មេរៀនទី 11 ៖ ថ្ងៃទី 2
ម៉ូសាយ 3
សេចក្តីផ្ដើម
ដោយបន្តសុន្ទរកថារបស់ទ្រង់ទៅកាន់ប្រជារាស្ត្ររបស់ទ្រង់ នោះស្តេចបេនយ៉ាមីនបានប្រាប់ពួកគេថា មានទេវតាមួយអង្គបានមានបន្ទូលទៅកាន់ទ្រង់អំពីកិច្ចការបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ ។ស្តេចមេនយ៉ាមីនបានថ្លែងទីបន្ទាល់ថា តាមរយៈសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ និង ការប្រែចិត្ត នោះអ្នកទាំងឡាយណាដែលបានប្រព្រឹត្តអំពើបាប អាចទទួលបានសេចក្តីសង្គ្រោះ ។ទ្រង់ក៏បានបង្រៀនផងដែរថា តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ នោះបុគ្គលម្នាក់ៗអាចឈ្នះលើភាពខាងសាច់ឈាមតាមរយៈការស្តាប់តាមការទូន្មាននៃព្រះវិញ្ញាណបរិសុទ្ធ ។
ម៉ូសាយ 3:1–10
ស្តេចបេនយ៉ាមីនថ្លែងពីបន្ទូលនៃទេវតាទាក់ទងនឹងដង្វាយធួន
នៅពេលអ្នកសិក្សាម៉ូសាយ 3សូមរកមើលប្រភពនៃ « ដំណឹងដ៏រីករាយមួយពីសេចក្តីអំណរយ៉ាងអស្ចារ្យ » ( ម៉ូសាយ 3:3 )។
សូមអានម៉ូសាយ 3:1–5ហើយរកមើលអ្វីដែលទេវតាបានប្រាប់ដល់ស្តេចបេនយ៉ាមីន ។ទេវតាបានប្រកាសថា ប្រជារាស្ត្រនៃស្តេចបេនយ៉ាមីនមានមូលហេតុដើម្បីរីករាយ និង មានពោរពេញដោយសេចក្តីអំណរ ។
តើមានអ្វីក្នុងសាររបស់ទេវតាដែលអាចបំពេញសេចក្តីអំណរដល់ពួកសាសន៍នីហ្វៃ ?
សូមអានម៉ូសាយ 3:5–10ហើយគូសចំណាំពាក្យ ឬ ឃ្លាទាំងឡាយអំពីព្រះអង្គសង្គ្រោះ និង កិច្ចការបម្រើរបស់ទ្រង់ដែលជួយអ្នកឲ្យកាន់តែឃើញពីគុណតម្លៃនៃកិច្ចការបម្រើខាងសាច់ឈាមរបស់ព្រះអង្គសង្គ្រោះ ។
-
សូមជ្រើសរើសឃ្លាពីរដែលអ្នកបានគូសចំណាំ ហើយសរសេរនូវការពន្យល់មួយក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីអ្វីដែលឃ្លាទាំងនោះបង្រៀនដល់អ្នកដើម្បីជួយអ្នកយល់កាន់តែច្បាស់ ហើយកាន់តែឃើញពីគុណតម្លៃនៃកិច្ចការបម្រើរបស់ព្រះអង្គសង្គ្រោះ ។
មានគោលលទ្ធិ និង គោលការណ៍ជាច្រើនដែលបានបង្រៀនក្នុងម៉ូសាយ 3:5–10 ។ចំណុចដ៏សំខាន់បំផុតមួយនៃចំណុចសំខាន់ទាំងនេះគឺថា ៖ ព្រះយេស៊ូវគ្រីស្ទបានទទួលរងការឈឺចាប់ ដើម្បីឲ្យយើងអាចត្រូវបានសង្គ្រោះពីអំពើបាបទាំងឡាយរបស់យើង ។ សូមពិចារណាពីការសរសេរគោលលទ្ធិនេះក្នុងព្រះគម្ពីររបស់អ្នកក្បែរនឹងម៉ូសាយ 3:7–9 ។
បន្ទាប់ពីអានម៉ូសាយ 3:7–9ហើយសូមអានលូកា 22:44និងគោលលទ្ធិ និង សេចក្តីសញ្ញា 19:16–18 ។តើម៉ូសាយ 3បានផ្តល់ការយល់ដឹងបន្ថែមអ្វីខ្លះ ?តើម៉ូសាយ 3ជួយយើងឲ្យឃើញពីគុណតម្លៃនៃអ្វីដែលបានកើតឡើងចំពោះព្រះអង្គសង្គ្រោះយ៉ាងដូចម្តេច ?
