មេរៀនទី 25 ៖ ថ្ងៃទី 2
នីហ្វៃទី3 13
សេចក្តីផ្ដើម
ដូចមានកត់ត្រានៅក្នុង នីហ្វៃទី3 13 ព្រះអង្គសង្គ្រោះបានបន្តទេសនកថារបស់ទ្រង់នៅឯព្រះវិហារបរិសុទ្ធ ដែលនៅក្នុងដែនដីបរិបូរណ៍ ។ ទ្រង់បានព្រមានប្រជាជនទាស់នឹងការលាក់ពុត ហើយបានបង្រៀនពួកគេថា កិច្ចការសុចរិតរបស់ពួកគេសព្វព្រះហឫទ័យដល់ព្រះវរបិតាសួគ៌ ។ ទ្រង់ក៏បានណែនាំដល់បណ្ដាជនផងដែរ ឲ្យប្រមូលទ្រព្យសម្បត្តិទុកនៅស្ថានសួគ៌ ហើយបន្ទាប់មកបានណែនាំឲ្យពួកសិស្សទាំងដប់ពីរនាក់របស់ទ្រង់ ឲ្យស្វែងរកនគរនៃព្រះជាមុនសិន មុននឹងខ្វល់ខ្វាយពីកង្វល់ខាងសាច់ឈាមរបស់ពួកគេផ្ទាល់ ។
នីហ្វៃទី3 13:1–18
ព្រះអង្គសង្គ្រោះព្រមានពួកសាសន៍នីហ្វៃទាស់នឹងការលាក់ពុត ហើយបង្រៀនពួកគេឲ្យធ្វើកិច្ចការសុចរិតដែលសព្វព្រះហឫទ័យដល់ព្រះវរបិតាសួគ៌
សូមបំពេញការប៉ាន់ប្រមាណខ្លួនឯងខាងក្រោមនេះ នៅក្នុងគំនិតអ្នក ដោយជ្រើសរើសឃ្លាណាមួយដែលពិពណ៌នាច្បាស់បំផុត ពីការជំរុញទឹកចិត្តរបស់អ្នកឲ្យធ្វើទាន ( ការផ្ដល់ឲ្យដល់អ្នកផ្សេងទៀត ) ការអធិស្ឋាន និង ការតមអាហារ ៖
ខ្ញុំធ្វើទានពីព្រោះ ៖
-
ខ្ញុំត្រូវធ្វើ ។
-
ខ្ញុំស្រឡាញ់ព្រះអម្ចាស់ ហើយរីករាយនឹងជួយមនុស្សផ្សេងទៀត ។
-
ខ្ញុំចង់ឲ្យអ្នកផ្សេងគិតល្អពីខ្ញុំ ។
ខ្ញុំអធិស្ឋានពីព្រោះ ៖
-
ខ្ញុំមិនចង់និយាយថា « ទេ » នៅមុខមនុស្សផ្សេងទៀត ពេលខ្ញុំត្រូវបានហៅឲ្យអធិស្ឋាន ។
-
វាជាផ្នែកមួយនៃទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំ ។
-
ខ្ញុំចង់ប្រាស្រ័យទាក់ទងនឹងព្រះវរបិតាសួគ៌របស់ខ្ញុំ ។
ខ្ញុំតមអាហារពីព្រោះ ៖
-
ការតមអាហារជួយខ្ញុំឲ្យខិតកាន់តែជិតព្រះអម្ចាស់ ។
-
មនុស្សផ្សេងទៀតនឹងគិតថា ខ្ញុំអាក្រក់ បើខ្ញុំមិនធ្វើវាទេ ។
-
ឪពុកម្ដាយខ្ញុំមិនអនុញ្ញាតឲ្យខ្ញុំញ៉ាំទេ ពេលដែលខ្ញុំគួរតែតមអាហារនោះ ។
នៅក្នុង នីហ្វៃទី3 13 ព្រះយេស៊ូវគ្រីស្ទបានបង្រៀនបណ្ដាជននីហ្វៃ អំពីសារៈសំខាន់នៃការជំរុញទឹកចិត្តរបស់មនុស្សម្នាក់ ក្នុងការធ្វើទាន អធិស្ឋាន និង តមអាហារ ។ ការឆ្លើយតបដែលមានរាយនៅក្នុងការប៉ាន់ប្រមាណខ្លួនឯងនេះ ឆ្លុះបញ្ចាំងពីការជំរុញទឹកចិត្តទាំងឡាយ ដែលយើងអាចមានក្នុងការធ្វើការណ៍ទាំងនេះ ឬ ទង្វើនៃការលះបង់ដ៏សុចរិតផ្សេងៗទៀត ។
-
សូមឆ្លើយសំណួរតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើមូលហេតុ ដែលយើងធ្វើកិច្ចការសុចរិតទាំងឡាយ សំខាន់ដែរឬទេ ? ហេតុអ្វីសំខាន់ ឬ ហេតុអ្វីមិនសំខាន់ ?
