មេរៀនទី 9 ៖ ថ្ងៃទី 3
យ៉ាកុប 1–2
សេចក្តីផ្ដើម
បន្ទាប់ពីនីហ្វៃស្លាប់ ពួកសាសន៍នីហ្វៃបានចាប់ផ្តើម « បណ្តោយខ្លួនឲ្យប្រព្រឹត្តអំពើទុច្ចរិត » ក្រោមការគ្រងរាជ្យរបស់ស្តេចថ្មី ( យ៉ាកុប 1:15 ) ។ប្អូនប្រុសពីរនាក់របស់នីហ្វៃ គឺយ៉ាកុប និង យ៉ូសែប ត្រូវបានតែងតាំងដោយនីហ្វៃឲ្យធ្វើជាសង្ឃ និង ជាគ្រូសម្រាប់ប្រជាជននេះ ហើយពួកគេបានធ្វើការដោយឧស្សាហ៍ដើម្បីបញ្ចុះបញ្ចូលប្រជាជននេះឲ្យប្រែចិត្ត ហើយមករកព្រះគ្រីស្ទ ។យ៉ូសែបបានគោរពតាមការបញ្ជារបស់លោកនីហ្វៃដែលឲ្យសរសេរទុកនូវការបង្រៀន វិវរណៈ និងការព្យាករណ៍ដ៏ពិសិដ្ឋទាំងឡាយនៅលើផ្ទាំងតូច ។ដោយមានជំហរពិតចំពោះការផ្តល់ឲ្យនូវទំនួលខុសត្រូវដ៏ទេវភាពរបស់លោក នោះយ៉ាកុបបានអំពាវនាវឲ្យប្រជាជនរបស់លោកប្រែចិត្ត ព្រមានពួកគេពីអំពើបាបនៃភាពឆ្មើងឆ្មៃ ការស្រលាញ់ទ្រព្យសម្បត្តិ និង ភាពអសីលធម៌ខាងផ្លូវភេទ ។លោកបានបង្រៀនអំពីគ្រោះថ្នាក់នានា និង លទ្ធផលទាំងឡាយនៃអំពើបាបទាំងបីប្រភេទនេះ ។
យ៉ាកុប 1:1–2:11
យ៉ាកុបបានព្រមានប្រជាជនពីអំពើទុច្ចរិតរបស់ពួកគេ
សូមពិចារណាថា តើអ្នកនឹងនិយាយបែបណាក្នុងស្ថានភាពដូចតទៅនេះ ៖ មិត្តភក្ដិម្នាក់ក្នុងសាសនាចក្របង្ហាញពីអាកប្បកិរិយាអវិជ្ជមានចំពោះអ្នកដឹកនាំបព្វជិតភាពរបស់គាត់ ហើយនិយាយថា « ពួកគេហាក់ដូចជាមិនយល់ពិភពលោកនេះ ហើយនិងរបៀបដែលពិភពលោកនេះធ្វើការ ។ពួកគាត់បានបន្តព្រមានអំពីជម្រើសទាំងឡាយដែលមិនមែនជាបញ្ហាធំអីនោះទេ ។ខ្ញុំប្រាថ្នាថា ពួកគាត់នឹងមិនចំណាយពេលច្រើនពេកដើម្បីប្រាប់យើងពីរឿងអាក្រក់ទាំងអស់ដែលយើងត្រូវចៀសវាងនោះទេ ។ពូកគាត់គប្បីគ្រាន់តែនិយាយអំពីរឿងវិជ្ជមានបានហើយ » ។
សូមគិតថា ហេតុអ្វីអ្នកនាំបព្វជិតភាពជួនកាលព្រមានទាស់នឹងអំពើបាប ។យ៉ាកុបបានកត់ត្រាថា បន្ទាប់ពីនីហ្វៃស្លាប់ ( សូមមើល យ៉ាកុប 1:9 ) ប្រជាជនបានចាប់ផ្តើមភ្ជាប់ខ្លួនក្នុងការប្រព្រឹត្តអំពើទុច្ចរិតជាក់លាក់ ។សូមអាន យ៉ាកុប 1:15–16 ហើយរកមើលថាតើប្រជាជនកំពុងធ្វើអ្វីដែលធ្វើឲ្យយ៉ាកុបព្រួយបារម្មណ៍ ។
អ្នកអាចចង់គូសរង្វង់ជុំវិញពាក្យ ចាប់ផ្តើម ក្នុង យ៉ាកុប 1:15–16 ។តើហេតុអ្វីវាគឺជាពរជ័យមួយ ក្នុងការដែលមានអ្នកដឹកនាំបព្វជិតភាពព្រមានយើងអំពីបញ្ហាទាំងឡាយនៅពេល ឬ សូម្បីតែពីមុនបញ្ហាទាំងនោះចាប់ផ្តើម ?
