មេរៀនទី 31 ៖ ថ្ងៃទី 2
មរ៉ូណៃ 1–5
សេចក្តីផ្ដើម
បន្ទាប់ពីលោកបញ្ចប់ការសង្ខេបអំពីផ្ទាំងទាំងឡាយនៃអេធើរហើយ មរ៉ូណៃបានពន្យល់ថា លោក « បានគិតស្មានថា [ លោក ] មិនត្រូវសរសេរអ្វីទៀតទេ » ( មរ៉ូណៃ 1:1 ) ។ ទោះយ៉ាងណា លោកត្រូវបានរក្សាទុកឲ្យមានជីវិត ដើម្បី « សរសេរនូវការណ៍ខ្លះទៀត ដែលប្រហែលជាអាចមានប្រយោជន៍ » ដល់ពួកអ្នកដែលនៅក្នុងថ្ងៃចុងក្រោយ ( មរ៉ូណៃ 1:4 ) ។ មរ៉ូណៃ 1–5 បញ្ជាក់យ៉ាងច្បាស់អំពីភាពស្មោះត្រង់របស់មរ៉ូណៃចំពោះព្រះយេស៊ូវគ្រីស្ទ ។ វាក៏ពន្យល់ អំពីការណែនាំទាំងឡាយសម្រាប់ពិធីបរិសុទ្ធសំខាន់ៗនៃដំណឹងល្អ រួមទាំងការបម្រើពិធីសាក្រាម៉ង់ផងដែរ ។
មរ៉ូណៃ 1
មរ៉ូណៃ គេចខ្លួនដើម្បីសុវត្ថិភាពដល់ជីវិតលោក និង បន្តការសរសេររបស់លោក
អែលឌើរ ដេវីឌ អ៊ី. សរិនសិន ជាសមាជិកកិត្តិយសមួយរូបនៃពួកចិតសិបនាក់ បានប្រាប់ពីរឿងដូចតទៅនេះ អំពីយុវនារីម្នាក់ ដែលមានភាពក្លាហានក្រោកឈរឡើងដើម្បីសេចក្ដីជំនឿរបស់នាង ៖
« ចៅស្រីរបស់ខ្ញុំ ជេនីហ្វើរ ត្រូវបានគេអញ្ជើញឲ្យទៅញ៉ាំអាហារពេលល្ងាច និង មើលកុន ជាមួយនឹងមិត្តភក្ដិនៅសាលារបស់នាងបួនប្រាំនាក់ ។ យុវនារីទាំងអស់ បានយល់ស្របពីរឿងកុនដែលពួកគេនឹងទៅមើល ហើយ ជេនីហ្វើរ មានអារម្មណ៍ល្អក្នុងការចូលរួម ។ តែយុវនារីដែលបានចាកចេញពីអាហារពេលល្ងាច ដើម្បីទៅទិញសំបុត្រកុនសម្រាប់ក្រុម បានត្រឡប់មកវិញជាមួយនឹងសំបុត្រកុនផ្សេងពីកុនដែលបានរៀបផែនការថាទៅមើលនោះទៅវិញ ។ នាងបាននិយាយថា ‹ វាជាកុនដ៏អស្ចារ្យ ហើយវាជា R-rated ( រឿងដែលមិនសមរម្យ ) › ។
« ជេនីហ្វើរ បានភ្ញាក់ផ្អើល មិននឹកស្មានពីស្ថានភាពដែលបានប្រែប្រួលយ៉ាងរហ័សនោះសោះ ។ ប៉ុន្តែ សំណាងល្អ នាងបានកំណត់ក្នុងចិត្តនាងរួចទៅហើយ មុននឹងនាងស្ថិតនៅក្នុងស្ថានភាពនេះ ថានាងនឹងមិនមើលកុន R-rated ដែលមិនសមរម្យនោះទេ ។ នាងអាចឈរយ៉ាងរឹងមាំ ហើយនិយាយទៅកាន់មិត្តរបស់នាងថា ‹ ខ្ញុំពុំអាចទៅមើលកុន R-rated ដែលមិនសមរម្យនោះទេ ។ ឪពុកម្ដាយខ្ញុំនឹងមិនអនុញ្ញាតនោះទេ › ។ យុវនារីទាំងនោះបានតបថា ‹ អូ៎ វាមិនអីទេ ! ឪពុកម្ដាយឯងនឹងមិនដឹងទេ ! › ដោយបានប្រទះនឹងរឿងបែបនេះ ជេនីហ្វើរ បានបន្តនិយាយទៀតថា ‹ តាមពិតទៅ មិនជាបញ្ហាថា ឪពុកម្ដាយខ្ញុំនឹងដឹង ឬ អត់នោះទេ ។ ខ្ញុំមិនទៅមើលកុន R-rated ដែលមិនសមរម្យ នោះទេ ! ›