-
សូមចម្លងតារាងខាងក្រោមនេះចូលទៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ហើយបំពេញវាដោយការអានខគម្ពីរយោងនីមួយៗ ហើយឆ្លើយសំណួរទាំងពីរ ។ ពេលអ្នកអាន វាអាចជាប្រយោជន៍ក្នុងការដឹងថា មនុស្សលាក់ពុត គឺជានរណាម្នាក់ដែលបំពាក់ដោយឥរិយាបទសុចរិតក្លែងក្លាយ ឬ ដែលនិយាយពីការណ៍មួយ ហើយធ្វើការណ៍មួយផ្សេងទៀត ។
សកម្មភាព
ពេលដែលយើងធ្វើសកម្មភាពនេះ តើការជំរុញទឹកចិត្តអ្វី ដែលព្រះអម្ចាស់បានព្រមានជំទាស់ ?
តើព្រះអម្ចាស់បានមានបន្ទូលថា យើងគួរធ្វើសកម្មភាពនេះដោយរបៀបណា ?
ធ្វើទាន ( នីហ្វៃទី3 13:1–4 )
អធិស្ឋាន ( នីហ្វៃទី3 13:5–6 )
តមអាហារ ( នីហ្វៃទី3 13:16–18 )
សូមពិចារណាសំណួរខាងក្រោមនេះ ៖
-
តើការជំរុញទឹកចិត្តរបស់យើងដើម្បីធ្វើកិច្ចការសុចរិត ជះឥទ្ធិពលយ៉ាងណាដល់របៀបដែលយើងធ្វើវា ?
-
តើការជំរុញទឹកចិត្តដ៏សុចរិតអ្វីខ្លះ ដែលអាចបំផុសឲ្យមនុស្សម្នាក់ធ្វើទាន អធិស្ឋាន ឬ តមអាហារដោយសម្ងាត់ ?
ការជំរុញទឹកចិត្តដ៏សុចរិតមួយដើម្បីធ្វើការណ៍ទាំងនេះ គឺដើម្បីធ្វើឲ្យព្រះវរបិតាសួគ៌សព្វព្រះហឫទ័យ ។ សូមអាន នីហ្វៃទី3 13:4, 6, 18 ហើយរកមើលអ្វីដែលព្រះអម្ចាស់សន្យាដល់ពួកអ្នកទាំងឡាយដែលប្រព្រឹត្តដោយសុចរិតនៅទីសម្ងាត់ ។
គោលការណ៍សំខាន់មួយដែលព្រះអង្គសង្គ្រោះបានបង្រៀននៅក្នុងខទាំងនេះគឺ ៖ បើយើងប្រព្រឹត្តដោយសុចរិត ពីព្រោះយើងស្រឡាញ់ព្រះវរបិតាសួគ៌ នោះទ្រង់នឹងប្រទានរង្វាន់ដល់យើងដោយបើកចំហរវិញ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសរអំពីពេលដែលអ្នកបានទទួលអារម្មណ៍ថាមានពរជ័យ ដោយព្រោះការព្យាយាមធ្វើអ្វីមួយ ដើម្បីធ្វើឲ្យព្រះវរបិតាសួគ៌សព្វព្រះហឫទ័យ ជាជាងឲ្យអ្នកដទៃឃើញ ។
សូមរំឭកដោយសង្ខេបពីការប៉ាន់ប្រមាណខ្លួនឯងរបស់អ្នកនៅខាងដើមមេរៀន ហើយធ្វើការវាយតម្លៃពីការជំរុញទឹកចិត្តរបស់អ្នកដើម្បីធ្វើទាន អធិស្ឋាន និង តមអាហារ ។ សូមពិចារណាពីរបៀបដែលអ្នកអាចអនុវត្តការបង្រៀនទាំងឡាយរបស់ព្រះអង្គសង្គ្រោះ ដើម្បីអភិវឌ្ឍការជំរុញទឹកចិត្តរបស់អ្នកក្នុងការធ្វើការណ៍ទាំងនេះ ឬ ទង្វើនៃការលះបង់ផ្សេងៗទៀតសម្រាប់ព្រះអម្ចាស់ ។
