មេរៀនទី 28 ៖ ថ្ងៃទី 3
មរមន 3–6
សេចក្តីផ្ដើម
បន្ទាប់ពីយកបានដែនដីពីពួកសាសន៍លេមិនមកវិញ ពួកសាសន៍នីហ្វៃបានរៀបចំសម្រាប់ចម្បាំងម្ដងទៀត ។ មរមនទទូចឲ្យពួកសាសន៍នីហ្វៃប្រែចិត្ត តែពួកគេបែរជាអួតអាងនៅក្នុងកម្លាំងខ្លួនផ្ទាល់ទៅវិញ ហើយបានស្បថថានឹងសងសឹកឲ្យបងប្អូនគេ ។ ដោយសារព្រះអម្ចាស់បានហាមឃាត់រាស្ត្រទ្រង់ពីការសងសឹក នោះមរមនបានបដិសេធក្នុងការដឹកនាំពលទ័ពពួកគេ ហើយពួកគេបានចាញ់ ។ ខណៈដែលពួកសាសន៍នីហ្វៃមានះនៅក្នុងសេចក្ដីទុច្ចរិត នោះព្រះបានចាក់នូវការជំនុំជម្រះរបស់ទ្រង់មកលើពួកគេ ហើយពួកលេមិនបានចាប់ផ្ដើមបោសសម្អាតពួកគេចេញពីផែនដី ។ នៅទីបំផុត មរមនបានត្រឡប់មកដឹកនាំពួកសាសន៍នីហ្វៃក្នុងចម្បាំង ប៉ុន្តែដោយសារពួកគេបដិសេធក្នុងការប្រែចិត្ត នោះពួកគេត្រូវបានបំផ្លាញដោយពួកសាសន៍លេមិន ។ មរមនបានទួញសោកចំពោះការធ្លាក់ និង ការគ្មានបំណងនឹងត្រឡប់មករកព្រះយេស៊ូវគ្រីស្ទវិញរបស់គេ ។ លោកបានព្យាករថា បញ្ជីអំពីប្រជាជននេះនឹងលេចចេញមកនៅក្នុងថ្ងៃចុងក្រោយ ហើយលោកបានលើកទឹកចិត្តពួកអ្នកដែលនឹងអានវា ឲ្យប្រែចិត្ត ហើយរៀបចំសម្រាប់ការជំនុំជម្រះរបស់ពួកគេផ្ទាល់នៅចំពោះព្រះ ។
មរមន 3–4
ដោយសារតែពួកសាសន៍នីហ្វៃកើនឡើងក្នុងសេចក្ដីទុច្ចរិត នោះមរមនបដិសេធនឹងដឹកនាំពលទ័ពរបស់គេ ហើយពួកលេមិនបានចាប់ផ្ដើមបោសសម្អាតពួកសាសន៍នីហ្វៃចេញពីផែនដី
តើអ្នកធ្លាប់មានអារម្មណ៍ថា ព្រះអម្ចាស់ចង់ឲ្យអ្នកផ្លាស់ប្ដូរអ្វីមួយក្នុងជីវិតអ្នកទេ ? តើអ្នកគិតថា ទ្រង់បានលើកទឹកចិត្ត ឬ បានជួយអ្នកឲ្យផ្លាស់ប្ដូរអ្វីមួយក្នុងជីវិតអ្នក ដោយអ្នកមិនបានដឹងពីវាដែរឬទេ ?
