូវមួយសម្រាប់កូនចៅរបស់ទ្រង់ ដើម្បីសម្រេចបានតាមព្រះបញ្ញត្តិរបស់ទ្រង់ ( សូមមើលនីហ្វៃទី 1 3:7 ) ។ សូមប្រើប្រាស់តារាងខាងក្រោមនេះដើម្បីសិក្សាអំពីការប៉ុនប៉ងចំនួនពីរលើកដំបូងរបស់កូនប្រុសទាំងឡាយរបស់លោកលីហ្វៃដើម្បីទៅយកផ្ទាំងលង្ហិន ។ សូមសរសេរចម្លើយចំពោះសំណួរទាំងឡាយនៅក្នុងតារាងសម្រាប់ការប្រឹងប្រែងនិមួយៗ ឬ អ្នកអាចបំពេញវានៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក ។
កំណត់សំគាល់ ៖ នៅក្នុងសម័យកាលរបស់នីហ្វៃ ការចាប់ឆ្នោត ( សូមមើលនីហ្វៃទី1 3:11 ) គឺជាវិធីតាមទម្លាប់មួយក្នុងការសម្រេចចិត្ត ។ ពីមុនការចាប់ឆ្នោត នីហ្វៃ និង បងប្រុសរបស់លោកបានស្វែងរកការណែនាំពីព្រះអម្ចាស់ក្នុងការបំពេញតាមព្រះបញ្ញត្តិដើម្បីទៅយកផ្ទាំងលង្ហិន ( សូមមើល សុភាសិត 16:33 Bible Dictionary « ឆ្នោត, ការចាប់ឆ្នោតនៃ » ) ។
សំណួរ |
ការប្រឹងប្រែងលើកទីមួយ |
ការប្រឹងប្រែងលើកទីពីរ |
---|---|---|
| ||
| ||
|
-
បន្ទាប់ពីការប្រឹងប្រែងលើកទីមួយរបស់ពួកគេដើម្បីទទួលផ្ទាំងលង្ហិនត្រូវបានទទួលបរាជ័យ នោះនីហ្វៃ និង ពួកបងប្រុសរបស់លោក « មានចិត្តទុក្ខព្រួយជាខ្លាំង » ( នីហ្វៃទី1 3:14) ។ សូមពិនិត្យមើលនីហ្វៃទី1 3:15–16 ឡើងវិញ ហើយសូមពិពណ៌នានៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នកពីរបៀបដែលនីហ្វៃឆ្លើយតបចំពោះការបរាជ័យ ជាលើកដំបូង ដែលខុសពីការឆ្លើយតបរបស់បងប្រុសទាំងឡាយរបស់លោក ។
-
បន្ទាប់ពីការពិចារណាអំពី ការប្រឹងប្រែងជាលើកទីពីរ ( សូមមើលនីហ្វៃទី1 3:21–31) សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក ៖ តើកំហឹង ការរអ៊ូររទាំ និង ការឥតជំនឿបានរារាំងយើងពីការស្តាប់តាមព្រះតាមរបៀបណាខ្លះ ?
