មេរៀនទី 29 ៖ ថ្ងៃទី 4
អេធើរ 3
សេចក្តីផ្ដើម
ព្រះអម្ចាស់បានសួរបងរបស់យ៉ារេឌថា « តើអ្នកចង់ឲ្យយើងធ្វើអ្វី ដើម្បីឲ្យអ្នកមានពន្លឺនៅក្នុងភេត្រាទាំងឡាយរបស់អ្នក ? » ( អេធើរ 2:23 ) ។ នៅក្នុងការឆ្លើយតបវិញ បងរបស់យ៉ារេឌបានរៀបចំក្រួស 16 ដុំ ដោយប្រុងប្រយ័ត្ន ហើយបានអធិស្ឋានដោយរាបទាបថា ព្រះអម្ចាស់នឹងពាល់វា « ឲ្យវាអាចបានភ្លឺចែងចាំងក្នុងទីងងឹត » ( អេធើរ 3:4 ) ។ ដោយសារសេចក្ដីជំនឿដ៏ធំធេងនៃបងរបស់យ៉ារេឌ នោះលោកបានឃើញព្រះអង្គុលីរបស់ព្រះអង្គសង្គ្រោះ ពេលដែលព្រះអង្គសង្គ្រោះបានពាល់ក្រួសទាំងនោះ ។ បន្ទាប់មក ព្រះអម្ចាស់បានបង្ហាញអង្គទ្រង់ដល់បងរបស់យ៉ារេឌ ហើយបានបញ្ជាលោកឲ្យសរសេរនូវអ្វីដែលលោកបានឃើញ និង ឮ ។
អេធើរ 3:1–20
ព្រះអម្ចាស់ពាល់ក្រួស ដើម្បីផ្ដល់ពន្លឺដល់ភេត្រារបស់សាសន៍យ៉ារេឌ ហើយទ្រង់បង្ហាញព្រះអង្គទ្រង់ដល់បងរបស់យ៉ារេឌ
ជាឧទាហរណ៍ តើមានអ្វីខ្លះដែលអ្នក ឬ មនុស្សវ័យក្មេងផ្សេងទៀត អធិស្ឋានសុំដោយស្មោះអស់ពីចិត្ត ? ជ្រើសរើសចំណុចមួយចេញពីចំណុចទាំងនេះ ហើយសរសេរវានៅទីនេះ ៖
ពេលអ្នកសិក្សាពីគំរូនៃបងរបស់យ៉ារេឌ នៅក្នុង អេធើរ 3 សូមរកមើលការយល់ដឹងជ្រាលជ្រៅ ដែលនឹងជួយអ្នក ឬ មិត្តម្នាក់ឲ្យទទួលជំនួយពីព្រះអម្ចាស់ ។
ចូរគិតអំពីការអធិស្ឋាននៃបងរបស់យ៉ារេឌចំពោះព្រះអម្ចាស់ អំពីការផ្ដល់ពន្លឺដល់ភេត្រា និង ពីចម្លើយរបស់ព្រះអម្ចាស់ចំពោះលោក ។ សូមរំឭក អេធើរ 2:22–3:1 ។ បន្ទាប់មក សរសេរចំណងជើងពិពណ៌នាសម្រាប់រូបនីមួយៗខាងក្រោមនេះ ដែលពិពណ៌នាពីអ្វីដែលបងរបស់យ៉ារេឌបានធ្វើ ដែលជាផ្នែករបស់លោក ដើម្បីដោះស្រាយបញ្ហានៃការអត់មានពន្លឺ ។
-
សូមសរសរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីអ្វីដែលធ្វើឲ្យអ្នកស្ងើចសរសើរ អំពីការប្រឹងប្រែងរបស់បងរបស់យ៉ារេឌ ក្នុងការដោះស្រាយបញ្ហានៃពន្លឺនៅក្នុងភេត្រា ។ ទោះបីបងរបស់យ៉ារេឌបានប្រឹងប្រែងយ៉ាងខ្លាំងក៏ពិតមែន តែសូមពិចារណា ថាតើក្រួសដែលអាចរលាយរបស់លោក អាចមានប្រសិទ្ធភាពប៉ុណ្ណាក្នុងការផ្ដល់ពន្លឺ បើអត់មានជំនួយពីព្រះអម្ចាស់នោះ ។
សូមអាន អេធើរ 3:2–5 ហើយធ្វើដូចខាងក្រោមនេះ ៖
-
