មេរៀនទី 27 ៖ ថ្ងៃទី 3
នីហ្វៃទី3 27
សេចក្តីផ្ដើម
ក្នុងការបម្រើដំបូងរបស់ពួកគេ បន្ទាប់ពីថ្ងៃទីពីរនៃការយាងមកជួបរបស់ព្រះអង្គសង្គ្រោះក្នុងចំណោមពួកគេ នោះពួកសិស្សសាសន៍នីហ្វៃទាំងដប់ពីរ បានជួបជុំគ្នាអធិស្ឋានយ៉ាងខ្លាំង និង បានតមអាហារ ។ ព្រះយេស៊ូវគ្រីស្ទបានលេចមកម្ដងទៀតដល់ពួកគេ ហើយបានឆ្លើយសំណួរពួកគេអំពីឈ្មោះនៃសាសនាចក្រ ។ ព្រះអង្គសង្គ្រោះបានបង្រៀនពួកគេថា ដង្វាយធួនគឺជាការចាំបាច់នៃដំណឹងល្អរបស់ទ្រង់ ហើយថា តាមរយៈដង្វាយធួន នោះយើងអាចឈរដោយគ្មានប្រឡាក់នៅចំពោះទ្រង់ ពេលយើងប្រែចិត្ត ទទួលបុណ្យជ្រមុជទឹក និង ស៊ូទ្រាំដល់ទីបំផុត ។ ជាងនោះទៀត ទ្រង់បានបញ្ជាពួកសិស្សរបស់ទ្រង់ឲ្យក្លាយដូចជាទ្រង់ ។
នីហ្វៃទី3 27:1–12
ព្រះអម្ចាស់បង្រៀនពួកសិស្សទាំងដប់ពីរនាក់ថា សាសនាចក្ររបស់ទ្រង់ត្រូវដាក់តាមព្រះនាមទ្រង់
ស្រមៃថា អ្នកចង់ចាប់ផ្ដើមក្រុមកីឡាថ្មីមួយ ។ សូមសម្រេចចិត្តពីប្រភេទនៃក្រុមដែលអ្នកនឹងបង្កើតនោះ ហើយបន្ទាប់មកជ្រើសរើសឈ្មោះមួយសម្រាប់ក្រុមអ្នក ។ សូមសរសេរទាំងឈ្មោះ និង ប្រភេទនៃក្រុមដែលអ្នកជ្រើសរើស ៖
គិតអំពីក្រុមមួយចំនួនដែលអ្នកស្គាល់ និង អ្វីដែលឈ្មោះរបស់គេប្រាប់ អំពីគោលបំណងរបស់គេ និង មនុស្សដែលនៅក្នុងក្រុមគេ ។
ពួកសិស្សសាសន៍នីហ្វៃទាំងដប់ពីរនាក់ បានបន្តបង្រៀន និង ជ្រមុជទឹកប្រជាជន ។ ក្នុងឱកាសមួយ ពួកគេបានរួមគ្នាអធិស្ឋានយ៉ាងខ្លាំង ហើយបានតមអាហារ កាលដែលព្រះអង្គសង្គ្រោះបានយាងមកជួបពួកគេម្ដងទៀត ( សូមមើល នីហ្វៃទី3 27:1–2 ) ។ សូមអាន នីហ្វៃទី3 27:3–7 រកមើលសំណួរដែលពួកសិស្សបានសួរ និង ចម្លើយរបស់ព្រះអង្គសង្គ្រោះ ។ អ្នកអាចនឹងចង់គូសចំណាំមូលហេតុទាំងឡាយដែលព្រះយេស៊ូវគ្រីស្ទបានប្រទាន សម្រាប់ការហៅសាសនាចក្រតាមព្រះនាមរបស់ទ្រង់ ។
សូមពិនិត្យមើល នីហ្វៃទី3 27:8–10 ហើយគូសចំណាំអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀនថា ជាតឹកតាងនៃសាសនាចក្រពិតរបស់ទ្រង់ ។ សូមបញ្ចប់ឃ្លាដែលនៅក្នុងសៀវភៅណែនាំការសិក្សារបស់អ្នកដូចតទៅនេះ ដើម្បីចង្អុលបង្ហាញពីលក្ខណៈសំខាន់ៗមួយចំនួននៃសាសនាចក្រពិត ៖
