មេរៀនទី 30 ៖ ថ្ងៃទី 3
អេធើរ 7–11
សេចក្តីផ្ដើម
ទោះបងរបស់យ៉ារេឌ បានព្យាករថា ការបង្កើតស្ដេចសាសន៍យ៉ារេឌមួយអង្គ នឹងនាំទៅកាន់សេវកភាព ក៏ពាក្យសម្ដីរបស់លោកមិនត្រូវបានបំពេញភ្លាមៗដែរ ។ អូរៃហា ជាស្ដេចទីមួយរបស់ពួកសាសន៍យ៉ារេឌ បានគ្រប់គ្រងដោយភាពសុចរិត ។ ទោះយ៉ាងណា មានបុរសម្នាក់ឈ្មោះយ៉ារេឌ បានក្លាយជាស្ដេចពីរជំនាន់ក្រោយមក ដោយការបង្កើតបក្សព័ន្ធសម្ងាត់មួយ ។ អំឡុងរជ្ជកាលនៃពួកស្ដេចរបស់គេ នោះពួកសាសន៍យ៉ារេឌ បានឆ្លងកាត់វដ្ដជាច្រើននៃការស្ដាប់តាមពួកព្យាការី ហើយរស់នៅក្នុងភាពសុចរិត និង ការបដិសេធពួកព្យាការី ហើយរស់នៅក្នុងភាពទុច្ចរិត ។
អេធើរ 7
កូរីហូរដណ្ដើមយកនគរពីបិតារបស់គាត់ ស៊ូលជាប្អូនប្រុសគាត់បានដណ្ដើមយកមកវិញ ហើយពួកព្យាការីថ្កោលទោសចំពោះសេចក្ដីទុច្ចរិតនៃប្រជាជន
អ្នកគិតថា តើមនុស្សម្នាក់អាចមានអារម្មណ៍យ៉ាងណាក្នុងការរស់នៅក្នុងសេវកភាព ? តើអ្នកធ្លាប់មានអារម្មណ៍ស្រដៀងគ្នាពីការដែលត្រូវបានឃាត់ឃាំង ដោយសារតែជម្រើសមិនត្រឹមត្រូវដែលអ្នកបានធ្វើដែរឬទេ ? សូមរកមើលការយល់ដឹងបន្ថែមទៀត ពីរបៀបដែលអ្នកអាចចៀសវាងពីសេវកភាពខាងរូបកាយ និង ខាងវិញ្ញាណ ពេលអ្នកសិក្សា អេធើរ 7–11 ។
ពេលយ៉ារេឌ និង បងលោកចាស់ទៅ ពួកសាសន៍យ៉ារេឌបានស្នើឲ្យមានស្ដេចមួយអង្គ ។ បងរបស់យ៉ារេឌ បានព្រមានប្រជាជនថា ការមានស្ដេចមួយអង្គនឹងនាំទៅកាន់សេវកភាព ( សូមមើល អេធើរ 6:19–23 ) ។ ពួកព្យាការីតែងតែបានព្យាករទាស់នឹងសកម្មភាពទាំងឡាយ ដែលនឹងនាំទៅកាន់សេវកភាពខាងរូបកាយ និង ខាងវិញ្ញាណ ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពីឧទាហរណ៍មួយ ឬ ពីរ នៃសកម្មភាពដែលពួកព្យាការីសម័យទំនើបព្រមាន និង របៀបដែលសកម្មភាពទាំងនោះអាចនាំទៅកាន់សេវកភាពខាងរូបកាយ និង ខាងវិញ្ញាណ ។
