មេរៀនទី 5 ៖ ថ្ងៃទី 1
នីហ្វៃទី1 20–22
សេចក្តីផ្តើម
នៅក្នុង នីហ្វៃទី1 20–21 នីហ្វៃបានដកស្រង់ការព្យាករណ៍ទាំងឡាយនៅក្នុងព្រះគម្ពីរសញ្ញាថ្មីរបស់ព្យាការីអេសាយ ដែលការសរសេរបស់លោកគឺមាននៅលើផ្ទាំងលង្ហិនដែលនីហ្វៃ និង ពួកបងៗរបស់លោកត្រូវបានបញ្ជាឲ្យត្រឡប់ទៅកាន់ក្រុងយេរ៉ូសាឡិមវិញដើម្បីទៅយកផ្ទាំងពីឡាបាន់ ។ លោកអេសាយ បានបង្រៀនថា សូម្បីតែនៅពេលពួកសាសន៍អ៊ីស្រាអែលពីបុរាណមិនគោរពតាមសេចក្តីសញ្ញាទាំងឡាយ ព្រះអម្ចាស់នៅតែស្រលាញ់ពួកគេ និង អញ្ជើញពួកគេឲ្យប្រែចិត្ត ហើយមករកទ្រង់វិញ ។ នៅពេលអ្នកសិក្សាជំពូកទាំងនេះ សូមផ្តោតយកចិត្តលើអ្វីដែលលោកអេសាយបានបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និង បំណងប្រាថ្នារបស់ទ្រង់ដើម្បីប្រោសលោះរាស្ត្ររបស់ទ្រង់ ។
នីហ្វៃទី1 20
ព្រះអម្ចាស់វាយផ្ចាលពួកសាសន៍អ៊ីស្រាអែល និង អញ្ជើញពួកគេឲ្យត្រឡប់ទៅរកទ្រង់វិញ
តើអ្នកអាចគិតដល់គ្រាមួយនៅពេលដែលអ្នកបានធ្វើអ្វីមួយដែលមិនបានដើរស្របទៅនឹងសេចក្តីសញ្ញាទាំងឡាយដែលអ្នកបានធ្វើ ឬ ស្របទៅនឹងបទដ្ឋាននៃសាសនាចក្រដែរឬទេ ? តើអ្នកមានអារម្មណ៍បែបណាចំពោះការសម្រេចចិត្តរបស់អ្នក ? សូមអាន នីហ្វៃទី1 20:1–2 ( « ពឹងផ្អែកទៅលើ » នៅក្នុងខទី 2 មានន័យថា ពឹងពាក់លើ ) ។ តើលោកអេសាយកំពុងនិយាយទៅកាន់នរណា ? តើនរណាគឺជា« ពួកវង្សយ៉ាកុប » ?
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី យ៉ាកុបគឺជាកូនប្រុសរបស់អ៊ីសាក និង ជាចៅប្រុសរបស់លោកអ័ប្រាហាំ ។ ព្រះអម្ចាស់បានប្រទានឈ្មោះដល់លោកថា ជាអ៊ីស្រាអែលវិញ ( សូមមើលលោកុប្បត្តិ 32:28 ) ។ « វង្សអ៊ីស្រាអែល » គឺសំដៅដល់ពូជពង្សទាំងឡាយរបស់លោក ហើយជួនកាលត្រូវបានហៅថា « វង្សយ៉ាកុប » ។ វាក៏សំដៅដល់អ្នកជឿពិតណាម្នាក់ទៅលើព្រះយេស៊ូវគ្រីស្ទ ។ ( សូមមើល Bible Dictionary « អ៊ីស្រាអែល » សូមមើល Bible Dictionary ផងដែរ « អ៊ីស្រាអែល នរគនៃ » ) ។ ដូចជាសម័យពីបុរាណ អ្នកទាំងឡាយណាដែលចុះសេចក្តីសញ្ញាទាំងឡាយ ( ដូចជា ពិធីបុណ្យជ្រមុជទឹក ) ជាមួយព្រះនាពេលបច្ចុប្បន្ននេះ ត្រូវបានរាប់ថាជាសមាជិកនៅក្នុងសេចក្តីសញ្ញានៃវង្សអ៊ីស្រាអែលដែរ ។