សូមអានសេចក្ដីថ្លែងការណ៍តទៅនេះពីអែលឌើរ ជេម អ៊ី. ថាល់មេហ្គ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់អំពីការឈឺចាប់របស់ព្រះអង្គសង្គ្រោះក្នុងច្បារគែតសេម៉ានី ៖
« ការឈឺចាប់ដ៏ខ្លាំងបំផុតរបស់ព្រះគ្រីស្ទក្នុងសួនច្បារគឺមិនអាចយល់បានតាមការគិតនោះទេ គឺទាំងប្រពលភាពនៃការឈឺចាប់ និង បុព្វហេតុនៃការឈឺចាប់ ។… ទ្រង់ស៊ូទ្រាំហើយស្រែកថ្ងូរក្នុងទម្ងន់មួយដែលគ្មានមនុស្សលោកណាម្នាក់ដែលបានរស់នៅលើផែនដីនេះ អាចសូម្បីតែគិតថាវាអាចទៅរួចនោះឡើយ ។វាមិនមែនជាការឈឺចាប់ខាងរាងកាយ ហើយក៏មិនមែនជាការឈឺចាប់ខាងផ្លូវចិត្តតែមួយដែលបណ្តាយឲ្យទ្រង់ទទួលរងទណ្ឌកម្មបែបនេះ ដែលបណ្ដាលឲ្យបែកញើសក្លាយជាឈាមមកតាមគ្រប់រន្ធញើស ។ ប៉ុន្តែជាការឈឺចាប់ខាងវិញ្ញាណនៃព្រលឹងដ៏ខ្លាំងបំផុតដែលមានតែព្រះប៉ុណ្ណោះដែលអាចមានលទ្ធភាពស៊ូទ្រាំរួច ។… ក្នុងម៉ោងនៃការឈឺចាប់ដ៏ខ្លាំង ព្រះគ្រីស្ទបានស៊ូទ្រាំ ហើយបានយកឈ្នះសេចក្តីស្អប់ខ្ពើមទាំងអស់ដែលសាតាំង ‹ ចៅហ្វាយរបស់លោកិយនេះ › [យ៉ូហាន 14:30] អាចធ្វើឲ្យរងទុក្ខ ។ …
« នៅក្នុងលក្ខណៈមួយចំនួន គឺច្បាស់លាស់ និង ពិតប្រាដកណាស់ ថ្វីបើមនុស្សមិនអាចយល់បានក៏ដោយ ក៏ព្រះអង្គសង្គ្រោះបានយកមកដាក់លើខ្លួនទ្រង់នូវបន្ទុកនៃអំពើបាបរបស់មនុស្សលោកទាំងអស់ចាប់ពីលោកអ័ដាមដល់ចុងបញ្ចប់នៃពិភពលោកនេះ »( Jesus the Christ,បោះពុម្ពលើកទី 3 [ ឆ្នាំ1916 ]ទំព័រ 613 ) ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរអំពីបទពិសោធន៍មួយដែលបានជួយអ្នកដឹងថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះ ។តើការចងចាំពីបទពិសោធន៍នេះបន្ថែមសេចក្តីអំណរដល់ជីវិតរបស់អ្នកយ៉ាងដូចម្តេច ?