សាសនាចក្រពិតនៃព្រះយេស៊ូវគ្រីស្ទគឺ ។
សូមគិតថាតើហេតុអ្វីវាសំខាន់ ដែលសាសនាចក្រពិតរបស់ព្រះយេស៊ូវគ្រីស្ទ ពុំត្រឹមតែមានព្រះនាមរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានសង់នៅលើដំណឹងល្អរបស់ទ្រង់ផងដែរ ( សូមមើល នីហ្វៃទី3 27:8–10 ) ។ ព្រះអង្គសង្គ្រោះបានសន្យាដល់ពួកសាសន៍នីហ្វៃថា បើសាសនាចក្រត្រូវបានសង់នៅលើដំណឹងល្អរបស់ទ្រង់ នោះព្រះវរបិតានឹងបង្ហាញកិច្ចការទាំងឡាយរបស់ទ្រង់នៅក្នុងសាសនាចក្រ ( សូមមើល នីហ្វៃទី3 27:10 ) ។ សូមសញ្ចឹងគិត ថាតើអ្នកបានឃើញព្រះវរបិតាសួគ៌បង្ហាញពីកិច្ចការទាំងឡាយរបស់ទ្រង់នៅក្នុងសាសនាចក្រដូចម្ដេចដែរ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរ ការធ្វើជាសមាជិកម្នាក់នៃសាសនាចក្រដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ គឺសំខាន់សម្រាប់ខ្ញុំ ដោយសារ … បន្ទាប់មកសរសេរកថាខណ្ឌខ្លីមួយ ដែលពិពណ៌នាអំពីគំនិតរបស់អ្នកទៅលើឃ្លានេះ ។ ព្យាយាមបញ្ជូលមូលហេតុជាច្រើនតាមដែលអាចធ្វើបាន ចេញពីអ្វីដែលអ្នកបានរៀន ខណៈដែលសិក្សា នីហ្វៃទី3 27:1–12 ។
នីហ្វៃទី3 27:13–22
ព្រះយេស៊ូវគ្រីស្ទកំណត់អត្ថន័យដំណឹងល្អរបស់ទ្រង់ ហើយបង្រៀនពីអ្វីដែលយើងត្រូវតែធ្វើ ដើម្បីឈរដោយគ្មានទោសនៅចំពោះទ្រង់
សូមគិតអំពីពេលមួយ ដែលអ្នកត្រូវចាប់បានថាកំពុងធ្វើអ្វីមួយដែលអ្នកបានដឹងថាខុស ។ រំឭកឡើងវិញ ថាតើអ្នកបានមានអារម្មណ៍យ៉ាងណា ពេលដែលការពិតអំពីអ្វីដែលអ្នកបានធ្វើត្រូវបានគេដឹង ។ សូមសញ្ជឹងគិតសំណួរតទៅនេះ ៖ តើអ្នកនឹងមានអារម្មណ៍យ៉ាងណា ពេលឈរនៅចំពោះព្រះអម្ចាស់ដើម្បីទទួលការជំនុំជម្រះ ប្រសិនបើនៅមានកិច្ចការខុសឆ្គងមួយចំនួន ដែលអ្នកពុំទាន់បានប្រែចិត្តនោះ ? តើអ្នកនឹងមានអារម្មណ៍យ៉ាងណា ពេលឈរនៅចំពោះព្រះអម្ចាស់ដើម្បីទទួលការជំនុំជម្រះ ប្រសិនបើពុំមានមធ្យោបាយដើម្បីប្រែចិត្តចេញពីអំពើបាបណាក៏ដោយ ដែលអ្នកបានប្រព្រឹត្តក្នុងជីវិតអ្នកនោះ ?
