មេរៀនទី 7 ៖ ថ្ងៃទី 3
នីហ្វៃទី 2 21–24
សេចក្តីផ្ដើម
ភាគច្រើននៃពាក្យព្យាកររបស់អេសាយក្នុងព្រះគម្ពីរមរមនគឺស្តីពីថ្ងៃចុងក្រោយ ។លោកបានព្យាករអំពីការស្តារឡើងវិញនៃដំណឹងល្អ ព្យាការីយ៉ូសែបស្ម៊ីធ ការយាងមកលើកទីពីរនិង ការបំផ្លិចបំផ្លាញនៃពួកទុច្ទរិត ។លោកបានព្យាករថា ព្រះអម្ចាស់នឹង « លើកទង់មួយឡើងសម្រាប់សាសន៍ទាំងឡាយ » ដើម្បីប្រមូលរាស្ត្ររបស់ទ្រង់នៅថ្ងៃចុងក្រោយ ( សូមមើលនីហ្វៃទី 2 21:11–12 ) ។អេសាយក៏បានធ្វើទីបន្ទាល់ផងដែរថា ព្រះអម្ចាស់នឹងឈ្នះលើសាតាំង ហើយបម្រើនៅក្នុងសហស្សវត្សដែលជាសម័យនៃសេចក្ដីសុខសាន្ត និង សេចក្តីអំណរ ។
នីហ្វៃទី 2 21:1–4, 10–12
អេសាយព្យាករអំពីការស្តារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនៅថ្ងៃចុងក្រោយ
សូមឈប់មួយភ្លែត ហើយស្រម៉ៃគិតដល់ពន្លឺមួយដែលចាប់ផ្តើមរះឡើងពីមុខអ្នក ។ពន្លឺនេះចេះតែភ្លឺខ្លាំងឡើងៗ ។រំពេចនោះមានសារទូតមួយដែលបានចាត់មកពីវត្តមាននៃព្រះ កំពុងឈរនៅពីមុខអ្នក ។ទ្រង់ប្រាប់អ្នកថា ពាក្យព្យាករពីបុរាណហៀបនឹងបំពេញហើយ ហើយថា អ្នកនឹងរួមចំណែកជួយក្នុងការបំពេញពាក្យព្យាករណ៍ទាំងនោះ ។តើអ្វីទៅជាប្រត្តិកម្មតប គំនិត និង សំណួរដំបូងរបស់អ្នក ?
នៅយប់ដែលមរ៉ូណៃបានលេចមកជួបយ៉ូសែប ស្ម៊ីធជាលើកដំបូង—ថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ 1823—លោកបានដកស្រង់ពីអេសាយ 11ដែលមាននៅក្នុងនីហ្វៃទី 2 21ផងដែរ ។មរ៉ូណៃបានប្រាប់យ៉ូសែប ស្ម៊ីធថា ពាក្យព្យាករទាំងឡាយក្នុងជំពូកនោះគឺហៀបនឹង « បានសម្រេចហើយ » ។ ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:40 ) ។នៅពេលអ្នកសិក្សាពាក្យព្យាករទាំងនេះដែលមកពីអេសាយ សូមសញ្ជឹងគិតពីមូលហេតុដែលនីហ្វៃនឹងកត់ត្រាពាក្យព្យាករទាំងនេះនៅលើផ្ទាំងតូច និងមូលហេតុដែលមរ៉ូណៃនឹងដកស្រង់ពាក្យព្យាករណ៍ទាំងនេះទៅកាន់យ៉ូសែប ស្ម៊ីធ ។
ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈមួយដែលបានបញ្ជាក់ពីអត្ថន័យនៃពាក្យព្យាករដែលបានកត់ត្រាក្នុងនីហ្វៃទី 2 21 ។អ្នកប្រាជ្ញទាំងឡាយបានចាប់អារម្មណ៍យ៉ាងខ្លាំងជាយូរមកហើយ ក្នុងការព្យាយាមយល់ពីអត្ថន័យនៃនិមិត្តរូបទាំងឡាយដែលបានប្រើប្រាស់ក្នុងជំពូកនេះ ។ព្រះគម្ពីរមរមន និង ពួកព្យាការីសម័យទំនើបនេះបានជួយយើងឲ្យយល់អត្ថន័យកាន់តែច្បាស់ ។ឧទាហរណ៍ អេសាយបានប្រើប្រាស់រូបប្រៀបប្រដូចជាដើមឈើ ឬ រុក្ខជាតិមួយ ។សូមអាននីហ្វៃទី 2 21:1, 10 ហើយរកមើលផ្នែកពិសេសៗទាំងឡាយនៃដើមឈើ ឬ រុក្ខជាតិ ។បន្ទាប់មក អានគោលលទ្ធិ និង សេចក្តីសញ្ញា113:1–6 ដើម្បីជួយអ្នកយល់ពីអត្ថន័យនៃនិមិត្តរូបទាំងនេះ ។វាអាចជាជំនួយដ៏ល្អដើម្បីសរសេរការបកស្រាយនៃនិមិត្តរូបក្នុងព្រះគម្ពីររបស់អ្នក ។
