មេរៀនទី 13 ៖ ថ្ងៃទី 1
ម៉ូសាយ 18
សេចក្តីផ្ដើម
អាលម៉ា ដែលជាសង្ឃម្នាក់របស់ស្តេចណូអេដ៏ទុច្ចរិត បានជឿលើពាក្យសម្តីរបស់ព្យាការី អ័ប៊ីណាដៃ ហើយបានប្រែចិត្តពីអំពើបាបទាំងឡាយរបស់លោក ។ក្រោយពីការស្លាប់របស់ អ័ប៊ីណាដៃ នោះ អាលម៉ា បានបង្រៀនដោយសម្ងាត់ដល់អ្នកដទៃទៀតអំពីព្រះយេស៊ូវគ្រីស្ទ ។អ្នកទាំងឡាយដែលបានជឿដល់អាលម៉ា បានមានបំណងប្រាថ្នាចង់ចូលក្នុងក្រោលនៃព្រះ ។ពួកគេបានចូលក្នុងសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹកនៅកន្លែងមួយដែលហៅថា ទឹកមរមន ។នៅពេលអ្នកសិក្សាម៉ូសាយ 18 សូមរកមើលអ្វីដែលអាលម៉ាបានបង្រៀនទាក់ទងនឹងសេចក្តីសន្យាទាំងឡាយដែលអ្នកបានធ្វើ នៅពេលអ្នកទទួលបុណ្យជ្រមុជទឹក និង អ្វីដែលព្រះអម្ចាស់នឹងធ្វើសម្រាប់អ្នកនៅពេលអ្នករក្សាសេចក្តីសន្យាទាំងនោះ ។
ម៉ូសាយ 18:1–16
អាលម៉ា បង្រៀន និង ជ្រមុជទឹកដល់ប្រជាជន
សូមគិតអំពីពិធីបុណ្យជ្រមុជទឹករបស់អ្នក ។តើអ្នកចងចាំសេចក្តីលម្អិតអ្វីខ្លះ អំពីបទពិសោធន៍នេះ ?តើអ្នកបានរៀបចំខ្លួនសម្រាប់ពិធីបុណ្យជ្រមុជទឹកដោយរបៀបណា ?តើអ្នកនឹកចាំអារម្មណ៍អ្វីខ្លះ អំពីពិធីបុណ្យជ្រមុជទឹក ?សូមពិចារណាអំពីអ្វីដែលអ្នកអាចឲ្យតម្លៃកាន់តែខ្លាំងថែមទៀត នៅពេលនេះអំពីពិធីបុណ្យជ្រមុជទឹករបស់អ្នក ជាង ពេលដែលអ្នកបានទទួលបុណ្យជ្រមុជទឹក ។
ម៉ូសាយ 18ជួយយើងឲ្យយល់ពីសេចក្តីសញ្ញាដែលយើងធ្វើជាមួយព្រះ នៅពេលបុណ្យជ្រមុជទឹក ។សេចក្តីសញ្ញាគឺ « ជាកិច្ចព្រមព្រៀងរវាងព្រះ និង មនុស្ស ប៉ុន្តែព្រះ និង មនុស្ស មិនធ្វើកិច្ចស្មើភាពក្នុងការព្រមព្រៀងនោះទេ ។ព្រះដាក់លក្ខខណ្ឌទាំងឡាយសម្រាប់សេចក្តីសញ្ញា ហើយមនុស្សយល់ព្រមធ្វើតាមអ្វី ដែលទ្រង់សុំឲ្យពួកគេធ្វើ ។បន្ទាប់មក ព្រះសន្យានឹងមនុស្សនូវពរជ័យជាក់លាក់ទាំងឡាយសម្រាប់ការគោរពប្រតិបត្តិរបស់ពួកគេ » ( Guide to the Scriptures, « Covenant,» scriptures.lds.org )។
ដើម្បីយល់ពីរបៀបដែលម៉ូសាយ 18ជួយយើងយល់អំពីសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹក សូមកត់សម្គាល់ចំពោះសេចក្តីដកស្រង់ខាងក្រោមនេះក្នុងជំពូកនេះ ៖ ម៉ូសាយ 18:1–7ការរៀបចំខ្លួនសម្រាប់សេចក្តីសញ្ញាម៉ូសាយ 18:8–16ការធ្វើសេចក្តីសញ្ញា និងម៉ូសាយ 18:17–30ការរស់តាមសេចក្តីសញ្ញា ។អ្នកអាចចង់សរសេរប្រធានបទនីមួយៗ ( ឧទាហរណ៍ ការរៀបចំខ្លួនសម្រាប់សេចក្តីសញ្ញា ) នៅក្បែរនឹងខគម្ពីរទាំងឡាយទាក់ទងនៅក្នុងព្រះគម្ពីររបស់អ្នក ។
