សេចក្ដីណែនាំមកកាន់គម្ពីរមរមន
ហេតុអ្វីសិក្សាគម្ពីរនេះ ?
ពេលអ្នកសិក្សាគម្ពីរមរមន អ្នកនឹងរៀនពីមេរៀនដ៍មានតម្លៃនានាពីមរមន ដែលបានរស់នៅដោយស្មោះត្រង់ ក្នុងនាមជាសិស្សម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ សូម្បីលោកត្រូវបានហ៊ុំព័ទ្ធអស់មួយជីវិតលោកដោយ « អំពើទុច្ចរិត និង អំពើគួរខ្ពើមឆ្អើមទាំងឡាយ … មិនឈប់ឈរ » ( មរមន 2:18 ) ។ អ្នកនឹងទទួលផលផងដែរពីការសិក្សានូវពាក្យសម្ដីរបស់មរ៉ូណៃ ជាកូនប្រុសរបស់មរមន ដែលបានថ្លែងទីបន្ទាល់ដល់អ្នកអានថ្ងៃចុងក្រោយថា « ព្រះយេស៊ូវគ្រីស្ទ ទ្រង់បង្ហាញអ្នករាល់គ្នាដល់ខ្ញុំ ហើយខ្ញុំដឹងនូវអ្វីៗដែលអ្នករាល់គ្នាធ្វើ » ( មរមន 8:35 ) ។ ដោយការសិក្សានូវការសរសេរទាំងនេះ អ្នកអាចរៀនពីសារៈសំខាន់នៃការជ្រើសរើស ដើម្បីរស់នៅតាមបទបញ្ញត្តិ និង សេចក្ដីសញ្ញាទាំងឡាយនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
តើនរណាបានសរសេរគម្ពីរនេះ ?
មរមនបានសរសេរប្រាំពីរជំពូកដំបូងនៃគម្ពីរនេះ ជាបញ្ជីសង្ខេបមួយនៃសេចក្ដីទុច្ចរិត និង សង្គ្រាមទាំងឡាយក្នុងចំណោមពួកសាសន៍នីហ្វៃ និង ពួកសាសន៍លេមិននៅក្នុងជំនាន់របស់លោក ។ លោកបានធ្វើផងដែរនូវ « ដំណើររឿងដ៏ពោរពេញ » នៃព្រឹត្តិការណ៍ទាំងឡាយចេញពីពីឆាកជីវិតរបស់លោក នៅលើផ្ទាំងធំរបស់នីហ្វៃ ។ ( សូមមើល មរមន 2:18; 5:9 ) ។ ពេលមរមន « មានអាយុដប់ឆ្នាំ » អាំម៉ារុនជាអ្នកថែរក្សាបញ្ជី បានប្រាប់លោកថា នៅទីបំផុតលោកនឹងមានការទទួលខុសត្រូវក្នុងការកត់ត្រា « នូវការណ៍ទាំងអស់ ដែល [ លោក ] បានសង្កេតឃើញអំពីប្រជាជននេះ » ( មរមន 1:2, 4 ) ។ នៅអាយុប្រហែល 24 ឆ្នាំ លោកបានទទួលសិទ្ធិថែរក្សាផ្ទាំងទាំងឡាយនៃនីហ្វៃ និង បានធ្វើ « បញ្ជីមួយស្របតាមពាក្យរបស់អាំម៉ូរុន » ( មរមន 2:17 ) ។ ក្រោយមក មរមនបានចាប់ផ្ដើមសង្ខេបផ្ទាំងធំរបស់នីហ្វៃ ដែលរួមមានការសរសេរទាំងឡាយពីពួកព្យាការី និង ពួកអ្នកថែរក្សាបញ្ជី ចាប់ពីលីហៃ រហូតដល់អាំម៉ារុន ។ ជិតចុងបញ្ចប់នៃជីវិតរបស់លោក មរមន « បានលាក់បញ្ជីទាំងអស់ដែលបានប្រគល់មកដល់ [ លោក ] ដោយព្រះហស្ដនៃព្រះអម្ចាស់នៅក្នុងភ្នំគូម៉ូរ៉ា » លើកលែងតែផ្ទាំងមួយចំនួនដែលលោកបានប្រគល់ទៅមរ៉ូណៃជាកូនប្រុសរបស់លោក ( មរមន 6:6 ) ។ បន្ទាប់មក លោកបានដឹកនាំពួកសាសន៍នីហ្វៃនៅក្នុងចម្បាំងដ៏ធំចុងក្រោយរបស់ពួកគេ ទាស់នឹងពួកសាសន៍លេមិន ។ មុនពេលមរមនស្លាប់ លោកបានណែនាំមរ៉ូណៃឲ្យបញ្ចប់បញ្ជីរបស់លោក ។ មរ៉ូណៃបានបន្ថែមនូវការសរសេរទាំងឡាយដែលមានក្នុងជំពូក 8–9 នៃគម្ពីរនេះ ។
តើនៅពេលណា ហើយនៅកន្លែងណាដែលគម្ពីរនេះត្រូវបានសរសេរឡើង ?
មរមនទំនងជាបានសរសេរ មរមន 1–7 រវាងឆ្នាំ 345 គ.ស. និង 401 គ.ស. ( សូមមើល មរមន 2:15–17; 8:5–6 ) ។ លោកបានបញ្ចប់ការសរសេរទាំងឡាយរបស់លោក បន្ទាប់ពីចម្បាំងដ៏ធំចុងក្រោយរវាងពួកសាសន៍នីហ្វៃ និង ពួកសាសន៍លេមិននៅគូម៉ូរ៉ា ( សូមមើល មរមន 6:10–11 ) ។ មរ៉ូណៃប្រហែលជាបានសរសេរ មរមន 8–9 នៅរវាងឆ្នាំ 401 គ.ស. និង 421 គ.ស. ពេលដែលលោកបានដើរត្រាច់ចរដើម្បីសុវត្ថិភាពនៃជីវិតលោក ( សូមមើល មរមន 8:4–6; មរ៉ូណៃ 1:1–3 ) ។