មេរៀនទី 27 ៖ ថ្ងៃទី 2
នីហ្វៃទី3 24–26
សេចក្តីផ្ដើម
នៅក្នុង នីហ្វៃទី3 24–25 ព្រះយេស៊ូវគ្រីស្ទបានបំពេញតាមបទបញ្ញត្តិរបស់ព្រះវរបិតាសួគ៌ ក្នុងការប្រទានដល់ប្រជាជននូវការព្យាករណ៍មួយចំនួនរបស់ម៉ាឡាគី ។ ម៉ាឡាគីបានប្រកាសពីសេចក្ដីត្រូវការរបស់វង្សអ៊ីស្រាអែលក្នុងការប្រែចិត្ត និង ត្រឡប់ទៅកាន់ព្រះអម្ចាស់វិញ ដើម្បីរៀបចំសម្រាប់ការយាងមករបស់ព្រះអង្គសង្គ្រោះ ។ ដូចមានកត់ត្រានៅក្នុង នីហ្វៃទី3 26:3 ព្រះយេស៊ូវគ្រីស្ទបានពន្យល់ប្រាប់ដល់ប្រជាជននូវ « ការណ៍ទាំងអស់ តាំងពីដំបូងរហូតដល់ពេលដែលទ្រង់នឹងយាងមកក្នុងសិរីល្អរបស់ទ្រង់ » ។ បន្ទាប់មក មរមមនបានបង្រៀនថា អ្នកទាំងឡាយដែលជឿលើព្រះគម្ពីរមរមន នឹងទទួលបានការបើកសម្ដែងកាន់តែធំធេងដល់ពួកគេ ( សូមមើល នីហ្វៃទី3 26:9 ) ។
នីហ្វៃទី3 24:1–6
ព្រះយេស៊ូវគ្រីស្ទដកស្រង់ពាក្យសម្ដីដែលត្រូវបានប្រទានដល់ម៉ាឡាគី ដែលទាក់ទងពីការយាងមកជាលើកទីពីរ
កាលដែលទ្រង់បានមានបន្ទូលរៀបរាប់ពីការព្យាករណ៍របស់ម៉ាឡាគីដល់ពួកសាសន៍នីហ្វៃ នោះព្រះយេស៊ូវគ្រីស្ទបានយោងទៅរូបភាពនៃភ្លើង និង ក្បុង ។ សូមស្រមៃពីភ្លើងសន្ធៅ និង ក្បុងមួយដុំ ។ គិតអំពីអ្វីដែលរបស់ទាំងពីរនេះមានដែលស្រដៀងគ្នា ក្នុងន័យជាភ្នាក់ងារធ្វើឲ្យសុទ្ធ និង សម្អាត ។
សូមអាន នីហ្វៃទី3 24:2–3 ។ នៅក្នុង នីហ្វៃទី3 24:2 ព្រះយេស៊ូវគ្រីស្ទត្រូវបានប្រៀបធៀបទៅនឹងភ្លើងរបស់ជាងសំរង និង ក្បុងរបស់ជាងប្រមោក ដោយសារតែអ្វីដែលទ្រង់នឹងធ្វើនៅការយាងមកជាលើកទីពីររបស់ទ្រង់ ។ នៅក្នុង នីហ្វៃទី3 24:3 ទ្រង់ត្រូវបានប្រៀបធៀបទៅនឹងជាងសំរង ដែលបន្សុទ្ធប្រាក់ ។ ដើម្បីយល់ពីខទាំងនេះ វាអាចជាប្រយោជន៍ក្នុងការដឹងថា ដំណើរការសម្រាប់ការបន្សុទ្ធប្រាក់ តម្រូវឲ្យជាងសំរងកៀបប្រាក់មួយដុំដាក់នៅលើភ្លើងនៅផ្នែកដែលក្ដៅបំផុត ដើម្បីដុតចោលនូវអ្វីដែលមិនសុទ្ធ ។ ជាងសំរងត្រូវតែមើលប្រាក់យ៉ាងដិតដល់ ត្បិតបើប្រាក់នោះត្រូវទុកចោលលើភ្លើង សូម្បីតែយូរពេកមួយភ្លែត នោះវានឹងត្រូវខូច ។ ជាងប្រមោកគឺជាមនុស្សម្នាក់ដែលសម្អាតសម្លៀកបំពាក់ ឬ ធ្វើឲ្យសម្លៀកបំពាក់ស ដោយប្រើក្បុង ។ « ពួកកូនចៅលេវី » ជាពួកអ្នកដែលកាន់បព្វជិតភាពនៅជំនាន់អ៊ីស្រាអែលពីបុរាណ ឈ្មោះនេះអាចអនុវត្តចំពោះរាស្ត្រទាំងអស់នៃព្រះអម្ចាស់នៅសព្វថ្ងៃនេះ ។