សូមអានម៉ូសាយ 18:1–2, 6–7រកមើលគោលលទ្ធិ និង គោលការណ៍ទាំងឡាយ ដែលអាលម៉ាបានបង្រៀនដល់ប្រជាជន ដើម្បីជួយរៀបចំពួកគេសម្រាប់ពិធីបុណ្យជ្រមុជទឹក ។នៅកន្លែងចន្លោះខាងក្រោមនេះ សូមសរសេរថា តើការយល់ដឹងពីអ្វីដែល អាលម៉ា បានបង្រៀនដល់ប្រជាជនរបស់លោក នឹងជួយមនុស្សម្នាក់នៅសព្វថ្ងៃនេះដើម្បីរៀបចំខ្លួនសម្រាប់ពិធីបុណ្យជ្រមុជទឹកយ៉ាងដូចម្ដេច ៖
ម៉ូសាយ 18:8–11មានកត់ត្រាពីរបៀបដែល អាលម៉ា បានជួយប្រជាជនរបស់លោកឲ្យយល់អំពីសេចក្តីសញ្ញាទាំងឡាយដែលពួកគេនឹងធ្វើ ហើយទទួលយក តាមរយៈសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ។
-
សូមគូរតារាងខាងក្រោមនេះ ក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។សូមពិនិត្យមើលម៉ូសាយ 18:8–11រកអ្វីដែល អាលម៉ា បានបង្រៀនអំពីសេចក្តីសន្យាទាំងឡាយដែលយើងធ្វើជាមួយព្រះ ( អ្វីដែលយើង « យល់ព្រម » ធ្វើ ) និង សេចក្តីសន្យាទាំងឡាយ ដែលព្រះធ្វើជាមួយយើងនៅពេលយើងទទួលបុណ្យជ្រមុជទឹក ។សូមសរសេរអំពីអ្វីដែលអ្នករកឃើញ នៅក្នុងជួរឈរឲ្យត្រឹមត្រូវក្នុងតារាងរបស់អ្នក ។
ខ្ញុំសន្យា |
ព្រះសន្យា |
---|---|
គោលការណ៍ដំណឹងល្អមួយនៃគោលការណ៍ទាំងឡាយដែលមានយ៉ាងច្បាស់ក្នុង ម៉ូសាយ 18:8–11គឺ ៖ យើងទទួលព្រះវិញ្ញាណនៃព្រះអម្ចាស់ និង សេចក្តីសន្យានៃជីវិតដ៏អស់កល្បជានិច្ចតាមរយៈការធ្វើ និង ការរក្សាសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ។
-
នៅខាងក្រោមតារាង ក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរសេចក្តីសង្ខេបមួយអំពីអ្វីដែលអ្នកបានរៀន អំពីសារៈសំខាន់នៃការធ្វើ និង ការរក្សាសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ។
សូមអានសេចក្តីថ្លែងការណ៍តទៅនេះដោយអែលឌើរ យ៉ូសែប ប៊ី.វ៉ឺតលីន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយគូសបន្ទាត់ពីក្រោមពរជ័យទាំងឡាយដែលអាចមានមកលើយើង នៅពេលយើងយល់សេចក្តីសន្យាដែលយើងធ្វើ និង ទទួល នៅពេលពិធីបុណ្យជ្រមុជទឹក ៖ ខ្ញុំបានកត់សម្គាល់ពេញមួយជីវិតខ្ញុំថា នៅពេលមនុស្សយល់ពេញលេញនូវពរជ័យទាំងឡាយ និង អំណាចនៃសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់ពួកគេ មិនថា ពួកគេជាអ្នកប្រែចិត្តជឿថ្មី ឬ ជាសមាជិកជាយូរក្នុងសាសនាចក្រនោះទេ សេចក្តីអំណរដ៏មហិមានឹងមានក្នុងជីវិតរស់នៅរបស់ពួកគេ ហើយពួកគេខិតខំអនុវត្តនូវកាតព្វកិច្ចទាំងឡាយរបស់ពួកគេក្នុងនគររបស់ព្រះដោយសេចក្ដីរីករាយសាទរយ៉ាងក្រៃលែង » ( « Alma the Elder: A Role Model for Today, » នៅក្នុងHeroes from the Book of Mormon [ ឆ្នាំ 1995 ] ទំព័រ 84 ) ។
-
សូមសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីរបៀបដែលសេចក្តីសញ្ញានៃពីធីបុណ្យជ្រមុជទឹក អាចមានឥទ្ធិពលលើរបៀបដែលអ្នករស់នៅរាល់ថ្ងៃ ។( ឧទាហរណ៍ សូមពិចារណាការសន្យារបស់អ្នកដើម្បី « ឈរជាសាក្សីដល់ព្រះនៅគ្រប់ពេល » ដោយសារវាពាក់ព័ន្ធទៅនឹងរបៀបដែលអ្នកទំនាក់ទំនងជាមួយអ្នកដទៃ រួមទាំងរបៀបដែលអ្នកប្រព្រឹត្តជាមួយសមាជិកគ្រួសារទាំងឡាយ រឿងទាំងឡាយដែលអ្នកពិភាក្សាជាមួយមិត្តភក្តិ និង មនុស្សដែលអ្នកស្គាល់ ពាក្យសម្តីដែលអ្នកប្រើ ប្រភេទរឿងភាពយន្ត ឬ កម្មវិធីតាមទូរទស្សន៍ទាំងឡាយដែលអ្នកមើល តន្រី្តដែលអ្នកស្តាប់ ទំនាក់ទំនងសង្គម និង ការដើរលេងជាគូ និង របៀបដែលអ្នកឆ្លើយតបចំពោះអ្នកទាំងឡាយដែលរិះគន់ជំនឿរបស់អ្នក ) ។
សូមពិនិត្យមើលដោយយកចិត្តទុកដាក់លើម៉ូសាយ 18:12–16ហើយរកមើលគំរូទាំងឡាយអំពីរបៀបដែលព្រះអម្ចាស់បានបំពេញផ្នែកនៃសេចក្តីសញ្ញារបស់ទ្រង់ជាមួយ អាលម៉ា និង ប្រជាជនរបស់លោក បន្ទាប់ពីពិធីបុណ្យជ្រមុជទឹក ។អ្នកអាចចង់គូសចំណាំអំពីអ្វីដែលអ្នករកឃើញ ។
-
សូមសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីគ្រាមួយដែលអ្នកមានអារម្មណ៍ថា ព្រះអម្ចាស់បានប្រទានពរអ្នកនូវព្រះវិញ្ញាណទ្រង់ នៅពេលអ្នករក្សាសេចក្តីសន្យាដែលអ្នកបានធ្វើ ពេលពិធីបុណ្យជ្រមុជទឹកថា នឹងបម្រើទ្រង់ ។
ម៉ូសាយ 18:17–30
អាលម៉ា បង្កើតសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទក្នុងចំណោមប្រជាជន
តើអ្នកគិតអំពីសេចក្តីសញ្ញាទាំងឡាយដែលអ្នកធ្វើ នៅពេលពិធីបុណ្យជ្រមុជទឹក ហើយរំឭកឡើងវិញ នៅពេលអ្នកទទួលទានសាក្រាម៉ង់ញឹកញាប់ប៉ុណ្ណា ?តើអ្នកគួរគិតអំពីសេចក្តីសញ្ញាទាំងនោះញឹកញាប់ប៉ុណ្ណា ?ជាធម្មតា តើអ្នកយកពេលគិតអំពីសេចក្តីសញ្ញាទាំងនេះនៅពេលណា ?
