សេចក្ដីណែនាំមកកាន់គម្ពីរហេលេមិន
ហេតុអ្វីសិក្សាគម្ពីរនេះ ?
នៅក្នុងការសិក្សារបស់អ្នកអំពីគម្ពីរហេលេមិន អ្នកនឹងរៀនចេញពីគំរូ និង ការបង្រៀនទាំងឡាយរបស់ពួកបុរសដ៏អស្ចារ្យដូចជា ហេលេមិន នីហ្វៃ លីហៃ និង សាំយូអែលជាសាសន៍លេមិន ដែលបានគោរពប្រតិបត្តិដល់ព្រះអម្ចាស់ដោយក្លាហាន ហើយបានថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ ការបម្រើរបស់បុគ្គលទាំងនេះ បង្ហាញថាព្រះប្រទាននូវអំណាចដើម្បីជួយពួកអ្នកបម្រើរបស់ទ្រង់ ឲ្យសម្រេចបាននូវព្រះបំណងរបស់ទ្រង់ ហើយថា ការខិតខំប្រឹងប្រែងរបស់បុគ្គលដ៏សុចរិតទាំងឡាយ អាចនាំមកនូវពរជ័យដល់មនុស្សរាប់ពាន់នាក់ ។ អ្នកក៏នឹងរៀនផងដែរ អំពីលទ្ធផលទាំងឡាយដែលកើតឡើងពីភាពឆ្មើងឆ្មៃ ភាពទុច្ចរិត និង បក្សព័ន្ធសម្ងាត់ទាំងឡាយ ។
តើនរណាបានសរសេរគម្ពីរនេះ ?
មរមនបានចងក្រង និង សង្ខេបបញ្ជីទាំងឡាយចេញពីផ្ទាំងធំនៃនីហ្វៃ ដើម្បីបង្កើតជាគម្ពីរហេលេមិន ។ គម្ពីរនេះត្រូវបានដាក់ឈ្មោះសម្រាប់ហេលេមិន ជាកូនប្រុសរបស់ហេលេមិន និង ជាចៅប្រុសរបស់អាលម៉ាជាកូន ។ ហេលេមិនបានទទួលបញ្ជីទាំងឡាយពីស៊ីបឡុន ជាពូរបស់លោក ហើយបានបម្រើជាចៅក្រមដ៏សុចរិតម្នាក់លើពួកសាសន៍នីហ្វៃ ។ លោកបានបង្រៀននីហ្វៃ និង លីហៃ ជាកូនប្រុសរបស់លោក ឲ្យចងចាំដល់ព្រះយេស៊ូវគ្រីស្ទជាព្រះប្រោសលោះរបស់ពួកគេ ( សូមមើល ហេលេមិន 5:9–14 ) ។ ក្រោយមក ការបង្រៀនទាំងនេះបានបំផុសដល់នីហ្វៃ ឲ្យលះបង់មុខតំណែងរបស់លោកជាមេចៅក្រម ដើម្បីប្រកាសពីការប្រែចិត្តដល់ពួកសាសន៍នីហ្វៃ និង ពួកសាសន៍លេមិន ។ បន្ទាប់ពីពួកសាសន៍លេមិនរាប់ពាន់នាក់បានប្រែចិត្តជឿហើយ មានព្យាការីសាសន៍លេមិនម្នាក់ឈ្មោះសាំយូអែល ត្រូវបានបំផុសគំនិតឲ្យប្រកាសការប្រែចិត្ត និង ព្យាករនៅក្នុងចំណោមពួកសាសន៍នីហ្វៃ ស្របពេលជាមួយនឹងនីហ្វៃដែរ ។ គម្ពីរហេលេមិន ដកចេញមកពីបញ្ជីទាំងឡាយដែលត្រូវបានរក្សាទុកនៅអំឡុងពេលនៃការគ្រប់គ្រង និង ការបម្រើរបស់ហេលេមិន ( ហេលេមិន 1–3 ) និង របស់នីហ្វៃ ( ហេលេមិន 4–16 ) ។ បញ្ជីទាំងឡាយរបស់នីហ្វៃ រួមមានការព្យាករណ៍ និង ការបង្រៀនរបស់សាំយូអែលជាសាសន៍លេមិន ។
តើនៅពេលណា ហើយនៅកន្លែងណាដែលគម្ពីរនេះត្រូវបានសរសេរឡើង ?
បញ្ជីដើមទាំងឡាយដែលត្រូវបានប្រើប្រាស់ជាប្រភពសម្រាប់គម្ពីរហេលេមិន ទំនងជាត្រូវបានសរសេររវាងឆ្នាំ 52 ម.គ.ស. និង ឆ្នាំ 1 ម.គ.ស. ។ មរមនបានសង្ខេបបញ្ជីទាំងនោះរវាងឆ្នាំ 345 គ.ស. និង 385 គ.ស. ។ មរមនពុំបានកត់ត្រាថាលោកនៅកន្លែងណាទេ ពេលដែលលោកបានចងក្រងគម្ពីរនេះទេ ។