មេរៀនទី 11 ៖ ថ្ងៃទី 1
ពាក្យសម្តីនៃមរមន–ម៉ូសាយ 2
សេចក្តីផ្ដើម
ពាក្យសម្តីនៃមរមនគឺជាតំណរភ្ជាប់រវាងផ្ទាំងតូចនៃនីហ្វៃ និង សេចក្តីសង្ខេបរបស់មរមនពីផ្ទាំងធំនៃនីហ្វៃ ។ត្រូវបានសរសេររយៈពេលជិត 400 ឆ្នាំបន្ទាប់ពីការប្រសូត្រនៃព្រះយេស៊ូវគ្រីស្ទ គម្ពីរនេះមានការពន្យល់ខ្លីមួយអំពីអ្វីដែលជាផ្ទាំងតូចទាំងឡាយនៃនីហ្វៃ និង មូលហេតុដែលលោកមរមនមានអារម្មណ៍ថា ផ្ទាំងនោះគឺចាំបាច់ដាក់បញ្ចូលជាមួយនឹងការសរសេរដ៏ពិសិដ្ឋដទៃទៀត ។ពាក្យសម្តីនៃមរមនក៏ផ្តល់នូវការយល់ដឹងដ៏មានតម្លៃអំពីមូលហេតុដែលស្តេចបេនយ៉ាមីនបានមានឥទ្ធិពលដ៏មហិមាជាមួយប្រជាជនរបស់លោក ។
ផ្ទាំងតូចនៃនីហ្វៃបានផ្តល់ជាចម្បងនូវរឿងខាងវិញ្ញាណ និង ការបម្រើ និង ការបង្រៀនទាំងឡាយរបស់ពួកព្យាការី ។ភាគច្រើនបំផុតនៃផ្ទាំងធំនៃនីហ្វៃគឺមានប្រវត្តិសាស្ត្រខាងលោកិយនៃប្រជាជនដែលបានសរសេរដោយស្តេចទាំងឡាយ ដែលចាប់ផ្តើមជាមួយនឹងនីហ្វៃ ។( សូមមើល នីហ្វៃទី 1 9:2–4 )។ទោះជាយ៉ាងណា ចាប់ពីរជ្ជកាលនៃម៉ូសាយមក ផ្ទាំងធំក៏បានដាក់បញ្ចូលនូវរឿងទាំងឡាយអំពីសារៈសំខាន់ចម្បងៗខាងវិញ្ញាណផងដែរ ។
ផ្ទាំងមរមន ឬ ផ្ទាំងមាសបានប្រគល់ឲ្យលោកយ៉ូសែប ស៊្មីធ រួមមាននូវការសង្ខេបដោយមរមនចេញពីផ្ទាំងធំនៃនីហ្វៃ ព្រមទាំងមានបទអត្ថាធិប្បាយជាច្រើនផងដែរ ។ផ្ទាំងមាសទាំងនេះក៏មានប្រវត្តិសាស្ត្របន្តទៀតដែលសរសេរដោយមរមន និង សរសេរបន្ថែមទៀតដោយកូនប្រុសរបស់លោក គឺ មរ៉ូណៃ ។
ម៉ូសាយ 1 គឺជាបញ្ជីមួយនៃការបង្រៀនរបស់ស្តេចបេនយ៉ាមីនទៅកាន់ពួកកូនប្រុសរបស់ទ្រង់ ។ទ្រង់បានបង្រៀនពួកគេថា ព្រះគម្ពីរជួយយើងចងចាំពីព្រះ ហើយរក្សាបទបញ្ញតិ្តរបស់ទ្រង់ ។នៅពេលដែលស្តេចបេនយ៉ាមីនបានឈានដល់ចុងបញ្ចប់ជីវិតរបស់ទ្រង់ ទ្រង់បានមានបំណងចង់មានបន្ទូលទៅកាន់ប្រជារាស្ត្ររបស់ទ្រង់អំពីការបម្រើរបស់ទ្រង់ក្នុងនាមជាស្តេច ហើយលើកទឹកចិត្តពួកគេឲ្យគោរពប្រតិបត្តិដល់ព្រះ ។សុន្ទរកថារបស់ស្តេចបេនយ៉ាមីនត្រូវបានកត់ត្រាក្នុងម៉ូសាយ 2–5និង មានរៀបរាប់អំពីការរងទុក្ខ និង ដង្វាយធួនរបស់ព្រះគ្រីស្ទ មុខងារនៃសេចក្តីយុត្តិធម៌ និង សេចក្តីមេត្តាករុណា និង ភាពចាំបាច់ក្នុងការយកព្រះនាមព្រះគ្រីស្ទមកដាក់លើខ្លួនយើង តាមរយៈសេចក្តីសញ្ញា ។នៅដើមដំបូងនៃសុន្ទរកថារបស់ទ្រង់ដែលមានកត់ត្រាក្នុងម៉ូសាយ 2 ស្តេចបេនយ៉ាមីនបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបម្រើព្រះតាមរយៈការបម្រើដល់មនុស្សដទៃ និង ស្ថានភាពសុភមង្គលនៃអស់អ្នកទាំងឡាយណាដែលរក្សាបទបញ្ញតិ្ត ។
ពាក្យសម្ដីនៃមរមន 1:1–11
មរមនបង្រៀនថា ព្រះបានថែរក្សាបញ្ជីផ្សេងៗសម្រាប់គោលបំណងដ៏វាងវៃមួយ ។
សូមគិតអំពីគ្រាមួយនៅពេលអ្នកបានមានអារម្មណ៍ថា ទទួលការបំផុសគំនិតពីព្រះវិញ្ញាណឲ្យធ្វើអ្វីមួយ ។តើអ្នកដឹងទេថា ការណ៍ទាំងអស់នោះនឹងទៅជាយ៉ាងណាបើសិនអ្នកបានធ្វើតាមការបំផុសគំនិតនេះ ?តើអ្វីទៅដែលធ្វើឲ្យអ្នកមានការប្តេជ្ញាចិត្ត និង ទំនុកចិត្តក្នុងការប្រព្រឹត្តតាមការបំផុសគំនិតនេះ ?
ព្រះបានបញ្ជាឲ្យព្យាការីមរមនសង្ខេបបញ្ជីនៃប្រជាជនរបស់លោកដែលបញ្ជីនោះត្រូវបានថែរក្សាក្នុងផ្ទាំងទាំងឡាយនៃនីហ្វៃ ។នៅប្រហែលជាឆ្នាំ 385គ.ស.នៅពេលលោកហៀបនឹងប្រគល់បញ្ជីសង្ខេបរបស់លោកទៅកាន់មរ៉ូណៃ ជាកូនប្រុសរបស់លោក នោះលោកបានធ្វើតាមការបំផុសគំនិតបើទោះជាលោកមិនទាំងដឹងពីលទ្ធផលរបស់វាក៏ដោយ ។
មរមនបានរកឃើញអ្វីមួយខណៈដែលលោកកំពុងពិនិត្យមើលក្នុងបញ្ជីទាំងឡាយ ។សូមអានពាក្យសម្តីនៃមរមន 1:3ដើម្បីរកមើលអ្វីដែលលោកបានរកឃើញ ។( « ផ្ទាំងទាំងនេះ »សំដៅលើផ្ទាំងតូចនៃនីហ្វៃ ដែលមានចាប់ពីនីហ្វៃទី1 ដល់ អោមណៃ ) ។សូមអានពាក្យសម្តីនៃមរមន 1:4–6ហើយគិតពីការគូសចំណាំក្នុងព្រះគម្ពីររបស់អ្នកពីមួលហេតុដែលលោកមរមនសប្បាយរីករាយនៅពេលលោកបានរកឃើញអ្វីដែលមាននៅលើផ្ទាំងតូចទាំងនេះ ។
