មេរៀនទី 8 ៖ ថ្ងៃទី 1
នីហ្វៃទី 2 26–27
សេចក្តីផ្ដើម
នីហ្វៃបានមើលឃើញជាមុនអំពីការយាងមកកាន់ទ្វីបអាមេរិករបស់ព្រះយេស៊ូវគ្រីស្ទ និង ការបំផ្លិចបំផ្លាញដែលនឹងមានមកលើប្រជាជនលោកនៅពេលក្រោយមកទៀតនោះ ។នីហ្វៃក៏បានមើលឃើញជាមុនផងដែរ អំពីអ្នកទាំងឡាយដែលកំពុងរស់នៅក្នុងថ្ងៃចុងក្រោយ ហើយបានព្រមានពួកគេទាស់នឹងការឆ្មើងឆ្មៃ បក្សព័ន្ធសម្ងាត់ និង ឧបាយកលផ្នែកសង្ឃ ។ដើម្បីចង្អុលបង្ហាញពីរបៀបដែលព្រះអម្ចាស់នឹងផ្តល់ផ្លូវមួយដល់យើងដើម្បីយកឈ្នះលើឥទ្ធិពលនៃអំពើទុច្ចរិត និង ការក្បត់សាសនា នោះនីហ្វៃបានដាក់បញ្ចូលនូវការព្យាករណ៍ទាំងឡាយរបស់លោកអេសាយអំពីការស្តារដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទឡើងវិញនៅថ្ងៃចុងក្រោយ ។
នីហ្វៃទី 2 26
នីហ្វៃព្យាករទាក់ទងនឹងថ្ងៃចុងក្រោយ និង អញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះគ្រីស្ទ
តើអ្នកធ្លាប់ជួបប្រទះការរញ្ជួយដី ព្យុះរន្ទះដ៏ខ្លាំង ឬ ហេតុការណ៍ដែលទទួលរងការបំផ្លិចបំផ្លាញផ្សេងៗ ឬ បានឃើញរូបភាព ឬ ខ្សែវីដេអូអំពីស្ថានភាពទាំងអស់នោះដែរឬទេ ?នីហ្វៃបានឃើញថា នៅថ្ងៃចុងក្រោយ អ្នករស់នៅលើផែនដីនេះ« នឹងពិនិត្យពិច័យនឹងផ្គរលាន់ និង ផ្លេកបន្ទោរ និង ផែនដីរញ្ជួយ ព្រមទាំងការបំផ្លិចបំផ្លាញគ្រប់យ៉ាង » ( នីហ្វៃទី 2 26:6 ) ។តើមានអ្វីចូលមកក្នុងគំនិតអ្នកនៅពេលអ្នកអានអំពី « សេចក្តីពិរោធនៃព្រះអម្ចាស់ » ( នីហ្វៃទី2 26:6 )ឬ« សេចក្តីយុត្តិធម៌ទាំងឡាយនៃព្រះ » ( នីហ្វៃទី 2 25:3 ) ?សេចក្តីយុត្តិធម៌ទាំងឡាយនៃព្រះគឺមានបំណងដើម្បីប្រទានពរដល់កូនចៅរបស់ទ្រង់—ដើម្បីនាំពួកទុច្ចរិតឲ្យប្រែចិត្ត និង ការពារពួកសុចរិត ។នៅក្នុងនីហ្វៃទី 2 26:1–11 នីហ្វៃបានព្យាករពីការបំផ្លិចបំផ្លាញទាំងឡាយដែលនឹងកើតឡើងពីមុនការយាងមករបស់ព្រះយេស៊ូវគ្រីស្ទមកកាន់ទ្វីបអាមេរិក និង ពីការបំផ្លិចបំផ្លាញចុងក្រោយរបស់ប្រជាជនរបស់លោកដោយសារតែអំពើទុច្ចរិតរបស់ពួកគេ ។សូមអាននីហ្វៃទី 2 26:8–9ហើយរកមើលពរជ័យទាំងឡាយដែលនីហ្វៃបានមានប្រសាសន៍ថា នឹងមានមកលើកូនចៅសុចរិតរបស់លោក ។បន្ទាប់មក សូមអាននីហ្វៃទី 2 26:12–13 ហើយរកមើលថា តើអ្វីដែលត្រូវបានសន្យាសម្រាប់យើងនៅពេលយើងអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
-
ព្រះយេស៊ូវគ្រីស្ទបង្ហាញរូបអង្គទ្រង់ដល់អ្នកទាំងឡាយដែលអនុវត្តសេចក្តីជំនឿលើទ្រង់ និង ស៊ូកាន់ខ្ជាប់ក្នុងសេចក្តីសុចរិត ។សូមកត់ត្រាចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោមនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើព្រះយេស៊ូវគ្រីស្ទបង្ហាញរូបអង្គទ្រង់ដល់អ្នកទាំងឡាយដែលអនុវត្តសេចក្តីជំនឿលើទ្រង់ដោយរបៀបណា ?( សូមមើល នីហ្វៃទី 2 26:13 ) ។
-
តើអ្នកធ្លាប់បានឃើញ ឬ មានបទពិសោធន៍ពីការបើកសម្តែងមួយចំនួនទាំងនេះរបស់ព្រះយេស៊ូវគ្រីស្ទ យ៉ាងដូចម្ដេចដែរ ?
-
នៅក្នុងនីហ្វៃទី 2 26:14–19 នីហ្វៃបានព្យាករថា នៅថ្ងៃចុងក្រោយ បន្ទាប់ពីប្រជាជនរបស់លោក និង ពូជបងៗរបស់លោកត្រូវបានចុះអន់ថយក្នុងការឥតជំនឿ នោះព្រះគម្ពីរមរមននឹងចេញមក ។នៅក្នុងនីហ្វៃទី 2 26:20–22លោកបានពិពណ៌នាថា តើមានមនុស្សច្រើនប៉ុណ្ណាក្នុងថ្ងៃចុងក្រោយដែលនឹងមានពោរពេញដោយការឆ្មើងឆ្មៃ បដិសេធអព្ភូតហេតុនៃព្រះ និង ពឹងផ្អែកលើប្រាជ្ញា និង ចំណេះវិជ្ជារបស់ពួកគេវិញនោះ ។តើអ្នកបានឃើញថា ការព្យាករណ៍របស់នីហ្វៃត្រូវបានបំពេញ តាមរបៀបណាខ្លះ ?
នីហ្វៃបានព្រមានដល់យើងថា អារក្សប្រើប្រាស់ការឆ្មើងឆ្មៃ សេចក្តីលោភលន់ និង កិច្ចការសម្ងាត់ទាំងឡាយដើម្បីកំទេច ឬ បំផ្លាញយើង ។នៅក្នុងព្រះគម្ពីររបស់អ្នក នៅក្បែរនីហ្វៃទី 2 26:22 សូមគូសចំណាំរបៀបដែលសាតាំងព្យាយាមចងយើង ។ខ្សែបន្លាគឺជាខ្សែអំបោះស្តើងតូចមួយធ្វើពីកម្បាសដែលងាយនឹងដាច់ខ្លាំងណាស់ ។ទោះជាយ៉ាង នៅពេលខ្សែអំបោះជាច្រើនត្រូវបានវេញត្បាញបញ្ចូលគ្នា