មេរៀនទី 26 ៖ ថ្ងៃទី 2
នីហ្វៃទី3 18
សេចក្តីផ្ដើម
កាលដែលព្រះយេស៊ូវគ្រីស្ទបានបញ្ចប់ថ្ងៃទីមួយនៃការបម្រើរបស់ទ្រង់ ក្នុងចំណោមពួកសាសន៍នីហ្វៃ នោះទ្រង់បានធ្វើការបម្រើសាក្រាម៉ង់ ហើយបានបញ្ជាប្រជាជនឲ្យអធិស្ឋានជានិច្ចដល់ព្រះវរបិតា ហើយពង្រីកមិត្តភាពជាមួយប្រជាជនទាំងអស់ ។ ព្រះអង្គសង្គ្រោះបានសន្យានូវពរជ័យដ៏ធំធេងដល់ពួកអ្នកដែលរក្សាបទបញ្ញត្តិទាំងនេះ ។ បន្ទាប់មក ទ្រង់បានប្រទានការណែនាំដល់ពួកសិស្សសាសន៍នីហ្វៃទាំងដប់ពីររបស់ទ្រង់ ទាក់ទងនឹងការបម្រើរបស់ពួកគេនៅក្នុងសាសនាចក្រ ។ មុនពេលយាងទៅកាន់ស្ថានសួគ៌ ទ្រង់បានប្រទានដល់ពួកគេនូវអំណាចដើម្បីប្រគល់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។
នីហ្វៃទី3 18:1–14
ព្រះយេស៊ូវគ្រីស្ទបម្រើសាក្រាម៉ង់ដល់ពួកសាសន៍នីហ្វៃ
សូមអានរឿងដូចតទៅនេះដោយ អែលឌើរ ជើរ៉ល អិន. ឡាន ដែលបានបម្រើជាសមាជិកមួយរូបនៃពួកចិតសិបនាក់ ហើយស្រមៃមើលថាវានឹងដូចម្តេចដែរ បើអ្នកជាបុរសក្នុងរឿងនេះ ៖
« មួយរយៈកន្លងមកហើយ មានអត្ថបទដ៏គួរឲ្យចាប់អារម្មណ៍មួយ អំពីការឡើងភ្នំ [ ដែលរួមមាន ] រឿងមួយដែលផ្ដល់ចម្លើយដ៏អស្ចារ្យចំពោះសំណួរដែលថា ‹ ដោយជាអ្នកបម្រើដ៏ឥតប្រយោជន៍ តើយើងអាចធ្វើអ្វី ដើម្បីបង់ថ្លៃសងដល់អ្វីដែលព្រះគ្រីស្ទបានធ្វើសម្រាប់យើង ? ›
« អត្ថបទនេះនិយាយអំពីបុរសម្នាក់ឈ្មោះ ហ្សិនហ្គូស ដែលជាអ្នកគ្រប់គ្រងសាលាបង្រៀនឡើងភ្នំ ។ … ហ្សិនហ្គូសកំពុងរៀបរាប់ដល់អ្នកសម្ភាសន៍ពីប្រព័ន្ធសុវត្ថិភាពក្នុងការឡើងភ្នំ ។ នេះជាប្រព័ន្ធដែលអ្នកឡើងភ្នំការពារខ្លួនគេកុំឲ្យធ្លាក់ ។ អ្នកឡើងភ្នំម្នាក់ត្រូវស្ថិតនៅក្នុងឥរិយាបទមានសុវត្ថិភាព ហើយជួយដាក់ខ្សែពួរឲ្យមានសុវត្ថិភាពសម្រាប់អ្នកឡើងផ្សេងទៀត ជាធម្មតាគឺព័ទ្ធជុំវិញខ្លួនគាត់ ។ ‹ អ្នកនៅលើប្រព័ន្ធសុវត្ថិភាពហើយ › មានន័យថា ‹ ខ្ញុំជួយអ្នកបាន › ។ បើមានអ្វីកើតឡើង ខ្ញុំនឹងជួយអ្នកមិនឲ្យធ្លាក់ទេ ។ វាជាផ្នែកដ៏សំខាន់នៃការឡើងភ្នំ ។ ឥឡូវនេះ សូមកត់ចំណាំពីអ្វីដែលកើតឡើងបន្ទាប់ទៀតនៅក្នុងអត្ថបទនោះ ៖ ‹ ប្រព័ន្ធនៃការជួយអ្នកផ្សេងឲ្យមានសុវត្ថិភាព បាននាំមកនូវគ្រាដ៏ល្អបំផុត និង អាក្រក់បំផុតនៅក្នុងការឡើងភ្នំ ដល់ហ្សិនហ្គូស ។ មានម្ដង ហ្សិនហ្គូសបានធ្លាក់ពីចំណោតយ៉ាងខ្ពស់ កន្ត្រាក់ឧបករណ៍ទ្រទ្រង់បី ហើយទាញអ្នកដែលគាត់ជួយក្នុងការឡើងភ្នំ ចេញពីថ្មដែលលយចេញពីច្រាំងថ្ម ។ គាត់បានឈប់ ដាំក្បាលចុះក្រោម នៅប្រហែល 3 ម៉ែត្រ ផុតពីដី កាលដែលអ្នកដែលគាត់ជួយក្នុងការឡើងភ្នំនោះ បានឈោងដៃទៅចាប់គាត់ ។ « កុំជួយជីវិតខ្ញុំ » ហ្សិនហ្គូសបាននិយាយ ។ « តើអ្នកឆ្លើយតបចំពោះបុរសដូចនោះ ដោយរបៀបណា ? ឲ្យខ្សែពួរសម្រាប់ឡើងភ្នំដែលប្រើហើយ ដល់គាត់ជាកាដូបុណ្យគ្រីស្ទម៉ាសឬ ? ទេ អ្នកចងចាំគាត់ ។ អ្នកតែងតែចងចាំគាត់ជានិច្ច › » [ Eric G. Anderson, “The Vertical Wilderness,” Private Practice, ខែ វិច្ឆិកា ឆ្នាំ 1979 ទំព័រ 21; ការសង្កត់ន័យត្រូវបានបន្ថែម ]” ( “The Grace and Mercy of Jesus Christ” នៅក្នុង Jesus Christ: Son of God, Savior, ed. Paul H. Peterson, Gary L. Hatch, and Laura D. Card [2002] ទំព័រ 48 ) ។
សូមអាន នីហ្វៃទី3 18:1–11 ហើយរកមើលអ្វីដែលព្រះយេស៊ូវគ្រីស្ទបានសុំដល់ពួកសាសន៍នីហ្វៃឲ្យធ្វើ ដើម្បីចងចាំដល់ទ្រង់ ។ អ្នកអាចនឹងចង់គូសចំណាំពាក្យ ការចងចាំ និង ចងចាំ នៅក្នុងខ 7 និង 11 ។ តើអ្នកគិតថា ហេតុអ្វីវាសំខាន់ក្នុងការចងចាំជានិច្ច នូវការលះបង់ដ៏ធួនរបស់ព្រះយេស៊ូគ្រីស្ទចំពោះយើង ? តើអ្នកប្រព្រឹត្តខុសគ្នាយ៉ាងណា ពេលដែលអ្នកចងចាំព្រះអង្គសង្គ្រោះ ?