នីហ្វៃទី1 4:1–26
នីហ្វៃយកបានផ្ទាំងលង្ហិន
សូមស្វែងរកសំណួរទាំងឡាយដែលលេមិន និង លេមយួលបានសួរនៅក្នុងនីហ្វៃទី1 3:31 ។ បើសិនអ្នកជានីហ្វៃវិញ តើអ្នកនឹងឆ្លើយតបចំពោះសំណួរទាំងឡាយរបស់ពួកគេយ៉ាងដូចម្តេច ? សូមអាន នីហ្វៃទី 1 4:1–3 សូមរកមើលចម្លើយរបស់នីហ្វៃចំពោះសំណួរទាំងឡាយរបស់បងប្រុសលោក ។ តើអ្នកគិតថា ហេតុអ្វីនីហ្វៃបានលើកឡើងនូវគំរូរបស់ម៉ូសេ និង សមុទ្រក្រហមក្នុងការឆ្លើយតបចំពោះសំណួររបស់ពួកគេ ? សូមសរសេរឃ្លាមួយពីការឆ្លើយតបរបស់នីហ្វៃទៅកាន់បងប្រុសទាំងឡាយរបស់លោកដែលធ្វើឲ្យ អ្នកទទួលបានការលើកទឹកចិត្ត ៖
ម៉ូសេបានប្រឈមមុខនឹងកិច្ចការមួយដែលមើលទៅហាក់ដូចជាមិនអាចធ្វើទៅរួចទេ នៅពេលដែលគាត់ត្រូវបានប្រាប់ឲ្យនាំកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ ។ បើទោះជាមានការប្រឹងប្រែងម្តងហើយម្តងទៀតក៏ដោយ ក៏លោកមិនអាចបញ្ចុះបញ្ចូល ផារ៉ោន ឲ្យដោះលែងពួកសាសន៍អ៊ីស្រាអែលបានឡើយ ។ ទោះយ៉ាងណាក៏ដោយ ម៉ូសេបានព្យាយាមធ្វើនូវអ្វីៗដែលព្រះអម្ចាស់បានបញ្ជាដល់លោក ហើយព្រះអម្ចាស់បានរៀបចំផ្លូវសម្រាប់លោកដើម្បីដោះលែងពួកអ៊ីស្រាអែល ។
នីហ្វៃបានអនុវត្តតាមគំរូរបស់លោកម៉ូសេសម្រាប់កាលៈទេសៈផ្ទាល់ខ្លួនរបស់លោក ហើយលោកក៏បានទុកចិត្តផងដែរថា ព្រះនឹងរៀបចំផ្លូវសម្រាប់លោកដើម្បីទទួលបានផ្ទាំងលង្ហិន បើទោះជាតាមរបៀបណាក៏ដោយ ។ នៅពេលអ្នកសិក្សាដំណើររឿងដែលនៅសល់ សូមរកមើលលទ្ធផលទាំងឡាយដែលទទួលបានមកពីការតស៊ូ និង ការប្តេជ្ញាចិត្តរបស់នីហ្វៃដើម្បីគោរពប្រតិបត្តិតាម បើទោះជាបរាជ័យនៅពេលដំបូងក៏ដោយ ។
តើអ្នកធ្លាប់ចង់ធ្វើអ្វីមួយ ឬ ទទួលអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីមួយ ដោយមិនទាន់បានដឹងជាមុននូវមូលហេតុ ពេលណា ឬ របៀបណាឬទេ ? ប្រធាន ហារ៉ូល ប៊ី. លី បានសង្កេតឃើញថា ជារឿយៗ នៅក្នុងស្ថានភាពទាំងនេះយើង « ចង់ឃើញចុងបញ្ចប់ពីមុនការចាប់ផ្តើម » ពីមុនពេលយើងនឹងធ្វើតាមការដឹកនាំរបស់ព្រះអម្ចាស់ ហើយលោកបានផ្តល់ដំបូន្មានខាងក្រោមនេះ ៖ « អ្នកត្រូវតែរៀនដើរឆ្ពោះទៅរកពន្លឺ ហើយឈានពីរបីជំហានចូលក្នុងទីងងឹត បន្ទាប់មកពន្លឺរះឡើង និង បង្ហាញផ្លូវនៅពីមុខអ្នក » ( ការដកស្រង់ពីប្រសាសន៍ ប៊យដ៍ ឃេ ផាកកឺ « The Edge of the Light » BYU Today ខែ មិនា ឆ្នាំ 1991 ទំព័រ 23 ) ។
សូមអាន នីហ្វៃទី1 4:4–7 ហើយសូមស្វែងរករបៀបដែលនីហ្វៃឈានឆ្ពោះទៅរកទីងងឹត ( ជាទីដែលមិនស្គាល់ ) ដោយសេចក្តីជំនឿ ។
តើមានអ្វីសំខាន់ចំពោះឃ្លាថា « ទោះជាយ៉ាងក៏ដោយ គង់តែខ្ញុំដើរតម្រង់ទៅមុខ » ( នីហ្វៃទី1 4:7) ?
