សេចក្តីផ្តើមនីហ្វៃទី 1
តើហេតុអ្វីត្រូវសិក្សាព្រះគម្ពីរនេះ ?
នៅពេលអ្នកសិក្សានីហ្វៃទី1 អ្នកនឹងរកឃើញថា « សេចក្តីមេត្តាករុណាដ៏ទន់ភ្លន់ទាំងឡាយនៃព្រះអម្ចាស់មានមកលើជនទាំងអស់ណាដែលព្រះបានរើស ដោយសារសេចក្តីជំនឿរបស់គេ ដើម្បីធ្វើឲ្យពួកគេខ្លាំងពូកែ » ( នីហ្វៃទី1:20 ) ។ ជាឧទាហរណ៍ អ្នកនឹងឃើញនូវរបៀបដែលព្រះបានជួយនីហ្វៃឲ្យទទួលបានផ្ទាំងលង្ហិន ដើម្បីឲ្យគ្រួសាររបស់គាត់អាចមានព្រះគម្ពីរ និង របៀបដែលព្រះបានសង្គ្រោះនីហ្វៃឲ្យរួចពីការគំរាមគំហែងទាំងឡាយលើរូបកាយនៅក្នុងជីវិតរបស់គាត់ និង របៀបដែលព្រះបានសង្គ្រោះលោកលីហៃ និង ប្រជាជនរបស់លោកពីគ្រោះអំណត់អត់នៅក្នុងទីរហោស្ថាន និង ការបំផ្លិចបំផ្លាញនៅតាមទឹកសមុទ្រ ដោយបានដោះលែងពួកគេឲ្យមានសុវត្ថិភាពរហូតទៅដល់ដែនដីសន្យា ។
លោកលីហៃ និង ប្រជាជនរបស់លោកបានភ្លក់នូវសេចក្តីមេត្តាករុណា និង ជំនួយរបស់ព្រះ នៅពេលពួកគេកាន់តាមព្រះបញ្ញត្តិទាំងឡាយ ។ លោកលីហៃ និង នីហ្វៃបានស្វែងរកការដឹកនាំពីព្រះ ហើយបានទទួលការដឹកនាំតាមរយៈព្រះគម្ពីរ ការសុបិន្ត ការនិមិត្តទាំងឡាយ និង លីអាហូណា ។ នីហ្វៃបានទទួល និង បានកត់ត្រានូវការនិមិត្តមួយស្តីអំពីប្រវត្តិផែនដីនេះ ដែលបានបង្ហាញដល់លោកនូវព្រះចេស្តានៃការជ្រាបដឹងទាំងអស់របស់ព្រះ ។ តាមរយៈការនិមិត្តទាំងឡាយ នីហ្វៃបានឃើញពិធីបុណ្យជ្រមុជទឹក កិច្ចការបម្រើ ការឆ្កាងរបស់ព្រះយេស៊ូវគ្រីស្ទនាពេលអនាគត ។
នៅពេលអ្នកសិក្សាពីបទពិសោធន៍ទាំងឡាយរបស់នីហ្វៃ និង លោកលីហៃនៅក្នុងព្រះគម្ពីរនេះ នោះអ្នកអាចរៀនអំពីរបៀបដើម្បីស្វែងរក និង ទទួលពរជ័យពីឋានសួគ៌នៅក្នុងជីវិតអ្នក ។
តើនរណាសរសេរព្រះគម្ពីរនេះ ?
នីហ្វៃជាកូនរបស់លោកលីហ្វៃ បានសរសេរព្រះគម្ពីរនេះ ក្នុងការគោរពតាមការបញ្ជារបស់ព្រះអម្ចាស់ដែលថា លោកត្រូវតែរក្សាបញ្ជីប្រវត្តិនៃប្រជាជនរបស់លោក ។ នីហ្វៃទំនងជាកើតនៅក្នុងក្រុងយេរូសាឡិម ឬ នៅក្បែរនោះ ។ លោករស់នៅទីនោះអំឡុងពេលកិច្ចការបម្រើរបស់ព្យាការីយេរេមា និង រជ្ជកាលរបស់ស្តេចសេដេគា ។
នីហ្វៃបានស្វែងរកសាក្សីផ្ទាល់ខ្លួនលោកពីពាក្យសម្តីរបស់ឪពុកលោកដែលទាក់ទងទៅនឹងការបំផ្លិចបំផ្លាញនៃក្រុងយេរូសាឡិម និង ជាការចាំបាច់ដែលគ្រួសាររបស់ពួកលោកត្រូវចាកចេញ ។ នៅពេលដែលលោកបន្តស្វែងរក និង ធ្វើតាមពាក្យទូន្មានរបស់ព្រះអម្ចាស់ នោះនីហ្វៃបានក្លាយជាឧបករណ៍នៅក្នុងព្រះហស្តរបស់ព្រះ ។ លោកបានគោរពតាមដោយត្រឡប់ទៅកាន់ក្រុងយេរូសាឡិមវិញជាមួយនឹងបងប្រុសៗរបស់គាត់ចំនួនពីរលើក— លើកទីមួយ គឺដើម្បីទៅយកផ្ទាំងលង្ហិន ហើយក្រោយមក គឺដើម្បីបញ្ចុះបញ្ចូលគ្រួសារអ៊ីសម៉ាអែលឲ្យចូលរួមទៅជាមួយគ្រួសាររបស់លោកលីហៃនៅទីរហោស្ថាន ។ ដោយមានជំនួយពីព្រះអម្ចាស់ នីហ្វៃបានសង់សំពៅមួយដើម្បីយកគ្រួសាររបស់លោក និង អ្នកដទៃទៀត ឆ្លងកាត់សមុទ្រទៅកាន់ដែនដីសន្យា ។ នៅពេលដែលលោកលីហៃបានស្លាប់ទៅ នីហ្វៃបានក្លាយជាអ្នកដឹកនាំម្នាក់លើប្រជាជនរបស់លោក ។
តើព្រះគម្ពីរនេះត្រូវបានសរសេរនៅពេលណា និង នៅកន្លែងណា ?
នីហ្វៃបានសរសេរដំណើររឿងនេះ ដែលវាបានក្លាយទៅជានីហ្វៃទី1 នៅប្រមាណជាឆ្នាំ 570 ម.គ.ស.—គឺរយៈពេល30 ឆ្នាំបន្ទាប់ពីពេលដែលលោក និង គ្រួសាររបស់លោកចាកចេញពីក្រុងយេរូសាឡិមមក ( សូមមើលនីហ្វៃទី2 5:28–31)។ គាត់បានសរសេរព្រះគម្ពីរនេះនៅពេលដែលគាត់នៅដែនដីនីហ្វៃ ។