មេរៀនទី 31 ៖ ថ្ងៃទី 3
មរ៉ូណៃ 6
សេចក្តីផ្ដើម
មរ៉ូណៃ ជិតនឹងបញ្ចប់ការសរសេររបស់លោកនៅលើផ្ទាំងទាំងឡាយ ដោយពន្យល់ពីលក្ខណៈសម្បត្តិមួយចំនួនរបស់មនុស្សម្នាក់ ដើម្បីរៀបចំខ្លួនសម្រាប់បុណ្យជ្រមុជទឹកចូលក្នុងសាសនាចក្រ ។ បន្ទាប់មកលោកបានចែងពីការទទួលខុសត្រូវ ដែលសមាជិកសាសនាចក្រមាន ក្នុងការថែទាំសមាជិកផ្សេងទៀត ។ មរ៉ូណៃ ក៏បានពន្យល់ផងដែរ អំពីគោលបំណងនៃការប្រជុំទាំងឡាយរបស់សាសនាចក្រ និង បានសង្កត់ធ្ងន់ពីតម្រូវការ ដើម្បីឲ្យការប្រជុំក្នុងសាសនាចក្រ ត្រូវបានដឹកនាំដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។
មរ៉ូណៃ 6:1–3
មរ៉ូណៃ ដាក់ចេញនូវតម្រូវការសម្រាប់ពិធីបុណ្យជ្រមុជទឹក
សូមស្រម៉ៃថា អ្នកមានប្អូនអាយុប្រាំពីរឆ្នាំ ដែលនឹងឈានចូលដល់អាយុប្រាំបីឆ្នាំ នៅក្នុងរយៈពេលពីរបីខែទៀត ។ ឪពុកម្ដាយអ្នក បានសុំអ្នកឲ្យបង្រៀនមេរៀនរាត្រីជួបជុំក្រុមគ្រួសារមួយ ស្ដីពីរបៀបដើម្បីរៀបចំខ្លួនសម្រាប់ពិធីបុណ្យជ្រមុជទឹក ។
-
បើអ្នកត្រូវបង្រៀនមេរៀននោះឥឡូវនេះ តើអ្នកនឹងបង្រៀនអ្វី ដើម្បីជួយប្អូនអ្នកឲ្យរៀបចំខ្លួនទទួលបុណ្យជ្រមុជទឹក ? សូមសរសេរគំនិតរបស់អ្នក នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
បន្ទាប់ពីបញ្ចូលការអធិស្ឋានពិធីសាក្រាម៉ង់ទៅក្នុងកំណត់ត្រារបស់លោកហើយ ( សូមមើល មរ៉ូណៃ 4–5 ) មរ៉ូណៃបានបន្ថែមការណែនាំទាក់ទងនឹងពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក ។ សូមស្រាវជ្រាវ មរ៉ូណៃ 6:1–3 រកមើលនូវតម្រូវការទាំងឡាយសម្រាប់ពិធីបុណ្យជ្រមុជទឹក ។ អ្នកអាចនឹងចង់គូសចំណាំនូវតម្រូវការទាំងឡាយ ដែលអ្នករកឃើញនៅក្នុងព្រះគម្ពីររបស់អ្នក ។
តើអ្នកគិតថា វាមានន័យយ៉ាងណា ដែលពួកអ្នកដែលចង់ទទួលបុណ្យជ្រមុជទឹកត្រូវនាំ « មកនូវលទ្ធផលដែលបង្ហាញឲ្យឃើញថា ពួកគេសមនឹងទទួល » ? ( មរ៉ូណៃ 6:1 ) ។
សូមគិតពិចារណាអំពីអត្ថន័យនៃពាក្យ « ចិត្តសង្រេង និង វិញ្ញាណទន់ទាប » មានន័យយ៉ាងណា ( មរ៉ូណៃ 6:2 ) មុនពេលទទួលបុណ្យជ្រមុជទឹក ។ ដូចដែលមានកត់ត្រានៅក្នុង មរ៉ូណៃ 6:1–3 មរ៉ូណៃបានពន្យល់ថា តាមរយៈបុណ្យជ្រមុជទឹក យើងធ្វើសេចក្ដីសញ្ញាថា យើងនឹងយកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ និង បម្រើទ្រង់ដល់ទីបញ្ចប់ ។ តើអ្នកកំពុងធ្វើអ្វីខ្លះ ដើម្បីរក្សា និង ពង្រឹងការប្ដេជ្ញាចិត្តរបស់អ្នក ក្នុងការបម្រើព្រះយេស៊ូវគ្រីស្ទ ?