កំណត់ ឬ គូសចំណាំឃ្លាទាំងឡាយ ដែលបង្ហាញថា បងរបស់យ៉ារេឌបានបន្ទាបខ្លួន និង ទទួលស្គាល់ពីការពឹងផ្អែករបស់លោកទៅលើព្រះ ។ វាអាចជាប្រយោជន៍ក្នុងការដឹងថា ឃ្លា « ធម្មជាតិនៃយើងខ្ញុំបានក្លាយទៅជាអាក្រក់ជានិច្ច » គឺសំដៅដល់ស្ថានភាពដ៏ពោរពេញដោយអំពើបាបរបស់យើងនៅលើផែនដី ។ ដោយសារតែការធ្លាក់របស់អ័ដាម នោះយើងត្រូវបានបែកចេញពីព្រះខាងរូបកាយ ។ យើងក៏រងនូវអំពើបាបផងដែរ ។ បើគ្មានជំនួយដ៏ទេវភាពទេ នោះយើងមិនអាចត្រឡប់ទៅកាន់វត្តមានរបស់ព្រះវិញឡើយ ។
-
ចូររកមើលពីអ្វីដែលបងរបស់យ៉ារេឌបានទូលសុំដល់ព្រះអម្ចាស់ឲ្យធ្វើ ។
-
ចូររកមើល ឬ គូសចំណាំពីអ្វីដែលបងរបស់យ៉ារេឌបានថ្លែងទីបន្ទាល់ ថាលោកបានដឹងអំពីព្រះ ។
-
សូមឆ្លើយសំណួរទាំងឡាយខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើមានភស្ដុតាងអ្វីខ្លះ ដែលអ្នកអាចរកឃើញនៅក្នុង អេធើរ 3:1–5 ដែលថា បងរបស់យ៉ារេឌមានសេចក្ដីជំនឿថា ព្រះអម្ចាស់អាចជួយលោកដោះស្រាយបញ្ហារបស់លោកបាន ?
-
តើគំរូរបស់លោកអាចជួយអ្នក ឲ្យដឹងពីការពឹងផ្អែករបស់អ្នកលើព្រះអម្ចាស់ ពេលអ្នកសុំជំនួយពីទ្រង់ យ៉ាងដូចម្ដេចដែរ ?
-
សូមអានសេចក្ដីថ្លែងការណ៍តទៅនេះមកពី អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលសង្កត់ធ្ងន់លើសេចក្ដីជំនឿនៃបងរបស់យ៉ារេឌ ៖ « ពិតណាស់ ព្រះ ក៏ដូចជាអ្នកអានផងដែរ មានអារម្មណ៍ថា មានអ្វីមួយដែលលេចធ្លោនៅក្នុងភាពឥតទោសដូចជាកូនក្មេង និង នៅក្នុងសេចក្ដីក្លៀវក្លានៃសេចក្ដីជំនឿរបស់បុរសនេះ ។ ‹ មើលចុះ ព្រះអម្ចាស់អើយ ទ្រង់អាចធ្វើការនេះ › [ អេធើរ 3:5 ] ។ ប្រហែលជាគ្មានសេចក្ដីជំនឿណាដែលពោរពេញដោយអំណាច ដែលត្រូវបាននិយាយដោយមនុស្សណាទៀតនៅក្នុងព្រះគម្ពីរនោះទេ ។ … ទោះជាមានភាពមិនច្បាស់លាស់យ៉ាងណា ចំពោះសមត្ថភាពរបស់ខ្លួនលោកផ្ទាល់ក៏ដោយ ក៏លោកគ្មានការសង្ស័យសោះឡើយចំពោះអំណាចរបស់ព្រះ » ( «Rending the Veil of Unbelief» នៅក្នុង Nurturing Faith through the Book of Mormon: The 24th Annual Sidney B. Sperry Symposium [1995] ទំព័រ 12 ) ។
សូមអាន អេធើរ 3:6 ហើយស្រម៉ៃថា វាអាចជាយ៉ាងណា ក្នុងការស្ថិតនៅក្នុងស្ថានភាពដែលបានពិពណ៌នានៅក្នុងខនេះ ។
