មេរៀនទី 8 ៖ ថ្ងៃទី 4
នីហ្វៃទី 2 31
សេចក្តីផ្ដើម
នីហ្វៃបានបង្រៀនពីគោលលទ្ធិនៃព្រះគ្រីស្ទ ៖ យើងត្រូវតែអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ប្រែចិត្តពីអំពើបាបទាំងឡាយរបស់យើង ទទួលបុណ្យជ្រមុជទឹក ទទួលព្រះវិញ្ញាណបរិសុទ្ធ ហើយកាន់ខ្ជាប់រហូតដល់ចុងបំផុត ។លោកក៏បានធ្វើទីបន្ទាល់ថា នៅពេលយើងអនុវត្តតាមការបង្រៀនទាំងនេះ នោះព្រះនឹងប្រទានពរដល់យើងឲ្យមានព្រះវិញ្ញាណបរិសុទ្ធ ហើយដឹកនាំយើងទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច ។
នីហ្វៃទី 2 31:1–21
នីហ្វៃបង្រៀនថា ព្រះអង្គសង្គ្រោះបានផ្តល់គំរូដ៏ឥតខ្ចោះសម្រាប់យើង
ព្រះយេស៊ូវបានយាងទៅរកយ៉ូហាន បាទីស្ទ ដើម្បីឲ្យធ្វើបុណ្យជ្រមុជទឹកដល់ទ្រង់ ។ពីព្រោះព្រះយេស៊ូវមិនបានប្រព្រឹត្តិអំពើបាបទាល់តែសោះ តើអ្នកគិតថា ហេតុអ្វីទ្រង់ត្រូវទទួលបុណ្យជ្រមុជទឹក ?តើហេតុអ្វីអ្នកត្រូវទទួលបុណ្យជ្រមុជទឹក ?ការសញ្ជឹងគិតពីសំណួរទាំងនេះនឹងជួយអ្នករៀបចំសម្រាប់មេរៀននេះ ។
សូមអាននីហ្វៃទី 2 31:2, 21ហើយគូសចំណាំឃ្លា « គោលលទ្ធិនៃព្រះគ្រីស្ទ » ។សូមកត់ចំណាំថា ក្នុងខគម្ពីរទី 2 នីហ្វៃបានថ្លែងថា លោក « ត្រូវតែនិយាយអំពីគោលលទ្ធិនៃព្រះគ្រីស្ទ » ។បន្ទាប់មក ក្នុងខទី 21 លោកបានមានប្រសាសន៍ថា លោកបាននិយាយអំពី « គោលលទ្ធិនៃព្រះគ្រីស្ទ » ។ក្នុងនីហ្វៃទី 2 31:3–20យើងរៀនអំពីសេចក្តីពិតទាំងនោះដែលនីហ្វៃបានហៅថា « គោលលទ្ធិនៃព្រះគ្រីស្ទ » ។សេចក្តីពិតពីរដែលយើងរៀនគឺ ៖ ព្រះយេស៊ូវគ្រីស្ទបានបំពេញគ្រប់សេចក្តីសុចរិតទាំងអស់តាមរយៈការគោរពបទបញ្ញាតិទាំងអស់របស់ព្រះវរបិតានិងយើងត្រូវតែធ្វើតាមគំរូនៃការគោរពប្រតិបត្តិរបស់ព្រះយេស៊ូវគ្រីស្ទ ដោយទទួលបុណ្យជ្រមុជទឹក និង ទទួលព្រះវិញ្ញាណបរិសុទ្ធ ។
-
សូមសរសេរចំណងជើងតទៅនេះក្នុងជួរឈរស្របគ្នាក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ មូលហេតុទាំងឡាយដែលព្រះយេស៊ូវគ្រីស្ទទទួលបុណ្យជ្រមុជទឹក និង មូលហេតុទាំងឡាយដែលយើងទទួលបុណ្យជ្រមុជទឹក ។ បន្ទាប់មកសូមអាននីហ្វៃទី 2 31:4–12ហើយរាយពីអ្វីដែលអ្នកបានរៀនក្រោមចំណងជើងនីមួយៗទាំងនេះ ។
យោងទៅតាមនីហ្វៃទី 2 31:11 តើត្រូវធ្វើអ្វីពីមុនបុណ្យជ្រមុជទឹក ?