សូមអានពាក្យសម្តីនៃមរមន 1:7ហើយរកមើលមូលហេតុដែលមរមនដាក់បញ្ចូលផ្ទាំងតូចទាំងនេះជាមួយនឹងការសង្ខេបផ្ទាំងនៃនីហ្វៃរបស់លោក ។អ្នកអាចចង់គូសចំណាំគោលការណ៍នេះក្នុងព្រះគម្ពីររបស់អ្នក ៖ « ព្រះអម្ចាស់ទ្រង់ជ្រាបនូវគ្រប់ការណ៍ទាំងអស់ » ។ តាមរយៈការយល់ដឹង និង ការជឿជាក់លើសេចក្តីពិតនេះ នោះអ្នកអាចអភិវឌ្ឍសេចក្តីជំនឿដើម្បីគោរពតាមការបំផុសគំនិតទាំងឡាយពីព្រះវិញ្ញាណបរិសុទ្ធដែលអ្នកទទួល ។
ព្រះអម្ចាស់បានបញ្ជាឲ្យនីហ្វៃធ្វើផ្ទាំងតូចៗ ហើយសរសេររឿងពិសិដ្ឋទាំងឡាយនៃប្រជាជនរបស់លោកនៅលើផ្ទាំងទាំងនោះ ( សូមមើលនីហ្វៃទី1 9:3 ) ។នៅពេលនោះ នីហ្វៃបានប្រកាសថា « ព្រះអម្ចាស់ទ្រង់បានបញ្ជាខ្ញុំឲ្យធ្វើផ្ទាំងទាំងនេះសម្រាប់គោលបំណងដ៏សំខាន់មួយចំពោះទ្រង់ ឯគោលបំណងនោះខ្ញុំមិនដឹងទេ »( នីហ្វៃទី 1 9:5 ) ។
គោលបំណងនេះត្រូវបានបង្ហាញយ៉ាងច្បាស់ ជាច្រើនសតវត្សរ៍ក្រោយមក នៅឆ្នាំ 1829 នៅពេលដែលព្យាការី យ៉ូសែប ស្ម៊ីធបានចាប់ផ្តើមបកប្រែផ្ទាំងមាសនេះ ។លោកបានបកប្រែចំនួន 116 ទំព័រដំបូងគេដែលជាការសរសេរសង្ខេបរបស់មរមននៅលើផ្ទាំងធំនៃនីហ្វៃ ហើយបន្ទាប់មក ផ្ទាំងទាំងនេះត្រូវបានបាត់ ឬ ត្រូវគេលួចនៅពេលយ៉ូសែបអនុញ្ញាតឲ្យ ម៉ាទិន ហារិស យកផ្ទាំងទាំងនោះទៅ ។ព្រះអម្ចាស់បានប្រាប់ យ៉ូសែបមិនឲ្យបកប្រែឡើងវិញនូវផ្នែកដែលបាត់នោះទេ ដោយសារមនុស្សអាក្រក់បានមានផែនការដើម្បីកែប្រែនូវពាក្យពេចន៍ទាំងឡាយក្នុងទំព័រដែលបាត់នោះ ហើយដោយហេតុនេះ នឹងបង្ខូចដល់ភាពត្រឹមត្រូវនៃព្រះគម្ពីរមរមន ។ព្រះអម្ចាស់បានប្រាប់លោកឲ្យបកប្រែប្រវត្តិនៅលើផ្ទាំងតូច ដែលបានគ្របដណ្តប់លើអំឡុងពេលដូចគ្នា ។ប្រវត្តិសាស្ត្រនេះបានផ្តោតកាន់តែខ្លាំងលើរឿងពិសិដ្ឋទាំងឡាយ ។( សូមមើលគ.និងស. 10:10, 41–43; សូមមើលនីហ្វៃទី 1 9:3–4ផងដែរ ) ។
បទពិសោធន៍នេះគឺជាភស្តុតាងដ៏សំខាន់បំផុតថា ព្រះអម្ចាស់ទ្រង់ជ្រាបដឹងនូវគ្រប់ការណ៍ទាំងអស់ដែលនឹងកើតឡើង ។ទ្រង់បានជ្រាបដឹងថា ប្រវត្តិសាស្ត្រលើផ្ទាំងតូចគឺចាំបាច់ជាខ្លាំង ហើយទ្រង់បានបំផុសគំនិតមរមនឲ្យដាក់បញ្ចូលផ្ទាំងទាំងនេះជាមួយនឹងផ្ទាំងសង្ខេបរបស់លោក ។
តើការដឹងសេចក្តីពិតនេះជួយអ្នកដោយរបៀបណានៅពេលអ្នកទទួលការបំផុសគំនិតទាំងឡាយពីព្រះវិញ្ញាណ ?
