មេរៀនទី 32 ៖ ថ្ងៃទី 4
មរ៉ូណៃ 10:8–26, 30–34
សេចក្តីផ្ដើម
បន្ទាប់ពីបង្រៀនអំពីរបៀបដើម្បីទទួលបានទីបន្ទាល់ពីសេចក្ដីពិតនៃការណ៍គ្រប់យ៉ាង តាមរយៈព្រះវិញ្ញាណបរិសុទ្ធហើយ មរ៉ូណៃ បានទូន្មានពួកអ្នកដែលនឹងអានពាក្យរបស់លោក ឲ្យទទួលស្គាល់ និង ទទួលយកអំណោយទានទាំងឡាយខាងព្រះវិញ្ញាណ ។ មរ៉ូណៃ បានបញ្ចប់ការកត់ត្រាព្រះគម្ពីរមរមន ដោយការទូន្មានដល់មនុស្សទាំងអស់ឲ្យមកឯព្រះយេស៊ូវគ្រីស្ទ ក្ដាប់ជាប់នូវគ្រប់អំណោយទានដែលល្អ ដែលទ្រង់ប្រទាន និង ឲ្យបានឥតខ្ចោះតាមរយៈទ្រង់ ។
មរ៉ូណៃ 10:8–26
មរ៉ូណៃ បង្រៀនអំពីអំណោយទាននៃព្រះវិញ្ញាណ និង គោលបំណងរបស់អំណោយទានទាំងនោះ នៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ។
សូមគិតអំពីគ្រាមួយ ពេលដែលព្រះវរបិតាបានប្រទានពរអ្នក ឲ្យអាចធ្វើអ្វីមួយ ដែលអ្នកមិនអាចធ្វើដោយខ្លួនអ្នកបាន ។ នៅក្នុងជំពូកបញ្ចប់របស់លោក មរ៉ូណៃ បានថ្លែងទីបន្ទាល់អំពីជំនួយ និង កម្លាំងដែលព្រះអម្ចាស់អាចប្រទានដល់យើង ។ សូមអាន មរ៉ូណៃ 10:8 ហើយរកមើលឃ្លាដែលពិពណ៌នាអំពីសមត្ថភាព ឬ ពរជ័យខាងវិញ្ញាណ ដែលព្រះវរបិតាប្រទានដល់កូនចៅដ៏ស្មោះត្រង់របស់ទ្រង់ ។
« អំណោយទានទាំងឡាយនៃព្រះ » ដែលមរ៉ូណៃបានមានប្រសាសន៍នៅក្នុង មរ៉ូណៃ 10:8 ក៏សំដៅដល់ « អំណោយទាននៃព្រះវិញ្ញាណ » ឬ « អំណោយទានខាងវិញ្ញាណ » ផងដែរ ។ អ្នកអាចនឹងចង់គូសចំណាំឃ្លា « អំណោយទានទាំងឡាយនៃព្រះ » នៅក្នុងព្រះគម្ពីររបស់អ្នក ។ សូមសរសេរសេចក្ដីពិតដូចតទៅនេះនៅក្នុងព្រះគម្ពីររបស់អ្នក នៅក្បែរ មរ៉ូណៃ 10:8 ៖ ព្រះប្រទានអំណោយទានទាំងឡាយនៃព្រះវិញ្ញាណ ដើម្បីជាគុណប្រយោជន៍ដល់កូនចៅរបស់ទ្រង់ ។ ឃ្លាថា « ជាគុណប្រយោជន៍ដល់កូនចៅរបស់ទ្រង់ » មានន័យថាជាប្រយោជន៍ ឬ ជាការបម្រើដល់កូនចៅទ្រង់ ។
សូមអាន មរ៉ូណៃ 10:9–16 ហើយគូសចំណាំអំណោយទានខាងវិញ្ញាណនីមួយៗ ដែលមរ៉ូណៃបានលើកឡើង ។ វាសំខាន់ក្នុងការដឹងថា អំណោយទានខាងវិញ្ញាណ ដែល មរ៉ូណៃ បានពិភាក្សា គឺគ្រាន់តែជាគំរូមួយចំនួនចេញពីអំណោយទានខាងវិញ្ញាណជាច្រើនដែលមានប៉ុណ្ណោះ ។ អែលឌើរ ម៉ាវីន ជេ. អាស្តុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា « ព្រះបានប្រទានដល់យើងម្នាក់ៗនូវទេពកោសល្យពិសេសមួយ ឬ ច្រើនជាងនោះ » ៖