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមពិពណ៌នាអំពីរបៀបមួយចំនួន ដែលអ្នកបានព្យាយាមធ្វើ ចាប់តាំងពីពេលនៃពិធីបុណ្យជ្រមុជទឹករបស់អ្នកមក ដើម្បីរក្សា និង ពង្រឹងការប្ដេជ្ញាចិត្តរបស់អ្នកក្នុងការបម្រើព្រះយេស៊ូវគ្រីស្ទ ។
មរ៉ូណៃ 6:4
មរ៉ូណៃ ពន្យល់អំពីរបៀបដើម្បីថែទាំ និង បីបាច់ដល់សមាជិកសាសនាចក្រខាងវិញ្ញាណ
បន្ទាប់ពីពន្យល់ពីតម្រូវការ ដែលបុគ្គលទាំងឡាយគប្បីធ្វើ មុនពេលទទួលបុណ្យជ្រមុជទឹក នោះមរ៉ូណៃបានពន្យល់ពីរបៀបដែលពួកអ្នកដែលទើបនឹងទទួលបុណ្យជ្រមុជទឹកថ្មីៗ បន្តនៅស្មោះត្រង់ចំពោះសេចក្ដីសញ្ញារបស់ពួកគេ ។ សូមអាន មរ៉ូណៃ 6:4 ហើយរកមើលអ្វីដែលត្រូវបានធ្វើឡើង ដើម្បីជួយដល់អ្នកប្រែចិត្តជឿថ្មីឲ្យបន្តនៅស្មោះត្រង់ ។
ចូរសង្ខេបអ្វីដែលអ្នកបានរៀនចេញមកពី មរ៉ូណៃ 6:4 អំពីការទទួលខុសត្រូវរបស់អ្នក ចំពោះសមាជិកសាសនាចក្រផ្សេងទៀត ។
តើពរជ័យអ្វីខ្លះ ដែល មរ៉ូណៃ 6:4 បង្ហាញថានឹងកើតមាន ដែលកើតចេញមកពីការចិញ្ចឹមបីបាច់ដោយព្រះបន្ទូលនៃព្រះ ?
សេចក្ដីពិតដ៏សំខាន់មួយ ដែលបានបង្រៀននៅក្នុង មរ៉ូណៃ 6:4 គឺថា យើងមានការទទួលខុសត្រូវមួយ ដើម្បីចងចាំ និង បីបាច់សមាជិកសាសនាចក្រផ្សេងទៀតខាងវិញ្ញាណ ។
អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងទីបន្ទាល់អំពីសារៈសំខាន់នៃការចិញ្ចឹមបីបាច់គ្នាទៅវិញទៅមក ដោយព្រះបន្ទូលនៃព្រះថា ៖ « មនុស្សភាគច្រើនបំផុត ពុំមកព្រះវិហារ ដោយគ្រាន់តែរកការពិតនៃដំណឹងល្អថ្មីៗមួយចំនួន ឬ ដើម្បីមកជួបមិត្តចាស់នោះទេ តែទោះជាយ៉ាងណាការណ៍ទាំងអស់នេះសំខាន់ ។ ពួកគេមករកបទពិសោធន៍ខាងវិញ្ញាណ ។ ពួកគេចង់បានសេចក្ដីសុខសាន្ត ។ ពួកគេចង់ឲ្យសេចក្ដីជំនឿរបស់គេបានរឹងប៉ឹង និង ទទួលបានសេចក្ដីសង្ឃឹមរបស់ពួកគេមកវិញ ។ និយាយឲ្យខ្លីទៅ ពួកគេចង់បានការបីបាច់ដោយព្រះបន្ទូលដ៏ល្អនៃព្រះ ចង់បានការពង្រឹងដោយអំណាចនៃស្ថានសួគ៌ ។ ពួកយើងដែលត្រូវបានហៅឲ្យនិយាយ ឬ បង្រៀន ឬ ដឹកនាំ មានកាតព្វកិច្ចមួយ ដើម្បីជួយផ្ដល់នូវអ្វីទាំងនោះ ឲ្យបានល្អបំផុត តាមដែលយើងអាចធ្វើទៅបាន » ( “A Teacher Come from God” Ensign ខែ ឧសភា ឆ្នាំ 1998 ទំព័រ 26 ) ។
តើអ្នកធ្លាប់គិតដែរឬទេ អំពីចំនួនមនុស្សដ៏ច្រើន ដែលបានអធិស្ឋានសម្រាប់អ្នក រៀបចំមេរៀនសម្រាប់អ្នក លើកទឹកចិត្តអ្នក និង លើកទឹកចិត្តដល់ការចូលរួមរបស់អ្នកនៅក្នុងសាសនាចក្រ ហើយបានជួយអ្នកឲ្យឆ្លងកាត់ឧបសគ្គទាំងឡាយ ?