ថ្វីបើមានការព្រមានមកពីបងរបស់យ៉ារេឌក៏ដោយ ក៏ប្រជាជនបានជ្រើសរើសស្ដេចមួយអង្គដែរ ។ សូមអាន អេធើរ 7:1–2 ដើម្បីរៀន ថាបើការព្យាករណ៍នៃបងរបស់យ៉ារេឌ ត្រូវបានបំពេញនៅក្នុងជំនាន់អូរៃហា ដែលជាកូនប្រុសរបស់យ៉ារេឌ ឬ យ៉ាងណា ។ ចូរគិតអំពីអ្វីដែលអ្នកនឹងនិយាយទៅកាន់មនុស្សម្នាក់ ដែលបានរស់នៅក្នុងជំនាន់របស់ស្ដេចអូរៃហា ហើយពុំជឿថា ការព្យាករណ៍របស់បងរបស់យ៉ារេឌនឹងត្រូវបានបំពេញនោះ ។
នៅក្នុងពីរជំនាន់ ការព្យាករណ៍នៃបងរបស់យ៉ារេឌ ត្រូវបានបំពេញ ។ សូមអាន អេធើរ 7:3–7 ហើយរកមើល ពីរបៀបដែល គិប និង ប្រជាជនរបស់ទ្រង់បានរស់នៅក្នុងសេវកភាព នៅក្រោម កូរីហូរ ដែលជាអ្នកមានបំណងប្រាថ្នាដ៏អាត្មានិយមចង់ធ្វើជាស្ដេច នោះនាំឲ្យទ្រង់បះបោរទាស់នឹងបិតាទ្រង់ផ្ទាល់ ។ សេវកភាពនេះ គឺជាលទ្ធផលនៃភាពអាត្មានិយម និង ការបះបោរ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរអ្វីដែលអ្នកនឹងនិយាយទៅកាន់មនុស្សនៅសព្វថ្ងៃនេះ ដែលពុំគោរពប្រតិបត្តិដល់ដំបូន្មានរបស់ពួកព្យាការី ប៉ុន្តែពុំមានអារម្មណ៍ដូចជាពួកគេស្ថិតនៅក្នុងសេវកភាពខាងវិញ្ញាណនោះ ។ ( នៅក្នុងចម្លើយរបស់អ្នក អ្នកអាចនឹងចង់បញ្ចូលគំនិត ដែលថា ពួកអ្នកដែលជាប់នៅក្នុងសេវកភាពខាងវិញ្ញាណ ជាញឹកញាប់ គឺពួកគេជាមនុស្សចុងក្រោយដែលដឹងថាពួកគេនៅក្នុងសេវកភាព ។ សូមផ្ដល់នូវស្ថានភាពសម័យទំនើបមួយ ពីអ្វីដែលអាចធ្វើឲ្យមនុស្សម្នាក់ស្ថិតនៅក្នុងសេវកភាពខាងវិញ្ញាណ ) ។
ផ្នែកនេះនៃប្រវត្តិសាស្ត្ររបស់ពួកសាសន៍យ៉ារេឌ បង្ហាញពីគោលការណ៍ថា ការបដិសេធពាក្យសម្ដីរបស់ពួកព្យាការីនាំទៅកាន់សេវកភាព ។ សូមសញ្ជឹងគិតពីរបៀបទាំងឡាយ ដែលអ្នកអាចនឹងជួបបទពិសោធន៍ពីសេវកភាពខាងវិញ្ញាណ ដោយសារតែការមិនគោរពប្រតិបត្តិដល់បទបញ្ញត្តិ ឬ ដំបូន្មានដែលប្រកបដោយការព្យាករណ៍ ។
ការបះបោររបស់ កូរីហូរ ទាស់នឹង គិប ជាបិតាទ្រង់ បាននាំទៅកាន់សេចក្ដីវេទនា និង សង្គ្រាមជាបន្តបន្ទាប់ ។ ពេលទ្រង់មានវ័យចាស់ទៅហើយនោះ គិប បានមានបុត្រាមួយទៀត—គឺ ស៊ូល ។ ពេល ស៊ូល ធំឡើង លោកបានច្បាំងទាស់នឹង កូរីហូរ ជាបងប្រុសបះបោររបស់លោក ។