សូមសញ្ជឹងគិត ពីអ្វីដែលរូបភាពនេះប្រាប់ថានឹងកើតឡើងនៅការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុងព្រះគម្ពីររបស់អ្នកនៅក្បែរ នីហ្វៃទី3 24:2–3 អ្នកអាចនឹងចង់សរសេរថា ៖ នៅការយាងមកជាលើកទីពីររបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទនឹងធ្វើឲ្យរាស្ត្រទ្រង់បានបរិសុទ្ធ ។
សូមអាន នីហ្វៃទី3 24:5–6 ហើយរកមើលនរណាដែលនឹងត្រូវវិនាស ហើយនរណាដែលនឹងមិនត្រូវវិនាស ឬ បំផ្លាញ នៅពេលនៃការយាងមករបស់ព្រះអង្គសង្គ្រោះ ។ ( សូមកត់ចំណាំថា នៅក្នុងវគ្គនេះ « ពួកកូនចៅយ៉ាកុប » គឺជារាស្ត្រនៃសេចក្ដីសញ្ញារបស់ព្រះអម្ចាស់នៅក្នុងវង្សអ៊ីស្រាអែល ) ។ ខទាំងនេះបង្រៀនពីគោលការណ៍នេះ ៖ ព្រះយេស៊ូវគ្រីស្ទនឹងជំនុំជម្រះពួកទុច្ចរិតនៅពេលទ្រង់យាងមក ។
-
សរសេរចំណងជើងតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ អ្វីដែលខ្ញុំត្រូវតែធ្វើដើម្បីរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ កាលដែលអ្នកបន្តសិក្សា នីហ្វៃទី3 24–26 សូមរាយនៅក្រោមចំណងជើងនេះ នូវអ្វីដែលអ្នករៀន ដែលនឹងជួយអ្នករៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។
នីហ្វៃទី3 24:7–18
ម៉ាឡាគីបង្រៀនវង្សអ៊ីស្រាអែល ពីរបៀបដើម្បីត្រឡប់ទៅព្រះអម្ចាស់វិញ
សូមស្រមៃថា មិត្តជិតស្និត ឬ សមាជិកគ្រួសារម្នាក់ ហាក់ដូចជាមិនខ្វល់ខ្វាយថាតើសកម្មភាពរបស់មនុស្សម្នាក់អាចនឹងជះឥទ្ធិពលយ៉ាងណាដល់គាត់ នៅក្នុងការជំនុំជម្រះ ការយាងមកជាលើកទីពីរ ឬ នៅក្នុងភាពអស់កល្បជានិច្ចនោះទេ ។ សូមគិតពីអ្វី ដែលអ្នកអាចនឹងនិយាយ ដើម្បីព្យាយាម និង ជួយមនុស្សម្នាក់នេះ ។ សូមអាន នីហ្វៃទី3 24:7 ហើយរកមើលអ្វីដែលព្រះអម្ចាស់បានមានបន្ទូលទៅកាន់ពួកកូនចៅយ៉ាកុប ដែលបានចាប់ផ្ដើមខ្ចាត់ព្រាត់ចេញពីទ្រង់ ។ តើអ្នកគិតថា វាមានន័យយ៉ាងណា ដែលប្រជាជន « បានបោះបង់ចោល » ពិធីបរិសុទ្ធរបស់ព្រះអម្ចាស់ ?