សូមអាន យ៉ាកុប 1:6–8 ហើយរកមើល មូលហេតុដែលយ៉ាកុប និង ពួកអ្នកដឹកនាំរបស់លោកកំពុងទូន្មានប្រជាជនរបស់នីហ្វៃទាស់នឹងអំពើបាប ។តើអ្នកគិតថា ហេតុអ្វីអ្នកដឹកនាំបព្វជិតភាពក្នុងគ្រួសាររបស់អ្នក ព្រមទាំងពួកអ្នកដឹកនាំតាមមូលដ្ឋាន និង ទូទៅ ព្រមានអ្នកពីអំពើបាប ហើយបង្រៀនអ្នកពីដំណឹងល្អដោយឧស្សាហ៍ខ្លាំងម៉្លេះ ?អ្នកអាចគូសចំណាំឃ្លាទាំងឡាយក្នុង យ៉ាកុប 1:7 ដែលបង្រៀនសេចក្តីពិតតទៅនេះ ៖ អ្នកដឹកនាំបព្វជិតភាពបម្រើដោយឧស្សាហ៍ដើម្បីជួយយើងឲ្យមករកព្រះគ្រីស្ទ ។
សូមអាន យ៉ាកុប 1:17–19 ហើយរកមើលមូលហេតុបន្ថែមណាក៏ដោយដែលយ៉ាកុប និង ប្អូនប្រុសរបស់លោកគឺយ៉ូសែប កំពុងបម្រើដោយឧស្សាហ៍ព្យាយាមជាខ្លាំងដើម្បីបង្រៀនប្រជាជននេះ ។
តើអ្នកគិតថា ទទួល « ភារកិច្ចមកពីព្រះអម្ចាស់ » មានន័យដូចម្ដេច ( យ៉ាកុប 1:17 ) ?
អ្នកអាចចង់គូសចំណាំឃ្លាដទៃទៀតដែលជួយបង្រៀនគោលការណ៍តទៅនេះ ៖ អ្នកដឹកនាំបព្វជិតភាពមានទំនួលខុសត្រូវដ៏ទេវភាពដែលត្រូវបានប្រគល់ឲ្យ ដើម្បីបង្រៀនព្រះបន្ទូលរបស់ព្រះ និង ព្រមានទាស់នឹងអំពើបាប ។
សូមសញ្ជឹងគិតមួយភ្លែតអំពីមូលហេតុដែលវាជាការសំខាន់ដើម្បីយល់ថា អ្នកដឹកនាំសាសនាចក្រមានទំនួលខុសត្រូវចំពោះកិច្ចខិតខំរបស់ពួកគេក្នុងការបង្រៀនយើងពីអ្វីដែលព្រះអម្ចាស់ចង់ឲ្យយើងដឹង ។
នៅពេលអ្នកអាន យ៉ាកុប 2:1–3, 6–7, 10–11 សូមរកមើលឃ្លាទាំងឡាយដែលចង្អុលបង្ហាញពីបៀបដែលយ៉ាកុបបានមានអារម្មណ៍ អំពីកិច្ចការដ៏លំបាកក្នុងការអំពាវនាវឲ្យប្រជាជនរបស់លោកប្រែចិត្ត ។
-
សូមគិតអំពីអ្វីដែលឃ្លាតទៅនេះបង្រៀនអ្នក អំពីការជំរុញទឹកចិត្តរបស់យ៉ាកុបដើម្បីបំពេញកិច្ចការដ៏លំបាករបស់លោក ៖ « ថ្ងៃនេះខ្ញុំផ្ទុកទៅដោយបំណង និង ការបារម្ភដ៏លើសលែងទៅទៀតចំពោះសុខុមាលភាពដល់ព្រលឹងបងប្អូនរាល់គ្នា » ( យ៉ាកុប 2:3 ) ហើយ « ខ្ញុំត្រូវតែធ្វើតាមព្រះបញ្ញត្តិដ៏តឹងរឹងនៃព្រះ » ( យ៉ាកុប 2:10 ) ។សូមសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកនូវចម្លើយចំពោះសំណួរខាងក្រោមនេះ ៖
-
តើនៅពេលណា ដែលអ្នកបានមានអារម្មណ៍ពីសេចក្តីស្រលាញ់ និង កង្វល់របស់ពួកអ្នកដឹកនាំបព្វជិតភាពដែលមានមកលើអ្នក ?