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរអំពីមនុស្សពីរ ឬ បីនាក់ ដែលបានចងចាំអ្នក ក្នុងរបៀបដ៏មានអត្ថន័យមួយ ឬ បានបីបាច់អ្នកខាងវិញ្ញាណ ។
ក្នុងពេលឆាប់ៗនេះ សូមពិភាក្សាជាមួយសមាជិកគ្រួសារម្នាក់ ឬ មិត្តម្នាក់ អំពីរបៀបដែលអ្នកបានទទួលពរជ័យ ដោយសារតែមានមនុស្សម្នាក់ចងចាំពីអ្នក ឬ បានបីបាច់អ្នកដោយព្រះបន្ទូលនៃព្រះ ។
ប្រធាន ហិនរី ប៊ី. អាវរិង នៃគណៈប្រធានទីមួយ បានប្រាប់ពីរឿងរបស់ឌីកុនម្នាក់នៅក្នុងវួដលោក ដែលបានយល់ពីសេចក្ដីត្រូវការក្នុងការបំពេញការទទួលខុសត្រូវរបស់គាត់ ចំពោះសមាជិកផ្សេងទៀតក្នុងកូរ៉ុមរបស់គាត់ ៖
« សមាជិកកូរ៉ុមម្នាក់របស់គាត់ រស់នៅក្បែរផ្ទះខ្ញុំ ។ ក្មេងប្រុសជិតខាងនោះ មិនដែលបានចូលរួមនៅក្នុងការប្រជុំកូរ៉ុម ហើយក៏មិនបានធ្វើអ្វីជាមួយនឹងសមាជិកកូរ៉ុមរបស់គាត់នោះដែរ ។ ឪពុកចុងរបស់គាត់ ពុំមែនជាសមាជិកទេ ហើយម្ដាយរបស់គាត់ ពុំបានទៅព្រះវិហារទេ ។
« គណៈប្រធាននៃកូរ៉ុមឌីកុនរបស់គាត់ បានប្រជុំក្រុមប្រឹក្សានៅព្រឹកថ្ងៃអាទិត្យមួយ ។ … នៅក្នុងការប្រជុំគណៈប្រធានរបស់ពួកគេ ពួកអ្នកគង្វាលអាយុ 13 ឆ្នាំ ទាំងនោះ បានចងចាំដល់ក្មេងប្រុស ដែលមិនដែលបានមកនោះ ។ ពួកគេបាននិយាយថា គាត់ត្រូវការអ្វីដែលពួកគេបានទទួលខ្លាំងប៉ុណ្ណា ។ ប្រធានបានចាត់តាំងទីប្រឹក្សារបស់គាត់ ឲ្យទៅតាមចៀមដែលវង្វេងបាត់នោះ ។
« ខ្ញុំស្គាល់ទីប្រឹក្សានោះ ហើយខ្ញុំដឹងថា គាត់ជាមនុស្សខ្មាស់អៀន ហើយខ្ញុំដឹងពីការលំបាកនៃការចាត់តាំងនោះ ដូច្នេះខ្ញុំបានចាំមើលទាំងឆ្ងល់ តាមបង្អួចមុខរបស់ខ្ញុំ ពេលដែលទីប្រឹក្សានោះ បានដើរយឺតៗកាត់តាមផ្ទះរបស់ខ្ញុំ ទៅកាន់ផ្ទះរបស់ក្មេងប្រុស ដែលមិនដែលមកព្រះវិហារនោះ ។ អ្នកគង្វាលនោះ ដាក់ដៃក្នុងហោប៉ៅរបស់គាត់ ។ ភ្នែកគាត់សម្លឹងចុះទៅក្រោម ។ គាត់ដើរយឺតៗ ដូចដែលអ្នកនឹងដើរ ប្រសិនបើអ្នកមិនប្រាកដថា អ្នកចង់ទៅណានោះ ។ ប្រហែលជា 20 នាទីមក គាត់បានដើរមកវិញតាមផ្លូវនោះ ដោយមានទាំងឌីកុនដែលបានវង្វេងបាត់នោះ ដើរមកជាមួយគាត់ផងដែរ ។ ហេតុការណ៍នោះបានកើតឡើងដដែលៗអស់ពីរបីអាទិត្យក្រោយមកទៀត ។ ក្រោយមកក្មេងប្រុសដែលបានវង្វេងបាត់នោះ ត្រូវបានផ្លាស់ផ្ទះទៅឆ្ងាយ ។