នៅក្នុងសាសនាចក្រ ពិធីបរិសុទ្ធគឺជាពិធីដ៏ពិសិដ្ឋ ជាផ្លូវការមួយ ដែលត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាព ។ ពិធីបរិសុទ្ធខ្លះគឺចំាបាច់ចំពោះភាពលើកតម្កើងរបស់យើង ។ ពិធីបរិសុទ្ធទាំងនេះ ត្រូវបានហៅថា « ពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ » ។ វារួមមាននូវពិធីបុណ្យជ្រមុជទឹក ពិធីបញ្ជាក់ ការតែងតាំងដល់បព្វជិតភាពមិលគីស្សាដែក ( សម្រាប់បុរស ) អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ និង ពិធីផ្សារភ្ជាប់អាពាហ៍ពិពាហ៍ ។ ជាមួយនឹងពិធីបរិសុទ្ធនីមួយៗនៃពិធីបរិសុទ្ធទាំងនេះ យើងចូលទៅក្នុងសេចក្ដីសញ្ញាដ៏មុតមាំជាមួយព្រះអម្ចាស់ ។ អ្នកអាចនឹងចង់រាយនូវពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ នៅពីក្រោមចំណងជើងនៅក្នុងកិច្ចការក្នុងសៀវភៅកំណត់ហេតុ 1 ។ សូមគិតអំពីរបៀបដែលពិធីបរិសុទ្ធទាំងនេះជួយយើងរៀបចំសម្រាប់ការយាងមកជាលើកទីពីរ ។
ថ្វីបើរាស្ត្ររបស់ព្រះអម្ចាស់ បានវង្វេងចេញពីពិធីបរិសុទ្ធ និង សេចក្ដីសញ្ញានៃដំណឹងល្អក្ដី ក៏សូមកត់ចំណាំពីការសន្យានៅក្នុង នីហ្វៃទី3 24:7 ដែលព្រះអម្ចាស់បានប្រទានដល់ពួកគេ ប្រសិនបើពួកគេនឹងត្រឡប់មកទ្រង់វិញ ។ អ្នកអាចនឹងចង់គូសចំណាំនូវការសន្យានេះនៅក្នុងព្រះគម្ពីររបស់អ្នក ដើម្បីជួយអ្នកចងចាំថា ប្រសិនបើយើងត្រឡប់មករកព្រះអម្ចាស់វិញ នោះទ្រង់នឹងត្រឡប់មករកយើងវិញដែរ ។
សូមអាន នីហ្វៃទី3 24:8–10 ហើយរកមើលរបៀបមួយ ដែលព្រះអម្ចាស់បានចង្អុលបង្ហាញថា ពួកកូនចៅយ៉ាកុបអាចត្រឡប់មករកទ្រង់វិញ ហើយរៀបចំសម្រាប់ការយាងមកជាលើកទីពីរ ។ អ្នកអាចនឹងចង់បញ្ចូលការបង់ដង្វាយមួយក្នុងភាគដប់ និង ដង្វាយផ្សេងៗ ទៅក្នុងបញ្ជីដែលនៅក្រោមចំណងជើងនៅក្នុងកិច្ចការក្នុងសៀវភៅកំណត់ហេតុ 1 ។
សូមអានដំបូន្មានតទៅនេះមកពី ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី អំពីការបង់ដង្វាយមួយភាគក្នុងដប់ ៖ « យើងអាចបង់ដង្វាយមួយភាគក្នុងដប់របស់យើងបាន ។ វាមិនមែនជាបញ្ហាខ្លាំងពីរឿងលុយនោះទេ វាជាបញ្ហានៃសេចក្ដីជំនឿ » ( “Let Us Move This Work Forward” Ensign ខែ វិច្ឆិកា ឆ្នាំ 1985 ទំព័រ 85 ) ។
សូមសញ្ជឹងគិតមួយស្របក់ ថាតើឆន្ទៈរបស់អ្នកក្នុងការបង់ដង្វាយមួយភាគក្នុងដប់ និង ដង្វាយផ្សេងៗដល់ព្រះអម្ចាស់ គឺជាការបង្ហាញពីសេចក្ដីជំនឿរបស់អ្នកចំពោះទ្រង់ យ៉ាងដូចម្ដេចដែរ ។ សូមអាន នីហ្វៃទី3 24:10–12 ហើយផ្ដោតលើពរជ័យទាំងឡាយសម្រាប់ពួកអ្នកទាំងឡាយដែលបង់ដង្វាយមួយភាគក្នុងដប់ដ៏ពេញលេញ និង ស្មោះត្រង់ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើពរជ័យអ្វីខ្លះ ដែលអ្នកបានទទួលពីការគោរពប្រតិបត្តិដល់ច្បាប់ដង្វាយមួយភាគក្នុងដប់ ?
