មេរៀនទី 26 ៖ ថ្ងៃទី 3
នីហ្វៃទី3 19
សេចក្តីផ្ដើម
ព្រឹត្តិការណ៍ទាំងឡាយដែលមានកត់ត្រានៅក្នុង នីហ្វៃទី3 11–18 ទាំងអស់បានកើតឡើងក្នុងអំឡុងមួយថ្ងៃ ។ នៅចុងបញ្ចប់នៃថ្ងៃនោះ ដំណឹងនៃការយាងមកជួបរបស់ព្រះអង្គសង្គ្រោះ និង ការវិលត្រឡប់របស់ទ្រង់នៅថ្ងៃបន្ទាប់ បានរីកសុះសាយក្នុងចំណោមប្រជាជន ហើយពួកគេ « បានធ្វើការយ៉ាងខិតខំអស់មួយយប់ស្មើ ដើម្បីស្អែកឡើងគេអាចទៅកាន់ទីកន្លែង ដែលព្រះយេស៊ូវទ្រង់នឹងបង្ហាញរូបអង្គទ្រង់ដល់ហ្វូងមនុស្សទៀត » ( នីហ្វៃទី3 19:3 ) ។ នៅពេលព្រឹកឡើង ពួកសិស្សទាំងដប់ពីរនាក់បានបង្រៀនប្រជាជន ហើយបានអធិស្ឋានជាមួយពួកគេ ។ បន្ទាប់មក នីហ្វៃបានជ្រមុជទឹកពួកសិស្សទាំងដប់ពីរនាក់ ហើយពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ និង បានហ៊ុំព័ទ្ធដោយពួកទេវតា ។ អំឡុងពេលនៃការបង្ហាញអង្គទ្រង់នេះ ព្រះយេស៊ូវគ្រីស្ទបានបញ្ជាដល់ពួកសិស្សឲ្យអធិស្ឋាន ហើយទ្រង់ក៏បានអធិស្ឋានដល់ព្រះវរបិតាជំនួសឲ្យពួកបណ្ដាជនផងដែរ ។ ដោយសារសេចក្ដីជំនឿរបស់គេ ពួកសិស្សបានពោរពេញដោយព្រះវិញ្ញាណបរិសុទ្ធ ។ ពួកគេត្រូវបានធ្វើឲ្យបរិសុទ្ធ ហើយពួកគេបានក្លាយតែមួយជាមួយនឹងព្រះវរបិតា និង ព្រះរាជបុត្រា ។
នីហ្វៃទី3 19:1–14
ពួកសិស្សទាំងដប់ពីរបម្រើដល់ប្រជាជានដូចដែលព្រះអង្គសង្គ្រោះបានបញ្ជា
សូមស្រមៃមើល ថាតើអ្នកអាចនឹងមានអារម្មណ៍យ៉ាងណា និង អ្វីដែលអ្នកអាចនឹងធ្វើ ប្រសិនបើអ្នកបានដឹងថា ថ្ងៃស្អែកព្រះយេស៊ូវគ្រីស្ទនឹងយាងមកឯព្រះវិហារបរិសុទ្ធដែលនៅមិនឆ្ងាយពីអ្នកនោះ ។ តើអ្នកនឹងព្យាយាមខ្លាំងប៉ុណ្ណាដើម្បីទៅដល់ទីនោះ ? តើអ្នកនឹងចង់នាំមនុស្សផ្សេងទៀតជាមួយអ្នកទេ ? តើអ្នកនឹងធ្វើអ្វីខ្លះ ដើម្បីរៀបចំសម្រាប់បទពិសោធន៍នេះ ?