« ចំពោះខ្ញុំ សោកនាដកម្មដ៏ធំមួយនៃជីវិត គឺនៅពេលមនុស្សម្នាក់ចាត់ខ្លួនគាត់ថា ជាមនុស្សម្នាក់ដែលពុំមានទេពកោសល្យ ឬ អំណោយទាន ។ … ក្នុងការសន្មត់ថា យើងពុំមានអំណោយទាននានា នៅពេលយើងវិនិច្ឆ័យខ្លួនឯងដោយភាពខ្ពង់ខ្ពស់ ឬ ទាប បញ្ញា កម្រិតពិន្ទុក្នុងថ្នាក់ ទ្រព្យសម្បត្តិ អំណាច មុខងារ ឬ រូបរាងខាងក្រៅ គឺពុំគ្រាន់តែមិនយុត្តិធម៌នោះទេ តែថែមទាំងគ្មានហេតុផលទៀតផង ។ …
« … ដោយរៀបរាប់ត្រួសៗ សូមឲ្យខ្ញុំលើកឡើងនូវអំណោយទានមួយចំនួន ដែលមិនតែងតែកើតឡើងជាក់ស្ដែង ឬ គួរឲ្យកត់សម្គាល់ ប៉ុន្តែសំខាន់ខ្លាំងណាស់ ។ ក្នុងចំណោមអំណោយទានទាំងនេះ អាចជាអំណោយទានទាំងឡាយរបស់អ្នក—ជាអំណោយទានទាំងឡាយដែលមិនជាក់ស្ដែង ប៉ុន្តែពិត ហើយមានតម្លៃ ។
« ចូរយើងរំឭកឡើងនូវអំណោយទានដែលមិនសូវលេចធ្លោទាំងនេះ ៖ អំណោយទាននៃការសួរ អំណោយទាននៃការស្ដាប់ អំណោយទាននៃការឮ និង ការប្រើនូវសម្លេងដ៏តូចរហៀង អំណោយទាននៃការអាចសម្រក់ទឹកភ្នែក អំណោយទាននៃការចៀសវាងពីការទាស់ទែង អំណោយទាននៃការអាចយល់ស្របបាន អំណោយទាននៃការចៀសវាងការច្រំដែលៗឥតប្រយោជន៍ អំណោយទាននៃការស្វែងរកអ្វីដែលសុចរិត អំណោយទាននៃការមិនធ្វើការវិនិច្ឆ័យឆាប់ពេក អំណោយទាននៃការសម្លឹងទៅព្រះសុំការដឹកនាំ អំណោយទាននៃការធ្វើជាសិស្ស អំណោយទាននៃការខ្វល់ខ្វាយចំពោះអ្នកដទៃ អំណោយទាននៃការអាចសញ្ជឹងគិត អំណោយទាននៃការផ្ដល់ការអធិស្ឋាន អំណោយទាននៃការថ្លែងទីបន្ទាល់ដ៏មហិមា និង អំណោយទាននៃការទទួលព្រះវិញ្ញាណបរិសុទ្ធ ។
« យើងត្រូវតែចងចាំថា មនុស្សគ្រប់រូបត្រូវបានប្រទានឲ្យនូវអំណោយទានមួយដោយព្រះវិញ្ញាណនៃព្រះ [ សូមមើល គ. និង ស. 46:11–12 ] ។ វាជាសិទ្ធិ និង ការទទួលខុសត្រូវរបស់យើង ក្នុងការទទួលយកនូវអំណោយទានទាំងឡាយរបស់យើង ហើយចែកចាយវា ។ អំណោយទាន និង អំណាចរបស់ព្រះមានដល់យើងទាំងអស់គ្នា » ( “There Are Many Gifts” Ensign ខែ វិច្ឆិកា ឆ្នាំ 1987 ទំព័រ 20 ) ។
