មេរៀនទី 29 ៖ ថ្ងៃទី 1
មរមន 8:12–41
សេចក្តីផ្ដើម
បន្ទាប់ពីសរសេរអំពីការបំផ្លិចបំផ្លាញនៃប្រជាជនរបស់លោក និង ការស្លាប់របស់ឪពុកលោកហើយ មរ៉ូណៃបានព្យាករអំពីការលេចចេញមកនៃព្រះគម្ពីរមរមន និង បានព្រមានដល់អ្នកទាំងឡាយណាដែលនឹងថ្កោលទោសគម្ពីរនេះ ។ មរ៉ូណៃបានឃើញថា បញ្ជីរបស់នីហ្វៃនឹងលេចចេញមកនៅក្នុងគ្រាទុច្ចរិតដ៏ធំធេងមួយ ពេលដែលមនុស្សជាច្រើននឹងស្រឡាញ់ទ្រព្យសម្បត្តិលោកិយច្រើនជាងព្រះ ។ លោកបានថ្លែងទីបន្ទាល់ថា ព្រះគម្ពីរមរមននឹងមាន « តម្លៃមហិមា » ( មរមន 8:14 ) អំឡុងពេលដែលមានស្ថានភាពដ៏គ្រោះថ្នាក់ខាងវិញ្ញាណនៅថ្ងៃចុងក្រោយ ។
មរមន 8:12–32
មរ៉ូណៃព្យាករអំពីការលេចចេញមកនៃព្រះគម្ពីរមរមន
សូមសរសេរពីអ្វីដែលអ្នកជឿថា ជាអំណោយទានដ៏ធំបំផុតមួយចំនួន ដែលអ្នកធ្លាប់បានទទួល ៖
ចូរគិតមួយស្របក់ អំពីមូលហេតុដែលអំណោយទានទាំងនេះ គឺជាពរជ័យមួយដល់អ្នក ។
សូមអានសេចក្ដីថ្លែងការណ៍តទៅនេះពី ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖ « ខ្ញុំចង់និយាយអំពីអំណោយទានដ៏សំខាន់បំផុតមួយ ដែលត្រូវបានប្រទានឲ្យនៅក្នុងសម័យទំនើប ។ អំណោយទានដែលខ្ញុំកំពុងគិត គឺសំខាន់ជាងការច្នៃប្រឌិត ដែលកើតចេញពីឧស្សាហកម្ម និង បច្ចេកវិជ្ជាណាៗទាំងអស់ ។ នេះគឺជាអំណោយទានមួយដ៏មានតម្លៃចំពោះមនុស្ស ជាងការលូតលាស់ដ៏អស្ចារ្យជាច្រើន ដែលយើងបានឃើញនៅក្នុងឱសថនាសម័យទំនើប ។ អំណោយទាននេះ មានតម្លៃមហិមាចំពោះមនុស្ស ជាងការអភិវឌ្ឍន៍នៃការហោះហើរ ឬ ការធ្វើដំណើរលើលំហរអាកាសទៅទៀត ។ ខ្ញុំនិយាយអំពីអំណោយទាននៃ » ។
តើអ្នកគិតថា ប្រធាន ប៊ែនសឹន សំដៅទៅលើអ្វី ?
