មេរៀនទី 15 ៖ ថ្ងៃទី 2
អាលម៉ា 5:37–62
សេចក្តីផ្ដើម
នៅពេលដែលអាលម៉ាបានបន្តការផ្សព្វផ្សាយនៅក្នុងទីក្រុងសារ៉ាហិមឡា លោកបានព្រមានដល់ប្រជាជនថា ការសម្រេចចិត្តរបស់ពួកគេដើម្បីស្តាប់ ឬ បដិសេធដល់ពាក្យពេចន៍របស់លោក គឺមាននូវពរជ័យ ឬ លទ្ធផលជាក់លាក់ ។ លោកបានលើកទឹកចិត្តពួកគេឲ្យឆ្លើយតបចំពោះសំឡេងនៃអ្នកគង្វាលល្អ គឺព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាអង្គដែលបានតាមហៅពួកគេ និង មានព្រះបំណងនាំពួកគេត្រឡប់ចូលក្នុងក្រោលរបស់ទ្រង់វិញ ។ ពេលអ្នកសិក្សាមេរៀននេះ សូមពិចារណាពីរបៀបដែលសំឡេងនៃអ្នកគង្វាលល្អខាងក្រោមនេះ នឹងជួយអ្នកឲ្យចៀសវាងពីអ្វីៗនៃពិភពលោកដែលគ្មានភាពច្បាស់លាស់ និង ត្រឡប់ទៅនៅជាមួយព្រះវិញ ។
អាលម៉ា 5:37–42, 53–62
អាលម៉ាអញ្ជើញមនុស្សទាំងអស់ឲ្យធ្វើតាមអ្នកគង្វាលល្អ គឺជាព្រះអង្គសង្គ្រោះ
នៅក្នុងព្រះគម្ពីរ ពេលខ្លះ ព្រះយេស៊ូវគ្រីស្ទគឺត្រូវបានគេហៅថាជា « អ្នកគង្វាលល្អ » ( សូមមើល យ៉ូហាន 10:11–15 ) ។ តើអ្នកគិតថា ហេតុអ្វីអ្នកគង្វាលគឺជានិមិត្តរូបដ៏ល្អមួយអំពីព្រះអង្គសង្គ្រោះ ? ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានផ្ដល់នូវការពិពណ៌នាអំពីអ្នកគង្វាលពីបុរាណ ដូចខាងក្រោមនេះថា ៖
« នៅក្នុងជំនាន់របស់ព្រះយេស៊ូវ អ្នកគង្វាលជនជាតិប៉ាលេស្ទីនត្រូវបានគេកត់សម្គាល់ថា ជាអ្នកការពារចៀមរបស់ខ្លួន ។ មិនដូចជាអ្នកគង្វាលសម័យទំនើបទេ អ្នកគង្វាលនោះតែងតែដើរពីមុខហ្វូងចៀមរបស់ខ្លួន ។ គាត់បានដឹកនាំពួកវា ។ អ្នកគង្វាលបានស្គាល់ចៀមនីមួយៗ ហើយជាធម្មតាមានឈ្មោះឲ្យពួកវានីមួយៗ ។ ចៀមនោះស្គាល់សំឡេងរបស់គាត់ និង ទុកចិត្តគាត់ ហើយនឹងមិនដើរតាមមនុស្សចម្លែកឡើយ ។ ហេតុដូច្នេះហើយ ពេលគាត់ហៅ នោះចៀមនឹងមករកគាត់ ។ ( សូមមើល យ៉ូហាន 10:14, 16 ) ។
« នៅពេលយប់ អ្នកគង្វាលនឹងនាំចៀមរបស់ខ្លួនទៅក្រោលមួយដែលហៅថា ក្រោលចៀម ។ មានជញ្ជាំងយ៉ាងខ្ពស់ហ៊ុំព័ទ្ធជុំវិញក្រោលចៀម ហើយមានដាក់បន្លាព័ទ្ធលើជញ្ជាំងទាំងនេះ ដើម្បីការពារកុំឲ្យសត្វព្រៃសាហាវ ឬ ចោរឡើងចូលក្នុងក្រោល ។