នៅជំនាន់របស់មរមន ជាញឹកញាប់ ពួកសាសន៍នីហ្វៃមិនបានដឹង ឬ ដឹងគុណចំពោះរបៀបដែលព្រះអម្ចាស់បានផ្ដល់អានុភាពចំពោះចម្បាំងរបស់ពួកគេជាមួយពួកសាសន៍លេមិននោះទេ ។ បន្ទាប់ពីពួកសាសន៍នីហ្វៃបានធ្វើសន្ធិសញ្ញាជាមួយនឹងពួកសាសន៍លេមិន និង ពួកចោរកាឌីអានតុនហើយ ព្រះអម្ចាស់បានទុកឲ្យពួកគេរស់នៅអស់ 10 ឆ្នាំ ដោយពុំមានការទាស់ទែង ។ ក្នុងអំឡុងឆ្នាំទាំងនោះ ពួកគេបានរៀបចំខាងរូបកាយសម្រាប់ការវាយប្រហារដែលនឹងមាន ( សូមមើល មរមន 2:28; 3:1 ) ។
សូមអាន មរមន 3:2–3 ហើយរកមើលរបៀបដែលកាន់តែសំខាន់មួយ ដែលព្រះអម្ចាស់ចង់ឲ្យពួកសាសន៍នីហ្វៃរៀបចំខ្លួនពួកគេសម្រាប់ការវាយប្រហាររបស់ពួកសាសន៍លេមិន ។ តើពួកសាសន៍នីហ្វៃបានឆ្លើយតបដោយរបៀបណា ? យោងតាម មរមន 3:3 ហេតុអ្វីព្រះអម្ចាស់បានទុកជីវិតឲ្យពួកសាសន៍នីហ្វៃ នៅក្នុងចម្បាំងថ្មីៗរបស់ពួកគេ បើទោះពួកគេមានភាពទុច្ចរិតនោះ ?
ដូចមានកត់ត្រាក្នុង មរមន 3:4–8 ព្រះអម្ចាស់បានការពារពួកសាសន៍នីហ្វៃពីរដងទៀត នៅក្នុងចម្បាំង ។ សេចក្ដីពិតខាងគោលលទ្ធិមួយ ដែលយើងអាចរៀនចេញពីដំណោះស្រាយរបស់ព្រះអម្ចាស់ ជាមួយនឹងជាតិសាសន៍នីហ្វៃដ៏ទុច្ចរិត គឺថា នៅក្នុងសេចក្ដីមេត្តាករុណារបស់ទ្រង់ នោះព្រះអម្ចាស់ប្រទានដល់យើងនូវឱកាសគ្រប់គ្រាន់ ដើម្បីប្រែចិត្តពីអំពើបាបរបស់យើង ។ ឱកាសទាំងនេះជាភស្ដុតាងនៃការអត់ធ្មត់ និង សេចក្ដីមេត្តារបស់ព្រះ និង នៃព្រះបំណងរបស់ទ្រង់ដែលចង់ឲ្យកូនចៅទាំងអស់របស់ទ្រង់ រស់នៅនៅក្នុងរបៀបមួយ ដែលសក្ដិសមទៅនឹងពរជ័យដ៏ពេញលេញនៃដង្វាយធួន ។
-
សូមឆ្លើយសំណួរទាំងឡាយខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ( អ្នកអាចនឹងចង់ឆ្លើយវានៅក្នុងសៀវភៅកំណត់ហេតុផ្ទាល់ខ្លួនរបស់អ្នក ប្រសិនបើចម្លើយនោះពិសិដ្ឋ ឬ សម្ងាត់ ) ៖
-
តើព្រះអម្ចាស់បានលើកទឹកចិត្តអ្នកឲ្យប្រែចិត្ត និង ប្រទានដល់អ្នកនូវឱកាសដើម្បីធ្វើដូច្នោះ យ៉ាងដូចម្ដេចដែរ ? តើការណ៍នេះបង្រៀនអ្វីដល់អ្នក អំពីលក្ខណៈរបស់ទ្រង់ ?
-
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីកុំឲ្យព្រងើយកន្ដើយ ឬ ពង្រឹងចិត្តអ្នកទាស់នឹងការលើកទឹកចិត្តទាំងនេះ ដូចជាពួកសាសន៍នីហ្វៃបានធ្វើនៅក្នុង មរមន 3:3 ?