សូមអាន មរ៉ូណៃ 10:17 ហើយកត់ចំណាំការបង្រៀនរបស់ មរ៉ូណៃ ថា សមាជិកសាសនាចក្រស្មោះត្រង់គ្រប់រូប យ៉ាងហោចណាស់មានអំណោយទានខាងវិញ្ញាណមួយ ( សូមមើលផងដែរ គ. និង ស. 46:11 ) ។ អែលឌើរ រ៉ូបឺត ឌី. ហែលស៍ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា « អំណោយទានទាំងឡាយនៃព្រះវិញ្ញាណ … នឹងជួយយើងម្នាក់ៗឲ្យសម្រេចបាននូវគោលដៅនៃជីវិតអស់កល្បរបស់យើង ។
« អំណោយទាននៃព្រះវិញ្ញាណទាំងនេះ គឺត្រូវបានក្រសោបដោយអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះវិញ្ញាណបរិសុទ្ធ គឺជាសមាជិកទីបីនៃក្រុមព្រះដ៏អស់កល្បជានិច្ច ហើយត្រូវបានកំណត់អត្តសញ្ញាណថាជា ព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះវិញ្ញាណបរិសុទ្ធនេះ គឺជាអំណោយទានមួយមកពីព្រះ ដើម្បីជួយយើងធ្វើការសម្រេចចិត្ត ដែលនឹងអនុញ្ញាតឲ្យយើងរកឃើញ និង បំពេញបេសកកម្មរបស់យើង ។ …
« នៅក្នុងថ្ងៃចុងក្រោយនេះ ការយល់អំពីអំណោយទានទាំងឡាយនៃព្រះវិញ្ញាណ ត្រូវបានប្រទានដល់យើងដោយវិវរណៈ ដូចដែលមានកត់ត្រាទុកនៅក្នុងកណ្ឌទី 46 នៃគោលលទ្ធិ និង សេចក្ដីសញ្ញា ។ កណ្ឌទី 46 ប្រាប់អំពីអំណោយទាននៃព្រះវិញ្ញាណទាំងឡាយជាក់លាក់ដូចតទៅនេះ ៖
« ‹ ដ្បិតមនុស្សទាំងអស់ពុំបានគ្រប់អំណោយទាន ដែលបានប្រទានដល់ពួកគេឡើយ ត្បិតមានអំណោយទានជាច្រើន ហើយមនុស្សរាល់គ្នាត្រូវបានប្រទានអំណោយទានមួយ ដោយព្រះវិញ្ញាណនៃព្រះ › ( ខ 11 ) ។
« យើងត្រូវបានណែនាំយ៉ាងច្បាស់ថា យើងម្នាក់ៗ គឺត្រូវបានប្រទានឲ្យអំណោយទានមួយ ឬ អំណោយទានជាច្រើន ។ តើយើងដឹងទេថា អំណោយទានអ្វីដែលយើងត្រូវបានប្រទានឲ្យ ? តើយើងកំពុងព្យាយាមស្វែងរកអំណោយទានទាំងឡាយរបស់យើងទេ ? ( “Gifts of the Spirit” Ensign ខែ កុម្ភៈ ឆ្នាំ 2002 ទំព័រ 12 ) ។
-
សូមគិតអំពីអំណោយទានទាំងឡាយខាងវិញ្ញាណ ដែលអ្នកបានទទួលពីព្រះ បន្ទាប់មកឆ្លើយសំណួរចំនួនពីរ ឬ ទាំងអស់នៅខាងក្រោមនេះ ក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកទទួលគុណប្រយោជន៍ពីអំណោយទានទាំងឡាយនៃព្រះវិញ្ញាណ ដែលអ្នកបានទទួល ដោយរបៀបណា ?
-
តើគំរូនៃអំណោយទានខាងវិញ្ញាណអ្វីខ្លះ ដែលអ្នកបានឃើញក្នុងសាសនាចក្រសព្វថ្ងៃនេះ ?
-
តើអ្នកអាចប្រើប្រាស់អំណោយទានខាងវិញ្ញាណរបស់អ្នក ដើម្បីផ្ដល់ពរដល់ជីវិតអ្នកផ្សេងទៀតយ៉ាងដូចម្ដេច ? តើជីវិតអ្នកត្រូវបានប្រទានពរដោយអំណោយទានរបស់អ្នកផ្សេងទៀតយ៉ាងដូចម្ដេច ?