-
សូមពិពណ៌នាក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកពីគ្រាមួយដែលអ្នក ឬ អ្នកណាម្នាក់ដែលអ្នកស្គាល់បានធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ បើទោះជាអ្នក ឬ ពួកគេអាចមិនយល់ពីការបំផុសគំនិតនោះពីដំបូងក៏ដោយ ។សូមសរសេរថាតើអ្នកគិតថា អ្នកអាចរៀបចំខ្លួនកាន់តែប្រសើរដើម្បីស្គាល់ និង ឆ្លើយតបចំពោះការបំផុសគំនិតរបស់ព្រះអម្ចាស់ដោយរបៀបណា ។សូមចងចាំថា នៅពេលអ្នកស្មោះត្រង់ចំពោះការបំផុសគំនិតទាំងឡាយពីព្រះវិញ្ញាណនៃព្រះអម្ចាស់ នោះទ្រង់នឹងធ្វើការ « ក្នុង [ អ្នក ] ដើម្បីធ្វើអ្វីៗស្របតាមព្រះហឫទ័យទ្រង់ » ( ពាក្យសម្តីនៃមរមន 1:7 ) ។
ពាក្យសម្ដីនៃមរមន 1:12–18
ស្តេចបេនយ៉ាមីនវាយឈ្នះលើពួកសាសន៍លេមិន ហើយគ្រងរាជ្យដោយសេចក្តីសុចរិត ។
ស្តេចបេនយ៉ាមីនជាស្តេចសុចរិតម្នាក់ដែលបានប្រឈមនឹងឧបសគ្គជាច្រើនក្នុងអំឡុងរជ្ជកាលរបស់ទ្រង់ មានរួមទាំងសង្គ្រាមជាមួយពួកសាសន៍លេមិន និង ការទាស់ទែងគ្នាពីគោលលទ្ធិក្នុងចំណោមប្រជាជនរបស់ទ្រង់ ។ស្តេចបេនយ៉ាមីនបានដឹកនាំពលទ័ពនៃពួកសាសន៍នីហ្វៃ « នៅក្នុងកម្លាំងរបស់ព្រះអម្ចាស់ » ទប់ទល់នឹងសត្រូវរបស់ពួកគេ ហើយទីបំផុត បានបង្កើតសន្តិភាពនៅលើដែនដី ( សូមមើល ពាក្យសម្តីនៃមរមន 1:13–14 ) ។ដោយមានជំនួយពី « មនុស្សបរិសុទ្ធជាច្រើន » នោះទ្រង់បានធ្វើការស្តីបន្ទោសដល់ពួកព្យាការីក្លែងក្លាយ និង គ្រូបង្រៀនក្លែងក្លាយដែលបង្កឲ្យមានការទាស់ទែងគ្នាក្នុងចំណោមប្រជាជន ដោយហេតុដូច្នោះ ក៏បានបង្កើតឲ្យមានសន្តិភាពដែលកើតឡើងមកពីសេចក្តីសុចរិតម្តងទៀត( សូមមើលពាក្យសម្តីនៃមរមន 1:15–18 ) ។
សូមអានពាក្យសម្តីនៃមរមន 1:12–18ហើយបំពេញកន្លែងចន្លោះខាងក្រោមនេះជាមួយនឹងតួលេខនៃខគម្ពីរទាំងឡាយដែលបង្រៀនសេចក្តីពិតខាងក្រោមនេះបានល្អបំផុត ៖
-
ព្រះហៅព្យាការីទាំងឡាយ ដែលអាចដឹកនាំប្រជាជនទៅកាន់សន្តិភាព បើទោះជាមានឧបសគ្គទាំងឡាយក៏ដោយ ។
-
យើងអាចស្វែងរកសន្តិភាពបានតាមរយៈការធ្វើតាមភាពជាអ្នកដឹកនាំដែលប្រកបដោយការបំផុសគំនិត របស់ពួកព្យាការី ។
-
នៅក្នុងកម្លាំងនៃព្រះអម្ចាស់ យើងអាចយកឈ្នះលើឧបសគ្គទាំងឡាយបាន ។
ម៉ូសាយ 1:1–18