« មិត្តរបស់នាងមិនសប្បាយចិត្ត ហើយបានព្យាយាមធ្វើឲ្យនាងយល់ព្រម ។ ពួកគេបានប្រាប់ថា នាង ‹ បានធ្វើឲ្យអ្វីគ្រប់យ៉ាងអាប់អួរអស់ › ។ ពេលដែលនាងមិនធ្វើតាម នោះពួកគេបានបោះសំបុត្រ និង លុយអាប់លើមុខនាង ហើយបានចាកចេញពីនាង ទៅមើលរឿងកុន R-rated ដែលមិនសមរម្យនោះ ។ វាក្លាយជារាត្រីដ៏ឯកោមួយ ពេញដោយការច្រានចោលពីមិត្តនាង ។ ប៉ុន្តែ វាជាគ្រាមួយដ៏អស្ចារ្យសម្រាប់ ជេនីហ្វើរ និង គ្រួសាររបស់យើង ។ នាងទទួលបានទំនុកចិត្ត តម្លៃខ្លួន និង អំណាចខាងវិញ្ញាណ » ( “You Can’t Pet a Rattlesnake” Ensign ខែ ឧសភា ឆ្នាំ 2001 ទំព័រ 42 ) ។
សូមអាន មរ៉ូណៃ 1:1–3 ហើយរកមើលពីរបៀបដែលមរ៉ូណៃបានឈរតែម្នាក់ឯងសម្រាប់សេចក្ដីជំនឿរបស់លោក ។ ទាំងមរ៉ូណៃ និង ចៅស្រីរបស់អែលឌើរ សរិនសិន ផ្ដល់ជាគំរូពីរបៀបដែលបុគ្គលម្នាក់ៗ អាចជ្រើសរើសឈរឡើងសម្រាប់អ្វីដែលពួកគេដឹងថាត្រឹមត្រូវ ។ អ្នកក៏អាចធ្វើនូវការសម្រេចចិត្តទាំងឡាយ ដែលហាក់បីដូចជាតូចៗជារៀងរាល់ថ្ងៃ ដើម្បីបង្ហាញពីសេចក្ដីជំនឿ ការគោរពប្រតិបត្តិ និង បំណងប្រាថ្នារបស់អ្នកដើម្បីធ្វើតាមព្រះគ្រីស្ទផងដែរ ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពីពេលមួយដែលអ្នកបានជ្រើសរើសឈរឡើងសម្រាប់ជំនឿរបស់អ្នក ឬ បង្ហាញពីសេចក្ដីជំនឿរបស់អ្នកតាមរយៈការគោរពប្រតិបត្តិ ។
ចូរគិតអំពីរបៀបដែលអ្នកអាចឈរកាន់តែរឹងមាំឡើង សម្រាប់ជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ ។ សូមអាន មរ៉ូណៃ 1:4 ដើម្បីរកមើលពីមូលហេតុដែលមរ៉ូណៃបានជ្រើសរើសដើម្បីសរសេរបន្ថែមទៀត ។ តើយើងអាចរៀនអ្វីចេញមកពីគំរូ និង ការជំរុញទឹកចិត្តរបស់មរ៉ូណៃក្នុងការសរសេរបន្ថែមទៀត