នោះខ្សែអំបោះទាំងនោះនឹងក្លាយជាខ្សែដាប់មួយយ៉ាងមាំ ។សូមអាននីហ្វៃទី 2 26:32ហើយអង្កេតមើលឧទាហរណ៍ទាំងឡាយស្តីពី « អំពើទាំងឡាយនៃសេចក្តីងងឹត » ដែលព្រះអម្ចាស់បញ្ជាយើងឲ្យចៀសវាង ។សូមសញ្ចឹងគិតថាតើខ្សែអំបោះមួយអាចក្លាយជា « ខ្សែដាប់ » ក្នុងនីហ្វៃទី 2 26:32ដោយរបៀបណា ។
-
សូមស្រម៉ៃថា អ្នកកំពុងបង្រៀនមិត្តម្នាក់ពីរបៀបដើម្បីចៀសវាងពីអន្ទាក់របស់អារក្ស ( សាតាំង ) ។ដោយប្រើនីហ្វៃទី 2 26:20–22, 32នោះសូមសរសេរកថាខណ្ឌមួយក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ដែលពន្យល់ពីវិធីដែលអារក្សព្យាយាមចងយើង ។ជាពិសេស សូមអង្កេតមើលក្នុងនីហ្វៃទី 2 26:22ពីរបៀបដែលមារសត្រូវប្រើប្រាស់ខ្សែបន្លារហូតដល់ជនរងគ្រោះត្រូវបានចងដោយខ្សែដាប់ដ៏មាំ ហើយសូមផ្តល់ជាឧទាហរណ៍មួយផង ។
នីហ្វៃបានឃើញពីការបំផ្លិចបំផ្លាញដែលបង្កមកពីមារសត្រូវ និង បានព្រមានពីអន្ទាក់ និង ឥទ្ធិពលរបស់សាតាំងនៅថ្ងៃចុងក្រោយ ។ផ្ទុយពីអំពើទាំងឡាយនៃសេចក្តីងងឹតរបស់សាតាំង នីហ្វៃបានបង្រៀនថា សេចក្តីស្រលាញ់របស់ព្រះលាតសន្ធឹងទៅកាន់មនុស្សទាំងអស់ ហើយថា គោលបំណងរបស់ទ្រង់គឺត្រូវសង្គ្រោះមនុស្សទាំងឡាយណាដែលមករកទ្រង់ ។សូមអាននីហ្វៃទី 2 26:23–24ហើយគូសចំណាំពាក្យ និង ឃ្លាទាំងឡាយដែលពិពណ៌នាពីរបៀបដែលព្រះធ្វើការជាមួយកូនចៅរបស់ទ្រង់ ។យោងទៅតាមនីហ្វៃទី 2 26:24តើគោលបំណងរបស់ព្រះគឺជាអ្វីនៅក្នុងគ្រប់ការណ៍ទាំងអស់ដែលទ្រង់ធ្វើ ?អ្នកអាចនឹងចង់គូសចំណាំឃ្លាដែលបង្រៀនគោលលទ្ធិនេះ ៖ គ្រប់ការណ៍ដែលព្រះអម្ចាស់ធ្វើគឺសម្រាប់ជាប្រយោជន៍ដល់មនុស្សលោក ។
-
សូមឆ្លើយសំណួរតទៅនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើការយល់ដឹងថា គ្រប់ការណ៍ដែលព្រះអម្ចាស់ធ្វើ គឺសម្រាប់ជាប្រយោជន៍ដល់មនុស្សលោក ជួយអ្នកឲ្យបង្កើនសេចក្តីជំនឿរបស់អ្នកលើព្រះវរបិតាសួគ៌ ហើយផ្តល់ឲ្យអ្នកនូវសេចក្តីសុខសាន្ត ហើយនិងការការពារនៅក្នុងជីវិតនេះ យ៉ាងដូចម្ដេចដែរ ?