មរ៉ូណៃបានបង្រៀនអំពីអំណោយទាននេះ នៅក្នុង មរមន 8 ។ សូមអាន មរមន 8:12–14 ដើម្បីរកមើលថា អំណោយទាន នោះជាអ្វី ។ ឃ្លាថា « បញ្ជីនេះ » សំដៅដល់ព្រះគម្ពីរមរមន ។ ព្រះគម្ពីរមរមន គឺជាអំណោយដែល ប្រធាន ប៊ែនសឹន បានមានប្រសាសន៍ដល់ ( សូមមើល “The Book of Mormon—Keystone of our Religion” Ensign ខែ វិច្ឆិកា ឆ្នាំ 1986 ទំព័រ 4 ) ។ សូមសរសេរ ព្រះគម្ពីរមរមន នៅក្នុងចន្លោះខាងចុងនៃសេចក្ដីថ្លែងការណ៍របស់ ប្រធាន ប៊ែនសឹន ។
សូមមើល មរមន 8:12–14 ម្ដងទៀត ដើម្បីរកមើលអ្វីដែលមរ៉ូណៃបានបង្រៀនអំពីតម្លៃនៃព្រះគម្ពីរមរមន ។ តើលោកបានបង្រៀនអ្វី អំពីតម្លៃជាប្រាក់នៃផ្ទាំងទាំងឡាយនេះ ? មរ៉ូណៃបានពន្យល់ថា ខណៈដែលព្រះអម្ចាស់ មិនអនុញ្ញាតឲ្យប្រើប្រាស់ផ្ទាំងទាំងឡាយសម្រាប់រកបានកំរៃ ព្រោះការសរសេរនៅលើផ្ទាំងទាំងនោះ គឺមានតម្លៃមហិមា ។
លក្ខណៈដែលព្រះគម្ពីរមរមនលេចចេញមក អាចជួយយើងយល់ពីសារៈសំខាន់នៃគម្ពីរនេះ ។ សូមអាន មរមន 8:15–16 ហើយរកមើលថា មរមន បានបង្រៀនអ្វី អំពីរបៀបដែលព្រះគម្ពីរមរមននឹងលេចចេញមក ។
-
សូមឆ្លើយសំណួរទាំងឡាយខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា វាមានន័យយ៉ាងណា ដែលព្រះគម្ពីរមរមន អាចត្រូវនាំចេញមក តាមរយៈតែមនុស្សម្នាក់ដែលមាន « ភ្នែកស្មោះស្ម័គ្រទាំងស្រុងចំពោះសិរីល្អ [ របស់ព្រះ ] នោះ » ? ( មរមន 8:15 ) ។
-
តើវាមានន័យយ៉ាងណាចំពោះអ្នក ដែលព្រះគម្ពីរមរមននឹងត្រូវបាននាំចេញមក « ដោយព្រះចេស្ដានៃព្រះ » ? ( មរមន 8:16 ) ។ តើអ្នកមានអារម្មណ៍យ៉ាងណា អំពីព្រះគម្ពីរមរមន ពេលអ្នកអានពាក្យសម្ដីរបស់មរ៉ូណៃនៅក្នុង មរមន 8:16 ?
-
មរ៉ូណៃ បានព្រមានពួកអ្នកទាំងឡាយណាដែលនឹងថ្កោលទោស ឬ ជំទាស់នឹងព្រះគម្ពីរមរមន ។ សូមរកមើលការព្រមានរបស់លោក ពេលអ្នកអាន មរមន 8:17–22 ។ ហេតុអ្វីវាសំខាន់សម្រាប់អ្នក ដើម្បីដឹងថា « គោលបំណងទាំងឡាយដ៏នៅអស់កល្បជានិច្ចនៃព្រះអម្ចាស់ នឹងដើរទៅមុខ រហូតដល់ពាក្យសន្យាទាំងអស់របស់ទ្រង់បានបំពេញ » ? ( មរមន 8:22 ) ។
មរ៉ូណៃបានពន្យល់ថា ព្រះអម្ចាស់បានធ្វើសេចក្ដីសញ្ញាជាមួយនឹង « ពួកបរិសុទ្ធទាំងនោះ ដែលបានចាកចេញទៅមុនខ្ញុំហើយ » ( មរមន 8:23 )—រួមទាំងពួកព្យាការីដូចជា នីហ្វៃ យ៉ាកុប អេណុស និង អាលម៉ា ។ ព្រះអម្ចាស់បានធ្វើសេចក្ដីសញ្ញាថា ទ្រង់នឹងនាំចេញមកនូវពាក្យសម្ដីរបស់ពួកព្យាការីទាំងនេះ នៅថ្ងៃចុងក្រោយ ។ ពេលអ្នកសិក្សា មរមន 8:23–25 សូមរកមើលថា តើពួកព្យាការីទាំងនេះ បានអធិស្ឋានសម្រាប់នរណា ។
