មេរៀនទី 15 ៖ ថ្ងៃទី 1
អាលម៉ា 5:1–36
សេចក្តីផ្ដើម
ពេលសាសនាចក្រត្រូវបានគំរាមកំហែងដោយទុច្ចរិតភាព និង ការទាស់ទែង ( សូមមើល អាលម៉ា 4:9–11 ) អាលម៉ាបានដឹងថា ការកែប្រែដ៏ពិតប្រាកដអាចកើតឡើងបាន មានតែតាមរយៈការផ្លាស់ប្ដូរយ៉ាងធំក្នុងដួងចិត្តនៃសមាជិកសាសនាចក្រប៉ុណ្ណោះ ។ ក្នុងនាមជាសង្ឃជាន់ខ្ពស់ម្នាក់នៃសាសនាចក្រ អាលម៉ាបានចាប់ផ្ដើមបេសកកម្មក្នុងការផ្សព្វផ្សាយរបស់លោកដល់ប្រជាជនសារ៉ាហិមឡា ដោយការថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និង ដោយការហៅប្រជាជនឲ្យប្រែចិត្ត ។ លោកបានលើកទឹកចិត្តពួកគេឲ្យរៀបចំខ្លួនសម្រាប់ការជំនុំជម្រះរបស់ព្រះអម្ចាស់ ដោយការមានសេចក្ដីជំនឿលើព្រះបន្ទូលនៃព្រះ និង ដោយការវាយតម្លៃលើស្ថានភាពខាងវិញ្ញាណនៃដួងចិត្តរបស់ពួកគេ ។ ពេលអ្នកសិក្សាពាក់កណ្ដាលជំពូកដំបូងនៃ អាលម៉ា 5 សូមគិតអំពីរបៀបដែលអ្នកអាចអនុវត្តនូវអ្វីដែលអ្នករៀន ដើម្បីអ្នកអាចទទួលបទពិសោធន៍ និង បន្តទទួលបទពិសោធន៍ពីការផ្លាស់ប្ដូរយ៉ាងធំនៅក្នុងដួងចិត្ត ដែលបានពិភាក្សានៅក្នុងជំពូកនេះ ។
អាលម៉ា 5:1–13
អាលម៉ារៀបរាប់ពីការប្រែចិត្តជឿរបស់ឪពុកលោក និង ពួកអ្នកដែលបានតាមលោក
តើអ្នកមានការផ្លាស់ប្ដូរខ្លាំងប៉ុណ្ណាដែរ តាំងពីអ្នកអាយុ 8 ឆ្នាំមក ? តើអ្នកមានការផ្លាស់ប្ដូរខ្លាំងប៉ុណ្ណាដែរ តាំងពីអ្នកអាយុ 12 ឆ្នាំមក ? សូមគិតអំពីរបៀបផ្សេងៗទៀត ដែលមនុស្សអាចផ្លាស់ប្ដូរ ដូចជាអាការះខាងក្រៅ ការប្រព្រឹត្ត ឬ អាកប្បកិរិយារបស់ពួកគេ ។ សូមពិចារណាពីអ្វីដែលអាចដឹកនាំ ឬ នាំមកនូវការផ្លាស់ប្ដូរមួយចំនួនទាំងនេះ នៅក្នុងខ្លួនមនុស្ស ។ បន្ទាប់មក សូមអាន អាលម៉ា 5:12 ហើយរកមើលពីអ្វីដែលបានផ្លាស់ប្ដូរនៅក្នុងអាលម៉ាជាឪពុក ។ កាលដែលអ្នកសិក្សា អាលម៉ា 5:1–13 សូមគិតអំពីរបៀបមួយដែលដួងចិត្តមនុស្សម្នាក់អាចផ្លាស់ប្ដូរ ។