សូមអានត្រួសៗក្នុងនីហ្វៃទី 2 26:25–28, 33ហើយគូសចំណាំរាល់ពាក្យ អស់អ្នករាល់គ្នា/ទាំងអស់ អ្នកណាម្នាក់និងគ្មានអ្នកណាម្នាក់ដែលមាន ។បន្ទាប់មក សូមត្រឡប់ទៅអានខគម្ពីរទាំងនេះឡើងវិញ ដោយយកចិត្តទុកដាក់ជាពិសេសចំពោះពាក្យទាំងនេះ និង របៀបដែលនីហ្វៃបានបង្រៀនថា ព្រះអម្ចាស់ស្រឡាញ់មនុស្សទាំងអស់ ហើយអញ្ជើញមនុស្សទាំងអស់ឲ្យមករកទ្រង់ ហើយទទួលទាននូវសេចក្តីសង្គ្រោះរបស់ទ្រង់ ។សូមសញ្ចឹងគិតថា តើគោលការណ៍នេះជះឥទ្ធិពលយ៉ាងដូចម្តេចទៅលើរបៀបដែលអ្នកគិតចំពោះបទបញ្ញាត្តិ បទដ្ឋាន និង មនុស្សដទៃ ។
-
សូមអាន នីហ្វៃទី 2 26:29–31 ។នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមរាយអំពីលក្ខណៈនៃឧបាយកលផ្នែកសង្ឃពីរ ឬ បីដែលមាននៅក្នុង ខទី 29ហើយបន្ទាប់មក ឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើអ្នកគិតថា ហេតុអ្វីឧបាយកលផ្នែកសង្ឃកំពុងបំផ្លាញដល់សាសនាចក្រ ?
-
យោងទៅតាមនីហ្វៃទី 2 26:30តើឧបាយកលផ្នែកសង្ឃត្រូវបានរារាំងតាមរបៀបណា ?
-
នីហ្វៃទី 2 27:1–23
នីហ្វៃព្យាករអំពីការនាំមកនូវព្រះគម្ពីរមរមន
-
សូមឆ្លើយសំណួរតទៅនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកដឹងដោយរបៀបណា ( ឬ ហេតុអ្វីអ្នកជឿ ) ថា ព្រះគម្ពីរមរមនគឺជាព្រះបន្ទូលរបស់ព្រះ ?
ព្រះអម្ចាស់បានបើកសម្តែងដល់ព្យាការីអេសាយនូវសេចក្តីពិស្តារទាក់ទងនឹងការលេចចេញមកនូវព្រះគម្ពីរមរមន ដែលនីហ្វៃបានកត់ត្រាក្នុងនីហ្វៃទី 2 27 ។បន្ទាប់ពីអេសាយបានព្យាករថា នៅថ្ងៃចុងក្រោយមានមនុស្សជាច្រើនដែលនឹងពោរពេញទៅដោយអំពើទុច្ចរិត ហើយបដិសេធពួកព្យារី នោះលោកបានបង្រៀនថា ព្រះនឹងបើកសម្តែងនូវព្រះគម្ពីរមួយដែលជាកំណត់ត្រាពីបុរាណ ( សូមមើលនីហ្វៃទី 2 27:1–7 ) ។សូមអាន នីហ្វៃទី 2 27:12–14ហើយរកមើលអ្វីដែលខគម្ពីរទាំងនេះបង្រៀនថា ព្រះអម្ចាស់នឹងធ្វើដើម្បីស្ថាបនាសេចក្តីពិតរបស់ព្រះគម្ពីរដែលនឹងលេចចេញមកនៅថ្ងៃចុងក្រោយ ។