សូមស្រាវជ្រាវ នីហ្វៃទី1 20:3–4, 8, 18 ហើយគូសបន្ទាត់ពីក្រោមពាក្យ និង ឃ្លាទាំងឡាយដែលបង្ហាញថា វង្សអ៊ីស្រាអែលមិនបានមានភាពស្មោះត្រង់ចំពោះព្រះអង្គម្ចាស់ ។ ឃ្លាថា « កដូចជាចំរឹងដែក ឯថ្ងាសអ្នកក៏ជាលង្ហិន » ( នីហ្វៃទី1 20:4 ) តំណាងជានិមិត្តរូបឲ្យស្ថានភាពមួយដែលព្រះគម្ពីរហៅឡើងវិញថា « ភាពរឹងរូស » ។ ការពន្យល់មួយដែលអាចទៅរួចនៃឃ្លានេះគឺថា សត្វពាហនៈដូចជា គោឈ្មោល និង សត្វលាពង្រឹងករបស់វាដើម្បីពួកវាមិនអាចត្រូវបាននាំ ឬ ដឹកនាំដោយចៅហ្វាយរបស់វានោះទេ ។ ការពន្យល់មួយបែបទៀតគឺថា មនុស្សដែលមិនស្ម័គ្រចិត្តដើម្បីឱនក្បាលគោរពនោះគឺត្រូវបានហៅជាអ្នកពង្រឹងក ។ ស្រដៀងទៅនឹង វង្សអ៊ីស្រាអែលបានពង្រឹងករបស់ពួកគេតាមរយៈអំនួត និង អំពើទុច្ចរិត ហើយបានបដិសេធមិនទទួលយកការដឹកនាំពីព្រះអម្ចាស់ ។
ដើម្បីយល់ខទាំងនេះកាន់តែច្បាស់ ហើយប្រដូចខទាំងនេះទៅនឹងសម័យរបស់យើង សូមគិតអំពីរបៀបដែលការពិពណ៌នានៃវង្សអ៊ីស្រាអែលទាំងនេះរៀបរាប់អំពីសកម្មភាពទាំងឡាយនៃមនុស្សមួយចំនួននៅសម័យបច្ចុប្បន្ននេះ ។
នៅពេលអ្នកអាននីហ្វៃទី1 20:9–14, 16 សូមពិចារណាថាតើខទាំងនេះបង្រៀនអ្វីខ្លះអំពីព្រះអម្ចាស់ ហើយថាទ្រង់ដូចជាអ្វី ។
-
សូមសរសេរចម្លើយខ្លីៗចំពោះសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក ៖
-
បើទោះជាមនុស្សទាំងនោះបានប៉ះបោរទាស់ពីអតីតកាលក៏ដោយ តើព្រះអម្ចាស់បានឆ្លើយតបបែបណាចំពោះពួកគេ ? ហេតុអ្វី? ( សូមមើលនីហ្វៃទី1 20:9–11, 14 ) ។
-
តើព្រះអម្ចាស់ចង់ឲ្យរាស្ត្រនៃសេចក្តីសញ្ញារបស់ទ្រង់ធ្វើអ្វី ? ( សូមមើលនីហ្វៃទី1 20:12, 16 ) ។
-
យើងរៀនពីខទាំងនេះថា ព្រះអម្ចាស់អញ្ជើញអ្នកទាំងឡាយដែលមិនបានគោរពប្រតិបត្តិឲ្យប្រែចិត្ត ហើយត្រឡប់ទៅកាន់ទ្រង់វិញ ។ នៅពេលអ្នកអានសុន្ទរកថាខាងក្រោមរបស់ប្រធាន ឌៀថើរ អេស្វ.អុជដូហ្វ នៃគណៈប្រធានទីមួយ សូមគូសបន្ទាត់ពីក្រោមឃ្លាមួយ ឬ ឃ្លាជាច្រើនដែលបញ្ជាក់ពីសេចក្តីពិតនេះ ៖
« [ សាតាំង ] ចង់ឲ្យយើងមានអារម្មណ៍ថា យើងមិនអាចអភ័យទោសឲ្យតទៅទៀតបាន ( សូមមើលវិវរណៈ 12:10 ) ។ សាតាំងចង់ឲ្យយើងគិតថា នៅពេលយើងមានបាប យើងទៅហួសពី‹ ចំនុចនៃការត្រឡប់មកវិញ ›—ដែលវាយឺតពេលទៅហើយដើម្បីផ្លាស់ប្តូរទិសដៅរបស់យើង ។ …
« ព្រះគ្រីស្ទបានយាងមកដើម្បីសង្គ្រោះយើង ។ បើសិនយើងធ្វើដំណើរទៅកាន់ទិសដៅខុស នោះដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទអាចបង្ហាញនូវការអះអាងដល់យើងថា អំពើបាប មិនមែន ជាចំនុចនៃការមិនអាចត្រឡប់មកវិញនោះទេ ។ ការត្រឡប់មកវិញដោយសុវត្ថិភាពអាចប្រព្រឹត្តទៅបាន បើសិនយើងធ្វើតាមផែនការរបស់ព្រះសម្រាប់សេចក្តីសង្គ្រោះរបស់យើង » ( “Point of Safe Return,” Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2007,ទំព័រ 99 ) ។