សូមអាន នីហ្វៃទី3 19:1–3 រកមើលការឆ្លើយតបរបស់ពួកសាសន៍នីហ្វៃ ចំពោះការសន្យារបស់ព្រះអង្គសង្គ្រោះដែលថា ទ្រង់នឹងយាងត្រឡប់មកវិញនៅថ្ងៃបន្ទាប់នោះ ។ បន្ទាប់ពីពួកបណ្ដាជនបានប្រមូលគ្នាហើយ ពួកសិស្សទាំងដប់ពីរនាក់បានបំបែកពួកបណ្ដាជនជាដប់ពីរក្រុម ហើយបានចាប់ផ្ដើមបង្រៀនពួកគេ ។ ពួកគេបានណែនាំបណ្ដាជនឲ្យលុតជង្គង់អធិស្ឋាន ហើយបានបង្រៀនពួកគេពីសេចក្ដីពិតដូចគ្នា ដែលព្រះអង្គសង្គ្រោះបានបង្រៀនកាលពីថ្ងៃមុននោះ ។ ( សូមមើល នីហ្វៃទី3 19:4–7 ) ។
-
សូមអាន នីហ្វៃទី3 19:8–9 ហើយឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើពួកសិស្សប្រាថ្នាអ្វីជាងគេបំផុត ? ចេញពីបទពិសោធន៍របស់អ្នក ហេតុអ្វីអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធគួរឲ្យប្រាថ្នាចង់បានម្ល៉េះ ?
-
ពួកសិស្សទាំងដប់ពីរនាក់នឹងត្រូវដឹកនាំកិច្ចការសាសនាចក្រនៅក្នុងទ្វីបអាមេរិក បន្ទាប់ពីព្រះអង្គសង្គ្រោះចាកចេញទៅ ។ ហេតុអ្វីវាចាំបាច់ថា ពួកគេត្រូវមានព្រះវិញ្ញាណបរិសុទ្ធដើម្បីដឹកនាំពួកគេ ?
-
បន្ទាប់ពីអ្នកបានបញ្ចប់កិច្ចការក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកហើយ សូមសញ្ជឹងគិតពីសំណួរទាំងនេះ ៖ តើមានការណ៍អ្វីខ្លះ ដែលអ្នកប្រាថ្នាចង់បានបំផុត ពេលអ្នកអធិស្ឋាន ? តើញឹកញាប់ប៉ុណ្ណា ដែលអ្នកអធិស្ឋានដើម្បីបានព្រះវិញ្ញាណបរិសុទ្ធ ?
សូមអាន នីហ្វៃទី3 19:10–12 ហើយរកមើលអ្វីដែលពួកសិស្សបានធ្វើ បន្ទាប់ពីពួកគេបានអធិស្ឋានហើយ ។ បុណ្យជ្រមុជទឹកដែលមានពិពណ៌នានៅក្នុងខ 10–12 គឺជាបុណ្យជ្រមុជទឹកទីពីរសម្រាប់ពួកសិស្សទាំងដប់ពីរនាក់ ។ សាសនាចក្រត្រូវបានស្ថាបនាឡើងអស់ជាច្រើនឆ្នាំក្នុងចំណោមពួកសាសន៍នីហ្វៃ ហើយបងប្អូនប្រុសបព្វជិតភាពទាំងនេះ បានជ្រមុជទឹកពីមុនមក ទោះបីបុណ្យជ្រមុជទឹកទីមួយរបស់ពួកគេពុំត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរក៏ដោយ ។ បុណ្យជ្រមុជទឹកទីពីរនេះជាកាលៈទេសៈដ៏ពិសេស ដូចដែលបានពន្យល់ដោយ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ ថា ៖ « ព្រះអង្គសង្គ្រោះបានបញ្ជានីហ្វៃ និង ប្រជាជនឲ្យទទួលបុណ្យជ្រមុជទឹកម្ដងទៀត ដោយសារទ្រង់បានរៀបចំសាសនាចក្រជាថ្មីនៅក្រោមដំណឹងល្អ ។ ពីមុននោះវាត្រូវបានរៀបចំឡើងនៅក្រោមក្រិត្យវិន័យ [ លោកម៉ូសេ ] » ( Doctrines of Salvation, ed. Bruce R. McConkie, 3 vols. [1954–56], 2:336 ) ។
សូមចាំថា ពួកសិស្ស និង ពួកសាសន៍នីហ្វៃផ្សេងទៀត បានមានភាពសក្ដិសមដើម្បីនៅក្នុងវត្តមានរបស់ព្រះអង្គសង្គ្រោះ ។ សូមអាន នីហ្វៃទី3 19:13 រកមើលអ្វីដែលពួកសិស្សទាំងដប់ពីរត្រូវបានប្រទានឲ្យ ដោយសារពួកគេមានបំណងប្រាថ្នាសុចរិត ។