គល់របស់អ៊ីសាយ—ព្រះយេស៊ូវគ្រីស្ទ
លំពង់មួយនឹងដុះចេញពីគល់របស់អ៊ីសាយ—ជាអ្នកបម្រើម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ
ឫសរបស់អ៊ីសាយ—ជាបុគ្គលម្នាក់ដែលកាន់កូនសោបព្វជិតភាព
សូមពិចារណាសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ដែលថ្លែងដោយ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ដែលបានពន្យល់ថា « ឫសរបស់អ៊ីសាយ » និង « លំពង់មួយនឹងដុះចេញពីគល់របស់អ៊ីសាយ » ឃ្លាទាំងពីរនេះសំដៅដល់ព្យាការី យ៉ូសែប ស្ម៊ីធ ៖ « តើយើងខុសដែរឬទេក្នុងការនិយាយថា ព្យាការីដែលត្រូវបានរៀបរាប់នៅកន្លែងនេះ [ ក្នុងគ. និង ស.113:5–6 ] ថាជាយ៉ូសែប ស្ម៊ីធនោះ ជាបុរសម្នាក់ដែលនឹងត្រូវបានប្រទានឲ្យនូវបព្វជិតភាព ហើយទទួលបានកូនសោទាំងឡាយនៃនគរ ហើយនិងជាអ្នកលើកទង់ជ័យឡើងសម្រាប់ការប្រមូលរាស្ត្ររបស់ព្រះអម្ចាស់ក្នុងជំនាន់របស់យើងនោះ ?ហើយតើលោកក៏មិនមែនជា‹ អ្នកបម្រើនៅក្នុងព្រះហស្តនៃព្រះគ្រីស្ទ ដែលជាពូជពង្សរបស់អ៊ីសាយខ្លះ និង ពូជពង្សរបស់អេប្រាអិមខ្លះ ឬ ជាវង្សនៃយ៉ូសែប ដែលមានអំណាចដ៏ខ្លាំង ›ទេឬអី ?[ គ. និង ស.113:3–4 ] » ( Millennial Messiah [1982] ទំព័រ 339–40 ) ។
សូមអាននីហ្វៃទី 2 21:10, 12ហើយរកមើលអ្វីដែលអេសាយបានព្យាករថា ព្រះអម្ចាស់នឹងធ្វើតាមរយៈ « ឫសរបស់អ៊ីសាយ » ( យ៉ូសែប ស្ម៊ីធ ) ។ពាក្យ ទង់ជ័យ សំដៅលើ « បទដ្ឋាន » មួយដែលរាស្ត្រប្រមូលផ្តុំ ។
ខទាំងនេះបង្រៀនសេចក្តីពិតដូចតទៅនេះ ៖ ព្រះអម្ចាស់បានស្តារដំណឹងល្អរបស់ទ្រង់ និង សាសនាចក្ររបស់ទ្រង់ឡើងវិញតាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ហើយឥឡូវនេះកំពុងប្រមូលរាស្ត្ររបស់ទ្រង់នៅថ្ងៃចុងក្រោយ ។
-
សូមឆ្លើយសំណួរដូចតទៅនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគឺជាទង់ជ័យមួយចំពោះពិភពលោកដោយរបៀបណា ?
នីហ្វៃទី 2 21:6–9; 22:1–6
អេសាយពិពណ៌នាពីសម័យសហស្សវត្សរ៍
ប្រធានបទដែលត្រូវបានពិភាក្សាច្រើនបំផុតមួយក្នុងចំណោមប្រធានបទទាំងឡាយក្នុងចំណោមអ្នកកាន់គ្រីស្ទសាសនាគឺជារជ្ជកាលសហស្សវត្សរ៍របស់ព្រះអង្គសង្គ្រោះ ។តើអ្នកធ្លាប់គិតច្រើនអំពីរឿងនេះទេ ?សូមស្រម៉ៃថា មិត្តម្នាក់បានសួរអ្នកថា តើអ្នកជឿអ្វីខ្លះ អំពីសម័យសហស្សវត្សរ៍ ។តើអ្នកនឹងនិយាយបែបណា ?