នីហ្វៃទី1 21:1–17
លោកអេសាយបានព្យាករថា ព្រះមែស៊ី នឹងមិនបំភ្លេចរាស្ត្រនៃសេចក្តីសញ្ញារបស់ទ្រង់នោះទេ
នៅក្នុងនីហ្វៃទី 1 21:1–13 នីហ្វៃបានកត់ត្រាការព្យាករណ៍មួយក្នុងចំណោមការព្យាករណ៍ទាំងឡាយរបស់លោកអេសាយ អំពីព្រះយេស៊ូវគ្រីស្ទ ដែលនឹងក្លាយជាព្រះមែស៊ី ។ ព្រះគ្រីស្ទ ( ពាក្យជាភាសាក្រិក ) ហើយមែស៊ី ( ពាក្យជាភាសាហេព្រើរ ) ពាក្យទាំងពីរនេះមានន័យថា « ត្រូវបានតែងតាំង » ឬ « នរណាម្នាក់ដែលត្រូវបានជ្រើសតាំង » ។ ព្រះយេស៊ូវគ្រីស្ទត្រូវបានជ្រើសតាំងជាព្រះអង្គប្រោសលោះសម្រាប់ទាំងពួកសាសន៍អ៊ីស្រាអែល និង ពួកសាសន៍ដទៃ ។
នៅពេលអ្នកអាននីហ្វៃទី1 21:6–13 សូមគូសចំណាំនៅក្នុងព្រះគម្ពីររបស់អ្នកនូវឃ្លាទាំងអស់នេះដែលពិពណ៌នាអំពីព្រះយេស៊ូវគ្រីស្ទ និង អ្វីៗដែលទ្រង់នឹងធ្វើក្នុងនាមជាព្រះប្រោសលោះនៃពួកសាសន៍អ៊ីស្រាអែល ។
ជាផលវិបាកមួយនៃអំពើបាបរបស់ពួកគេ កូនចៅនៃពួកសាសន៍អ៊ីស្រាអែលបានឃ្លាតឆ្ងាយពីព្រះអម្ចាស់ និង មានអារម្មណ៍ថា ទ្រង់បានបំភ្លេច និង បោះបង់ពួកគេ ( សូមមើល នីហ្វៃទី1 21:14 ) ។ បើទោះជាពួកគេមានអារម្មណ៍ថា ទ្រង់បានបោះបង់ពួកគេ សូមស្រាវជ្រាវ នីហ្វៃទី1 21:14–16 សម្រាប់ជាភស្តុតាងថា ព្រះអម្ចាស់ស្រលាញ់ពួកយើង ហើយទ្រង់នឹងមិនដែលបំភ្លេចយើងនោះទេ ។ អ្នកអាចគូសចំណាំឃ្លាណាមួយនៅក្នុងខទាំងនេះដែលមានន័យចំពោះអ្នក ។
អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃកូរ៉ុមនៃពួកសាវ័កដប់ពីរនាក់បានពន្យល់អំពីរបៀបដែលព្រះអង្គសង្គ្រោះបានរក្សាទុកស្នាមរបួសនៃការឆ្កាងរបស់ទ្រង់ជាភស្តុតាងថា ទ្រង់នឹងមិនដែលបំភ្លេចយើងឡើយ ៖ « ព្រះគ្រីស្ទនឹងមិនបំភ្លេចកូនចៅដែលទ្រង់បានប្រោសលោះ ឬ សេចក្តីសញ្ញាដែលទ្រង់ធ្វើជាមួយពួកគេសម្រាប់សេចក្តីសង្គ្រោះនៅក្នុងក្រុងស៊ីយ៉ូនឡើយ ។ ការរំឭកចាំដ៏ឈឺចាប់នៃការមើលថែរក្សា និង សេចក្តីសញ្ញា [ របស់ទ្រង់ ] គឺជាស្នាមដែកគោលនៅនៃពួកសាសន៍រ៉ូមដែលបានចារិកនៅផ្ទៃបាតដៃរបស់ទ្រង់ » (Christ and the New Covenant [ ឆ្នាំ 1997 ],ទំព័រ 84 ) ។
-
សូមសរសេរចម្លើយខ្លីៗចំពោះសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីរបស់អ្នក ៖
-
តើហេតុអ្វីអ្នកគិតថា មនុស្សជាច្រើនជួនកាលមានអារម្មណ៍ថា ព្រះអម្ចាស់បានភ្លេចពួកគេ ?