-
ឱកាស និង ការអញ្ជើញពីព្រះអម្ចាស់ ដើម្បីឲ្យធ្វើការផ្លាស់ប្ដូរនៅក្នុងជីវិតអ្នក អាចនឹងមានញឹកញាប់ជាងដែលអ្នកអាចដឹង ។ ឧទាហរណ៍ វាអាចនឹងមាន ពេលអ្នកទទួលទានសាក្រាម៉ង់ ឬ ពេលអ្នកទទួលអារម្មណ៍នៃការបំផុសមួយពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីអភិវឌ្ឍខ្លួនអ្នក ឬ ដើម្បីបម្រើអ្នកផ្សេងទៀត ។ ពេលអ្នករកមើលឱកាសទាំងនោះ ហើយឆ្លើយតប ដោយធ្វើការផ្លាស់ប្ដូរភ្លាមៗ នោះអ្នកនឹងអញ្ជើញព្រះចេស្ដានៃការប្រោសលោះរបស់ព្រះអម្ចាស់ចូលមកក្នុងជីវិតអ្នក ។ ដើម្បីជួយអ្នកយល់ពីការរឹងទទឹងរបស់ពួកសាសន៍នីហ្វៃ ចំពោះការព្យាយាមឈោងជួយដល់ពួកគេរបស់ព្រះអម្ចាស់ នោះសូមអាន មរមន 3:9–10 ហើយរកមើលពីរបៀបដែលពួកគេបានប្រព្រឹត្ត នៅក្នុងការឆ្លើយតបចំពោះជ័យជំនះជាច្រើនរបស់ពួកគេទៅលើពួកសាសន៍លេមិន ។ ( ពេលអ្នកអាន វាអាចជាប្រយោជន៍ក្នុងការដឹងថា ពាក្យសងសឹក នៅក្នុងខ 9 គឺមានន័យថា បង្កើតជាការសងសឹកព្រោះតែការឈឺចាប់ ) ។
តើពួកសាសន៍នីហ្វៃបានឆ្លើយតបដោយរបៀបណា ក្រោយពីបានជ័យជំនះលើពួកសាសន៍លេមិន ? សូមអាន មរមន 3:11–13 ហើយរកមើលការឆ្លើយតបរបស់មរមន ចំពោះសម្បថរបស់ពួកពលទ័ព ក្នុងការស្វែងរកការសងសឹក ។
មរមនបានដឹកនាំពួកពលទ័ពសាសន៍នីហ្វៃអស់ 30 ឆ្នាំ ទោះបីពួកគេធ្វើអំពើទុច្ចរិតដោយឥតលាក់លៀមក្ដី ។ តើការបដិសេធរបស់មរមនក្នុងការដឹកនាំពលទ័ពនៅពេលនោះ បង្រៀនអ្វីដល់យើង អំពីភាពធ្ងន់ធ្ងរនៃការស្វែងរកការសងសឹក ?
សូមអាន មរមន 3:14–16 ហើយគូសចំណាំឃ្លាទាំងឡាយ ដែលបង្ហាញពីអ្វីដែលព្រះអម្ចាស់បានបង្រៀនដល់មរមនអំពីការសងសឹក ( ឬ ការស្វែងរកការសងសឹក ) ។ សេចក្ដីពិតមួយដែលយើងរៀនចេញពីខទាំងនេះគឺថា ព្រះអម្ចាស់ហាមឃាត់យើងពីការស្វែងរកការសងសឹក ។
-
សូមឆ្លើយសំណួរទាំងឡាយខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកធ្លាប់ចង់សងសឹកនរណាម្នាក់ ចំពោះអ្វីដែលមនុស្សនោះបានធ្វើចំពោះអ្នកដែរឬទេ ? តើអ្នកគិតថា ហេតុអ្វីនេះគឺជាការឆ្លើយតបដ៏គ្រោះថ្នាក់ ឬ មិនល្អ ? តើអ្នកគិតថា នរណាដែលជួបគ្រោះថ្នាក់បំផុត ដោយការសងសឹករបស់អ្នក ?
-
ហេតុអ្វីយើងគប្បីទុកការជំនុំជម្រះ និង ការសងសឹងនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ ជាជាងធ្វើវាខ្លួនឯង ?