អែលឌើរ ជើរ៉ល អិន. ឡាន ដែលក្រោយមកបានបម្រើជាសមាជិកមួយរូបនៃពួកចិតសិប បានបង្រៀនថា ពេលដែលពាក្យថា ដួងចិត្ត ត្រូវបានប្រើប្រាស់នៅក្នុងព្រះគម្ពីរ ជាញឹកញាប់វាសំដៅទៅលើ « ធាតុពិតនៅក្នុងខ្លួនមនុស្ស » ( “Understanding Scriptural Symbols,” Ensign ខែ តុលា ឆ្នាំ 1986 ទំព័រ 25 ) ។ សូមពិចារណាមួយស្របក់ ពីរបៀបដែល « ការផ្លាស់ប្ដូរយ៉ាងធំនៅក្នុងដួងចិត្ត » ខុសគ្នាពីរបៀបផ្សេងៗទៀត ដែលមនុស្សអាចផ្លាស់ប្ដូរ—រួមបញ្ចូលទាំងរបៀបទាំងឡាយដែលអ្នកបានគិត ពេលអ្នកបានចាប់ផ្ដើមមេរៀននេះ ។
សូមរំឭកឡើងវិញថា ប្រជាជនរបស់ស្ដេចបេនយ៉ាមីនបានទទួលបទពិសោធន៍ពី « ការផ្លាស់ប្ដូរយ៉ាងធំ » នៅក្នុងដួងចិត្តរបស់ពួកគេ ដែលបណ្ដាលឲ្យពួកគេ « ពុំមានបំណងនឹងប្រព្រឹត្តអំពើទុច្ចរិតទៀតឡើយ ប៉ុន្តែចង់ប្រព្រឹត្តអំពើល្អជានិច្ចវិញ » ( ម៉ូសាយ 5:2 ) ។ អ្នកអាចនឹងចង់សរសរនូវការបញ្ជាក់មកពី អែលឌើរ ឡាន់ និង ម៉ូសាយ 5:2 ដែលជាខគម្ពីរយោង នៅគែមទំព័រនៃព្រះគម្ពីររបស់អ្នក នៅក្បែរ អាលម៉ា 5:11–13 ។
អែលឌើរ ឌី. ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ថា ៖ « អ្នកអាចសួរថា ហេតុអ្វីការផ្លាស់ប្ដូរយ៉ាងធំនេះមិនកើតឡើងលឿនជាងនេះចំពោះខ្ញុំ ? អ្នកគួរតែចងចាំថា គំរូដ៏អស្ចារ្យនៃប្រជាជនរបស់ស្ដេចបេនយ៉ាមីន អាលម៉ា និង អ្នកផ្សេងទៀតមួយចំនួននៅក្នុងព្រះគម្ពីរ គឺ—អស្ចារ្យបែបនោះ ហើយពុំមែនសាមញ្ញទេ ។ សម្រាប់ពួកយើងភាគច្រើន ការផ្លាស់ប្ដូរទាំងឡាយគឺភាគច្រើនកើតឡើងបន្តិចម្ដងៗ ហើយកើតឡើងច្រើនដង ។ ការកើតម្ដងទៀត គឺពុំដូចជាការកើតខាងរូបកាយទេ វាគឺជាដំណើរការមួយ មិនមែនជាព្រឹត្តិការណ៍មួយនោះទេ ។ ហើយការចូលរួមក្នុងដំណើរការនោះ គឺជាគោលបំណងដ៏សំខាន់នៃភាពរមែងស្លាប់ » ( “Born Again,” Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2008 ទំព័រ 78 ) ។
សូមអាន អាលម៉ា 5:3–7 ហើយរកមើលអ្វីដែលអាលម៉ាបានប្រាប់ដល់ប្រជាជនសារ៉ាហិមឡា ដើម្បីជួយរៀបចំដួងចិត្តរបស់ពួកគេឲ្យផ្លាស់ប្ដូរ ។
សូមឆ្លើយនូវសំណួរខាងក្រោមនៅក្នុងសៀវភៅណែនាំការសិក្សានេះ ៖ អាលម៉ាបានប្រាប់ប្រជាជនសារ៉ាហិមឡាអំពីការប្រែចិត្តជឿរបស់ឪពុកលោក និង អ្នកផ្សេងទៀត ក៏ដូចជាការរួចចេញពីសេវកភាពរបស់ពួកគេ ។ តើអ្នកគិតថា បទពិសោធន៍ទាំងនេះបានជួយប្រជាជនឲ្យរៀបចំ ដើម្បីទទួលបទពិសោធន៍នៃការផ្លាស់ប្ដូរក្នុងដួងចិត្តយ៉ាងណាដែរ ?
