មេរៀនទី 5 ៖ ថ្ងៃទី 4
នីហ្វៃទី 2 3
សេចក្ដីផ្ដើម
នៅក្នុង នីហ្វៃទី 2 3 លីហៃបានផ្តល់ពាក្យដំបូន្មាន និង ពរជ័យទៅកាន់យ៉ូសែប ជាកូនប្រុសពៅរបស់លោក ។ ក្នុងការធ្វើដូច្នោះ នោះលីហៃបានប្រាប់អំពីការព្យាកររបស់យ៉ូសែបនៅស្រុកអេស៊ីព្ទ ដែលទាក់ទងនឹងតួនាទីរបស់អ្នកមើលឆុតដ៏ជម្រើសម្នាក់ គឺ យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ ។នៅក្នុងការនាំចេញមកនូវព្រះគម្ពីរមរមន ។នៅក្នុងមេរៀននេះ អ្នកនឹងមានឱកាសបង្កើននូវការស្ងើចសរសើកាន់តែខ្លាំងថែមទៀតចំពោះព្យាការី យ៉ូសែប ស៊្មីធ និង បង្កើនទីបន្ទាល់កាន់តែរឹងមាំចំពោះតួនាទីដែលបានតែងតាំងដ៏ទេវភាពរបស់លោក នៅក្នុងការស្តារដំណឹងល្អឡើងវិញ ។
នីហ្វៃទី 2 3:1–25
លីហៃប្រាប់អំពីការព្យាកររបស់យ៉ូសែបនៅស្រុកអេស៊ីព្ទអំពីព្យាការី យ៉ូសែប ស្ម៊ីធ
លីហៃបានបន្តទូន្មានជាលើកចុងក្រោយទៅកាន់គ្រួសាររបស់លោក ដោយបង្រៀនដល់យ៉ូសែប ជាកូនប្រុសរបស់លោកអំពីបុរសបីនាក់ផ្សេងទៀតដែលត្រូវបានដាក់ឈ្មោះថា យ៉ូសែប ផងដែរ ។សូមគូសបន្ទាត់មួយពីខគម្ពីរយោងនៅក្នុងនីហ្វៃទី2 3 ទៅយ៉ូសែប ឬ យ៉ូសែបទាំងឡាយដែលអ្នកបានរៀននៅក្នុងខគម្ពីរនោះ ។
មេរៀននេះនឹងផ្តោតទៅលើការព្យាករណ៍របស់យ៉ូសែបនៅស្រុកអេស៊ីព្ទ ដែលបានព្យាករអំពីព្យាការី យ៉ូសែប ស្ម៊ីធ—ដែលបានធ្វើឡើងប្រហែលជា 3,000 ឆ្នាំមុនពេល យ៉ូសែប ស្ម៊ីធ បានចាប់កំណើតមកម្ល៉េះ !
-
សូមចាប់ផ្តើមធ្វើបញ្ជីមួយក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកស្តីពីព្រឹត្តិការណ៍ និង ការបង្រៀនទាំងឡាយដែលបំផុសគំនិតដល់អ្នក នៅពេលអ្នកគិតអំពីព្យាការី យ៉ូសែប ស្ម៊ីធ និង តួនាទីរបស់លោកក្នុងការស្តារដំណឹងល្អឡើងវិញ ។ អ្នកនឹងបន្ថែមចំណុចផ្សេងៗទៀតទៅក្នុងបញ្ជីនេះ នៅពេលអ្នករកឃើញពត៌មានបន្ថែមទៀតពេលរៀនមេរៀននេះ ដូច្នេះសូមទុកកន្លែងសរសេរបន្ថែមទៀត ។
សូមអាន នីហ្វៃទី 2 3:6–8 ហើយរកមើលពាក្យ និង ឃ្លាទាំងឡាយដែលយ៉ូសែបនៅស្រុកអេស៊ីព្ទបានប្រើដើម្បីពិពណ៌នាអំពីព្យាការី យ៉ូសែប ស្ម៊ីធ និង ការងារដែលលោកនឹងសម្រេចបាន ។ សូមបន្ថែមពាក្យ និង ឃ្លាផ្សេងទៀតអំពីព្យាការី ដែលអ្នកមានអារម្មណ៍ថា សំខាន់សម្រាប់បញ្ជីរបស់អ្នក នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ នៅក្នុងខគម្ពីរទាំងនេះ យ៉ូសែបនៅស្រុកអេស៊ីព្ទបានថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់បានលើកព្យាការី យ៉ូសែប ស្ម៊ីធ ឡើង ដើម្បីជួយនាំមកនូវការស្តារដំណឹងល្អឡើងវិញ ។ នៅពេលអ្នកបន្តសិក្សា នីហ្វៃទី 2 3 សូមរកមើលសេចក្តីពិតបន្ថែមទៀតអំពីព្យាការី យ៉ូសែប ស្ម៊ីធ ដែលអាចពង្រឹងទីបន្ទាល់របស់អ្នកអំពីបេសកកម្មដ៏ទេវភាពរបស់លោក ហើយសរសេរបន្ថែមទៀតពីសេចក្តីពិតទាំងនោះក្នុងបញ្ជីរបស់អ្នក ។