« ទោះយ៉ាងណា មានពេលខ្លះ ដោយសារការឃ្លាន សត្វព្រៃសាហាវនឹងលោតផ្លោះជញ្ជាំងចូលទៅក្នុងកណ្តាលហ្វូងចៀម ធ្វើឲ្យពួកវាភ័យតក់ស្លុត ។ ស្ថានភាពបែបនោះបានញែកដាច់រវាងអ្នកគង្វាលពិត—គឺជាម្នាក់ដែលស្រឡាញ់ចៀមរបស់គាត់—ពីអ្នកស៊ីឈ្នួល—ជាម្នាក់ដែលធ្វើការសម្រាប់តែប្រាក់ឈ្នួល និង តួនាទីនោះ ។
« អ្នកគង្វាលពិតគឺមានឆន្ទៈនឹងលះបង់ជីវិតគាត់ដើម្បីចៀម ។ គាត់នឹងទៅក្នុងចំណោមចៀមគាត់ ហើយតស៊ូប្រយុទ្ធដើម្បីសុខុមាលភាពរបស់ពួកវា ។ ផ្ទុយទៅវិញ អ្នកស៊ីឈ្នួលឲ្យតម្លៃទៅលើសុវត្ថិភាពផ្ទាល់ខ្លួនគាត់ផ្ទាល់ ជាជាងសុវត្ថិភាពរបស់ចៀម ហើយជាធម្មតានឹងរត់គេចពីគ្រោះថ្នាក់ ។
« ព្រះយេស៊ូវបានប្រើប្រាស់ការបង្ហាញដ៏សាមញ្ញនៅក្នុងជំនាន់របស់ទ្រង់នេះ ដើម្បីប្រកាសថា ទ្រង់ជាអ្នកគង្វាលល្អ ជាអ្នកគង្វាលពិត ។ ដោយសារសេចក្ដីស្រឡាញ់របស់ទ្រង់ ចំពោះបងប្អូនប្រុសស្រីរបស់ទ្រង់ នោះទ្រង់ដាក់ចុះនូវព្រះជន្មរបស់ទ្រង់ដោយស្ម័គ្រព្រះទ័យ ។ ( សូមមើល យ៉ូហាន 10:17–18 ) » ។ ( “A Call to the Priesthood: ‘Feed My Sheep,’” Ensign ខែ ឧសភា ឆ្នាំ 1983 ទំព័រ 43 ) ។
សូមសរសេរចម្លើយខ្លីៗសម្រាប់សំណួរក្នុងសៀវភៅណែនាំការសិក្សាខាងក្រោមនេះ ៖
-
តើអ្វីអាចកើតឡើងចំពោះចៀម ប្រសិនបើពួកវាពុំស្ដាប់តាមអ្នកគង្វាល ?
-
តើយើងដូចជាចៀមយ៉ាងណាដែរ ហើយតើព្រះអង្គសង្គ្រោះដូចជាអ្នកគង្វាលរបស់យើងយ៉ាងណាដែរ ?
-
តើការដែលត្រូវបាននាំចូលទៅក្នុងក្រោលរបស់ទ្រង់មានន័យយ៉ាងណា ? ( សូមមើល អាលម៉ា 5:60 ) ។
នៅក្នុង អាលម៉ា 5:37 អាលម៉បានពិពណ៌នាពីប្រជាជនសារ៉ាហិមឡា ថាជាចៀមដែលបាន « ដើរវង្វេង » ។ សូមអាន អាលម៉ា 5:37–42 ហើយរកមើលអ្វីដែលអាលម៉ាបានបង្រៀនអំពីការស្ដាប់តាមសំឡេងរបស់ព្រះអង្គសង្គ្រោះ ។
-
សូមសរសេរចម្លើយចំពោះសំណួរទាំងឡាយខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សិក្សា អាលម៉ា 5:37–38 ហើយពន្យល់ជាពាក្យសម្ដីផ្ទាល់របស់អ្នក នូវអ្វីដែលអាលម៉ាបានបង្រៀនអំពីការប្រឹងប្រែងរបស់ព្រះអង្គសង្គ្រោះ ក្នុងការហៅយើងឲ្យធ្វើតាមទ្រង់ ។
-
នៅក្នុង អាលម៉ា 5:41 តើអាលម៉បានបង្រៀនអ្វី អំពីរបៀបដែលយើងអាចប្រាប់បាន បើសិនជាយើងកំពុងស្ដាប់ដល់សំឡេងនៃអ្នកគង្វាលល្អ ឬ អត់នោះ ? តើ « កិច្ចការល្អ » អ្វីខ្លះ ដែលអាចចង្អុលបង្ហាញថា យុវវ័យនៃពួកបរិសុទ្ធថ្ងៃចុងក្រោយម្នាក់កំពុងដើរតាមអ្នកគង្វាលល្អនោះ ?