សូមអាន អាលម៉ា 5:10 ហើយគូសរង្វង់សញ្ញាសួរនៅចុងនៃសំណួរទាំងបី ដែលអាលម៉ាបានសួរដល់ប្រជាជន ។ បន្ទាប់មក សូមពិនិត្យមើល អាលម៉ា 5:11–13 ដែលអាលម៉ាបានចាប់ផ្ដើមឆ្លើយសំណួរទាំងនេះ ដើម្បីរកមើលការគាំទ្រដល់សេចក្ដីថ្លែងនេះ ៖ ពេលយើងជឿលើព្រះបន្ទូលនៃព្រះ ហើយអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ នោះយើងអាចទទួលបទពិសោធន៍ពីការផ្លាស់ប្ដូរយ៉ាងធំនៅក្នុងដួងចិត្តបាន ។
សេចក្ដីជំនឿនៅក្នុងព្រះបន្ទូលនៃព្រះ ដឹកនាំទៅកាន់ការផ្លាស់ប្ដូរយ៉ាងធំនៅក្នុងដួងចិត្ត ពីព្រោះព្រះបន្ទូលនៃព្រះបង្រៀនយើងអំពីព្រះអង្គសង្គ្រោះ ។ ប្រជាជនរបស់អាលម៉ាបានជឿលើព្រះបន្ទូលនៃព្រះ ដែលបានផ្សព្វផ្សាយដល់ពួកគេដោយពួកព្យាការីដ៏បរិសុទ្ធ ។ ពួកគេបានរៀនអំពីអំណាចនៃការប្រោសលោះនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ហើយដួងចិត្តពួកគេត្រូវបានផ្លាស់ប្ដូរ កាលដែលពួកគេអភិវឌ្ឍសេចក្ដីជំនឿទៅលើព្រះអង្គសង្គ្រោះ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមពន្យល់ជាពាក្យសម្ដីរបស់អ្នកផ្ទាល់ ថាតើការជឿលើដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដឹកនាំទៅកាន់ការផ្លាស់ប្ដូរយ៉ាងធំនៅក្នុងដួងចិត្ត ដោយរបៀបណា ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីរបៀបដែលដួងចិត្តរបស់អ្នកត្រូវបានផ្លាស់ប្ដូរ ។ ប្រសិនបើអ្នកបានកត់សម្គាល់ពីការផ្លាស់ប្ដូរនៅក្នុងដួងចិត្ត ពេលអ្នកសិក្សាព្រះគម្ពីរមរមននៅឆ្នាំនេះក្នុងថ្នាក់សិក្ខាសាលា នោះអ្នកអាចពិពណ៌នាពីបទពិសោធន៍របស់អ្នកទុកជាផ្នែកមួយនៃចម្លើយរបស់អ្នក ។
អាលម៉ា 5:14–36
អាលម៉ាបង្រៀនថា ការផ្លាស់ប្ដូរយ៉ាងធំនៅក្នុងដួងចិត្ត គឺជាការតម្រូវ ដើម្បីបានចូលទៅក្នុងនគរស្ថានសួគ៌
បន្ទាប់ពីអាលម៉ាបានបង្រៀនថា សេចក្ដីជំនឿលើព្រះបន្ទូលនៃព្រះជួយយើងឲ្យចាប់ផ្ដើមដំណើរការនៃការទទួលនូវការផ្លាស់ប្ដូរយ៉ាងធំនៅក្នុងដួងចិត្ត នោះលោកបានសុំឲ្យប្រជាជនពិចារណាទៅលើសំណួរជាច្រើន ។ សំណួរទាំងនេះអាចជួយយើងវាយតម្លៃលើស្ថានភាពដួងចិត្តខាងវិញ្ញាណ—គឺជាបំណងប្រាថ្នា និង អារម្មណ៍របស់មនុស្សពិតនៅខាងក្នុង ។