-
សូមធ្វើបញ្ជីមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពីពរជ័យទាំងឡាយដែលមានដល់ជីវិតមនុស្សម្នាក់ ដែលមានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ហើយរស់នៅដោយសុចរិតដែលសមនឹងអំណោយទាននោះ ។ បន្ទាប់មក សូមប្រៀបធៀបបញ្ជីរបស់អ្នកទៅនឹងការដកស្រង់ខាងក្រោមនេះដោយ អែលឌើរ រ៉ូបឺត ឌី. ហែលស៍ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយបន្ថែមចូលក្នុងបញ្ជីរបស់អ្នកនូវគំនិតថ្មីៗដែលអ្នករកឃើញ ៖
« ព្រះវិញ្ញាណបរិសុទ្ធប្រទានដល់យើងនូវកម្លាំង និង សេចក្ដីក្លាហាន ដើម្បីដឹកនាំជីវិតយើងនៅក្នុងរបៀបទាំងឡាយនៃនគរព្រះ ហើយជាប្រភពនៃទីបន្ទាល់របស់យើងអំពីព្រះវរបិតា និង ព្រះរាជបុត្រា ។ …
« យើងត្រូវការព្រះវិញ្ញាណបរិសុទ្ធជាដៃគូដ៏ខ្ជាប់ខ្ជួនរបស់យើង ដើម្បីជួយយើងធ្វើការជ្រើសរើសដែលប្រសើរជាង នៅក្នុងការជ្រើសរើសទាំងឡាយដែលនៅនឹងមុខយើងរាល់ថ្ងៃ ។ យុវជនយុវនារីរបស់យើង ត្រូវបានយាយីដោយការណ៍អាក្រក់ទាំងឡាយនៃពិភពលោកនេះ ។ ភាពជាដៃគូជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធ នឹងផ្ដល់ដល់ពួកគេនូវកម្លាំងដើម្បីទប់ទល់នឹងអារក្ស ហើយនៅពេលចាំបាច់ គឺត្រូវប្រែចិត្ត និង ត្រឡប់មកកាន់ផ្លូវត្រង់ និង តូចចង្អៀតវិញ ។ គ្មាននរណាម្នាក់ក្នុងចំណោមយើងដែលរួចផុតពីការល្បួងនៃមារសត្រូវនោះទេ ។ យើងទាំងអស់គ្នាត្រូវការបន្ទាយការពារដែលមានតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ … ការមានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ជួយសមាជិកគ្រួសារធ្វើការជ្រើសរើសដ៏ឆ្លាតវៃ—ជាជម្រើសទាំងឡាយដែលនឹងជួយពួកគេត្រឡប់ទៅកាន់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ និង ព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទវិញ ជាមួយនឹងក្រុមគ្រួសារគេ ដើម្បីរស់នៅជាមួយពួកទ្រង់អស់កល្បជានិច្ច » ( “The Covenant of Baptism: To Be in the Kingdom and of the Kingdom” Ensign ខែ វិច្ឆិកា ឆ្នាំ 2000 ទំព័រ 8 ) ។
ផ្អែកទៅលើការសិក្សារបស់អ្នកពី នីហ្វៃទី3 19:1–14 សូមសញ្ជឹងគិតថា ពរជ័យអ្វីដែលអ្នកចង់បានបំផុតនៅក្នុងជីវិតអ្នក និង មូលហេតុដែលអ្នកចង់បានវា ។
សូមបំពេញសេចក្ដីថ្លែងពីគោលការណ៍តទៅនេះ ដោយផ្អែកលើ នីហ្វៃទី3 19:9, 13 ៖ តាមរយៈបំណងប្រាថ្នា និង ការអធិស្ឋានដ៏ស្មោះអស់ពីចិត្ត នោះយើងអាច ។
នីហ្វៃទី3 19:14–36
ព្រះអង្គសង្គ្រោះបង្ហាញអង្គទ្រង់ ហើយអធិស្ឋានសម្រាប់ប្រជាជនឲ្យបានបរិសុទ្ធតាមរយៈសេចក្ដីជំនឿរបស់គេ