ពួកព្យាការីទាំងនេះបានអធិស្ឋានសម្រាប់ « ពួកបងប្អូនរបស់គេ » ( មរមន 8:24 ) មានន័យថាពួកសាសន៍លេមិន និង កូនចៅរបស់គេ ។ ពួកលោកបានអធិស្ឋានផងដែរ សម្រាប់អ្នកដែលនឹង « នាំការណ៍ទាំងនេះចេញមក » នៅថ្ងៃចុងក្រោយ ( មរមន 8:25; សូមមើលផងដែរ មរមន 8:16 ) មានន័យថា ព្យាការី យ៉ូសែប ស្ម៊ីធ ជាអ្នកដែលត្រូវបានជ្រើសរើសឲ្យនាំព្រះគម្ពីរមរមនចេញមកដល់ពិភពលោក នៅក្នុងថ្ងៃចុងក្រោយនេះ ( សូមមើល គ. និង ស. 3:5–10 ) ។ ពួកព្យាការីពីបុរាណជាច្រើនបានស្គាល់ យ៉ូសែប ស៊្មីធ ហើយបានអធិស្ឋានសម្រាប់ភាពជោគជ័យរបស់លោក ក្នុងការបកប្រែ និង បោះពុម្ពព្រះគម្ពីរមរមន ដែលជាការបំពេញនូវគោលបំណងទាំងឡាយរបស់ព្រះ ( សូមមើល មរមន 8:22, 24–25; គ. និង ស. 10:46 ) ។
ប្រធាន ប៊យដ៍ ឃេ. ផាកកឺ ប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ពីតួនាទីដែល យ៉ូសែប ស្ម៊ីធ មាននៅក្នុងការនាំព្រះគម្ពីរមរមនចេញមក ។
« ការសន្មត់ថា [ យ៉ូសែប ស្ម៊ីធ ] បោះពុម្ព [ ព្រះគម្ពីរមរមន ] ដោយពុំមានជំនួយ និង ការបំផុសគំនិត គឺជាការមិនសមហេតុផលទាល់តែសោះ ។
« និយាយដោយសាមញ្ញ សេចក្ដីពិតគឺថា លោកជាព្យាការីម្នាក់របស់ព្រះ—មិនលើស ហើយក៏មិនខ្វះ !
« បទគម្ពីរពុំបានចេញមកច្រើនពី យ៉ូសែប ស្ម៊ីធ ដូចជាវាបានចេញមក តាមរយៈលោកនោះទេ ។ លោកជាមធ្យោបាយមួយ ដែលវិវរណៈត្រូវបានប្រទានមក ។ តាមមួយបែបផ្សេងទៀត លោកគឺជាបុរសធម្មតាម្នាក់ ដូចជាពួកព្យាការីនៅសម័យបុរាណ និង ដូចជាពួកព្យាការីនៅក្នុងជំនាន់យើងដែរ ។ …
« ព្យាការី យ៉ូសែប ស្ម៊ីធ ជាក្មេងប្រុសកសិករ ដែលពុំបានរៀនសូត្រជ្រៅជ្រះ ។ ពេលអានអក្សរដើមរបស់លោក បង្ហាញថាលោកពុំសូវមានជំនាញល្អក្នុងការប្រកប និង វេយ្យករណ៍ និង ការបញ្ចេញសំនួនវោហារនោះទេ ។
« ដូច្នេះហើយ វិវរណៈទាំងឡាយដែលចេញមកតាមរយៈលោក នៅក្នុងទម្រង់អក្សរសាស្ត្រដ៏ល្អ គឺពិតជាអព្ភូតហេតុមួយ » ( “We Believe All That God Has Revealed” Ensign ខែ ឧសភា ឆ្នាំ 1974 ទំព័រ 94 ) ។