ព្រះអង្គសង្គ្រោះបានប្រទាននូវការណែនាំបន្ថែមទៀតដល់ពួកសាសន៍នីហ្វៃ អំពីការអធិស្ឋាន ។ សូមអាន នីហ្វៃទី3 13:7 ហើយរកមើលពីរបៀបដែលព្រះអម្ចាស់បានពិពណ៌នាពីឃ្លាច្រំដែល ឬ បរិយាយយ៉ាងល្អិតល្អន់ ដែលនិយាយនៅក្នុងការអធិស្ឋានដោយគ្មានភាពស្មោះត្រង់ ។ ពាក្យឥតប្រយោជន៍ មានន័យថា គ្មានខ្លឹមសារ គ្មានការគិត ឬ អារម្មណ៍ ។ ពាក្យឥតប្រយោជន៍ផ្ទួនៗ អាចមានន័យផងដែរថា ការនិយាយពាក្យដដែលដោយគ្មានការគិត ឬ ការអធិស្ឋានដោយគ្មានសេចក្ដីជំនឿ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា ហេតុអ្វីវាសំខាន់ដើម្បីចៀសវាងពីពាក្យឥតប្រយោជន៍ផ្ទួនៗនៅក្នុងការអធិស្ឋានរបស់យើងទៅកាន់ព្រះវរបិតាសួគ៌ ?
-
តើមានអ្វីខ្លះ ដែលអ្នកអាចធ្វើដើម្បីចៀសវាងពីការនិយាយពាក្យឥតប្រយោជន៍ផ្ទួនៗពេលអ្នកអធិស្ឋាន ?
-
សូមអាន នីហ្វៃទី3 13:8 ហើយរកមើលគោលការណ៍មួយដែលព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលពីព្រះវរបិតាសួគ៌ ។ អ្នកអាចនឹងចង់គូសចំណាំគោលការណ៍នេះនៅក្នុងព្រះគម្ពីររបស់អ្នក ។ កម្មវត្ថុមួយនៃការអធិស្ឋានរបស់យើងគឺ « ដើម្បីខ្លួនយើងផុតពីគ្រោះភ័យ និង ដើម្បីបានពរជ័យផ្សេងៗដែលព្រះមានព្រះបំណងរួចជាស្រេចដើម្បីប្រទាន ប្រសិនបើយើងនឹងសុំទ្រង់ដោយសេចក្ដីជំនឿ » ( Bible Dictionary, “Prayer” ) ។
សូមអាន នីហ្វៃទី3 13:9–15 ហើយសញ្ជឹងគិតពីអ្វីដែលព្រះអម្ចាស់ចង់ឲ្យអ្នករៀនអំពីការអធិស្ឋាន ។ សូមគិតពីរបៀបនានា ដើម្បីអភិវឌ្ឍការអធិស្ឋានរបស់អ្នក ដោយការអនុវត្តនូវអ្វីដែលអ្នកបានរៀនពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ។
នីហ្វៃទី3 13:19–24
ព្រះយេស៊ូវគ្រីស្ទបង្រៀនបណ្ដាជនឲ្យប្រមូលទ្រព្យសម្បត្តិទុកនៅស្ថានសួគ៌
តើអ្នកធ្លាប់អាន ឬ ធ្លាប់ឮពីរឿងមួយអំពីទ្រព្យសម្បត្តិដែលបាត់បង់ ឬ កប់ទុកទេ ? ជួនកាល នៅក្នុងរឿងទាំងនេះ អ្នកប្រមាញ់ទ្រព្យសម្បត្តិបានទៅដល់គោលដៅរបស់គេនៅទីបំផុត ដោយគ្រាន់តែដើម្បីឃើញថា ទ្រព្យសម្បត្តិនោះបាត់បង់ទៅហើយ ឬ ទ្រព្យសម្បត្តិនោះមិនដែលមានពិតនោះទេ ។ សូមអាន នីហ្វៃទី3 13:19–20 ហើយរកមើលទ្រព្យសម្បត្តិពីរយ៉ាង ដែលព្រះអម្ចាស់បានមានបន្ទូលដល់ ។ តើទ្រព្យសម្បត្តិណាមួយដែលទ្រង់មានបន្ទូលថា តែងតែនៅទីនោះសម្រាប់យើង បើយើងស្វែងរកវានោះ ?