-
សូមស្រម៉ៃថា អ្នកជាអ្នករាយការណ៍ម្នាក់ ដែលត្រូវបានចាត់ឲ្យទៅយកការណ៍រឿងរបស់ ស៊ូល ។ សូមអាន អេធើរ 7:8–13 ហើយសរសេរកថាខណ្ឌខ្លីមួយ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ដោយរាយការណ៍ពីអ្វីដែលអ្នកនឹងលើកយកមកជាគោល នៅក្នុងការរាយការណ៍របស់អ្នកអំពីជីវិត ស៊ូល ។
ក្នុងអំឡុងរជ្ជកាលរបស់ ស៊ូល មានពួកព្យាការីជាច្រើន បានមកក្នុងចំណោមប្រជាជន ហើយបានព្រមានពួកគេពីសេចក្ដីទុច្ចរិតរបស់គេ ។ សូមអាន អេធើរ 7:23–25 ហើយរកមើលអ្វីដែលពួកព្យាការីបានព្យាករ និង របៀបដែលប្រជាជនបានមានប្រតិកម្មតបវិញ ។ តើ ស៊ូល បានមានប្រតិកម្មតបយ៉ាងណា ? តើការការពាររបស់ ស៊ូល ចំពោះពួកព្យាការី បានផ្ដល់ពរដល់ប្រជាជនរបស់ទ្រង់យ៉ាងណាដែរ ?
សូមអាន អេធើរ 7:26–27 ហើយរកមើលអ្វីដែលបានកើតឡើង ពេលប្រជាជនគោរពប្រតិបត្តិដល់ពាក្យសម្ដីរបស់ពួកព្យាការី ។ ស៊ូល « បាននឹកចាំដល់ការណ៍ដ៍ធំទាំងឡាយ ដែលព្រះអម្ចាស់ទ្រង់បានធ្វើសម្រាប់ពួកអយ្យកោរបស់ទ្រង់ » ( អេធើរ 7:27 ) ។ ពេលអ្នកនឹកចាំដល់ការណ៍ដ៏ធំទាំងឡាយ ដែលព្រះអម្ចាស់បានធ្វើសម្រាប់អ្នក នោះអ្នកទំនងជានឹងមាននូវការដឹងគុណចំពោះទ្រង់ ហើយរស់នៅដោយសុចរិត ។
ព្រឹត្តិការណ៍ទាំងនេះថ្លែងទីបន្ទាល់អំពីគោលការណ៍សំខាន់មួយ ៖ ពេលយើងប្រែចិត្តពីអំពើទុច្ចរិតរបស់យើង នោះយើងចាប់ផ្ដើមចម្រុងចម្រើនឡើង ។ ពាក្យចម្រើនឡើង មានន័យថា « សេចក្ដីសង្ឃឹម » ហើយក៏មានន័យផងដែរថា « ជោគជ័យ » ហើយវា « ជាញឹកញាប់ ត្រូវបានប្រើប្រាស់នៅក្នុងន័យនៃភាពជោគជ័យខាងសម្ភារ [ ប៉ុន្តែ ] វាពុំចាំបាច់តែមានន័យថា ភាពបរិបូរណ៍ខាងទ្រព្យសម្បត្តិខាងលោកិយ—ឬ ជាជីវិតមួយដែលមានភាពសុខស្រួល គ្មានបញ្ហានោះទេ ។ …