អេសាយបានព្យាករថា ក្រោយពីការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះនោះនឹងមានការផ្លាស់ប្តូរជាច្រើននៅលើផែនដីនេះ ដែលនឹងឋិតនៅយូរអង្វែងរយៈពេលមួយពាន់ឆ្នាំ ។យើងហៅអំឡុងពេលនេះថា សហស្សវត្សរ៍ដ៏សុខសាន្ត ។សូមអាននីហ្វៃទី 2 21:6–9រកមើលថា តើមានស្ថានភាពដូចម្តេចនៅលើផែនដី នៅអំឡុងសហស្សវត្សរ៍ ។
យោងតាមនីហ្វៃទី 2 21:9 ការព្យាករណ៍មួយអំពីសហស្សវត្សរ៍គឺថា « គ្រប់ទាំងអស់នឹងស្គាល់ព្រះអម្ចាស់ ពាសពេញលើផែនដី » ។សូមពិចារណាពី របៀបដែល ការសម្រេចតាមការព្យាករនេះនឹងមានឥទ្ធិពលមកលើមនុស្សជុំវិញពិភពលោកនេះ ។សូមអាននីហ្វៃទី 2 22:1–6ហើយកត់សម្គាល់ពីអារម្មណ៍នៃការថ្វាយបង្គុំដែលមនុស្សនឹងមានអំឡុងសហស្សវត្សរ៍ ។តើយើងអាចអភិវឌ្ឍលក្ខណៈដូចគ្នានោះដោយរបៀបណា នៅសព្វថ្ងៃនេះ ?
ខគម្ពីរទាំងឡាយដែលអ្នកបានសិក្សា បង្រៀនសេចក្តីពិតនេះថា ៖អំឡុងសហស្សវត្សរ៍ ផែនដីនេះនឹងទៅជាកន្លែងនៃភាពសុខសាន្តដោយសារវានឹងពោរពេញដោយការចេះដឹងអំពីព្រះអម្ចាស់ ។តើទិដ្ឋភាពមួយណានៃសហស្សវត្សរ៍ ដែលអ្នកចង់មាននៅក្នុងជីវិតរស់នៅរបស់អ្នកនៅពេលនេះ ?សូមសញ្ជឹងគិតមួយភ្លែតពីអ្វីដែលអ្នកអាចធ្វើដើម្បីទទួលបានពរជ័យមួយចំនួននៃពរជ័យទាំងនេះ ។
អ្នកអាចនឹងចង់ច្រៀង ស្តាប់ ឬអាន « ទ្រង់ជាពន្លឺខ្ញុំ» ( ទំនុកតម្កើងលេខ 39 ) ដើម្បីបន្ថែមលើការសិក្សារបស់អ្នកពីនីហ្វៃទី 2 22 ។
នីហ្វៃទី 2 23–24
អេសាយពិពណ៌នាពីការធ្លាក់នៃក្រុងបាប៊ីឡូន ការធ្លាក់របស់ពួកទុច្ចរិត និង ការធ្លាក់របស់លូស៊ីហ្វើរ
តាមការកត់ត្រាក្នុងនីហ្វៃទី 2 23–24អេសាយបានថ្កោលទោសដល់អំពើទុច្ចរិតរបស់វង្សអ៊ីស្រាអែល និង បានប្រៀបធៀបការបំផ្លិចបំផ្លាញរបស់ពួកទុច្ចរិតនៅថ្ងៃចុងក្រោយទៅនឹងការបំផ្លិចបំផ្លាញក្រុងបាប៊ីឡូនពីបុរាណ ។ក្រុងបាប៊ីឡូនគឺជាក្រុងដែលទុច្ចរិតខ្លាំងណាស់ក្នុងសម័យរបស់អេសាយ ហើយចាប់ពីពេលនោះមកបានប្រើជាតំណាងឲ្យសេចក្ដីទុច្ចរិតនៃពិភពលោកនេះ ( សូមមើលគ. និង ស. 133:14 ) ។
សូមសិក្សាអ្វីដែលអេសាយបានព្យាករថា នឹងកើតឡើងចំពោះពួកទុច្ចរិតនៅថ្ងៃចុងក្រោយ ដោយអាននីហ្វៃទី 2 23:1, 4–9, 11, 15, 19, និង 22 ។
អេសាយក៏បានប្រៀបធៀបពីការបំផ្លិចបំផ្លាញក្រុងបាប៊ីឡូនពីបុរាណទៅនឹងការធ្លាក់របស់លូស៊ីហ្វើរ ( របស់សាតាំង ) ពីស្ថានសួគ៌ ។លោកបាននិយាយអំពីលូស៊ីហ្វើរថា ជាស្តេចតំណាងម្នាក់របស់ក្រុងបាប៊ីឡូន ដែលមានន័យថា ពិភពលោកទាំងមូលដែលទុច្ចរិត ។អេសាយបានប្រើប្រាស់ការធ្លាក់របស់លូស៊ីហ្វើរក្នុងពិភពមុនឆាកជីវិតនេះជាការចង្អុលបង្ហាញពីរបៀបដែលពួកទុច្ចរិតនឹងបរាជ័យ ហើយធ្លាក់ ។សូមសិក្សា នីហ្វៃទី 2 24:12–14ហើយគូសឃ្លាទាំងឡាយដែលបង្ហាញពីការអួតអាង និង ភាពឆ្មើងឆ្មៃរបស់សាតាំង ។