សូមអាន អេធើរ 3:9 រកមើលពីមូលហេតុដែលព្រះអម្ចាស់មានព្រះទ័យនឹងប៉ះក្រួស និង មូលហេតុដែលបងរបស់យ៉ារេឌ អាចឃើញព្រះអង្គុលីរបស់ព្រះអម្ចាស់ ។
សូមបញ្ចប់សេចក្ដីថ្លែងពីគោលការណ៍តទៅនេះ ដោយយោងទៅលើអ្វីដែលអ្នកបានរៀនមកដល់ត្រឹមនេះ នៅក្នុង អេធើរ 3 ៖ ពេលយើងអំពាវនាវដោយរាបទាបដល់ព្រះអម្ចាស់ នោះទ្រង់នឹងឆ្លើយតបដល់យើងទៅតាមឆន្ទៈ របស់យើង និង តាមព្រះហឫទ័យរបស់ទ្រង់ ។
-
សូមឆ្លើយសំណួរមួយ ឬ ទាំងពីរខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមមើលអ្វីដែលអ្នកបានសរសេរនៅខាងដើមមេរៀននេះ អំពីអ្វីដែលអ្នក ឬ មនុស្សវ័យក្មេងផ្សេងទៀតអធិស្ឋានសុំ ។ តើមនុស្សម្នាក់អាចបង្ហាញសេចក្ដីជំនឿលើព្រះអម្ចាស់ ពេលគាត់ស្វែងរកជំនួយ និង ការដឹកនាំរបស់ទ្រង់នៅក្នុងស្ថានភាពនោះដោយរបៀបណា ?
-
តើអ្នកបានមានបទពិសោធន៍អ្វី នៅក្នុងជីវិតអ្នក ដែលនាំអ្នកឲ្យស្គាល់ពីភាពពេញលេញនៃសេចក្ដីពិតនៃគោលការណ៍ដែលថា ពេលយើងអំពាវនាវដោយរាបទាបដល់ព្រះអម្ចាស់ នោះទ្រង់នឹងឆ្លើយតបដល់យើង ទៅតាមសេចក្ដីជំនឿរបស់យើង និង តាមព្រះហឫទ័យរបស់ទ្រង់ ?
-
សូមយកពេលមួយស្របក់ធ្វើការវាយតម្លៃដោយស្ងៀមស្ងាត់ ថាតើអ្នកទុកចិត្តលើព្រះអម្ចាស់ប៉ុណ្ណា ។ សូមអាន អេធើរ 3:9–12 ហើយរកមើល និង គូសចំណាំភស្ដុតាងនៃសេចក្ដីជំនឿដែលបងរបស់យ៉ារេឌមានលើព្រះអម្ចាស់ ។
សូមរំឭក អេធើរ 3:11 ហើយគិតថា តើអ្នកមានសេចក្ដីជំនឿគ្រប់គ្រាន់ ឬ អត់ ទៅលើព្រះអម្ចាស់ ដើម្បីតាំងចិត្តជឿ និង ធ្វើតាមអ្វីដែលទ្រង់នឹងបើកសម្ដែងដល់អ្នក ពីមុនពេលដែលទ្រង់បើកសម្ដែងពីវានោះ ។
សូមអានសេចក្ដីថ្លែងការណ៍តទៅនេះពី អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន ហើយគូសបន្ទាត់ពីក្រោមអ្វីដែលអ្នកត្រូវតែធ្វើ ដើម្បីអនុវត្តសេចក្ដីជំនឿ ដូចជាបងរបស់យ៉ារេឌ ៖ « សេចក្ដីជំនឿដែលរៀបចំជាស្រេច ត្រូវបានបង្កើតឡើងដោយការអនុវត្តន៍ជាមុន—ដោយពួកអ្នកដឹង ដែលផ្ដល់នូវគ្រឹះមួយសម្រាប់ការជឿ ។ ប៉ុន្តែសេចក្ដីជំនឿនៃការប្រោសលោះ ជាញឹកញាប់ ចាំបាច់ត្រូវបានអនុវត្តឆ្ពោះទៅកាន់បទពិសោធន៍ទាំងឡាយក្នុងពេលអនាគត—ដោយអ្នកមិនដឹង ដែលផ្ដល់ឱកាសឲ្យអព្ភូតហេតុកើតឡើង ។ … សេចក្ដីជំនឿបែបនោះ នៃបងរបស់យ៉ារេឌ កើតឡើងពីមុនអព្ភូតហេតុ និង ការចេះដឹង ។ លោកត្រូវតែជឿ ពីមុនពេលដែលព្រះបានមានបន្ទូល ។ លោកត្រូវតែប្រព្រឹត្ត ពីមុនពេលដែលឃើញច្បាស់ថាមានសមត្ថភាពក្នុងការបំពេញកិច្ចការនោះ ។ លោកត្រូវតែតាំងចិត្តចំពោះបទពិសោធន៍នោះទាំងស្រុងជាមុន សូម្បីតែពីមុនពេលដែលលោកដឹងថាវាជាអ្វីទៅទៀត ។ សេចក្ដីជំនឿ គឺត្រូវយល់ស្របដោយគ្មានលក្ខខណ្ឌ—និង ធ្វើឡើងជាមុន—ចំពោះលក្ខខណ្ឌណាក៏ដោយ ដែលព្រះតម្រូវឲ្យធ្វើ ទាំងក្នុងពេលឆាប់ៗ និង អនាគត » ( Christ and the New Covenant: The Messianic Message of the Book of Mormon [1997] ទំព័រ 18–19 ) ។
សូមគិតអំពីបទពិសោធន៍ទាំងឡាយនៃបងរបស់យ៉ារេឌ ដោយចាប់ផ្ដើមពីនៅប៉មនៃក្រុងបាបិល ។ តើបទពិសោធន៍អ្វីខ្លះ ដែលបានជួយបង្កើនសេចក្ដីជំនឿរបស់លោកទៅលើព្រះអម្ចាស់ ? តើអ្នកគិតថា បទពិសោធន៍ទាំងនេះបានរៀបចំលោកឲ្យអនុវត្ត « សេចក្ដីជំនឿដ៏លើសលប់ » ( អេធើរ 3:9 ) យ៉ាងដូចម្ដេចដែរ នៅពេលនោះ ?
-
សូមឆ្លើយសំណួរទាំងឡាយខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្វីជាបទពិសោធន៍មួយនៅក្នុងជីវិតអ្នក ដែលបានបង្កើនសេចក្ដីជំនឿរបស់អ្នកលើព្រះអម្ចាស់ ?
-
តើបទពិសោធន៍នោះ បានរៀបចំអ្នកឲ្យអនុវត្តសេចក្ដីជំនឿកាន់តែធំធេង នៅក្នុងពេលអនាគត យ៉ាងដូចម្ដេចដែរ ?
-
សូមអាន អេធើរ 3:13–20 ហើយរកមើលពរជ័យដែលបងរបស់យ៉ារេឌបានទទួល ដោយសារសេចក្ដីជំនឿរបស់លោក ។ តើបងរបស់យ៉ារេឌបានរៀនអ្វី អំពីព្រះអង្គសង្គ្រោះ ចេញពីបទពិសោធន៍ដ៏អស្ចារ្យនេះ ? គោលការណ៍ដ៏សំខាន់មួយទៀត ដែលអ្នកអាចរៀនចេញពី អេធើរ 3 គឺ ៖ ពេលយើងអនុវត្តសេចក្ដីជំនឿលើព្រះអម្ចាស់ នោះយើងនឹងលូតលាស់ទៅកាន់តែជិតទ្រង់ ។ អ្នកអាចនឹងចង់សរសេរគោលការណ៍នេះនៅក្នុងព្រះគម្ពីររបស់អ្នកនៅក្បែរ អេធើរ 3:11–20 ។
អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន បានបញ្ចេញគំនិតទៅលើ អេធើរ 3:15–16 និង ការភាន់ច្រឡំដែលអាចកើតមាន មកពីបទពិសោធន៍នោះថា ៖
« បញ្ហា [ មួយ ] ដែលតម្រូវឲ្យមានការបញ្ចេញគំនិតបន្ថែមជាសង្ខេប គឺមកពីការប្រកាសរបស់ព្រះអម្ចាស់ដែលថា ‹ ពុំដែលមនុស្សឯណាមកចំពោះយើង ហើយមានសេចក្ដីជំនឿដ៏លើសលប់ដូចអ្នកសោះ ដ្បិតបើពុំមែនដូច្នោះទេ នោះអ្នកពុំអាចមើលឃើញម្រាមដៃរបស់យើងបានឡើយ › ។ ហើយក្រោយមក ‹ យើងមិនដែលបង្ហាញរូបយើងដល់មនុស្សដែលយើងបានបង្កើតឡើងទេ ដ្បិតមិនដែលមានមនុស្សណាជឿដល់យើង ដូចជាអ្នកជឿឡើយ › ។ [ អេធើរ 3:9, 15 ] ។