ម៉ូសាយ 3:11–27
ស្តេចបេនយ៉ាមីនពិពណ៌នាពីរបៀបដើម្បីយកឈ្នះលើភាពខាងសាច់ឈាម
នៅពេលស្តេចបេនយ៉ាមីនបន្តបង្រៀនប្រជារាស្រ្តរបស់ទ្រង់ នោះទ្រង់បានបង្រៀនពួកគេនូវរបៀបដែលដង្វាយធួនប្រទានពរដល់កូនចៅរបស់ព្រះ ។ទ្រង់ក៏បានបង្រៀនពីរបៀបដែលយើងអាចយកឈ្នះលើភាពខាងសាច់ឈាម ហើយក្លាយទៅជាអ្នកបរិសុទ្ធតាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។
ដើម្បីយល់ដឹងកាន់តែប្រសើរពីរបៀបដែលដង្វាយធួនប្រទានពរដល់កូនចៅរបស់ព្រះ សូមអានវគ្គបទគម្ពីរខាងក្រោម ហើយសរសេរជាការពិពណ៌នាអំពីក្រុមមនុស្សដែលខគម្ពីរនោះថ្លែងទីបន្ទាល់ថា នឹងត្រូវបានប្រទានពរតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ៖
វាជាការសំខាន់ដើម្បីដឹងថា បើទោះជាព្រះយេស៊ូវគ្រីស្ទបានធ្វើដង្វាយធួនសម្រាប់អំពើបាបទាំងឡាយរបស់ពួកអ្នកដែលមិនស្គាល់ដំណឹងល្អ—អ្នកទាំងឡាយដែលស្លាប់ទៅទាំងមិនបានដឹង—ពួកគេនៅតែត្រូវការប្រែចិត្ត ហើយអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទនៅក្នុងពិភពវិញ្ញាណដើម្បីត្រូវបានសង្គ្រោះ ( សូមមើលគ.និង ស. 131:6; 138:31–34 ) ។ម្យ៉ាងទៀត ព្រះអម្ចាស់បានបើកសម្តែងថា កូនក្មេងត្រូវបានចាប់កំណើតឡើងដោយគ្មានទោសនៅក្នុងព្រះនេត្រនៃព្រះ ហើយសាតាំងគ្មានអំណាចដើម្បីល្បួងពួកគេទេ ។កូនក្មេងតូចៗត្រូវបានសង្គ្រោះតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទដោយមិនត្រូវការការប្រែចិត្ត ឬ ធ្វើបុណ្យជ្រមុជទឹកឡើយ រហូតដល់ពេលពួកគេមានអាយុប្រាំបីឆ្នាំនឹងចាប់ផ្តើមទទួលខុសត្រូវ ( សូមមើលមរ៉ូណៃ 8:8–15, គ.និង ស. 29:46–47, 137:10 ) ។
យើងត្រូវតែប្រព្រឹត្តតាមចំណេះដឹងដែលយើងមានមកពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។សូមអានម៉ូសាយ 3:12–13ហើយគូសបន្ទាប់ពីក្រោមពាក្យ និង ឃ្លាទាំងឡាយដែលបង្រៀនថា យើងអាចត្រូវបានសង្គ្រោះពីអំពើបាបរបស់យើង ហើយអរសប្បាយនៅពេលយើងអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ និង ប្រែចិត្ត ។
សូមនឹកគិតពីរូបភាពកែវទឹកដែលចាក់បំពេញដោយ « សុភមង្គល » ។សូមចងចាំពីបន្ទូលរបស់ទេវតាដែលបានប្រកាសថា សេចក្តីអំណរកើតមានមកពីការយល់ដឹងពីបេសកកម្ម និង ពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ( សូមមើលម៉ូសាយ 3:4–5 ) ។ដើម្បីយល់ដឹងពីភាពផ្ទុយគ្នានៃរូបភាពនេះ សូមអានម៉ូសាយ 3:24–27 ។សូមគូសបន្ទាត់ពីក្រោមអ្វីដែលពួកអ្នកជ្រើសរើសមិនប្រែចិត្ត នឹងផឹកនៅថ្ងៃជំនុំជម្រះ ។
តើអ្វីនឹងកើតឡើងចំពោះអ្នកទាំងឡាយដែលជ្រើសរើសមិនអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ និង មិនប្រែចិត្ត ?