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្វីជាភាពខុសគ្នារវាង « ទ្រព្យសម្បត្តិនៅផែនដី » និង « ទ្រព្យសម្បត្តិនៅឯស្ថានសួគ៌ » ?
-
ចេញពីអ្វីដែលអ្នករៀននៅក្នុង នីហ្វៃទី3 13:21–24 តើសេចក្ដីពិតអ្វីខ្លះ ដែលព្រះអង្គសង្គ្រោះបានបង្រៀនអំពីការស្វែងរកទ្រព្យសម្បត្តិខាងលោកិយ និង ទ្រព្យសម្បត្តិនៅស្ថានសួគ៌ ? ( វាអាចជួយអ្នកឲ្យយល់កាន់តែច្បាស់ពីខទាំងនេះ ក្នុងការដឹងថាពាក្យទ្រព្យសម្បត្តិ គឺជាពាក្យសម្រាប់ភាពខាងលោកិយ ឬ ភាពស្ដុកស្ដម្ភ ) ។
-
តើការស្វែងរកទ្រព្យសម្បត្តិនៅផែនដី អាចបង្អាក់យើងពីការស្វែងរកទ្រព្យសម្បត្តិនៅស្ថានសួគ៌យ៉ាងដូចម្ដេចដែរ ?
-
ព្រះអង្គសង្គ្រោះពុំបានបង្រៀនថា លុយកាក់ ឬ ទ្រព្យសម្បត្តិខាងលោកិយគឺអាក្រក់នោះទេ ។ ប៉ុន្តែទ្រង់ពិតជាបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការដាក់ដួងចិត្តរបស់យើងទៅលើទ្រព្យសម្បត្តិនៅស្ថានសួគ៌ ដែលនឹងនៅរហូត ហើយពុំមែនទៅលើភាពមានបានខាងលោកិយនោះទេ ។
គោលការណ៍មួយដែលយើងអាចរៀនចេញពី នីហ្វៃទី3 13:19–24 គឺ ៖ ដើម្បីមានព្រះជាគ្រូរបស់យើង យើងត្រូវតែស្រឡាញ់ និង បម្រើទ្រង់ លើសអស់ទាំងអ្វីៗនៅលើលោកនេះ ។
តើអ្វីខ្លះដែលអាចជាគំរូនៃការព្យាយាមបម្រើព្រះ និង បម្រើទ្រព្យសម្បត្តិនៅក្នុងពេលតែមួយ ? ហេតុអ្វីវាអាចជាការពិបាក ក្នុងការស្រឡាញ់ និង បម្រើព្រះជានិច្ច ជំនួសឲ្យរបស់ខាងលោកិយនោះ ? ហេតុអ្វីការដាក់ព្រះជាមុន មានតម្លៃសមនឹងការខិតខំនោះ ?
-
សូមអានគំរូខាងក្រោមនេះ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមចង្អុលបង្ហាញថាចៅហ្វាយណាមួយដែលអ្នកគិតថា មនុស្សនោះកំពុងបម្រើ ៖ ព្រះ ឬ ទ្រព្យសម្បត្តិ ( ភាពខាងលោកិយ ) ។
-
យុវជនម្នាក់ពុំព្រមទទួលការងារមួយ ដែលតម្រូវឲ្យគេខកខានការប្រជុំថ្ងៃអាទិត្យ ហើយបានជ្រើសរើសការងារមួយដែលទទួលបានប្រាក់ខែតិចជាងវិញ ដែលមិនតម្រូវឲ្យគេធ្វើការនៅថ្ងៃអាទិត្យ ។
-
យុវនារីម្នាក់រអ៊ូរទាំជាញឹកញាប់ ទៅកាន់ឪពុកម្ដាយនាងពីការចង់មានសម្លៀកបំពាក់ថ្មីៗ ។ សម្លៀកបំពាក់ដែលនាងចង់បាន មានតម្លៃថ្លៃជាងអ្វីដែលគ្រួសារនាងអាចលៃលកទិញបាន ។
-
យុវជនម្នាក់បង់ដង្វាយមួយភាគដប់របស់គេជាទៀងទាត់ ជាមួយនឹងលុយដែលគេទទួលបានពីការងារគេ ។ ប៉ុន្តែគេប្រើប្រាស់ចំណូលដែលនៅសល់ដើម្បីទិញគ្រឿងកម្សាន្តនានា រួមទាំងកុន និង ចម្រៀងដែលមិនសមរម្យផងដែរ ហើយមិនបានសន្សំលុយទុកបង់សម្រាប់បេសកកម្ម ឬ ការអប់រំឡើយ ។
-
យុវនារីម្នាក់ប្រើប្រាស់ចំណូលរបស់នាងជាញឹកញាប់ ដើម្បីទិញអំណោយតូចៗ ដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់នាងចំពោះអ្នកផ្សេងទៀត ។