-
តើនៅពេលណា ដែលអ្នកបានមានអារម្មណ៍ថា ពាក្យសម្ដី ឬ សកម្មភាពរបស់អ្នកដឹកនាំបព្វជិតភាពត្រូវបានបំផុសដោយព្រះដើម្បីជួយអ្នក ?
-
សូមសញ្ជឹងគិតម្តងទៀតចំពោះស្ថានភាពដែលបានបង្ហាញនៅចំណុចចាប់ផ្តើមមេរៀន ។គិតអំពីរបៀបដែលអ្នកនឹងឆ្លើយដល់មិត្តរបស់អ្នក ដោយផ្អែកទៅលើអ្វីដែលអ្នកបានសិក្សានៅថ្ងៃនេះ ។
យ៉ាកុប 2:12–21
យ៉ាកុបស្ដីបន្ទោសប្រជាជនរបស់លោកព្រោះតែភាពឆ្មើងឆ្មៅ
ដើម្បីជួយអ្នករៀបចំសិក្សាអ្វីដែលព្រះអម្ចាស់បានបញ្ជាឲ្យយ៉ាកុបបង្រៀន សូមគិតអំពីពរជ័យដែលព្រះអម្ចាស់បានប្រទានដល់អ្នកក្នុងចំណុចតទៅនេះ ៖ គ្រួសារ មិត្តភក្ដិ អ្នកដឹកនាំ និង គ្រូបង្រៀននៅសាសនាចក្រ សមត្ថភាពសិល្បៈ និង តន្ត្រី ជំនាញអត្តពលកម្ម ទេពកោសល ការអប់រំ ឱកាសទាំងឡាយដើម្បីរីកចម្រើន ចំណេះដឹងនៃដំណឹងល្អ និង របស់របរសំភារៈ ។សូមគិតដល់របៀបផ្សេងទៀតដែលព្រះអម្ចាស់បានប្រទានពរដល់អ្នក ។
សូមអាន យ៉ាកុប 2:12–13 ហើយរកមើលអ្វីដែលពួកសាសន៍នីហ្វៃកំពុងស្វែងរក ។សូមកត់សំគាល់ថា យ៉ាកុបបានបង្រៀនថា « បាតដៃនៃទិព្វញ្ញាណ » បានប្រទានពរដល់ពួកសាសន៍នីហ្វៃនូវទ្រព្យសម្បត្តិជាច្រើន ។ឃ្លានេះសំដៅទៅលើព្រះវរបិតាសួគ៌ ។
-
សូមសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពីមូលហេតុដែលវាសំខាន់សម្រាប់អ្នកក្នុងការចងចាំថា ព្រះអម្ចាស់បានប្រទានដល់អ្នកនូវពរជ័យ និង សមត្ថភាពទាំងឡាយដែលអ្នកមាន ។
បើសិនយើងមិនប្រុងប្រយ័ត្នទេ យើងអាចបណ្តោយខ្លួនយើងឲ្យលើកខ្លួនឡើងក្នុងភាពឆ្មើងឆ្មៃបន្ទាប់ពីយើងទទួលបានពរជ័យដែលយើងស្វែងរក ដូចពួកសាសន៍នីហ្វៃបានធ្វើដែរ ។នៅក្នុងចន្លោះដែលបានផ្តល់ឲ្យ សូមសរសេរពីអ្វីដែលអ្នកគិតថា វាមានន័យ អំពីឃ្លាថា « លើកខ្លួនឡើងក្នុងការឆ្មើងឆ្មៃនៃចិត្តរបស់អ្នក » ។
ដូចដែលបានកត់ត្រាក្នុង យ៉ាកុប 2:13 តើយ៉ាកុបបាននិយាយថា អ្វីដែលជាបុព្វហេតុមួយចំនួននៃភាពឆ្មើងឆ្មៃរបស់ពួកសាសន៍នីហ្វៃ ?