ការបញ្ជារបស់ព្រះអង្គសង្គ្រោះឲ្យចងចាំព្រះកាយ និង ព្រះលោហិតរបស់ទ្រង់ ប្រាកដជាមានអត្ថន័យពិសេសខ្លាំងណាស់ចំពោះប្រជាជន ដោយសារពួកគេទើបតែបានប៉ះស្នាមរបួសនៅលើព្រះកាយទ្រង់ ពីមុននេះបន្តិចប៉ុណ្ណោះ ។ ទោះអ្នកពុំបានឃើញស្នាមរបួសនៅលើព្រះកាយរបស់ព្រះអង្គសង្គ្រោះ ដូចជាប្រជាជនក្នុងព្រះគម្ពីរមរមនបានឃើញ តែអ្នកក៏អាចចងចាំពីការលះបង់ដ៏ធួនរបស់ទ្រង់ ពេលដែលអ្នកទទួលទានសាក្រាម៉ង់ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរតទៅនេះ ៖ តើការចងចាំដល់ការលះបង់របស់ព្រះអង្គសង្គ្រោះ អំឡុងពេលសាក្រាម៉ង់ បានជួយអ្នកឲ្យមានអារម្មណ៍នៃការដឹងគុណចំពោះទ្រង់ដូចម្ដេចដែរ ?
ព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទដែលមានកត់ត្រានៅក្នុង នីហ្វៃទី3 18:7–11 បង្រៀននូវគោលការណ៍តទៅនេះ ៖ ពេលយើងទទួលទានសាក្រាម៉ង់ យើងធ្វើទីបន្ទាល់ចំពោះព្រះវរបិតាថា យើងមានឆន្ទៈនឹងធ្វើអ្វីទាំងអស់ដែលទ្រង់បានបញ្ជា ។ ពេលយើងទទួលទានសាក្រាម៉ង់ យើងធ្វើទីបន្ទាល់ចំពោះព្រះវរបិតាថា យើងនឹងតែងតែចងចាំព្រះយេស៊ូវគ្រីស្ទជានិច្ច ។ សូមរំឭក នីហ្វៃទី3 18:7–11 ឡើងវិញ ហើយគូសចំណាំពាក្យ ឬ ឃ្លាទាំងឡាយដែលបង្រៀនគោលការណ៍ទាំងនេះ ។ ពេលអ្នកអានខ 11 សូមគិតថាតើអ្នកនឹងមានអារម្មណ៍បែបណា ប្រសិនបើព្រះអង្គសង្គ្រោះមានបន្ទូលពាក្យទាំងនោះទៅកាន់អ្នកនោះ ។
-
សូមជ្រើសរើសសំណួរពីរចេញពីសំណួរទាំងឡាយខាងក្រោមនេះ ហើយឆ្លើយវានៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើចំណុចអ្វីខ្លះអំពីជីវិត និង ការបម្រើរបស់ព្រះអង្គសង្គ្រោះ ដែលអ្នកអាចចងចាំអំឡុងពិធីបរិសុទ្ធនៃសាក្រាម៉ង់ ?
-
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីចងចាំដល់ព្រះអង្គសង្គ្រោះជានិច្ច នៅអំឡុងពេលដែលនៅសល់នៅក្នុងសប្ដាហ៍នោះ ?
-
ប្រសិនបើអ្នកព្យាយាមដោយស្មោះអស់ពីចិត្តដើម្បីចងចាំព្រះអង្គសង្គ្រោះអំឡុងពេលសាក្រាម៉ង់ នោះតើការណ៍នេះអាចជះឥទ្ធិពលដល់អ្នក នៅអំឡុងសប្ដាហ៍បន្ទាប់នោះយ៉ាងដូចម្ដេចដែរ ?
-
សូមរកមើលគោលការណ៍មួយទៀតដែលមានបង្រៀននៅក្នុង នីហ្វៃទី3 18:7, 11 ដោយការបំពេញសេចក្ដីថ្លែងតទៅនេះ ជាមួយនឹងឃ្លាមួយដែលពន្យល់ពីអ្វីដែលព្រះអង្គសង្គ្រោះបានសន្យាដល់អ្នកទាំងឡាយដែលទទួលទានសាក្រាម៉ង់ ហើយចងចាំទ្រង់ ។ ពេលយើងទទួលទានសាក្រាម៉ង់ ហើយចងចាំព្រះអង្គសង្គ្រោះជានិច្ច នោះយើងនឹង ។
-
សូមប្រៀបធៀប នីហ្វៃទី3 18:12–14 និង ហេលេមិន 5:12 ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរថាតើការទទួលទានសាក្រាម៉ង់ជារៀងរាល់សប្ដាហ៍ អាចជួយអ្នកធ្វើឲ្យព្រះយេស៊ូវគ្រីស្ទជាគ្រឹះដែលអ្នកសង់ជីវិតអ្នកនៅលើ បានដូចម្ដេចដែរ ?