ទៅកាន់កូនចៅនៃពួកអ្នកទាំងឡាយដែលព្យាយាមបំផ្លាញជីវិតលោក ? តើអ្នកអាចសរសេរចំនុចខ្លះ ទៅកាន់កូនចៅរបស់អ្នកផ្ទាល់ ដែលនឹងជាពរជ័យមួយដល់ពួកគេនោះ ? ពេលអ្នកសិក្សា មរ៉ូណៃ 2–5 សូមពិចារណា ថាតើការណ៍ទាំងឡាយដែលមរ៉ូណៃបានជ្រើសរើសសរសេរ « មានប្រយោជន៍ » ដល់អ្នកដោយរបៀបណា ( មរ៉ូណៃ 1:4 ) ។
មរ៉ូណៃ 2
មរ៉ូណៃកត់ត្រាការណែនាំទាំងឡាយ អំពីការប្រគល់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ
សូមគិតអំពីបទពិសោធន៍របស់អ្នក ពេលបានបញ្ជាក់ជាសមាជិកមួយរូបនៃសាសនាចក្រ ហើយត្រូវបានដាក់ដៃលើក្បាល ដើម្បីអ្នកអាចទទួលអំណោយទានព្រះវិញ្ញាណបរិសុទ្ធ ។ តើអ្នកចងចាំអ្វីខ្លះ ពីពិធីបរិសុទ្ធនេះ ? សូមអាន មរ៉ូណៃ 2:1–3 ហើយពិចារណា ថាតើអំណោយទានព្រះវិញ្ញាណបរិសុទ្ធគឺជាពរជ័យមួយនៅក្នុងជីវិតអ្នកដោយរបៀបណា ?
សេចក្ដីពិតមួយដែលមានបង្រៀននៅក្នុងខទាំងនេះគឺ ៖ សមាជិកដែលមានភាពសក្ដិសម ដែលកាន់សិទ្ធិអំណាចបព្វជិតដ៏ត្រឹមត្រូវ អាចប្រគល់អំណោយទានព្រះវិញ្ញាណបរិសុទ្ធដល់សមាជិកដែលទទួលបុណ្យជ្រមុជទឹកហើយ ដោយការដាក់ដៃលើក្បាល ។
មរ៉ូណៃ 3
មរ៉ូណៃកត់ត្រាការណែនាំទាំងឡាយពីការតែងតាំងបុគ្គលម្នាក់ៗនូវមុខតំណែងបព្វជិតភាពនានា
តើអ្នកធ្លាប់ឃើញបញ្ជីខ្សែស្រឡាយសិទ្ធិអំណាចបព្វជិតភាពរបស់នរណាម្នាក់ដែរឬទេ ? បញ្ជីនេះបង្ហាញពីនរណាដែលបានតែងតាំងបុគ្គលនូវបព្វជិតភាពនោះ និង នរណាដែលបានតែងតាំងមនុស្សនោះ បន្តរហូតដល់ព្រះយេស៊ូវគ្រីស្ទ ។ ប្រហែលជាអ្នកមានបញ្ជីខ្សែស្រឡាយសិទ្ធិអំណាចបព្វជិតភាពមួយច្បាប់របស់អ្នកផ្ទាល់ ឬ បានឃើញខ្សែស្រឡាយបព្វជិតភាពរបស់បងប្រុស ឬ របស់ឪពុកម្នាក់ ។ សូមគិតអំពីសារៈសំខាន់នៃការអាចរកឃើញប្រភពដើមនៃខ្សែស្រឡាយសិទ្ធិអំណាច ត្រឡប់រហូតដល់ព្រះយេស៊ូវគ្រីស្ទផ្ទាល់ ពេលដែលអ្នកអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះពី អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ច្បាស់ណាស់ ការធ្វើកិច្ចការដោយសិទ្ធិអំណាចដ៏ទេវភាព