ស្តេចបេនយ៉ាមីនបង្រៀនពួកបុត្រារបស់ទ្រង់ពីសារៈសំខាន់នៃព្រះគម្ពីរ
សូមស្រម៉ៃថា តើជិវិតរបស់អ្នកនឹងក្លាយទៅជាយ៉ាងណាបើសិនអ្នកមិនដែលមានព្រះគម្ពីរសម្រាប់អាន សិក្សា និង ត្រូវបានបង្រៀនពីព្រះគម្ពីរនោះ ។
សេ្តចបេនយ៉ាមីនបានបង្រៀនពួកបុត្រារបស់ទ្រង់ពីរបៀបដែលជីវិតរស់នៅរបស់ពួកគេនឹងខុសពីនេះយ៉ាងណា បើសិនពួកគេគ្មានព្រះគម្ពីរទេនោះ ។ដូចដែលមានកត់ត្រាក្នុងម៉ូសាយ 1:3–5ទ្រង់បានប្រើប្រាស់ឃ្លា « បើពុំដោយសារផ្ទាំងទាំងនេះ [ ព្រះគម្ពីរ ] »ក្នុងទម្រង់ផ្សេងគ្នាបីដង ដើម្បីជួយពួកបុត្រារបស់ទ្រង់ឲ្យយល់ពីសារៈសំខាន់នៃព្រះគម្ពីរ ។
-
នៅពេលអ្នកអានម៉ូសាយ 1:1–8សូមរកមើលពរជ័យទាំងឡាយដែលពួកសាសន៍នីហ្វៃនឹងបាត់បង់ បើសិនពួកគេមិនបានមានព្រះគម្ពីរទេនោះ ។សូមប្រៀបធៀបអ្វីដែលអ្នកបានរៀនជាមួយនឹងអោមណៃ 1:17–18 ។ក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរបស់អ្នក សូមសរសេរប្រយោគបី ឬ បួនដើម្បីបំពេញឃ្លាតទៅនេះ ៖ បើសិនខ្ញុំមិនបានមានព្រះគម្ពីរទេ …
សូមពិចារណាក្នុងការសរសេរគោលការណ៍តទៅនេះក្នុងព្រះគម្ពីររបស់អ្នកក្បែរនឹង ម៉ូសាយ 1:1–8 ៖ការសិក្សាក្នុងព្រះគម្ពីរជួយយើងឲ្យដឹង និង រក្សាបទបញ្ញតិ្ត ។
ស្តេចបេនយ៉ាមីនបានបង្រៀនដល់ប្រជារាស្ត្ររបស់ទ្រង់ពីសារៈសំខាន់នៃភាពស្មោះត្រង់ចំពោះបទបញ្ញត្តិ និង បានពន្យល់ពីអ្វីដែលកើតឡើងដល់អ្នកទាំងឡាយដែលក្លាយជាមនុស្សទុច្ចរិតបន្ទាប់ពីបានក្លាយ « ជាប្រជាជនដ៏សំណព្វជាខ្លាំងនៃព្រះអម្ចាស់ » ( ម៉ូសាយ 1:13 ) ។សូមអានម៉ូសាយ 1:13–17ហើយប្រៀបធៀបម៉ូសាយ 1:13ជាមួយនឹងអាលម៉ា 24:30 ។បន្ទាប់មក សូមរកមើលលទ្ធផលយ៉ាងហោចណាស់ឲ្យបានប្រាំដែលធ្លាក់មកលើអ្នកទាំងឡាយណាដែលបែរចេញពីព្រះអម្ចាស់ ។អ្នកអាចចង់គូសចំណាំ ឬ ដាក់លេខរៀងចំពោះ លទ្ធផលទាំងនេះក្នុងព្រះគម្ពីររបស់អ្នក ។
ម៉ូសាយ 2:1–41
ពួកសាសន៍នីហ្វៃប្រមូលផ្តុំគ្នាដើម្បីស្តាប់ពាក្យពេចន៍របស់ស្តេចបេនយ៉ាមីន
សូមអានម៉ូសាយ 2:1–9ហើយសរសេរជាចម្លើយចំពោះសំណួរខាងក្រោមនេះ ៖
-
តើនរណាប្រមូលផ្តុំគ្នា ?
-
តើពួកគេបានប្រមូលផ្តុំគ្នានៅកន្លែងណា ?
-
តើពួកគេធ្វើយ៉ាងដូចម្តេចដើម្បីឲ្យហ្វូងមនុស្សដ៏ច្រើនអាចឮពាក្យពេចន៍របស់ស្តេចបេនយ៉ាមីន ?