-
ដើម្បីជួយអ្នកកាន់តែចងចាំព្រះអង្គសង្គ្រោះ សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកជារៀងរាល់ថ្ងៃក្នុងសប្ដាហ៍បន្ទាប់នេះ ពីអ្វីដែលអ្នកបានធ្វើដើម្បីចងចាំដល់ព្រះអង្គសង្គ្រោះនៅថ្ងៃនោះ ។ អ្នកអាចនឹងចង់បញ្ចូលនូវអ្វីដែលអ្នកបានគិតដល់ អំឡុងពេលសាក្រាម៉ង់ ឬ ថាតើការចងចាំព្រះអង្គសង្គ្រោះបានជះឥទ្ធិពលដល់ការគិត ពាក្យសម្ដី និង កិច្ចការរបស់អ្នកយ៉ាងណាដែរ ។
នីហ្វៃទី3 18:15–25
ព្រះយេស៊ូវបានបង្រៀនពួកសាសន៍នីហ្វៃឲ្យអធិស្ឋានជានិច្ច ដល់ព្រះវរបិតា ហើយឲ្យជួបជុំគ្នាជាញឹកញាប់
បន្ទាប់ពីព្រះយេស៊ូវគ្រីស្ទបានបម្រើសាក្រាម៉ង់ដល់ពួកសាសន៍នីហ្វៃហើយ ទ្រង់បានបង្រៀនពួកគេពីគោលការណ៍សំខាន់ៗអំពីការអធិស្ឋាន ។ គោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងឡាយដែលទ្រង់បានបង្រៀនគឺ ៖ បើយើងនឹងចាំយាម ហើយអធិស្ឋានជានិច្ចដល់ព្រះវរបិតា នោះយើងអាចទប់ទល់នឹងការល្បួងរបស់សាតាំងបាន ។ ពេលយើងចាំយាម យើងវាងវៃ មិនធ្វេសប្រហែស ឬ ប្រុងប្រៀបខាងវិញ្ញាណ ។
សូមអាន នីហ្វៃទី3 18:15–21 ហើយគូសចំណាំពាក្យ ឬ ឃ្លាទាំងឡាយដែលបង្រៀនពីគោលការណ៍ខាងលើនេះ ។ តើអ្នកគិតថា ហេតុអ្វីទាំងការចាំយាម និង ការអធិស្ឋានចាំបាច់ម្ល៉េះដើម្បីទប់ទល់នឹងការល្បួង ?
សូមកត់ចំណាំថា នីហ្វៃទី3 18:15, 20–21 គឺជាវគ្គចំណេះចំណានខគម្ពីរមួយ ។ សូមពិចារណាក្នុងការគូសចំណាំខទាំងនេះនៅក្នុងព្រះគម្ពីររបស់អ្នក ។
-
សូមអាន ហើយគិតអំពីសំណួរខាងក្រោមនេះ ហើយបន្ទាប់មក ឆ្លើយសំណួរពីរ ឬ ច្រើនជាងនោះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើការអធិស្ឋានបានជួយអ្នកឲ្យទប់ទល់នឹងការល្បួងរបស់សាតាំងយ៉ាងដូចម្ដេចដែរ ?
-
តើអ្នកអាចធ្វើអ្វី ដើម្បីឲ្យការអធិស្ឋានផ្ទាល់ខ្លួនរបស់អ្នកបានកាន់តែប្រសើរឡើង ?