-
តើអ្នកគិតថា ការរក្សាបទបញ្ញត្តិក្នុងការបង់ដង្វាយមួយភាគក្នុងដប់ និង ដង្វាយផ្សេងៗ បានជួយអ្នករៀបចំខ្លួនខាងវិញ្ញាណយ៉ាងណាដែរ សម្រាប់ការយាងមកជាលើកទីពីរ ?
-
ប្រជាជនមួយចំនួននៅអ៊ីស្រាអែលពីបុរាណបានរអ៊ូរទាំថា ការរក្សាបទបញ្ញត្តិរបស់ព្រះអម្ចាស់ពុំមានអ្វីល្អសម្រាប់ពួកគេសោះ ។ ពួកគេបានមានអារម្មណ៍ថា ការប្រឹងប្រែងរបស់គេឥតប្រយោជន៍ ឬ គ្មានន័យ ( សូមមើល នីហ្វៃទី3 24:14 ) ។ ម៉្យាងវិញទៀត ពួកគេបានឈ្លោះប្រកែកថា ភាពឆ្មើងឆ្មៃ និង ភាពទុច្ចរិតគឺ « សប្បាយ » « បានតាំងឡើង » ហើយក៏ « រួចខ្លួន » ( នីហ្វៃទី3 24:15 ) ។ និយាយម៉្យាងទៀតគឺ ប្រជាជននេះបានតវ៉ាថា ភាពទុច្ចរិតគឺល្អជាងភាពសុចរិត ។ ព្រះអម្ចាស់បានឆ្លើយតបទៅកាន់ការរអ៊ូរទាំទាំងនេះ ដោយមានបន្ទូលថា អ្នកទាំងឡាយដែលកោតខ្លាចដល់ព្រះអម្ចាស់ ហើយគិតដល់ព្រះនាមទ្រង់ ហើយពួកអ្នកដែលជួបជុំគ្នាជាញឹកញាប់ ដើម្បីនិយាយនឹងគ្នាទៅវិញទៅមក នឹងឃើញថាឈ្មោះរបស់គេត្រូវបានសរសេរនៅក្នុង « សៀវភៅរំឭក » ( នីហ្វៃទី3 24:16 ) ។ ពួកគេនឹងជាពួកអ្នកដែលរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ហើយត្រូវបានប្រណី ទុកជា « របស់ » ផងទ្រង់ ( សូមមើល នីហ្វៃទី3 24:16–17 ) ។ ព្រះអម្ចាស់បានអញ្ជើញពួកអ្នកដែលរអ៊ូរទាំ ឲ្យចាំមើលលទ្ធផលចុងក្រោយ ពេលដែលពួកគេអាច « ត្រឡប់មក ហើយចេះវែកញែករវាងសេចក្ដីសុចរិត និង សេចក្ដីអាក្រក់ » ( នីហ្វៃទី3 24:18 ) ។ ពួកគេនឹងឃើញថា ពួកសុចរិតគឺល្អជាងឆ្ងាយណាស់ នៅទីបញ្ចប់ ។
នីហ្វៃទី3 25
ព្រះយេស៊ូវគ្រីស្ទដកស្រង់ការព្យាករណ៍របស់ម៉ាឡាគី ដែលថាអេលីយ៉ានឹងត្រឡប់មកវិញ ពីមុនការយាងមកជាលើកទីពីរ