បន្ទាប់ពីបង្រៀនដល់ពួកសាសន៍នីហ្វៃថា សាសនាចក្ររបស់ទ្រង់ត្រូវតែសង់នៅលើដំណឹងល្អរបស់ទ្រង់ ព្រះអង្គសង្គ្រោះបានបន្តបង្រៀនពួកគេពីអ្វីដែលជាដំណឹងល្អរបស់ទ្រង់ ។ ពាក្យដំណឹងល្អ តាមពិតទៅគឺមានន័យថា « ដំណឹងដ៏រីករាយ » ។ តាមរយៈដំណឹងល្អ គឺនៅតែមាននូវដំណឹងដ៏រីករាយសម្រាប់យើងទាំងអស់គ្នា ថ្វើបើយើងធ្វើអំពើបាបក្ដី ។
-
សូមអាន នីហ្វៃទី3 27:13–16, 19 ហើយរកមើលធាតុទាំងឡាយនៃដំណឹងល្អ ដែលជាដំណឹងដ៏រីករាយសម្រាប់យើងទាំងអស់គ្នា ។ គ្រឹះនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ គឺថា ទ្រង់បានធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាទ្រង់ នៅក្នុងការធ្វើឲ្យសម្រេចនូវដង្វាយធួន ។ សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ព្រះអង្គសង្គ្រោះបានថ្លែងទីបន្ទាល់ដល់ពួកសិស្សរបស់ទ្រង់ថា ទ្រង់បានមកក្នុងពិភពលោកនេះ ដើម្បីធ្វើតាមព្រះហឫទ័យព្រះវរបិតាទ្រង់ ។ យោងតាម នីហ្វៃទី3 27:14 តើអ្វីជាព្រះហឫទ័យរបស់ព្រះវរបិតាសួគ៌សម្រាប់ព្រះរាជបុត្រាដ៏បរិសុទ្ធរបស់ទ្រង់ ?
-
ដោយសារព្រះអង្គសង្គ្រោះបានបំពេញតាមព្រះហឫទ័យព្រះវរបិតាទ្រង់ នោះតើអ្វីដែលមានដល់មនុស្សលោកទាំងអស់ ? ( សូមមើលជាពិសេសទៅលើ នីហ្វៃទី3 27:19 ) ។
-
-
ដើម្បីជួយអ្នកឲ្យមានការដឹងគុណចំពោះភាពអស្ចារ្យនៃដំណឹងល្អនេះ សូមអានវគ្គបទគម្ពីរតទៅនេះមួយ ឬ ច្រើនជាងនោះ ហើយសរសេរការពន្យល់សង្ខេបមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីមូលហេតុដែលដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទគឺជាដំណឹងដ៏ល្អបែបនោះ ៖ នីហ្វៃទី2 9:8–10; អាលម៉ា 34:14–16; ហេលេមិន 14:15–18 ។
អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងទីបន្ទាល់អំពីមូលហេតុ ដែលដំណឹងល្អគឺជាដំណឹងដ៏រីករាយដល់មនុស្សទាំងអស់គ្នា ៖ « ‹ ដំណឹងល្អ › គឺថា យើងអាចគេចផុតពីសេចក្ដីស្លាប់ និង ពីស្ថាននរក ថាអាចឈ្នះលើកំហុស និង អំពើបាបទាំងឡាយ ថាមាននូវសេចក្ដីសង្ឃឹម ថាមាននូវជំនួយ ថាអ្វីដែលមិនអាចដោះស្រាយបានគឺត្រូវបានដោះស្រាយ ថាឈ្នះលើពួកមារសត្រូវ ។ ដំណឹងល្អគឺថា ផ្នូររបស់មនុស្សគ្រប់គ្នា អាចនៅទទេនៅថ្ងៃមួយ ថា ព្រលឹងរបស់មនុស្សគ្រប់គ្នា អាចបានបរិសុទ្ធម្ដងទៀត ថា បុត្រគ្រប់រូបរបស់ព្រះអាចត្រឡប់ទៅកាន់ព្រះវរបិតាម្ដងទៀត ដែលទ្រង់ជាអ្នកប្រទានជីវិតដល់ពួកគេ » ( “Missionary Work and the Atonement” Ensign ខែ មិនា ឆ្នាំ 2001 ទំព័រ 8, 10 ) ។