-
នៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក សូមពិពណ៌នាអំពីស្ថានភាពមួយដែលយុវជន ឬ យុវនារីម្នាក់អាចសុំឲ្យធ្វើអ្វីមួយ ឬ អាចដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធដើម្បីធ្វើអ្វីមួយ ដោយមិនបានដឹងជាមុនថា តើនឹងមានលទ្ធផលអ្វីកើតឡើងនោះទេ ។ ប្រហែលជាមានពេលមួយ ដែលអ្នកបានដើរតម្រង់ឆ្ពោះទៅមុខដោយសេចក្តីជំនឿ ដោយពុំបានដឹងជាមុនពីរបៀប ឬពេលណាដែលព្រះនឹងជួយ ។ បើដូច្នេះមែន សូមកត់ទុកបទពិសោធន៍នេះនៅក្នុងសៀរភៅកំណត់ហេតុរបស់អ្នក ។ អ្នកក៏អាចចង់ចែកចាយវានៅក្នុងថ្នាក់រៀនផងដែរ ។
នីហ្វៃបានរៀនពីមូលហេតុ ពេលវេលា និង របៀបដែលព្រះអម្ចាស់នឹងជួយគាត់ឲ្យសម្រេចបានតាមព្រះបញ្ញាត្តិដើម្បីយកបាននូវផ្ទាំងទាំងឡាយ គឺមានតែតាមរយៈ បន្ទាប់ពី លោកបានអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធដឹកនាំលោក ហើយបន្ទាប់មកលោកបានសម្រេចចិត្តដើម្បីដើរតម្រង់ទៅមុខដោយសេចក្តីជំនឿប៉ុណ្ណោះ ។ សូមអាននីហ្វៃទី 1 4:8–26 ហើយសូមកត់សម្គាល់ពីរបៀបដែលព្រះអម្ចាស់បានជួយនីហ្វៃឲ្យយកបានផ្ទាំងលង្ហិន ។
-
នៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក សូមធ្វើបញ្ជីអំពីមូលហេតុទាំងឡាយដែលព្រះវិញ្ញាណជំរុញឲ្យនីហ្វៃប្រហារឡាបាន់ ( សូមមើលនីហ្វៃទី1 4:8–13 ) ។
-
សូមឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកបានរៀនអ្វីខ្លះពីកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់នីហ្វៃដើម្បីទៅយកផ្ទាំងលង្ហិន ដែលអាចជួយអ្នកឲ្យទទួលជោគជ័យពីឧបសគ្គទាំងឡាយដែលអ្នកប្រឈមមុខ ឬ នឹងប្រឈមមុខនៅក្នុងជីវិតរបស់អ្នក ?
នៅពេលអ្នកត្រូវបានប្រឈមមុខនៅគ្រាណាមួយនៅក្នុងជីវិតរបស់អ្នក ដោយពុំដឹងថា កើតឡើងតាមរបៀបណា មូលហេតុអ្វី ឬ នៅពេលណានោះ សូមចងចាំនូវគោលការណ៍មួយពីបទពិសោធន៍របស់នីហ្វៃដែលបានបង្ហាញ ៖ នៅពេលអ្នកអនុវត្តសេចក្តីជំនឿទៅលើព្រះ និង ព្យាយាមធ្វើនូវអ្វីៗដែលទ្រង់សុំឲ្យធ្វើ សូម្បីតែនៅពេលយើងមិនអាចឃើញលទ្ធផលក៏ដោយ នោះទ្រង់នឹងដឹកនាំយើងដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ។
សេចក្តីអត្ថាធិប្បាយ និង ព័ត៌មានអំពីប្រវត្តិ
ការបញ្ជាឲ្យប្រហារឡាបាន់