« … ច្រើនឆ្នាំក្រោយមក ខ្ញុំបានចូលរួមក្នុងសន្និសីទស្ដេកមួយ ដែលនៅឆ្ងាយពីបន្ទប់ដែលគណៈប្រធានបានជួបប្រជុំក្នុងក្រុមប្រឹក្សា ។ នោះមានបុរសសក់ស្កូវម្នាក់ បានដើរមកកាន់ខ្ញុំ ហើយបាននិយាយដោយស្រទន់ថា ‹ ចៅប្រុសរបស់ខ្ញុំបានរស់នៅក្នុងវួដរបស់លោក ជាច្រើនឆ្នាំកន្លងមកហើយ › ។ គាត់បានប្រាប់ខ្ញុំពីជីវិតរបស់ក្មេងប្រុសនោះដោយភាពទន់ភ្លន់ ។ បន្ទាប់មក គាត់បានសួរ ប្រសិនបើខ្ញុំអាចស្វែងរកឌីកុនម្នាក់ ដែលបានដើរយ៉ាងយឺតៗនៅតាមផ្លូវនោះ ។ ហើយគាត់បានសួរ បើខ្ញុំអាចថ្លែងអរគុណដល់ក្មេងនោះ ហើយប្រាប់គាត់ថា ចៅប្រុសរបស់គាត់ ឥឡូវនេះបានធំ ជាបុរសមួយរូបហើយ ដែលគាត់នៅតែចងចាំ » ( “Watch with Me” Ensign ខែ ឧសភា ឆ្នាំ 2001 ទំព័រ 38–39 ) ។
សូមពិចារណាអំពីបុគ្គលជាក់លាក់ទាំងឡាយ ដែលព្រះអម្ចាស់អាចនឹងចង់ឲ្យអ្នក « ចងចាំ » ឬ « ចិញ្ចឹមបីបាច់ » ។ សូមដាក់ផែនការមួយ ដែលអ្នកអាចជួយបីបាច់ខាងវិញ្ញាណពួកគេ ។ សូមសរសេរឈ្មោះពួកគេនៅលើក្រដាសមួយ ហើយដាក់វានៅកន្លែងដែលនឹងជួយអ្នកឲ្យចងចាំពួកគេ ។
មរ៉ូណៃ 6:5–9
មរ៉ូណៃ ពិពណ៌នាអំពីគោលបំណងនៃការប្រជុំក្នុងសាសនាចក្រ និង របៀបដឹកនាំការប្រជុំទាំងនោះ
សូមស្រម៉ៃថា អ្នកជាឪពុក ឬ ម្ដាយរបស់យុវវ័យមួយរូប ដែលកាលពីប៉ុន្មានមុននេះ គាត់បាននិយាយថា គាត់ពុំចង់ទៅព្រះវិហារទេ ដោយសារវាដូចជាគ្មានន័យ ហើយគួរឲ្យធុញទ្រាន់ ។ សូមពិចារណាអំពីអ្វីដែលអ្នកនឹងនិយាយ ដើម្បីជួយលើកទឹកចិត្តកូនអ្នកឲ្យទៅព្រះវិហារ ហើយយល់ពីមូលហេតុត្រឹមត្រូវក្នុងការចូលរួមព្រះវិហារជាទៀងទាត់ ។
នៅក្នុងបញ្ជីរបស់លោក មរ៉ូណៃ ត្រូវបានបំផុសឲ្យពិពណ៌នាអំពីមូលហេតុដែលសមាជិកសាសនាចក្រជួបគ្នានៅក្នុងជំនាន់របស់លោក ។ សូមសិក្សា មរ៉ូណៃ 6:5–6 ហើយរកមើលរបៀបដែលអ្នកអាចបំពេញបញ្ចប់សេចក្ដីថ្លែងតទៅនេះ ៖ ក្នុងនាមជាសមាជិកសាសនាចក្រ យើងត្រូវជួបគ្នាជាញឹកញាប់ ដើម្បី ។