ដើម្បីជួយពន្យល់ពីមូលហេតុដែលពិធីបុណ្យជ្រមុជទឹកតម្រូវឲ្យធ្វើឡើង សូមអានសេចក្តីថ្លែងការដែលថ្លែងដោយព្យាការី យ៉ូសែប ស៊្មីធ ៖ « ពិធីបុណ្យជ្រមុជទឹកគឺជាទីសម្គាល់មួយទៅកាន់ព្រះ ពួកទេវតា និង ស្ថានសួគ៌ ថាយើងធ្វើតាមព្រះហឫទ័យរបស់ព្រះ ហើយគ្មានផ្លូវក្រោមមេឃឯណាទៀតដែលព្រះបានតែងតាំងមនុស្សឲ្យទៅរកទ្រង់ដើម្បីត្រូវបានសង្គ្រោះ ហើយចូលក្នុងនគររបស់ព្រះឡើយ លើកលែងតែសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត និង បុណ្យជ្រមុជទឹកសម្រាប់ការផ្តាច់បាប ហើយផ្លូវផ្សេងទៀតគឺគ្មានប្រយោជន៍នោះទេ បន្ទាប់មកអ្នកមានការសន្យាពីអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ » ( ការបង្រៀនរបស់ប្រធានសាសនាចក្រ យ៉ូសែប ស្ម៊ីធ [ ឆ្នាំ2007 ] ទំព័រ 91 ) ។
-
សូមស្រម៉ៃថា មិត្តម្នាក់ដែលមិនមែនជាសមាជិកសាសនាចក្របានសួរអ្នកថា តើហេតុអ្វីបុណ្យជ្រមុជទឹកមានសារៈសំខាន់ខ្លាំងម៉្លេះ ។សូមសរសេរពីរបៀបដែលអ្នកនឹងឆ្លើយតបក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
-
សូមសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកពីរបៀបដែលការធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ដោយការទទួលបុណ្យជ្រមុជទឹកបានជះឥទ្ធិពល ហើយផ្ដល់ពរដល់ជិវិតអ្នក ។
មានអ្វីៗជាច្រើនទៀតសម្រាប់យើងធ្វើ បន្ទាប់ពីយើងទទួលបុណ្យជ្រមុជទឹក ។សូមអាននីហ្វៃទី 2 31:13ហើយគូសចំណាំឃ្លាទាំងឡាយដែលពិពណ៌នាពីអាកប្បកិរិយាដែលមនុស្សម្នាក់គួរតែមាននៅពេលពួកគេធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ។
យោងទៅតាមនីហ្វៃទី 2 31:13 នៅពេលយើងបំពេញតាមសេចក្តីសញ្ញារបស់យើងដោយពេញចិត្តប្រាថ្នា និង ដោយស្មោះអស់ពីចិត្ត នោះតើព្រះវរបិតាសួគ៌សន្យាអ្វីមកដល់យើងវិញ ?( អ្នកអាចចង់គូសចំណាំវានៅក្នុងព្រះគម្ពីររបស់អ្នក ) ។សូមអានឃ្លាចុងក្រោយក្នុងនីហ្វៃទី 2 31:17ហើយរកមើលមូលហេតុដែលយើងត្រូវការទទួលព្រះវិញ្ញាណបរិសុទ្ធ ។នៅក្នុងចន្លោះដែលផ្តល់ឲ្យ សូមសរសេរសេចក្តីថ្លែង ឬ គោលការណ៍នៃគោលលទ្ធិមួយដោយផ្អែកទៅលើបទគម្ពីរដែលពន្យល់ពីអ្វីដែលព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើសម្រាប់យើង ។
