មេរៀនទី 28 ៖ ថ្ងៃទី 1
នីហ្វៃទី4 1
សេចក្តីផ្ដើម
បន្ទាប់ពីការយាងមក និង ការបម្រើរបស់ព្រះគ្រីស្ទនៅក្នុងទ្វីបអាមេរិក ប្រជាជនបានអនុវត្តតាមការបង្រៀនរបស់ទ្រង់ ហើយបានសប្បាយរីករាយជាមួយនឹងសាមគ្គីភាព ភាពចម្រុងចម្រើន និង សុភមង្គល បានរយៈពេល 200 ឆ្នាំ ។ ប៉ុន្តែ នៅទីបំផុត ប្រជាជនបានចាប់ផ្ដើមឆ្មើងឆ្មៃ និង ប្រែក្លាយទៅជាកាន់តែទុច្ចរិតខ្លាំងឡើង ។ មិនយូរប៉ុន្មាន ពួកគេបានបែងចែកទៅជាសាសន៍នីហ្វៃ និង សាសន៍លេមិនម្ដងទៀត ហើយបន្ទាប់ពី 300 ឆ្នាំ ក្រោយមក ទាំងពួកសាសន៍នីហ្វៃ និង សាសន៍លេមិនក្លាយទៅជាទុច្ចរិត ដោយមានតែប្រជាជនមួយចំនួនតូចប៉ុណ្ណោះដែលនៅសុចរិត ។
នីហ្វៃទី4 1:1–18
ប្រជាជនទាំងអស់បានប្រែចិត្តជឿ និង បានទទួលបទពិសោធន៍នៃសេចក្ដីសុខសាន្ត និង សុភមង្គល
តើអ្វីដែលជួយអ្នកឲ្យរីករាយដោយពិតប្រាកដ ?
តើអ្នកគិតថា អ្វីជាភាពខុសគ្នារវាងការណ៍ទាំងឡាយដែលនាំសុភមង្គលបណ្ដោះអាសន្នដល់អ្នក និង ការណ៍ទាំងឡាយដែលអាចនាំអ្នកទៅរកសុភមង្គលដែលគ្មានទីបញ្ចប់ ? សូមអាន នីហ្វៃទី4 1:16 ដើម្បីរកមើលពីអ្វីដែលមរមនបានសរសេរអំពីប្រជាជន បន្ទាប់ពីព្រះអង្គសង្គ្រោះបានយាងមកជួបនឹងពួកគេ ។ អ្នកអាចនឹងចង់គូសចំណាំឃ្លាថា « ពិតជាគ្មានប្រជាជនណាដែលរីករាយសប្បាយជាង » ។
-
សូមសរសេរចំណងជើង គ្មានប្រជាជនណាដែលរីករាយសប្បាយជាង នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ហើយគូររង្វង់មួយនៅពីក្រោមវា ដូចមានបង្ហាញនៅក្នុងរូបខាងក្រោមនេះ ។ ( អ្នកនឹងសរសេរនៅក្នុង និង ជុំវិញរង្វង់នោះ ) ។ សូមអាន នីហ្វៃទី4 1:1–2 ហើយរកមើលអ្វីដែលប្រជាជនបានធ្វើ ដែលធ្វើឲ្យពួកគេមានសុភមង្គល ។ សូមសរសេរនូវអ្វី ដែលអ្នករកឃើញក្នុងរង្វង់ ។
ដោយសារតែប្រជាជនបានអនុវត្តការបង្រៀនរបស់ព្រះអង្គសង្គ្រោះ នោះពួកគេ « ទាំងអស់បានប្រែចិត្តជឿដល់ព្រះអម្ចាស់ » ( នីហ្វៃទី4 1:2 ) និង បានសប្បាយរីករាយជាមួយនឹងសុភមង្គលដ៏មហិមា ។
អែលឌើរ រីឆាដ ជី. ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីរបៀបដែលការប្រែចិត្តជឿ និង សុភមង្គល មានទំនាក់ទំនងនឹងគ្នា ។ ពេលអ្នកអានពាក្យសម្ដីរបស់លោក សូមគូសបន្ទាត់ពីក្រោមអ្វីដែលជាអត្ថន័យនៃការប្រែចិត្តជឿ ៖
« សុភមង្គលរបស់អ្នកក្នុងពេលឥឡូវនេះ និង រហូតតទៅ គឺត្រូវបានកម្រិតលក្ខខណ្ឌទៅលើកម្រិតនៃការប្រែចិត្តជឿរបស់អ្នក និង ការប្រែប្រួលដែលការប្រែចិត្តជឿនោះនាំមកដល់ជីវិតអ្នក ។ ពេលនោះ តើអ្នកអាចប្រែចិត្តជឿដោយពិតប្រាកដដោយរបៀបណា ? ប្រធាន [ ម៉ារ៉ុន ជី ] រ៉មនី ពិពណ៌នាអំពីជំហានដែលអ្នកត្រូវតែដើរតាម ៖