តម្រូវឲ្យមានច្រើនជាងគ្រាន់តែកិច្ចសន្យាខាងសង្គម ។ វាមិនអាចត្រូវបានបង្កើតឡើងដោយការហ្វឹកហ្វឺនខាងសាសនាវិទ្យា ឬ ដោយគណៈកម្មការមួយចេញពីក្រុមជំនុំនោះទេ ។ ទេ នៅក្នុងកិច្ចការនៃព្រះដែលមានសិទ្ធិអំណាច គឺត្រូវតែមានអំណាចដ៏ធំជាង ដែលមនុស្សមានរួចទៅហើយ នៅកៅអ៊ីនៅព្រះវិហារ ឬ នៅតាមផ្លូវ ឬ នៅក្នុងថ្នាក់សិក្ខាសាលា—ជាការពិតមួយ ដែលអ្នកស្វែងរកសាសនាដ៏ស្មោះត្រង់ជាច្រើន បានដឹង ហើយទទួលស្គាល់យ៉ាងបើកចំហរអស់ជាច្រើនជំនាន់ នាំទៅរកការស្ដារឡើងវិញ ។ …
« … យើង ដែលនៅក្នុងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ អាចរកឃើញប្រភពដើមនៃខ្សែស្រឡាយសិទ្ធិអំណាចបព្វជិតភាព ដែលអនុវត្តដោយឌីកុនដ៏ថ្មីបំផុតម្នាក់នៅក្នុងវួដ ដែលមានប៊ីស្សពជាអធិបតីលើគាត់ និង ព្យាការីជាអធិបតីលើយើងទាំងអស់គ្នា ។ ខ្សែស្រឡាយនោះត្រឡប់ទៅក្រោយប្រទាក់គ្នាជាប់មិនដាច់ ទៅដល់អ្នកបម្រើនៃពួកទេវតា ដែលមកពីព្រះរាជបុត្រានៃព្រះផ្ទាល់ ដែលមានអំណោយទានដ៏មិនអាចប្រៀបផ្ទឹមបាននេះ មកពីស្ថានសួគ៌ » ( “Our Most Distinguishing Feature” Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2005 ទំព័រ 44 ) ។
មនុស្សម្នាក់ៗដែលទទួលបព្វជិតភាពអើរ៉ុន ឬ មិលគីស្សាដែក ក៏ត្រូវបានតែងតាំងនូវមុខតំណែងបព្វជិតភាព ដែលរួមទាំងកាតព្វកិច្ចជាក់លាក់ទាំងឡាយផងដែរ ។ សូមអាន មរ៉ូណៃ 3:1–4 ហើយរកមើលពីរបៀបដែលបុគ្គលម្នាក់ៗត្រូវបានតែងតាំងនូវមុខតំណែងបព្វជិតភាព រួមមានទាំង មុខតំណែងសង្ឃ និង គ្រូ ។
អ្នកអាចនឹងចង់សរសេរសេចក្ដីពិតតទៅនេះនៅក្នុងព្រះគម្ពីររបស់អ្នក នៅក្បែរខទាំងនេះ ៖ បុគ្គលទាំងឡាយ ត្រូវបានតែងតាំងនូវមុខតំណែងបព្វជិតភាព ដោយការដាក់ដៃលើក្បាលដោយអ្នកដែលមានសិទ្ធិអំណាច ។
-
សូមឆ្លើយសំណួរទាំងឡាយខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា ហេតុអ្វីវាចាំបាច់សម្រាប់បុគ្គលម្នាក់ ត្រូវទទួលបានការតែងតាំងនូវមុខតំណែងបព្វជិតភាពមួយ ដោយមនុស្សម្នាក់ដែលកាន់បព្វជិតភាពរួចហើយនោះ ?