អែលឌើរ ដាល្លិន អេក. អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចែកចាយនូវផ្នែកមួយនៃសំបុត្រមកពីមិត្តម្នាក់ ដែលបានបង្ហាញពីការផ្លាស់ប្ដូរអាកប្បកិរិយា ក្នុងការចូលរួមក្នុងព្រះវិហារ ៖
« មិត្តភក្ដិដ៏ឆ្លាតវៃម្នាក់បានសរសេរថា ៖
« ‹ ជាច្រើនឆ្នាំកន្លងមក ខ្ញុំបានផ្លាស់ប្ដូរអាកប្បកិរិយារបស់ខ្ញុំក្នុងការទៅព្រះវិហារ ។ ខ្ញុំមិនបានទៅព្រះវិហារសម្រាប់ខ្លួនខ្ញុំទៀតទេ ប៉ុន្តែដើម្បីគិតពីអ្នកផ្សេងវិញ ។ ខ្ញុំបានកំណត់ថា ខ្ញុំនឹងនិយាយសួស្ដីទៅកាន់មនុស្សដែលអង្គុយតែម្នាក់ឯង ស្វាគមន៍អ្នកមកលេងព្រះវិហារ … ស្ម័គ្រចិត្តធ្វើកិច្ចការមួយ ។ …
« ‹ និយាយឲ្យខ្លីទៅ ខ្ញុំទៅព្រះវិហាររាល់សប្ដាហ៍ដោយមានគោលបំណងចង់មានភាពសកម្ម មិនមែនអកម្មទេ ហើយធ្វើឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមានមួយនៅក្នុងជីវិតរបស់មនុស្ស ។ ជាលទ្ធផល ការចូលរួមក្នុងការប្រជុំព្រះវិហាររបស់ខ្ញុំ គឺកាន់តែមានភាពរីករាយ និង ពេញលេញ › ។
« ការណ៍ទាំងអស់នេះ បង្ហាញពីគោលការណ៍ដ៏អស់កល្បមួយថា យើងកាន់តែមានភាពរីករាយ និង កាន់តែពេញលេញ ពេលយើងប្រព្រឹត្ត និង បម្រើ សម្រាប់អ្វីដែលយើងផ្ដល់ឲ្យ ពុំមែនអ្វីដែលយើងទទួលនោះទេ » ( “Unselfish Service” Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2009 ទំព័រ 96 ) ។
អ្នកអាចបំពេញសេចក្ដីថ្លែងខាងលើ ជាមួយនឹងគំនិតមួយចំនួនដូចតទៅនេះ ។
ក្នុងនាមជាសមាជិកសាសនាចក្រ យើងត្រូវជួបគ្នាជាញឹកញាប់ ដើម្បី ៖
-
តមអាហារ និង អធិស្ឋាន ។
-
ពង្រឹងខាងវិញ្ញាណដល់គ្នាទៅវិញទៅមក ។
-
ទទួលទានសាក្រាម៉ង់នៅក្នុងការចងចាំដល់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។
សូមសញ្ជឹងគិតពីបទពិសោធន៍ទាំងឡាយដែលអ្នកមាន ដែលបានបង្រៀនអ្នកអំពីសារៈសំខាន់នៃការអធិស្ឋាន និង ការតមអាហាររួមគ្នាជាមួយសមាជិកក្នុងវួដ ឬ សាខារបស់អ្នក ។
-
សូមឆ្លើយសំណួរទាំងឡាយខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកនឹងទទួលបទពិសោធន៍ផ្លាស់ប្ដូរយ៉ាងណានៅព្រះវិហារ ប្រសិនបើអ្នកចូលរួមដោយមានបំណងប្រាថ្នាដើម្បីពង្រឹងខាងវិញ្ញាណដល់អ្នកផ្សេងទៀត ?
