មេរៀនទី 32 ៖ ថ្ងៃទី 2
មរ៉ូណៃ 8–9
សេចក្តីផ្ដើម
មរ៉ូណៃ 8 គឺជាសំបុត្រដែល មរមន បានសរសេរដល់ មរ៉ូណៃ ជាកូនប្រុសលោក អំពីមូលហេតុដែលក្មេងតូចៗ ពុំត្រូវការពិធីបុណ្យជ្រមុជទឹក ។ នៅក្នុងសំបុត្រនេះ មរមន បានបង្រៀនផងដែរ អំពីរបៀបដែលយើងអាចរៀបចំដើម្បីរស់នៅជាមួយនឹងព្រះ ។ លោកបានបញ្ចប់ដោយការបង្ហាញនូវកង្វល់ចំពោះភាពទុច្ចរិត និង ការបំផ្លិចបំផ្លាញ ដែលជិតនឹងកើតឡើងចំពោះពួកសាសន៍នីហ្វៃ ។ មរ៉ូណៃ 9មានសំបុត្រចុងក្រោយរបស់ មរមន ដែលបានសរសេរទៅកាន់កូនប្រុសរបស់លោក ។ លោកបានបង្ហាញអំពីទុក្ខព្រួយចំពោះស្ថានភាពទុច្ចរិតរបស់ពួកសាសន៍នីហ្វៃ ហើយបានទទូចដល់មរ៉ូណៃឲ្យធ្វើការដោយឧស្សាហ៍ព្យាយាម ដើម្បីជួយពួកសាសន៍នីហ្វៃឲ្យប្រែចិត្ត ។ ថ្វីបើមានភាពពុករលួយក្នុងចំណោមប្រជាជនលោក ក៏លោកបានលើកទឹកចិត្តកូនប្រុសលោក ឲ្យស្មោះត្រង់នឹងព្រះគ្រីស្ទ ហើយឲ្យការសន្យានៃជីវិតដ៏នៅអស់កល្ប ស្ថិតនៅក្នុងគំនិតលោកជានិច្ច ។
មរ៉ូណៃ 8:1–24
មរមន បានសរសេរទៅកាន់ មរ៉ូណៃ ជាកូនប្រុសលោក អំពីពួកអ្នកដែលត្រូវការពិធីបុណ្យជ្រមុជទឹក
តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីកូនក្មេងនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ មិនត្រូវបានជ្រមុជទឹក រហូតទាល់តែមានអាយុប្រាំបីឆ្នាំ ? នៅក្នុងសំបុត្រមួយដែលបានសរសេរទៅ មរ៉ូណៃ ជាកូនប្រុសលោក នោះ មរមន បានបង្រៀនពីសេចក្ដីពិតសំខាន់ៗមួយចំនួន អំពីសេចក្ដីសង្គ្រោះនៃកូនក្មេងតូចៗ និង ពិធីបុណ្យជ្រមុជទឹក រួមទាំងមូលហេតុដែលកូនក្មេងពុំ ត្រូវបានជ្រមុជទឹក រហូតទាល់តែពួកគេមានអាយុប្រាំបីឆ្នាំ ។ មរមន បានចាប់ផ្ដើមសំបុត្ររបស់លោកទៅកាន់មរ៉ូណៃ ដោយនិយាយអំពីការឈ្លោះប្រកែកគ្នា ( ការមិនចុះសំរុងគ្នា ) ដែលពួកសាសន៍នីហ្វៃកំពុងមាន ។ សូមអាន មរ៉ូណៃ 8:4–6 ហើយរកមើលគោលលទ្ធិ ដែលពួកសាសន៍នីហ្វៃបានឈ្លោះប្រកែកគ្នា ។ ( ពេលអ្នកអាន វាអាចជាប្រយោជន៍ក្នុងការដឹងថាពាក្យ ដ៏ធំ នៅក្នុងបរិបទនេះគឺមានន័យថា ធ្ងន់ធ្ងរក្រៃលែង ) ។