« ‹ ភាពជាសមាជិកនៅក្នុងសាសនាចក្រ និង ការប្រែចិត្តជឿ គឺមិនចាំបាច់ថាជាពាក្យដែលមានន័យដូចគ្នានោះទេ ។ ការប្រែចិត្តជឿ និង ការមានទីបន្ទាល់ ក៏មិនមែនចាំបាច់ថាជារឿងដូចគ្នានោះដែរ ។ ទីបន្ទាល់បានមក នៅពេលព្រះវិញ្ញាណបរិសុទ្ធប្រទាននូវទីបន្ទាល់មួយអំពីសេចក្ដីពិត ដល់អ្នកស្វែងរកដ៏ស្មោះ ។ ទីបន្ទាល់ដ៏រំជួលចិត្តមួយធ្វើឲ្យមានសេចក្ដីជំនឿដ៏ក្លៀវក្លា ។ វានាំឲ្យមានការប្រែចិត្ត និង ការគោរពប្រតិបត្តិដល់បទបញ្ញត្តិ ។ ការប្រែចិត្តជឿគឺជាផល ឬ ជារង្វាន់សម្រាប់ការប្រែចិត្ត និង ការគោរពប្រតិបត្តិ › [ នៅក្នុង Conference Report, Guatemala Area Conference 1977 ទំព័រ 8–9 ] ។
« និយាយដោយសាមញ្ញទៅ ការប្រែចិត្តជឿដ៏ពិតគឺជាផលនៃសេចក្ដីជំនឿ ការប្រែចិត្ត និង ការគោរពប្រតិបត្តិដ៏ខ្ជាប់ខ្ជួន ។ …
« ការប្រែចិត្តជឿដ៏ពិតនាំមកនូវផលនៃសុភមង្គលដ៏ឋិតថេរ ដែលយើងអាចសប្បាយរីករាយជាមួយ ទោះបីជានៅពេលដែលពិភពលោកនេះនៅក្នុងការច្រួលច្របល់ ហើយដែលមនុស្សភាគច្រើនធ្វើអ្វីៗគ្រប់យ៉ាង តែនៅតែមិនសប្បាយ » ( “Full Conversion Brings Happiness” Ensign ខែ ឧសភា ឆ្នាំ 2002 ទំព័រ 25–26 ) ។
-
សូមអាន នីហ្វៃទី4 1:2–3, 5, 7, 10–13, 15–18 ហើយរកមើលពាក្យ និង ឃ្លាទាំងឡាយ ដែលពិពណ៌នាពីអ្វីដែលប្រជាជនបានទទួលបទពិសោធន៍ ដោយសារគ្រប់គ្នាបានប្រែចិត្តជឿដល់ព្រះអម្ចាស់ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពាក្យ និង ឃ្លាមួយចំនួនទាំងនេះ នៅជុំវិញខាងក្រៅរង្វង់ដែលអ្នកបានគូរនៅកិច្ចការពីមុននេះ ។
យើងអាចរៀនពីគ្រានៃសុភមង្គល និង ភាពចម្រុងចម្រើននៅក្នុងចំណោមពួកសាសន៍នីហ្វៃ ដែលមិនធ្លាប់មានពីមុនមកនេះថា នៅពេលមនុស្សមួយក្រុមបានប្រែចិត្តជឿដល់ព្រះអម្ចាស់ នោះវានាំមកនូវសាមគ្គីភាព និង សុភមង្គល ។ អ្នកអាចនឹងចង់សរសេរគោលការណ៍នេះនៅក្នុងព្រះគម្ពីររបស់អ្នកនៅក្បែរ នីហ្វៃទី4 1:16 ឬ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
សូមសញ្ជឹងគិត ថាតើអ្នកគិតថា វានឹងទៅជាយ៉ាងណា ប្រសិនបើមនុស្សគ្រប់គ្នានៅជុំវិញអ្នក បានប្រែចិត្តជឿដ៏ពិតប្រាកដចំពោះព្រះអម្ចាស់នោះ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា នឹងមានអត្ថប្រយោជន៍អ្វីខ្លះដល់ក្រុមគ្រួសារអ្នក ប្រសិនបើគ្រប់គ្នានៅក្នុងគ្រួសារអ្នករស់នៅដូចជាប្រជាជនក្នុង នីហ្វៃទី4 នោះ ?