សូមអាន នីហ្វៃទី3 19:14–16 ដើម្បីរៀនពីអ្វីដែលបានកើតឡើង បន្ទាប់ពីពួកសិស្សដប់ពីរនាក់ត្រូវបានជ្រមុជទឹក និង ពេញដោយព្រះវិញ្ញាណបរិសុទ្ធ ។
បន្ទាប់ពីពួកសិស្ស និង បណ្ដាជនបានលុតជង្គង់ចុះហើយ ព្រះអង្គសង្គ្រោះបានបញ្ជាពួកសិស្សទាំងដប់ពីររបស់ទ្រង់ឲ្យអធិស្ឋាន ។ សូមអានដំណើររឿងនៃការអធិស្ឋានរបស់គេនៅក្នុង នីហ្វៃទី3 19:17–18, 24–26, 30 ។ នេះជាកន្លែងតែមួយគត់នៅក្នុងបទគម្ពីរដែលមានកត់ត្រាទុក ដែលប្រជាជនបានអធិស្ឋានទៅកាន់ព្រះយេស៊ូវដោយផ្ទាល់ ។ នៅក្នុងការអធិស្ឋានរបស់យើង យើងអធិស្ឋានទៅកាន់ព្រះជាព្រះវរបិតា នៅក្នុងព្រះនាមព្រះរាជបុត្រា ព្រះយេស៊ូវគ្រីស្ទ ។ ពុំមានកន្លែងណានៅក្នុងព្រះគម្ពីរ ដែលយើងត្រូវបានបង្រៀនឲ្យអធិស្ឋានទៅកាន់ព្រះយេស៊ូវនោះទេ ។
អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់យោបល់ពីមូលហេតុមួយដែលពួកសិស្សអាចអធិស្ឋានទៅកាន់ព្រះយេស៊ូវគ្រីស្ទនៅក្នុងករណីដ៏ពិសេសនេះ ៖ « ព្រះយេស៊ូវបានបង្រៀនពួកគេរួចហើយ ឲ្យអធិស្ឋាននៅក្នុងព្រះនាមទ្រង់ ទៅកាន់ព្រះវរបិតា ដែលពួកគេបានធ្វើជាមុនរួចទៅហើយ [ សូមមើល នីហ្វៃទី3 19:8–9 ] ។ … ប៉ុន្តែពេលនេះ ‹ ពួកគេបានអធិស្ឋានដល់ព្រះយេស៊ូវ ដោយហៅទ្រង់ថាជាព្រះអម្ចាស់របស់គេ និង ជាព្រះរបស់ពួកគេ › ។ [ នីហ្វៃទី3 19:18 ] ។ ព្រះយេស៊ូវមានវត្តមាននៅចំពោះមុខពួកគេ ជានិមិត្តរូបនៃព្រះវរបិតា ។ ការបានឃើញទ្រង់ គឺដូចជាពួកគេបានឃើញព្រះវរបិតាដែរ ការអធិស្ឋានទៅកាន់ទ្រង់ គឺដូចជាពួកគេបានអធិស្ឋានទៅកាន់ព្រះវរបិតាដែរ ។ វាគឺជាស្ថានភាពដ៏ពិសេស និង គ្មានពីរ » ( The Promised Messiah: The First Coming of Christ [1978] ទំព័រ 560–61 ) ។ ព្រះអង្គសង្គ្រោះទ្រង់ផ្ទាល់បានមានបន្ទូលថា « ពួកគេបានអធិស្ឋានដល់ទូលបង្គំ ពីព្រោះទូលបង្គំនៅជាមួយនឹងពួកគេ » ( នីហ្វៃទី3 19:22 ) ។
-
ខណៈដែលប្រជាជនកំពុងលុតជង្គង់ចុះ ពួកគេបានធ្វើទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានធ្វើការអធិស្ឋានបីច្បាស់ៗដោយឡែកពីគ្នា សម្រាប់ពួកសិស្សរបស់ទ្រង់ និង សម្រាប់ពួកគេ ។ សូមចម្លងតារាងខាងក្រោមចូលទៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ អានខគម្ពីរយោងទាំងឡាយដែលបានដាក់ឲ្យ ហើយបំពេញតារាងនោះ ។
វគ្គបទគម្ពីរ |
តើព្រះអង្គសង្គ្រោះបានអធិស្ឋានសម្រាប់អ្វី ? |
តើអ្នកអាចអនុវត្តអ្វីដែលអ្នកបានរៀនពីការអធិស្ឋានរបស់ព្រះអង្គសង្គ្រោះ ចំពោះជីវិតអ្នកបានដោយរបៀបណា ? |
---|---|---|