-
សូមពិចារណាថា តើអំណោយទានទាំងឡាយខាងវិញ្ញាណ បានស្ដែងនៅក្នុងការនាំមកនូវព្រះគម្ពីរមរមនតាមរបៀបណាដែរ ។ នៅក្នុងចន្លោះដែលផ្ដល់ឲ្យនេះ សូមកំណត់នូវអំណោយទានទាំងឡាយខាងវិញ្ញាណ ដែលគួរឲ្យកត់សម្គាល់នៅក្នុងជីវិតរបស់យ៉ូសែប ស្ម៊ីធ ដូចមានបង្ហាញនៅក្នុងរូបភាពនីមួយៗ ៖
មរ៉ូណៃ ថ្លែងទីបន្ទាល់ថា យើងត្រូវតែមានសេចក្ដីជំនឿ ដើម្បីទទួលអំណោយទានទាំងឡាយខាងវិញ្ញាណ ។ លោកបានបង្រៀនថា ព្រះ « ធ្វើការដោយព្រះចេស្ដា ស្របតាមសេចក្ដីជំនឿនៃកូនចៅមនុស្ស ថ្ងៃនេះក៏ដូចគ្នានឹងថ្ងៃស្អែក និង រហូតតទៅ » ( មរ៉ូណៃ 10:7 ) ។ សូមអាន មរ៉ូណៃ 10:19, 24 ហើយរកមើលអ្វីដែលរារាំងមនុស្សមិនឲ្យទទួល និងមិនឲ្យស្គាល់អំណោយទានទាំងឡាយខាងវិញ្ញាណ ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីមូលហេតុដែលអ្នកគិតថា មនុស្សដែលនៅក្នុងស្ថានភាពនៃការឥតជំនឿ ពុំអាចស្គាល់ ឬ ទទួលព្រះចេស្ដា និង អំណោយទាននៃព្រះ ។
អាន មរ៉ូណៃ 10:20–23 ។ សូមរកមើលអ្វីដែល មរ៉ូណៃ បានបង្រៀន អំពីសារៈសំខាន់នៃអំណោយទានខាងវិញ្ញាណនៃសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និង សេចក្ដីសប្បុរស ។ លោកបានថ្លែងទីបន្ទាល់ថា អំណោយទានខាងវិញ្ញាណនៃសេចក្ដីជំនឿ ដឹកនាំទៅកាន់ពរជ័យដ៏អស្ចារ្យមួយ ។ សូមមើល ខ 23 ដើម្បីរកពរជ័យនេះ ។ សូមកត់ចំណាំពាក្យដែលជាការចាំបាច់ មានន័យថា « ដែលគួរឲ្យប្រាថ្នា » ហើយឃ្លាថា « គ្រប់អ្វីៗទាំងអស់ ដែលជាការចាំបាច់ដល់យើង » អាចមានន័យថា « គ្រប់អ្វីៗទាំងអស់ដែលយើងប្រាថ្នាចង់ឲ្យអ្នកធ្វើ » ។ អ្នកអាចនឹងចង់គូសចំណាំប្រយោគនៅក្នុង មរ៉ូណៃ 10:23 ដែលបង្រៀនគោលការណ៍នេះ ៖ បើយើងមានសេចក្ដីជំនឿ នោះយើងនឹងអាចធ្វើអ្វីដែលព្រះវរបិតាសព្វព្រះទ័យចង់ឲ្យយើងធ្វើ ។
-
ដើម្បីជួយអ្នកឲ្យដឹងថាគោលការណ៍នេះបានត្រូវ ឬ អាចត្រូវបានបំពេញនៅក្នុងជីវិតអ្នកយ៉ាងណា នោះសូមសរសេរប្រយោគមួយចំនួននៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ជាការឆ្លើយតបដល់សេចក្ដីថ្លែងមួយ ឬ ទាំងពីរខាងក្រោមនេះ ៖
-
ខ្ញុំបានមានបទពិសោធន៍អំពីការសន្យាដែលមាននៅក្នុង មរ៉ូណៃ 10:23 នៅពេល …
-
ការសន្យាដែលមាននៅក្នុង មរ៉ូណៃ 10:23 អាចជួយខ្ញុំ …
-
-
សូមគិតអំពីគោលការណ៍ចំនួនពីរដែលអ្នកបានរៀននៅក្នុង មរ៉ូណៃ 10:8–26 ៖ ព្រះប្រទានអំណោយទាននៃព្រះវិញ្ញាណ ដើម្បីជាគុណប្រយោជន៍ដល់កូនចៅទ្រង់ ។ បើយើងមានសេចក្ដីជំនឿ នោះយើងនឹងអាចធ្វើអ្វី ដែលព្រះវរបិតាសួគ៌ មានព្រះទ័យចង់ឲ្យយើងធ្វើ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរទាំងឡាយខាងក្រោមនេះ ៖
-
តើការដឹងអំពីគោលការណ៍ទាំងពីរនេះ អាចជួយអ្នកនៅក្នុងជីវិតឥឡូវនេះយ៉ាងដូចម្ដេច ?