-
នីហ្វៃទី3 13:25–34
ព្រះអង្គសង្គ្រោះណែនាំពួកសិស្សទាំងដប់ពីរនាក់ ឲ្យស្វែងរកនគរនៃព្រះជាមុនសិន មុននឹងខ្វល់ខ្វាយពីកង្វល់ខាងសាច់ឈាមរបស់ពួកគេផ្ទាល់
ពេលពួកគេបានទៅធ្វើការបម្រើក្នុងចំណោមប្រជាជន ព្រះយេស៊ូវគ្រីស្ទបានណែនាំពួកសិស្សសាសន៍នីហ្វៃទាំងដប់ពីររបស់ទ្រង់ថា កុំឲ្យព្រួយបារម្ភពីសេចក្ដីត្រូវការខាងសាច់ឈាមរបស់គេ ដូចជាអាហារ និង សម្លៀកបំពាក់ ( សូមមើល នីហ្វៃទី3 13:25–31 ) ។ សូមអាន នីហ្វៃទី3 13:32–33 ហើយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានប្រាប់ដល់ពួកសិស្សរបស់ទ្រង់ ទាក់ទងនឹងសេចក្ដីត្រូវការខាងសាច់ឈាមរបស់គេ ។ តើទ្រង់បានសន្យាអ្វីខ្លះ ដល់អ្នកទាំងឡាយដែលដាក់ព្រះ និង នគររបស់ទ្រង់ជាមុននៅក្នុងជីវិតគេ ?
គោលការណ៍មួយដែលយើងអាចរៀនចេញពីខទាំងនេះអាចជា ៖ បើយើងស្វែងរកនគរព្រះជាមុនសិន នោះទ្រង់នឹងជួយយើងផ្គត់ផ្គង់ដល់សេចក្ដីត្រូវការរបស់យើង ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើមនុស្សម្នាក់ « ស្វែងរកនគរនៃព្រះ … ជាមុនសិន » ដោយរបៀបណាដែរ ? ( នីហ្វៃទី3 13:33 ) ។
-
តើព្រះអម្ចាស់បានមើលការខុសត្រូវចំពោះសេចក្ដីត្រូវការរបស់អ្នកដោយរបៀបណា ពេលដែលអ្នកទុកទ្រង់ជាមុនសិននៅក្នុងជីវិតអ្នក ?
-
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានថ្លែងទីបន្ទាល់ពីពរជ័យទាំងឡាយដែលបានមកពីការទុកព្រះជាមុនសិន នៅក្នុងជីវិតយើង ( អ្នកអាចនឹងចង់សរសេរការដកស្រង់នេះ នៅលើក្រដាសមួយ ហើយរក្សាវានៅក្នុងព្រះគម្ពីររបស់អ្នក ដើម្បីរំឭកវា ឬ ចែកចាយវានៅពេលខាងមុខទៀត ) ៖
« ពេលយើងទុកព្រះជាមុន នោះអ្វីៗទាំងអស់ផ្សេងទៀតចូលទៅក្នុងកន្លែងត្រឹមត្រូវរបស់វា ឬ ក៏ចេញពីជីវិតយើង » ។ សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះអម្ចាស់ត្រូវបានបង្ហាញដោយមនោសញ្ជេតនារបស់យើង ដោយរបៀបដែលយើងចំណាយពេលវេលារបស់យើង ចំណូលចិត្តដែលយើងតាមរក និង លំដាប់លំដោយនៃអាទិភាពរបស់យើង ។ …
« យើងគប្បីថ្វាយដល់ព្រះ ជាព្រះវរបិតានៃវិញ្ញាណរបស់យើង នូវអ្វីដែលខ្ពស់បំផុតនៅក្នុងជីវិតយើង » ( “The Great Commandment—Love the Lord” Ensign ខែ ឧសភា ឆ្នាំ 1988 ទំព័រ 4–5 ) ។
សូមសញ្ជឹងគិតពីរបៀបដែលអ្នក ឬ អ្នកទាំងឡាយដែលអ្នកស្គាល់ ត្រូវបានប្រទានពរដោយព្រោះការទុកព្រះជាមុននៅក្នុងជីវិតអ្នក ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី3 13 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