តើអ្នកអង្កេតការប្រើប្រាស់នៃពាក្យខ្ញុំក្នុងខទាំងនេះឬទេ ?អ្នកអាចគូសជុំវិញពាក្យខ្ញុំ ក្នុងព្រះគម្ពីររបស់អ្នក ។នៅគ្រាមួយ ប្រធានអិន. អេលឌិន ថែនណឺ នៃគណៈប្រធានទីមួយបានមានប្រសាសន៍ថា សាតាំង « ខ្វល់ខ្វាយនឹងកិត្តិយសជាជាងលទ្ធផល សិរីល្អ និង ការសរសើរគឺជាទីបញ្ចប់នៃគោលដៅពិតរបស់វា » ( «For They Loved the Praise of Men More Than the Praise of God» Ensignខែ វិច្ឆិកា ឆ្នាំ 1975 ទំព័រ 76 ) ។
សូមពិនិត្យមើលក្នុងនីហ្វៃទី 2 24:15–16នូវអ្វីដែលនឹងកើតឡើងចំពោះសាតាំងនៅទីបំផុត និង ថាតើមនុស្សនឹងមានអារម្មណ៍បែបណាអំពីសាតាំងនៅពេលពួកគេឃើញថា សាតាំងនឹងក្លាយទៅជាបែបណានោះ ។
សូមអានសេចក្ដីថ្លែងការណ៍ដូចតទៅនេះ ដែលថ្លែងដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖ « នៅក្នុងក្រុមប្រឹក្សាមុនឆាកជីវិតនេះ វាគឺជាមោទនភាពដែលបានទម្លាក់លីស៊ីហ្វើរចុះដែលជា ‹ បុត្រានៃពេលព្រឹក › ។( 2 នីហ្វៃ24:12–15សូមមើលផងដែរគ. និង ស.76:25–27; ម៉ូសេ4:3 ) ។… លូស៊ីហ្វើរបានដាក់សំណើររបស់វាដែលជាការប្រកួតប្រជែងជាមួយនឹងផែនការរបស់ព្រះវរបិតាដែលត្រូវបានជួយគាំទ្រដោយព្រះយេស៊ូវគ្រីស្ទ ។( សូមមើលម៉ូសេ 4:1–3 ) ។សាតាំងបានប្រាថ្នាចង់បានកិត្តិយសលើអស់អ្នកដទៃទៀត ។( សូមមើល2 នីហ្វៃ24:13 ) ។និយាយឲ្យខ្លីទៅ បំណងប្រាថ្នាដ៏ឆ្មើងឆ្មៃរបស់វាគឺដើម្បីទម្លាក់បល្ល័ង្ករបស់ព្រះ ។( សូមមើល គ. និង ស.29:36; 76:28 ) » ។( “Beware of Pride” Ensignខែ ឧសភា ឆ្នាំ 1989 ទំព័រ 4–5 ) ។
នៅក្នុងនីហ្វៃទី 2 23:22 យើងរៀនថា អ្នកអាចទទួលបានការលួងលោមបើអ្នកសុចរិត ។ព្រះនឹងមានសេចក្តីមេត្តាករុណាមកលើអ្នក ប៉ុន្តែពួកទុច្ចរិតនឹងត្រូវវិនាស ។
-
សូមឆ្លើយសំណួរខាងក្រោមនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើខ្ញុំអាចផ្លាស់ប្តូរអ្វីខ្លះក្នុងជីវិតខ្ញុំនៅថ្ងៃនេះដើម្បីមានការគោរពប្រតិបត្តិកាន់តែខ្លាំងឡើង ?
-
តើខ្ញុំអាចតាំងចិត្តយ៉ាងណាដើម្បីបន្តមានការគោរពប្រតិបត្តិ ?
-
សូមអធិស្ឋានដើម្បីបានឱកាសក្នុងការចែកចាយទីបន្ទាល់របស់អ្នកអំពីសេចក្តីពិតទាំងឡាយដែលអ្នកបានរៀនក្នុង នីហ្វៃទី 2 23 ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សានីហ្វៃទី 2 21–24ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