វិធីមួយដែលព្រះអម្ចាស់បានស្ថាបនាភាពពេញលេញនៃសេចក្តីពិតរបស់ព្រះគម្ពីរមរមនគឺត្រូវអនុញ្ញាតិឲ្យបុគ្គលផ្សេងទៀតធ្វើជាសាក្សីពីផ្ទាំងមាសនេះ ។លោក អូលីវើរ ខៅឌើរី លោក ដាវីឌ វិតមើរ និង លោក ម៉ាទិន ហារីស ត្រូវបានជ្រើសរើសធ្វើជាពួកសាក្សីបីនាក់ ហើយត្រូវបានពោលដល់នៅក្នុងនីហ្វៃទី 2 27:12 ។( សូមមើល « ទីបន្ទាល់នៃពួកសាក្សីបីនាក់ » នៅឯទំព័រខាងមុខនៃព្រះគម្ពីរមរមន ) ។
« មួយចំនួនតូច » ដែលមានពោលដល់នៅក្នុងនីហ្វៃទី 2 27:13គឺមានរួមទាំងពួកសាក្សីប្រាំបីនាក់ ( សូមមើល « ទីបន្ទាល់នៃពួកសាក្សីប្រាំបីនាក់ » នៅទំព័រខាងមុខនៃព្រះគម្ពីរមរមន ) ។សូមពិចារណាពីការគូសចំណាំឃ្លា « ពួកសាក្សីទាំងប៉ុន្មានដែលទ្រង់យល់ថាល្អ » នៅក្នុងនីហ្វៃទី 2 27:14 ។នៅពេលអ្នកទទួល និង ចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះគម្ពីរមរមន នោះអ្នកក៏នឹងក្លាយជាសាក្សីម្នាក់សម្រាប់សេចក្តីពិតដ៏ពេញលេញនៃព្រះគម្ពីរនេះផងដែរ ។អ្នកអាចនឹងចង់សរសេរឈ្មោះរបស់អ្នកនៅក្បែរនីហ្វៃទី 2 27:14ជាសាក្សីម្នាក់ទៀតក្នុងចំណោមសាក្សីទាំងនេះសម្រាប់សេចក្តីពិតដ៏ពេញលេញនៃព្រះគម្ពីរមរមន ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ពីទីបន្ទាល់ផ្ទាល់ខ្លួនរបស់លោកអំពីព្រះគម្ពីរមរមន ៖
« ខ្ញុំធ្វើទីបន្ទាល់ថា មនុស្សម្នាក់ពុំអាចចាប់ផ្តើមមានសេចក្តីជំនឿដ៏ពេញលេញនៅក្នុងកិច្ចការថ្ងៃចុងក្រោយនេះបានទេ—ហើយដោយហេតុនោះ គឺពុំអាចរកឃើញនូវរង្វាស់នៃសន្តិភាពដ៏ពេញលេញព្រមទាំងការលួងលោមនៅក្នុងកិច្ចការនេះ នៅអំឡុងពេលរបស់យើងបានឡើយ—លើកលែងតែគាត់ឱបក្រសោបនូវទេវភាពនៃព្រះគម្ពីរមរមននិង ព្រះអម្ចាស់យេស៊ូវគ្រីស្ទដែលព្រះគម្ពីរនេះធ្វើបន្ទាល់អំពីទ្រង់ ។ …
« ខ្ញុំរំពឹងថា ទីបន្ទាល់របស់ខ្ញុំអំពីព្រះគម្ពីរមរមន និង គ្រប់ការណ៍ទាំងអស់ដែលវាបញ្ជាក់ ដែលត្រូវបានថ្លែងនៅថ្ងៃនេះ នៅក្រោមសម្បថ និង តំណែងបព្វជិតភាពរបស់ខ្ញុំ នឹងត្រូវបានកត់ត្រាដោយមនុស្សនៅលើផែនដី និង ទេវតានៅស្ថានសួគ៌ ។… ខ្ញុំចង់ឲ្យទីបន្ទាល់របស់ខ្ញុំសបញ្ជាក់យ៉ាងច្បាស់ នៅពេលខ្ញុំឈរនៅខាងមុខវេទិកាជំនុំជម្រះនៃព្រះថាខ្ញុំបានប្រកាសដល់ពិភពលោកនេះដោយសម្តីដ៏ស្មោះត្រង់បំផុត ដែលខ្ញុំអាចប្រកាសថាព្រះគម្ពីរមរមនគឺជាព្រះគម្ពីរពិត ថាព្រះគម្ពីរនេះលេចចេញមកតាមការណ៍ដែលយ៉ូស៊ែប បានមានប្រសាសន៍ ហើយត្រូវបានប្រទានមកដើម្បីនាំឲ្យមានសុភមង្គល និង សេចក្តីសង្ឃឹមដល់ជនស្មោះត្រង់ដែលបានរងទុក្ខនៅថ្ងៃចុងក្រោយ » ( «Safety for the Soul» Ensignខែ វិច្ឆិកា ឆ្នាំ 2009 ទំព័រ 89–90 ) ។