-
តើគោលការណ៍ទាំងនេះ អាចជួយអ្នកជាមួយនឹងឱកាសទាំងឡាយ ដែលអាចមាននៅក្នុងពេលអនាគតយ៉ាងដូចម្ដេចដែរ ?
-
មរ៉ូណៃ 10:30–34
មរ៉ូណៃ បញ្ចប់បញ្ជីរបស់លោកដោយការអញ្ជើញឲ្យមនុស្សទាំងអស់ ឲ្យមករកព្រះយេស៊ូវគ្រីស្ទ ហើយបានឥតខ្ចោះនៅក្នុងទ្រង់
តើអ្នកគិតថា វាអាចទៅរួចទេ ដើម្បីបានក្លាយជាឥតខ្ចោះនៅក្នុងជីវិតនេះ ? ប្រធាន ជែមស៍ អ៊ី. ហ្វោស្ត នៃគណៈប្រធានទីមួយ បានពន្យល់ពីបទបញ្ញត្តិដែលឲ្យយើងបានឥតខ្ចោះនោះថា ៖ « ភាពឥតខ្ចោះ គឺជាគោលដៅដ៏អស់កល្បមួយ ។ ខណៈដែលយើងពុំអាចបានល្អឥតខ្ចោះនៅក្នុងជីវិតរមែងស្លាប់នេះ នោះការពុះពារព្យាយាមដើម្បីបានល្អឥតខ្ចោះ គឺជាបទបញ្ញត្តិមួយ ដែលនៅទីបំផុតយើងអាចរក្សាបាន តាមរយៈដង្វាយធួន » ( “This Is Our Day” Ensign ខែ ឧសភា ឆ្នាំ 1999 ទំព័រ 19 ) ។
ដូចប្រធាន ហ្វោស្ត បានបង្រៀនថា ភាពឥឥខ្ចោះ គឺជាគោលដៅមួយ ដែលយើងអាចខិតខំធ្វើឥឡូវនេះ ហើយវានឹងសម្រេចបាននៅក្នុងជីវិតបន្ទាប់ទៀត ដោយជំនួយរបស់ព្រះអង្គសង្គ្រោះ ។ មរ៉ូណៃ បានបញ្ចប់ទីបន្ទាល់របស់លោក ដោយបង្រៀនអំពីអ្វីដែលយើងអាចធ្វើ ដើម្បីអញ្ជើញព្រះចេស្ដាដែលធ្វើឲ្យបរិសុទ្ធរបស់ព្រះអង្គសង្គ្រោះ ចូលមកក្នុងជីវិតយើងនាពេលឥឡូវនេះ និង នៅទីបំផុតវាក្លាយជាឥតខ្ចោះ តាមរយៈដង្វាយធួនរបស់ទ្រង់ ។
-
សូមធ្វើជាតារាងដូចខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
អ្វីដែលខ្ញុំអាចធ្វើ
អ្វីដែលព្រះសន្យា
សូមពិនិត្យមើល មរ៉ូណៃ 10:30–33 រកមើល ( ក ) អ្វីដែលយើងត្រូវធ្វើ ដើម្បីក្លាយជាបរិសុទ្ធ ហើយនៅទីបំផុតបានល្អឥតខ្ចោះ និង ( ខ ) អ្វីដែលព្រះសន្យានឹងធ្វើដើម្បីជួយយើង ។ សូមកត់ត្រានូវអ្វីដែលអ្នករកឃើញនៅក្នុងកូឡោនត្រឹមត្រូវលើតារាងរបស់អ្នក ។
សូមសរសេរសេចក្ដីថ្លែងខាងក្រោមនេះ នៅពីក្រោមតារាង នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ឬ នៅក្នុងព្រះគម្ពីររបស់អ្នក នៅក្បែរ មរ៉ូណៃ 10:32–33 ៖ ពេលយើងមកឯព្រះគ្រីស្ទ យើងអាចត្រូវបានធ្វើឲ្យបរិសុទ្ធ និង ល្អឥតខ្ចោះតាមរយៈដង្វាយធួនរបស់ទ្រង់ ។
