មេរៀនទី 23 ៖ ថ្ងៃទី 3
ហេលេមិន 13–14
សេចក្តីផ្ដើម
ពីរបីឆ្នាំមុនការប្រសូត្ររបស់ព្រះអង្គសង្គ្រោះ ព្រះអម្ចាស់បានបញ្ជូនព្យាការីសាសន៍លេមិនម្នាក់ឈ្មោះសាំយូអែល ឲ្យផ្សព្វផ្សាយពីការប្រែចិត្តដល់ពួកសាសន៍នីហ្វៃនៅសារ៉ាហិមឡា ។ ព្យាការីសាំយូអែលជាសាក្សីទីពីររបស់ព្រះយេស៊ូវគ្រីស្ទ រួមជាមួយនឹងព្យាការីនីហ្វៃ ។ លោកបានព្រមានពួកសាសន៍នីហ្វៃជាមុន ពីការបំផ្លិចបំផ្លាញរបស់ពួកគេ ប្រសិនបើពួកគេមិនប្រែចិត្តទេ ។ សាំយូអែលបានជួបទល់នឹងពួកគេ ដោយនិយាយពីទំនោររបស់ពួកគេក្នុងការបដិសេធពួកព្យាការី និង លំនាំរបស់ពួកគេក្នុងការស្វែងរកសុភមង្គលនៅក្នុងការធ្វើអំពើទុច្ចរិត ។ លោកបានប្រកាសពីទីសម្គាល់ទាំងឡាយ ដែលនឹងកំណត់ពីការប្រសូត្រ និង ការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ ។ លោកក៏បានបង្រៀនផងដែរថា តាមរយៈការប្រោសលោះរបស់ព្រះយេស៊ូវគ្រីស្ទ នោះមនុស្សលោកទាំងអស់នឹងត្រូវបាននាំទៅកាន់វត្តមានរបស់ព្រះដើម្បីជំនុំជម្រះ ។
ហេលេមិន 13
សាំយូអែលព្រមានពួកសាសន៍នីហ្វៃពីការបំផ្លិចបំផ្លាញរបស់ពួកគេ ប្រសិនបើពួកគេពុំប្រែចិត្តទេ
ពេលអ្នកបានធ្វើអ្វីមួយខុស ហើយត្រូវការការកែតម្រូវពីឪពុក/ម្ដាយ ឬ អ្នកដឹកនាំផ្សេងទៀត តើអ្នកបានឆ្លើយតបយ៉ាងដូចម្ដេចដែរ ?
ដំណើររឿងរបស់ព្យាការីម្នាក់ កំពុងហៅប្រជាជនឲ្យប្រែចិត្ត ដែលមានកត់ត្រានៅក្នុង ហេលេមិន 13–16 គឺពិសេស ដោយសារវាជាអ្វីដែលកើតឡើងជាលើកទីមួយនៅក្នុងព្រះគម្ពីរមរមន អំពីព្យាការីសាសន៍លេមិនម្នាក់ដែលហៅពួកសាសន៍នីហ្វៃឲ្យប្រែចិត្ត ។
សូមអាន ហេលេមិន 13:1–8, 11 ដើម្បីយល់ពីមូលហេតុដែលសាំយូអែលបានផ្សព្វផ្សាយទៅដល់ពួកសាសន៍នីហ្វៃ និង អ្វីដែលព្រះអម្ចាស់បានដឹកនាំលោកឲ្យនិយាយ ។ ខទាំងនេះបង្ហាញពីគោលការណ៍នេះ ៖ ពួកព្យាការីទទួល និង និយាយពីសារដំណឹងដែលព្រះដាក់នៅក្នុងចិត្តរបស់ពួកលោក ។ តើសារដំណឹងអ្វីដែលព្រះបានដាក់នៅក្នុងចិត្តរបស់សាំយូអែល ? យោងតាម ហេលេមិន 13:7 តើសាំយូអែលសង្ឃឹមថា សារដំណឹងរបស់លោកនឹងមានឥទ្ធិពលអ្វីចំពោះពួកសាសន៍នីហ្វៃ ?