-
ហេតុអ្វីបានជាមានតម្លៃក្នុងការទទួលទានសាក្រាម៉ង់ជាញឹកញាប់ ដើម្បីចងចាំដល់ព្រះយេស៊ូវគ្រីស្ទ ។
-
តើការទៅព្រះវិហារ ដើម្បីគោលបំណងដូចដែលមានរាយនៅខាងលើ ជួយ « រក្សា [ អ្នក ] ឲ្យនៅក្នុងផ្លូវត្រូវ » ដោយរបៀបណា ? ( មរ៉ូណៃ 6:4 ) ។
-
សូមអាន មរ៉ូណៃ 6:7–8 ហើយរកមើលអ្វីដែលសមាជិកសាសនាចក្រនៅក្នុងជំនាន់មរ៉ូណៃ « គោរពយ៉ាងតឹងរឹង » ឬ និយាយម្យ៉ាងទៀតថា ជាអ្វីដែលពួកគេយកចិត្តទុកដាក់ជាពិសេសនោះ ។ តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ ដែលយើងបង្រៀន និង លើកទឹកចិត្តគ្នាទៅវិញទៅមក ឲ្យចៀសវាងពីអំពើបាប និង ប្រែចិត្តពីអំពីបាប ?
មរ៉ូណៃ បានថ្លែងទីបន្ទាល់ថា ដរាបណាយើងប្រែចិត្ត និង ស្វែងរកការអត់ទោសដោយបំណងដ៏ពិតញឹកញាប់ប៉ុណ្ណា នោះយើងនឹងត្រូវបានអត់ទោសប៉ុណ្ណោះដែរ ។ អ្នកអាចនឹងចង់គូសចំណាំសេចក្ដីពិតនេះនៅក្នុង មរ៉ូណៃ 6:8 ។
មរ៉ូណៃ បានបញ្ចប់ជំពូកនេះ ដោយបង្រៀនពីរបៀបដឹកនាំការប្រជុំនានាក្នុងសាសនាចក្រ ។ សូមអាន មរ៉ូណៃ 6:9 ហើយរកមើលថា តើនរណាដែលគួរដឹកនាំការប្រជុំរបស់យើងនៅក្នុងសាសនាចក្រ ។ ចូរគិតអំពីពេលមួយ ដែលអ្នកបានស្គាល់នូវព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធជាពិសេស ក្នុងអំឡុងការប្រជុំសាសនាចក្រមួយ ។
តើគោលការណ៍ដែលថា ការប្រជុំសាសនាចក្រ ត្រូវដឹកនាំដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ អាចអនុវត្តចំពោះអ្នកបានដោយរបៀបណា ? បើអ្នកត្រូវបានស្នើសុំឲ្យឡើងនិយាយ ឬ បង្រៀនមេរៀនមួយអំឡុងពេលការប្រជុំសាសនាចក្រមួយ តើអ្នកអាចជួយប្រាកដថា អ្វីដែលអ្នកនិយាយ គឺចូលរួមចំណែកដល់ការដឹកនាំ និង ព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ អំឡុងការប្រជុំនោះដោយរបៀបណា ?
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរផែនការមួយអំពីរបៀបដែលអ្នកនឹងទៅកាន់ការប្រជុំសាសនាចក្ររបស់អ្នក នៅថ្ងៃអាទិត្យនេះ ។ អ្នកអាចនឹងចង់បញ្ចូលរបៀបនានា ដើម្បីអញ្ជើញព្រះវិញ្ញាណបរិសុទ្ធ ចូលមកក្នុងការថ្វាយបង្គំរបស់អ្នក និង របៀបដែលអ្នកអាចចងចាំ និង ចិញ្ចឹមបីបាច់ដល់អ្នកផ្សេងទៀត តាមរយៈការចូលរួមរបស់អ្នក ។
-
សូមសរសេរចំណុចដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា មរ៉ូណៃ 6 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