ដើម្បីជួយអ្នកយល់កាន់តែច្បាស់ពីការព្យាករណ៍របស់យ៉ូសែបនៅស្រុកអេស៊ីព្ទ សូមកត់ចំណាំថាតើពាក្យ អ្នកមើលឆុត មានសរសេរប៉ុន្មានដងនៅក្នុង នីហ្វៃទី 2 3:6–7, 11, និង 14 ។អ្នកអាចនឹងចង់ធ្វើការកត់ចំណាំទុកនៅគែមព្រះគម្ពីររបស់អ្នក ក្បែរនឹងខគម្ពីរមួយនៃខគម្ពីរទាំងនេះថា អ្នកមើលឆុតគឺជាមនុស្សម្នាក់ដែលអាចដឹងការណ៍ទាំងឡាយពីអតីតកាល បច្ចុប្បន្ន និង អនាគត ( សូមមើល ម៉ូសាយ 8:13–17 ) ។
នៅក្នុង នីហ្វៃទី 2 3:7 យ៉ូសែបនៅស្រុកអេស៊ីព្ទបានថ្លែងថា ព្រះអម្ចាស់បានមានបន្ទូលប្រាប់លោកថា យ៉ូសែប ស្ម៊ីធ នឹង« ធ្វើកិច្ចការមួយ…ដែលនឹងទៅជាប្រយោជន៍ដ៏ធំ » ចំពោះពូជពង្សរបស់លោក ។សូមស្រាវជ្រាវនៅក្នុង នីហ្វៃទី 2 3:11–15, 19–21 ដោយរកមើលថាតើកិច្ចការនៃ « ប្រយោជន៍ដ៏ធំ » អ្វីខ្លះដែលព្រះអម្ចាស់នឹងសម្រេចបានតាមរយៈព្យាការី យ៉ូសែប ។ឯកសារជំនួយសម្រាប់ការសិក្សាដែលមានសម្រាប់អ្នក ( ការសង្ខេបរបស់ជំពូក លេខយោង សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ និង អ្វីៗដូចគ្នានេះ ) អាចជួយអ្នកយល់ពីសេចក្តីពិស្តារជាច្រើនដែលយ៉ូសែបនៅស្រុកអេស៊ីព្ទបានលើកឡើង ។នៅពេលអ្នករកឃើញព័ត៌មានថ្មីអំពីតួនាទីរបស់ព្យាការី យ៉ូសែប ស្ម៊ីធ សូមបន្ថែមព័ត៌មានថ្មីនោះទៅក្នុងបញ្ជីនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
ពេលដែលបទគម្ពីរចែងថា « ផលនៃពោះ [ របស់មនុស្សម្នាក់ ] » គឺកំពុងសំដៅដល់ពូជពង្សរបស់មនុស្សម្នាក់នោះ ។ យ៉ូសែបនៅស្រុកអេស៊ីព្ទបានការព្យាករណ៍ថា ព្យាការី យ៉ូសែប ស្ម៊ីធ ជាពូជពង្សមួយរបស់លោកនឹងនាំព្រះគម្ពីរមរមនចេញមកនៅថ្ងៃចុងក្រោយ ។
នៅក្នុង នីហ្វៃទី 2 3:12 ឃ្លាដែលចែងថា « ផលនៃពោះអ្នក [ ពូជពង្សរបស់យ៉ូសែបនៅស្រុកអេស៊ីព្ទ ] នឹងសរសេរទុក » សំដៅទៅលើកំណត់ត្រាព្រះគម្ពីរដែលបានសរសេរទុក—ព្រះគម្ពីរមរមន—ដែលធ្វើឡើងដោយពូជពង្សរបស់យ៉ូសែប ( សូមមើល នីហ្វៃទី 2 3:4 ) ។វាត្រូវបានព្យាករថា ព្រះគម្ពីរមរមននឹង « រួមទៅជាមួយគ្នា » នឹងព្រះគម្ពីរបរិសុទ្ធ ជាកំណត់ត្រាដ៏ពិសិដ្ឋមួយដែលត្រូវបានសរសេរទុកដោយ « ផលនៃពោះយូដា » ។សូមស្រាវជ្រាវនៅក្នុង នីហ្វៃទី 2 3:12 រកមើលឃ្លាទាំងឡាយដែលពិពណ៌នាអំពីឥទ្ធិពលដែលព្រះគម្ពីរមរមន និង ព្រះគម្ពីរបរិសុទ្ធនឹងមានមកលើពិភពលោកនេះ នៅពេលព្រះគម្ពីរទាំងពីរនេះរួមគ្នាតែមួយ ។