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពីពេលមួយ ដែលអ្នកមានអារម្មណ៍ថា ឪពុក/ម្ដាយ ឬ អ្នកដឹកនាំសាសនាចក្រត្រូវបានបំផុសឲ្យផ្ដល់សារដំណឹងជាក់លាក់មួយ ។ តើសារដំណឹងនោះបានមានឥទ្ធិពលយ៉ាងណាទៅលើអ្នក ?
នៅក្នុងចន្លោះដែលបានផ្ដល់ឲ្យនេះ សូមសរសេរចម្លើយចំពោះសំណួរនៅក្នុងតារាងខាងក្រោមនេះ ពេលអ្នកសិក្សា ហេលេមិន 13:17–23 និង ហេលេមិន 13:24–30 ។
គោលការណ៍ ៖ ពេលយើងពុំចងចាំព្រះអម្ចាស់ នោះយើងកាន់តែងាយនឹងមានភាពឆ្មើងឆ្មៃ និង អំពើទុច្ចរិត ។ |
តើខណាខ្លះ ដែលអ្នកមានអារម្មណ៍ថា បង្រៀនពីគោលការណ៍ខាងលើនេះ ? |
តើសាំយូអែលបាននិយាយថា បណ្ដាសាអ្វីដែលនឹងធ្លាក់មកលើពួកសាសន៍នីហ្វៃ ? |
យោងតាមសាំយូអែល តើពួកសាសន៍នីហ្វៃពុំបានធ្វើអ្វី ពេលដែលពួកគេបានភ្ជាប់ទៅលើទ្រព្យសម្បត្តិរបស់ខ្លួននោះ ? |
តើមានរបៀបអ្វីខ្លះ ដែលពួកយុវវ័យនៅពេលសព្វថ្ងៃនេះ អាចនឹងភ្ជាប់ចិត្តទៅលើទ្រព្យសម្បត្តិរបស់ខ្លួន—ជាអ្វីដែលជាកម្មសិទ្ធិ ការអនុវត្តន៍ និង បំណងប្រាថ្នាទាំងឡាយ—ដែលអាចនាំទៅកាន់ភាពឆ្មើងឆ្មៃ និង សេចក្ដីទុច្ចរិតនោះ ? |
តើអ្នកគិតថា ហេតុអ្វីវាជាការចាំបាច់ដើម្បី « នឹករំឭកដល់ព្រះអម្ចាស់ជាព្រះរបស់អ្នក នូវអ្វីៗដែលទ្រង់បានប្រទានដល់អ្នក » ? ( ខ 22 ) ។ |
គោលការណ៍ ៖ ប្រសិនបើយើងបដិសេធពាក្យសម្ដីរបស់ពួកព្យាការីរបស់ព្រះអម្ចាស់ នោះយើងនឹងជួបបទពិសោធន៍នៃការស្ដាយក្រោយ និង សោកសៅ ។ |
តើខណាខ្លះ ដែលអ្នកមានអារម្មណ៍ថា បង្រៀនពីគោលការណ៍ខាងលើនេះ ? |
តើសាំយូអែលបាននិយាយថា ការដោះសាអ្វីខ្លះដែលពួកសាសន៍នីហ្វៃបានប្រើ ដើម្បីបដិសេធពួកព្យាការីរបស់ព្រះអម្ចាស់ ? |
តើអ្នកគិតថា ហេតុអ្វីជាញឹកញាប់ប្រជាជនទទួលពួកព្យាការីក្លែងក្លាយដែលនៅក្នុងរបៀបដែលសាំយូអែលបានពិពណ៌នានោះ ? |
សូមឆ្លើយសំណួរពីរបន្ទាប់នេះ ដោយការសិក្សាសន្ទរកថាពីសន្និសីទទូទៅថ្មីៗបំផុត នៅក្នុង Ensign ឬ លីអាហូណា ៖ |
តើអ្វីខ្លះដែលជាការបង្រៀនជាក់លាក់មួយចំនួន ពីពួកព្យាការី និង សាវកដែលនៅរស់របស់យើង ? |
តើអ្វីខ្លះជាបញ្ហាជាក់លាក់មួយចំនួន ដែលពួកព្យាការី និង សាវកបានព្រមានយើងឲ្យចៀសវាង ? |