សូមសញ្ជឹងគិតអំពីអ្វីដែលអ្នកអាចធ្វើដើម្បីពង្រឹងការផ្លាស់ប្រែចិត្តជឿរបស់អ្នកអំពីសេចក្តីពិតដ៏ពេញលេញនៃព្រះគម្ពីរមរមន ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរចូលនូវអ្វីដែលអ្នកនឹងធ្វើនៅឆ្នាំនេះដើម្បីពង្រឹងទីបន្ទាល់របស់អ្នកអំពីសេចក្តីពិតដ៏ពេញលេញនៃព្រះគម្ពីរមរមន ។
ដើម្បីបំពេញសកម្មភាពខាងក្រោមនេះ អ្នកនឹងត្រូវមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ដែលមាននៅក្នុងមុត្តាដ៏មានតម្លៃមហិមា ។សូមមើលយ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:63–65ហើយរកមើលបុគ្គលទាំងឡាយក្នុងដំណើររឿងនោះ ។បន្ទាប់មក សូមអានវគ្គគម្ពីរដែលដាក់ឲ្យពីនីហ្វៃទី 2 27ក្នុងតារាងខាងក្រោម ហើយផ្គូផ្គងឈ្មោះមួយទៅនឹងបណ្តុំខគម្ពីរនីមួយៗ ។
|
|
ពាក្យអក្សរទាំងឡាយក្នុងយ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:63–65សំដៅលើអក្សរអេស៊ីព្ទកែទម្រង់ដែលយ៉ូសែប ស្ម៊ីធបានថតចម្លង និង បានបកប្រែពីផ្ទាំងមាសដែលលោក ម៉ាទិន ហារីសបានបង្ហាញដល់សាស្រ្តាចារ្យឆាល្ស អ័នថុន ។លោក ឆាល្ស អ័នថុន គឺជាគ្រូបង្រៀនម្នាក់នៅសាកលវិទ្យាល័យកូឡុំប៊ី និង ជាបុរសម្នាក់ដែលមានឈ្មោះល្បីល្បាញក្នុងការចេះភាសាបុរាណនានា ។បន្ទាប់ពីថ្លែង និង បញ្ជាក់ជាលាយលក្ខណ៍អក្សរថា ការបកប្រែអក្សរទាំងឡាយរបស់យ៉ូសែប ស្ម៊ីធ គឺត្រឹមត្រូវ នោះសាស្ត្រាចារ្យបានហែកចោលលិខិតបញ្ជាក់នៃការបកប្រែនោះ នៅពេលគាត់ត្រូវបានប្រាប់ពីលក្ខណៈអព្ភូតហេតុក្នុងការទទួលបានផ្ទាំងនេះ ។គាត់បានស្នើផ្ដល់ជំនួយក្នុងការបកប្រែកំណត់ត្រានោះដោយខ្លួនគាត់ផ្ទាល់ ។នៅពេលលោក ម៉ាទិន ហារីស បានពន្យល់ថា ផ្ទាំងភាគខ្លះត្រូវបានបិទត្រានោះសាស្ត្រាចារ្យ អ័នថុន បានមានប្រសាសន៍ថា គាត់មិនអាចអានគម្ពីរដែលបិទត្រាបានទេ ។យោងទៅតាមនីហ្វៃទី 2 27:16តើយើងរៀនអ្វីអំពីកត្ដាជំរុញរបស់លោក ឆាល្ស អ័នថុនក្នុងការចង់បកប្រែផ្ទាំងទាំងនេះ ?