-
គិតអំពីពេលមួយនៅក្នុងជីវិតអ្នក ពេលដែលអ្នកត្រូវបានប្រទានពរ ដោយការធ្វើជាផ្នែកនៃក្រុមមួយដែលបានរួបរួមគ្នានៅក្នុងសេចក្ដីសុចរិត—ដូចជា ក្នុងក្រុមគ្រួសារ កូរ៉ុម ឬ ថ្នាក់ ឬ ក្រុមមិត្តភក្ដិអ្នក ។ តើអ្នកគិតថា អ្វីទៅដែលបានជួយក្រុមនេះឲ្យរួបរួមគ្នានៅក្នុងសេចក្ដីសុចរិត ? តើពរជ័យអ្វីខ្លះ ដែលអ្នក និង អ្នកទាំងឡាយដែលនៅជាមួយអ្នកបានទទួល ?
-
នីហ្វៃទី4 1:19–49
ភាពទុច្ចរិតត្រឡប់មកវិញ និង រីករាលដាល រហូតដល់មានប្រជាជនតែមួយចំនួនតូចប៉ុណ្ណោះដែលនៅសុចរិត
តើអ្នកគិតថា អ្វីដែលអាចបំផ្លាញសង្គមដ៏រីករាយមួយ ដូចជាប្រជាជនដែលត្រូវបានពិពណ៌នានៅក្នុង នីហ្វៃទី4 ?
-
សូមសរសេរចំណងជើង « ការបំផ្លិចបំផ្លាញនៃសង្គមដ៏រីករាយមួយ » នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ហើយគូររង្វង់មួយនៅពីក្រោម ស្រដៀងទៅនឹងរង្វង់ដែលអ្នកបានគូរនៅក្នុងកិច្ចការទីមួយដែរ ។ សូមអាន នីហ្វៃទី4 1:20, 23–24 ហើយរកមើលអ្វីដែលបានចាប់ផ្ដើមក្នុងការបំផ្លិចបំផ្លាញសុភមង្គល និង សេចក្ដីសុខសាន្តរបស់ប្រជាជន ។ សូមសរសេរការរកឃើញទាំងឡាយរបស់អ្នកនៅក្នុងរង្វង់ ។
អ្នកអាចនឹងចង់សរសេរសេចក្ដីថ្លែងការណ៍តទៅនេះ ដែលថ្លែងដោយ ប្រធាន ហិនរី ប៊ី. អាវរិង នៃគណៈប្រធានទីមួយ នៅក្នុងព្រះគម្ពីររបស់អ្នកនៅក្បែរ នីហ្វៃទី4 1:24 ឬ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ « សេចក្ដីឆ្មើងឆ្មៃគឺជាសត្រូវដ៏ធំនៃសាមគ្គីភាព » ( “Our Hearts Knit as One” Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 70 ) ។ តើអ្នកគិតថា នៅក្នុងរបៀបណាខ្លះ ដែលសេចក្ដីឆ្មើងឆ្មៃជាសត្រូវនៃសាមគ្គីភាព ?
សេចក្ដីថ្លែងការណ៍ខាងក្រោមនេះពី ប្រធាន ឌៀថើរ អេស្វ. អុជដូហ្វ នៃគណៈប្រធានទីមួយ ផ្ដល់នូវការយល់ដឹងជ្រាលជ្រៅបន្ថែមទៀតអំពីសេចក្ដីឆ្មើងឆ្មៃ ។ សូមគូសបន្ទាត់ពីក្រោមឃ្លាទាំងឡាយ ដែលពន្យល់ពីមូលហេតុដែលសេចក្ដីឆ្មើងឆ្មៃគឺជាការវិនាសខ្លាំងម៉្លេះ ។
« សេចក្ដីឆ្មើងឆ្មៃគឺពោរពេញដោយអំពើបាប … ដោយសារវាបណ្ដុះនូវភាពស្អប់ ឬ ប្រទូសភាព ហើយដាក់យើងទៅក្នុងអ្វីដែលផ្ទុយពីព្រះ និង បងប្អូនយើង ។ ជាគោល សេចក្ដីឆ្មើងឆ្មៃគឺជាអំពើបាបមួយនៃការប្រៀបធៀប ដ្បិតជាធម្មតា វាចាប់ផ្ដើមដោយ ‹ មើលចុះ ខ្ញុំអស្ចារ្យយ៉ាងណា ហើយមើលចុះ ខ្ញុំបានធ្វើការណ៍អស្ចារ្យទាំងឡាយ › វាហាក់បីដូចជាតែងតែបញ្ចប់ដោយ ‹ ហេតុដូច្នេះហើយ ខ្ញុំល្អជាងអ្នក › ។