ភ្លើងត្រូវបានប្រើដើម្បីបន្សុទ្ធវត្ថុទាំងឡាយដូចជាលោហៈធាតុ ។វាដុតរំលាយនូវអ្វីដែលមិនសុទ្ធ ក្លាយទៅជាវត្ថុដែលជ្រះស្អាត ។ការណ៍នេះគឺស្រដៀងទៅនឹងអ្វីដែលកើតឡើងចំពោះយើងខាងវិញ្ញាណដែរ នៅពេលយើងទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។វាក៏ត្រូវបានគេស្គាល់ថាជា « បុណ្យជ្រមុជដោយភ្លើង » ( សូមមើលនីហ្វៃទី 2 31:13 ) ។ព្រះវិញ្ញាណបរិសុទ្ធធ្វើទីបន្ទាល់ពីព្រះវរបិតា និង ព្រះរាជបុត្រា ហើយនាំមកនូវការផ្តាច់បាបទាំងឡាយ ។ ប្រធានម៉ារ៉ុន ជី រ៉មនីនៃគណៈប្រធានទីមួយបានបង្រៀនថា « បុណ្យជ្រមុជដោយភ្លើង និង ដោយព្រះវិញ្ញាណបរិសុទ្ធ … លាងជម្រះ ព្យាបាល និង បន្សុទ្ធព្រលឹង » ( Learning for the Eternities, comp. George J. Romney [ ឆ្នាំ 1977 ] ទំព័រ 133 ) ។
ដើម្បីស្វែងរកធាតុផ្សំផ្សេងទៀតនៃ « គោលលទ្ធិនៃព្រះគ្រីស្ទ » សូមអាននីហ្វៃទី 2 31:15–16ហើយគូសចំណាំអ្វីដែលអ្នករកឃើញ ។សូមភ្ជាប់ឃ្លាទាំងឡាយដែលអ្នកបានរកឃើញក្នុងនីហ្វៃទី 2 31:13ទៅនឹងការណែនាំដែលបានផ្តល់ឲ្យក្នុងនីហ្វៃទី 2 31:15–16ហើយគិតអំពីរបៀបដែលអ្នកអាចកាន់ខ្ជាប់ដរាបដល់ចុងបំផុតដោយ « ស្មោះអស់ពីចិត្ត » និង ដោយ« ពេញចិត្តប្រាថ្នា » ។
-
សូមឆ្លើយសំណួរខាងក្រោមនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើពាក្យ « ដោយពេញចិត្តប្រាថ្នា » « ពុំមានការលាក់ពុត » និង « ដោយស្មោះអស់ពីចិត្ត » អាចអនុវត្តចំពោះសកម្មភាពទាំងឡាយដូចជា ការសិក្សាព្រះគម្ពីររាល់ថ្ងៃ ឬ ការចូលរួមក្នុងព្រះវិហារយ៉ាងដូចម្តេចដែរ ?
-
តើមានភាពខុសគ្នាបែបណារវាងមនុស្សម្នាក់ដែល « សូត្រការអធិស្ឋានរបស់ពួកគេ » និង នរណាម្នាក់ដែលអធិស្ឋាន « ដោយពេញចិត្តប្រាថ្នា » ?
-
តើមានភាពខុសគ្នាបែបណារវាងមនុស្សដែល « ទទួលទានសាក្រាម៉ង់ » និង មនុស្សដែលទទួលទានសាក្រាម៉ង់ « ដោយស្មោះអស់ពីចិត្ត » ?
-
សូមអាននីហ្វៃទី 2 31:18ហើយរកមើលថា តើយើងឋិតនៅកន្លែងណាបន្ទាប់ពីយើងឆ្លងកាត់ក្លោងទ្វារនៃការប្រែចិត្ត និង បុណ្យជ្រមុជទឹកហើយ ។នៅពេលយើងអនុវត្តសេចក្តីជំនឿ ប្រែចិត្ត ទទួលបុណ្យជ្រមុជទឹក និង ទទួលព្រះវិញ្ញាណបរិសុទ្ធ នោះយើងចូលទៅក្នុង « ផ្លូវតូច ហើយចង្អៀត » ។តូច មានន័យថា ចង្អៀត ម៉ឺងម៉ាត់ ច្បាស់លាស់ និង មិនអនុញ្ញាតឲ្យងាករេ ។យោងទៅតាមនីហ្វៃទី 2 31:18តើយើងអាចដឹងបានដោយរបៀបណា ថាបើយើងឋិតនៅលើផ្លូវតូច ហើយចង្អៀត ?