« អ្វីដែលអាចនាំឲ្យមានការភាន់ច្រឡំនៅទីនេះ គឺមានឡើងដោយការដឹងថា ព្យាការីសំខាន់ៗជាច្រើន ( និង ប្រហែលជាទាំងអស់ ) ដែលរស់នៅពីមុនបងរបស់យ៉ារេឌ គឺបានឃើញព្រះ ។ អញ្ចឹង តើយើងទទួលខុសត្រូវចំពោះការប្រកាសរបស់ព្រះអម្ចាស់ដោយរបៀបណា ? …
« បញ្ហានេះត្រូវបានលើកយកមកពិភាក្សាជាច្រើនដោយពួកអ្នកនិពន្ធបរិសុទ្ធថ្ងៃចុងក្រោយ ហើយមាននូវការពន្យល់មួយចំនួនដែលប្រហែលជាអាចទទួលយកបាន ការពន្យល់ណាមួយក៏ដោយ—ឬ ទាំងអស់—នៃការពន្យល់ទាំងនេះ អាចជួយពន្យល់ពីសេចក្ដីពិតនៃវគ្គនេះបានកាន់តែទូលំទូលាយ ។ ទោះយ៉ាងណាក៏ដោយ បើគ្មានវិវរណៈបន្ថែម ឬ ការអធិប្បាយលើបញ្ហានេះទេ នោះការសន្មត់ណាក៏ដោយ គឺគ្រាន់តែបានប៉ុណ្ណឹង បើដូចនោះគឺមិនគ្រប់គ្រាន់ និង មិនពេញលេញទេ ។ …
« មនុស្សខ្លះជឿថា ព្រះអម្ចាស់មានន័យថា ទ្រង់មិនដែលបង្ហាញអង្គទ្រង់ដល់មនុស្សណានៅក្នុងកម្រិតនោះទេ ពីមុនមក ។ ទ្រឹស្ដីនេះប្រាប់ថា ការលេចចេញមកដ៏ទេវភាពទាំងឡាយ ដល់ពួកព្យាការីពីមុន គឺពុំមាន ‹ ភាពពេញលេញ › ដូចគ្នានេះទេ ថាពុំដែលមានពីមុនមកទេ ដែលវាំងននត្រូវបានលើកឡើង ដើម្បីផ្ដល់ឲ្យនូវវិវរណៈដ៏ពេញលេញបែបនេះ អំពីលក្ខណៈ និង តួអង្គរបស់ព្រះគ្រីស្ទនោះ ។ …
« ការពន្យល់ចុងក្រោយមួយ—ហើយក្នុងករណីសេចក្ដីជំនឿរបស់បងរបស់យ៉ារេឌ ដែលជារឿងមួយដ៏អន្ទងបំផុតនោះ—គឺថា ព្រះគ្រីស្ទបានមានបន្ទូលទៅកាន់បងរបស់យ៉ារេឌថា ‹ យើងមិនដែលបង្ហាញរូបយើងដល់មនុស្ស នៅក្នុងលក្ខណៈនេះ គឺត្រូវបានទាញមកទាំងស្រុង ដោយសេចក្ដីជំនឿរបស់អ្នកឃើញ ដោយមិនមែនឆន្ទៈរបស់យើងទេ › ។ ដូចជាច្បាប់មួយ ពួកព្យាការីត្រូវបានអញ្ជើញឲ្យចូលក្នុងវត្តមានរបស់ព្រះអម្ចាស់ ត្រូវបានបង្គាប់ឲ្យចូលទៅក្នុងវត្តមានរបស់ទ្រង់ដោយទ្រង់ផ្ទាល់ និង មានតែដោយការអនុញ្ញាតរបស់ទ្រង់ប៉ុណ្ណោះ ។ តែបងរបស់យ៉ារេឌហាក់ដូចជាមាននូវការរុញច្រានខ្លួនលោកឲ្យឆ្លងកាត់វាំងនន មិនមែនជាភ្ញៀវដែលមិនត្រូវបានស្វាគមន៍នោះទេ ប៉ុន្តែ តាមន័យពិត គឺប្រហែលជាភ្ញៀវដែលមិនបានអញ្ជើញ ។ ព្រះយេហូវ៉ាមានមានបន្ទូលថា ‹ ពុំដែលមនុស្សឯណាមកចំពោះយើង