-
តើពរជ័យអ្វីខ្លះ ដែលអ្នកបានមានបទពិសោធន៍ ដែលបានមកពីការអធិស្ឋានជាមួយគ្រួសារអ្នក ? ( សូមមើល នីហ្វៃទី3 18:21 ) ។
-
តើអ្នកអាចធ្វើអ្វី ដើម្បីជួយគ្រួសារអ្នកឲ្យមានការអធិស្ឋានជាក្រុមគ្រួសារដ៏ខ្ជាប់ខ្ជួន និង ពោរពេញដោយអត្ថន័យ ?
-
ពេលយើងអធិស្ឋានទៅព្រះវរបិតាសួគ៌ និង ខិតកាន់តែជិតព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ នោះជាញឹកញាប់ យើងចង់ជួយអ្នកផ្សេងទៀតឲ្យខិតកាន់តែជិតទ្រង់ផងដែរ ។ សូមគិតអំពីនរណាម្នាក់ ដែលអ្នកចង់ជួយឲ្យខិតកាន់តែជិតព្រះអង្គសង្គ្រោះ ។ សូមអាន នីហ្វៃទី3 18:22–24 ហើយរកមើលគោលការណ៍តទៅនេះនៅក្នុងខទាំងនេះ ៖ ពេលយើងបម្រើអ្នកផ្សេងទៀត យើងអាចជួយពួកគេឲ្យមកឯព្រះគ្រីស្ទ ។
ដូចមានកត់ត្រានៅក្នុង នីហ្វៃទី3 18:24 ព្រះអង្គសង្គ្រោះបានបង្រៀនថា យើងម្នាក់ៗត្រូវលើកពន្លឺយើងឡើង ដើម្បីវាបញ្ចេញពន្លឺដល់ពិភពលោក ។ ទ្រង់ក៏មានបន្ទូលផងដែរថា ទ្រង់គឺជាពន្លឺដែលយើងត្រូវលើកឡើង ។ អែលឌើរ រ៉ូបឺត ឌី. ហែលស៍ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា យើងលើកពន្លឺនៃព្រះអង្គសង្គ្រោះឡើង ដោយការរក្សាបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ និង ធ្វើតាមគំរូទ្រង់ ៖
« យើងគប្បីធ្វើដូចជាព្រះអង្គសង្គ្រោះ ដូចដែលទ្រង់បានទូន្មានយើងថា ‹ ចូរមកតាមខ្ញុំ › ។ តើវាមិនសព្វព្រះហឫទ័យដល់ព្រះយេស៊ូវទេឬអី បើយើងអាចធ្វើឲ្យពន្លឺយើងបញ្ចេញពន្លឺខ្លាំងឡើង ដើម្បីឲ្យពួកអ្នកទាំងឡាយដែលធ្វើតាមយើង នឹងធ្វើតាមព្រះអង្គសង្គ្រោះដែរនោះ ? មានអ្នកទាំងឡាយដែលកំពុងស្វែងរកពន្លឺ [ ជាអ្នកដែល ] នឹងឆ្លងកាត់ខ្លោងទ្វារនៃបុណ្យជ្រមុជទឹកដោយរីករាយទៅកាន់ផ្លូវដ៏ត្រង់ និង តូចចង្អៀត ដែលនាំទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច ( សូមមើល នីហ្វៃទី2 31 ) ។ តើអ្នកនឹងធ្វើជាពន្លឺនោះទេ ជាពន្លឺដែលនឹងនាំពួកគេទៅកាន់ចំណតដ៏សុវត្ថិភាពមួយ ? …