សូមអាន មរ៉ូណៃ 8:7 ហើយរកមើលអ្វីដែល មរមន បានធ្វើ នៅពេលលោកបានឮពីបញ្ហានេះ ។ ព្រះអង្គសង្គ្រោះ បានឆ្លើយតបការអធិស្ឋានរបស់ មរមន ដោយពន្យល់ពីមូលហេតុដែលពួកកូនក្មេងតូចៗ ពុំចាំបាច់ត្រូវការពិធីបុណ្យជ្រមុជទឹក មុនពេលដល់អាយុដែលអាចមានការទទួលខុសត្រូវ ។ សូមអាន មរ៉ូណៃ 8:8–9 ហើយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានមានបន្ទូល អំពីមូលហេតុដែលទារក និង កូនក្មេងតូចៗ ពុំត្រូវទទួលបុណ្យជ្រមុជទឹក ។
នៅក្នុង មរ៉ូណៃ 8:8 « ពាក្យបណ្ដាសាដល់លោកអ័ដាម » គឺសំដៅដល់ការបែកចេញរបស់អ័ដាមចេញពីវត្តមានរបស់ព្រះ ដែលមកពីការធ្លាក់នោះ ។ ជាក់ស្ដែង ពួកសាសន៍នីហ្វៃមួយចំនួន ពុំបានយល់ពីគោលលទ្ធិនៃពិធីបុណ្យជ្រមុជទឹកទេ ។ ហេតុដូច្នោះហើយ ពួកគេបានជឿទាំងខុសថា កូនក្មេងតូចៗ គឺពុំមានភាពសក្ដិសមនៅក្នុងវត្តមានរបស់ព្រះទេ បើពុំមានពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹកទេនោះ ហើយពួកគេចង់ជ្រមុជទឹកដល់ពួកកូនក្មេង ទាំងពេលពួកគេនៅជាទារក ។ ដើម្បីយល់ខនេះ វាជាប្រយោជន៍ក្នុងការកត់ចំណាំថា អំពើបាបគឺជា « ការមិនព្រមគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ព្រះដោយចេតនា » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « បាប » scriptures.lds.org ) ។ ដើម្បីយល់ពីគោលលទ្ធិនៅក្នុងខនេះឲ្យកាន់តែពេញលេញ នោះអ្នកអាចនឹងចង់ធ្វើសេចក្ដីយោងដល់ មរ៉ូណៃ 8:8 ជាមួយនឹងមាត្រានៃសេចក្ដីជំនឿខទីពីរ ។
សូមអាន មរ៉ូណៃ 8:10 ហើយរកមើលពាក្យទាំងឡាយ ដែលបំពេញដល់សេចក្ដីពិតតទៅនេះ ៖ ការប្រែចិត្ត និង ពិធីបុណ្យជ្រមុជទឹក គឺចាំបាច់ដល់អ្នកទាំងអស់ណាដែល ។
ដោយសារការប្រែចិត្ត និង ពិធីបុណ្យជ្រមុជទឹកចាំបាច់ដល់តែពួកអ្នកដែលមានការទទួលខុសត្រូវ និង មានលទ្ធភាពក្នុងការប្រព្រឹត្តអំពើបាបប៉ុណ្ណោះ នោះ មរមន បានបង្រៀនថា វាខុសក្នុងការធ្វើបុណ្យជ្រមុជទឹកកូនក្មេងតូចៗមុនពេលដែលពួកគេអាចមានការទទួលខុសត្រូវ ។ សូមអាន មរ៉ូណៃ 8:11–13, 18–22 ហើយរកមើលការពន្យល់របស់មរ៉ូណៃពីមូលហេតុ ដែលពិធីបុណ្យជ្រមុជទឹកដល់ពួកកូនក្មេងតូចៗ គឺខុស ។ ខទាំងនេះបង្រៀនគោលការណ៍នេះថា ៖ កូនក្មេងតូចៗ ត្រូវបានសង្គ្រោះ តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