បន្ទាប់ពីការបង្រៀនដល់ប្រជារាស្ត្រទ្រង់អំពីដង្វាយធួននៃព្រះអង្គសង្គ្រោះ និង តម្រូវការដើម្បីប្រែចិត្ត និង មានសេចក្តីជំនឿលើព្រះអង្គសង្គ្រោះ នោះស្តេចបេនយ៉ាមីនបានបង្រៀនប្រជារាស្ត្រទ្រង់ពីរបៀបដើម្បីសម្រាតចេញនូវផ្នែកដែលមានបាបពីធម្មជាតិរបស់ពួកគេ ហើយក្លាយទៅជាអ្នកបរិសុទ្ធតាមរយៈដង្វាយធួន ។
សូមអានម៉ូសាយ 3:19ហើយរកមើលពាក្យ ឬ ឃ្លាណាក៏ដោយដែលអ្នកមិនយល់ ។វាអាចជាប្រយោជន៍ដើម្បីសរសេរនិយមន័យបីក្នុងព្រះគម្ពីររបស់អ្នកក្បែរនឹងខគម្ពីរនេះ ។« មនុស្សខាងសាច់ឈាម » គឺជាមនុស្សម្នាក់ដែលជ្រើសរើសទទួលឥទ្ធិពលពីតណ្ហា បំណងប្រាថ្នា និង ចំណង់នៃសាច់ឈាមជាជាងការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ។« ព្រមធ្វើតាម » មានន័យថា ចុះចូលជាមួយអ្នកណាម្នាក់ ឬ រឿងអ្វីមួយ ។« សេចក្តីទូន្មាន » គឺជាការអញ្ជើញដែលប្រកបដោយការបញ្ចុះបញ្ចូល ឬ គួរឲ្យពេញចិត្ត ។ម៉ូសាយ 3:19គឺជាវគ្គចំណេះចំណានខគម្ពីរ ។អ្នកអាចនឹងចង់គូសចំណាំវានៅក្នុងរបៀបមួយដែលងាយសម្គាល់ ដើម្បីអ្នកអាចងាយរកវាឃើញនៅពេលខាងមុខ ។
-
សូមសរសេរចំណងជើង « សម្រាតភាពខាងសាច់ឈាម »ក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។នៅខាងក្រោមចំណងជើងនេះ សូមធ្វើបញ្ជីពីអ្វីដែលម៉ូសាយ 3:19 បង្រៀនថា យើងត្រូវតែធ្វើដើម្បីយកឈ្នះលើ « ភាពខាងសាច់ឈាម » ។សូមគូសរង្វង់ជុំវិញសកម្មភាពមួយដែលអ្នកមានអារម្មណ៍ថាសំខាន់បំផុតសម្រាប់អ្នកដើម្បីធ្វើនៅពេលនេះ ។សូមដាក់ផែនការដើម្បីអនុវត្តសកម្មភាពនេះ ។
គោលការណ៍មួយនៃគោលការណ៍ទាំងឡាយដែលម៉ូសាយ 3:19 បង្រៀន គឺថា បើសិនយើងព្រមធ្វើតាមសេចក្តីទូន្មាននៃព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចយកឈ្នះលើភាពខាងសាច់ឈាមតាមរយៈដង្វាយធួននៃព្រះគ្រីស្ទ ។
តាមគំនិតរបស់អ្នក តើព្រមធ្វើតាម « សេចក្តីទូន្មាននៃព្រះវិញ្ញាណបរិសុទ្ធ »មានន័យយ៉ាងណា ?