សូមអាន នីហ្វៃទី3 25:1–3 ហើយរកមើលថា ហេតុអ្វីការយាងមកជាលើកទីពីរគឺជាពរជ័យដល់ពួកអ្នកដែលស្មោះត្រង់ចំពោះព្រះយេស៊ូវគ្រីស្ទ ។ ពាក្យឫស នៅក្នុងខ 1 សំដៅដល់ពួកដូនតា ហើយពាក្យមែក សំដៅដល់ពួកកូនចៅ ។ ដូច្នេះ នៅជីវិតបន្ទាប់ទៀត ពួកទុច្ចរិតនឹងពុំបានរីករាយជាមួយនឹងពរជ័យនៃការបានផ្សារភ្ជាប់ទៅនឹងដូនតា ឬ កូនចៅរបស់ពួកគេនោះទេ ។ កូនគោដែល « លោតកញ្ឆោង … ចេញពីក្រោល » គឺជានិមិត្តសញ្ញាសម្រាប់ពួកកូនចៅដែលត្រូវបានការពារ ថែរក្សា និង មានអ្វីៗទាំងអស់ដែលចាំបាច់ដល់ពួកគេ កាលដែលពួកគេធំឡើង ។
ព្រះអង្គសង្គ្រោះបានចែកចាយជាមួយនឹងពួកសាសន៍នីហ្វៃ ពីអ្វីដែលម៉ាឡាគីបានសរសេរ អំពីព្រឹត្តិការណ៍មួយដែលនឹងកើតឡើងមុនការយាងមកជាលើកទីពីរ ហើយដែលនឹងទាក់ទងនឹងអេលីយ៉ា ជាព្យាការីក្នុងព្រះគម្ពីរសញ្ញាចាស់ ។ សូមអាន នីហ្វៃទី3 25:5–6 ហើយរកមើលអ្វីដែលម៉ាឡាគីបានបង្រៀនថា អេលីយ៉ានឹងធ្វើ ដើម្បីរៀបចំពិភពលោកសម្រាប់ការយាងមករបស់ព្រះអម្ចាស់ ។
ការវិលត្រឡប់របស់អេលីយ៉ាមកដល់ផែនដី គឺជាផ្នែកដ៏ចាំបាច់មួយនៃការស្ដារឡើងវិញនៃដំណឹងល្អ ។ នៅថ្ងៃទី 3 ខែ មេសា ឆ្នាំ 1836 អេលីយ៉ាបានលេចមកជួបនឹង យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី នៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ដែលទើបបានឧទ្ទិសឆ្លងថ្មីៗ ( សូមមើល គ. និង ស. 110 ) ។ លោកបានប្រគល់ដល់ពួកលោកនូវអំណាចបព្វជិតភាពនៃការផ្សារភ្ជាប់ ដែលធ្វើឲ្យក្រុមគ្រួសារអាចបានផ្សារភ្ជាប់ទូទាំងតំណរ ។ តើអ្នកគិតថា សេចក្ដីថ្លែងដែលថា « លោកនឹងបង្វែរចិត្តពួកឪពុកមកឯកូន និង ចិត្តកូនមកឯឪពុកវិញ » ( នីហ្វៃទី3 25:6 ) មានន័យយ៉ាងណា ?