ប្រធាន ហិនរី ប៊ី.អាវរិង នៃគណៈប្រធានទីមួយ បានបង្រៀនអំពីសារៈសំខាន់នៃការរក្សាសេចក្តីសញ្ញាទាំងឡាយរបស់យើងជាមួយព្រះអម្ចាស់ ៖ « ពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជារាស្ត្រក្នុងសេចក្តីសញ្ញា ។ចាប់ពីពេលនៃពិធីបុណ្យជ្រមុជទឹក រហូតដល់ជំហានរីកចម្រើនសំខាន់ៗខាងវិញ្ញាណនៃជីវិតរស់នៅរបស់យើង យើងធ្វើសេចក្តីសន្យាទាំងឡាយជាមួយព្រះ ហើយទ្រង់ធ្វើសេចក្តីសន្យាទាំងឡាយជាមួយយើងវិញ ។ទ្រង់តែងតែរក្សាសេចក្តីសន្យាទាំងឡាយរបស់ទ្រង់ ដែលប្រទានឲ្យតាមរយៈអ្នកបម្រើរបស់ទ្រង់ដែលមានសិទ្ធិអំណាច ប៉ុន្តែវាគឺជាការសាកល្បងដ៏សំខាន់បំផុតនៃជីវិតរស់នៅរបស់យើង ដើម្បីមើលឃើញថា បើយើងធ្វើ និង រក្សាសេចក្តីសញ្ញាទាំងឡាយរបស់យើងជាមួយទ្រង់ » ( ”Witnesses for God,” Ensignខែ វិច្ឆិកា.ឆ្នាំ 1996 ទំព័រ 30 ) ។
សូមអានម៉ូសាយ 18:17–18, 20–23, 27–29ដោយរកមើលរបៀបដែលសមាជិកក្នុងសាសនាចក្រនៅសម័យរបស់ អាលម៉ា បានរក្សាសេចក្តីសញ្ញាទាំងឡាយនៃពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ។អ្នកអាចចង់គូសចំណាំពាក្យសម្តី និង ឃ្លាជាក់លាក់នានាក្នុងម៉ូសាយ 18:22, 26, 30ដែលបង្ហាញថាមានពរជ័យដ៏ច្រើនក្រាស់ក្រែលមកដល់អ្នកទាំងឡាយណាដែលរក្សាសេចក្តីសញ្ញាទាំងឡាយនៃពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ។
-
សូមឆ្លើយសំណួរខាងក្រោមក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកនឹងធ្វើការណ៍អ្វីមួយ ដើម្បីរក្សានូវសេចក្តីសញ្ញា ដែលអ្នកបានធ្វើនៅពេលពិធីបុណ្យជ្រមុជទឹកឲ្យបានកាន់តែប្រសើរឡើងនោះ ?តើអ្នកនឹងរក្សាការតាំងចិត្តនេះយ៉ាងដូចម្តេច ?
ម៉ូសាយ 18:31–35
អ្នកទាំងឡាយដែលនៅក្នុងសាសនាចក្រ បានភៀសខ្លួនចេញពីការបៀតបៀនរបស់សេ្តច ណូអេ
សូមសិក្សា ម៉ូសាយ 18:31–33ដើម្បីរៀនអំពីអ្វីដែលស្តេចណូអេកំពុងធ្វើ នៅក្នុងទីក្រុងលីហៃ-នីហ្វៃ ខណៈដែលអាលម៉ា និង មនុស្សរបស់លោក កំពុងអររីករាយនឹងពរជ័យដ៏អស្ចារ្យនៅក្បែរទឹកមរមន ។សូមអានម៉ូសាយ 18:34ហើយបន្ទាប់មកម៉ូសាយ 23:1–2ដើម្បីរកមើលរបៀបដែលអាលម៉ា « បានដឹងជាមុនស្រេច » អំពីគ្រោះថ្នាក់ដែលប្រជារាស្ត្ររបស់លោកនឹងប្រឈមមុខ ។
សូមពិចារណាពីការសរសេរនូវសេចក្តីពិតនេះក្បែរនឹងម៉ូសាយ 18:34 ៖ព្រះអម្ចាស់អាចដាស់តឿនដល់ពួកសុចរិត នៅពេលពួកគេឋិតនៅក្នុងភាពគ្រោះថ្នាក់ ។
សូមអានបទពិសោធន៍ខាងក្រោមដោយអែលឌើរ នែល អិល. អាន់ឌើរសិន នៃកូរ៉ុមនៃពួកសាកដប់ពីរនាក់ដែលបង្ហាញពីសេចក្តីពិតនេះ ។
