សេចក្ដីណែនាំមកកាន់គម្ពីរនីហ្វៃទី4
ហេតុអ្វីសិក្សាគម្ពីរនេះ ?
នៅក្នុងការសិក្សារបស់អ្នកពី នីហ្វៃទី4 អ្នកនឹងធ្វើទីបន្ទាល់ពីពរជ័យទាំងឡាយ ដែលមានដល់ប្រជាជនដែលរួបរួមគ្នាក្នុងការរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ គម្ពីរនេះបើកសម្ដែងថា ប្រជាជនទាំងអស់នៅទូទាំងដែនដីបានប្រែចិត្តជឿ អំឡុងពេលនៃការបម្រើរបស់ព្រះអង្គសង្គ្រោះក្នុងចំណោមពួកគេ ។ ដោយការគោរពប្រតិបត្តិតាមបទបញ្ញត្តិ ពួកគេបានរីករាយជាមួយនឹងសេចក្ដីសុខសាន្ត ភាពចម្រុងចម្រើន និង ពរជ័យដ៏អស្ចារ្យខាងវិញ្ញាណ ។ មរមនបានប្រកាសថា ៖ « ពិតជាគ្មានប្រជាជនណាដែលរីករាយសប្បាយជាងប្រជាជនដែលបានត្រូវបង្កើតដោយព្រះហស្ដនៃព្រះឡើយ » ( នីហ្វៃទី4 1:16 ) ។ អ្នកនឹងរៀនផងដែរពីមេរៀនសំខាន់ៗ អំពីការចុះអន់ថយជាលំដាប់របស់ប្រជាជននេះ ទៅក្នុងស្ថានភាពទុច្ចរិតមួយដ៏គួរឲ្យខ្ពើមឆ្អើម ។
តើនរណាបានសរសេរគម្ពីរនេះ ?
មរមនបានចងក្រង និង សង្ខេបបញ្ជីទាំងឡាយរបស់អ្នកសរសេរបួននាក់ផ្សេងទៀត ដើម្បីបង្កើតជាគម្ពីរ នីហ្វៃទី4 នេះ ។ អ្នកសរសេរទីមួយគឺ នីហ្វៃ ដែលគម្ពីរនេះត្រូវបានដាក់ឈ្មោះតាម ។ នីហ្វៃគឺជាកូនប្រុសរបស់នីហ្វៃ ដែលជាសិស្សម្នាក់ក្នុងចំណោមសិស្សទាំង 12 នាក់ ដែលបានជ្រើសរើសដោយព្រះអម្ចាស់ នៅអំឡុងពេលនៃការបម្រើរបស់ទ្រង់ក្នុងចំណោមកូនចៅលីហៃ ( សូមមើល នីហ្វៃទី3 11:18–22; 12:1 ) ។ អ្នកសរសេរបីនាក់ផ្សេងទៀតគឺ អេម៉ុសជាកូនប្រុសរបស់នីហ្វៃ អេម៉ុសជាកូនប្រុសរបស់អេម៉ុស និង អាំម៉ារុនជាប្អូនប្រុសរបស់អេម៉ុស ( សូមមើល នីហ្វៃទី4 1:19, 21, 47 ) ។
តើនៅពេលណា ហើយនៅកន្លែងណាដែលគម្ពីរនេះត្រូវបានសរសេរឡើង ?
បញ្ជីដើមដែលត្រូវបានប្រើជាប្រភពសម្រាប់ នីហ្វៃទី4 គឺទំនងជាត្រូវបានសរសេរឡើង រវាងឆ្នាំ 34 គ.ស. និង 321 គ.ស. ។ មរមនបានសង្ខេបបញ្ជីទាំងនោះនៅរវាងឆ្នាំ 345 គ.ស. និង 385 គ.ស. ។ មរមនពុំបានកត់ត្រាថា លោកបាននៅកន្លែងណានោះទេ ពេលលោកចងក្រងគម្ពីរនេះ ។