សូមគិតពីមនុស្ស ឬ ក្រុមមនុស្សនៅសម័យបច្ចុប្បន្នដែលធ្វើទុក្ខទោស មិនអើពើ ឬ បៀតបៀនដល់អ្នកដទៃពីព្រោះពួកគេ « រកបានបរិបូបូរណ៍ » ច្រើនជាងអ្នកទាំងឡាយណាដែលពួកគេធ្វើទុក្ខទោសនោះ ( យ៉ាកុប 2:13 ) ។ជាឧទាហរណ៍ ដោយសារមនុស្សមួយចំនួនមានលុយច្រើនជាង មានមិត្តភក្តិច្រើនជាង មានសមត្ថភាពអត្តពលកម្មខ្លាំងជាង ឬ ទាំងមានចំណេះដឹងនៃដំណឹងល្អច្រើនជាងអ្នកដទៃទៀត នោះពួកគេអាចនឹងគិតខុសថា ពួកគេគឺប្រសើរជាងអ្នកដទៃ ឬ អាចនឹងបៀតបៀនដល់ពួកគេទៀតផង ។សូមសញ្ជឹងគិត បើសិនមានគ្រាមួយក្នុងជីវិតរបស់អ្នក ជាគ្រាដែលអ្នកបានសម្តែងចរិតឆ្មើងឆ្មៃ ។
សូមអាន យ៉ាកុប 2:17–21 ហើយគូសចំណាំឃ្លាទាំងឡាយដែលអាចជួយអ្នកឈ្នះលើភាពឆ្មើងឆ្មៃ ។
-
ក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរឃ្លាពីរ ឬ ច្រើនជាងនោះដែលអ្នកបានរកឃើញក្នុង យ៉ាកុប 2:17–21 ហើយពន្យល់ពីរបៀបដែលឃ្លាទាំងនោះអាចជួយអ្នកឈ្នះលើភាពឆ្មើងឆ្មៃ ។សំណួរមួយចំនួនតទៅនេះអាចជាប្រយោជន៍ដើម្បីពិចារណានៅពេលអ្នកធ្វើបញ្ចប់កិច្ចការនេះ ៖ តើអ្នកគិតថា វាមានន័យបែបណាចំពោះពាក្យស្វែងរកនគររបស់ព្រះ ?ដើម្បីទទួលបានសេចក្តីសង្ឃឹមលើព្រះគ្រីស្ទ ?តើការស្វែងរកនគររបស់ព្រះ និង ការទទួលបានសេចក្តីសង្ឃឹមលើព្រះគ្រីស្ទ នឹងមានឥទ្ធិពលលើរបៀបដែលអ្នកមើលទៅ និង ប្រព្រឹត្តចំពោះអ្នកដទៃយ៉ាងដូចម្តេច ?