សូមអាន អាលម៉ា 5:14 ហើយសូមគូសចំណាំសំណួរបី ដែលអាលម៉ាបានសុំឲ្យប្រជាជនពិចារណា ។ សំណួរទាំងបីនេះ ពិពណ៌នាអំពីការផ្លាស់ប្ដូរដែលយើងទទួលបទពិសោធន៍ ពេលយើងអនុវត្តសេចក្ដីជំនឿទៅលើសេចក្ដីប្រោសលោះដែលត្រូវបានប្រទានតាមរយៈព្រះយេស៊ូវគ្រីស្ទ ។ សូមចងចាំពីមេរៀនមុនៗ ( សូមមើល ម៉ូសាយ 5 និង ម៉ូសាយ 27 ) ថាការ « កើតម្ដងទៀត » គឺសំដៅទៅលើការផ្លាស់ប្ដូរដែលមនុស្សម្នាក់ទទួលបទពិសោធន៍ ពេលដែលគាត់ទទួលយកព្រះយេស៊ូវគ្រីស្ទ និង ចាប់ផ្ដើមជីវិតថ្មីមួយ ដែលមិនត្រឹមតែជាសិស្សរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែជាបុត្រាបុត្រីខាងវិញ្ញាណរបស់ទ្រង់ផងដែរ ( សូមមើល ម៉ូសាយ 27:25 ) ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរថាតើការផ្លាស់ប្ដូរនៅក្នុងដួងចិត្ត អាចត្រូវបានឆ្លុះបញ្ចាំងនៅលើទឹកមុខនៃមនុស្សម្នាក់ដោយរបៀបណា ។ នៅក្នុងបរិបទនេះ ពាក្យថា ទឹកមុខ មានន័យថា ជាទឹកមុខរបស់មនុស្សម្នាក់ ដែលឆ្លុះបញ្ចាំងពីអាកប្បកិរិយា អារម្មណ៍ ឬ ស្ថានភាពខាងវិញ្ញាណរបស់មនុស្សម្នាក់នោះ ។ សូមពន្យល់ពីនរណាម្នាក់ដែលអ្នកស្គាល់ ដែលបានទទួលព្រះភ័ក្រ្តរបស់ព្រះអង្គសង្គ្រោះនៅលើទឹកមុខរបស់គាត់ ។
នៅក្នុងការអនុវត្តន៍ផ្នែកវេជ្ជសាស្ត្រ ម៉ាស៊ីនវាស់ចង្វាក់បេះដូងគឺជាតារាងមួយ ដែលវេជ្ជបណ្ឌិតប្រើប្រាស់ ដើម្បីវាយតម្លៃពីស្ថានភាពនៃបេះដូងខាងផ្នែកសាច់ឈាមរបស់យើង ។ វាជួយកំណត់ពីស្ថានភាពដែលត្រូវការការព្យាបាល ។ សូមសិក្សាពីខទាំងឡាយចេញពី អាលម៉ា 5 ដែលមានរាយនៅខាងក្រោមតារាងតួលេខក្នុងការវាស់បេះដូងខាងវិញ្ញាណខាងក្រោមនេះ ។ ខណៈដែលអ្នកសិក្សាខនីមួយៗ សូមគូសចំណាំប្រអប់នៅលើតារាង ដែលពិពណ៌នាច្បាស់បំផុត ពីរបៀបដែលអ្នកនឹងឆ្លើយសំណួរមួយ ឬ សំណួរទាំងឡាយនៅក្នុងខនីមួយៗ ។ ( ប្រសិនបើអ្នកចង់រក្សាចម្លើយរបស់អ្នកជាឯកជន អ្នកអាចថតចម្លងតារាងនេះ លើក្រដាសផ្សេង ឬ អ្នកអាចចម្លងវាចូលក្នុងសៀវភៅកំណត់ហេតុផ្ទាល់ខ្លួនរបស់អ្នក ហើយបន្ទាប់មកបំពេញវា ) ។
អាលម៉ា 5 តារាងតួលេខក្នុងការវាស់បេះដូងខាងវិញ្ញាណ | ||||||||
---|---|---|---|---|---|---|---|---|
ជានិច្ចកាល | ||||||||
ស្ទើរតែជានិច្ចកាល | ||||||||
ជាធម្មតា | ||||||||
ពេលខ្លះ | ||||||||
មិនសូវ ប្រសិនបើធ្លាប់មាន | ||||||||
ខទាំងឡាយចេញពី អាលម៉ា 5 |
15 |
16 |
19 |
26 |
27 |
28 |
29 |
30–31 |