-
តើការមានសិទ្ធិអំណាចបព្វជិតភាពនៅក្នុងសាសនាចក្រ ឬ ក្នុងក្រុមគ្រួសាររបស់អ្នក មានប្រយោជន៍ដល់អ្នកយ៉ាងណាដែរ ?
-
មរ៉ូណៃ 4–5
មរ៉ូណៃ ពន្យល់ពីរបៀបចាត់ចែងពិធីសាក្រាម៉ង់
-
ចូរគិតអំពីតំណាងនៃពិធីសាក្រាម៉ង់ និង បទពិសោធន៍របស់អ្នក មកពីការទទួលទានសាក្រាម៉ង់ ។ បន្ទាប់មក សូមធ្វើដូចខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ដោយការចងចាំល្អបំផុត តាមដែលអ្នកអាចធ្វើបាន សូមសរសេរការអធិស្ឋានពិធីសាក្រាម៉ង់មួយ សម្រាប់នំប៉័ងក៏បាន ឬសម្រាប់ទឹកក៏បាន ។
-
បន្ទាប់ពីរំឭកនូវការអធិស្ឋានដ៏ពិសិដ្ឋទាំងនេះ ( សូមមើល មរ៉ូណៃ 4:3; 5:2 ) និង ពិនិត្យមើលនូវអ្វីដែលអ្នកបានសរសេរនៅផ្នែកទីមួយនៃកិច្ចការនេះរួចហើយ នោះសូមសរសេរអំពីផ្នែកមួយនៃការអធិស្ឋាននៃពិធីសាក្រាម៉ង់មួយ ដែលលេចធ្លោចំពោះអ្នក ហើយពន្យល់ពីមូលហេតុដែលផ្នែកនៃការអធិស្ឋាននោះ ពោរពេញដោយអត្ថន័យចំពោះអ្នក ។
-
មរ៉ូណៃ បានបញ្ចូលការអធិស្ឋានសម្រាប់ការបម្រើពិធីសាក្រាម៉ង់នៅក្នុងបញ្ជីរបស់លោក ពីព្រោះលោកបានមានអារម្មណ៍ថា វានឹង « មានប្រយោជន៍ » ដល់មនុស្ស « នៅថ្ងៃណាមួយក្នុងអនាគត » ( មរ៉ូណៃ 1:4 ) ។ សូមអាន មរ៉ូណៃ 4:1–3 និង 5:1–2 ហើយរកមើលឃ្លាទាំងឡាយដែលពន្យល់ពីអ្វីដែលនំប៉័ង និង ទឹកនៃពិធីសាក្រាម៉ង់តំណាងឲ្យ ។ ពេលអ្នកអាន វាអាចជាប្រយោជន៍ក្នុងការចងចាំថា សព្វថ្ងៃនេះ សាសនាចក្រប្រើប្រាស់ទឹកនៅក្នុងពិធីសាក្រាម៉ង់ជំនួសឲ្យស្រា ដែលចេញមកពីវិវរណៈ ដែលត្រូវបានប្រទានដល់ព្យាការី យ៉ូសែប ស៊្មីធ ( សូមមើល គ. និង ស. 27:2 ) ។
សូមសង្ខេបអំពីគោលបំណងនៃពិធីសាក្រាម៉ង់ ដោយបំពេញសេចក្ដីថ្លែងនេះ ៖ ការតំណាងនៃពិធីសាក្រាម៉ង់ជួយយើងឲ្យចងចាំ ។
សូមសញ្ជឹងគិតពីមូលហេតុដែលព្រះកាយ និង ព្រះលោហិតរបស់ព្រះអង្គសង្គ្រោះសំខាន់ដល់អ្នកខ្លាំងម៉្លេះ ។
ការរងទុក្ខខាងរូបកាយ សេចក្ដីស្លាប់ និង ដំណើររស់ឡើងវិញនៃព្រះកាយរបស់ព្រះអង្គសង្គ្រោះ និង ការរងទុក្ខខាងវិញ្ញាណយ៉ាងខ្លាំងរបស់ទ្រង់ ជាភស្ដុតាងបង្ហាញយ៉ាងច្បាស់តាមរយៈការហូរព្រះលោហិតរបស់ទ្រង់ ដែលនាំឲ្យមាននូវការផ្ដាច់បាបដល់មនុស្សទាំងអស់ ដែលអនុវត្តសេចក្ដីជំនឿនៅក្នុងទ្រង់ ហើយប្រែចិត្ត ។ ការតំណាងនៃពិធីសាក្រាម៉ង់ជួយយើងឲ្យចងចាំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
សូមឆ្លើយសំណួរមួយ ឬ ទាំងពីរខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើការសញ្ជឹងគិតពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះដោយស្មោះអស់ពីចិត្ត នៅអំឡុងពេលពិធីសាក្រាម៉ង់ បានជួយ ឬ ពង្រឹងខាងវិញ្ញាណអ្នកយ៉ាងណាដែរ ?
