មេរៀនទី 26 ៖ ថ្ងៃទី 1
នីហ្វៃទី3 17
សេចក្តីផ្ដើម
កាលដែលថ្ងៃទីមួយរបស់ទ្រង់ជាមួយនឹងពួកសាសន៍នីហ្វៃជិតនឹងបញ្ចប់ នោះព្រះយេស៊ូវគ្រីស្ទបានជ្រាបដឹងថា មនុស្សជាច្រើនពុំយល់ច្បាស់ពេញលេញនូវអ្វីដែលទ្រង់បានបង្រៀនពួកគេនោះទេ ។ ហេតុដូច្នោះហើយ ទ្រង់បានបង្រៀនពួកគេពីរបៀបដើម្បីទទួលបានការយល់ដឹងបន្ថែម ។ ប្រជាជនបានយំសោក ពេលទ្រង់មានបន្ទូលថាទ្រង់នឹងចាកចេញទៅ ។ ដោយពោរពេញដោយសេចក្ដីអាណិតអាសូរ នោះព្រះអង្គសង្គ្រោះបាននៅជាមួយពួកគេយូរបន្តិចទៀត ។ ទ្រង់បានព្យាបាលអ្នកឈឺ ប្រសិទ្ធិពរដល់ពួកក្មេងៗ និង បានអធិស្ឋានជាមួយពួកគេ ។ ពួកបណ្ដាជនបានទទួលអារម្មណ៍នៃសេចក្ដីអំណរ និង សេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះយ៉ាងក្រៃលែង ពេលពួកគេបានធ្វើអ្វីទាំងអស់នោះជាមួយនឹងទ្រង់ ។
នីហ្វៃទី3 17:1–3
ព្រះយេស៊ូវគ្រីស្ទបញ្ជាដល់ប្រជាជនឲ្យសញ្ជឹងគិតពីព្រះបន្ទូលរបស់ទ្រង់ ហើយអធិស្ឋានដើម្បីបានយល់
តើអ្នកតបវិញដោយរបៀបណា ពេលដែលអ្នកជួបនឹងការបង្រៀនទាំងឡាយនៅក្នុងព្រះគម្ពីរ ឬ ពីអ្នកដឹកនាំសាសនាចក្រ ដែលអ្នកពុំយល់នោះ ? សូមគូសរង្វង់ជុំវិញអ្វីទាំងអស់ដែលត្រូវ ៖
-
ខ្ញុំគ្រាន់តែមិនអើពើនឹងការបង្រៀននោះ ។
-
ខ្ញុំសុំមនុស្សម្នាក់ទៀតជួយខ្ញុំឲ្យបានយល់ ។
-
ខ្ញុំគិតពីការបង្រៀននេះដោយប្រុងប្រយ័ត្ន ។
-
ខ្ញុំសុំព្រះវរបិតាសួគ៌ដើម្បីជួយខ្ញុំឲ្យបានយល់ ។
ព្រឹត្តិការណ៍ទាំងឡាយដែលមានកត់ត្រានៅក្នុង នីហ្វៃទី3 17 បានកើតឡើងជិតនឹងចុងបញ្ចប់នៃថ្ងៃទីមួយរបស់ព្រះយេស៊ូវគ្រីស្ទជាមួយនឹងពួកបណ្ដាជនសាសន៍នីហ្វៃ ។ សូមអាន នីហ្វៃទី3 17:1–3 ហើយគូសចំណាំអ្វីដែលព្រះអង្គសង្គ្រោះបានប្រាប់ពួកសាសន៍នីហ្វៃឲ្យធ្វើ ដើម្បីបានយល់កាន់តែច្បាស់ពីអ្វីដែលទ្រង់បានបង្រៀនពួកគេ ។ សូមពិចារណា ថាតើការទៅផ្ទះរបស់អ្នកដើម្បីសញ្ជឹងគិត និង អធិស្ឋាន អាចជួយអ្នកឲ្យយល់កាន់តែច្បាស់ពីសេចក្ដីពិតនៃដំណឹងល្អបានដូចម្ដេចដែរ ?