« តើអ្នកធ្លាប់ផ្អាកដើម្បីគិតថា ប្រហែលអ្នកជាពន្លឺដែលបានបញ្ជូនមកដោយព្រះវរបិតាសួគ៌ ដើម្បីដឹកនាំមនុស្សម្នាក់ទៀតទៅផ្ទះដោយសុវត្ថិភាព ឬ ជាភ្លើងនាំផ្លូវពីចម្ងាយ ដើម្បីបង្ហាញផ្លូវត្រឡប់ទៅកាន់ផ្លូវត្រង់ និង តូចចង្អៀតវិញ ជាផ្លូវនាំទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ចនោះ ។ ពន្លឺរបស់អ្នកគឺជាភ្លើងនាំផ្លូវ ហើយមិនគប្បីឈប់ឆេះ ឬ ដឹកនាំខុសដល់ពួកអ្នកដែលកំពុងស្វែងរកផ្លូវទៅផ្ទះនោះទេ ។ …
« … ព្រះយេស៊ូវគ្រីស្ទគឺជាពន្លឺដែលត្រូវបានប្រទានមកដល់យើង ដើម្បីយើងអាចដើរតាម និង ដឹងពីកន្លែងដែលត្រូវទៅ ។ [ ខ្ញុំអធិស្ឋាន ] ថា យើងម្នាក់ៗអាចជ្រើសរើសអ្វីដែលត្រឹមត្រូវ [ ដើម្បីយើងអាច ] លើក និង ពង្រឹងអ្នកទាំងឡាយដែលនៅជុំវិញយើង » ( “That Ye May Be Children of Light” [ ការប្រជុំពិសេសរបស់ប្រព័ន្ធអប់រំសាសនាចក្រសម្រាប់ពួកមជ្ឈិមវ័យវ័យក្មេង ថ្ងៃទី 3 ខែ វិច្ឆិកា ឆ្នាំ 1996 ] ទំព័រ 6–7 ) ។
ការអធិស្ឋានសម្រាប់អ្នកដទៃទៀត ការអញ្ជើញពួកគេឲ្យចូលរួមការប្រជុំរបស់សាសនាចក្រ និង ការធ្វើជាគំរូដូចព្រះយេស៊ូវគ្រីស្ទ គឺជារបៀបទាំងឡាយដែលយើងអាចបម្រើដល់អ្នកផ្សេងទៀត ។ សូមគិតថាតើអ្នកមានអារម្មណ៍យ៉ាងណា ពេលអ្នកធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ហើយជួយនរណាម្នាក់ផ្សេងទៀតឲ្យចូលមកជិតព្រះអង្គសង្គ្រោះ ។ តើអ្នកនឹងធ្វើអ្វីនៅថ្ងៃនេះ ឬ សប្ដាហ៍នេះ ដើម្បីឲ្យពន្លឺអ្នកចែងចាំងឡើង ដើម្បីពួកអ្នកទាំងឡាយដែលធ្វើតាមអ្នក នឹងធ្វើតាមព្រះអង្គសង្គ្រោះផងដែរនោះ ?
នីហ្វៃទី3 18:26–39
ព្រះអង្គសង្គ្រោះបង្រៀនពួកសិស្សរបស់ទ្រង់ឲ្យពង្រីកមិត្តភាពដល់មនុស្សទាំងអស់
បន្ទាប់ពីព្រះអង្គសង្គ្រោះបានណែនាំពីសាក្រាម៉ង់ និង បានបង្រៀនដល់ពួកសាសន៍នីហ្វៃពីការអធិស្ឋានហើយ ទ្រង់បានបែរទៅរកពួកសិស្សទាំងដប់ពីរនាក់ ដែលទ្រង់បានជ្រើសរើស ហើយបានណែនាំពួកគេពីរបៀបដឹកនាំកិច្ចការសាសនាចក្រ ( សូមមើល នីហ្វៃទី3 18:26–39 ) ។ សូមកត់ចំណាំនៅក្នុង នីហ្វៃទី3 18:26 ថា ព្រះអង្គសង្គ្រោះបានបញ្ឈប់ការមានបន្ទូលទៅកាន់ពួកបណ្ដាជន ហើយបែរទៅរកពួកអ្នកដឹកនាំ « ដែលទ្រង់បានរើស » វិញ ។ សារដំណឹងរបស់ទ្រង់នៅក្នុងខ 28–29 ត្រូវបានប្រទានដល់ពួកអ្នកដឹកនាំបព្វជិតភាព ទុកជាការព្រមានមួយទាស់នឹងការអនុញ្ញាតឲ្យអ្នកទាំងឡាយណាដែលមិនសក្ដិសមទទួលទានសាក្រាម៉ង់ ។