ហើយមានសេចក្ដីជំនឿដ៏លើសលប់ដូចអ្នកសោះ ត្បិតបើពុំមែនដូច្នោះទេ នោះអ្នកពុំអាចមើលឃើញម្រាមដៃរបស់យើងបានឡើយ ។ … មិនដែលមានមនុស្សណាជឿដល់យើង ដូចជាអ្នកជឿឡើយ › ។ ជាក់ស្ដែង ព្រះអម្ចាស់ទ្រង់ផ្ទាល់ បានភ្ជាប់ទំនាក់ទំនងនៃសេចក្ដីជំនឿដែលមិនធ្លាប់មានពីមុនមក ទៅនឹងការនិមិត្តដែលមិនធ្លាប់មានពីមុនមកនេះ ។ ប្រសិនបើការនិមិត្តនេះពុំពិសេសខុសគេទេ នោះវាត្រូវតែជាសេចក្ដីជំនឿ និង របៀបដែលការនិមិត្តនោះត្រូវបានទទួល ដែលគ្មានអ្វីអាចប្រៀបធៀបបាន ។ របៀបតែមួយគត់ ដែលសេចក្ដីជំនឿអាចជាសេចក្ដីជំនឿដ៏អស្ចារ្យយ៉ាងនេះ គឺសមត្ថភាពរបស់វាក្នុងការនាំព្យាការី ដោយមិនបានអញ្ជើញ ទៅដល់កន្លែងដែលអ្នកផ្សេងទៀតអាចទៅដល់ មានតែដោយការបង្គាប់របស់ព្រះតែប៉ុណ្ណោះនោះ » ( Christ and the New Covenant ទំព័រ 20–23 ) ។
អេធើរ 3:21–28
ព្រះអម្ចាស់បញ្ជាបងរបស់យ៉ារេឌ ឲ្យសរសេរអ្វីៗដែលលោកបានឃើញ និង ឲ្យបិទភ្ជាប់បញ្ជីរបស់លោកទុក
សូមអាន អេធើរ 3:25–26 ហើយរកមើលអ្វីផ្សេងទៀត ដែលព្រះអម្ចាស់បានបង្ហាញដល់បងរបស់យ៉ារេឌ ។ ដូចមានកត់ត្រានៅក្នុង អេធើរ 3:21–24, 27–28 ព្រះអម្ចាស់បានបញ្ជាបងរបស់យ៉ារេឌ ឲ្យសរសេរការណ៍ទាំងឡាយដែលត្រូវបានបង្ហាញដល់លោកក្នុងការនិមិត្ត ហើយឲ្យបិទភ្ជាប់វាទុក ។ ព្រះអម្ចាស់ក៏បានពន្យល់ផងដែរថា ទ្រង់នឹងរៀបចំមធ្យោបាយមួយ ដើម្បីឲ្យការសរសេររបស់បងរបស់យ៉ារេឌ ត្រូវបានបកប្រែនៅក្នុងពេលអនាគត ។ របៀបមួយដែលការព្យាករណ៍នេះត្រូវបានបំពេញ គឺពេលដែលព្យាការី យ៉ូសែប ស្ម៊ីធ បានបកប្រែគម្ពីរអេធើរចេញពីផ្ទាំងមាស ជាផ្នែកមួយនៃព្រះគម្ពីរមរមន ហើយបានធ្វើឲ្យបញ្ជីរបស់ពួកសាសន៍យ៉ារេឌមានដល់ប្រជាជនទាំងអស់ដើម្បីអាន ។
សូមសញ្ជឹងគិត ថាតើអ្នកអាចអនុវត្តអ្វីដែលអ្នកបានរៀននៅថ្ងៃនេះដោយរបៀបណា និង អ្វីដែលអ្នកអាចធ្វើ ដើម្បីបង្ហាញសេចក្ដីជំនឿរបស់អ្នកទៅលើព្រះអម្ចាស់ ។ ពេលអ្នកអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ព្រះនឹងចាក់ព្រះពរមកលើអ្នក ដូចដែលទ្រង់បានធ្វើដល់បងរបស់យ៉ារេឌដែរ ។
-
សូមសរសេរចំណុចដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អេធើរ 3 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