-
ទោះបីយើងអាចនឹងដឹងថា យើងគួរទុកអារម្មណ៍នៃការសងសឹក និង បំណងប្រាថ្នាក្នុងការធ្វើដូច្នោះដោយឡែកក្ដី ក៏ជាញឹកញាប់ វាជាការលំបាកក្នុងការយកឈ្នះអារម្មណ៍ទាំងនេះ ពេលវាកើតឡើង ។ ពេលអ្នកអានដំបូន្មានតទៅនេះពី ប្រធាន ជែមស៍ អ៊ី. ហ្វោស្ត នៃគណៈប្រធានទីមួយ សូមគូសបន្ទាត់ពីក្រោមឃ្លាទាំងឡាយ ដែលជួយអ្នកឲ្យដឹងពីអ្វីដែលអ្នកអាចធ្វើ ដើម្បីយកឈ្នះអារម្មណ៍នៃការសងសឹក ពេលអ្នកមានអារម្មណ៍បែបនោះ ៖
« យើងត្រូវដឹង ហើយទទួលស្គាល់នូវអារម្មណ៍ខឹងទាំងឡាយ ។ វាត្រូវការការបន្ទាបខ្លួនដើម្បីធ្វើវា ប៉ុន្តែ បើសិនយើងនឹងលុតជង្គង់ចុះ ហើយសុំព្រះវរបិតាសួគ៌ប្រទានអារម្មណ៍នៃការអភ័យទោស នោះទ្រង់នឹងជួយអ្នក ។ ព្រះអម្ចាស់តម្រូវយើងទាំងអស់គ្នាឲ្យ ‹ អត់ទោសដល់មនុស្សទាំងអស់ › [ គ. និង ស. 64:10 ] សម្រាប់សេចក្ដីល្អរបស់យើងផ្ទាល់ ដោយសារ ‹ ការស្អប់ពន្យឺតដល់ការលូតលាស់ខាងវិញ្ញាណ › [ Orson F. Whitney, Gospel Themes (1914) ទំព័រ 144 ] ។ លើកលែងតែយើងកំចាត់ចោលនូវការស្អប់ និង ភាពល្វីងជូរចត់ចេញពីខ្លួនយើង ទើបព្រះអម្ចាស់អាចដាក់ការលួងលោមចូលក្នុងដួងចិត្តរបស់យើងបាន ។ …
« … ពេលសោកនាដកម្មសង្គ្រប់មកលើយើង យើងមិនគួរឆ្លើយតប ដោយការស្វែងរកការសងសឹកផ្ទាល់ខ្លួននោះទេ ប៉ុន្តែគួរទុកឲ្យយុត្តិធម៌ធ្វើការវា ហើយឲ្យវាចប់ទៅ ។ វាមិនងាយស្រួលនឹងទុកឲ្យវាចប់ទៅ ហើយកំចាត់ចេញនូវការអន់ចិត្តដែលកកើតឡើង ចេញពីដួងចិត្តរបស់យើងនោះទេ ។ ព្រះអង្គសង្រ្គោះ បានប្រទានដល់យើងទាំងអស់គ្នានូវសេចក្ដីសុខសាន្តដ៏មានតម្លៃ តាមរយៈដង្វាយធួនរបស់ទ្រង់ ប៉ុន្តែវាអាចមានដល់យើង ពេលដែលយើងសុខចិត្តលះបង់នូវអារម្មណ៍អវិជ្ជមាននៃកំហឹង គំនុំ ឬ ការសងសឹកប៉ុណ្ណោះ ។ សម្រាប់យើងទាំងអស់គ្នាដែលអត់ទោសដល់ ‹ ពួកអ្នកដែលបំពានដល់យើង › [ ការបកប្រែដោយយ៉ូសែប ស្ម៊ីធ ម៉ាថាយ 6:13 ] សូម្បីតែពួកអ្នកដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរក្ដី ដង្វាយធួននាំមកនូវរង្វាស់នៃសេចក្ដីសុខសាន្ត និង ការលួងលោម » ( “The Healing Power of Forgiveness” Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2007 ទំព័រ 69 ) ។