« ពួកអ្នកសុចរិតដ៏ពិតគឺបានចម្រើនឡើង នៅក្នុងន័យថា ពួកគេមានទំនុកចិត្ត ដែលជំរុញសេចក្ដីជំនឿឲ្យទៅជាសកម្មភាព និង បង្កើតកាលៈទេសៈដ៏មានប្រយោជន៍នានា ចេញពីកាលៈទេសៈទាំងឡាយដែលមិនសូវមានផល ។ ពួកគេពុំចាំព្រះអម្ចាស់ប្រទាន ឬ ដកហូតរង្វាន់នោះទេ ប៉ុន្តែអំពាវនាវដល់ទ្រង់ ដើម្បីបានការដឹកនាំអំពីអ្វីដែលនឹងជាប្រយោជន៍បំផុតដល់ពួកគេវិញ ទាំងខាងលោកិយ និង ខាងវិញ្ញាណ ។ ការដឹកនាំបែបនោះអាចនាំទៅរកការផ្លាស់ប្ដូរការងារ ការផ្លាស់ទៅស្រុកមួយផ្សេងទៀត ការទទួលការហ្វឹកហ្វឺន ឬ ជំនាញថ្មីៗ ឬ ទទួលយកអ្វីៗទៅតាមនោះ ប៉ុន្តែធ្វើការតាមកម្រិតសមត្ថភាពរបស់មនុស្សម្នាក់ ហើយអនុញ្ញាតឲ្យព្រះវិញ្ញាណដឹកនាំតាមរបៀបផ្សេងទៀត » ( Alan Webster, “I Have a Question” Ensign ខែ មេសា ឆ្នាំ 1990 ទំព័រ 52–53 ) ។
-
សូមឆ្លើយសំណួរទាំងឡាយខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកត្រូវបានប្រទានពរយ៉ាងណា សម្រាប់ការស្ដាប់តាមពាក្យសម្ដីរបស់ពួកព្យាការី ?
-
តើមានអ្វីមួយ ដែលអ្នកអាចធ្វើ ដើម្បីស្ដាប់ដល់ពាក្យសម្ដីរបស់ពួកព្យាការីឲ្យបានកាន់តែប្រសើរ និង ឲ្យសក្ដិសមនឹងពរជ័យរបស់ព្រះអម្ចាស់ ?
-
អេធើរ 8:1–9:12
យ៉ារេឌ និង អ័គីស បានក្លាយជាស្ដេចនៃសាសន៍យ៉ារេឌ តាមរយៈបក្សព័ន្ធសម្ងាត់
សូមអានបញ្ជីតទៅនេះ ៖ តន្ត្រីដែលអ្នកស្ដាប់, គំនិតដែលអ្នករីករាយ, របៀបដែលអ្នកប្រព្រឹត្តនៅសាលា, រឿងកុនដែលអ្នកមើល, ឥរិយាបទនៃការដើរលេងជាគូរបស់អ្នក, សកម្មភាពទាំងឡាយដែលអ្នកធ្វើជាមួយមិត្តភក្ដិអ្នក, អ្វីដែលអ្នកធ្វើ ពេលគ្មានមនុស្សផ្សេងទៀតនៅជុំវិញអ្នក ។ ហេតុអ្វីមនុស្សម្នាក់ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើទុច្ចរិត អាចនឹងចង់លាក់បាំងពីរបៀបដែលពួកគេបានធ្វើសកម្មភាពមួយ ឬ ច្រើនពីមិត្តភក្ដិ ឪពុកម្ដាយ ឬ អ្នកដឹកនាំរបស់គេដូច្នេះ ? តើអ្វីជាគ្រោះថ្នាក់ ក្នុងការចូលរួមក្នុងសកម្មភាពសម្ងាត់ដែលមិនសុចរិតទាំងឡាយ ?