ខទាំងនេះបង្រៀនថា ពេលដែលចិត្តយើងបង្វែរទៅឪពុកយើង នោះយើងកំពុងជួយរៀបចំផែនដីនេះសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នូវបទពិសោធន៍មួយដែលអ្នក ឬ សមាជិកគ្រួសារអ្នកបានមាន ដែលបានជួយអ្នកឲ្យបង្វែរចិត្តអ្នកទៅឯជីដូនជីតាអ្នក ។ ការណ៍នេះអាចរួមមាន ការផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ស្រាវជ្រាវពង្សប្រវត្តិ ឬ ចូលរួមក្នុងបុណ្យជ្រមុជទឹកសម្រាប់មរណជន ។ បើអ្នកពុំអាចគិតពីបទពិសោធន៍មួយទេ សូមសរសេរកថាខណ្ឌខ្លីមួយ អំពីបំណងប្រាថ្នារបស់អ្នកក្នុងការចូលរួមក្នុងកិច្ចការនេះ ។ ( នៅខាងក្រោមកិច្ចការក្នុងសៀវភៅកំណត់ហេតុ 1 អ្នកអាចនឹងចង់សរសេរថា ៖ ការទទួលពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធសម្រាប់ខ្លួនអ្នក និង គ្រួសារអ្នក ការចូលរួមក្នុងព្រះវិហារបរិសុទ្ធ និង ការប្រមូលព័ត៌មានពង្សប្រវត្តិ ) ។
នីហ្វៃទី3 26
អ្វីៗដែលត្រូវតែធ្វើ ដើម្បីទទួលបាននូវការណ៍ដ៏ធំលើសលែងទៅទៀត ដែលព្រះយេស៊ូវគ្រីស្ទបានបើកសម្ដែង
យើងរៀនចេញពី នីហ្វៃទី3 26:3 ថា ព្រះអង្គសង្គ្រោះបានបង្រៀនពួកសាសន៍នីហ្វៃពី « ការណ៍ទាំងអស់ដែលកើតឡើងនៅលើផ្ទៃផែនដីនេះ » ។ សូមអាន នីហ្វៃទី3 26:6–8 រកមើលថាតើទេសនកថារបស់ព្រះអង្គសង្គ្រោះត្រូវបានកត់ត្រាទុកបានប៉ុណ្ណា នៅក្នុងព្រះគម្ពីរមរមន ។ សូមសិក្សា នីហ្វៃទី3 26:9–11 ដើម្បីរកមើលពីមូលហេតុដែលមរមន ពុំបានបញ្ចូលអ្វីៗគ្រប់យ៉ាង ។
ព្រះអម្ចាស់បានណែនាំដល់មរមនឲ្យបញ្ចូលតែមួយផ្នែកតូចនៃការបង្រៀនទាំងនោះ ដើម្បីសាកល្បងសេចក្ដីជំនឿរបស់យើង ។ ចេញពី នីហ្វៃទី3 26:1–21 យើងរៀនថា ពេលយើងជឿលើអ្វីដែលព្រះបានបើកសម្ដែង នោះយើងរៀបចំខ្លួនយើងដើម្បីទទួលនូវវិវរណៈដែលកាន់តែអស្ចារ្យទៅទៀត ។ តើអ្នកគិតថា ហេតុអ្វីការជឿលើសេចក្ដីពិតដែលយើងបានទទួលរួចហើយនោះ គឺជាការចាំបាច់ មុនពេលដែលយើងទទួលសេចក្ដីពិតបន្ថែមទៀត ? ( សូមមើល អាលម៉ា 12:9–11 ) ។ តើអាចបង្ហាញបានដោយរបៀបណាថា យើងជឿលើអ្វីដែលព្រះអម្ចាស់បានបើកសម្ដែង ?
-
ដើម្បីអនុវត្តនូវគោលការណ៍ដែលមានជាអក្សរដិតខាងលើ សូមឆ្លើយតបសំណួរតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកកំពុងធ្វើអ្វីខ្លះនៅក្នុងជីវិតអ្នក ដើម្បីបង្ហាញពីការជឿរបស់អ្នកទៅលើព្រះគម្ពីរមរមរន ?
ដូចមានកត់ត្រានៅក្នុងអ្វីដែលនៅសល់ក្នុង នីហ្វៃទី3 26 មរមនបានសង្ខេបពីការបម្រើរបស់ព្រះអង្គសង្គ្រោះ និង ឥទ្ធិពលនៃការបម្រើនោះទៅលើពួកសាសន៍នីហ្វៃ ។ សូមអាន នីហ្វៃទី3 26:13–21 ហើយពិចារណាក្នុងការគូសចំណាំពីរបៀបដែលប្រជាជនអនុវត្តទៅតាមព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
សូមសរសេរកំណត់ចំណាំដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី3 24–26 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