សូមស្រម៉ៃថា ម្តាយ ឪពុក ឬ អ្នកដឹកនាំរបស់អ្នកបានសួរអ្នកថា តើអ្នកបានសិក្សាអ្វីនៅថ្ងៃនេះ ។សូមសរសេរទុកនូវគោលការណ៍មួយចេញពី យ៉ាកុប 2:17–21 ដែលអ្នកអាចប្រើដើម្បីឆ្លើយសំណួរទាំងនោះ ។
គោលការណ៍មួយក្នុង យ៉ាកុប 2:17–21 គឺ ៖ យើងគប្បីស្វែងរកនគររបស់ព្រះលើសពីចំណាប់អារម្មណ៍ដទៃទៀតទាំងអស់ ។
-
សូមសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកនូវរបៀបមួយដែលអ្នកអាចប្រើពរជ័យ និង ឱកាសទាំងឡាយដែលព្រះអម្ចាស់បានប្រទានដល់អ្នកដើម្បីជួយស្ថាបនានគររបស់ព្រះ និង ប្រទានពរដល់ជីវិតអ្នកដទៃ ។
យ៉ាកុប 2:22–30
យ៉ាកុបស្ដីបន្ទោសប្រជាជនរបស់លោកដោយសារអសិលធម៌ខាងផ្លូវភេទ
សេចក្ដីថ្លែងការណ៍តទៅនេះមានប្រសាសន៍ដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ។សូមស្មានមើលថា តើពាក្យពីរដែលត្រូវបំពេញក្នុងចន្លោះនេះគឺជាពាក្យអ្វី ៖
« អំពើបាបដែលញាំញីនៅជំនាន់នេះគឺ » ( «Cleansing the Inner Vessel» Ensign ខែ ឧសភា ឆ្នាំ 1986 ទំព័រ 4 សូមរកមើលនៅចុងបញ្ចប់នៃមេរៀនសម្រាប់ចម្លើយត្រឹមត្រូវ ) ។
សូមអាន យ៉ាកុប 2:22–23, 28 ហើយគូសចំណាំឃ្លាទាំងឡាយដែលយ៉ាកុបបានប្រើដើម្បីពិពណ៌នាពីភាពធ្ងន់ធ្ងរនៃភាពអសីលធម៌ខាងផ្លូវភេទ ។វាអាចជាប្រយោជន៍ដើម្បីយល់ដឹងថា ពាក្យ សហាយស្មន់ សំដៅលើអំពើបាបខាងផ្លូវភេទ ។
អែលឌើរ រីឆាដ ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីសកម្មភាពមួយចំនួនដែលបំពានទៅលើច្បាប់ព្រហ្មចារីភាពរបស់ព្រះអម្ចាស់ ៖ « ភាពស្និតស្នាលខាងផ្លូវភេទណាមួយដែលនៅក្រៅពីចំណងអាពាហ៍ពិពាហ៍—ខ្ញុំនិយាយចំពោះការប៉ះពាល់ដោយចេតនាណាមួយទៅលើផ្នែកដ៏ពិសិដ្ឋ និង សំខាន់នៃរាងកាយរបស់មនុស្សផ្សេងមួយទៀតទាំងមាន ឬ គ្មានសំលៀកបំពាក់ក៏ដោយ—គឺជាអំពើបាបមួយ និង ត្រូវបានហាមឃាត់ដោយព្រះ ។វាជាអំពើរំលងផងដែរក្នុងការជំរុញអារម្មណ៍រំភើបទាំងនេះនៅក្នុងរាងកាយខ្លួនអ្នកផ្ទាល់ដោយចេតនា » ( «Making the Right Choices» Ensign ខែ វិច្ឆិកា ឆ្នាំ 1994 ទំព័រ 38 ) ។
ទង្វើការរួមភេទដូចគ្នា និង ការមើលរូបអាសគ្រាមក៏បំពានទៅលើច្បាប់ព្រហ្មចារីភាពរបស់ព្រះអម្ចាស់ផងដែរ ។
សូមកត់សម្គាល់ពីរបៀបដែលពួកសាសន៍នីហ្វៃព្យាយាមដោះសាចំពោះអំពើបាបរបស់ពួកគេ ដូចដែលបានកត់ត្រាក្នុង យ៉ាកុប 2:23–24 ។សូមចំណាយពេលមួយភ្លែតដើម្បីគិតអំពីរបៀបដែលមនុស្សព្យាយាមដោះសាពីភាពអសីលធម៌ខាងផ្លូវភទនៅថ្ងៃនេះ ។