សូមរំឭក ហេលេមិន 13:26–28 ឡើងវិញ ដោយរកមើលពីរបៀបដែលពួកសាសន៍នីហ្វៃបានឆ្លើយតបចំពោះពួកព្យាការីក្លែងក្លាយ ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានប្រកាសថា ៖ « របៀបដែលយើងឆ្លើយតបចំពោះពាក្យសម្ដីរបស់ព្យាការីដែលនៅរស់ ពេលលោកប្រាប់យើងពីអ្វីដែលយើងត្រូវដឹង ប៉ុន្តែបែរជាមិនស្ដាប់ គឺជាការសាកល្បងមួយដល់ភាពស្មោះត្រង់របស់យើង » ( The Teachings of Ezra Taft Benson [1988] ទំព័រ 140 ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្វីជាឧទាហរណ៍មួយ អំពីដំបូន្មានដែលប្រកបដោយការព្យាករណ៍ ដែលអ្នកបានជ្រើសរើសគោរពប្រតិបត្តិ ?
-
តើអ្នកបានទទួលពរជ័យដូចម្ដេចដែរ ដោយការធ្វើតាមដំបូន្មាននេះ ?
-
តើអ្នកអាចធ្វើតាមដំបូន្មានរបស់ពួកព្យាការីដែលនៅរស់ឲ្យបានកាន់តែប្រសើរឡើងដោយរបៀបណា ?
-
សាំយូអែលបានព្យាករថា ពួកសាសន៍នីហ្វៃនឹងត្រូវបំផ្លាញនៅក្នុង 400 ឆ្នាំ ទៀត ប្រសិនបើពួកគេពុំប្រែចិត្តទេ ( សូមមើល ហេលេមិន 13:9–10 ) ហើយលោកបានបង្រៀនថា មូលហេតុតែមួយគត់ដែលពួកគេមិនទាន់បានត្រូវបំផ្លាញនៅឡើយ គឺដោយសារប្រជាជនសុចរិតដែលរស់នៅក្នុងចំណោមពួកគេ ( សូមមើល ហេលេមិន 13:12–14 ) ។
សូមអាន ហេលេមិន 13:38 ដើម្បីឃើញពីរបៀបដែលពួកសាសន៍នីហ្វៃជាច្រើននៅក្នុងជំនាន់របស់សាំយូអែលបានក្លាយជាទុច្ចរិតជាខ្លាំង ។
សាំយូអែលបានប្រកាសថា យើងពុំអាចទទួលបានសុភមង្គលនៅក្នុងការធ្វើអំពើទុច្ចរិតនោះទេ ការណ៍នេះជួយយើងឲ្យយល់ថាសុភមង្គលដ៏ពិតប្រាកដបានមកតែនៅពេលយើងរក្សាបទបញ្ញត្តិរបស់ព្រះប៉ុណ្ណោះ ។ តើចំណេះចំណានខគម្ពីរមួយណា ដែលបង្រៀនពីសេចក្ដីពិតនេះផងដែរ ? ( សូមមើលលេខយោង គ សម្រាប់ ហេលេមិន 13:38 ) ។
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានជួយយើងយល់ពីគោលការណ៍នេះ នៅពេលលោកបានមានប្រសាសន៍ថា ៖ « មានការនិយាយពីបុរាណមួយថា ៖ ការរៀបចំ និង ការពារ គឺប្រសើរជាង ជួសជុល និង ប្រែចិត្ត ។ ឱវាជាការពិតម៉្លេះ ។ … ជួរទីមួយនៃការបង្ការ និង រក្សាខ្លួនយើងឲ្យបានស្អាតស្អំខាងសីលធម៌ គឺការរៀបចំខ្លួនយើង ដើម្បីទប់ទល់នឹងការល្បួង និង ការពារខ្លួនយើងពីការធ្លាក់ទៅក្នុងអំពើបាប » ( “The Law of Chastity” នៅក្នុង Brigham Young University 1987–88 Devotional and Fireside Speeches [1988] ទំព័រ 51; speeches.byu.edu ) ។
សាំយូអែលបានបង្រៀនថា ការសម្រេចចិត្តរបស់ពួកសាសន៍នីហ្វៃ ក្នុងការពន្យាការប្រែចិត្ត នឹងនាំឲ្យពួកគេទទួលទុក្ខវេទនា និង ការបំផ្លិចបំផ្លាញ ។ ដំណើររឿងផ្សេងៗទៀតនៅក្នុងព្រះគម្ពីរមរមនបង្រៀនថា បុគ្គលទាំងឡាយអាចមានះនៅក្នុងការបះបោរ និង សេចក្ដីទុច្ចរិត រហូតទាល់តែវិញ្ញាណនៃការប្រែចិត្តអាចនឹងចាកចេញពីពួកគេ ។ ជាឧទាហរណ៍ លេមិន និង លេមយួល មិនស្ដាប់ដល់ព្រះ ហើយបានក្លាយជា « មានចិត្តវក់វិញ » ( នីហ្វៃទី1 17:45 ) ។ គំរូបែបនេះបង្ហាញពីមូលហេតុ ដែលវាសំខាន់ណាស់សម្រាប់យើង ដើម្បីកុំពន្យាពេលក្នុងការប្រែចិត្តរបស់យើងឡើយ ។ តាមរយៈការប្រែចិត្ត អ្នកអាចធ្វើឲ្យអ្វីៗបានត្រឹមត្រូវ និង ការពារអំពើបាប និង ការល្បួង កុំឲ្យឈ្នះលើបំណងប្រាថ្នារបស់អ្នកក្នុងការធ្វើតាមព្រះ ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយ ប្រធាន ឌៀថើរ អេស្វ. អុជដូហ្វ នៃគណៈប្រធានទីមួយ ដើម្បីយល់ឲ្យកាន់តែច្បាស់ថា អ្នកអាចទទួលបាននូវដំណើរត្រឹមត្រូវក្នុងជីវិតម្ដងទៀត ប្រសិនបើអ្នកជ្រើសយកផ្លូវខុស ៖
« អំឡុងពេលនៃការហ្វឹកហ្វឺនរបស់ខ្ញុំ ដើម្បីក្លាយជាមេបញ្ជាការជើងអាកាសម្នាក់ ខ្ញុំត្រូវតែរៀនពីរបៀបបើកបរយន្ដហោះផ្លូវឆ្ងាយ ។ ការហោះហើរកាត់មហាសមុទ្រដ៏ធំ កាត់វាលខ្សាច់ដ៏ល្វឹងល្វើយ និង ឆ្លងទ្វីប ត្រូវការផែនការដ៏ប្រុងប្រយ័ត្ន ដើម្បីប្រាកដថាទៅដល់ដោយសុវត្ថិភាពនៅទិសដៅដែលបានគ្រោងទុក ។ ការហោះហើរឥតមានឈប់ទាំងនេះមួយចំនួន អាចហោះរហូតដល់ 14 ម៉ោង និង មានចម្ងាយស្ទើរ 14,481 គីឡូម៉ែត្រ ។