-
ការទទួលស្គាល់ និង ការធ្វើតាមសំឡេងព្រះអង្គសង្គ្រោះគឺមិនងាយស្រួលជានិច្ចនោះទេ ។ សូមពិចារណាពីការដកស្រង់តទៅនេះ ដែលថ្លែងដោយ អែលឌើរ ដាល្លិន អេក. អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖ « ចេញពីចំណោមបទបន្ទរនៃសំឡេងទាំងឡាយ ដែលយើងឮនៅក្នុងភាពរមែងស្លាប់នេះ យើងត្រូវតែស្គាល់សំឡេងនៃអ្នកគង្វាលល្អ ជាអង្គដែលហៅយើងឲ្យដើរតាមទ្រង់ ទៅកាន់ផ្ទះនៅឋានសួគ៌របស់យើង » ( “Alternate Voices” Ensign ខែ ឧសភា ឆ្នាំ 1989 ទំព័រ 27 ) ។
សូមអាន អាលម៉ា 5:53–56 ហើយគូសចំណាំពីអាកប្បកិរិយា និង សកម្មភាពទាំងឡាយ ដែលអាចធ្វើឲ្យពិបាកសម្រាប់នរណាម្នាក់ក្នុងការស្ដាប់ដល់សំឡេងរបស់ព្រះអង្គសង្គ្រោះ ។
សូមគិតពីអាកប្បកិរិយា និង សកម្មភាពផ្សេងទៀតណាក៏ដោយ ដែលនៅក្នុងពិភពលោកសព្វថ្ងៃនេះ ដែលធ្វើឲ្យពិបាកសម្រាប់មនុស្សក្នុងការស្ដាប់តាមសំឡេងរបស់ព្រះអង្គសង្គ្រោះ ។ សូមពន្យល់ដោយសង្ខេប ថាតើអ្នកគិតថា ហេតុអ្វីអាកប្បកិរិយា និង សកម្មភាពទាំងនេះធ្វើឲ្យពិបាកសម្រាប់នរណាម្នាក់ក្នុងការស្ដាប់តាមសំឡេងរបស់ព្រះអង្គសង្គ្រោះ ៖
នៅក្នុង អាលម៉ា 5:57 សូមគូសចំណាំនូវឃ្លា « អស់អ្នកណាដែលប្រាថ្នាចង់ធ្វើតាមសំឡេងនៃអ្នកគង្វាលល្អ » ។ បន្ទាប់មក សូមគូសចំណាំឃ្លាបីផ្សេងទៀតនៅក្នុងខ 57 ដែលប្រាប់ពីអ្វីៗដែលអ្នកអាចធ្វើ ដើម្បីធ្វើតាមសំឡេងរបស់ព្រះអង្គសង្គ្រោះ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរឧទាហរណ៍មួយសម្រាប់សេចក្ដីថ្លែងការណ៍នីមួយៗនៃសេចក្ដីថ្លែងការណ៍ទាំងបីតទៅនេះ ដោយបង្ហាញពីអ្វីដែលយុវវ័យនៃពួកបរិសុទ្ធចុងក្រោយម្នាក់នៅក្នុងសាលា ឬ សហគមន៍របស់អ្នកអាចធ្វើ ដើម្បី ៖ ( ក ) ចាកចេញពីពួកទុច្ចរិត ( ខ ) បែកចេញដោយឡែក និង ( គ ) មិនប៉ះពាល់អ្វីៗដែលមិនស្អាតស្អំ ។ បន្ទាប់មក សូមគិតពីសកម្មភាព ឬ ទម្លាប់សុចរិតពីរ ដែលនឹងជួយយុវវ័យឲ្យស្ដាប់បានកាន់តែប្រសើរ ដល់សំឡេងនៃអ្នកគង្វាលល្អ ។ ប្រសិនបើសកម្មភាព ឬ ទម្លាប់ណាមួយបានជួយអ្នកឲ្យស្ដាប់តាមសំឡេងរបស់ព្រះអង្គសង្គ្រោះ សូមពិចារណាក្នុងការសរសេរអំពីវានៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ដើម្បីចែកចាយជាមួយគ្រូ និង សិស្សក្នុងថ្នាក់របស់អ្នកនៅពេលក្រោយ ។