ដើម្បីយល់កាន់តែច្បាស់ពីចរិតលក្ខណៈរបស់ស្តេចបេនយ៉ាមីន សូមអានម៉ូសាយ 2:11–15 ហើយរកមើលឃ្លាទាំងឡាយដែលបង្ហាញថា ស្តេចបេនយ៉ាមីនបានផ្តោតទៅលើសេចក្តីសុចរិត និង ការបម្រើជាជាងតំណែង ឬការទទួលស្គាល់ ។
បន្ទាប់មក សូមពិចារណាសេចក្ដីថ្លែងការណ៍តទៅនេះ ដែលថ្លែងដោយ ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ៖ « កុំខ្វល់ខ្វាយនឹងតំណែងខ្លាំងពេក ។តើអ្នកចងចាំពាក្យទូន្មានរបស់ព្រះអង្គសង្គ្រោះដែលទាក់ទងនឹងអ្នកទាំងឡាយណាដែលស្វែងរក › ទីកន្លែងដែលមុខគេ ›ឬ › កន្លែងលេខ 1 › ដែរឬទេ ?‹ អ្នកណាដែលធំជាងគេក្នុងពួកអ្នករាល់គា្ននោះត្រូវធ្វើជាអ្នកបម្រើដល់អ្នករាល់គ្នាវិញ › ។( ម៉ាថាយ 23:6, 11 ) ។វាជាការណ៍សំខាន់ក្នុងការដែលមានគេស្ងើចសរសើរ ។ប៉ុន្តែការផ្តោតយកចិត្តទុកដាក់របស់យើងគួរតែទៅលើសេចក្តីសុចរិត មិនមែនការទទួលស្គាល់ ទៅលើការបម្រើ មិនមែនតំណែងនោះទេ » ( “To the Women of the Church,” Ensignខែ វិច្ឆិកា ឆ្នាំ 1992 ទំព័រ 96 ) ។
សូមសិក្សាម៉ូសាយ 2:16–17ហើយគូសចំណាំគោលការណ៍ដែលយើងអាចរៀនពីការបម្រើរបស់សេ្តចបេនយ៉ាមីន ៖ កាលណាយើងការបម្រើដល់មនុស្សទូទៅ នោះយើងកំពុងបម្រើដល់ព្រះ ។ ( ម៉ូសាយ 2:17គឺជាវគ្គគម្ពីរចំណេះចំណានខគម្ពីរ ។អ្នកអាចនឹងចង់គូសចំណាំវានៅក្នុងរបៀបមួយដែលងាយសម្គាល់ ដើម្បីអ្នកអាចងាយរកវាឃើញនៅពេលខាងមុខ ) ។
សូមគិតអំពីគ្រាមួយនៅពេលអ្នកណាម្នាក់បានផ្ដល់ពរដល់ជីវិតអ្នកតាមរយៈការបម្រើដល់អ្នក ។តើអ្នកបាន ( ឬ អ្នកអាច ) បង្ហាញការដឹងគុណរបស់អ្នកដោយរបៀបណា ចំពោះព្រះសម្រាប់មនុស្សដែលបានបម្រើដល់អ្នក និង បម្រើដល់ព្រះដោយសេចក្តីសុចរិតនោះ ?តើអ្នកបានបង្ហាញការដឹងគុណរបស់អ្នកដល់មនុស្សនោះយ៉ាងដូចម្តេច ?
បន្ទាប់ពីការបង្រៀនដល់ប្រជារាស្ត្ររបស់ទ្រង់អំពីសេចក្តីចាំបាច់ក្នុងការបម្រើដល់អ្នកដទៃ នោះស្តេចបេនយ៉ាមីនបានបង្រៀនអំពីវីធីជាច្រើនដែលព្រះប្រទានពរដល់យើង និង សេចក្តីត្រូវការរបស់យើងក្នុងការមានអំណរគុណចំពោះទ្រង់ ។
-
នៅពេលអ្នកសិក្សាម៉ូសាយ 2:19–24, 34សូមពិចារណាអំពីវិធីជាច្រើនដែលព្រះប្រទានពរដល់អ្នក ។សូមគិតអំពីរបៀបដែលអ្នកអាចបង្ហាញអំណរគុណរបស់អ្នកដល់ទ្រង់ ។បន្ទាប់មក សូមឆ្លើយសំណួរខាងក្រោមនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើហេតុអ្វីស្តេចបេនយ៉ាមីនពោលសំដៅដល់ខ្លួនទ្រង់ផ្ទាល់ ដល់ប្រជារាស្ត្ររបស់ទ្រង់ និង ដល់យើងរាល់គ្នាថាជា « អ្នកបម្រើដ៏ឥតប្រយោជន៍ » ?
-
តើហេតុអ្វី វាសំខាន់សម្រាប់យើងក្នុងការចងចាំថា យើងជំពាក់គុណព្រះ ?