យ៉ូសែបនៅស្រុកអេស៊ីព្ទក៏បានព្យាករផងដែរថា ព្យាការី យ៉ូសែប ស្ម៊ីធ នឹងមានតួនាទីដ៏សំខាន់មួយនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ក្នុងការ « នាំប្រជាជនខ្ញុំទៅកាន់សេចក្តីសង្គ្រោះ » ( នីហ្វៃទី 2 3:15 ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ដើម្បីជួយអ្នកពង្រីកការដឹងគុណចំពោះតួនាទីរបស់ យ៉ូសែប ស្ម៊ីធ នៅក្នុងផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ៖
-
តើឧទាហរណ៍មួយចំនួនអំពីសេចក្តីសញ្ញា សិទ្ធិអំណាច ឬ ពិធីបរិសុទ្ធនានា ដែលត្រូវបានស្តារឡើងវិញតាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ដែលអាចជួយនាំមកនូវសេចក្ដីសង្គ្រោះដល់មនុស្សទូទៅនោះមានអ្វីខ្លះ?
-
តើពរជ័យទាំងនេះបានធ្វើឲ្យមានភាពខុសគ្នាយ៉ាងណានៅក្នុងជីវិតរបស់អ្នក ?
-
សូមរកមើលពាក្យ ឬ ឃ្លាទាំងឡាយណាដែលពិពណ៌នាពីព្យាការី យ៉ូសែប ស្ម៊ីធ នៅក្នុង នីហ្វៃទី2 3:24 ហើយបន្ថែមពាក្យ ឬ ឃ្លាទាំងនោះទៅក្នុងបញ្ជីក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។នៅពេលអ្នកអានការដកស្រង់ខាងក្រោមនេះពីប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី សូមបន្ថែមទៅក្នុងបញ្ជីរបស់អ្នកនូវការបង្រៀនណាមួយបន្ថែមទៀតស្តីពីព្យាការី យ៉ូសែប ស្ម៊ីធ ដែលបញ្ជាក់ថា លោកគឺជា « ឧបករណ៍មួយនៅក្នុងព្រះហស្ដនៃព្រះ » ៖
« សូមអនុញ្ញាតឲ្យខ្ញុំប្រាប់ឈ្មោះមួយចំនួនស្តីពីគោលលទ្ធិ និង ការអនុវត្តទាំងឡាយ ដែលញែកយើងចេញពីព្រះវិហារដទៃទៀតទាំងអស់ និង អ្វីៗទាំងអស់ដែលមកតាមរយៈវិវរណៈទៅកាន់ព្យាការីដ៏វ័យក្មេង [ យ៉ូសែប ស្ម៊ីធ ] ។ …
« ជាការពិតណាស់ រឿងដំបូងគឺជាការសម្តែងឲ្យឃើញនៃរូបអង្គព្រះ និង ព្រះរាជបុត្រាជាទីស្រលាញ់របស់ទ្រង់ ជាព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទដ៏មានព្រះជន្មរស់ ។ …
« ចំណេះដឹងអំពីព្រះអាទិទេពនេះដែលបានលាក់ទុកពីពិភពលោកនេះអស់ជាច្រើនសតវត្សរ៍មកហើយ វាគឺជារឿងដ៏អស្ចារ្យក្រៃលែងលើកដំបូងដែលព្រះបានបើកសម្តែងដល់អ្នកបម្រើដ៏ជម្រើសរបស់ទ្រង់ ។ …
« ព្រះគម្ពីរមរមនបាននាំមកដោយអំណោយទាន និង ព្រះចេស្តានៃព្រះ ។ …