-
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីផ្ដោតចងចាំដល់ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះឲ្យបានកាន់តែប្រសើរឡើង នៅអំឡុងពេលពិធីសាក្រាម៉ង់ ?
-
ដើម្បីជួយអ្នកយល់ពីអ្វីដែលអ្នកសន្យាថានឹងធ្វើ ពេលអ្នកទទួលទានពិធីសាក្រាម៉ង់ នោះសូមរំឭក មរ៉ូណៃ 4:3 ហើយបំពេញក្នុងតារាងខាងក្រោមនេះ ៖
អ្វីដែលខ្ញុំធ្វើសេចក្ដីសញ្ញាថានឹងធ្វើ |
អ្វីដែលខ្ញុំគិតពីអត្ថន័យនៃការរក្សាផ្នែកនេះនៃសេចក្ដីសញ្ញា |
អ្វីដែលខ្ញុំអាចធ្វើ ដើម្បីរក្សាផ្នែកនេះនៃសេចក្ដីសញ្ញាឲ្យបានកាន់តែប្រសើរ |
---|---|---|
1. | ||
2. | ||
3. |
យើងក៏រៀនចេញពី មរ៉ូណៃ 4:3 ផងដែរថា ពេលយើងរក្សាផ្នែកនៃសេចក្ដីសញ្ញាពិធីសាក្រាម៉ង់របស់យើងដោយស្មោះត្រង់ នោះយើងអាចមានព្រះវិញ្ញាណរបស់ព្រះអម្ចាស់ជាមួយយើងជានិច្ច ។
ពេលអ្នកអានសេចក្ដីថ្លែងការណ៍តទៅនេះពី អែលឌើរ ដាវីឌ អេ. បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ សូមគិតថា តើអ្នកធ្លាប់មានបទពិសោធន៍នៃអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ តាមរបៀបដែលលោកបានលើកឡើងយ៉ាងណាដែរ ៖ « ព្រះវិញ្ញាណនៃព្រះអម្ចាស់ អាចជាមគ្គុទេសក៍របស់យើង ហើយនឹងប្រទានពរដល់យើងដោយនូវការដឹកនាំ ការណែនាំ និង ការការពារខាងវិញ្ញាណ នៅក្នុងដំណើរនៃជីវិតរមែងស្លាប់របស់យើង » ( “That We May Always Have His Spirit to Be with Us” Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2006 ទំព័រ 31 ) ។
សូមពិចារណាពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ នៅពេលអ្នកទទួលទានពិធីសាក្រាម៉ង់នៅថ្ងៃអាទិត្យ ។ ចូរព្យាយាមរក្សាផ្នែកនៃសេចក្ដីសញ្ញា ដែលអ្នកបានស្គាល់នៅក្នុងតារាង ដើម្បីអ្នកអាចមានព្រះវិញ្ញាណនៃព្រះអម្ចាស់គង់នៅជាមួយអ្នកជានិច្ច ។
-
សូមសរសេរចំណុចដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា មរ៉ូណៃ 1–5 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