« ពេលដួងចិត្តរបស់យើងត្រូវបានបំពេញដោយសេចក្ដីឆ្មើងឆ្មៃ នោះយើងប្រព្រឹត្តនូវអំពើបាបដ៏ធ្ងន់មួយ ដ្បិតយើងបំពានបទបញ្ញត្តិដ៏ធំទាំងពីរ [ សូមមើល ម៉ាថាយ 22:36–40 ] ។ ជំនួសឲ្យការថ្វាយបង្គំព្រះ និង ស្រឡាញ់អ្នកជិតខាងយើង យើងបង្ហាញពីបំណងដ៏ពិតនៃការថ្វាយបង្គំ និង ការស្រឡាញ់របស់យើង—គឺដល់រូបភាពដែលយើងឃើញនៅក្នុងកញ្ចក់នោះឯង » ( “Pride and the Priesthood” Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 56 ) ។
-
សូមអាន នីហ្វៃទី4 1:25–27, 30–35, 38–45 ហើយរកមើលពាក្យ និង ឃ្លាទាំងឡាយណា ដែលពិពណ៌នាពីឥទ្ធិពលទាំងឡាយនៃសេចក្ដីឆ្មើងឆ្មៃដែលមានក្នុងចំណោមប្រជាជន ។ សរសេរពាក្យ និង ឃ្លាទាំងនេះនៅជុំវិញខាងក្រៅរង្វង់ដែលនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សម្រាប់កិច្ចការ 4 ។
សេចក្ដីពិតមួយដែលយើងអាចរៀនចេញពីព្រឹត្តិការណ៍ទាំងនេះ គឺថា អំពើបាបនៃសេចក្ដីឆ្មើងឆ្មៃបង្កើតនូវការបែកខ្ញែក និង នាំទៅរកសេចក្ដីទុច្ចរិតដែលកាន់តែធំធេង ។ អ្នកអាចនឹងចង់សរសេរឃ្លានេះនៅក្នុងព្រះគម្ពីររបស់អ្នក ។ តើសេចក្ដីឆ្មើងឆ្មៃរបស់មនុស្សម្នាក់ ឬ ពីរនាក់ អាចប៉ះពាល់ដល់សុភមង្គលរបស់ក្រុមទាំងមូលយ៉ាងដូចម្ដេចដែរ ?
សូមពិចារណាថា នរណានៅក្នុងរឿងខាងក្រោមនេះ ដែលអាចទទួលរងនូវការប៉ះពាល់ជាអវិជ្ជមានពីសេចក្ដីឆ្មើងឆ្មៃរបស់បុគ្គលម្នាក់ ៖
-
សមាជិកម្នាក់នៃថ្នាក់មួយនៅក្នុងក្រុមយុវនារី ពុំចង់ស្ដាប់មេរៀនដែលគ្រូនាងបានរៀបចំ អំពីពរជ័យដែលបានមកពីការគោរពប្រតិបត្តិតាមពាក្យគតិបណ្ឌិត ។ នាងមានអារម្មណ៍ថា នាងមិនត្រូវការឲ្យគេបង្រៀនម្ដងទៀតអំពីពាក្យគតិបណ្ឌិតនោះទេ ហើយបានរំខាន និង បដិសេធក្នុងការចូលរួមនៅក្នុងថ្នាក់ ។
-
មិត្តម្នាក់និយាយចំអន់ ឬ និយាយមើលងាយឥតឈប់ ដល់សមាជិកក្នុងក្រុមម្នាក់ទៀត ដោយសារតែរបៀបដែលមនុស្សនោះស្លៀកពាក់ បង្ហាញថាគាត់ពុំមានលុយច្រើន ។
-
សូមសញ្ជឹងគិត ថាតើមាននូវធាតុទាំងឡាយនៃសេចក្ដីឆ្មើងឆ្មៃនៅក្នុងជីវិតអ្នកផ្ទាល់ ឬ អត់ ។ វាអាចជាប្រយោជន៍ក្នុងការរំឭកឡើងវិញនូវសេចក្ដីថ្លែងការណ៍របស់ ប្រធាន អុជដូហ្វ ពេលដែលអ្នកធ្វើការសញ្ជឹងគិត ។ សូមគិតពីអ្វីដែលអ្នកអាចធ្វើ ដើម្បីតទល់នឹងសេចក្ដីឆ្មើងឆ្មៃ និង ដើម្បីស្វែងរកជំនួយក្នុងការបង្កើនសាមគ្គីភាព និង សេចក្ដីសុចរិតនៅក្នុងគ្រួសារ កូរ៉ុម ថ្នាក់ ឬ ក្រុមមិត្តភក្ដិរបស់អ្នក ។ សរសេរពីគំនិត និង គោលដៅទាំងឡាយរបស់អ្នក នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
-
សូមសរសេរចំណុចដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី4 1 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