-
ពាក្យពេចន៍របស់ស្តេចបេនយ៉ាមីនបង្រៀនយើងថា នៅពេលយើងមានអារម្មណ៍ថា យើងជំពាក់គុណព្រះ នោះយើងចង់បម្រើអ្នកដទៃ ហើយអំណរគុណរបស់យើងនឹងកើនឡើង ។
ក្នុងម៉ូសាយ 2:34ស្តេចបេនយ៉ាមីនបានបង្រៀនថា យើងគួរតែ « តបស្នងគុណ » ដល់ព្រះអង្គវិញនូវអ្វីទាំងអស់ដែលយើងមាន ។ដើម្បីតបស្នងគុណមានន័យថា « ផ្តល់ឲ្យ ឬ ថ្វាយ » ។អ្នកអាចចង់សរសេរនិយមន័យនេះក្បែរពាក្យនេះក្នុងព្រះគម្ពីររបស់អ្នក ។សូមសញ្ជឹងគិតពីរបៀបដែលអ្នកអាចថ្វាយដល់ព្រះនូវអ្វីទាំងអស់ដែលអ្នកមាន និង ខ្លួនអ្នក ។សូមចងចាំថា នៅពេលអ្នករក្សាបទបញ្ញតិ្តរបស់ព្រះ ហើយព្យាយាមផ្តល់ការបម្រើដ៏ស្មោះអស់ពីចិត្ត នោះទ្រង់នឹងប្រទានពរដល់អ្នកសម្រាប់ការបម្រើនោះ ។
នៅខគម្ពីរចុងក្រោយនៃម៉ូសាយ 2មាននូវការព្រមានដ៏សំខាន់មួយពីស្តេចបេនយ៉ាមីនទៅកាន់ប្រជារាស្ត្ររបស់ទ្រង់ ។តើអ្នកធ្លាប់បានឃើញស្លាកសញ្ញាមួយដែលប្រាប់អ្នកថា « ចូរប្រុងប្រយ័ត្ន » ?( ជាឧទាហរណ៍ ស្លាកសញ្ញាអាចព្រមានអ្នកអំពីខ្សែភ្លើងដែលមានបន្ទុកថាមពលខ្លាំង ដុំថ្មធ្លាក់លើ សត្វព្រៃ ឬ ខ្សែទឹកខ្លាំង ) ។សូមអានម៉ូសាយ 2:32–33, 36–38ដើម្បីរកមើលអ្វីដែលស្តេចបេនយ៉ាមីនបានប្រាប់ដល់ប្រជារាស្រ្តរបស់ទ្រង់ឲ្យប្រុងប្រយ័ត្ន ។( ពាក្យការវេទនាក្នុងខ 33 មានន័យថា « សោកសៅ និង ទុក្ខវេទនា » ។សូមសរសេរប្រយោគមួយដែលពិពណ៌នាពីអ្វីដែលនឹងកើតឡើងដល់អ្នកទាំងឡាយដែល « ចេញមុខបះបោរទាស់នឹងព្រះ » ( ខ 37 ) ឬ នរណាម្នាក់ដែលបំពានបទបញ្ញត្តិនៃព្រះទាំងបានដឹងហើយ ។
សូមអានសេចក្ដីថ្លែងការណ៍តទៅនេះ ៖ « មានមនុស្សមួយចំនួនល្មើសនឹងបញ្ញត្តិរបស់ព្រះទាំងបំពាន រួចដាក់ផែនការប្រែចិត្តតាមក្រោយដូចជាពីមុនពួកគេចូលព្រះវិហារបរិសុទ្ធ ឬ ចេញបម្រើបេសកកម្ម ។អំពើបាបដែលគិតទុកជាមុនដូច្នេះចំអកដល់ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ » ( ដើម្បីកម្លាំងនៃយុវវ័យ [ កូនសៀវភៅ ឆ្នាំ 2011 ] ទំព័រ 29 ) ។
អែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបញ្ចេញមតិពីសារៈសំខាន់នៃការដឹងខ្លួននៅពេលយើងអាចនឹងដកខ្លួនចេញពីព្រះវិញ្ញាណថា ៖
« យើងគួរតែ … ព្យាយាមដើម្បីញែកដឹងនៅពេលយើង ‹ ដក[ ខ្លួនយើង ] ថយចេញពីព្រះវិញ្ញាណនៃព្រះអម្ចាស់ …› ( ម៉ូសាយ 2:36 ) ។ …