សូមសញ្ជឹងគិត ថាតើអ្នកអាចអនុវត្តដំបូន្មាននេះដោយរបៀបណា ដើម្បីបញ្ចប់នូវការគុំកួន កំហឹង ឬ អារម្មណ៍ដែលមិនល្អ ដែលអ្នកអាចនឹងមានចំពោះអ្នកផ្សេងទៀតនោះ ។
បន្ទាប់ពីបដិសេធក្នុងការដឹកនាំពួកពលទ័ពសាសន៍នីហ្វៃ មរមនបានបង្វែរការយកចិត្តទុកដាក់របស់លោកទៅកាន់ការសរសេរ សម្រាប់ពួកអ្នកដែលនឹងអានពាក្យសម្ដីរបស់លោកនៅថ្ងៃចុងក្រោយ ។ លោកចង់ឲ្យយើងម្នាក់ៗប្រែចិត្ត ហើយរៀបចំដើម្បី « ឈរនៅចំពោះវេទិកាជំនុំជម្រះនៃព្រះគ្រីស្ទ » ( សូមមើល មរមន 3:18–22 ) ។
សូមអាន មរមន 4:1–2 ហើយរកមើលអ្វីដែលបានកើតឡើងចំពោះពលទ័ពសាសន៍នីហ្វៃ ពេលពួកគេបានស្វែងរកការសងសឹកទៅលើពួកសាសន៍លេមិន ។ អាន មរមន 4:4 ហើយរកមើលពីមូលហេតុដែលពលទ័ពសាសន៍នីហ្វៃពុំបានឈ្នះ ។ សូមអាន មរមន 4:5 ហើយរកមើលសេចក្ដីពិតណាក៏ដោយ អំពីលទ្ធផលនៃការមានះនៅក្នុងភាពទុច្ចរិត ។ តើអ្នករកឃើញអ្វីខ្លះ ?
សេចក្ដីពិតមួយក្នុងចំណោមសេចក្ដីពិតទាំងឡាយ ដែលអ្នកអាចឃើញគឺ ការជំនុំជម្រះរបស់ព្រះនឹងដេញទាន់ពួកទុច្ចរិត ។ ជាញឹកញាប់ « ពួកទុច្ចរិតនឹងត្រូវធ្វើទោសដោយពួកទុច្ចរិត » ( មរមន 4:5 ) ។ ពួកទុច្ចរិតច្រានចោលជំនួយរបស់ព្រះ ហើយបដិសេធនឹងការស្វែងរកការការពារដ៏ទេវភាពរបស់ទ្រង់ ។ សូមអាន មរមន 4:11–14, 18 ហើយរកមើលពីរបៀបដែលការជំនុំជម្រះរបស់ព្រះ ត្រូវចាក់មកលើពួកសាសន៍នីហ្វៃ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរទាំងឡាយខាងក្រោមនេះ ៖
-
នៅក្នុងគំនិតអ្នក តើអ្វីជាផ្នែកដែលសោកសៅបំផុតពីស្ថានភាពរបស់ពួកសាសន៍នីហ្វៃ នៅក្នុង មរមន 3–4 ?
-
តើគោលលទ្ធិ ឬ សេចក្ដីពិតទាំងឡាយ ដែលអ្នកបានសិក្សាមកដល់ត្រឹមនេះ ទាក់ទងគ្នាទៅវិញទៅមកយ៉ាងដូចម្ដេចដែរ ? ( សូមពិចារណាពីទំនាក់ទំនងរវាងការប្រែចិត្ត ការសងសឹក និង ការជំនុំជម្រះរបស់ព្រះ ) ។
-
សញ្ជឹងគិតពីអ្វីព្រះអម្ចាស់នឹងឲ្យអ្នកធ្វើ ដើម្បីអនុវត្តសេចក្ដីពិតទាំងនេះ ។
មរមន 5–6
មរមនសម្រេចចិត្តដឹកនាំពលទ័ពសាសន៍នីហ្វៃម្ដងទៀត ប៉ុន្តែពួកសាសន៍លេមិនឈ្នះ មរមនទួញសោកចំពោះការបំផ្លិចបំផ្លាញនៃប្រជាជនរបស់លោក
តើមានភាពខុសគ្នាអ្វី រវាងសេចក្ដីទុក្ខព្រួយដែលកើតឡើងចំពោះសេចក្ដីស្លាប់របស់មនុស្សម្នាក់ ដែលបានរស់នៅដោយសុចរិត និង សេចក្ដីស្លាប់របស់មនុស្សម្នាក់ ដែលបានរស់នៅដោយទុច្ចរិត ? តើអ្នកគិតថា អ្វីជាភាពខុសគ្នា ?