« មាននូវចំណុចនៃការសម្រេចចិត្តដ៏សំខាន់មួយ អំឡុងពេលនៃការហោះហើរដ៏យូរបែបនោះ ដែលជាធម្មតាត្រូវគេស្គាល់ថាជា ចំណុចនៃការត្រឡប់វិញដោយសុវត្ថិភាព ។ រហូតដល់ចំណុចនេះ យន្តហោះត្រូវមានសាំងគ្រប់គ្រាន់ដើម្បីបកត្រឡប់មកវិញ ហើយត្រឡប់ដោយសុវត្ថិភាពមកកាន់វាលយន្តហោះដែលបានចាកចេញពីខាងដើមវិញ ។ ដោយការហោះហើរហួសពីចំណុចនៃការត្រឡប់វិញដោយសុវត្ថិភាពនេះ នោះមេបញ្ជាការបានបាត់បង់ជម្រើសនេះហើយ ហើយត្រូវតែបន្តហោះទៅមុខទៀត ។ នេះជាមូលហេតុដែលចំណុចនេះជាញឹកញាប់ត្រូវគេសំដៅថាជា ចំណុចគ្មានការត្រឡប់វិញ ។
« … សាតាំងចង់ឲ្យយើងគិតថា នៅពេលយើងធ្វើអំពើបាបហើយ នោះយើងបានទៅហួសពី ‹ ចំណុចគ្មានការត្រឡប់វិញ ›—ថាវាយឺតពេលហើយក្នុងការផ្លាស់ប្ដូរផ្លូវរបស់យើង ។ …
« … ដើម្បីធ្វើឲ្យយើងអស់សង្ឃឹម មានអារម្មណ៍វេទនាដូចវាដែរ ហើយជឿថា យើងទៅហួសពីការអត់ទោសឲ្យហើយ នោះសាតាំងអាចនឹងបំភ្លៃពាក្យចេញពីព្រះគម្ពីរ ដែលសង្កត់ធ្ងន់ពីសេចក្ដីយុត្តិធម៌នៃព្រះ ដើម្បីប្រាប់ថា គ្មានសេចក្ដីមេត្តាករុណានោះទេ ។ …
« ព្រះគ្រីស្ទ បានយាងមកដើម្បីសង្គ្រោះយើង ។ ប្រសិនបើយើងបានរើសយកផ្លូវខុសមួយ នោះដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទអាចផ្ដល់ការធានាឲ្យយើងថា អំពើបាបគឺមិនមែនជាចំណុចគ្មានការត្រឡប់វិញនោះទេ ។ ការត្រឡប់វិញដោយសុវត្ថិភាពគឺអាចធ្វើទៅបាន ប្រសិនបើយើងនឹងធ្វើតាមផែនការរបស់ព្រះសម្រាប់សេចក្ដីសង្គ្រោះរបស់យើង » ( “Point of Safe Return” Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2007 ទំព័រ 99 ) ។
តើប្រសាសន៍របស់ ប្រធាន អុជដូហ្វ អាចផ្ដល់សេចក្ដីសង្ឃឹមយ៉ាងណា ដល់ពួកអ្នកដែលមានអារម្មណ៍ថា ពួកគេបានធ្វើអំពើបាបច្រើនណាស់ រហូតដល់ពួកគេបានទៅហួសពី « ចំណុចគ្មានការត្រឡប់វិញ » ទៅហើយនោះ ?
ហេលេមិន 14
សាំយូអែលព្យាករពីទីសម្គាល់ទាំងឡាយនៃការប្រសូត និង ការសុគតរបស់ព្រះអង្គសង្គ្រោះ
សូមគិតពីព្រឹត្តិការណ៍មួយ ដែលបានកើតឡើងថ្មីៗនេះនៅក្រៅប្រទេសអ្នក ហើយទទួលការចាប់អារម្មណ៍ទូទាំងពិភពលោក ។ តើប្រជាជានដឹងពីព្រឹត្តិការណ៍ទាំងឡាយដែលកើតឡើងនៅផ្នែកផ្សេងៗនៃពិភពលោកបានដោយរបៀបណា ដូចជាគ្រោះធម្មជាតិ និង សង្គ្រាមនានា ? ហេតុអ្វីប្រជាជនចង់ដឹងពីព្រឹត្តិការណ៍ ដែលកើតឡើងនៅផ្នែកផ្សេងៗទៀតនៃពិភពលោក ?
