សេចក្តីណែនាំមកកាន់គម្ពីរយ៉ាកុប
ហេតុអ្វីសិក្សាគម្ពីរនេះ ?
តាមរយៈការសិក្សាព្រះគម្ពីរយ៉ាកុប អ្នកអាចរៀនមេរៀនសំខាន់ៗពីបុរសម្នាក់ដែលមានសេចក្តីជំនឿដ៏រឹងមាំលើព្រះយេស៊ូវគ្រីស្ទ ។យ៉ាកុបបានធ្វើទីបន្ទាល់ម្តងហើយម្ដងទៀតអំពីព្រះអង្គសង្គ្រោះ ហើយបានអញ្ជើញប្រជាជនរបស់លោក និង អ្នកទាំងឡាយដែលអានពាក្យសម្ដីរបស់លោកឲ្យប្រែចិត្ត ។លោកបានបង្រៀន និង បានចង្អុលបង្ហាញពីសារៈសំខាន់នៃការបំពេញការហៅបម្រើពីព្រះអម្ចាស់ដោយឧស្សាហ៍ព្យាយាម ។លោកបានដាស់តឿនប្រជាជនរបស់លោកទាស់នឹងគ្រោះថ្នាក់នៃភាពឆ្មើងឆ្មៃ ទ្រព្យសម្បត្តិ និង ភាពអសីលធម៌ ។យ៉ាកុបក៏បានដកស្រង់ និង បានបរិយាយអំពីរូបាធិដ្ឋានរបស់លោកស៊ីណូសផងដែរ ស្តីអំពីដើមអូលីវដែលបង្ហាញឲ្យឃើញពីកិច្ចខិតខំដោយឥតនឿយហត់របស់ព្រះអង្គសង្គ្រោះក្នុងការនាំមកនូវសេចក្តីសង្គ្រោះដល់កូនចៅទាំងអស់របស់ព្រះ ។នៅក្នុងការប្រឈមមុខជាមួយសេរេម ជាអ្នកប្រឆាំងនឹងព្រះគ្រីស្ទ យ៉ាកុបបានបង្ហាញពីរបៀបឆ្លើយតបដោយសុចរិតចំពោះអ្នកទាំងឡាយដែលសួរសំណួរ ឬ រិះគន់ពីសេចក្តីជំនឿរបស់យើង ។
តើនរណាបានសរសេរគម្ពីរនេះ ?
យ៉ាកុបជាកូនប្រុសទីប្រាំរបស់នាងសារ៉ាយ និង លោកលីហៃ បានសរសេរព្រះគម្ពីរនេះ ។លោកបានកើតក្នុងទីរហោស្ថានអំឡុងការធ្វើដំណើររបស់គ្រួសារលោកទៅកាន់ដែនដីសន្យា ។ក្នុងយុវវ័យរបស់លោក យ៉ាកុប « បានរងទុក្ខវេទនា និង ការសោកសៅដ៏ច្រើនដោយព្រោះការទ្រគោះរបស់បងៗ [ លោក ] » ( នីហ្វៃទី 2 2:1 ) ។ទោះជាយ៉ាងណា លោកលីហៃបានសន្យានឹងលោកថា ព្រះនឹង « ធ្វើឲ្យសេចក្តីវេទនាទាំងឡាយ [ របស់យ៉ាកុប ] ក្លាយទៅជាផលប្រយោជន៍ដល់ [ លោក ] វិញ » ហើយថា លោកនឹងចំណាយជីវិតរបស់លោក « ក្នុងការបម្រើព្រះ [ របស់លោក ] » ( នីហ្វៃទី 2 2:2–3 ) ។ក្នុងយុវវ័យរបស់លោក យ៉ាកុបបានឃើញសិរីល្អរបស់ព្រះអង្គសង្រ្គោះ ( សូមមើល នីហ្វៃទី 2 2:3–4 ) ។នីហ្វៃបានតែងតាំងយ៉ាកុប ជាសង្ឃ និង ជាគ្រូរបស់ពួកសាសន៍នីហ្វៃ ( សូមមើល នីហ្វៃទី 2 5:26 ) ហើយក្រោយមកបានដាក់ទីទុកចិត្តលើលោកដោយប្រគល់ដល់លោកនូវផ្ទាំងតូចរបស់នីហ្វៃ ( សូមមើល យ៉ាកុប 1:1–4 ) ។ក្នុងនាមជាអ្នកដឹកនាំបព្វជិតភាព និង ជាគ្រូម្នាក់ យ៉ាកុបបានធ្វើការដោយឧស្សាហ៍ព្យាយាមដើម្បីបញ្ចុះបញ្ចូលប្រជាជនរបស់លោកឲ្យជឿលើព្រះគ្រីស្ទ ( សូមមើល យ៉ាកុប 1:7 ) ។លោកបានទទួលវិវរណៈទាំងឡាយទាក់ទងនឹងព្រះអង្គសង្គ្រោះ បានមានបទពិសោធន៍ជាមួយនឹងការបម្រើរបស់ពួកទេវតា និង បានឮសំឡេងរបស់ព្រះអម្ចាស់ ( សូមមើល យ៉ាកុប 7:5 ) និង បានឃើញព្រះអង្គប្រោសលោះរបស់លោក ( សូមមើល នីហ្វៃទី 2 11:2–3 ) ។យ៉ាកុបគឺជាឪពុករបស់អេណុសដែលលោកបានទុកចិត្តប្រគល់ផ្ទាំងទាំងឡាយឲ្យពីមុនពេលលោកស្លាប់ ។
តើនៅពេលណា ហើយនៅកន្លែងណាដែលគម្ពីរនេះត្រូវបានសរសេរឡើង ?
ព្រះគម្ពីររបស់យ៉ាកុបចាប់ផ្តើមនៅប្រមាណជាឆ្នាំ 544 មុន.គ.ស. ជាពេលដែលនីហ្វៃបានទុកចិត្តលើយ៉ាកុបដោយឲ្យលោកនូវផ្ទាំងតូច ។ព្រះគម្ពីរនោះក៏មាននិយាយពីជិតចុងបញ្ចប់នៃជីវិតរបស់យ៉ាកុប នៅគ្រាដែលលោកបានប្រគល់ផ្ទាំងទាំងឡាយឲ្យទៅកូនប្រុសរបស់លោកគឺអេណុស ។យ៉ាកុបបានសរសេរកំណត់ត្រានេះខណៈដែលកំពុងរស់នៅក្នុងដែនដីនីហ្វៃ ។