បន្ទាប់ពីបានបដិសេធដឹកនាំពលទ័ពសាសន៍នីហ្វៃអស់រយៈពេល 13 ឆ្នាំ នោះមរមនបានដឹកនាំពួកគេម្ដងទៀត ។ ទោះជាយ៉ាងណា លោកបានដឹកនាំពួកគេទាំងអស់សង្ឃឹម ដោយសារប្រជាជនបានបដិសេធក្នុងការប្រែចិត្ត និង បដិសេធក្នុងការអំពាវនាវដល់ព្រះអម្ចាស់ដើម្បីសុំជំនួយ ។ បន្ទាប់ពីការវាយច្រានរបស់ពួកសាសន៍លេមិនពីរបីដងរួចមក ពួកសាសន៍នីហ្វៃបានរត់ភៀសខ្លួន ។ ពួកអ្នកដែលរត់គេចមិនទាន់ ក៏ត្រូវបំផ្លាញចោល ។ មរមនបានសរសេរសំបុត្រមួយទៅស្ដេចពួកសាសន៍លេមិន ដោយស្នើឲ្យទ្រង់ទុកពេលឲ្យពួកសាសន៍នីហ្វៃប្រមូលផ្ដុំគ្នា ដើម្បីធ្វើចម្បាំងលើកចុងក្រោយមួយ ( សូមមើល មរមន 5:1–7; 6:1–6 ) ។
សូមអាន មរមន 6:7–11 ហើយព្យាយាមយល់ពីសេចក្ដីទុក្ខព្រួយរបស់មរមន ពេលដែលលោកបានឃើញពីការបំផ្លិចបំផ្លាញមកលើប្រជាជនរបស់លោក ។ តើអ្នកគិតថា ហេតុអ្វីសេចក្ដីស្លាប់អាចជាការភ័យខ្លាច ចំពោះពួកអ្នកដែលរស់នៅដោយទុច្ចរិត ?
-
សូមអាន មរមន 6:16–22 ហើយឆ្លើយសំណួរទាំងឡាយខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ហេតុអ្វីពួកព្យាការី អ្នកដឹកនាំ និង ឪពុកម្ដាយ ព្យាយាមលើកទឹកចិត្តយើង ឲ្យប្រែចិត្តយ៉ាងខ្លាំងដូច្នេះ ?
-
តើសេចក្ដីសង្ឃឹមថាបានការឱបក្រសោបពីព្រះអម្ចាស់ អាចជួយអ្នកឲ្យប្រែចិត្តយ៉ាងដូចម្ដេចដែរ ? ( សូមមើល មរមន 6:17 ) ។
-
សូមសញ្ជឹងគិត ថាតើមានអ្វីដែលព្រះអម្ចាស់ចង់ឲ្យអ្នកប្រែចិត្ត ឬ អត់ នៅពេលឥឡូវនេះក្នុងជីវិតអ្នក ។ អ្នកអាចនឹងចង់សរសេរពីរឿងនេះនៅក្នុងសៀវភៅកំណត់ហេតុផ្ទាល់ខ្លួនរបស់អ្នក ហើយដាក់គោលដៅដើម្បីសម្រេចវាឲ្យបាន ។
-
សូមសរសេរចំណុចដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា មរមន 3–6 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