សាំយូអែលបានព្យាករអំពីការប្រសូត និង ការសុគតរបស់ព្រះអង្គសង្គ្រោះ ជាព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅឆ្ងាយពីទីក្រុងសារ៉ាហិមឡា ។ សូមសិក្សា ហេលេមិន 14:3–6 ហើយគូសចំណាំវានៅក្នុងព្រះគម្ពីររបស់អ្នក ពីទីសម្គាល់ទាំងឡាយដែលបង្ហាញពីការប្រសូត្ររបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមសិក្សា ហេលេមិន 14:20–27 ហើយគូសចំណាំពីទីសម្គាល់ទាំងឡាយដែលនឹងបង្ហាញពីការសុគតរបស់ទ្រង់ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរថាតើអ្នកគិតថា អ្នកឆ្លើយតបយ៉ាងណា ប្រសិនបើអ្នកនៅទីនោះ ហើយបានឮសាំយូអែលធ្វើការព្យាករណ៍ទាំងនេះ ។ ចេញពីទីសម្គាល់ទាំងអស់ដែលបានផ្ដល់ឲ្យ តើទីសម្គាល់មួយណាដែលអ្នកគិតថា បំផុសអ្នកខ្លាំងបំផុតពីសេចក្ដីត្រូវការក្នុងការប្រែចិត្ត ?
ទីសម្គាល់ទាំងនេះគឺជាការណែនាំផង និង ជានិមិត្តរូបផង ។ ពេលព្រះយេស៊ូវគ្រីស្ទបានយាងមកក្នុងពិភពលោកនេះ ពន្លឺបានកើនឡើង ។ ពេលទ្រង់សុគត ភាពងងឹតបានកើនឡើង ។ ការណ៍ដូចគ្នានេះកើតឡើងនៅក្នុងជិវិតយើង ពេលយើងអនុញ្ញតទ្រង់ឲ្យចូលក្នុងដួងចិត្តយើង ឬ រារាំងទ្រង់កុំឲ្យចូល ។
សូមអាន ហេលេមិន 14:11–13 ហើយរកមើលគោលបំណងរបស់សាំយូអែល នៅក្នុងការផ្សព្វផ្សាយទៅដល់ពួកសាសន៍នីហ្វៃ ។ អ្នកអាចនឹងចង់ដាក់លេខនៅក្នុងព្រះគម្ពីររបស់អ្នក ពីអ្វីដែលសាំយូអែលចង់ឲ្យពួកសាសន៍នីហ្វៃដឹង និង ធ្វើ ។ ( ឃ្លាថា « តាមរយៈព្រះគុណទ្រង់ » នៅក្នុងខ 13 មានន័យថា តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ) ។ ចេញពីខទាំងនេះ យើងរៀនថា ការជឿលើព្រះយេស៊ូវគ្រីស្ទ នាំទៅកាន់ការប្រែចិត្ត និង ការផ្ដាច់បាប ។
សូមអាន ហេលេមិន 14:28–29 ហើយរកមើលពីមូលហេតុដែលព្រះអម្ចាស់ប្រទានទីសម្គាល់ និង ការអស្ចារ្យទាំងឡាយ ។ សេចក្ដីពិតមួយដែលយើងរៀនគឺ ៖ ព្រះអម្ចាស់ប្រទានទីសម្គាល់ និង ការអស្ចារ្យទាំងឡាយដើម្បីជួយឲ្យប្រជាជនជឿលើទ្រង់ ។ សូមសញ្ជឹងគិតពីទីសម្គាល់ ( ភស្ដុតាងទាំងឡាយ ) ដែលអ្នកមានអារម្មណ៍ថា ជួយអ្នកឲ្យជឿលើព្រះយេស៊ូវគ្រីស្ទ ។