ដូចដែលមានកត់ត្រានៅក្នុង អាលម៉ា 5:58–60 អាលម៉ាបានបង្រៀនពីសេចក្ដីពិតនេះ ៖ បើយើងធ្វើតាមសំឡេងរបស់ព្រះអម្ចាស់ ( អ្នកគង្វាលល្អ ) នោះយើងនឹងត្រូវបានប្រមូលចូលទៅក្នុងនគររបស់ទ្រង់ ។ សូមគូសចំណាំនូវការសន្យា ឬ ពរជ័យទាំងឡាយនៅក្នុង អាលម៉ា 5:58–60 ដែលពួកអ្នកទាំងឡាយដែលបានទទួលមរតកឲ្យនៅខាងស្ដាំព្រះហស្ដរបស់ព្រះ នឹងទទួល ។
-
សូមពិចារណា ថាតើការសន្យា ឬ ពរជ័យនីមួយៗដែលអ្នកបានគូសចំណាំ មានន័យយ៉ាងណាចំពោះអ្នក ។ បន្ទាប់មក សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីមូលហេតុដែលអ្នកគិតថា ការបែកចេញពីអ្វីៗដែលទុច្ចរិត សមនឹងតម្លៃនៃពរជ័យទាំងនេះយ៉ាងណា ។
ពេលអ្នកធ្វើតាមសំឡេងរបស់ព្រះអង្គសង្គ្រោះ នោះអ្នកនឹងទទួលពរជ័យទាំងនេះ ហើយនៅទីបំផុតទទួលបាននូវពរជ័យនៃភាពលើកតម្កើងឡើង ។
អាលម៉ា 5:43–52
អាលម៉ាប្រាប់ពីរបៀបដែលលោកទទួលបាននូវទីបន្ទាល់មួយ ហើយបង្រៀនអំពីការប្រែចិត្ត
សូមគិតអំពីអ្វីមួយ ដែលអ្នកបានរៀនតាមរយៈញាណនីមួយៗនៃញាណទាំងប្រាំខាងសាច់ឈាមរបស់អ្នក ៖ ចក្ខុវិញ្ញាណ សោតវិញ្ញាណ កាយវិញ្ញាណ ឃានវិញ្ញាណ និង ជីវ្ហាវិញ្ញាណ ។ តើមានរបៀបណាមួយ ដែលអ្នកអាចដឹងពីអ្វីមួយ ដោយមិនប្រើញាណមួយនៃញាណទាំងឡាយខាងសាច់ឈាមរបស់អ្នកឬទេ ? សូមអាន អាលម៉ា 5:45–48 ហើយរកមើលពីអ្វីដែលអាលម៉ាបាននិយាយថា លោកបានដឹង និង របៀបដែលលោកបានដឹង ។
សូមគូសចំណាំនៅក្នុង អាលម៉ា 5:48 ពីអ្វីដែលអាលម៉ាបានបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ។ សារលិខិតនៃ អាលម៉ា 5:45–48 អាចត្រូវបានសង្ខេបនៅក្នុងរបៀបនេះថា ៖ យើងអាចដឹងដោយខ្លួនយើងផ្ទាល់ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គប្រោសលោះនៃមនុស្សលោក ។
មនុស្សគ្រប់គ្នាប្រឈមនឹងឧបសគ្គចំពោះសេចក្ដីជំនឿ និង ទីបន្ទាល់របស់ពួកគេ ។ ការមានទីបន្ទាល់ផ្ទាល់ខ្លួនអ្នក អំពីភាពពេញលេញនៃដំណឹងល្អ ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ អាចពង្រឹងអ្នក អំឡុងពេលនៃឧបសគ្គទាំងនោះ ។ ការចងចាំនូវទីបន្ទាល់ផ្ទាល់ខ្លួនអ្នកអំពីព្រះវិញ្ញាណបរិសុទ្ធ ដូចជាអាលម៉ា អាចជួយអ្នកឈរយ៉ាងរឹងមាំនៅកណ្តាលនៃឧបសគ្គ ។ ចេញពីគំរូរបស់អលម៉ា យើងក៏អាចរៀនបានផងដែរថា ការតមអាហារ និង ការអធិស្ឋានអាចជួយយើងមានអារម្មណ៍ពីព្រះវិញ្ញាណ ដែលបញ្ញាក់បន្ថែមពីសេចក្ដីពិតទាំងឡាយ និង គាំទ្រដល់ទីបន្ទាល់របស់យើង ពេលទីបន្ទាល់យើងនោះត្រូវការពង្រឹង ។
សូមពិចារណាពីទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នក ពេលអ្នកអានការដកស្រង់ខាងក្រោមនេះពី អែលឌើរ អិម. រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលលើកទឹកចិត្តយើងឲ្យស្វែងរកទីបន្ទាល់ផ្ទាល់ខ្លួនរបស់យើងអំពីព្រះយេស៊ូវគ្រីស្ទ ៖ « ទីបន្ទាល់ផ្ទាល់ខ្លួនអំពីសេចក្ដីពិតនៃដំណឹងល្អ ជាពិសេសពីជីវិត និង បេសកកម្មដ៏ទេវភាពរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ គឺជាការចាំបាច់ដល់ជីវិតដ៏នៅអស់កល្បជានិច្ចរបស់យើង ។ ព្រអង្គសង្គ្រោះបានមានព្រះបន្ទូលថា ‹ នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែមួយ និង ព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង › [ យ៉ូហាន 17:3 ] ។ និយាយម្យ៉ាងទៀតគឺថា ជីវិតដ៏នៅអស់កល្បជានិច្ចគឺផ្អែកទៅលើការចេះដឹងផ្ទាល់ខ្លួនដោយឡែកៗរបស់យើងផ្ទាល់ អំពីព្រះវរបិតានៅស្ថានសួគ៌ និង ព្រះរាជបុត្រាដ៏បរិសុទ្ធរបស់ទ្រង់ ។ ការគ្រាន់តែដឹងធម្មតាៗ អំពីពួកទ្រង់គឺមិនគ្រប់គ្រាន់ទេ ។ យើងត្រូវតែមានបទពិសោធន៍ផ្ទាល់ខ្លួនខាងវិញ្ញាណ ដើម្បីធ្វើជាយុថ្កាយើង » ( “Feasting at the Lord’s Table” Ensign ខែ ឧសភា ឆ្នាំ 1996 ទំព័រ 80 ) ។
-
សូមបំពេញសកម្មភាពមួយ ឬ ច្រើនជាងមួយនៃសកម្មភាពទាំងឡាយដូចខាងក្រោម នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមសរសេរអំពីពេលមួយ ដែលអ្នកបានឮនរណាម្នាក់ថ្លែងទីបន្ទាល់ដ៏មានឥទ្ធិពល ដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ថាព្រះយេស៊ូវគ្រីស្ទជាព្រះអង្គប្រោសលោះនៃមនុស្សលោក ។ សូមសរសេរថាតើអ្នកមានអារម្មណ៍យ៉ាងណាពេលស្ដាប់ដល់ទីបន្ទាល់នេះ ។
-
សូមអាន អាលម៉ា 5:46 ហើយបន្ទាប់មក សូមសរសេរនៅក្នុងពាក្យសម្ដីរបស់អ្នកផ្ទាល់ ថាតើអាលម៉ាបានទទួលទីបន្ទាល់របស់លោកអំពីព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ។ សូមគិតអំពីរបៀបដែលអ្នកអាចធ្វើតាមគំរូរបស់អាលម៉ា ដើម្បីជួយពង្រឹងទីបន្ទាល់របស់អ្នកអំពីព្រះអង្គសង្គ្រោះ ហើយសរសេរពីគំនិតរបស់អ្នក ។
-