ប្រធាន ហិនរី ប៊ី. អាវរិង នៃគណៈប្រធានទីមួយ បានពន្យល់ពីអត្ថន័យនៃការសញ្ជឹងគិត ។ សូមអានសេចក្ដីថ្លែងការណ៍តទៅនេះ ហើយគូសចំណាំនូវពាក្យ និង ឃ្លាទាំងឡាយដែលពិពណ៌នាពីអត្ថន័យនៃការសញ្ជឹងគិត ៖ « ការអាន ការសិក្សា និង ការសញ្ជឹងគិត គឺមិនដូចគ្នាទេ ។ យើងអានពាក្យទាំងឡាយ ហើយយើងអាចទទួលបានគំនិតនានា ។ យើងសិក្សា ហើយយើងអាចរកឃើញគំរូ និង ទំនាក់ទំនងទាំងឡាយនៅក្នុងបទគម្ពីរ ។ ប៉ុន្តែ ពេលយើងសញ្ជឹងគិត យើងអញ្ជើញវិវរណៈតាមរយៈព្រះវិញ្ញាណ ។ ចំពោះខ្ញុំ ការសញ្ជឹងគិតគឺជាការគិត និង ជាការអធិស្ឋាន ដែលខ្ញុំធ្វើបន្ទាប់ពីការអាន និង ការសិក្សានៅក្នុងព្រះគម្ពីរដោយប្រុងប្រយ័ត្ន » ( “Serve with the Spirit” Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 60 ) ។
សូមមើល នីហ្វៃទី3 17:3 ដោយប្រុងប្រយ័ត្ន ហើយកត់ចំណាំថា ព្រះអង្គសង្គ្រោះបានណែនាំប្រជាជនឲ្យ « ប្រុងប្រៀបចិត្តគំនិត [ របស់ពួកគេ ] » សម្រាប់បទពិសោធន៍បន្ទាប់ទៀតរបស់ពួកគេជាមួយនឹងទ្រង់ ។ មុនពេលបន្តក្នុងការសិក្សារបស់អ្នក សូមសញ្ជឹងគិតពីរបៀបដែលអ្នកនឹងឆ្លើយដល់សំណួរតទៅនេះ ៖ តើអ្នកអាចធ្វើអ្វី ដើម្បីប្រុងប្រៀបចិត្តគំនិតអ្នកមុនពេលចូលរួមនៅព្រះវិហារ ? មុនពេលចូលរួមនៅថ្នាក់សិក្ខាសាលា ? មុនពេលស្ដាប់សន្និសីទទូទៅ ? មុនពេលសិក្សាព្រះគម្ពីរ ? តើអ្នកគិតថា ការប្រុងប្រៀបចិត្តគំនិតអ្នកនឹងធ្វើឲ្យមានភាពខុសគ្នាយ៉ាងណា ចំពោះអ្វីដែលអ្នកទទួលពីឱកាសរៀនសូត្រទាំងនោះ ?