សូមអានសេចក្ដីថ្លែងការណ៍តទៅនេះពីអែលឌើ នែល អេ ម៉ាក់ស្វែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់អំពីសម្រាតភាពខាងសាច់ឈាម ៖ « ភាពសុចរិតផ្ទាល់ខ្លួនការថ្វាយបង្គុំ ការអធិស្ឋាន និង ការសិក្សាព្រះគម្ពីរ គឺចាំបាច់ខ្លាំងណាស់ដើម្បី ‹[ សម្រាត ] ភាពខាងសាច់ឈាម › ( ម៉ូសាយ 3:19 ) » ( « The Tugs and Pulls of the World » Ensignខែ វិច្ឆិកា ឆ្នាំ 2000 ទំព័រ 36 ) ។
-
សូមឆ្លើយសំណួរតទៅនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកកំពុងព្យាយាមព្រមធ្វើតាមសេចក្តីទូន្មាននៃព្រះវិញ្ញាណបរិសុទ្ធក្នុងជីវិតអ្នកតាមវិធីណា ?
-
តើអ្នកអាចធ្វើអ្វីដើម្បីព្រមធ្វើតាម « សេចក្តីទូន្មាននៃព្រះវិញ្ញាណបរិសុទ្ធ » ឲ្យកាន់តែពេញលេញក្នុងជីវិតផ្ទាល់ខ្លួនអ្នក ។សូមសរសេរគោលដៅមួយក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកដើម្បីជួយអ្នកកែប្រែចំណុចនេះក្នុងសប្តាហ៍នេះឲ្យកាន់តែប្រសើរឡើង ។អ្នកអាចពិចារណាលើការកែប្រែនូវអាកប្បកិរិយាមួយដែលជួយយើងប្រែក្លាយដូចជាកូនក្មេងម្នាក់ ដែលមានរៀបរាប់នៅក្នុងម៉ូសាយ 3:19—ឧទាហរណ៍ ការក្លាយទៅជាងាយប្រដៅ ស្លូតបូត ទាបរាបសា អត់ធ្មត់ ពោរពេញទៅដោយសេចក្តីស្រឡាញ់ ឬ ព្រមទទួលនូវអ្វីៗទាំងអស់ដែលព្រះអម្ចាស់ទតឃើញថា « ល្អ »ដល់អ្នក ។
-
សូមសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកនូវឧបសគ្គមួយចំនួនក្នុងជីវិតអ្នកដែលរារាំងអ្នកពីការព្រមធ្វើតាមសេចក្តីទូន្មាននៃព្រះវិញ្ញាណ ។
ចំណេះចំណានខគម្ពីរ—ម៉ូសាយ 3:19
-
ដើម្បីជួយអ្នកចងចាំ ឬ ទន្ទេញ ម៉ូសាយ 3:19អ្នកអាចចង់អានវាទាំងអស់ចំនួនបីដង ។ការអានឡើងវិញដដែលៗនឹងជួយអ្នកកាន់តែយល់ខ្លឹមសារនៃខគម្ពីរនេះ ។បន្ទាប់ពីការធ្វើរបៀបនេះ សូមព្យាយាមសរសេរខគម្ពីរ ឬ គំនិតក្នុងខគម្ពីរនេះឲ្យបានច្រើនតាមដែលអ្នកអាចក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកដោយមិនពឹងផ្អែកលើព្រះគម្ពីររបស់អ្នក ។សូមព្យាយាមសូត្រខគម្ពីរនេះឡើងវិញឮៗនៅក្នុងពេលផ្សេងៗ ដូចជាខណៈពេលអ្នកកំពុងដើរ កំពុងហាត់ប្រាណ ឬ រៀបចំចូលដំណេក ។ការធ្វើរបៀបនេះរយៈពេលពីរ ឬ បីថ្ងៃជាប់ៗគ្នា អាចជួយអ្នកចងចាំពីសារៈសំខាន់នៃគោលលទ្ធិទាំងឡាយក្នុងខគម្ពីរនេះ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សាម៉ូសាយ 3 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