ការមកឯព្រះយេស៊ូវគ្រីស្ទ គឺជាដំណើរការអស់មួយជីវិត ដែលចាប់ផ្ដើមជាមួយនឹងការជឿលើទ្រង់ ហើយបន្ទាប់មកស្វែងរកអានុភាពរបស់ទ្រង់នៅក្នុងជីវិតយើង ដោយរាបសារ ។ ដំណើរការនេះបន្តជាមួយនឹងការទទួលដំណឹងល្អរបស់ទ្រង់ ទទួលយកទ្រង់ជាព្រះអង្គសង្គ្រោះរបស់យើង ប្រែចិត្ត ធ្វើសេចក្ដីសញ្ញាជាមួយទ្រង់តាមរយៈពិធីបរិសុទ្ធនៃដំណឹងល្អ និង ស៊ូទ្រាំដោយស្មោះត្រង់នៅក្នុងការគោរពប្រតិបត្តិដល់ព្រះបញ្ញត្តិរបស់ទ្រង់ អស់មួយជីវិតយើង ។ នៅទីបំផុត យើងនឹងមករកព្រះគ្រីស្ទ ពេលយើងបានក្លាយដូចជាទ្រង់ ពេលនោះយើងអាចរស់នៅជាមួយទ្រង់ក្នុងភាពដ៏អស់កល្បជានិច្ច ។
អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានសង្ខេបអំពីការអញ្ជើញចុងក្រោយរបស់មរ៉ូណៃ ឲ្យមកឯព្រះគ្រីស្ទ ដែលមាននៅក្នុង មរ៉ូណៃ 10:30–33 ថា ៖
« [ ទីបន្ទាល់ចុងក្រោយ ] របស់មរ៉ូណៃ [ សង្កត់ធ្ងន់លើ ] សេចក្ដីជំនឿលើព្រះគ្រីស្ទ សេចក្តីសង្ឃឹមលើព្រះគ្រីស្ទ សេចក្ដីសប្បុរសនៃព្រះគ្រីស្ទ ជាមួយនឹងការអធិស្ឋានថា គុណធម៌ដ៏អស្ចារ្យនៃពួកគ្រីស្ទានទាំងបីនេះ គោលការណ៍នៃពួកគ្រីស្ទានដ៏ពេញលក្ខណៈទាំងបីនេះ នឹងដឹកនាំយើងទៅកាន់បរិសុទ្ធភាព ។ …
« ការអំពាវនាវចុងក្រោយ ឯកោ ទីបញ្ចប់អំពីសិលាគន្លឹះនៃសាសនារបស់យើង និង ជាគម្ពីរដ៏ត្រឹមត្រូវបំផុតដែលធ្លាប់បានសរសេរ គឺមិនត្រូវប៉ះពាល់ដល់ការណ៍ដែលមិនស្អាតស្អំឡើយ វាត្រូវតែបរិសុទ្ធ និង គ្មានប្រឡាក់ស្នាមអ្វីឡើយ វាត្រូវតែបរិសុទ្ធសុទ្ធសាធ ។ ហើយបរិសុទ្ធភាពនោះ អាចបានមកមានតែតាមរយៈព្រះលោហិតនៃកូនចៀម ដែលបានរែកពន់នូវទុក្ខវេទនា និង ទុក្ខព្រួយរបស់យើង ជាកូនចៀមដែលបានរងរបួសសម្រាប់សេចក្ដីរំលងរបស់យើង ហើយបានរងស្នាមជាំសម្រាប់សេចក្ដីទុច្ចរិតរបស់យើង ជាកូនចៀមដែលត្រូវបានគេស្អប់ និង ធ្វើទុក្ខ ប៉ុន្តែជាអង្គដែលយើងពុំបានគោរពរាប់អាន ( សូមមើល ម៉ូសាយ 14 ) ។ …
« បរិសុទ្ធភាព—តាមរយៈព្រះលោហិតនៃកូនចៀម ។ នោះហើយគឺជាអ្វី [ ដែលព្រះគម្ពីរមរមន ] អង្វរសុំ » ( “A Standard unto My People” [CES symposium on the Book of Mormon ថ្ងៃទី 9 ខែ សីហា ឆ្នាំ 1994 ] ទំព័រ 15 si.lds.org ) ។