តើអ្នកធ្លាប់ឮនរណាម្នាក់និយាយថា យើងត្រូវ « រស់នៅតាមដំណឹងល្អ » ដែរឬទេ ? ពេលនរណាម្នាក់អញ្ជើញយើងឲ្យ « រស់នៅតាមដំណឹងល្អ » នោះជាទូទៅ ពួកគេកំពុងអញ្ជើញយើងឲ្យរស់នៅតាមគោលការណ៍នានា ហើយទទួលពិធីបរិសុទ្ធទាំងឡាយ ដែលអញ្ជើញដល់អំណាចនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ឲ្យចូលក្នុងជីវិតយើង ដើម្បីយើងអាចបានសង្គ្រោះ ។ សូមពិនិត្យមើល នីហ្វៃទី3 27:20–21 រកមើលអ្វីដែលយើងត្រូវធ្វើ ដើម្បីទទួលពរជ័យទាំងអស់នៃដង្វាយធួន និង រៀបចំសម្រាប់ការជំនុំជម្រះ ។
-
សូមសរសេរ ប្រសិនបើយើង បន្ទាប់មកយើងនឹងអាចឈរដោយគ្មានប្រឡាក់ចំពោះព្រះភ័ក្ត្រព្រះយេស៊ូវគ្រីស្ទ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ បំពេញឃ្លានេះដោយសរសេរចូលនូវគោលការណ៍ដំណឹងល្អចេញពី នីហ្វៃទី3 27:20–21 ដែលយើងត្រូវតែធ្វើតាម ដើម្បីឈរដោយគ្មានប្រឡាក់ចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ។ ( អ្នកអាចនឹងចង់រកមើលគោលការណ៍មួយចំនួន សម្រាប់ផ្នែក « ប្រសិនបើ » នៃសេចក្ដីថ្លែងគោលការណ៍នេះ ) ។ បន្ទាប់មក សូមឆ្លើយសំណួរតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើខ្ញុំអាចធ្វើអ្វីនៅក្នុងជីវិតខ្ញុំឥឡូវនេះ ដើម្បី « រស់នៅតាមដំណឹងល្អ » ឲ្យកាន់តែពេញលេញ ដើម្បីខ្ញុំអាចទទួលបទពិសោធន៍ពីអំណាចនៃដង្វាយធួន និង ឈរដោយគ្មានប្រឡាក់នៅចំពោះព្រះភ័ក្ត្រនៃព្រះនៅថ្ងៃចុងក្រោយ ?
សូមសញ្ជឹងគិត ថាតើថ្ងៃមួយវានឹងទៅជាយ៉ាងណា ពេលដែលឈរនៅចំពោះព្រះយេស៊ូវគ្រីស្ទ ដោយដឹងថា អ្នកត្រូវបានធ្វើឲ្យស្អាតស្អំតាមរយៈដង្វាយធួនរបស់ទ្រង់ ដោយការគោរពប្រតិបត្តិដល់គោលការណ៍ បទបញ្ញត្តិ និង ពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អរបស់ទ្រង់ ។
នីហ្វៃទី3 27:23–33
ព្រះយេស៊ូវគ្រីស្ទណែនាំពួកសិស្សរបស់ទ្រង់ឲ្យក្លាយដូចជាទ្រង់
ដូចមានកត់ត្រានៅចុងបញ្ចប់នៃ នីហ្វៃទី3 27 ព្រះយេស៊ូវគ្រីស្ទបានផ្ដល់ការណែនាំដល់ពួកសិស្សទាំងដប់ពីរនាក់របស់ទ្រង់ និង បង្រៀនពួកគេអំពីមុខងាររបស់ពួកគេ ក្នុងនាមជាអ្នកដឹកនាំ និង ជាចៅក្រមរបស់ប្រជាជនរបស់ពួកគេ ។ សូមអាន នីហ្វៃទី3 27:27 ហើយរកមើលបទបញ្ញត្តិដែលទ្រង់បានប្រទានដល់ពួកសិស្ស ដើម្បីជួយពួកគេឲ្យបំពេញមុខងាររបស់ខ្លួនដោយសុចរិត ។ សូមយកពេលមួយស្របក់ គិតអំពីសំណួរខាងក្រោមនេះ ៖
-
ហេតុអ្វីវាសំខាន់សម្រាប់ពួកអ្នកដែលជំនុំជម្រះអ្នកផ្សេងទៀត ត្រូវឲ្យបានដូចជាព្រះអង្គសង្គ្រោះ ?