សូមអាន នីហ្វៃទី3 19:24 ។ តើអ្នកគិតថា « មិនបានបន្ថែមពាក្យច្រើនឡើង » មានន័យយ៉ាងណា ? ទាក់ទងនឹងការអធិស្ឋានដែលពាក្យសម្ដីទាំងឡាយត្រូវបានផ្ដល់ដល់យើង ឲ្យដឹងពីអ្វីដែលត្រូវអធិស្ឋាននោះ អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី បានបង្រៀនថា « ការអធិស្ឋានដ៏ឥតខ្ចោះ គឺជាការអធិស្ឋានទាំងឡាយដែលត្រូវបានបំផុស គឺដែលព្រះវិញ្ញាណបើកសម្ដែងពាក្យពេចន៍ដែលត្រូវប្រើ » ( Mormon Doctrine, 2nd ed. [1966] ទំព័រ 586 ) ។
ដើម្បីជួយអ្នកយល់កាន់តែច្បាស់ពីគោលការណ៍មួយចំនួនដែលព្រះអង្គសង្គ្រោះបានបង្រៀននៅក្នុងការអធិស្ឋានរបស់ទ្រង់ សូមរំឭក នីហ្វៃទី3 19:28 ឡើងវិញ ហើយគូសចំណាំពាក្យ ឬ ឃ្លាទាំងឡាយដែលបង្រៀនពីគោលការណ៍នេះ ៖ ពេលយើងអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ យើងអាចបានបរិសុទ្ធ ។ សូមសង្កេតដោយយកចិត្តទុកដាក់លើរបៀបទាំងឡាយ ដែលពួកសិស្សបានអនុវត្តសេចក្ដីជំនឿនៅក្នុងបទពិសោធន៍ទាំងឡាយដែលមានកត់ត្រាក្នុង នីហ្វៃទី3 19 ។ ជាលទ្ធផលនៃសេចក្ដីជំនឿរបស់ពួកគេ ពួកសិស្សត្រូវបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល នីហ្វៃទី3 19:13 ) ហើយការទទួលបានព្រះវិញ្ញាណបរិសុទ្ធគឺចាំបាច់ណាស់ដើម្បីបានបរិសុទ្ធ ។
សូមអានសេចក្ដីថ្លែងការណ៍តទៅនេះមកពី ប្រធាន ម៉ារ៉ុន ជី. រ៉មនី នៃគណៈប្រធានទីមួយ ហើយរកមើលថាតើការបានបរិសុទ្ធមានន័យយ៉ាងណា ៖ « ‹ បន្ទាប់មក ក៏មានបុណ្យជ្រមុជដោយភ្លើង និង ដោយព្រះវិញ្ញាណបរិសុទ្ធ › ។ [ នីហ្វៃទី2 31:13 ] ។ បុណ្យជ្រមុជដោយភ្លើង និង ដោយព្រះវិញ្ញាណបរិសុទ្ធ ដែលត្រូវបាននិយាយដល់នៅទីនេះ ដោយនីហ្វៃ ជះឥទ្ធិពលដល់ការផ្លាស់ប្ដូរដ៏ធំនៅក្នុងដួងចិត្តរបស់មនុស្ស ដែលអាលម៉ាបាននិយាយដល់ [ សូមមើល អាលម៉ា 5:14 ] ។ វាធ្វើឲ្យពួកគេប្រែចិត្តជឿ ពីផ្លូវសាច់ឈាមទៅជាផ្លូវវិញ្ញាណ ។ វាលាងសម្អាត ព្យាបាល និង ធ្វើឲ្យព្រលឹងបានបរិសុទ្ធ ។ … សេចក្ដីជំនឿលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត និង ការជ្រមុជដោយទឹក ទាំងអស់នេះគឺជាអ្វីៗដែលត្រូវធ្វើជាមុន និង ដែលត្រូវការជាមុន មុននឹងបុណ្យជ្រមុជដោយភ្លើង និង ដោយព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែវាជាការធ្វើឲ្យពេញលេញ [ នៅទីបញ្ចប់ ] ។ ការទទួលវា គឺជាការធ្វើឲ្យសម្លៀកបំពាក់នរណាម្នាក់បានជម្រះស្អាត ដោយព្រះលោហិតដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទ » ( Learning for the Eternities, comp. George J. Romney [1977] ទំព័រ 133 ) ។
-
សូមពិចារណាថា ដើម្បីបានបរិសុទ្ធ មានន័យយ៉ាងណា ហើយឆ្លើយសំណួរតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើការអនុវត្តន៍សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ជួយយើងឲ្យបានបរិសុទ្ធ និង ស្អាតស្អំដូចម្ដេចដែរ ?
