សេចក្តីណែនាំមកកាន់គម្ពីរម៉ូសាយ
ហេតុអ្វីសិក្សាគម្ពីរនេះ ?
ក្នុងការសិក្សារបស់អ្នកអំពីគម្ពីរម៉ូសាយ អ្នកនឹងអានទីបន្ទាល់ដ៏មានអំណាចនៃបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ។អ្នកក៏នឹងរៀនអំពីមនុស្សដែលព្រះអម្ចាស់រំដោះចេញពីសេវកភាពនៃអំពើបាប ឬ ពីការគាបសង្កត់ខាងរាងកាយ ។លើសពីនេះទៀត អ្នកនឹងរៀនពីរបៀបដែលកិច្ចប្រឹងប្រែងសុចរិតនៃបុគ្គលម្នាក់ៗដូចជាស្តេច បេនយ៉ាមីន អ័ប៊ីណាដៃ និង អាលម៉ា បាននាំមកនូវពរជ័យដ៏ច្រើនមហិមាដល់មនុស្សដទៃ ។តែផ្ទុយទោវិញ អ្នកនឹងឃើញពីរបៀបដែលជម្រើសមិនល្អរបស់បុគ្គលម្នាក់ៗដូចជា ស៊ីនិព្វ និង កូនប្រុសរបស់លោកគឺ ស្តេច ណូអេ បាននាំមកនូវលទ្ធផលអវិជ្ជមានដល់ខ្លួនពួកគេ និង ប្រជាជនរបស់ពួកគេ ។
តើនរណាបានសរសេរគម្ពីរនេះ ?
មរមនបានចងក្រង និង បានសង្ខេបបញ្ជីទាំងឡាយរបស់អ្នកសរសេរដទៃមួយចំនួនទៀតដើម្បើបង្កើតគម្ពីរម៉ូសាយ ។គម្ពីរនេះមានឈ្មោះថាម៉ូសាយ ដែលជាកូនប្រុសរបស់ស្តេចបេនយ៉ាមីន ។ម៉ូសាយជាព្យាការី អ្នកមើលឆុត អ្នកទទួលវិវរណៈ និង ជាស្តេចម្នាក់ដែលគ្រប់គ្រងក្នុងដែនដីសារ៉ាហិមឡាចាប់ពីប្រមាណជាឆ្នាំ 124 ទៅឆ្នាំ 91 មុន.គ.ស. ។លោកត្រូវបានដាក់ឈ្មោះតាមតារបស់លោក គឺម៉ូសាយ ដែលជាស្តេចម្នាក់ក្នុងដែនដីសារ៉ាហិមឡាផងដែរ ( សូមមើលអោមណៃ 1:12–13, 19 ) ។
មរមនបានដកស្រង់ចេញពីបញ្ជីជាច្រើនដើម្បីចងក្រងគម្ពីរម៉ូសាយ ។លោកបានសង្ខេប និង ដកស្រង់ពីបញ្ជីដែលថែរក្សាដោយម៉ូសាយនៅលើផ្ទាំងធំនៃនីហ្វៃ ដែលរៀបរាប់ពិស្តារពីប្រវត្តិរបស់ពួកសាសន៍នីហ្វៃក្នុងដែនដីសារ៉ាហិមឡា ( សូមមើលម៉ូសាយ 1–7, 25–29 )។លោកក៏បានដកស្រង់បញ្ជីរបស់ស៊ីនិព្វ ដែលរៀបរាប់ប្រាប់អំពីប្រវត្តិនៃប្រជាជនស៊ីនិព្វចាប់ពីសម័យដែលពួកគេបានចាកចេញពីក្រុងសារ៉ាហិមឡារហូតដល់ពេលពួកគេបានត្រឡប់មកវិញ ( សូមមើលម៉ូសាយ 7–22 )។លើសពីនេះទៀត លោកមរមនបានដកស្រង់ និង បានសង្ខេបផ្នែកទាំងឡាយនៃការសរសេររបស់អាលម៉ា ដែលបានរក្សាទុកពាក្យសម្ដីរបស់អ័ប៊ីណាដៃ ( សូមមើលម៉ូសាយ 17:4 ) និង បានថែរក្សាបញ្ជីនៃប្រជាជនរបស់លោកផ្ទាល់ ( សូមមើលម៉ូសាយ 18, 23–24 ) ។
តើនៅពេលណា ហើយនៅកន្លែងណាដែលគម្ពីរនេះត្រូវបានសរសេរឡើង ?
បញ្ជីដើមទាំងឡាយដែលបានប្រើប្រាស់ជាធនធានសម្រាប់គម្ពីរម៉ូសាយទំនងជាត្រូវបានសរសេរនៅចន្លោះឆ្នាំ 200 មុន.គ.ស.និង ឆ្នាំ 91 មុន.គ.ស. ។មរមនបានសង្ខេបបញ្ជីទាំងនេះនៅពេលណាមួយចន្លោះ ឆ្នាំ345 ដល់ឆ្នាំ 385 ម.គ. ។មរមនមិនបានកត់ត្រាកន្លែងដែលលោកនៅនោះទេ នៅពេលលោកចងក្រងបញ្ជីនេះទេ ។