អំពើបាបមួយក្នុងចំណោមអំពើបាបទាំងឡាយរបស់ពួកសាសន៍នីហ្វៃគឺការអនុវត្តដែលមិនត្រូវបានអនុញ្ញាតឲ្យធ្វើ គឺពហុអាពាហ៍ពិពាហ៍ ។យ៉ាកុបបានបង្រៀនពីព្រះបញ្ញត្តិមួយរបស់ព្រះអម្ចាស់ថា បុរសម្នាក់គប្បីរៀបការជាមួយភរិយាតែម្នាក់ប៉ុណ្ណោះ ( សូមមើល យ៉ាកុប 2:27 ) ។ការមានភរិយាច្រើនជាងមួយដោយគ្មានការអនុញ្ញាតពីព្រះអម្ចាស់ តាមរយៈអ្នកដឹកនាំបព្វជិតភាពជ្រើសតាំងរបស់ទ្រង់ គឺជាគំរូអំពីអំពើបាបខាងផ្លូវភេទ ។នៅក្នុងព្រះនេត្ររបស់ព្រះ អំពើបាបទាំងឡាយខាងផ្លូវភេទគឺជាទោសដ៏ធ្ងន់ធ្ងរណាស់ ( សូមមើល អាលម៉ា 39:5 ) ។
រាស្ត្ររបស់ព្រះអម្ចាស់មិនត្រូវបានអនុញ្ញាតឲ្យប្រព្រឹត្តអាពាហ៍ពិពាហ៍ខាងប្រពន្ធច្រើនទេលើកលែងតែនៅពេលព្រះអម្ចាស់ចេញបញ្ជាការណ៍នោះប៉ុណ្ណោះ ( សូមមើល យ៉ាកុប 2:30 ) ។មានគ្រាជាក់លាក់ទាំងឡាយនៃប្រវត្តិសាស្តរបស់ពិភពលោកនេះ ដែលព្រះអម្ចាស់បានបញ្ជាឲ្យរាស្ត្ររបស់ទ្រង់អនុវត្តពហុអាពាហ៍ពិពាហ៍ ។ឧទាហរណ៍ អាពាហ៍ពិពាហ៍ខាងប្រពន្ធច្រើនត្រូវបានអនុវត្តក្នុងសម័យព្រះគម្ពីរសញ្ញាចាស់ដោយ លោកអ័ប្រាហាំ និង នាងសារ៉ា ( សូមមើល លោកុប្បត្តិ 16:1–3 គ. និង ស. 132:34–35, 37 ) និង ដោយចៅប្រុសរបស់ពួកគេគឺ យ៉ាកុប ( សូមមើល គ. និង ស. 132:37 ) ហើយការណ៍នោះត្រូវបានអនុវត្តនៅអំឡុងគ្រាមួយនៅសម័យដំបូងនៃការស្តារសាសនាចក្រឡើងវិញដែលចាប់ផ្តើមពីព្យាការី យ៉ូសែប ស្ម៊ីធ ( សូមមើល គ. និង ស. 132:32–33, 53 ) ។ទោះយ៉ាងណាក៏ដោយ ព្រះបានបញ្ជាព្យាការីរបស់ទ្រង់ វិលហ្វូឌ វូឌដ្រុព្វ ឲ្យបញ្ចប់ការអនុវត្តនៃពហុអាពាហ៍ពិពាហ៍ ( សូមមើល សេចក្តីប្រកាសជាផ្លូវការណ៍ 1 ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ) ។
សូមអាន យ៉ាកុប 2:31–35 ហើយគូសចំណាំឃ្លាទាំងឡាយដែលបង្ហាញពីលទ្ធផលអវិជ្ជមានមួយចំនួននៃអំពើបាបខាងផ្លូវភេទ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះក្នុងសៀវភៅកំណត់ការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
យោងទៅតាមលោក យ៉ាកុប តើភាពអសីលធម៌ផ្លូវភេទមានឥទ្ធិពលលើក្រុមគ្រួសារដោយរបៀបណា ?
-
យុវវ័យមួយចំនួនអាចលើកហេតុផលថា ពួកគេអាចធ្វើខុសសីលធម៌ផ្លូវភេទ ដោយសារពួកគេមិនរៀបការ ហើយដូច្នេះ ពួកគេមិនស្មោះត្រង់ចំពោះស្វាមី ឬ ភរិយាទេ ហើយពួកគេមិនមានកូន ។តើភាពអសីលធម៌អាចមានឥទ្ធិពលលើក្មេងជំទង់ និង គ្រួសាររបស់ពួកគេដោយរបៀបណា ?
