សេចក្ដីណែនាំមកកាន់គម្ពីរនីហ្វៃទី2
ហេតុអ្វីសិក្សាគម្ពីរនេះ ?
គម្ពីរ នីហ្វៃទី2 នឹងជួយអ្នកឲ្យយល់គោលលទ្ឋិមូលដ្ឋានគ្រឹះទាំងឡាយនៃដំណឹងល្អ ដូចជាការធ្លាក់របស់លោកអ័ដាម និង នាងអេវ៉ា ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ និង សិទ្ធិជ្រើសរើស ។ លើសពីនេះទៅទៀត គម្ពីរនេះមាននូវការព្យាករជាច្រើនពីនីហ្វៃ យ៉ាកុប និង អេសាយ ដែលជាសាក្សីពិសេសរបស់ព្រះអង្គសង្គ្រោះ ។ ពួកលោកបានព្យាករអំពីការស្តារឡើងវិញនៃដំណឹងល្អនៅថ្ងៃចុងក្រោយ ការប្រមូលរាស្ត្រនៃសេចក្តីសញ្ញារបស់ព្រះ ការយាងមកលើកទីពីរនៃព្រះយេស៊ូវគ្រីស្ទ និងសហស្សវត្ស ។ គម្ពីរ នីហ្វៃទី2 ក៏មាននូវការពន្យល់របស់នីហ្វៃអំពីគោលលទ្ឋិនៃព្រះគ្រីស្ទ ហើយបានបញ្ចប់ដោយទីបន្ទាល់របស់នីហ្វៃអំពីព្រះអង្គសង្គ្រោះផងដែរ ។
តើនរណាបានសរសេរគម្ពីរនេះ ?
នីហ្វៃ ជាកូនប្រុសរបស់លីហៃបានសរសេរ នីហ្វៃទី2 ។ នីហ្វៃគឺជាព្យាការីម្នាក់ និង ជាអ្នកដឹកនាំដ៏អស្ចារ្យដំបូងគេរបស់ប្រជាជនសាសន៏នីហ្វៃ ។ ការសរសេររបស់លោកបានបង្ហាញថា លោកបានទទួលបទពិសោធន៍ពីព្រះចេស្តានៃការប្រោសលោះរបស់ព្រះអម្ចាស់ ( សូមមើល នីហ្វៃទី 2 4:15–35, 33:6 ) ហើយព្រលឹងទាំងមូលរបស់លោកមានបំណងប្រាថ្នាដើម្បីនាំសេចក្តីសង្គ្រោះដល់ប្រជាជនរបស់លោក ( សូមមើល នីហ្វៃទី 2 33:3–4 ) ។ ដើម្បីសម្រេចគោលបំណងនេះ លោកបានកសាងព្រះវិហារបរិសុទ្ឋ ហើយបានបង្រៀនប្រជាជនរបស់លោកឲ្យជឿលើព្រះយេស៊ូវគ្រីស្ទ ។
តើគម្ពីរនេះត្រូវបានសរសេរឡើងនៅពេលណា ហើយនៅកន្លែងណា ?
នីហ្វៃបានចាប់ផ្តើមសរសេរដំណើរឿងដែលក្លាយជាគម្ពីរនីហ្វៃទី 2 ប្រហែលជាឆ្នាំ 570 មុន គ. ស.—គឺ 30 ឆ្នាំក្រោយពីលោក និង គ្រួសារលោកបានចាកចេញពីទីក្រុងយេរូសាឡិម ( សូមមើល នីហ្វៃទី 2 5:28–31 ) ។លោកបានសរសេរដំណើររឿងនេះ នៅពេលលោកនៅក្នុងដែនដីនីហ្វៃ ( សូមមើល នីហ្វៃទី 2 5:8,28–34 ) ។