សូមរំឭក មរ៉ូណៃ 10:32–33 ហើយគូសចំណាំឃ្លាទាំងឡាយដែលសង្កត់ធ្ងន់ថា របៀបតែមួយគត់ដែលយើងអាចបានល្អឥតខ្ចោះ គឺឲ្យបានឥតខ្ចោះ « នៅក្នុងព្រះគ្រីស្ទ » ។ នេះមានន័យថា យើងមិនអាចទៅដល់ភាពឥតខ្ចោះដោយខ្លួនយើងបានទេ យើងត្រូវតែពឹងផ្អែកទៅលើព្រះចេស្ដា និង ព្រះគុណនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមសញ្ជឹងគិតអំពីមូលហេតុដែលយើងត្រូវការដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បីក្លាយជាបរិសុទ្ធ និង ឥតខ្ចោះ ។ អ្នកអាចនឹងចង់គូសចំណាំឃ្លាទាំងឡាយនៅក្នុង មរ៉ូណៃ 10:32–33 ដែលអ្នកឃើញថាជាការលើកទឹកចិត្ត ពេលដែលអ្នកពុះពារព្យាយាមដើម្បីបានបរិសុទ្ធ និង ដើម្បីសម្រេចបាននូវគោលដៅដ៏អស់កល្បនៃភាពឥតខ្ចោះនោះ ។
សូមមើលត្រឡប់ទៅអ្វីដែលអ្នកបានសរសេរនៅក្រោមចំនុច « អ្វីដែលខ្ញុំអាចធ្វើ » នៅក្នុងតារាងដែលនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ សូមជ្រើសរើសសកម្មភាពមួយដែលបានសរសេរនៅទីនោះ ហើយសញ្ជឹងគិតអំពីរបៀបដែលអ្នកអាចកាន់តែមានភាពឧស្សាហ៍ព្យាយាមថែមទៀត នៅក្នុងចំណុចនោះក្នុងជីវិតអ្នក ។
សូមអាន មរ៉ូណៃ 10:34 ហើយរកមើលភស្ដុតាងនៃសេចក្ដីជំនឿរបស់ មរ៉ូណៃ ទៅលើព្រះយេស៊ូវគ្រីស្ទ និង សេចក្ដីសង្ឃឹមនៃការទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។ យើងអាចមានទាំងសេចក្ដីជំនឿ និង សេចក្ដីសង្ឃឹមផងដែរ ពេលយើងធ្វើឲ្យការសិក្សាព្រះគម្ពីរមរមន ជាការខំស្វែងរកអស់មួយជីវិត ហើយអនុវត្តសេចក្ដីពិតទាំងឡាយ ដែលមានបង្រៀននៅក្នុងគម្ពីរនេះ ។
-
ដើម្បីបញ្ចប់វគ្គនៃការសិក្សាព្រះគម្ពីរមរមននេះ សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងតារាងដែលនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ហើយរៀបចំដើម្បីចែកចាយចម្លើយរបស់អ្នកជាមួយគ្រូរបស់អ្នក ៖
-
តើការសិក្សាព្រះគម្ពីរមរមននៅក្នុងឆ្នាំនេះ បានធ្វើឲ្យមានការខុសប្លែកអ្វីខ្លះនៅក្នុងជីវិតអ្នក ?
-
តើមេរៀន ឬ គោលការណ៍ណាខ្លះ ដែលបានជួយអ្នកឲ្យ « មករកព្រះគ្រីស្ទ » ហើយបានពង្រឹងសេចក្ដីជំនឿរបស់អ្នកទៅលើព្រះអង្គសង្គ្រោះ ?
-
តើទីបន្ទាល់របស់អ្នកអំពីព្រះគម្ពីរមរមនមានអ្វីខ្លះ ?
-
-
សូមសរសេរចំណុចដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា មរ៉ូណៃ 10:8–26, 30–34 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