ការទទួលបទពិសោធន៍ពីអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធមិនមែនគ្រាន់តែជាអារម្មណ៍ល្អធម្មតាដែលយើងទទួលបានពីពេលមួយទៅពេលមួយនោះទេ ។ភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធគឺជាសាក្សីមួយពីព្រះ ថាយើងឋិតនៅលើផ្លូវដែលនាំទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច ។
-
សូមឆ្លើយសំណួរខាងក្រោមនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធបានជួយអ្នកបន្តឋិតនៅលើផ្លូវតូច ហើយចង្អៀតយ៉ាងដូចម្តេច ?
-
តើមានវិធីផ្សេងទៀតអ្វីខ្លះដែលព្រះវិញ្ញាណបរិសុទ្ធបានប្រទានពរដល់ជីវិតរបស់អ្នក ?
-
សូមអាន នីហ្វៃទី 2 31:19–21 ហើយបង្កើតបញ្ជីមួយដោយដាក់លេខរៀងក្នុងព្រះគម្ពីររបស់អ្នកនូវចំណុចផ្សេងៗទៀត ដែលយើងត្រូវតែធ្វើដើម្បីបន្តនៅលើផ្លូវ ។( សូមកត់សម្គាល់ថា នីហ្វៃទី 2 31:19–20 គឺជាវគ្គចំណេះចំណានខគម្ពីរ ។អ្នកអាចនឹងចង់គូសចំណាំវានៅក្នុងរបៀបមួយដែលងាយសម្គាល់ ដើម្បីអ្នកអាចងាយរកវាឃើញនៅពេលខាងមុខ ) ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរប្រយោគមួយដែលពិពណនាពីអ្វីដែលមានន័យចំពោះអ្នក ដែលថា « ឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ » ( នីហ្វៃទី 2 31:20 ) ។
នៅក្នុងកន្លែងចន្លោះដែលបានផ្តល់ឲ្យ សូមសង្ខេប នីហ្វៃទី 2 31:19–20 ជាមួយនឹងសេចក្តីថ្លែងនៃគោលការណ៍ ៖
បើសិនយើង នោះយើង ។ ( អ្នកអាចនឹងចង់សរសេរវាក្នុងព្រះគម្ពីររបស់អ្នក ) ។
អែលឌើរ រ័សុល អិម ណិលសុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្តល់ពាក្យទូន្មានដែលពោរពេញដោយសេចក្តីសង្ឃឹមនេះទៅកាន់អ្នកទាំងឡាយដែលមានអារម្មណ៍ថា ពួកគេបានវង្វេងពីផ្លូវតូច ហើយចង្អៀត ៖ « នៅក្នុងដំណើរជីវិតរបស់អ្នក អ្នកជួបនូវឧបសគ្គជាច្រើន និង ប្រព្រឹត្តនូវកំហុសមួយចំនួន ។ការដឹកនាំពីព្រះគម្ពីរជួយអ្នកទទួលស្គាល់កំហុស ហើយធ្វើការកែតម្រូវដែលចាំបាច់ ។អ្នកឈប់ដើរឆ្ពោះទៅកាន់ទិសដៅខុស ។អ្នកសិក្សាព្រះគម្ពីរដោយប្រុងប្រយ័ត្ន ។បន្ទាប់មកអ្នកឈានទៅប្រែចិត្ត និង ការធ្វើឲ្យដូចដើមវិញ ដែលតម្រូវឲ្យដើរនៅលើ ‹ ផ្លូវតូច ហើយចង្អៀតនោះ ដែលនាំទៅរកជីវិតដ៏នៅអស់កល្បជានិច្ច › [ នីហ្វៃទី 2 31:18 ] » ( « Living by Scriptural Guidance» Ensign ខែ វិច្ឆិកា ឆ្នាំ 2000 ទំព័រ 17 ) ។