ព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀនថា នោះគឺជាព្រះអម្ចាស់ដែលបង្កើតមាត្រដ្ឋាននៃភាពត្រូវ និង ខុស ៖ « ព្រះបានមានបន្ទូលថា ‹ កុំឲ្យសម្លាប់មនុស្សឲ្យសោះ ›[ និក្ខមនំ 20:13] ទ្រង់ក៏មានបន្ទូលនៅគ្រាផ្សេងទៀតថា ‹ ត្រូវឲ្យបំផ្លាញគេឲ្យអស់រលីងវិញ › [ចោទិយកថា 20:17] ។ នេះគឺជាគោលការណ៍ដែលការត្រួតត្រានៃស្ថានសួគ៌ត្រូវបានដឹកនាំ—ដោយវិវរណៈដើម្បីឲ្យដើរស្របតាមកាលៈទេសៈ ដែលកូនចៅនៃនរគត្រូវបានរស់នៅតាម ។ អ្វីក៏ដោយដែលព្រះតម្រូវឲ្យធ្វើ គឺជាការត្រឹមត្រូវ មិនថាការណ៍អ្វីនោះទេ បើទោះជាយើងមិនអាចយល់អំពីមូលហេតុនោះ លុះត្រាក្រោយពីព្រឹត្តិការណ៍ត្រូវបានលាតត្រដាងក៏ដោយ ។ បើសិនយើងស្វែងរកនរគនៃព្រះជាមុន នោះគ្រប់ការណ៍ទាំងអស់នឹងត្រូវបានបន្ថែម » ( នៅក្នុង History of the Church 5:135 ) ។
វាអាចជួយយើងឲ្យយល់អំពីមូលហេតុ ដែលព្រះអម្ចាស់តម្រូវឲ្យនីហ្វៃប្រហារឡាបាន់នៅពេលយើងពិចារណាសេចក្តីខាងក្រោមនេះ ៖ យ៉ាងហោចណាស់ ព្រះអម្ចាស់បានប្រទានឲ្យឡាបាន់នូវឱកាសពីរ ដើម្បីប្រគល់ផ្ទាំងលង្ហិនដោយស្ម័គ្រចិត្ត ប៉ុន្តែឡាបាន់ « មិនព្រមស្តាប់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ទេ » ( នីហ្វៃទី1 4:11 ) ។ ឡាបាន់គឺជាមនុស្សកុហក និង ជាចោរប្លន់ម្នាក់ ហើយគាត់បានព្យាយាមសម្លាប់លេមិន ហើយក៏ចង់ឲ្យគេសម្លាប់កូនប្រុសទាំងបួននាក់របស់លោកលីហ្វៃផងដែរបើតាមច្បាប់លោកម៉ូសេគឺអាចមានទោសដល់ស្លាប់ ( សូមមើលនិក្ខមនំ 21:14 ) ។ ព្រះអម្ចាស់បានជ្រាបថា វាគឺជាការចាំបាច់ណាស់សម្រាប់លោកលីហៃ និង ពូជពង្សរបស់លោកដើម្បីមានបញ្ជីប្រវត្តិព្រះគម្ពីរ ទោះបី « មនុស្សម្នាក់គួរតែវិនាសទៅ » ( នីហ្វៃទី1 4:13 ) សម្រាប់អ្វីដែលកើតឡើង ។
ផ្ទាំងលង្ហិនមិនត្រឹមតែបានប្រទានពរជ័យដល់មនុស្ស និង ជាតិទាំងឡាយពីព្រះគម្ពីរមរមនតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរក្សាទុក និង ផ្តល់នូវការបង្រៀនទាំងឡាយរបស់ពួកព្យាការីបុរាណសម្រាប់សម័យរបស់យើង នៅពេលដែលសេចក្តីសរសេរមួយចំនួនត្រូវបានចម្លងចូលផ្ទាំងមាសដែលសេចក្តីទាំងនេះត្រូវបានបកប្រែជាព្រះគម្ពីរមរមន ( ដូចជាពាក្យដកស្រង់ពី អេសាយ និង រូបបាធិដ្ឋានរបស់ស៊ីណូស ) ។ តាមរយៈព្រះគម្ពីរមរមន នោះការបង្រៀនទាំងឡាយពីផ្ទាំងលង្ហិនត្រូវបានប្រទានពរ និង បន្តប្រទានពរដល់ជីវិតមនុស្សរាប់លាននាក់ និង ជាតិទាំងឡាយនៅលើពិភពលោកនេះ ។ នៅចុងបញ្ចប់ គ្រប់ការទាំងនេះថិតនៅក្នុងភាពគ្រោះថ្នាក់ នៅពេលដែលនីហ្វៃបានឈរនៅចំពោះមុខឡាបាន់ ហើយបានធ្វើតាមសម្លេងនៃព្រះវិញ្ញាណ ។