សូមស្រម៉ៃថា អ្នកជាមរ៉ូណៃ ដែលបានរស់នៅប្រហែល 1,600 ឆ្នាំ មុន ហើយតាមរយៈព្រះចេស្ដារបស់ព្រះ អ្នកត្រូវបានអនុញ្ញាតឲ្យមើលឃើញពីជំនាន់របស់យើង ។ សូមអាន មរមន 8:35 ហើយពិចារណា តើអ្នកអាចគិតថា ស្ថានភាពខាងវិញ្ញាណនៃជំនាន់របស់យើងយ៉ាងណាដែរ ។ បន្ទាប់មក សូមអាន មរមន 8:26–32 ដែលរួមមាននូវការពិពណ៌នាពីការព្យាករណ៍របស់មរ៉ូណៃ អំពីគ្រាដែលព្រះគម្ពីរមរមននឹងចេញមក—នៅជំនាន់របស់យើង ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរការពិពណ៌នារបស់មរមនអំពីជំនាន់របស់យើង ចំនួនពីរ ឬ ច្រើន ។ សូមសរសេរផងដែរ ពីមូលហេតុដែលអ្នកឃើញថា ការពិពណ៌នាជាក់លាក់ទាំងនេះ គួរឲ្យចាប់អារម្មណ៍ និង អនុវត្តចំពោះជំនាន់របស់យើង ។
ទាក់ទងនឹងព្រះគម្ពីរមរមន ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀនថា ៖
« យើងត្រូវតែធ្វើឲ្យព្រះគម្ពីរមរមន ជាចំនុចសំខាន់ក្នុងការសិក្សា [ ដោយសារ ] វាត្រូវបានសរសេរឡើងសម្រាប់ជំនាន់របស់យើង ។ ពួកសាសន៍នីហ្វៃ ពុំដែលមានគម្ពីរនេះទេ ពួកសាសន៍លេមិនពីគ្រាបុរាណ ក៏ពុំមានដែរ ។ វាគឺសម្រាប់យើង ។ …
« អ្នកសរសេរដ៏សំខាន់ម្នាក់ៗនៃព្រះគម្ពីរមរមន បានធ្វើទីបន្ទាល់ថា លោកបានសរសេរសម្រាប់ជំនាន់ទាំងឡាយនាពេលអនាគត ។ …
« ប្រសិនបើពួកលោកបានឃើញពីជំនាន់របស់យើង ហើយបានជ្រើសរើសការណ៍ទាំងនោះដែលជាតម្លៃដ៏មហិមាសម្រាប់យើង តើនោះមិនមែនជារបៀបដែលយើងត្រូវសិក្សាព្រះគម្ពីរមរមនទេឬអី ? យើងគប្បីសួរខ្លួនឯងជានិច្ចថា ‹ ហេតុអ្វីព្រះអម្ចាស់បានបំផុសដល់មរមន ( ឬ មរ៉ូណៃ ឬ អាលម៉ា ) ឲ្យបញ្ចូលការណ៍នោះនៅក្នុងបញ្ជីរបស់លោក ? តើមេរៀនអ្វី ដែលខ្ញុំអាចរៀនចេញពីការណ៍នោះ ដើម្បីជួយខ្ញុំឲ្យរស់នៅក្នុងថ្ងៃនេះ និង ជំនាន់នេះ ? › » ( «The Book of Mormon—Keystone of Our Religion» ទំព័រ 6 ) ។
-
ដើម្បីសញ្ជឹងគិតពីតម្លៃនៃព្រះគម្ពីរមរមនដែលមានចំពោះខ្លួនអ្នកផ្ទាល់ នោះសូមឆ្លើយសំណួរទាំងឡាយខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមគិតថា តើការព្យាករណ៍របស់មរ៉ូណៃ ត្រឹមត្រូវយ៉ាងណា អំពីស្ថានភាពនៅជំនាន់របស់យើង ( សូមមើល មរមន 8:26–32 ) ។ តើការព្យាករណ៍ទាំងនេះ បង្រៀនអ្វីដល់អ្នក អំពីតម្លៃនៃព្រះគម្ពីរមរមនសម្រាប់ជំនាន់របស់យើង ?
-
តើអ្នកគិតថា ហេតុអ្វីព្រះគម្ពីរមរមនគឺជា « អំណោយទានដ៏សំខាន់បំផុតមួយ ដែលត្រូវបានប្រទានឲ្យនៅក្នុងសម័យទំនើប » ដូចដែល ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀន ? ( «The Book of Mormon—Keystone of our Religion » ទំព័រ 4 ) ។
-
បើមានមិត្តម្នាក់សួរអ្នកថា ហេតុអ្វីព្រះគម្ពីរមរមនសំខាន់ចំពោះអ្នក តើអ្នកនឹងឆ្លើយតបយ៉ាងណា ?