-
តើហេតុអ្វីអ្នកគិតថា ព្រះអម្ចាស់ចាត់ទុកភាពអសីលធម៌គឺជាអំពើបាបធ្ងន់ធ្ងរបែបនេះ ?
-
សូមមើលនៅផ្នែកចាប់ផ្តើមនៃ យ៉ាកុប 2:28 ហើយគូសចំណាំអ្វីដែលព្រះអម្ចាស់សព្វព្រះហឫទ័យចំពោះ ។( សូមកត់សម្គាល់ថា បើទោះជាលោកយ៉ាកុបរៀបរាប់ជាពិសេសេអំពីស្ត្រីក្នុងខនេះក៏ដោយ វាក៏ពិតជាស្មើភាពផងដែរដែលព្រះអម្ចាស់សព្វព្រះហឫទ័យនឹងភាពបរិសុទ្ធនៃបុរស ) ។ខនេះបង្រៀនគោលការណ៍នេះ ៖ ព្រះអម្ចាស់សព្វព្រះហឫទ័យនឹងព្រហ្មចារីភាព ឬ ភាពបរិសុទ្ធ ។
ផ្អែកទៅលើអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ សូមពិចារណាថា តើហេតុអ្វីព្រះអម្ចាស់សព្វព្រះហឫទ័យនឹងព្រហ្មចារីភាព ឬ ភាពបរិសុទ្ធនៃកូនចៅរបស់ទ្រង់ ។សូមគិតអំពីគ្រួសាររបស់អ្នក ព្រមទាំងគ្រួសារដែលអ្នកសង្ឃឹមថា នឹងមាននៅពេលអនាគត ។តើការរស់នៅតាមច្បាប់នៃព្រហ្មចារីភាពរបស់ព្រះអម្ចាស់នឹងប្រទានពរដល់អ្នក និង ពួកគេតាមរបៀបណា ?សូមសញ្ជឹងគិត ថាតើជម្រើសដែលអ្នកកំពុងធ្វើការសម្រេចចិត្ត ដើម្បីបរិសុទ្ធ និង ស្អាតស្អំ គាប់ព្រះហឫទ័យដល់ព្រះអម្ចាស់យ៉ាងណា ។
អ្នកអាចបន្តមានភាពស្អាតស្អំ ។បើសិនអ្នកបានប្រព្រឹត្តបាបដែលទាស់នឹងច្បាប់ព្រហ្មចារីភាព នោះអ្នកអាចប្រែចិត្ត ហើយក្លាយជាស្អាតស្អំបានតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។សូមស្វែងរកការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធខណៈដែលអ្នកគិតពីមធ្យោយបាយមួយ ឬ ច្រើនដែលអ្នកអាចការពារខ្លួនអ្នកកាន់តែប្រសើរឡើងដើម្បីទាស់នឹងការបំពានច្បាប់ព្រហ្មចារីភាព ។បើសិនអ្នកប្រព្រឹត្តរំលងច្បាប់ខាងផ្លូវភេទណាមួយ ចូរធ្វើអ្វីៗដែលជាការចាំបាច់ រួមទាំងការជួបជាមួយប៊ីស្សព ឬ ប្រធានសាខារបស់អ្នក ដើម្បីសារភាពពីអ្វីដែលអ្នកបានធ្វើក្នុងការបំពានច្បាប់ព្រហ្មចារីភាពរបស់ព្រះអម្ចាស់ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅក្រោមផ្នែកកិច្ចការសម្រាប់ថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា យ៉ាកុប 1–2 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖
ចម្លើយសម្រាប់ពាក្យដែលបាត់ក្នុងការដកស្រង់នៅផ្នែកចាប់ផ្តើមនៃមេរៀននេះ ៖ ប្រធាន ប៊ែនសុន បានមានប្រសាសន៍ថា « អំពើបាបដែលញាំញីនៅជំនាន់នេះគឺ ភាពអសីលធម៌ផ្លូវភេទ » ។