សូមអាននីហ្វៃទី 2 27:20–23ហើយគូសចំណាំឃ្លាដែលមានដូចគ្នាក្នុងខទី 20 និង 21 ។
-
សូមសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកពីរបៀបអ្វីដែលអ្នកបានសិក្សាមកដល់ត្រឹមពេលនេះនៅក្នុងនីហ្វៃទី 2 27:1–23បញ្ជាក់ថា ព្រះអាចធ្វើកិច្ចការរបស់ទ្រង់បាន ។( បើសិនអ្នកត្រូវការព័ត៌មានបន្ថែមអំពីការលេចចេញមកនៃព្រះគម្ពីរមរមន សូមមើលគ. និង ស. 20:8–12 ) ។
អ្នកអាចនឹងចង់សរសេរសេចក្តីពិតដូចទៅនេះក្នុងព្រះគម្ពីររបស់អ្នក ៖ការលេចចេញមកនៃព្រះគម្ពីរមរមនគឺជារបៀបមួយនៃរបៀបទាំងឡាយដែលព្រះនឹងសម្រេចកិច្ចការរបស់ទ្រង់នៅថ្ងៃចុងក្រោយ ។
-
សូមឆ្លើយដល់សំណួរតទៅនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើការបំពេញនៃការព្យាករណ៍ពីបុរាណអំពីព្រះគម្ពីរមរមនពង្រឹង ទីបន្ទាល់របស់អ្នកពីព្រះគម្ពីរ និង តួនាទីរបស់វាក្នុងការស្តារឡើងវិញនៃសាសនាចក្ររបស់ព្រះ អម្ចាស់ដោយរបៀបណា ?
នីហ្វៃទី 2 27:24–35
នីហ្វៃព្យាករពីឥទ្ធិពលវិជ្ជមាននៃការស្តារឡើងវិញនូវដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ
ព្រះបានជ្រើសរើសបុរសវ័យក្មេងម្នាក់ដែលមានឈ្មោះថា យ៉ូសែប ស្ម៊ីធ ឲ្យធ្វើជាព្យាការីនៃការស្តារឡើងវិញ ហើយនាំមកនូវកិច្ចការដ៏អស្ចារ្យរបស់ទ្រង់នៅថ្ងៃចុងក្រោយ ។« ការណ៍មួយយ៉ាងអស្ចារ្យ » ដែលមាននិយាយក្នុងព្រះគម្ពីរ គឺជាការស្តារឡើងវិញនូវដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលមានរួមទាំងការលេចចេញមកនៃព្រះគម្ពីរមរមន ។សូមអាននីហ្វៃទី 2 27:25–26គូសចំណាំឃ្លា « ការណ៍មួយយ៉ាងអស្ចារ្យហើយចម្លែក » ហើយរកមើលស្ថានភាពមួយចំនួនដែលនឹងមាននៅពេលព្រះអម្ចាស់បានចាប់ផ្តើមការណ៍ដ៏អស្ចារ្យនេះ ។សូមសញ្ជឹងគិតពីរបៀបដែលព្រះគម្ពីរមរមន និង ការស្តារឡើងវិញបានជួយអ្នកឲ្យចៀសវាងពីស្ថានភាពទាំងនោះ ។
សូមអាននីហ្វៃទី 2 27:29–30, 34–35ហើយគូសចំណាំពរជ័យទាំងឡាយ ដែលមានដោយសារការលេចចេញមកនៃព្រះគម្ពីរមរមន និង ការស្តារឡើងវិញនៃដំណឹងល្អ ។ព្រះគម្ពីរមរមន និង ដំណឹងល្អដែលបានស្ដារឡើងវិញនឹងនាំមកនូវសេចក្តីអំណរ និង ការយល់ដឹងដល់អ្នកទាំងឡាយដែលសិក្សា និង ទទួលយកដំណឹងល្អទាំងនេះ ។
-
សូមកត់ត្រាចម្លើយរបស់អ្នកចំពោះសំណួរតទៅនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើការស្ដារឡើងវិញនៃដំណឹងល្អដែលមានរួមទាំងការលេចចេញមកនៃព្រះគម្ពីរមរមន គឺជា « ការណ៍មួយយ៉ាងអស្ចារ្យ » ក្នុងជីវិតរបស់អ្នកយ៉ាងដូចម្តេចដែរ ?
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សានីហ្វៃទី 2 26–27ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