ព្រះយេស៊ូវបានផ្ដល់នូវការអធិស្ឋានដ៏អស្ចារ្យមួយនៅរាត្រីមុនពេលការបូជាដ៏ធួនរបស់ទ្រង់ ដែលស្រដៀងគ្នាទៅនឹងការអធិស្ឋានដែលទ្រង់បានផ្ដល់ក្នុងចំណោមពួកសាសន៍នីហ្វៃ នៅថ្ងៃទីពីរនៃការយាងមកជួបរបស់ទ្រង់ដែរ ។ សូមអាន នីហ្វៃទី3 19:23, 29 និង យ៉ូហាន 17:9, 11, 21–22 ។ សូមគូសចំណាំឃ្លាថា « ដើម្បីឲ្យយើងអាចបានទៅតែមួយ » ។ សញ្ជឹងគិតពីរបៀបដែលព្រះយេស៊ូវគ្រីស្ទ និង ព្រះវរបិតា គឺតែមួយ ។ តើយើងរៀនអ្វីចេញពីខទាំងនេះ អំពីរបៀបដែលយើងអាចក្លាយតែមួយជាមួយនឹងព្រះយេស៊ូវគ្រីស្ទ ?
គោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងឡាយនៅក្នុងខទាំងនេះគឺ ៖ តាមរយៈសេចក្ដីជំនឿ យើងអាចបានបរិសុទ្ធ ហើយក្លាយតែមួយជាមួយនឹងព្រះយេស៊ូវគ្រីស្ទ ដូចជាទ្រង់គឺតែមួយជាមួយនឹងព្រះវរបិតាដែរ ។ សូមអានសេចក្ដីថ្លែងការណ៍តទៅនេះមកពី អែលឌើរ ឌី. ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ អំពីរបៀបដែលយើងអាចបានតែមួយជាមួយនឹងព្រះវរបិតា និង ព្រះរាជបុត្រា ៖ « ប្រាកដណាស់ យើងនឹងមិនបានក្លាយតែមួយ ជាមួយនឹងព្រះ និង ព្រះគ្រីស្ទទេ រហូតទាល់តែយើងធ្វើឲ្យព្រះបំណង និង ព្រះទ័យរបស់ពួកទ្រង់ ជាបំណងប្រាថ្នាដ៏ខ្ពស់បំផុតរបស់យើង ។ ការចុះចូលបែបនេះពុំអាចសម្រេចបានក្នុងពេលមួយថ្ងៃនោះឡើយ ប៉ុន្តែតាមរយៈព្រះវិញ្ញាណបរិសុទ្ធ និង ដំណើរការនៃពេលវេលា នោះព្រះអម្ចាស់នឹងណែនាំយើង រហូតទាល់តែអាចនិយាយបានយ៉ាងប្រាកដថា ទ្រង់គឺនៅក្នុងយើង ដូចជាព្រះវរបិតានៅក្នុងទ្រង់ដែរ ។ ពេលខ្លះ ខ្ញុំញាប់ញ័រនឹងពិចារណាពីអ្វីដែលអាចជាការតម្រូវ ប៉ុន្តែខ្ញុំដឹងថា មានតែនៅក្នុងការរួបរួមដ៏ឥតខ្ចោះនេះប៉ុណ្ណោះ ដែលអាចនាំឲ្យមានសេចក្ដីអំណរដ៏ពោរពេញ » ( “That They May Be One In Us” Ensign ខែ វិច្ឆិកា ឆ្នាំ 2002 ទំព័រ 73 ) ។
សូមបញ្ចប់ការសិក្សាថ្ងៃនេះ ដោយការអាន និង សញ្ជឹងគិតលើ នីហ្វៃទី3 19:35–36 ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី3 19 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