គោលការណ៍មួយដែលយើងរៀនចេញពីខទាំងនេះគឺ ៖ ដោយការសញ្ជឹងគិត និង ការអធិស្ឋានដល់ព្រះវរបិតា នោះយើងអាចទទួលបាននូវការយល់ដឹងកាន់តែច្រើនទៀត ។ ( អ្នកអាចនឹងចង់សរសេរគោលការណ៍នេះនៅក្នុងព្រះគម្ពីររបស់អ្នកនៅក្បែរ នីហ្វៃទី3 17:1–3 ) ។
-
ដើម្បីជួយអ្នកអនុវត្តគោលការណ៍នេះ សូមរើសយកចំណុចមួយ ឬ ទាំងពីរខាងក្រោមនេះ ហើយភ្ជាប់សកម្មភាពនោះទៅនឹងជីវិតអ្នក អំឡុងសប្ដាហ៍ខាងមុខនេះ ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នូវអ្វីដែលអ្នកបានធ្វើ ។ សូមសរសេរផងដែរពីរបៀបដែលសកម្មភាពនេះ បង្កើននូវអ្វីដែលអ្នកបានរៀននៅក្នុងព្រះវិហារ ថ្នាក់សិក្ខាសាលា និង សន្និសីទទូទៅ ឬ ពីព្រះគម្ពីរ ។ សូមប្រុងប្រៀបជាស្រេចដើម្បីចែកចាយសកម្មភាពនៅក្នុងសៀវភៅកំណត់ហេតុនេះជាមួយគ្រូរបស់អ្នក ។ ដាក់ផែនការមួយដើម្បីបន្តអភិវឌ្ឍផងដែរ នូវចំណុចមួយក្នុងចំណោមចំណុចទាំងនេះ អំឡុងពេលសប្ដាហ៍ខាងមុខនេះ ។
-
ខ្ញុំនឹងរៀបចំចិត្តគំនិតរបស់ខ្ញុំ មុនពេលខ្ញុំចូលរួមនៅព្រះវិហារ ឬ នៅថ្នាក់សិក្ខាសាលា ។
-
ខ្ញុំនឹងសញ្ជឹងគិត ហើយអធិស្ឋានអំពីអ្វីដែលខ្ញុំឮនៅព្រះវិហារ ឬ នៅថ្នាក់សិក្ខាសាលា ។
-
នីហ្វៃទី3 17:4–25
ព្រះអង្គសង្គ្រោះព្យាបាលពួកអ្នកឈឺក្នុងចំណោមពួកសាសន៍នីហ្វៃ និង ប្រសិទ្ធិពរដល់ពួកកូនក្មេង
សូមគិតពីពេលមួយ ដែលអ្នកបានមានអារម្មណ៍ថាត្រូវបានលើកទឹកចិត្តជាខ្លាំង និង ពោរពេញដោយសេចក្ដីអំណរ ដែលអ្នកពុំចង់ឲ្យបទពិសោធន៍នេះបញ្ចប់ទៅឡើយ ។ សូមអាន នីហ្វៃទី3 17:4–5 ដើម្បីរកមើលពីរបៀបដែលពួកសាសន៍នីហ្វៃបានមានប្រតិកម្មតបវិញ ពេលដែលព្រះអង្គសង្គ្រោះបានមានបន្ទូលថា ទ្រង់នឹងត្រឡប់ទៅកាន់ព្រះវរបិតាទ្រង់វិញ ។
ព្រះអង្គសង្គ្រោះបានឆ្លើយតបចំពោះបំណងប្រាថ្នាដ៏សុចរិតរបស់ពួកសាសន៍នីហ្វៃវិញ ដោយការអាណិតអាសូរដ៏មហិមា ។ សកម្មភាពខាងក្រោមនេះ អាចជួយអ្នកឲ្យយល់កាន់តែពេញលេញពីសេចក្ដីស្រឡាញ់ដែលព្រះយេស៊ូវគ្រីស្ទមានចំពោះយើងទាំងអស់គ្នា ។ វាក៏អាចជួយអ្នកផងដែរ ឲ្យរកឃើញនូវសេចក្ដីពិតក្នុងព្រះគម្ពីរ អំពីចរិតលក្ខណៈ និង ធម្មជាតិរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
សូមសរសេរខគម្ពីរយោងតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ សូមទុកចន្លោះនៅខាងក្រោមខគម្ពីរយោងនីមួយៗ សម្រាប់ព័ត៌មានបន្ថែមទៀត ៖ នីហ្វៃទី3 17:6–10; នីហ្វៃទី3 17:11–18; នីហ្វៃទី3 17:19–25 ។ សូមសិក្សាវគ្គបទគម្ពីរទាំងនេះ រកមើលសេចក្ដីពិតទាំងឡាយអំពីចរិតលក្ខណៈរបស់ព្រះអង្គសង្គ្រោះ—ទ្រង់មានលក្ខណៈយ៉ាងណា ។ សូមស្វែងរកយ៉ាងហោចណាស់ឲ្យបានសេចក្ដីពិតចំនួនបី សេចក្ដីពិតមួយសម្រាប់បទគម្ពីរយោងនីមួយៗ ហើយកត់ត្រាវានៅក្រោមសេចក្ដីយោងដែលត្រឹមត្រូវ ។