ពេលអ្នកបានបំពេញបញ្ចប់តារាងតួលេខក្នុងការវាស់បេះដូងខាងវិញ្ញាណរបស់អ្នកហើយ សូមអាន អាលម៉ា 5:21–25 ។ រកមើលអ្វីដែលអាលម៉ាបានបង្រៀនអំពីសេចក្ដីពិតនេះ ៖ ដោយការមានបទពិសោធន៍នៃការផ្លាស់ប្ដូរក្នុងដួងចិត្ត នោះយើងរៀបចំខ្លួនយើង ដើម្បីទទួលយកកន្លែងមួយក្នុងនគរស្ថានសួគ៌ ( នគរសេឡេស្ទាល ) ។
-
សូមធ្វើដូចខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមធ្វើតារាងមួយនៃពាក្យ និង ឃ្លាទាំងឡាយដែលអាលម៉ាបានប្រើប្រាស់នៅក្នុង អាលម៉ា 5:21−25 ដើម្បីពិពណ៌នាពីស្ថានភាពដែលអ្នកចង់ស្ថិតនៅក្នុង នាពេលឥឡូវនេះ ។
-
សូមពន្យល់ ថាតើអ្នកគិតថា ការផ្លាស់ប្ដូរនៅក្នុងដួងចិត្តរៀបចំយើងឲ្យទទួលកន្លែងមួយនៅក្នុងនគរស្ថានសួគ៌ដោយរបៀបណា ។
-
សូមអាន អាលម៉ា 5:33–36 ហើយពិចារណាថាតើអ្នកមានអារម្មណ៍យ៉ាងណាអំពីសារលិខិតរបស់អាលម៉ា ។ សូមរកមើលពាក្យ និង ឃ្លាទាំងឡាយដែលជួយអ្នកឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើព្រះអម្ចាស់កំពុងអញ្ជើញខ្ញុំឲ្យធ្វើអ្វីខ្លះ ?
-
តើអ្វីខ្លះជារង្វាន់សម្រាប់ការទទួលយកនូវការអញ្ជើញនេះ ?
-
តើខទាំងនេះបង្រៀនខ្ញុំអ្វីខ្លះ អំពីព្រះអង្គសង្គ្រោះ ?
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដែលថ្លែងដោយ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ដែលបង្ហាញថាតើប្រជាជនដែលមានការផ្លាស់ប្ដូរនៅក្នុងដួងចិត្តចង់រស់នៅដោយរបៀបណា ៖
« ពេលអ្នកជ្រើសរើសធ្វើតាមព្រះគ្រីស្ទ នោះអ្នកជ្រើសរើសដើម្បីផ្លាស់ប្ដូរ ។ …
« ព្រះអម្ចាស់ធ្វើការពីខាងក្នុងមកក្រៅ ។ លោកិយធ្វើការពីខាងក្រៅទៅក្នុង ។ លោកិយនឹងយកមនុស្សចេញពីភាពកខ្វក់ ។ ព្រះគ្រីស្ទយកភាពកខ្វក់ចេញពីមនុស្ស ហើយបន្ទាប់មកពួកគេយកខ្លួនឯងចេញពីភាពកខ្វក់នោះ ។ លោកិយនឹងសូនមនុស្សដោយការផ្លាស់ប្ដូរបរិយាកាសរបស់ពួកគេ ។ ព្រះគ្រីស្ទផ្លាស់ប្ដូរមនុស្ស ដែលបន្ទាប់មកមនុស្សនោះផ្លាស់ប្ដូរបរិយាកាសរបស់ខ្លួន ។ លោកិយនឹងសម្រួចសម្រាំងឥរិយាបទរបស់មនុស្ស ប៉ុន្តែព្រះគ្រីស្ទអាចផ្លាស់ប្ដូរឥរិយាបទរបស់មនុស្សបាន ។ …
« បុរស [ និង ស្ត្រី ] ដែលបានផ្លាស់ប្ដូរសម្រាប់ព្រះគ្រីស្ទ នោះនឹងត្រូវបានដឹកនាំដោយព្រះគ្រីស្ទ ។ ដូចជាប៉ុលដែរ ពួកគេនឹងសួរថា ‹ ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្ដេច ? › ( កិច្ចការ 9:6 ) ។ …
« បំណងប្រាថ្នារបស់ពួកគេនឹងត្រូវបានលេបចូលទៅក្នុងព្រះរាជបំណងរបស់ទ្រង់ ។ ( សូមមើល យ៉ូហាន 5:30 ) ។