ព្រះអម្ចាស់បានចាត់អាយុដែលចាប់ផ្ដើមមានការទទួលខុសត្រូវគឺនៅអាយុ—ប្រាំបីឆ្នាំ ( សូមមើល គ. និង ស. 68:25–27; ការបកប្រែដោយយ៉ូសែប ស្ម៊ីធ, លោកុប្បត្តិ 17:11 [ នៅក្នុង Bible appendix ] ) ។ មុនពេលកូនក្មេងឈានដល់អាយុប្រាំបីឆ្នាំ ពួកគេពុំអាចធ្វើបាបទេ ដោយសារសាតាំងពុំត្រូវបានផ្ដល់អំណាចឲ្យល្បួងពួកកូនក្មេងតូចៗទេ ( សូមមើល គ. និង ស. 29:46–47 ) ។ កំហុសណាក៏ដោយដែលកូនក្មេងធ្វើ មុនពេលអាយុប្រាំបីឆ្នាំ គឺមិនត្រូវបានរាប់ថាជាអំពើបាបនោះទេ ។
អែលឌើរ ដាល្លិន អេក. អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីមូលហេតុដែលពួកកូនក្មេងតូចៗពុំអាចប្រព្រឹត្តអំពើបាប ៖ « យើងយល់ចេញពីគោលលទ្ធិរបស់យើងថា មុនពេលអាយុនៃការទទួលខុសត្រូវ កុមារម្នាក់ ‹ ពុំអាចនឹងប្រព្រឹត្តអំពើបាបបានឡើយ › ( មរ៉ូណៃ 8:8 ) ។ អំឡុងពេលនោះ ក្មេងៗអាចប្រព្រឹត្តកំហុសនានា សូម្បីតែជាជាកំហុសដ៏ធ្ងន់ធ្ងរ និង ខូចខាតយ៉ាងខ្លាំង ដែលត្រូវតែកែតម្រូវ ប៉ុន្តែទង្វើរបស់ពួកគេមិនត្រូវបានចាត់ថាជាអំពើបាបនោះទេ » ( “Sins and Mistakes” Ensign ខែ តុលា ឆ្នាំ 1996 ទំព័រ 65 ) ។
ជាផ្នែកនៃសំបុត្ររបស់លោក មរមនបានថ្លែងទីបន្ទាល់ផងដែរថា កូនក្មេងតូចៗ « រស់នៅក្នុងព្រះគ្រីស្ទ » ហើយថាបើពួកគេស្លាប់មុនពេលពួកគេមានអាយុប្រាំបីឆ្នាំ នោះពួកគេត្រូវបានប្រោសលោះតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល មរ៉ូណៃ 8:12–15, 22 ) ។
ខណៈកំពុងពន្យល់ពីមូលហេតុដែលទារក និង ក្មេងតូចៗពុំត្រូវការពិធីបុណ្យជ្រមុជទឹក មរមនបានថ្លែងទីបន្ទាល់ពីគោលការណ៍នេះថា ៖ ព្រះគឺយុត្តិធម៌ឥតខ្ចោះ នៅក្នុងការដោះស្រាយរបស់ទ្រង់ជាមួយនឹងកូនចៅទ្រង់ ។ នេះមានន័យថា ព្រះនឹងធ្វើឲ្យប្រាកដថា គ្រប់គ្នាមានឱកាសមួយដ៏យុត្តិធម៌ និង ត្រឹមត្រូវ ដើម្បីទទួលបាននូវសេចក្ដីសង្គ្រោះ ។
-
សកម្មភាពតទៅនេះ អាចជួយអ្នករៀនពន្យល់អំពីគោលលទ្ធិទាំងឡាយ ដែលមានបង្រៀននៅក្នុងផ្នែកដំបូងនៃ មរ៉ូណៃ 8 ។ សូមជ្រើសរើសស្ថានភាពមួយ ( ឬ ទាំងពីរ ) នៃស្ថានភាពខាងក្រោមនេះ ហើយរកមើលខមួយ ឬ ពីរចេញមកពី មរ៉ូណៃ 8:8–24 ដាក់ចូលក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ដែលជួយឆ្លើយដល់កង្វល់របស់មនុស្សម្នាក់ នៅក្នុងស្ថានភាពដែលអ្នករើសនោះ ។ បន្ទាប់មក សរសេរកថាខណ្ឌមួយ ឬ ពីរ ជាការឆ្លើយតបដល់ស្ថានភាពនោះ ។ សូមប្រើខគម្ពីរទាំងឡាយនៅក្នុងការឆ្លើយតបរបស់អ្នក ។