« រឿងមួយទៀត [ ការរួមចំណែករបស់ព្យាការី យ៉ួសែប ស្ម៊ីធ ] គឺជាការស្តារឡើងវិញនូវបព្វជិតភាព ។ …
« វិវរណៈដ៏មហិមា និង រុងរឿងមួយទៀតដែលត្រូវបានប្រទានដល់ព្យាការី គឺជាផែនការសម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ចដល់គ្រួសារ ។ …
« ភាពគ្មានទោសរបស់កូនក្មេងតូចៗគឺជាវិវរណៈមួយទៀត ដែលព្រះបានប្រទានតាមរយៈព្យាការី យ៉ូសែប ដែលជាឧបករណ៍របស់ទ្រង់ ។ …
« … គោលលទ្ធិនៃសេចក្តីសង្គ្រោះដ៏មហិមាសម្រាប់មនុស្សស្លាប់គឺមានតែក្នុងសាសនាចក្រនេះតែមួយគត់ ។ …
« លក្ខណៈដ៏អស់កល្បជានិច្ចរបស់មនុស្ស ត្រូវបានបើកសម្តែង ។ …
« … មានរឿងមួយទៀតដែលខ្ញុំត្រូវតែបញ្ជាក់ ។ នេះគឺជាគោលការណ៍នៃ វិវរណៈសម័យទំនើប ។ …
« … ក្នុងរយៈពេល 38 ឆ្នាំ កន្លះនៃជីវិតដ៏ខ្លីរបស់លោក វាបាននាំឲ្យ [ ព្យាការី យ៉ូសែប ស្ម៊ីធ ] ទទួលបាននូវចំណេះដឹង អំណោយទាននានា និង គោលលទ្ធិដែលពុំអាចប្រៀបផ្ទឹមបាន » ( «The Great Things Which God Has Revealed» Ensign ខែ ឧសភា ឆ្នាំ 2005 ទំព័រ 80–83 ) ។
បន្ទាប់ពីទុក្ករកម្មនៃព្យាការីយ៉ូសែប ស្ម៊ីធ ប្រធាន យ៉ូហាន ថេលើរ បានសរសេរពីអ្វីមួយដែលក្រោយមកបានក្លាយទៅជា គោលលទ្ធិ និង សេចក្តីសញ្ញា 135 ។សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា 135:3 ហើយសញ្ជឹងគិតពីអ្វីដែលអ្នកបានរៀនក្នុងមេរៀននេះអំពីតួនាទីរបស់ យ៉ូសែប ស្ម៊ីធ នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ដើម្បីស្តារដំណឹងល្អឡើងវិញ ។
-
សូមសរសេរចម្លើយមួយចំពោះសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកបានរៀនអ្វី ឬ មានអារម្មណ៍យ៉ាងណានៅថ្ងៃនេះ នៅពេលអ្នកសិក្សា នីហ្វៃទី 2 3 ដែលពង្រឹងទីបន្ទាល់របស់អ្នកពីព្យាការី យ៉ូសែប ស្ម៊ីធ ?
-
តើយ៉ូសែប ស្ម៊ីធ បានធ្វើ បង្រៀន ឬ ស្តារឡើងវិញនូវអ្វីខ្លះ ដែលអ្នកមានអារម្មណ៍ថា « ជាប្រយោជន៍ដ៏ធំ » ( នីហ្វៃទី 2 3:7 ) សម្រាប់អ្នក ?
-
សូមស្វែងរកវិធីដើម្បីចែកចាយសក្ខីភាពរបស់អ្នកអំពីព្យាការី យ៉ូសែប ស្ម៊ីធ ជាមួយមិត្តភក្តិ និង គ្រួសាររបស់អ្នកប្រកបដោយការអធិស្ឋាន ដើម្បីជួយពួកគេដឹងរឿងដែលមានប្រយោជន៍ជាច្រើនដែលត្រូវបានស្តារឡើងវិញតាមរយៈលោក ។
-
សូមសរសេរចំណុចខាងក្រោមនេះ នៅក្រោមផ្នែកកិច្ចការសម្រាប់ថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី 2 3 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