សូមសរសេរអំពីពេលមួយ ដែលអ្នកបានទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់ដល់អ្នកថា ព្រះយេស៊ូវគ្រីស្ទជាព្រះអង្គប្រោសលោះនៃពិភពលោក ។ សូមសរសេរពីគោលដៅជាក់លាក់មួយ ដែលនឹងជួយអ្នកទទួល ឬ ពង្រឹងទីបន្ទាល់របស់អ្នកអំពីព្រះអង្គសង្គ្រោះ ដូចជាការតមអាហារ ឬ ការអធិស្ឋានឲ្យកាន់តែស្មោះស្ម័គ្រ ឬ ការសិក្សាព្រះគម្ពីរឲ្យកាន់តែយកចិត្តទុកដាក់ ។ សូមធ្វើកិច្ចការដើម្បីសម្រេចគោលដៅនេះ សូម្បីតែត្រូវធ្វើអស់ « ជាច្រើនថ្ងៃ » ក៏ដោយ ( អាលម៉ា 5:46 ) ។ ( ការបំពេញសកម្មភាពនេះ អាចជួយអ្នកឲ្យបំពេញកម្មវិធីការអភិវឌ្ឍន៍ផ្ទាល់ខ្លួន ឬ កាតព្វកិច្ចចំពោះព្រះផងដែរ ) ។
-
សូមអាន អាលម៉ា 5:49–52 ហើយរកមើលពីអ្វីដែលអាលម៉ាបានបង្រៀនប្រជាជនអំពីការប្រែចិត្ត ។ នៅលើបន្ទាត់ដែលផ្ដល់ឲ្យនេះ សូមពន្យល់ពីមូលហេតុដែលអ្នកគិតថា មនុស្សទាំងអស់ត្រូវតែប្រែចិត្ត ដើម្បីរស់នៅអស់កល្បជានិច្ចជាមួយព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ៖
អែលឌើរ ដាល្លិន អេក. អូក បានអញ្ជើញយើងឲ្យពិចារណាលើសំណួរមួយចំនួន ដែលអាចជួយយើងឲ្យអនុវត្តនូវអ្វីដែលអាលម៉ាបង្រៀន អំពីការប្រែចិត្ត និង ការរៀបចំខ្លួនដើម្បីចូលក្នុងនគរព្រះ ៖
« ចុះបើថ្ងៃនៃការយាងមករបស់ទ្រង់គឺជាថ្ងៃស្អែក ? បើយើងដឹងថា យើងនឹងជួបព្រះអម្ចាស់នៅថ្ងៃស្អែក—តាមការស្លាប់ដែលមិនបានប្រុងទុក ឬ តាមដែលទ្រង់យាងមកដោយមិនបានរំពឹងទុក—តើយើងនឹងធ្វើអ្វីនៅថ្ងៃនេះ ? តើការសារភាពអ្វីខ្លះដែលយើងនឹងសារភាព ? តើការអនុវត្តន៏អ្វីខ្លះ ដែលយើងនឹងមិនបន្តធ្វើទៀត ? តើបញ្ហាអ្វីខ្លះដែលយើងនឹងដោះស្រាយ ? តើការអត់ទោសណាខ្លះដែលយើងនឹងអត់ទោស ? តើទីបន្ទាល់អ្វីខ្លះដែលយើងត្រូវថ្លែង ?
« ចុះបើយើងនឹងត្រូវធ្វើការណ៍ទាំងនោះនៅពេលនោះ ហេតុអ្វីយើងមិនធ្វើឥឡូវនេះ ? ហេតុអ្វីមិនស្វែងរកសេចក្ដីសុខសាន្ត ពេលដែលសេចក្ដីសុខសាន្តអាចរកបាន ? » ( “Preparation for the Second Coming” Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2004 ទំព័រ 9 ) ។
-
សូមគិតអំពីសំណួរមួយនៃសំណួរទាំងឡាយរបស់ អែលឌើរ អូក ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរអំពីមូលហេតុដែលអ្នកគិតថា សំខាន់ក្នុងការរស់នៅជារៀងរាល់ថ្ងៃឲ្យដូចជាអ្នកកំពុងរៀបចំដើម្បីជួបនឹងព្រះអម្ចាស់ ។
សូមពិចារណាប្រកបដោយការអធិស្ឋានពីរបៀបដែលអ្នកអាចអនុវត្តអ្វីដែលអ្នកបានរៀនថ្ងៃនេះ ដើម្បីអ្នកអាចរៀបចំជាស្រេចដើម្បីជួបព្រះអង្គសង្គ្រោះ និង ចូលក្នុងនគររបស់ទ្រង់ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អាលម៉ា 5:37–62 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