-
ត្រឡប់ទៅមើល នីហ្វៃទី3 27:21 វិញ តើព្រះអង្គសង្គ្រោះបានបញ្ជាពួកសិស្សឲ្យធ្វើអ្វី ?
-
តើអ្វីជាទំនាក់ទំនងរវាងការធ្វើកិច្ចការរបស់ព្រះអង្គសង្គ្រោះ និង ការក្លាយដូចជាទ្រង់ ?
សូមអានឡើងវិញនូវ នីហ្វៃទី3 27:21, 27 ហើយគូសចំណាំនៅក្នុងព្រះគម្ពីររបស់អ្នក នូវពាក្យ និង ឃ្លាទាំងឡាយដែលបង្ហាញថា ព្រះអម្ចាស់រំពឹងឲ្យពួកសិស្សរបស់ទ្រង់ធ្វើកិច្ចការរបស់ទ្រង់ឲ្យបានល្អ ហើយក្លាយដូចជាទ្រង់ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ដើម្បីជួយអ្នកអនុវត្តនូវការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ដើម្បីក្លាយកាន់តែដូចទ្រង់ ៖
-
តើមានឱកាសអ្វីខ្លះ ដែលខ្ញុំមានកាលពីម្សិលមិញ ដើម្បីក្លាយដូចជាព្រះអង្គសង្គ្រោះ ?
-
តើខ្ញុំអាចក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះបានដោយរបៀបណា នៅថ្ងៃនេះ ?
-
តើកិច្ចការរបស់ព្រះអង្គសង្គ្រោះអ្វីខ្លះ ដែលខ្ញុំអាចធ្វើនៅឯសាលា ឬ នៅផ្ទះ នៅថ្ងៃស្អែកនេះ ?
-
ប្រធាន អ៊ែសរ៉ា ថាហ្វ. ប៊ែនសឹន បានបង្រៀនថា ពួកអ្នកដែលខិតខំព្យាយាមដើម្បីក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ទទួលបាននូវភាពអស្ចារ្យដ៏ពិតប្រាកដ ៖ « មនុស្សនោះគឺអស្ចារ្យបំផុត ហើយមានពរ និង ពោរពេញដោយក្ដីអំណរបំផុត ដែលមានជីវិតជិតដូចនឹងគំរូនៃព្រះគ្រីស្ទ ។ នេះគឺមិនទាក់ទងអ្វីទៅនឹងទ្រព្យសម្បត្តិ អំណាច ឬ កិត្តិនាមខាងលោកិយនោះទេ ។ ការសាកល្បងដ៏ពិតតែមួយគត់នៃភាពអស្ចារ្យ ភាពមានពរ និង ភាពពោរពេញដោយសេចក្ដីអំណរ គឺថាតើជីវិតមនុស្សម្នាក់ក្លាយជិតដូចជាលោកគ្រូ គឺព្រះយេស៊ូវគ្រីស្ទ បានច្រើនប៉ុណ្ណា ។ ទ្រង់គឺជាផ្លូវដ៏ត្រឹមត្រូវ ជាសេចក្ដីពិតដ៏ពេញលេញ និង ជាជីវិតដ៏បរិបូរណ៍ » ( “Jesus Christ—Gifts and Expectations” Ensign ខែ ធ្នូ ឆ្នាំ 1988 ទំព័រ 2 ) ។
-
សូមសរសេរកំណត់ចំណាំដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី3 27 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