យោងតាម អេធើរ 8 អូមើរ បានក្លាយជាស្ដេច បន្ទាប់ពី ស៊ូល បានសុគតទៅ ប៉ុន្តែយ៉ារេឌ ជាបុត្រារបស់អូមើរ « បានបះបោរប្រឆាំងនឹងបិតាខ្លួន » ( អេធើរ 8:2 ) ហើយ « ភ្ជាប់ចិត្តលោកទៅលើនគរ និង ទៅលើសេចក្ដីរុងរឿងនៃលោកិយ » ( អេធើរ 8:7 ) ។ កូនស្រីរបស់ យ៉ារេឌ បានផ្ដល់យោបល់ពីផែនការមួយដល់ឪពុកនាង ដែលនឹងយកនគរឲ្យលោកវិញ ។ នាងជាស្ត្រីស្រស់ស្អាត ហើយពេលនាងរាំពីមុខបុរសម្នាក់ឈ្មោះ អ័គីស គាត់ចង់រៀបការនឹងនាង ។ យ៉ារេឌ បានប្រាប់អ័គីសថា គាត់នឹងរៀបការកូនស្រីឲ្យ « បើសិនជាអ្នកនាំមកឲ្យខ្ញុំនូវព្រះសិររបស់បិតាខ្ញុំ ជាស្ដេច » នោះ ( អេធើរ 8:12 ) ។ អ័គីស បានចូលទៅក្នុងបក្សព័ន្ធសម្ងាត់ជាមួយនឹងមិត្តភក្ដិគាត់ ដើម្បីសម្លាប់ស្ដេច អូមើរ ។ បក្សព័ន្ធសម្ងាត់ គឺពេលដែលមនុស្សពីរនាក់ ឬ ច្រើន ធ្វើសម្បថថា នឹងរក្សាទង្វើមិនសុចរិតរបស់ពួកគេជាសម្ងាត់ ដើម្បីចៀសវាងពីផលវិបាកនៃសកម្មភាពរបស់គេ ។
សូមអាន អេធើរ 8:15–18 ហើយរកមើលពាក្យ និង ឃ្លាទាំងឡាយ ដែលពិពណ៌នាពីការជំរុញ និង វិធីសាស្ត្រមួយចំនួន ដែលនៅពីក្រោយខ្នងពួកអ្នកដែលឱបក្រសោបយកពួកបក្សព័ន្ធសម្ងាត់ ។
-
សូមឆ្លើយសំណួរពីរ ឬ ច្រើនដែលនៅខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ហេតុអ្វីមនុស្សមួយចំនួនចូលរួមក្នុងបក្សព័ន្ធសម្ងាត់ដូច្នេះ ?
-
តើអ្នកគិតថា ហេតុអ្វីវាគឺជាការវិនាសខាងវិញ្ញាណ ពេលជឿថា អ្នកអាចធ្វើ « អំពើទុច្ចរិត … គ្រប់បែបយ៉ាង » ( អេធើរ 8:16 ) ឬ « កិច្ចការណា » ដែលអ្នកចង់ធ្វើ ( អេធើរ 8:17 ) ដោយពុំបាច់ប្រឈមមុខនឹងលទ្ធផលនោះ ?
-
តើឃ្លាណាមួយ នៅក្នុង អេធើរ 8:18 ដែលចង្អុលបង្ហាញថា ព្រះអម្ចាស់មានព្រះទ័យយ៉ាងណា ចំពោះបក្សព័ន្ធសម្ងាត់ ? តើអ្នកគិតថា ហេតុអ្វីបក្សព័ន្ធបែបនោះ ត្រូវបានហៅថា « ទុច្ចរិតលើសអ្វីៗទាំងអស់ » ?