-
មរមន 8:33–41
មរ៉ូណៃឃើញពីថ្ងៃចុងក្រោយ និង បន្ទោសពីភាពទុច្ចរិតខាងវិញ្ញាណនៃជំនាន់របស់យើង
សូមគិតពីពេលមួយ ដែលអ្នកបានកត់សម្គាល់ពីនរណាម្នាក់ដែលត្រូវការជំនួយ—ជាមនុស្សម្នាក់ដែលមានសេចក្ដីត្រូវការខាងសាច់ឈាម ខាងអារម្មណ៍ ខាងសង្គម ឬ ខាងវិញ្ញាណ ។ ពិចារណាពីអ្វីដែលអ្នកបានធ្វើ ឬ អាចធ្វើបាន ដើម្បីជួយមនុស្សនោះ ។ សញ្ជឹងគិតពីមូលហេតុដែលអ្នកបានជ្រើសរើសដើម្បីជួយ ឬ មិនជួយមនុស្សនោះ ។ តើអ្នកគិតថា ហេតុអ្វីពេលខ្លះ មនុស្សពុំជួយមនុស្សដែលត្រូវការជំនួយទាំងនោះ ?
សូមអាន មរមន 8:36–41 ហើយរកមើលមូលហេតុទាំងឡាយដែលមរ៉ូណៃបានផ្ដល់អំពីមនុស្សខ្លះនៅថ្ងៃចុងក្រោយ ដែលនឹងពុំជួយដល់ពួកអ្នកដែលត្រូវការជំនួយ ។ សូមពិចារណាធ្វើការគូសចំណាំពីមូលហេតុទាំងនេះនៅក្នុងព្រះគម្ពីររបស់អ្នក ។ វាអាចជាប្រយោជន៍ក្នុងការយល់ថា ពាក្យតុបតែង គឺមានន័យថា « ធ្វើឲ្យស្រស់ស្អាត » ឬ « តែងលម្អ » ។
តើមានគំរូអ្វីខ្លះ អំពីរបៀបដែលយុវវ័យសព្វថ្ងៃនេះ អាចនឹងស្រឡាញ់របស់ទាំងឡាយដែលអាចទិញ ដោយប្រាក់ ហើយធ្វើតាមលោកិយ ជាជាងការធ្វើជាសិស្សដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ ? សូមសិក្សា មរមន 8:38, 41 ហើយរកមើលលទ្ធផលទាំងឡាយ ដែលមនុស្សនឹងប្រឈមមុខ ដោយសារភាពឆ្មើងឆ្មៃ ភាពទុច្ចរិត និង ការមិនអើពើរបស់ពួកគេ ចំពោះពួកអ្នកទាល់ក្រ និង អ្នកខ្វះខាត ។
-
សូមសរសេរគោលការណ៍មួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ដែលសង្ខេបពីអ្វីដែលអ្នកបានរៀនចេញពី មរមន 8:36–41 ។
ឧទាហរណ៍មួយពីគោលការណ៍ដែលមានបង្រៀននៅក្នុងខទាំងនេះគឺ ៖ ព្រះនឹងឲ្យយើងទទួលខុសត្រូវចំពោះរបៀបដែលយើងប្រព្រឹត្តចំពោះពួកអ្នកក្រីក្រ និង អ្នកខ្វះខាត ។
-
សូមឆ្លើយសំណួរតទៅនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្វីខ្លះដែលជាសេចក្ដីត្រូវការសាមញ្ញបំផុត—ខាងសាច់ឈាម ខាងសង្គម ខាងអារម្មណ៍ និង ខាងវិញ្ញាណ—ដែលមាននៅក្នុងចំណោមយុវវ័យនៅសាលា ឬ សហគមន៍របស់អ្នក ? បន្ទាប់មក គិតអំពីអ្វីមួយដែលអ្នកអាចធ្វើនៅសប្ដាហ៍បន្ទាប់ ដើម្បីថែទាំនរណាម្នាក់ដែលត្រូវការជំនួយ ។ សូមសរសេរគោលដៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
-
សូមសរសេរចំណុចដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា មរមន 8:12–41 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