« បទដ្ឋានគឺច្បាស់លាស់ ។បើសិនអ្វីមួយដែលយើងគិត ឃើញ ឮ ឬ ធ្វើឲ្យយើងឃ្លាតឆ្ងាយពីព្រះវិញ្ញាណ នោះយើងគួរតែបញ្ឈប់ការគិត ការឃើញ ការឮ ឬ ការធ្វើរឿងនោះ ។ឧទាហរណ៍ បើសិនការណ៍នោះធ្វើឲ្យអ្នកសប្បាយ ប៉ុន្តែធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីព្រះវិញ្ញាណបរិសុទ្ធ បើសញ្ជឹង ការសប្បាយបែបនោះពិតជាមិនមែនសម្រាប់យើងទេ ។ដោយសារព្រះវិញ្ញាណមិនអាចគង់នៅជាមួយនឹងការសប្បាយបែបនោះដែលជាការថោកទាប ឈ្លើយ ឬ មិនរាបសានោះឡើយ នោះប្រាកដណាស់ថា រឿងទាំងនេះគឺមិនមែនសម្រាប់យើងទេ ។ដោយសារយើងឃ្លាតឆ្ងាយពីព្រះវិញ្ញាណនៃព្រះអម្ចាស់នៅពេលយើងភ្ជាប់ខ្លួនទៅនឹងសកម្មភាពដែលយើងដឹងថា យើងគួរតែចៀសវាង នោះរឿងបែបនេះប្រាកដណាស់ថា មិនមែនសម្រាប់យើងទេ » ( ថា យើងអាចតែងតែមានព្រះវិញ្ញាណទ្រង់នៅជាប់ជាមួយនឹងយើង »EnsignឬLiahonaខែ ឧសភា ឆ្នាំ 2006 ទំព័រ 30 ) ។
សូមសញ្ជឹងគិតពីអ្វីដែលមនុស្សបាត់បង់—ជួនកាលដោយមិនទាំងដឹងថាបាត់វាផង—នៅពេលពួកគេដកខ្លួនចេញពីព្រះវិញ្ញាណ ។សូមអានម៉ូសាយ 2:40–41ហើយរកមើលអ្វីដែលស្តេចបេនយ៉ាមីនបានចង់ឲ្យយើងពិចារណា និង អ្វីដែលទ្រង់បានចង់ឲ្យយើងចងចាំ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមកត់ត្រានូវបទពិសោធន៍មួយចំនួនដែលបានបង្រៀនអ្នកថា បើសិនអ្នកគោរពប្រតិបត្តិដល់ព្រះអម្ចាស់ នោះអ្នកនឹងត្រូវបានប្រទានពរទាំងខាងសាច់ឈាម និង ខាងវិញ្ញាណ ។
-
សូមជ្រើសរើសនូវចំណុចមួយនៃជីវិតរបស់អ្នកដែលអ្នកចង់គោរពប្រតិបត្តិដល់បទបញ្ញតិ្តរបស់ព្រះកាន់តែខ្លាំងឡើង ។សូមសរសេរគោលដៅមួយដើម្បីកែលម្អចំណុចនោះ ។
-
រូបភាពរូបសញ្ញាចំណេះចំណានខគម្ពីរ ចំណេះចំណានខគម្ពីរ—ម៉ូសាយ 2:17
សូមអានម៉ាថាយ 22:36–40; 25:40 និងម៉ូសាយ 2:17 ។សូមធ្វើបញ្ជីខគម្ពីរ ប្រទាក់គ្នា ឬ ផ្តុំគ្នាដោយធ្វើសេចក្តីយោងបទគម្ពីរទាំងនេះរួមគ្នា ។បច្ចេកទេសនៃការសិក្សាបទគម្ពីរនេះនឹងជួយបញ្ជាក់អត្ថន័យ និង ពង្រីកការយល់ដឹង ។
សូមពន្យល់ពីទំនាក់ទំនងរវាងវគ្គបទគម្ពីរទាំងឡាយដែលអ្នកទើបតែបានភ្ជាប់គ្នានោះ ។
សូមសញ្ជឹងគិតសំណួរខាងក្រោម ៖
-
តើពេលណា ដែលអ្នកបានមានអារម្មណ៍ថា អ្នកកំពុងបម្រើព្រះតាមរយៈការបម្រើដល់មនុស្សម្នាក់ទៀត ?
-
តើមានការណ៍ជាក់លាក់អ្វីខ្លះដែលអ្នកអាចធ្វើសម្រាប់នរណាម្នាក់ដូចដែលព្រះអង្គសង្គ្រោះនឹងធ្វើបើសិនជាទ្រង់គង់នៅទីនេះ ?
-
បន្ទាប់ពីអ្នកបានព្យាយាមទន្ទេញ ម៉ូសាយ 2:17ហើយ សូមសរសេរវាតាមការចងចាំក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សាពាក្យសម្តីនៃមរមន–ម៉ូសាយ 2ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