សមាជិកសាសនាចក្រគប្បីផ្ដោតទៅលើភាពសក្តិសមផ្ទាល់ខ្លួនរបស់គេ ក្នុងការទទួលទានសាក្រាម៉ង់ ហើយទុកការទទួលខុសត្រូវនៃការកំណត់ពីភាពសក្ដិសមរបស់អ្នកដទៃក្នុងការទទួលទានសាក្រាម៉ង់ ទៅលើពួកអ្នកទាំងឡាយដែលព្រះអម្ចាស់បានហៅឲ្យធ្វើការវិនិច្ឆ័យបែបនោះ ដូចជាប៊ីស្សព ឬ ប្រធានស្តេកជាដើម ។ សូមអាន នីហ្វៃទី3 18:32 រកមើលរបៀបដែលព្រះអង្គសង្គ្រោះបានបង្រៀនដល់ពួកសិស្សរបស់ទ្រង់ ឲ្យថែទាំដល់ពួកអ្នកដែលបានវង្វេងចេញពីសេចក្ដីជំនឿ ។ សូមគិតអំពីរបៀបដែលអ្នកអាច « ធ្វើការងារបម្រើ » ដល់មិត្តភក្ដិ សមាជិកគ្រួសារ ឬ មនុស្សម្នាក់នៅក្នុងវួដ ឬ សាខារបស់អ្នក ដែលបានវង្វេងពីសេចក្ដីជំនឿ ។
ចំណេះចំណានខគម្ពីរ—នីហ្វៃទី3 18:15, 20–21
សូមពិចារណាក្នុងការចំណាយពេលពីរបីនាទីទន្ទេញ នីហ្វៃទី3 18:15, 20–21 ។ សូមសរសេរខទាំងបីនៅលើក្រដាសមួយ ហើយបន្ទាប់មកហាត់និយាយវា ។ បន្ទាប់ពីអានវាពីរបីនាទីហើយ សូមចាប់ផ្ដើមលុប ឬ គូសចោលនូវផ្នែកផ្សេងៗនៃខទាំងនោះ ខណៈដែលអ្នកបន្តនិយាយខទាំងនោះ ។ អ្នកអាចនឹងចង់ធ្វើដំណើរការនេះម្ដងហើយម្ដងទៀត រហូតទាល់តែពាក្យទាំងអស់ត្រូវលុប ឬ គូសចោលទាំងស្រុង ។
ពេលអ្នកកំពុងទន្ទេញខទាំងនេះ សូមគិតអំពីអ្វីដែលព្រះអង្គសង្គ្រោះបង្រៀន ។ ដូចមានកត់ត្រានៅក្នុង នីហ្វៃទី3 18:15 ព្រះយេស៊ូវគ្រីស្ទបានបង្រៀនពួកសាសន៍នីហ្វៃពីរបៀបដើម្បីទប់ទល់នឹងការល្បួងរបស់អារក្ស ។ សូមកត់ចំណាំពីអំណាចដែលបានមកពីការអធិស្ឋាន ។ តាមរយៈការអធិស្ឋាន យើងអាចទទួលកម្លាំងដើម្បីតទល់នឹងការល្បួង ។
ដូចមានកត់ត្រានៅក្នុង នីហ្វៃទី3 18:20–21 ព្រះយេស៊ូវគ្រីស្ទបានបង្រៀនថា ពេលយើងអធិស្ឋានដោយសេចក្ដីជំនឿ នោះព្រះវរបិតាតែងតែឆ្លើយតបការអធិស្ឋានរបស់យើងជានិច្ច ប៉ុន្តែទ្រង់ឆ្លើយតបទៅតាមផែនការរបស់ទ្រង់ សម្រាប់កូនចៅទ្រង់ និង ទៅតាមអ្វីដែលទ្រង់ជ្រាបថាត្រឹមត្រូវសម្រាប់យើង ។ សូមថាតាមខ 20 ឮៗ ៖ « ហើយសូម្បីជាអ្វី ដែលអ្នករាល់គ្នាសុំព្រះវរបិតាដោយនូវព្រះនាមយើង ដែលត្រឹមត្រូវ និង ដោយជឿថា អ្នកនឹងបានទទួល មើលចុះនឹងប្រទានដល់អ្នក » ។ តើអ្នកគិតថាឃ្លា « ដែលត្រឹមត្រូវ » មានន័យយ៉ាងណា នៅក្នុងវគ្គបទគម្ពីរនេះ ? ( អ្នកអាចនឹងចង់យោងទៅ យ៉ាកុប 4:3 ) ។
ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បានចែកចាយទីបន្ទាល់នេះថា ៖ « ព្រះជាព្រះវរបិតាដ៏អស់កល្បរបស់យើង មានព្រះជន្មរស់ ។ ទ្រង់ជាអង្គបង្កបង្កើត និង ជាអង្គគ្រប់គ្រងសកលលោក ហើយទ្រង់នៅតែជាព្រះវរបិតារបស់យើង ។ ទ្រង់ជាព្រះដ៏មានមហិទ្ធិឫទ្ធិ និង ខ្ពស់លើអស់អ្វីទាំងអស់ ។ យើងអាចឈោងទៅរកទ្រង់ដោយការអធិស្ឋាន ។ … តើទ្រង់ឮការអធិស្ឋានរបស់កូនទេ ? ប្រាកដណាស់ ទ្រង់ឮ ។ តើទ្រង់ឆ្លើយតបទេ ? ប្រាកដណាស់ ទ្រង់ឆ្លើយ ។ មិនដូចជាអ្វីដែលយើងប្រាថ្នាជានិច្ចនោះទេ ប៉ុន្តែទ្រង់ឆ្លើយ ។ ទ្រង់ឮ ហើយឆ្លើយតប » ( Teachings of Gordon B. Hinckley [1997] ទំព័រ 468 ) ។
អែលឌើរ ដាល្លិន អេក. អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា ៖ « [ នៅក្នុង នីហ្វៃទី3 18:20 ] ព្រះអង្គសង្គ្រោះរំឭកយើងថា សេចក្ដីជំនឿ មិនថាវារឹងមាំយ៉ាងណាទេ គឺពុំអាចបង្កើតនូវលទ្ធផលមួយដែលផ្ទុយទៅនឹងព្រះបំណងរបស់ទ្រង់ ដោយអំណាចគឺជារបស់ទ្រង់ ។ ការអនុវត្តន៍សេចក្ដីជំនឿលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ គឺតែងតែស្ថិតនៅក្រោមអំណាចនៃរបៀបរៀបរយរបស់ស្ថានសួគ៌ នៅក្រោមសេចក្ដីល្អ និង ព្រះបំណង និង ប្រាជ្ញា និង ពេលវេលារបស់ព្រះអម្ចាស់ ។ នោះហើយជាមូលហេតុដែលយើងពុំអាចមានសេចក្ដីជំនឿដ៏ពិតលើព្រះអម្ចាស់ ដោយពុំមានការទុកចិត្តទាំងស្រុងលើព្រះបំណងរបស់ព្រះអម្ចាស់ និង ទៅលើពេលវេលារបស់ព្រះអម្ចាស់នោះទេ » ( “Faith in the Lord Jesus Christ” Ensign ខែ ឧសភា ឆ្នាំ 1994 ទំព័រ 100 ) ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី3 18 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