ពេលអ្នករៀនអំពីទីសម្គាល់ទាំងឡាយដែលព្យាករដោយសាំយូអែល វាសំខាន់ក្នុងការចងចាំថា ព្រះអម្ចាស់ប្រទានទីសម្គាល់ទាំងនេះ ដើម្បីជួយដល់ប្រជាជនដែលសុចរិតឲ្យជឿ និង ប្រែចិត្ត ខណៈដែលពួកទុច្ចរិតស្វែងរក ឬ តម្រូវឲ្យមានទីសម្គាល់សម្រាប់មូលហេតុដ៏អាត្មានិយមរបស់ពួកគេផ្ទាល់ ( សូមមើល គ. និង ស. 46:9 ) ។ ខណៈដែលទីសម្គាល់ទាំងឡាយនៃការសុគតរបស់ព្រះអម្ចាស់ ឬ ទីសម្គាល់ទាំងឡាយនៃការយាងមកជាលើកទីពីររបស់ទ្រង់ គឺសំខាន់ដើម្បីដឹង នោះការបង្រៀនរបស់សាំយូអែលដែលទាក់ទងនឹងភាពចាំបាច់នៃការសុគត និង ដំណើររស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទក៏ចាំបាច់ដើម្បីនឹងដឹងផងដែរ ។
សូមអាន ហេលេមិន 14:15–19 ហើយបន្ទាប់មកសិក្សារូបភាពខាងក្រោមនេះ ។
បន្ទាប់ពីអាន ហេលេមិន 14:15–19 និង សិក្សារូបភាពហើយ សូមពិចារណាពីចំណុចខាងក្រោមនេះ ៖
-
ការកើតមកក្នុងជីវិតរមែងស្លាប់ អាចត្រូវបានហៅថាជាសេចក្ដីស្លាប់ខាងវិញ្ញាណ ដោយសារយើងត្រូវបានបំបែកចេញពីវត្តមាននៃព្រះវរបិតាសួគ៌របស់យើង ។
-
តាមរយៈការសុគត និង ដំណើររស់ឡើងវិញរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទប្រោសលោះមនុស្សលោកទាំងអស់ពីការធ្លាក់ ដើម្បីយើងអាចត្រឡប់ទៅវត្តមាននៃព្រះវិញ ។
-
តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ មនុស្សលោកទាំងអស់ត្រូវបាននាំត្រឡប់ទៅវត្តមាននៃព្រះវិញ ដើម្បីទទួលការជំនុំជម្រះ ។
-
នៅឯការជំនុំជម្រះចុងក្រោយ មនុស្សដែលបន្តបដិសេធនឹងប្រែចិត្ត នឹងជួបបទពិសោធន៍នៃសេចក្ដីស្លាប់ខាងវិញ្ញាណមួយទៀត—គឺត្រូវកាត់ចេញពីវត្តមាននៃព្រះជារៀងរហូត ។
-
ព្រះយេស៊ូវគ្រីស្ទប្រោសលោះយើងពីសេចក្ដីស្លាប់ខាងវិញ្ញាណ ដោយលក្ខខណ្ឌនៃការប្រែចិត្ត ។
សូមគូសចំណាំឃ្លាទាំងឡាយនៅក្នុង ហេលេមិន 14:15–19 ដែលស្របគ្នានឹងគោលលទ្ធិទាំងឡាយដែលសរសេរជាអក្សរដិត ដែលអ្នកទើបតែបានអាន ។ សូមបញ្ចប់ដោយការអាន ហេលេមិន 14:30–31 ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពីរបៀបដែលអ្នកនឹងប្រើ ហេលេមិន 14:30–31 ដើម្បីពន្យល់ដល់មិត្តមា្នក់ ពីមូលហេតុដែលការជ្រើសរើសរបស់អ្នកនៅក្នុងជីវិតនេះសំខាន់ខ្លាំងម៉្លេះ ។
-
សូមសរសេរកំណត់ចំណាំដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា ហេលេមិន 13–14 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