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានផ្តល់យោបល់ថា « ការសាកល្បងខ្លីៗចំនួនបី » ដើម្បីជួយយើងជៀសវាងពីការបោកបញ្ឆោតនៅអំឡុងពេលស្ថានភាពពិបាកទាំងឡាយ ៖
« 1. តើបទដ្ឋានព្រះគម្ពីរបាននិយាយអ្វីខ្លះអំពីការបោកបញ្ឆោតនោះ ? អេសាយបានមានប្រសាសន៍ថា ‹ ចូរទៅបើកគម្ពីរបញ្ញត្តិ និង សេចក្តីបន្ទាល់មើល ៖ បើគេនិយាយមិនត្រូវនឹងព្រះបន្ទូលនោះ នោះគ្មានពន្លឺរះឡើងនៅក្នុងខ្លួនទេ › ។ ( អេសាយ 8:20 ) ។ …
« យើងត្រូវតែឧស្សាហ៍ព្យាយាមសិក្សាព្រះគម្ពីរ ។ ក្នុងចំណោមការសិក្សាដ៏មានសារៈសំខាន់ពិសេសចំពោះយើងនោះ គឺ ការសិក្សាព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្តីសញ្ញា ។ …
« 2. ការណែនាំទីពីរគឺ ៖ តើប្រធានសាសនាចក្រទាំងឡាយនៅថ្ងៃចុងក្រោយនេះត្រូវតែនិយាយអ្វីខ្លះស្តីប្រធានបទនោះ—ជាពិសេសប្រធានសាសនាចក្រដែលរស់នៅ ? …
« សព្វថ្ងៃនេះគឺមានតែបុរសម្នាក់គត់នៅលើផែនដីដែលនិយាយតំណាងឲ្យសាសនាចក្រ ។ ( សូមមើល គ. និង ស. 132:7; 21:4 ) ។ បុរសម្នាក់នោះគឺ [ ជា ] ប្រធាន [ នៃសាសនាចក្រ ] ។ ដោយសារលោកនិយាយប្រាប់អំពីព្រះបន្ទូលនៃព្រះអម្ចាស់ដល់យើងនៅសព្វថ្ងៃនេះ ពាក្យសម្តីរបស់លោក គឺមានសារៈសំខាន់ច្រើនជាងពួកព្យាការីដែលបានស្លាប់ទៅ ។ កាលណានិយាយដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ នោះពាក្យសម្តីរបស់លោកនឹងក្លាយទៅជាព្រះគម្ពីរ ។ ( សូមមើលគ. និង ស. 68:4 ) ។
« ប្រធានអាចនិយាយពីប្រធានបទណាមួយដែលលោកទទួលអារម្មណ៍ថា ចាំបាច់សម្រាប់ពួកបរិសុទ្ធ ។ …
« 3. ការសាកល្បងទីបី និង ចុងក្រោយនោះ គឺជាព្រះវិញ្ញាណបរិសុទ្ធ—ការសាកល្បងនៃព្រះវិញ្ញាណ ។ ដោយព្រះវិញ្ញាណនេះហើយដែលយើង ‹ … អាចស្គាល់សេចក្តីពិតនៃគ្រប់ការណ៍ទាំងអស់ › ។ ( មរ៉ូណៃ 10:5 ) ។ ការសាកល្បងនេះអាចមានប្រសិទ្ធិភាពពេញលេញ បើសិនសមត្ថភាពទំនាក់ទំនងរបស់អ្នកណាម្នាក់ជាមួយព្រះគឺមានភាពស្អាតស្អំ និង គុណធម៌ និង មិនប្រឡូកប្រឡាក់ជាមួយនឹងអំពើបាប » ( នៅក្នុង Conference Report ខែ តុលា ឆ្នាំ 1963 ទំព័រ 16—17 ) ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី1 3–4 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