« ដោយធ្វើការជាភ្នាក់ងារពិសេសម្នាក់របស់អ្នកស៊ើបការណ៍សម្ងាត់ មិត្តភក្ដិរបស់ខ្ញុំបានស៊ើបសង្កេតពីក្រុមបទល្មើសដែលបានរៀបចំក្នុងការនាំថ្នាំញៀនខុសច្បាប់ចូលក្នុងសហរដ្ឋ ។
« នៅក្នុងឱកាសមួយ គាត់ និង ភ្នាក់ងារម្នាក់ទៀតបានទៅអគារមួយ ដែលពួកគេជឿថាជាកន្លែងអ្នកជួញដូរថ្នាំញៀនចែកចាយថ្នាំកូកាអ៊ីន ។មិត្តរបស់ខ្ញុំបានពិពណ៌នានូវអ្វីដែលបានកើតឡើង ៖
« យើងបានគោះទ្វារនៃអ្នកជួញដូរថ្នាំញៀន ។ជនសង្ស័យបានបើកទ្វារ ហើយពេលឃើញយើង គេបានព្យាយាមលាក់បាំងអ្វីនៅខាងក្រោយខ្នង ។ប៉ុន្ដែវាយឺតពេលទៅហើយ យើងអាចឃើញកូកាអ៊ីននៅលើតុគាត់ ។
« បុរសម្នាក់ និង ស្ដ្រីម្នាក់ដែលអង្គុយនៅតុនោះបានយកកូកាអ៊ីនចេញពីតុភ្លាម ។យើងត្រូវរារាំងពួកគេមិនឲ្យបំផ្លាញភស្ដុតាង ដូច្នេះខ្ញុំក៏រុញជនសង្ស័យជួញដូរថ្នាំញៀន ដែលពាំងទ្វារទៅម្ខាងភ្លាម ។នៅពេលខ្ញុំរុញគាត់ យើងសម្លឹងភ្នែកគ្នា ។ចម្លែកណាស់ គាត់មិនបានបង្ហាញថា គាត់ខឹង ឬ ភ័យខ្លាចសោះ ។គាត់បានញញឹមដាក់ខ្ញុំ ។
«‹ កែវភ្នែកគាត់ និង ស្នាមញញឹមដ៏ស្រស់ បានបញ្ជាក់ប្រាប់ខ្ញុំថា គាត់មិនមែនជាមនុស្សគ្រោះថ្នាក់ឡើយ ដូច្នេះខ្ញុំក៏ដើរទៅកាន់តុនោះ ។ឥឡូវនេះ ជនសង្ស័យនៅពីក្រោយខ្ញុំ ។ខណៈនោះខ្ញុំមានអារម្មណ៍ដ៏ចម្លែកខ្លាំងក្នុងគំនិតខ្ញុំថា ៖ « ចូរប្រយត្ន័ចំពោះសេចក្ដីអាក្រក់ ដែលលាក់នៅពីក្រោយក្រសែភ្នែកស្រទន់នោះ » ។
«‹ ភ្លាមនោះ ខ្ញុំក៏បែរទៅក្រោយរកជនសង្ស័យនោះ ។ដៃរបស់គាត់ដាក់ក្នុងហោប៉ាវមុខដ៏ធំរបស់គាត់ ។ភ្លាមនោះ ខ្ញុំបានចាប់ដៃគាត់ ហើយទាញដៃគាត់ចេញពីហោប៉ាវ ។ពេលនោះទើបខ្ញុំដឹងថា គាត់បានលាក់នៅក្នុងដៃរបស់គាត់ នូវកាំភ្លើងខ្លីដែលហៀបនឹងបាញ់ ។សកម្មភាពដ៏រំជើបរំជួលមួយបានកើតឡើង ហើយខ្ញុំបានដាក់ខ្នោះបុរសនោះ ។ › …
« … ព្រះវិញ្ញាណបរិសុទ្ធបានព្រមានមិត្តរបស់ខ្ញុំអំពីគ្រោះថ្នាក់ដល់រូបកាយ ព្រះវិញ្ញាណបរិសុទ្ធក៏នឹងព្រមានអ្នកអំពីគ្រោះថ្នាក់ខាងវិញ្ញាណដែរ » ( “Beware of the Evil behind the Smiling Eyes,” Ensignឬលីអាហូណាខែ ឧសភា 2005 ទំព័រ 46–47 ) ។
-
សូមសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីអារម្មណ៍ទាំងឡាយដែលអ្នកបានមានមកពីព្រះវិញ្ញាណបរិសុទ្ធ ឬ បទពិសោធន៍ទាំងឡាយដែលអ្នកចងចាំ នៅពេលដែលអ្នកត្រូវបានព្រមាន ឬ ការពារពីគ្រោះថ្នាក់ខាងសាច់ឈាម ឬ ខាងវិញ្ញាណ ឬ សូមសរសេរអំពីបទពិសោធន៍ទាំងឡាយរបស់អ្នកណាម្នាក់ដែលអ្នកស្គាល់ ឬ បានអាន ឬ បានឮ ។
-
សូមសរសេរចំណុចដែលនៅខាងក្រោមនេះ ពីក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សាម៉ូសាយ 18 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