ព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ដ៏ទន់ភ្លន់ និង រំជួលចិត្តបំផុត ដែលមានពិពណ៌នានៅក្នុងព្រះគម្ពីរមរមន គឺព្រះយេស៊ូវគ្រីស្ទប្រសិទ្ធិពរដល់ពួកកូនក្មេងតូចៗដែលមានវត្តមាននៅក្នុងឱកាសនោះ ។ វគ្គនេះជួយយើងឲ្យយល់ពីធម្មជាតិ និង ចរិតលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ។ មុនពេលដែលលោកបានដកស្រង់ដំណើររឿងរបស់ព្រះអង្គសង្គ្រោះ និង ពួកកូនក្មេង ចេញពី នីហ្វៃទី3 17:11–12, 21–25 ប្រធាន ប៊យដ៏ ឃេ. ផាកកឺ បានថ្លែងថា ៖ « នៅក្នុងដំណើររឿងនៃការបម្រើរបស់ព្រះអង្គសង្គ្រោះក្នុងចំណោមពួកសាសន៍នីហ្វៃ យើងអាចមើលឃើញកាន់តែជ្រាលជ្រៅទៅក្នុងព្រលឹងរបស់ទ្រង់ ប្រហែលជ្រាលជ្រៅជាងនៅកន្លែងណាៗផ្សេងទៀត » ( “Teach the Children” Ensign ខែ កុម្ភៈ ឆ្នាំ 2000 ទំព័រ 16–17 ) ។
សូមកត់ចំណាំថា ពួកបណ្ដាជនបាននាំពួកអ្នកឈឺ និង ពួកអ្នករងទុក្ខទៅកាន់ព្រះអង្គសង្គ្រោះ រួមទាំងពួកអ្នកដែល « រងទុក្ខដោយជំងឺណាក៏ដោយ » ( នីហ្វៃទី3 17:9 ) ។ ការរងទុក្ខទាំងនេះអាចជាខាងរូបកាយ ខាងអារម្មណ៍ និង ស្មារតី ។ សូមសញ្ជឹងគិតពីរបៀបទាំងឡាយដែលអ្នកអាចនឹងទទួល « រងទុក្ខ » ។ តើព្រះអង្គសង្គ្រោះអាចជួយអ្នកជាមួយនឹងការរងទុក្ខទាំងឡាយរបស់អ្នកដោយរបៀបណា ប្រសិនបើទ្រង់ប្រសិទ្ធិពរដល់អ្នកដោយផ្ទាល់នោះ ?
-
សូមរំឭកឡើងវិញនូវគោលការណ៍អំពីការសញ្ជឹងគិត ដែលអ្នកបានរៀននៅខាងដើមមេរៀននេះ ។ របៀបមួយដើម្បីសញ្ជឹងគិត គឺនឹកស្រមៃក្នុងចិត្តពីខ្លួនអ្នកផ្ទាល់ថា នៅក្នុងស្ថានភាពដូចគ្នា ដែលត្រូវបានពិពណ៌នានៅក្នុងដំណើររឿងក្នុងបទគម្ពីរនោះ ។ សូមយកពេលមួយស្របក់ ហើយនឹកស្រមៃក្នុងចិត្តថាវានឹងដូចជាយ៉ាងណា ប្រសិនបើអ្នកបានចូលរួមនៅក្នុងព្រឹត្តិការណ៍ទាំងឡាយដែលមានកត់ត្រានៅក្នុង នីហ្វៃទី3 17 ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមពិពណ៌នាពីអ្វីដែលអ្នកគិតថា អ្នកនឹងបានឮ ឃើញ និង ទទួលអារម្មណ៍នៅក្នុងឱកាសនោះ និង អ្វីដែលអ្នកនឹងបានរៀនពីព្រះអង្គសង្គ្រោះ ។ អ្នកអាចនឹងចង់ពិពណ៌នាផងដែរ ពីពរជ័យដែលអ្នកអាចស្វែងរកបានពីព្រះអង្គសង្គ្រោះ ។
សូមគិតពីប្រយោគមួយដែលពិពណ៌នាពីសេចក្ដីពិតមួយ ដែលអ្នកបានរៀនចេញពី នីហ្វៃទី3 17:6–25 ។ សូមសរសេរប្រយោគនោះនៅគែមព្រះគម្ពីររបស់អ្នក នៅក្បែរខទាំងនេះ ឬ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ សេចក្ដីពិតមួយក្នុងចំណោមសេចក្ដីពិតទាំងឡាយ ចេញពីបទគម្ពីរទាំងនេះគឺ ៖ ព្រះអង្គសង្គ្រោះមានព្រះហឫទ័យអាណិតអាសូរដ៏ធំធេងចំពោះយើង ។ ហេតុអ្វីវាសំខាន់សម្រាប់អ្នក ដើម្បីដឹងសេចក្ដីពិតអំពីចរិតលក្ខណៈរបស់ព្រះអង្គសង្គ្រោះដែលអ្នកបានរៀនចេញពីខទាំងនេះ ?