សូមសញ្ចឹងគិតថា តើសេចក្ដីថ្លែងនេះ និង បទគម្ពីរដែលអ្នកបានសិក្សានៅថ្ងៃនេះ នាំអ្នកទៅរក « ការភ្លឺថ្លានៃសេចក្តីសង្ឃឹម » យ៉ាងដូចម្តេច ( នីហ្វៃទី 2 31:20 ) ។
ចំណេះចំណានខគម្ពីរ—នីហ្វៃទី 2 31:19–20
-
សូមចំណាយពេលប្រាំនាទីដើម្បីទន្ទេញ នីហ្វៃទី 2 31:20 ។សូមសុំសមាជិកគ្រួសារ ឬ មិត្តភក្តិម្នាក់សាកល្បងចំណេះដឹងរបស់អ្នកពីព្រះគម្ពីរ ឬ អ្នកអាចយកដៃបិតលើខគម្ពីរនោះ ហើយព្យាយាមសូត្រខគម្ពីរនោះឡើងវិញដោយមិនបាច់មើល ។សូមព្យាយាមសរសេរខគម្ពីរដោយចេញពីការចងចាំ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
-
ដោយប្រើ នីហ្វៃទី 2 31:20 នោះសូមជ្រើសរើសរឿងមួយនៃរឿងទាំងនេះដែលយើងត្រូវធ្វើដើម្បីឋិតនៅលើផ្លូវត្រឹមត្រូវដែលអ្នកកំពុងតែធ្វើបានល្អនោះ ។បន្ទាប់មក សរសេរជាការពិពណ៌នាមួយក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកពីរបៀបដែលអ្នកកំពុងធ្វើរឿងនោះ ។បន្ទាប់មក សូមជ្រើសរើសចំណុចមួយដែលអ្នកចង់កែប្រែធ្វើឲ្យល្អឡើង ហើយសរសេរពីរបៀបដែលអ្នកនឹងធ្វើចំណុចនោះ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
តើយើងអាចចៀសវាងពីការលាក់ពុតដោយរបៀបណា ?
នីហ្វៃបានព្រមានទាស់នឹងការលាក់ពុតក្នុង នីហ្វៃទី 2 31:13 ។ការលាក់ពុត មានន័យថា ធ្វើពុត ឬ ដើរតួជាផ្នែកមួយជំនួសអ្នកដទៃ ដើម្បីបង្ហាញថា វាមិនឆ្លុះបញ្ចាំងពីអត្តសញ្ញាណពិតរបស់យើង ។អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍អំពីការប្រព្រឹត្តដោយគ្មានការលាក់ពុតថា ៖
« តាមពិតទៅ តើយើងពិតជារស់នៅតាមដំណឹងល្អ ឬក៏យើងគ្រាន់តែ សម្តែងឡើង ជាឫកពាខាងក្រៅនៃសេចក្តីសុចរិត ដើម្បីឲ្យអ្នកទាំងឡាយនៅជុំវិញយើងស្មានថា យើងស្មោះត្រង់ នៅពេលដែលភាពពិត ចិត្ត និង សកម្មភាពដែលមើលមិនឃើញរបស់យើងគឺមិនពិតប្រាកដចំពោះការបង្រៀនរបស់ព្រះអម្ចាស់ ?
« តើយើងគ្រាន់តែទទួលយក ‹ ឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ › ខណៈដែលមិនព្រមទទួលស្គាល់ ‹ ព្រះចេស្តាដែលមកដោយការគោរពប្រតិបត្តិនោះ › [ សូមមើល យ៉ូសែប ស៊្មីធ—ប្រវត្តិ 1:19 ] ?
« តើយើងពិតជាមនុស្សសុចរិតទេ ឬក៏ យើងធ្វើពុត [ លាក់ពុត ] ជាគោរពប្រតិបត្តិ គ្រាន់តែនៅពេលយើងគិតថា អ្នកដទៃទៀតកំពុងអង្កេតមើលយើង ?