-
ពេលធ្វើជាអ្នកផ្សព្វផ្សាយសាសនា អ្នកជួបបុរសម្នាក់ ដែលកំពុងព្យាយាមស្វែងរកសេចក្ដីពិតដោយស្មោះ ។ គាត់ពន្យល់ថា អស់ពេញមួយជីវិតគាត់ គាត់ត្រូវបានបង្រៀនថា កូនក្មេងតូចៗ គឺពោរពេញដោយអំពើបាប ពេលពួកគេកើតមក ដោយសារតែការរំលងរបស់លោកអ័ដាម ។ គាត់ប្រាកដថា ពេលទារកស្លាប់ទៅដោយពុំបានជ្រមុជទឹក នោះពួកគេពោរពេញដោយអំពើបាប និង មិនអាចបានសង្គ្រោះបានឡើយ ។
-
អ្នកប្រែចិត្តជឿថ្មីម្នាក់ យល់ស្របថា បុណ្យជ្រមុជទឹកសម្រាប់កូនក្មេងអាយុប្រាំបីឆ្នាំ គឺជាគំនិតល្អមួយ ប៉ុន្តែសួរថា « វាមិនជាបញ្ហាអ្វីទេ មែនទេ ប្រសិនបើមនុស្សទទួលបុណ្យជ្រមុជទឹក ពេលពួកគេមានអាយុប្រាំបីខែ ឬ ប្រាំបីឆ្នាំនោះ ?
-
មរ៉ូណៃ 8:25–30
មរមន បង្រៀនពីអ្វីដែលយើងត្រូវតែធ្វើ ដើម្បីរស់នៅជាមួយព្រះ
បន្ទាប់ពីបង្រៀនពីមូលហេតុដែលកូនក្មេងតូចៗ ពុំត្រូវការបុណ្យជ្រមុជទឹកហើយ មរមន បានបង្រៀនថា មនុស្សដែលបានឈានដល់អាយុនៃការទទួលខុសត្រូវ គឺត្រូវតែទទួលបុណ្យជ្រមុជទឹក ។ លោកក៏បានពន្យល់ផងដែរ អំពីអ្វីដែលយើងត្រូវតែធ្វើ បន្ទាប់ពីពិធីបុណ្យជ្រមុជទឹករបស់យើង ដើម្បីយើងអាចរស់នៅជាមួយព្រះ ។
សូមអាន មរ៉ូណៃ 8:25–26 ហើយរកមើលអ្វីដែលយើងត្រូវតែធ្វើ និង លក្ខណៈដែលយើងត្រូវអភិវឌ្ឍ ដើម្បីបានរស់នៅជាមួយព្រះ ។ អ្នកអាចនឹងចង់គូសចំណាំការណ៍ទាំងនេះនៅក្នុងព្រះគម្ពីររបស់អ្នក ។ វាអាចជាប្រយោជន៍ក្នុងការយល់ថា « ការស្លូតបូត » មានន័យថា ចុះចូលនឹងព្រះឆន្ទៈរបស់ព្រះ ហើយ « ចិត្តសុភាពរាបសា » មានន័យថា បន្ទាបខ្លួនដោយពិត ។
អ្នកអាចនឹងចង់សរសេរគោលការណ៍តទៅនេះ នៅក្នុងព្រះគម្ពីររបស់អ្នកនៅក្បែរ មរ៉ូណៃ 8:25–26 ៖ តាមរយៈការគោរពប្រតិបត្តិដ៏ស្មោះត្រង់ចំពោះព្រះបញ្ញត្តិទាំងឡាយ នោះយើងអាចទទួលព្រះវិញ្ញាណបរិសុទ្ធ ដែលរៀបចំយើងឲ្យរស់នៅជាមួយព្រះ ។
-
សំណួរតទៅនេះ នឹងជួយអ្នកឲ្យយល់កាន់តែច្បាស់ពី មរ៉ូណៃ 8:25–26 ។ សូមពិចារណាលើសំណួរទាំងអស់ បន្ទាប់មកជ្រើសរើសសំណួរពីរ ឬ ច្រើនជាងនោះ ដើម្បីឆ្លើយក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា ហេតុអ្វីការទទួលការផ្ដាប់បាបរបស់អ្នក អាចនាំទៅកាន់ ភាពស្លូតបូត និង ចិត្តសុភាពរាបសាដូច្នេះ ?