« ពួកគេតែងតែធ្វើនូវអ្វីៗទាំងនោះដែលធ្វើឲ្យសព្វដល់ព្រះទ័យព្រះអម្ចាស់ ។ ( សូមមើល យ៉ូហាន 8:29 ) ។
« ពួកគេមិនត្រឹមតែនឹងសុខចិត្តស្លាប់ដើម្បីព្រះអម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនោះទៅទៀត ពួកគេចង់រស់នៅដើម្បីទ្រង់ ។
« ចូលទៅក្នុងផ្ទះរបស់ពួកគេ ហើយរូបភាពទាំងឡាយនៅលើជញ្ជាំងរបស់ពួកគេ សៀវភៅនៅលើធ្នើររបស់ពួកគេ តន្ត្រីតាមរលកអាកាស ពាក្យសម្ដី និង ទង្វើរបស់ពួកគេ បង្ហាញថាពួកគេជាពួកគ្រីស្ទាន ។
« ពួកគេឈរជាសាក្សីដល់ព្រះនៅគ្រប់ពេល និង គ្រប់ការណ៍ទាំងអស់ និង គ្រប់កន្លែងទាំងអស់ ។ ( សូមមើល ម៉ូសាយ 18:9 ) ។
« ពួកគេមានព្រះគ្រីស្ទនៅក្នុងគំនិតរបស់ពួកគេ កាលដែលពួកគេសម្លឹងមើលទៅទ្រង់នៅក្នុងគ្រប់ការគិតទាំងអស់ ។ ( សូមមើល គ. និង ស. 6:36 ) ។
« ពួកគេមានព្រះគ្រីស្ទនៅក្នុងដួងចិត្តរបស់ពួកគេ កាលដែលសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ពួកគេគឺនៅនឹងទ្រង់ជារៀងរហូត ។ ( សូមមើល អាលម៉ា 37:36 ) ។
« ស្ទើរតែរៀងរាល់សប្ដាហ៍ ពួកគេទទួលទានសាក្រាម៉ង់ ហើយធ្វើទីបន្ទាល់ជាថ្មីចំពោះព្រះវរបិតាដ៏អស់កល្បជានិច្ចរបស់ពួកគេថា ពួកគេមានឆន្ទៈនឹងលើកដាក់លើខ្លួនពួកគេនូវព្រះនាមនៃព្រះរាជបុត្រាទ្រង់ ចងចាំទ្រង់ជានិច្ច និង រក្សាបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។ ( សូមមើល មរ៉ូណៃ 4:3 ) » ។ ( “Born of God,” Ensign ខែ វិច្ឆិកា ឆ្នាំ 1985 ទំព័រ 5–7 ) ។
ដើម្បីបញ្ចប់មេរៀននេះ សូមគូសបន្ទាត់ពីក្រោមយោបល់មួយពីសេចក្ដីថ្លែងការណ៍របស់ប្រធាន ប៊ែនសឹន ដែលជួយអ្នកគិតអំពីរបៀបដែលអ្នកចង់រស់នៅ ក្នុងនាមជាមនុស្សម្នាក់ដែលកំពុងមានបទពិសោធន៍នៃការផ្លាស់ប្ដូរនៅក្នុងដួងចិត្ត ។ សូមដាក់គោលដៅមួយ ដែលនឹងជួយអ្នកអនុវត្តតាមអារម្មណ៍របស់អ្នក នៅពេលអ្នកបានសិក្សាការបង្រៀនរបស់អាលម៉ាអំពីការទទួលបទពិសោធន៍ពីការផ្លាស់ប្ដូរនៅក្នុងដួងចិត្ត ( អ្នកអាចនឹងចង់សរសេរនូវអារម្មណ៍ទាំងនោះនៅក្នុងសៀវភៅកំណត់ហេតុផ្ទាល់ខ្លួនរបស់អ្នក ឬ នៅលើក្រដាសដោយឡែកមួយ ) ។ នៅពេលដែលអ្នកបន្តព្យាយាមកើតពីព្រះ និង បន្តទទួលបទពិសោធន៍ពីការផ្លាស់ប្ដូរនៅក្នុងដួងចិត្ត នោះអ្នកនឹងរៀបចំដើម្បីចូលទៅក្នុងនគររបស់ព្រះហើយ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អាលម៉ា 5:1–36 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