« ព្រះអម្ចាស់បានបញ្ជាក់ច្បាស់ថា ឫកពាខាងក្រៅនឹងមិនបំភាន់ទ្រង់បានទេ ហើយទ្រង់បានព្រមានដល់យើងមិនត្រូវក្លែងខ្លួនចំពោះទ្រង់ ឬ ដល់អ្នកដទៃទៀត ។ទ្រង់បានដាស់តឿនយើងឲ្យប្រុងប្រយ័ត្នចំពោះអ្នកទាំងឡាយដែលរៀបចំគ្រោងការក្លែងក្លាយ ដែលមានសំបកខាងក្រៅសុចរិតប៉ុន្តែលាក់នូវធម្មជាតិអាក្រក់របស់ខ្លួន ។យើងដឹងថា ព្រះអម្ចាស់ ‹ ទតចំពោះក្នុងចិត្ត › និង មិនមែនទតមើល ‹ ឫកពាខាងក្រៅ › នោះទេ [ សូមមើល សាំយូអែលទី 1 16:7 ] » ( «True to the Truth» Ensign ខែ ឧសភា ឆ្នាំ 1997 ទំព័រ 15–16 ) ។
តើយើង « កាន់ខ្ជាប់ដរាបដល់ចុងបំផុត » យ៉ាងដូចម្តេច ?
ពាក្យ « កាន់ខ្ជាប់ដរាបដល់ចុងបំផុត » ( នីហ្វៃទី 2 31:16 ) ជាញឹកញាប់ត្រូវបានប្រើដើម្បីប្រាប់ពីសេចក្ដីត្រូវការក្នុងការស៊ូទ្រាំនឹងការលំបាកដោយអត់ធ្មត់ពេញមួយជីវិតរស់នៅរបស់យើង ។អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន បានពន្យល់ថា ដើម្បីកាន់ខ្ជាប់ដរាបដល់ចុងបំផុតក៏មានន័យផងដែរថា បន្តក្នុងភាពស្មោះត្រង់ចំពោះព្រះគ្រីស្ទរហូតដល់ចុងបំផុតនៃជីវិតរស់នៅរបស់យើង ៖
« កាន់ខ្ជាប់ដរាបដល់ចុងបំផុតគឺជាគោលលទ្ធិស្តីពីការបន្តនៅលើផ្លូវដែលនាំទៅរកជីវិតដ៏នៅអស់កល្បជានិច្ច បន្ទាប់ពីមនុស្សម្នាក់បានចូលតាមផ្លូវនោះ តាមរយៈសេចក្តីជំនឿ ការប្រែចិត្ត បុណ្យជ្រមុជទឹក និង ការទទួលព្រះវិញ្ញាណបរិសុទ្ធ ។ការកាន់ខ្ជាប់ដរាបដល់ចុងបំផុតតម្រូវឲ្យមានចិត្តស្ម័គ្រទាំងស្រុងរបស់យើង ។ …
« ការកាន់ខ្ជាប់ដរាបដល់ចុងបំផុតមានន័យថា យើងបានរស់ក្នុងដំណឹងល្អយ៉ាងខ្ជាប់ខ្ជួន ដោយថិតក្នុងដំណើរឆ្ពោះស្របដូចនឹងសាសនាចក្រ បម្រើមិត្តសម្លាញ់របស់យើងដោយរាបសា រស់នៅបែបដូចជាព្រះគ្រីស្ទ ហើយនិងរក្សាសេចក្តីសញ្ញាទាំងឡាយរបស់យើង ។អ្នកទាំងឡាយដែលកាន់ខ្ជាប់ គឺមានលំនឹង មិនផ្លាស់ប្តូរ បន្ទាបខ្លួន ល្អឡើងជាដរាប និង គ្មានកំហុស ។ទីបន្ទាល់របស់ពួកគេមិនត្រូវបានសំអាងទៅលើមូលហេតុទាំងឡាយខាងលោកិយនោះទេ—វាផ្អែកទៅលើសេចក្តីពិត ចំណេះដឹង បទពិសោធន៍ និង ព្រះវិញ្ញាណ » ( «Press On» Ensign ខែ វិច្ឆិកា ឆ្នាំ 2004 ទំព័រ 101 ) ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅក្រោមផ្នែកកិច្ចការសម្រាប់ថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី 2 31 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