-
តើភាពស្លូតបូត និង ចិត្តសុភាពរាបសា អាចអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យចូលក្នុងជីវិតអ្នក ដោយរបៀបណាដែរ ?
-
តើការមានព្រះវិញ្ញាណបរិសុទ្ធ នឹងជួយអ្នករៀបចំខ្លួនដើម្បីរស់នៅជាមួយនឹងព្រះដោយរបៀបណា ?
-
មរមន បានបង្រៀនថា ប្រសិនបើយើងចង់មានភាពពោរពេញទៅដោយសេចក្ដីស្រឡាញ់ជាប់រហូត នោះយើងត្រូវតែអធិស្ឋានដោយឧស្សាហ៍ព្យាយាម ។ តើអ្នកគិតថា ហេតុអ្វីការអធិស្ឋានដោយឧស្សាហ៍ព្យាយាម គឺជាការចាំបាច់ ប្រសិនបើយើងចង់មានភាពពោរពេញទៅដោយសេចក្ដីស្រឡាញ់ ?
-
ដូចមានកត់ត្រានៅក្នុង មរ៉ូណៃ 8:27 មរមន បានថ្កោលទោសដល់អំពើបាបនៃការឆ្មើងឆ្មៃដែលមាននៅក្នុងចំណោមពួកសាសន៍នីហ្វៃ ។ សូមអាន មរ៉ូណៃ 8:27 ហើយរកមើលលទ្ធផលនៃការឆ្មើងឆ្មៃរបស់ពួកសាសន៍នីហ្វៃ ។ បន្ទាប់មក ប្រៀបធៀបលទ្ធផលនេះជាមួយនឹងលទ្ធផលនៃការស្លូតបូត និង ចិត្តសុភាពរាបសា ដែលមានក្នុង មរ៉ូណៃ 8:26 ។
មរមន បានលើកទឹកចិត្ត មរ៉ូណៃ ឲ្យអធិស្ឋានសម្រាប់ពួកសាសន៍នីហ្វៃ ដើម្បីពួកគេអាចនឹងប្រែចិត្ត និង ទទួលពរជ័យទាំងឡាយ ដែលលោកបានពិពណ៌នានៅក្នុងសំបុត្ររបស់លោក ( សូមមើល មរ៉ូណៃ 8:28–30 ) ។ តាមការប្រើប្រាស់ដំបូន្មានរបស់ មរមន ចំពោះកូនប្រុសលោក នោះសូមពិចារណាធ្វើការអធិស្ឋានសម្រាប់បុគ្គលទាំងឡាយដែលអ្នកស្គាល់ ដែលត្រូវការទទួលពរជ័យនៃដំណឹងល្អ ហើយព្យាយាមស្វែងរកវិធីនានា ដើម្បីជួយដល់បុគ្គលទាំងនោះ ។
មរ៉ូណៃ 9:1–20
មរមន ពិពណ៌នាអំពីភាពទុច្ចរិតរបស់ពួកសាសន៍នីហ្វៃ និង ពួកសាសន៍លេមិន
សូមរំឭកឡើងវិញពីពេលមួយ ដែលអ្នកបានព្យាយាមជួយមនុស្សម្នាក់ ហើយមនុស្សនោះបានបដិសេធការខិតខំប្រឹងប្រែងរបស់អ្នក ។ តើមនុស្សមួយចំនួន អាចនឹងឆ្លើយតបដោយរបៀបណា ពេលដែលបំណងល្អរបស់គេ ត្រូវបានបដិសេធម្ដងហើយម្ដងទៀត ពីមនុស្សទាំងឡាយដែលពួកគេព្យាយាមជួយនោះ ? ពេលអ្នកសិក្សាសំបុត្រទីពីររបស់ មរមន ដែលសរសេរទៅមរ៉ូណៃជាកូនប្រុសលោក ដែលមាននៅក្នុង មរ៉ូណៃ 9 សូមរកមើលអ្វីដែល មរមន បានមានប្រសាសន៍ ដើម្បីលើកទឹកចិត្តដល់កូនប្រុសលោកថា កុំឲ្យបោះបង់ចោលពួកសាសន៍នីហ្វៃ ។