-
តើអ្នកគិតថា វាមានន័យបែបណាចំពោះពាក្យថា បានចារិកទុកនៅផ្ទៃបាតដៃនៃព្រះអង្គសង្គ្រោះ ? តើការណ៍នេះជួយអ្នកឲ្យមានអំណរគុណចំពោះការឈឺចាប់នៅលើឈើឆ្កាងរបស់ព្រះអង្គសង្គ្រោះដោយរបៀបណា ?
-
តើមានបទពិសោធន៍អ្វីខ្លះដែលបានជួយអ្នកឲ្យដឹងថា ព្រះអម្ចាស់មិនបានបំភ្លេចអ្នក ?
-
-
សូមស្រមៃគិតថា អ្នកមានមិត្តម្នាក់ដែលបាននិយាយថា គាត់ ឬ នាងលែងមានអារម្មណ៍ថា ខ្លួនសក្តិសមដើម្បីចូលរួមក្នុងសាសនាចក្រទៀតហើយ គឺដោយសារតែអំពើបាបពីអតីតកាល ។ នៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរសំបុត្រលើកទឹកចិត្តខ្លីមួយទៅកាន់មិត្តម្នាក់នោះ ដោយប្រើនូវអ្វីដែលអ្នកបានរៀនពី នីហ្វៃទី1 20–21 និង សុន្ទរកថារបស់ប្រធាន អុជដូហ្វ នៅក្នុងវគ្គសិក្សាសម្រាប់នីហ្វៃទី1 20 ។
នីហ្វៃទី1 21:18 22:22
នីហ្វៃបានពន្យល់ពីការព្យាកររបស់អេសាយអំពីការខ្ចាត់ខ្ចាយ និង ការប្រមូលនៃពួកសាសន៍អ៊ីស្រាអែល
នីហ្វៃបានបញ្ចូលការព្យាករមួយរបស់អេសាយអំពីការប្រមូលផ្តុំនៃពួកសាសន៍អ៊ីស្រាអែលនៅក្នុងកំណត់ត្រារបស់លោក ។ វាមាននៅក្នុងនីហ្វៃទី1 21:18–26 ។ នៅក្នុងនីហ្វៃទី1 22 នីហ្វៃបានផ្តល់នូវការពន្យល់ និង ការអធិប្បាយផ្ទាល់ខ្លួនលោកទៅលើការព្យាករណ៍របស់លោកអេសាយ ។ នៅពេលអ្នកអាននីហ្វៃទី1 22:4–12 សូមរកមើលការពន្យល់របស់នីហ្វៃអំពីរបៀបដែលពួកសាសន៍អ៊ីស្រាអែលនឹងត្រូវបានប្រមូលផ្តុំនៅថ្ងៃចុងក្រោយ ។
វាអាចជួយអ្នកដឹងថា នៅក្នុងព្រះគម្ពីរមរមនពាក្យថា « ពួកសាសន៍ដទៃ » ជាញឹកញាប់ពោលសំដៅដល់មនុស្សដែលមិនមែនជាពូជពង្សរបស់ពួកយូដា ។ ឃ្លា « កិច្ចការដ៏អស្ចារ្យ » ពោលដល់ការស្តារឡើងវិញនៃដំណឹងល្អនៅថ្ងៃចុងក្រោយ ។ ជាញឹកញាប់ ក៏សូមកត់សម្គាល់ពីរបៀបដែល នីហ្វៃរៀបរាប់អំពីសេចក្តីសញ្ញាទាំងឡាយ—ដែលអ្នកអាចគូសចំណាំសេចក្តីសញ្ញាទាំងអស់នេះនៅក្នុងព្រះគម្ពីររបស់អ្នក ។
ព្រះអម្ចាស់បានសន្យាថានឹងស្តារដំណឹងល្អឡើងវិញ និង ប្រមូលពួកសាសន៍អ៊ីស្រាអែលនៅថ្ងៃចុងក្រោយ ។ សូមគូសចំណាំនៅក្នុងព្រះគម្ពីររបស់អ្នកនូវអ្វីដែលនឹងកើតឡើងចំពោះសាតាំងដោយសារតែសេចក្តីសុចរិតនៃប្រជាជនខណៈដែលអ្នកសិក្សានីហ្វៃទី1 22:17, 19–22, 25–28 ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សានីហ្វៃទី1 20–22 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សម្រាប់សំណួរ គំនិត និង ការយល់ដឹងបន្ថែមទៀត ខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