សេចក្ដីណែនាំមកកាន់គម្ពីរមរ៉ូណៃ
ហេតុអ្វីសិក្សាគម្ពីរនេះ ?
ពេលអ្នកសិក្សាគម្ពីរមរ៉ូណៃ អ្នកអាចទាញយកនូវកម្លាំងចេញមកពីគំរូ និង ទីបន្ទាល់ដ៏អស្ចារ្យរបស់មរ៉ូណៃ ។ ជាងនោះទៅទៀត ចេញពីការបង្រៀនរបស់មរ៉ូណៃ និង មរមន ជាឪពុករបស់លោក នោះអ្នកនឹងរៀនអំពីពិធីបរិសុទ្ធ និង ការអនុវត្តជាគោលសំខាន់ៗរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ សារៈសំខាន់នៃការធ្វើកិច្ចការសុចរិតជាមួយនឹងបំណងពិត របៀបវិនិច្ឆ័យរវាងល្អ និង អាក្រក់ និង ទំនាក់ទំនងរវាងសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និង សេចក្ដីសប្បុរស ។ អ្នកនឹងអានផងដែរនូវការទូន្មានរបស់មរ៉ូណៃឲ្យអធិស្ឋានដើម្បីដឹងដោយខ្លួនអ្នកផ្ទាល់ថា ព្រះគម្ពីរមរមនពិត ហើយឲ្យ « មករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ » ( មរ៉ូណៃ 10:32 ) ។
តើនរណាបានសរសេរគម្ពីរនេះ ?
មរ៉ូណៃបានសរសេរគម្ពីរនេះ ដែលរួមមានទាំងពាក្យសម្ដីរបស់លោក ព្រះបន្ទូលរបស់ព្រះគ្រីស្ទទៅកាន់ពួកសិស្សទាំងដប់ពីរនាក់របស់ទ្រង់ ( សូមមើល មរ៉ូណៃ 2 ) និង ពាក្យសម្ដីរបស់មរមន ជាឪពុកលោក ( សូមមើល មរ៉ូណៃ 7–9 ) ។ មុនពេលការវិនាសរបស់ពួកសាសន៍នីហ្វៃ មរ៉ូណៃបានបម្រើជាកងទ័ព និង ជាអ្នកដឹកនាំសាសនាចក្រនៅក្នុងចំណោមពួកគេ ( សូមមើល មរមន 6:12; មរ៉ូណៃ 8:1 ) ។ មរ៉ូណៃជាសាក្សីមួយរូបនៃព្រះអង្គសង្គ្រោះ ដូចជាអ្នកសរសេរ និង អ្នកចងក្រងព្រះគម្ពីរមរមនមួយចំនួនធំផ្សេងទៀតដែរ ។ លោកបានថ្លែងទីបន្ទាល់ថា ៖ « ខ្ញុំបានឃើញព្រះយេស៊ូវ ហើយ … ទ្រង់បានមានព្រះបន្ទូលជាមួយខ្ញុំទល់នឹងមុខ » ( អេធើរ 12:39 ) ។ មរ៉ូណៃស្មោះត្រង់ចំពោះទីបន្ទាល់របស់លោក ហើយបានសង្កត់ធ្ងន់ពីឆន្ទៈរបស់លោកក្នុងការស៊ូឲ្យគេសម្លាប់ ជាជាងបដិសេធព្រះគ្រីស្ទ ( សូមមើល មរ៉ូណៃ 1:1–3 ) ។
នៅក្នុងឆ្នាំ 1823 ប្រមាណជា 1,400 ឆ្នាំ ក្រោយពីលោកបានបញ្ចប់ការកត់ត្រាព្រះគម្ពីរមរមន មរ៉ូណៃបានលេចមកឯព្យាការី យ៉ូសែប ស្ម៊ីធ ជាតួអង្គដែលបានរស់ឡើងវិញ ហើយបានប្រាប់លោកថា បញ្ជីនោះត្រូវបានកប់ទុកនៅភ្នំមួយក្បែរផ្ទះរបស់ យ៉ូសែប ស្ម៊ីធ ។ នៅពេលនោះ និង អំឡុងបួនប្រាំឆ្នាំបន្ទាប់នោះ មរ៉ូណៃក៏បានណែនាំផងដែរដល់ យ៉ូសែប ស្ម៊ីធ « អំពីរឿងដែលព្រះអម្ចាស់ទ្រង់នឹងធ្វើ ហើយតើដោយរបៀបណា និង ដោយនូវអ្វីដែលព្រះនគរព្រះនឹងត្រូវចាត់ចែងនៅគ្រាក្រោយបង្អស់ » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:54 ) ។
តើគម្ពីរនេះត្រូវបានសរសេរឡើង នៅពេលណា ហើយនៅកន្លែងណា ?
មរ៉ូណៃទំនងជាបានសរសេរ និង ចងក្រងគម្ពីរនោះ នៅរវាងឆ្នាំ 401 គ.ស. និង 421 គ.ស. ( សូមមើល មរមន 8:4–6; មរ៉ូណៃ 10:1 ) ជាពេលដែលលោកបានគេចខ្លួន ដើម្បីសុវត្ថិភាពដល់ជីវិតលោក ( សូមមើល មរមន 1:1–3 ) ។