សូមអាន មរ៉ូណៃ 9:1 ហើយរកមើលពាក្យដែលមរមនបានប្រើក្នុងការពិពណ៌នាអំពីស្ថានភាព ដែលលោកនឹងពិភាក្សានៅក្នុងសំបុត្ររបស់លោក ។ សូមកត់ចំណាំថាពាក្យ ប្រកបទៅដោយក្ដីទុក្ខព្រួយ នៅក្នុងបរិបទនេះគឺមានន័យថា រំខានចិត្តជាខ្លាំងក្រៃលែង ។ ដូចមានកត់ត្រានៅក្នុង មរ៉ូណៃ 9:2–19 មរមន បានពិពណ៌នាអំពីការណ៍ដែលរំខានចិត្តមួយចំនួន ដែលកើតឡើងក្នុងចំណោមប្រជាជន ដោយបង្ហាញថា ប្រជាជនបានក្លាយជាទុច្ចរិតយ៉ាងណាខ្លះ ។ ដូចជា អេធើរ ដែលជាព្យាការីម្នាក់ក្នុងចំណោមពួកសាសន៍យ៉ារេឌដែរ មរមន បានឃើញនូវកំហឹង និង ភាពទុច្ចរិត ដែលឈ្នះលើចិត្តរបស់ប្រជាជនលោក ។ លោកភ័យខ្លាចថា ព្រះវិញ្ញាណនៃព្រះអម្ចាស់ ឈប់តស៊ូជាមួយពួកគេ ( សូមមើល មរ៉ូណៃ 9:4 ) ។
សូមសញ្ជឹងគិតពីមូលហេតុដែល មរមន បន្តធ្វើកិច្ចការក្នុងចំណោមពួកសាសន៍នីហ្វៃ សូម្បីតែពួកគេបានពង្រឹងចិត្តគេចំពោះព្រះបន្ទូលនៃព្រះ ហើយបានបដិសេធការខំប្រឹងប្រែងរបស់ព្យាការីក្នុងការជួយដល់ពួកគេក៏ដោយ ។
មរមន បានផ្ដល់ដំបូន្មានដ៏មានឥទ្ធិពលមួយចំនួនដល់មរ៉ូណៃ អំពីរបៀបដែលលោកគួរបម្រើដល់ប្រជាជនដែលមិនបានបើកដួងចិត្តរបស់គេ ។ សូមអាន មរ៉ូណៃ 9:3–6 ហើយគូសចំណាំពាក្យ ឬ ឃ្លាទាំងឡាយដែលបង្រៀនពីគោលការណ៍នេះ ៖ យើងត្រូវធ្វើការដោយឧស្សាហ៍ព្យាយាមនៅក្នុងកិច្ចការនៃព្រះ សូម្បីតែពួកអ្នកដែលយើងបម្រើនោះពុំឆ្លើយតបដោយវិជ្ជមានក៏ដោយ ។ ខ 6 គឺមានប្រយោជន៍ជាពិសេសក្នុងការបង្រៀនគោលការណ៍នេះ ។
មរ៉ូណៃ 9:21–26
មរមន លើកទឹកចិត្តឲ្យ មរ៉ូណៃ ស្មោះត្រង់