-
សូមអាន អេធើរ 8:20–22, 25 និង អេធើរ 9:5–6, 11–12 ហើយរកមើលលទ្ធផលទាំងឡាយនៃការគាំទ្រដល់បក្សព័ន្ធសម្ងាត់ ។ សូមសង្ខេបអ្វីដែលអ្នកបានរៀន ៖
សេចក្ដីពិតមួយក្នុងចំណោមសេចក្ដីពិតទាំងឡាយ ដែលអ្នកអាចរកឃើញនៅក្នុងខទាំងនេះ គឺ ៖ ការគាំទ្រដល់បក្សព័ន្ធសម្ងាត់ នាំទៅរកសេចក្ដីវិនាសហិនហោចនៃបុគ្គលម្នាក់ៗ និង សង្គម ។
មរ៉ូណៃបានផ្អាកក្នុងការសរសេរអំពីសង្គ្រាមនៃពួកសាសន៍យ៉ារេឌ ដើម្បីនិយាយមកកាន់យើង ។ សូមអាន អេធើរ 8:23–24, 26 ហើយរកមើលរបៀបដែលមរ៉ូណៃបានលើកទឹកចិត្តប្រជាជននៃជំនាន់របស់យើង ឲ្យអនុវត្តការព្រមានរបស់លោក អំពីបក្សព័ន្ធសម្ងាត់ ។
សូមគិតអំពីចម្លើយចំពោះសំណួរតទៅនេះ ៖ តើអ្នកគិតថា ហេតុអ្វីបានជាជាតិសាសន៍ សង្គម ឬ ក្រុមមួយ គឺជា « ស្ថានការដ៏ស្ងែងខ្លាច » មួយ ( អេធើរ 8:24 ) ពេលដែលវាមានបក្សព័ន្ធសម្ងាត់នៅក្នុងនោះ ? តើភាពសម្ងាត់ផ្ដល់អំណាចដល់ក្រុមបក្សព័ន្ធសម្ងាត់ទាំងនេះ យ៉ាងដូចម្ដេចដែរ ? តើការដឹងសេចក្ដីពិតពីបក្សព័ន្ធសម្ងាត់ អាចជួយមនុស្សឲ្យចេញឆ្ងាយពីការអាក្រក់នេះយ៉ាងដូចម្ដេចខ្លះ ?
-
សូមត្រឡប់ទៅមើលបញ្ជីនៃសកម្មភាពដែលបានផ្ដល់ឲ្យនៅខាងដើមផ្នែកនេះនៃមេរៀន ។ ទោះជាយ៉ាងណាការជ្រើសរើសមិនសុចរិត នៅក្នុងចំណោមចំណុចទាំងនេះនៅក្នុងជីវិតអ្នក ពុំចាំបាច់ចាត់ជាបក្សព័ន្ធសម្ងាត់ទេ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពីគ្រោះថ្នាក់ដែលអាចកើតឡើង ពីការជ្រើសរើសចូលរួមក្នុងសកម្មភាពទាំងឡាយ ដែលមនុស្សម្នាក់មានអារម្មណ៍ថា ត្រូវរក្សាការសម្ងាត់ពីអ្នកផ្សេងទៀត ។
អេធើរ 9:13–11:23
ស្ដេចមួយយកជ័យជំនះលើស្ដេចមួយទៀត—ខ្លះសុចរិត ខ្លះទុច្ចរិត
ដូចមានកត់ត្រានៅក្នុង អេធើរ 9–11 មានស្ដេចជាច្រើនបានគ្រងរាជ្យលើពួកសាសន៍យ៉ារេឌ ខ្លះនៅក្នុងភាពសុចរិត និង ខ្លះទៀតនៅក្នុងភាពទុច្ចរិត ។ សូមអាន អេធើរ 9:26–35 ( ក្នុងរជ្ជកាល ហេត ) និង អេធើរ 11:1–8 ( ក្នុងរជ្ជកាល កុម និង ស៊ិបឡោម ) រកមើលភស្ដុតាងនៃសេចក្ដីពិតដ៏ពេញលេញនៃគោលការណ៍ដែលថា ការបដិសេធពាក្យសម្ដីរបស់ពួកព្យាការីនាំទៅរកសេវកភាព ដែលបានពិភាក្សាពីមុននៅក្នុងមេរៀននេះ ។
សូមរំឭកឡើងវិញពីរបៀបដែលអ្នកបានគិត ពីការស្ដាប់តាមពាក្យសម្ដីរបស់ពួកព្យាការីឲ្យបានកាន់តែប្រសើរ ។ នាថ្ងៃខាងមុខនេះ សូមធ្វើតាមគោលដៅនេះ ហើយស្វែងរកឱកាសនានា ដើម្បីចែកចាយទីបន្ទាល់របស់អ្នក អំពីសារៈសំខាន់នៃការគោរពប្រតិបត្តិតាមពាក្យសម្ដីរបស់ពួកព្យាការី ។
-
សូមសរសេរចំណុចដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អេធើរ 7–11 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