សូមអានសេចក្ដីថ្លែងអំពីសេចក្ដីជំនឿតទៅនេះ ៖ « ដើម្បីឲ្យសេចក្តីជំនឿរបស់អ្នកដឹកនាំអ្នកទៅរកសេចក្តីសង្គ្រោះ នោះវាត្រូវតែមានចំណុចសំខាន់ផ្អែកលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ … អ្នកអាចអនុវត្តសេចក្តីជំនឿរបស់អ្នកក្នុងព្រះគ្រីស្ទពេលដែលអ្នកប្រាកដថា ពិតជាមានទ្រង់មែន គំនិតមួយដ៏ត្រឹមត្រូវអំពីនិស្ស័យរបស់ទ្រង់ និង ចំណេះដឹងមួយថា អ្នកខិតខំពុះពាររស់នៅតាមឆន្ទៈរបស់ទ្រង់ » ( ពិតចំពោះសេចក្តីជំនឿ ៖ ឯកសារយោងនៃដំណឹងល្អ [ ឆ្នាំ 2004 ] ទំព័រ 176 ) ។
-
សូមឆ្លើយសំណួរតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើការយល់ពីធម្មជាតិនៃសេចក្ដីអាណិតអាសូររបស់ព្រះអង្គសង្គ្រោះ ជួយអ្នកឲ្យអនុវត្តសេចក្ដីជំនឿលើទ្រង់យ៉ាងដូចម្ដេចដែរ ?
-
សូមចែកចាយជាមួយនរណាម្នាក់ផ្សេងទៀត អំពីអ្វីមួយដែលអ្នកបានរៀនអំពីព្រះអង្គសង្គ្រោះ ចេញពី នីហ្វៃទី3 17 ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមកត់ត្រានូវឈ្មោះរបស់មនុស្សនេះ និង ការសង្ខេបមួយពីអ្វីដែលអ្នកបាននិយាយទៅកាន់គាត់ ។
ថ្វីបើយើងពុំមានបទពិសោធន៍ដែលពួកសាសន៍នីហ្វៃបានមានជាមួយព្រះយេស៊ូវគ្រីស្ទ ក៏ថ្ងៃនោះនឹងមកដល់សម្រាប់យើងម្នាក់ៗ ពេលដែលយើងនឹងឃើញ ហើយឮទ្រង់ ។ អស់ពេញមួយថ្ងៃ ឬ ពីរថ្ងៃបន្ទាប់នេះ សូមសញ្ជឹងគិតពីមេរៀននេះ ។ សូមគិតពីសេចក្ដីអាណិតអាសូររបស់ព្រះអង្គសង្គ្រោះ ពេលអ្នកអធិស្ឋានអំពីបំណងប្រាថ្នា ភាពទន់ខ្សោយ ការឈឺចាប់ និង ការលំបាករបស់អ្នក ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី3 17 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