សូមគិតអំពីហេតុការណ៍បច្ចុប្បន្នទាំងឡាយនៅក្នុងសហគមន៍ ប្រជាជាតិរបស់អ្នក ឬ ក្នុងពិភពលោក ដែលមនុស្សអាចនឹងមានអារម្មណ៍បាក់ទឹកចិត្ត ។ សូមអាន មរ៉ូណៃ 9:25–26 ដើម្បីរកមើលដំបូន្មានដែល មរមន បានផ្ដល់ទៅដល់មរ៉ូណៃ អំពីអ្វីដែលត្រូវធ្វើ នៅក្នុងកាលៈទេសៈទាំងឡាយដែលបាក់ទឹកចិត្ត ។
-
សូមឆ្លើយសំណួរតទៅនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើមរមន បានប្រាប់អ្វីខ្លះ ដល់មរ៉ូណៃដែលគាត់គួរតែ « ស្ថិតនៅក្នុងគំនិតរបស់កូនជារៀងរហូត » ? ( មរ៉ូណៃ 9:25 ) ។ តើការចងចាំព្រះអង្គសង្គ្រោះ និង ដង្វាយធួនរបស់ទ្រង់ អាចជួយអ្នកបានដោយរបៀបណា ពេលដែលអ្នកស្ថិតនៅក្នុងការលំបាក ឬ ត្រូវបានហ៊ុំព័ទ្ធដោយភាពទុច្ចរិត ?
ចេញមកពីដំបូន្មានរបស់មរមនចំពោះមរ៉ូណៃ នោះយើងអាចរៀនពីគោលការណ៍នេះថា ៖ បើយើងស្មោះត្រង់ចំពោះព្រះគ្រីស្ទ នោះទ្រង់អាចលើកយើងឡើង សូម្បីតែក្នុងគ្រាដ៏លំបាក និង ភាពទុច្ចរិតហ៊ុំព័ទ្ធយើងក៏ដោយ ។ ការ « ស្មោះត្រង់ចំពោះព្រះគ្រីស្ទ » អាចមានន័យថា ការពុះពារព្យាយាមនៅគ្រប់ពេលទាំងអស់ ដើម្បីធ្វើជាសិស្សដ៏ពិតម្នាក់របស់ព្រះអង្គសង្គ្រោះ ចងចាំព្រះអង្គសង្គ្រោះ និង ដង្វាយធួនរបស់ទ្រង់ និង រក្សាព្រះបញ្ញត្តិរបស់ទ្រង់ដោយស្មោះត្រង់ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរអំពីបទពិសោធន៍មួយនៅក្នុងជីវិតរបស់អ្នក ឬ នៅក្នុងជីវិតនរណាម្នាក់ដែលជិតដិតនឹងអ្នក ដែលបង្ហាញថាគោលការណ៍មុននេះគឺពិត ។
សូមគិតអំពីរបៀបមួយដែលអ្នកអាចកាន់តែមានភាពស្មោះត្រង់ចំពោះព្រះគ្រីស្ទ នៅពេលដែលអ្នកត្រូវបានហ៊ុំព័ទ្ធដោយភាពទុច្ចរិត ឬ កាលៈទេសៈដ៏លំបាកនានា ។
-
សូមសរសេរចំណុចដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា មរ៉ូណៃ 8–9 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